ក្នុងគ្រាមួយ
ធ្លាប់មានគំនិតក្នុងក្រុមអ្នកវិទ្យាសាស្ត្រថ្នាក់មេដឹកនាំថា
បើមនុស្សយើងអាចយកឈ្នះជំងឺទាំងឡាយបាន ថ្ងៃណាមួយ នឹងគ្មានអ្នកជំងឺ
ព្រោះលែងមានមេរោគបង្កជំងឺទៀតហើយ។
ប៉ុន្តែមកដល់សព្វថ្ងៃនេះ
ក៏ព្រមស្រុះស្រួលរួមមតិគ្នាថា នោះគឺជាការដេកយល់សប្តិ មេរោគនឹងត្រូវនៅជាដៃគូនឹងមនុស្សយើងគ្រប់ពេល
ហើយក៏មិនមែននៅជុំវិញខ្លួនរបស់យើងប៉ុណ្ណោះទេ ក៏នៅមានខាងក្នុងខ្លួនរបស់យើងផងដែរ
ប៉ុន្តែរឿងមួយ ដែលយើងអាចធ្វើបាន ដើម្បីការពារមិនឲ្យធ្លាក់ខ្លួនឈឺចាប់គឺ ការសាងប្រព័ន្ធស៊ាំនឹងជំងឺ។
តើប្រព័ន្ធស៊ាំនឹងជំងឺកើតឡើងបានដូចម្តេច? ក៏បណ្ដាលពីការណ៍ដែលរូបកាយរបស់យើងបានទទួលយកមេរោគពីខាងក្រៅ
បើកើតរោគដែលមិនមែនជារោគសាហាវថ្នាក់បង្កឲ្យស្លាប់ទេ
រូបកាយយើងនឹងសាងប្រព័ន្ធភាពស៊ាំចំពោះមេរោគនោះៗ ឡើងមក លែងឲ្យមានជំងឺនោះកើតឡើង
ពេលចូលមកក្នុងរូបកាយ ការចាក់ថ្នាំវ៉ាក់សាំងមិនមានអ្វីដទៃទេ គឺជាការចាក់បង្ការមេរោគមានកម្លាំងខ្សោយ
ឬមេរោគដែលបានស្លាប់ទៅហើយ ដើម្បីសាងប្រព័ន្ធស៊ាំឲ្យដល់រូបកាយរបស់យើងនោះឯង។
មេរោគនេះកើតឡើងយ៉ាងណា
សេចក្ដីទុក្ខក៏កើតមានឡើងយ៉ាងដូច្នោះដែរ នោះជាចំណែកមួយភាគនៃជីវិតរបស់យើង
ដែលមិនអាចគេផុតជៀសរួចបាន ទោះបីជាយើងនឹងមានបច្ចេកទេសរីកចំរើនក៏ដោយ មានស្ថេរភាព
និងមានអំណាចធំក្រៃលែងប៉ប៉ុនណាក៏ដោយ ក៏ត្រូវជួបប្រទះសេចក្ដីទុក្ខនោះឯង។ ដូច្នោះ
តាងជំនួសឲ្យគេចមិនផុតពីសេចក្ដីទុក្ខបាន(ដែលមិនអាចទៅរួច) យើងទើបគួររកមធ្យោបាយទប់ទល់ជាមួយសេចក្ដីទុក្ខ
មានវិធីមួយគឺ កសាងប្រព័ន្ធស៊ាំនឹងសេចក្ដីទុក្ខនេះកើតឡើងក្នុងចិត្ត។
ជីវិតដែលមានតែភាពស្រួលស្រណុកសុខសប្បាយ
ទៅបានគ្រប់យ៉ាងដែលខ្លួនប្រាថ្នាចង់បាន មិនចេះខកបំណងនោះ មើលទៅជាជីវិតមួយ គួរឲ្យច្រណែនណាស់តើ
ប៉ុន្តែតាមការពិត ជាជីវិតដែលប្រថុយប្រថានគ្រោះថ្នាក់ខ្លាំងបំផុត ព្រោះតែខ្វះប្រព័ន្ធស៊ាំនឹងសេចក្ដីទុក្ខ។
ចុះបើថ្ងៃណាមួយ នឹងជួបពើបពះប្រទះជាមួយការខកបំណង ការអស់សង្ឃឹមជាទម្ងន់នោះ
ក៏សាបសូន្យរលាយហិនហោចខ្លោចផ្សា ឬក៏ដល់ថ្នាក់ប្រហារអាយុជីវិតឲ្យក្សិណក្ស័យទៅទៀតក៏មិនដឹង។
