Wednesday, July 22, 2015

ម្រះអាចព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម

ម្រះអាចព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាផ្លែម្រះដែលប្រិយមិត្តចំណាំយកទៅធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសានោះ អាចកម្ចាត់ជំងឺមហារីកលំពែង និងអាចព្យាបាលជំងឺទឹកនោមផ្អែមផងដែរ។ លទ្ធផលនៃការស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Frank Shallenberger មកពីសាកលវិទ្យាល័យ University of Colorado នោះ បានរកឃើញថា នៅក្នុងម្រះមានសារធាតុរាវ ៥% ដែលអាចជួយកម្ចាត់កោសិកាមហារីក និងថែរក្សាលំពែងរបស់មនុស្សយើងបានល្អសឹងតែមិនគួរឲ្យជឿ។ អ្នកស្រាវជ្រាវបានពន្យល់ថាទឹកម្រះល្វីងៗនោះអាចសម្លាប់កោសិកាមហារីកប្រហែល៩០%។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋ Colorado បានសាកល្បងផ្លែម្រះនោះ នៅលើសត្វកណ្ដុរហើយលទ្ធផលត្រូវបង្ហាញថាមានប្រសិទ្ធភាព ៦៤% ដែលអាចកាត់បន្ថយទំហំនៃដុំមហារីកលំពែង ហើយថែមទាំងមិនមានផលប៉ះពាល់ថែមទៀតផង។ ក្រៅពីអាចកម្ចាត់មេរោគមហារីកលំពែង ម្រះក៏ត្រូវបានគេរកឃើញថាអាចព្យាបាលជំងឺទឹកនោមផ្អែមបានផងដែរ។
ប្រភព៖ ហ្វេកបុក
ញាក់សាច់ជាមួយកុមារាម្នាក់នេះច្រៀងបទ«ទឹកភ្នែកក្មេងពាល» ទាំង សំលេង និង កាយវិកា ពិតជាល្អឥតខ្ចោះមិនចាញ់លោក ខេម ប៉ុន្មានទេ ធ្វើឲល្បីល្បាញ់ពេញក្នុងសង្គមFacebook បាននាំគ្នាហៅប្អូនថា «ខេម តូច បាត់ដំបង» ចង់ដឹងច្បាស់ថាច្រៀងពិរោះយ៉ាងណានោះ សូមទស្សនា (វីដេអូ) ខាងក្រោម ==>>

Tuesday, July 21, 2015

ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​

ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។ កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។ ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា «​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេ គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​បុគ្គល​ដែល​បដិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា​ មាន​ការ​ចម្រើន​នូវ​គុណធម៌​ បាន​សម្រេច​ជា​សោតា​បន្ន ជា​សកទា​គាមី និង​ជា​អនាគាមី ដែល​ហៅ​ថា​ ព្រះ​អរិយៈ បុគ្គល​៣ពួក​នេះ​ហៅ​ម៉្យាង​ទៀត​ថា ព្រះ​សេក្ខ​បុគ្គល គឺ​ជា​បុគ្គល​ដែល​នៅ​មាន​ការ​សិក្សា។ សូម្បី​ដល់​ថ្នាក់​ជា​ព្រះ​អរិយ​បុគ្គ​ល​យ៉ាង​នេះ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​សិក្សា​ លុះ​ត្រា​តែ បាន​សម្រេច​ជា​ព្រះអរហន្ត​ ទើប​ហៅ​ថា​ ព្រះ​អសេក្ខ​បុគ្គល គឺ​បុគ្គល​គ្មាន​ការ​សិក្សា​ហ្វឹក​ហាត់​ ដើម្បី​កំចាត់​នូវ​ភាព​សៅ​ហ្មង​ពី​សន្តាន​ទៀត​ឡើយ​ ព្រោះ​សេចក្តី​សៅ​ហ្មង​ទាំង​អស់​ត្រូវ​បាន​លះ​ផ្តាច់​ដោយ​អរហត្ត​មគ្គ​ទៅ​ហើយ ។ នេះ​ឯង​ជា​ការ​សិក្សា​អប់​រំ​ឲ្យ​បាន​សម្រេច​ដល់​ទី​បញ្ចប់​ ដែល​ជីវិត​មនុស្ស​ត្រូវ​បាន​បញ្ចប់​ទុក្ខ​កង្វល់​ក្នុង​វដ្ត​សង្សារ ជា​សារៈ​ដ៏​សំខាន់​នៃ​ជីវិត​ និង​ដែល​ជីវិត​មនុស្ស​អាចទទួល​បាន ។ ដំណើរ​ជីវិត​តាម​គោល​ព្រះ​ពុទ្ធ​សាសនា គឺ​ជា​ជីវិត​ស្ថិត​នៅ​ក្នុង​ការ​សិក្សាអប់​រំ​ដោយ​សេចក្តី​មិន​ប្រមាទ​អស់​កាល​ជា​និច្ច​ ។ សូម​មនុស្ស​ទាំង​ឡាយ​ សម្លឹង​មើល​ជីវិត​ខ្លួន​ឯង​ និង​ជីវិត​អ្នក​ដទៃ​ក្នុង​និមិត្ត​មួយ​ដែល​ត្រូវ​មា​ន​សម្ព័ន្ធ​ជា​មួយ​នឹង​ការ​សិក្សា​អប់​រំ ព្រោះ​មនុស្ស​ជា​សត្វ​វិសេស​ដែល​ត្រូវ​ទទួល​កា​ហ្វឹក​ហាត់​ ហើយ​អាច​ហ្វឹក​ហាត់​បាន​រហូត​ដល់​ពេល​ហៀប​នឹងស្លាប់​ និង​រហូត​ដល់​បាន​ជាមនុស្ស​បរិសុទ្ធ​ គឺ​ព្រះ​អរហន្ត​៕​ «​ស្រង់​ចេញ​ពី​សៀវភៅ ពរ​៤​ប្រការ របស់​អគ្គបណ្ឌិត​ធម្មាចារ្យ​ ប៊ុត​ សាវង្ស» ប្រភព៖ khmerbuddhism

រៀងរាល់​ថ្ងៃ​ កុំ​ភ្លេច​និយាយ​ឃ្លា​​ចំនួន ១៥ ​នេះ​ចេញ​មក​ដើម្បី​ក្រើនរំលឹក​ខ្លួនអ្នក​ឲ្យ​បាន​​ច្រើន!

១) “ខ្ញុំ​នឹង​ជោគជ័យ​លើ…” នៅ​​ពេល​ដែល​អ្នក​និយាយ​ប្រាប់​ខ្លួន​អ្នក​ថា អ្នក​នឹង​ជោគជ័យ​លើ​​​ការងារ ឬ គោលដៅ​អ្វី​មួយ​នៅ​ថ្ងៃ​ខាងមុខ នេះ​មានន័យ​ថា អ្នក​កំពុង​ជម្រះ​ភាព​មន្ទិលសង្ស័យ​របស់​អ្នក​ដើម្បី​​ឈោង​ចាប់​​យក​​ភាព​ជោគជ័យ​នោះ​ហើយ។ ២) “ខ្ញុំ​បាន​ជោគជ័យ​ជា​បន្តើរៗ​មក​ហើយ​នៅ​ពេល​កន្លង​មក” ការ​រំលឹក​​ពី​ភាព​ជោគជ័យ ឬ សមិទ្ធផល​​អ្វី​មួយ​ដែល​អ្នក​សម្រេច​បាន​ដោយ​​មោនភាព​បំផុត នោះ​កឺ​ជា​ការ​ជួយ​ផ្តល់​​ទំនុកចិត្ត​ខ្លួន​​ឯង ដើម្បី​ពង្រឹង​សមត្ថភាព​របស់​អ្នក​ឲ្យ​រឹងមាំ និង ព្យាយាម​ធ្វើ​អ្វីៗ​ដែល​ថ្មី​បន្ថែម​ទៀត។ ៣) “ខ្ញុំ​អាច​យក​ឈ្នះ​​ពី​ភាព​ភ័យខ្លាច​បាន” សូម​ចាំ​ថា ភាព​ភ័យខ្លាច​នឹង​កាន់តែ​មាន​អំណាច​ខ្លាំង​ឡើង​ នៅ​ពេល​ដែល​អ្នក​យល់​ព្រម​អនុញ្ញាត​ឲ្យ​វា​ចូល​ខ្លួន​របស់​អ្នក។ យ៉ាងណាមិញ ការ​​យក​ឈ្នះ​ភាព​ភ័យខ្លាច​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​​​តម្លៃ​បំផុត ហើយ​ត្រូវ​យល់​ថា អ្នក​ត្រូវ​តែ​​​ធ្វើ​ការ​សម្រេចចិត្ត​មួយ​ដើម្បី​​យក​ឈ្នះ​វា​ឲ្យ​បាន ត្បិតអី​​​​លក្ខណៈ​ពិសេស​មួយ​នេះ​អាច​ជួយ​​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់តែ​រឹងមាំ និង មាន​ទំនុកចិត្ត។ ៤) “ឧបសគ្គ​ដែល​កើត​មាន​​ឡើង​មិនមែន​សុទ្ធតែ​ផ្តល់​ផល​​អាក្រក់​ដូច​អ្វី​ដែល​ខ្ញុំ​គិត​នោះ​ទេ” ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​អាច​ជួប​បញ្ហា​មិន​ចេះ​ចប់​មិន​​ចេះ​ហើយ។ ទោះបី​ជា​បែប​នេះ​ក្តី អ្នក​ត្រូវ​យល់​ថា ទាំង​ភាព​ភ័យខ្លាច ឧបសគ្គ​ ភាព​បរាជ័យ ​។ល។ វត្តមាន​របស់​វា​ អាច​ជួយ​ឲ្យ​អ្នក​ចេះ​តស៊ូ បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី រៀន​​រក​ដំណោះស្រាយ និង ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ​​ឡើង​។ ៥) “ខ្ញុំ​​បាន​ធ្វើ​អ្វី​មួយ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​វា​នោះ​ឡើយ​” ទោះបី​ជា​គោលដៅ​របស់​អ្នក​បាន​ធ្វើ​នោះ​វា​តូចក្តី ឬ ធំ​ក្តី វា​គឺ​ជា​សមិទ្ធផល​របស់​អ្នក​ដែល​​អ្នក​ផ្សេង​​មិន​ដែល​ធ្លាប់​ធ្វើ ឬ ធ្លាប់​គិត​ថា ចង់​ធ្វើ។ នេះ​ជា​​​គោលការណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​​គោលជំហរ​របស់​អ្នក​ដោយ​មិន​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​អ្នក​ណា​ម្នាក់។ ៦) “វា​ជា​កំហុស​របស់​ខ្ញុំ” ការ​ទទួលខុសត្រូវ​លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក គឺ​ជា​​ការ​បង្ហាញ​នូវ​គុណ​សម្បត្តិ​ដ៏​ពិសេស​របស់​អ្នក​គ្រប់គ្រង ឬ អ្នក​ដឹកនាំ។ អ្នក​ដែល​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ អ្នក​នោះ​ហើយ​ដែល​គេ​ឲ្យ​តម្លៃ។ សូម​កុំ​បន្ទោស​ខ្លួន​ឯង ហើយ​ត្រូវ​ធ្វើ​ឲ្យ​កំហុស​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជាងមុន។ ៧) “ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើ​វា​ហើយ” អ្នក​ប្រហែល​ជា​ធ្លាប់​គិត​ថា ចង់​ធ្វើ​អ្វី​មួយ​នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ឬ នៅ​​ខែ​ក្រោយ​ជា​ដើម។ ទាំង​នេះ​ជា​គម្រោង​របស់​អ្នក​ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា គម្រោង និង វត្ថុបំណង​ដែល​អ្នក​ចង់​ធ្វើ​ ត្រូវ​មាន​ការ​ចាប់​ផ្តើម​ឡើង​បន្តិច​ម្តងៗ ដើម្បី​បង្រៀន​ខ្លួន​ឯង​ឲ្យ​​ចេះ​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ដោយ​មិន​បង្អែបង្អង់។ កុំ​ភ្លេច​ចាប់​ផ្តើម​ពី​ចំណុច​ងាយស្រួល​មុន​ ទើប​ជា​ការ​ប្រសើរ។ ៨) “ខ្ញុំ​ពិត​ជា​អស្ចារ្យ” អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ឮ​ពាក្យ​នេះ​ចេញ​ពី​មាត់​មនុស្ស​គ្រប់គ្នា​មក​លើ​អ្នក​នោះ​ឡើយ តែ​មនុស្ស​ម្នាក់ៗ​ពិត​ជា​បាន​គិត​ថា ខ្លួន​ឯង​អស្ចារ្យ។​ ហេតុដូច្នេះ មនុស្ស​យើង​ម្នាក់​ៗ​មាន​​លក្ខណៈ​ពិសេស​​រៀងៗ​ខ្លួន​​ដែល​ជា​ភាព​អស្ចារ្យ​មួយ​ អ្នក​គួរ​​មាន​មោទនភាព​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​មាន​ក្តី​សង្ឃឹម​នៅ​ថ្ងៃ​ខាង​មុខ។ ៩) “ខ្ញុំ​មិន​ខ្វល់​​ទៅ​នឹង​ការ​គិត​របស់​អ្នកដទៃ​នោះ​ឡើយ” តាម​ពិត​ទៅ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​​អាច​យល់​ថា អ្នក​ជា​មនុស្ស​បែប​នេះ ឬ បែប​នោះ​ទៅ​តាម​អ្វី​ដែល​គេ​វាយតម្លៃ។ យ៉ាងណាមិញ ការ​ប្រើ​ពាក្យ​នេះ​ជា​រៀងរាល់​ថ្ងៃ គឺ​ដើម្បី​រំលឹក​ខ្លួន​អ្នក​ថា អ្នក​ធ្វើ​អ្វី​ទៅ​តាម​អ្វី​ដែល​អ្នក​គិត​ថា ត្រឹមត្រូវ និង មានតម្លៃ​សម្រាប់​ខ្លួន​អ្នក​ នោះ​ជា​ការ​ប្រពៃ​ណាស់​ទៅ​ហើយ។​​​​ ១០) “អ្នក​ដទៃ​​មិន​ខុស​ពី​​ខ្ញុំ​​នោះ​ឡើយ” គេ​តែង​និយាយ​ថា បើ​ចង់​មាន​សុភមង្គល កុំ​ប្រៀបធៀប​ខ្លួន​អ្នក​ជា​មួយ​អ្នកដទៃ។ នេះ​ជា​ចំណុច​សំខាន់​មួយ​ព្រោះ​ថា បើ​ពុំ​ដូច្នោះ​ទេ ​អ្នក​នឹង​យល់​ថា​ខ្លួន​អ្នក​អស់​តម្លៃ។ ជំនួស​ឲ្យ​ការ​គិត​​ពី​ចំណុច​អវិជ្ជមាន​របស់​អ្នក​ទៅ​នឹង​អ្នក​ដទៃ អ្នក​ត្រូវ​យល់​ថា អ្នក​​​មាន​​តម្លៃ ដូច​អ្វី​ដែល​អ្នក​ដទៃ​មាន​​តម្លៃ​ដូច​អ្នក​ដែរ។ ១១) “ខ្ញុំ​អាច​ធ្វើ​វា​បាន” ជំហាន​ដំបូង​​មុន​នឹង​អ្នក​ឈាន​ដល់​ស្ថានភាព​ដ៏​លំបាក​មួយ ឬ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រឈមមុខ ​អ្នក​ត្រូវ​និយាយ​ថា អ្នក​អាច​ធ្វើ​បាន​។ ដោយសារ​តែ​អ្នក​ជឿជាក់​ថា អ្នក​អាច​ធ្វើ​បាន នេះ​ហើយ​ជា​រឿង​ដ៏​ត្រឹមត្រូវ​បំផុត​មួយ។ ១២) “ពេលវេលា​កំពុង​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ” មនុស្ស​មួយ​ចំនួន​ មិន​បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ខ្លួន​​អ្នក​ផ្ទាល់ អ្នក​ត្រូវ​យល់​ពី​តម្លៃ​ពេលវេលា​នេះ​ ហើយ​ប្រើប្រាស់​វា​ឲ្យ​តម្លៃ​បាញ់​ឆ្ពោះ​ទៅ​​រក​គោលដៅ​របស់​អ្នក។ ១៣) “ ខ្ញុំ​មិនមែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​គ្មាន​បញ្ហា​នោះ​ទេ” ពាក្យ​មួយ​ឃ្លា​គេ​និយាយ​ថា គ្មាន​អ្នកណា​ម្នាក់​ល្អ​​ឥត​ខ្ចោះ​​នោះ​ទេ ហើយ​អ្នក​ក៏​ជា​បុគ្គល​ម្នាក់​ដែល​មិន​​ល្អ​ឥតខ្ចោះ​នោះដែរ។ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា នោះ​មិនមែន​ជា​បញ្ហា​នោះទេ។ បើ​អ្នក​ធ្វើ​មិន​បាន​ល្អ​ក្នុង​ថ្ងៃ​នេះ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ស្អែក ធ្វើ​ហើយ​ធ្វើ​ទៀត​រហូត​ដល់​ចំណុច​មួយ​ដែល​ជា​ទី​គាប់ចិត្ត​របស់​អ្នក។ ១៤) “នេះ​ជា​​ភារកិច្ច​របស់​ខ្ញុំ” មនុស្ស​ភាគច្រើន បាន​គេច​ចេញ​ពី​ទំនួល​ខុសត្រូវ​របស់​ខ្លួន ដែល​ជា​ការ​យកលេស​មួយ​ដោយ​គ្មាន​ហេតុផល​​មួយ​ល្អ​ទាល់តែ​សោះ។ សម្រាប់​​ខ្លួន​​​អ្នក​ផ្ទាល់ ជីវិត​របស់​អ្នក គឺ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក ហេតុដូច្នេះ អ្នក​ត្រូវ​មាន​ទំនួលខុសត្រូវ​លើ​គោលដៅ​ជីវិត​​របស់​អ្នក ​ចាប់​ផ្តើម​ជា​មួយ​ការ​ទទួល​ខុសត្រូវ​មួយ​ខ្ពស់​ជាង​មុន។ ១៥) ​”ខ្ញុំ​ត្រូវ​តែ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច​” រស់​នៅ​ក្នុង​នាម​ជា​មនុស្ស​មួយ​ដូច​ថ្ងៃ​​ម្សិលមិញ នោះ​ប្រហែល​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​នោះ​ឡើយ។ អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បោះ​ជំហាន​ទៅមុខ​ជា​លំដាប់​ទាំង​ការងារ តំណែង​ តួនាទី ចំណេះដឹង ប្រាក់​ចំណូល ។ល។ ហេតុដូច្នេះ​ វា​គ្មាន​អ្វី​ក្រៅ​ពី​តាំងចិត្ត​ធ្វើ​ឲ្យ​ខ្លួន​​នេះ​តែ​អភិវឌ្ឍ​ឡើង​ជា​លំដាប់​នោះ​ទេ៕ ប្រែសម្រួល៖​ ខេវិន ប្រភព៖ hebnews.com