បែបនេះ ធ្លាប់កើតមានរួចមកហើយ មនុស្សរៀនពូកែតាំងពីតូចរហូតដល់ធំ
ប៉ុន្តែចុងក្រោយត្រឡប់ជាងាកបែរមកសម្លាប់ខ្លួនវិញ ព្រោះតែសរសេរនិក្ខេបបទថ្នាក់បណ្ឌិតមិនជោគជ័យ
ឬបុត្រធីតាដែលមានម្តាយឪពុកចិញ្ចឹមថែរក្សាបីបាច់ថ្នាក់ថ្នមកាយថែចិត្ត ត្រឡប់ជាកើតមានគំនិតឆ្កួតខ្មោចចូលសម្លាប់ខ្លួន
ពេលខ្លួនជួបនូវវិបត្តិស្នេហាទៅវិញ។ សេចក្ដីទុក្ខដែលបានកើតឡើងជាមួយគេទាំងអស់នេះ
មិនមែនជារឿងអាក្រក់ខ្លាំង ឬរងរបួសថ្នាក់ដល់ស្លាប់នោះទេ ប៉ុន្តែកើតមាន ព្រោះមិនមានប្រព័ន្ធស៊ាំនឹងសេចក្ដីទុក្ខមកពីមុន
ទើបត្រូវសេចក្ដីទុក្ខគ្រប់សង្កត់ ទាល់តែលែងមានមធ្យោយបានណាមួយ អាចរំដោះខ្លួនចេញបាន ក្រៅពីវិធីធ្វើអត្តឃាតខ្លួនឯងប៉ុណ្ណោះ។
ដូច្នោះបុគ្គលណាដែលបានជួបជ័យលាភីជារឿយៗ
មានជីវិតត្រជាក់ត្រជុំរីករាយ ប្រៀបបានដួចជារោយត្របក់ផ្កាកូលាបស្រោចដាក់លើ
ទើបកុំអាលប្រញាប់ត្រេកអរសប្បាយរីករាយថា ជាមនុស្សមានសំណាង
ព្រោះនោះអាចជាគ្រោះអាសន្នដែលកំពុងពួនសង្ងំលាក់អាត្មានៅក្នុងរូបភាពសំណាងក៏ថាបាន។
ចំណែកមនុស្សដែលជួបប្រទះតែឧបសគ្គ និងភាពលំបាកលំបិនជានិច្ចកាល
កុំអាលតូចចិត្តតូចថ្លើមក្នុងជោគជតារបស់ខ្លួន (អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ)។
ចូរសាកល្បងត្រួតពិនិត្យឲ្យបានល្អហ្មត់ចត់ឲ្យបានគ្រប់ជ្រុងជ្រោយ នឹងបានរកឃើញថា សេចក្ដីទុក្ខប្រែក្លាយជារឿងល្អៗដល់អ្នកយ៉ាងហោចណាស់
ក៏វាជួយឲ្យអ្នកបានអត់ធ្មត់ស៊ូទ្រាំខាំមាត់ច្រើនឡើង ហើយនឹងមិនខ្លាចសេចក្តីទុក្ខលំបាកហត់នឿយឡើយ។
មានអ្នកជំនួញអាជីវកម្មម្នាក់
ដែលជាអ្នកភ័យខ្លាចចំពោះភាពបរាជ័យខ្លាំងណាស់ មិនទៅបណ្ដាក់ទុនអ្វីសោះឡើយ
គេរើសធ្វើតែអាជីកម្មណាដែលមានការផ្សងព្រេងតិចតួចបំផុត ទោះជាអាជីវកម្មដែលខ្លួនធ្វើមិនចូលចិត្តពេញចិត្តក៏ដោយ
ទើបធ្វើការងារនោះប្រកបដោយចិត្តមិនមានសេចក្ដីសុខ។
ហើយមានថ្ងៃមួយអាជីវកម្មរបស់គាត់ជួបប្រទះនូវបញ្ហា ក្ស័យធនដោយស្អាត
ទាល់តែបញ្ឈប់ធ្វើអាជីវកម្មនោះ ទោះបីជាគាត់សោកស្តាយខូចចិត្ត
ប៉ុន្តែរឿងមួយដែលគាត់បានស្រាវជ្រាររកឃើញគឺ
ភាពបរាជ័យនោះមិនបានអាក្រក់អាក្រី គួរឲ្យតក់ស្លុតភិតភ័យគួរឲ្យខ្លាចដូចអ្វីដែលគាត់គិតទេ
មេឃក៏មិនធ្លាក់បាក់ចុះមក ផែនដីក៏នៅមិនទាន់បាក់ស្រុត(មេឃមិនទាន់រលំ ភ្នំមិនទាន់រលាយ)។
ចាប់តាំងពីពេលនោះមក គាត់ក៏លែងមានអារម្មណ៍ភ័យខ្លាច ជាមួយនឹងភាពបរាជ័យហើយ
គាត់ហ៊ានផ្សេងព្រេង ហ៊ានបណ្តាក់ធ្វើវិនិយោគទុនច្រើនឡើង ហើយវាក៏បង្កដល់ភាពងាយស្រួល
និងធ្វើការងារដោយគ្មានអារម្មណ៍ភ័យខ្លាចដូចពីមុន។
ភាពបរាជ័យនោះ
មានប្រយោជន័ម្យ៉ាងគឺ ធ្វើឲ្យយើងមានប្រព័ន្ធស៊ាំនឹងភាពបរាជ័យ មិនរលាយសាបសូន្យងាយៗ
ពេលជួបវាម្តងទៀត អាចកែសម្រួលចិត្តទប់ទល់តតាំង ជាមួយវាបានយ៉ាងស៊ីខ្សែលើ។
និយាយម្យ៉ាងទៀត គឺធ្វើឲ្យវាមានឥទ្ធិពល ក្នុងផ្លូវអវិជ្ជមានកម្លាំងថយចុះ ដូចទៅនឹងរឿងរ៉ាងផ្សេងៗនានា
ដែលមកប៉ះពាល់បះទង្គិចដល់យើង ទោះបីវាមិនជាទីពេញចិត្តពេញថ្លើមក៏ដោយ
ប៉ុន្តែការណ៍ដែលបានជួបជាមួយវាញឹកញាប់ ឬជួបវាយូរៗទៅ
ក៏ធ្វើឲ្យយើងកើតទុក្ខក្រៀមក្រំចិត្តជាមួយវាមានកម្លាំងថយចុះ។
ធ្លាប់មានការពិសោធបែកចែកមនុស្សជាពីរក្រុម
មួយក្រុមដំបូងឲ្យអង្គុយក្នុងបន្ទប់ ដែលមានម៉ាស៊ីនប៊ូមធូលី បង្កើនសម្លេងខ្លាំងយូរដល់
៤៥វិនាទី ហើយមួយក្រុមទៀត នៅក្នុងបន្ទប់ដែលរំពង់ដោយសម្លេងម៉ាស៊ីនប៊ូមធូលីដូចគ្នា
តែមានសម្លេងឮត្រឹមតែ ៥វិនាទី។ បន្ទាប់ពីនោះមក
អ្នកពិសោធសូមឲ្យមនុស្សគ្រប់គ្នាឆ្លើយសំនួរថា
មានអារម្មណ៍រំខានច្រើនតិចប៉ុនណាក្នុងរយៈពេល ៥វិនាទីចុងក្រោយ។ ប្រាកដណាស់ថា ក្រុមដែលមានការរំខានខ្លាំងបំផុតគឺ
ក្រុមទីពីរ ចំណែកឯក្រុមទីមួយនោះ មិនមានអារម្មណ៍រំខានប៉ុនណាទេ
ព្រោះក្រោយពីការស្តាប់ពេញ ៤៥វិនាទី ក៏មានអារម្មណ៍អត់ធន់ជាមួយសម្លេងនោះបាន។
ក្រុមទីពីរនោះ
មើលទៅធូរស្រាល ដូចជាសំណាងដែលមានសម្លេងរំខានត្រឹមតែ ៥វិនាទី
ប៉ុន្តែក្នុងសភាពជាក់ស្តែងទៅ បែរជាមានក្តីទុក្ខច្រើនជាង។ ទាំងនេះកើតមាន ព្រោះនៅមិនទាន់ស៊ាំជាមួយសម្លេងនោះឯង
ផ្ទុយមកវិញជាមួយក្រុមទីមួយ ដែលបានជួបសម្លេងនោះមកមុនហើយ
ទើបមានប្រព័ន្ធស៊ាំជាមួយសម្លេងនោះ។
បុគ្គលណាដែលមិនធ្លាប់ជួបប្រទះទឹកជំនន់លិចផ្ទះសម្បែងសួនស្រែច្បារដំណាំ
រមែងកើតទុក្ខយ៉ាងខ្លាំង ពេលជួបប្រទះលើកដំបូង ប៉ុន្តែបើអ្នកជួបវាជាលើកទីពីរ មានជំនឿជឿជាក់បានថា