ចំណុច៣យ៉ាងដែលអ្នកត្រូវធ្វើជាប្រចាំដើម្បីនាំទៅរកភាពជោគជ័យក្នុងជីវិត

មនុស្ស​គ្រប់​រូប​ កើត​មក​តែង​ប្រាថ្នា​ចង់​ទទួល​បាន​ជោគជ័យ​ក្នុងជីវិត​។ ជោគ​ជ័យ​ដែល​មនុស្ស​ទូទៅ​សំដៅ​លើនោះ​ ភាគ​ច្រើន​ជាសម្ភារៈ ​ប្រាក់កាស ​ផ្ទះ​សម្បែង​ និងឋានៈ​ក្នុង​សង្គម​ជាដើម​ ប៉ុន្តែ ​ការឲ្យ​និយម​ន័យនៃពាក្យ​ “ជោគជ័យ”​ នេះ​ខុស​ប្លែក​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​ទៀត​អាស្រ័យ​លើគោល​បំណង​របស់​ពួកគេ​។ ឥឡូវនេះ ​Cool News ​សូមលើក​យក ​ចំណុច ៣ ​យ៉ាង ​ដែល​អាច​ជួយ​អ្នក​ឲ្យ ​ខិតកាន់​តែកៀក​ជោគជ័យ​ មិន​ថាជាការងារ​ណា​នោះ​ទេ។​
១. ធ្វើ​អ្វីជា ​“សក្ដានុពល”​ របស់អ្នក​ គ្មាន​នរណា​អាច​ដឹងថា​ អ្នក​ខ្លាំង​លើអ្វី ​ពូកែ​អ្វី​ក្រៅពី​ខ្លួនអ្នក​នោះទេ​ ។ ក្នុង​ន័យ​នេះ ​អ្នកជា​មនុស្ស​តែ​ម្នាក់​ដែល​កំណត់​អ្វីដែល​អ្នក​ចង់ធ្វើ​ និងគិត​ថា ​អ្នក​អាច​ធ្វើបាន​ប្រសើរ​។ ឧទាហរណ៍ថា​ ឪពុក​ម្ដាយ​របស់​អ្នកចង់​ឲ្យ​អ្នករៀន​ជំនាញ​វេជ្ជសាស្ត្រ​ដើម្បី​ក្លាយ​ខ្លួន​ជាវេជ្ជបណ្ឌិត​ និងរកចំណូល​ បានខ្ពស់​ ប្រសិន​បើអ្នក​មិនចូល​ចិត្ត ឬ​សូម្បីតែ​ចាប់​អារម្មណ៍​ផង​នោះ​ ការសិក្សា​នោះ​ ក៏មិន​ផ្ដល់​ឲ្យអ្នក​នូវលទ្ធផល​ជាវិជ្ជ​មាន​ណាមួយ​នោះ​ទេ ​ផ្ទុយ​ទៅវិញ ​ធ្វើឲ្យ​ខ្ជះខ្ជាយ​ដល់​ពេល​វេលា ​និងទឹក​ចិត្ត​របស់អ្នក។​ ២. រៀប​គម្រោង​ជាប្រចាំ​ គ្រប់​ការងារ​ទាំងអស់​ ការរៀប​ចំគម្រោង​អាច​ជួយ​ឲ្យអ្នក​ប្រមើល​មើល​ឃើញ​ច្រើន​ទាំង​ចំណុច​ វិជ្ជមាន​និង​ឧបសគ្គ​ដែល​អ្នក​នឹង​ជួបប្រទះ​។ ការសិក្សា​ ធ្វើគម្រោង​បាន​លម្អិត​ នឹងជួយ​ដល់អ្នក ​អាចព្យា​ករណ៍​ឧបសគ្គ ​ដែល​នឹង​ត្រូវ​ជួប​ប្រទះ​ និងស្វែង​រកដំណោះ​ស្រាយ​ជាបឋម ​ដ៏ប្រសើរ​មុន​នឹង​ធ្វើដំណើរ​ទៅរក​ជោគជ័យ​របស់​អ្នក​ ហើយ​ចំណុច​នេះ​ទៀត​សោត​ ជួយ​ឲ្យ​ចំណេញ​ពេល​វេ លា​ និងបង្កើន​ជំនឿ​ជាក់កាន់​តែខ្ពស់​។ សុភាសិត​អង់គ្លេស​មួយ​ពោលថា​ “Fail to plan, plan to fail.” ដែល​មានន័យ​ថា​ ការមិន​បាន​រៀប​ចំគម្រោង​ជាមុន ​អាច​នាំទៅ​រកបរាជ័យ។​
៣. ការតាំង​ចិត្ត​ គ្មាន​ជោគ​ជ័យ​ណា ​ដែល​អាច​សម្រេច​បាន​ដោយ​ងាយ​ស្រួល​នោះ​ឡើយ។​ ប្រសិន​បើគ្មាន​ការតាំង​ចិត្ត​ខ្ពស់​នោះ​ អ្នក​អាច​នឹង​រារែក​ ឬបោះ​បង់​គោលដៅ​ ឬ​សកម្មភាព​របស់ខ្លួន​ នៅពេល​ដែល​ជួប​នឹង​ឧបសគ្គ​ ។ ប្រសិន​បើអ្នក​បាន​ប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយ ​កម្លាំង​ចិត្ត​ហើយ​ បើទោះ​ជាលោក​អ្នក​មិន​ទទួល​បាន​ជោគ​ជ័យ​ក៏អ្នក​សប្បាយ​ចិត្តនឹង​អ្វីដែល​អ្នក​បាន​ខិតខំ​ប្រឹង​ប្រែង​ហើយ​ដែរ។​ កម្លាំង​ចិត្ត ​ជាកម្លាំង​ចលករដ៏​ខ្លាំង​ក្នុងការ​កំណត់​ជោគ​ជ័យ​របស់​លោកអ្នក៕​ អត្ថបទ៖ ដេវីដ ប្រភព៖ cool1007.com

Monday, July 20, 2015

នារី​ខ្មែរ​សម័យ​ថ្មី មិន​សម្លាប់​ខ្លួន​ដោយ​សារ​តែ​រឿង​រ៉ាវ​បែក​បាក់​ស្នេហា​ឡើយ

ភ្នំពេញ​៖ ការ​បែក​បាក់​ស្នេហា គឺ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​។ សោក​ស្តាយ ពី​ព្រោះ​ថា​មនុស្ស​ គ្រប់​រូប​ចង់​បាន​ស្នេហា​ដែល​ស្មោះ​ត្រង់ មាន​ការ​លះ​បង់ និង​ឈាន​ទៅ​ដល់​ការ​រៀប​ការ​។ ជាទូ​ទៅ​នារី​ខ្មែរ ​តែងតែ​​ចង់​​បាន​​ស្នេហា​​យូរ​​អង្វែង​ពោល​គឺ​ចង់​រស់​នៅ​ជាមួយ​គ្នា​រហូតដល់​ចាស់​ កោង​ខ្នង​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​នៅ​តែ​មាន​​សង្សារ​ជា​ច្រើន​គូ​បាន​បែក​បាក់​គ្នា​​ដោយ​​មូល​ហេតុ​ផ្សេងៗ​គ្នា​។ ការ​បែក​បាក់​ស្នេហា​ ពេល​ខ្លះ​ធ្វើ​ឲ្យ​នារី​មួយ​ចំនួន​មាន​ទុក្ខ​ព្រួយ សោក​ស្តាយ​ ហើយ​អ្នក​ខ្លះ​រហូត​ដល់​កា​រ​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ដូច​ជា ចង​ក លោត​ទឹក​​សម្លាប់​ខ្លួន​ជា​ដើម​។ ប៉ុន្តែ​ពេល​ខ្លះ ការ​បែក​គ្នា​ក៏​ជា​រឿង​ល្អ ពី​ព្រោះ​ថា ពួក​គេ​អាច​មាន ជម្រើស​ល្អ​ជាង​នេះ​ហើយ​ពួក​គេ​ទាំង​ពីរ​ក៏​អាច​ពង្រឹង​ការ​សិក្សា ឬ​ការ​ងារ​​របស់​ពួក​គេ​ឲ្យ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ដោយ​មិន​យក​ពេល​វេលា​ជា​ច្រើន​ទៅ​គិត​ពី​បញ្ហា​ស្នេហា​ដែល​មិន​ស្មោះ​ត្រង់​នោះ​ទេ​។

ស្ដាប់​ដំបូន្មាន​មហាសេដ្ឋី​ចិន Jack Ma ​តើ​​លោក​អ្នក​​គួរ​​ធ្វើ​អ្វី​ខ្លះ​​ទើប​ល្អ​នៅ​ចន្លោះ​ពី​​​វ័យ​ ២០ ឆ្នាំ​​ទៅ ៦០ ឆ្នាំ?