អ្នកនឹងមានអារម្មណ៍កើតទុក្ខលំបាកចិត្តតិចឡើង នេះជាបទពិសោធដែលបានកើតឡើង ចំពោះមនុស្សមួយភាគធំ។
មានការស្រាវជ្រាវរកឃើញថា ពេលកើតមានហេតុភេទអាក្រក់ មនុស្សម្នានឹងមានអារម្មណ៍វិជ្ជមានច្រើនឡើង
ឬមានភាពអវិជ្ជមានថយចុះចំពោះហេតុការណ៍ ដូចពោលជំរាបខាងលើ ប្រសិនបើថា
ធ្លាប់ជួបប្រះវាកន្លងមកហើយក្នុងអតីត មិនថាហេតុការណ៍អាក្រក់នោះ នឹងដល់នូវការបាត់បង់
ភាពបរាជ័យ ឬមានការឈឺចាប់ក៏ដោយ ក្នុងដំណើរដូចគ្នានេះ
មនុស្សដែលធ្លាប់ជួបប្រទះការឈឺចាប់ដ៏មានកម្លាំងមកពីមុន(ពីឧបទ្ទវហេតុ)
នឹងអាចធន់ទ្រាំនឹងការឈឺចាប់ ដែលកើតឡើងបានក្នុងពេលជាខាងក្រោយច្រើនឡើង។
ប្រព័ន្ធស៊ាំនឹងសេចក្ដីទុក្ខនោះ
ក្នុងខាងដើមកើតពីភាពស៊ាំ និងអាចក្នុងការសម្របសម្រួលខ្លួន សម្របស្រួលចិត្តរបស់មនុស្សបាន
ប៉ុន្តែនៅមានប្រព័ន្ធស៊ាំនឹងសេចក្ដីទុក្ខមួយកម្រិតទៀត ដែលបានកើតឡើងពីបញ្ហា ដែលយល់ចូលចិត្តសេចក្ដីទុក្ខយ៉ាងច្បាស់ចែស
រហូតដល់នឹកគិតថា វាជារឿងធម្មតាទៅហើយ
ដែលគ្មានបុគ្គលណាមួយគេចផុតជៀសរួច ទាំងឃើញតថាភាពនេះ នៅចំពោះមុខទៀតថា សេចក្ដីសាបសូន្យ
សេចក្ដីឈឺចាប់ ភាពបរាជ័យ មិនធ្វើឲ្យចិត្តកើតទុក្ខក្រៀមក្រំបានឡើយ បើសិនជាមិនតោងប្រកាន់មាំ ជាមួយរឿងទាំងអស់នេះថា
ត្រូវតែកើតបានដូចចិត្ត ពេលដឹងដូច្នេះ ក៏ដាក់ចុះ មិនតោងប្រកាន់មាំ
តែនៅទាក់ទង់ពាក់ព័ន្ធជាមួយរឿងរ៉ាងផ្សេងៗតាមហេតុ តាមបច្ច័យច្រើនជាងតាមតណ្ហាប្រាថ្នាចង់របស់ខ្លួន។
ប្រព័ន្ធស៊ាំនឹងសេចក្តីទុក្ខប្រភេទក្រោយហ្នឹងឯង
ដែលជាប្រព័ន្ធស៊ាំនឹងចិត្តឲ្យមានសុវត្ថិភាព ពីសេចក្ដីទុក្ខយ៉ាងប្រក្យត្ស
ទោះបីជាមានហេតុកាចសាហាវណាៗ កើតឡើងជាមួយជីវិត មិនវៀរលែងសូម្បីតែសេចក្ដីស្លាប់។
ប៉ុន្តែប្រព័ន្ធស៊ាំការពារប្រភេទក្រោយនេះ ពិតមែនថា នឹងកើតឡើងបានងាយៗ
មិនអាចបានមកពីគិតប្រកាន់យក ប៉ុន្តែវាត្រូវកើតពីការជួបប្រទះសេចក្ដីទុក្ខញយៗ
ដល់កើតមានបញ្ញា ព្រោះថា មានតែការកើតទុក្ខប៉ុណ្ណោះ ដែលនាំឲ្យបានជួបព្រះធម៌៕ [edit]
........................................
ពីគ្រូវិសាលោ
No comments:
Post a Comment