ក្នុង​បទសម្ភាសន៍​មួយ​នៅ​​ស្ថានីយ​ទូរទស្សន៍​កូរ៉េ​ខាងត្បូង KBS កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ លោក Jack Ma ​ជា​មហាសេដ្ឋី​ចិន​កំពុង​ឡើង​កូដ​នោះ បាន​ផ្ដល់​ដំបូន្មាន​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​នៅ​ចន្លោះ​ពី​អាយុ ២០ ដល់​អាយុ ៦០ ឆ្នាំ។ ផ្អែក​លើ​​​ការ​បកស្រាយ​របស់​អតីត​គ្រូ​បង្រៀន​អង់គ្លេស​វ័យ ៥០ ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា ​តាម​ពិត​ទៅ​ជីវិត​របស់​មនុស្ស​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់កាល​មួយ​តែង​ប្រឈមមុខ​បញ្ហា​ជា​ច្រើន​ ជា​ពិសេស​ចាប់​ពី​អាយុ ២០ ឆ្នាំ​ទៅ ៦០ឆ្នាំ។ ប៉ុន្តែ​អ្វី​ដែល​​មនុស្ស​គ្រប់រូប​ត្រូវ​ដឹង​នោះ​គឺ​ថា តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ស្ថិត​នៅ​ក្នុង​​វ័យ​ទាំង​នេះ? ​​យោង​តាម​ទស្សនៈ​របស់​លោក Jack Ma មុន​ពេល​ឈាន​ដល់​អាយុ ២០ ឆ្នាំ​ដែល​ជា​វ័យ​យុវជន​នោះ លោក​អ្នក​គួរ​តែ​ធ្វើ​ខ្លួន​ជា​សិស្ស​ល្អ​ម្នាក់​ដើម្បី​ត្រៀម​ទទួល​យក​បទពិសោធន៍​ថ្មីៗ​ជា​ច្រើន​​ដែល​នឹង​ចូល​មក​ដល់។ សម្រាប់​​មុន​ឈាន​​ជើង​ចូល​ដល់​វ័យ ៣០ ឆ្នាំ​វិញ​​ លោក​អ្នក​គួរ​តែ​រៀន​សូត្រ​តាម​ ឬ ជ្រើសរើស​អ្នកណា​ម្នាក់​មក​ធ្វើ​​ជា​បុគ្គល​គំរូ​ដែល​​ធ្លាប់​ជោគជ័យ​ក្នុង​វ័យ​នេះ​ពី​មុន​មក។ «​អ្នក​អាច​រៀន​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​តូច​ណា​មួយ​ជា​មុន​សិន​ព្រោះ​ថា ធ្វើ​ការ​នៅ​ក្នុង​​ក្រុមហ៊ុន​តូច​មុន​នឹង​ធ្វើ​ឲ្យ​អ្នក​​អាច​រៀន​សូត្រ​ពី​មហិច្ឆតា ឬ ក្តី​សុបិន​នៅ​ដំណាក់កាល​ដំបូង​ជាជាង​ក្រុមហ៊ុន​​ធំ​ដែល​មាន​អ្វីៗ​សព្វគ្រប់​បែបយ៉ាង​ទៅ​ហើយ​។ បន្ទាប់​មក​ អ្នក​ត្រូវ​​រៀន​មើល​​បុគ្គល​ណា​មួយ​ដែល​អ្នក​គិត​ថា ជា​ចៅហ្វាយ​ដ៏​ល្អ​​ ព្រោះ​បុគ្គល​ប្រភេទ​នេះ​នឹង​អាច​បង្រៀន​អ្នក​បាន​គ្រប់​បែបយ៉ាង»។ ​នេះ​ជា​​ការ​ពន្យល់​របស់​លោក Jack Ma។ នៅ​ពេល​ដែល​ឈាន​មក​ដល់​វ័យ​ចន្លោះ​ពី ៣០ ទៅ ៤០ ឆ្នាំ អតីត​ CEO របស់​ក្រុមហ៊ុន Alibaba រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​​ថា មិន​ចំពោះ​ថា​​អ្នក​ចង់​ធ្វើ​ការ​ឲ្យ​គេ​ឬ បង្កើត​ក្រុមហ៊ុន​ខ្លួន​ឯង​​​នោះ​ឡើយ​ អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​លាស់​ជា​ទីបំផុត​​ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ដើម្បី​ឲ្យ​ប្រាកដ​ថា វា​ពិត​ជា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​បំផុត​សម្រាប់​អាជីព​ការងារ​នៅ​ពេល​អនាគត​យូរអង្វែង។ ដំបូន្មាន​បន្ត​ទៀត​របស់​លោក​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​ឈាន​ដល់​វ័យ​ចន្លោះ​ពី ៤០ ទៅ ៥០ ឆ្នាំ អ្នក​ត្រូវ​ធ្វើ​អ្វី​​​មួយ​ឲ្យ​ស្រប​ទៅ​នឹង​​ជំនាញ​របស់​អ្នក»។ លោក​បញ្ជាក់​ថា ក្នុង​វ័យ​នេះ​ដាច់ខាត​កុំ​ប្ដូរ​អាជីព​ការងារ​ឲ្យ​សោះ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​យឺត​ពេល​ហើយ។ អ្នក​អាច​ជោគជ័យ​ច្រើន​ក្នុង​វ័យ​នេះ តែ​អត្រា​មរណភាព​របស់​អ្នក​ក៏​មាន​កាន់តែ​ច្រើន​ដែរ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​លោក តម្រូវ​​ឲ្យ​អ្នក​ត្រូវ​ផ្ដោត​ទៅ​លើ​ការងារ​ដែល​ជា​ជំនាញ​របស់​អ្នក។​​ «នៅ​ចន្លោះ​វ័យ ៥០ ឆ្នាំ​ទៅ ៦០ ឆ្នាំ អ្នក​​គួរ​ធ្វើ​ការ​បម្រើ​ដល់​យុវជន​​ជំនាន់​ក្រោយ​ឲ្យ​បាន​ច្រើន»។ ​នេះ​ជា​ប្រសាសន៍​របស់​លោក Jack Ma ​ដោយ​ពន្យល់​ថា ក្មេងៗ​អាច​​ធ្វើ​ការ​ល្អ​ជាង​​អ្នក ព្រោះ​ពួកគេ​មាន​​ថាមពល​គ្រប់គ្រាន់ ម្ល៉ោះហើយ​អ្នក​ត្រូវ​តែ​​ដាក់​ទុន​ឲ្យ​​ពួកគេ និង ធ្វើ​ឲ្យ​ពួកគេ​ជា​ក្លាយ​ជា​ទំពាំងស្នងឫស្សី​​ដ៏​រឹងមាំ​មួយ។ ​​​ ឥឡូវ​នេះ​ងាក​មក​មើល​វ័យ​​ចាប់​ពី​៦០​ឆ្នាំ​ឡើង​វិញ​ម្តង តើ​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ ២២,២ ពាន់​លាន​ដុល្លារ​រូប​នេះ​ផ្ដល់​ដំបូន្មាន​គួរ​ធ្វើ​អ្វី​វិញ? ទោះបី​ជា​លោក​មិន​ទាន​ឈាន​ដល់​វ័យ ៦០​ក៏ដោយ ក៏​លោក​​មាន​គម្រោង​ថា នៅ​ពេល​ដែល​លោក​ឈាន​ដល់​វ័យ ៦០ ឆ្នាំ​ឡើង​ទៅ លោក​នឹង​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​ខ្លួន​លោក និង គ្រួសារ​របស់​លោក​វិញ។ មហាសេដ្ឋី​​មក​ពី​ខេត្ត Zhejiang ​របស់​ចិន​​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​ចុងក្រោយ​ដល់​យុវជន​​ថា៖« ចង់​ផ្លាស់ប្ដូរ​​នៅ​ពេល​​ថ្ងៃ​រៀប​លិច ច្បាស់​ជា​យឺត​ពេល​​ហើយ! នេះ​ជា​ដំបូន្មាន​របស់​ខ្ញុំ​ផ្ញើ​ជូន​ដល់​យុវជន​ទាំងអស់​ដែល​មាន​វ័យ ២៥ ឆ្នាំ។ កុំ​បារម្ភ​រឿង​កំហុស​របស់​អ្នក! កុំ​បារម្ភ​​រឿង​បរាជ័យ អ្នក​ត្រូវ​ក្រោកឈរ​ឡើង ហើយ​រីករាយ​ទៅ​នឹង​ដំណើរ​ជីវិត​របស់​អ្នក ព្រោះ​វ័យ​នេះ​អ្នក​ទាំងអស់​គ្នា​​នៅ​មាន​អនាគត​វែងឆ្ងាយ​ណាស់»៕ សូម​ទស្សនា​បទសម្ភាសន៍​ភាព​ជោគជ័យ​របស់​លោក​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​​កូរ៉េខាងត្បូង KBS ដូច​ខាងក្រោម​នេះ! ប្រែសម្រួល៖ ខេវិន ប្រភព៖ thebnews.com

អ្នកវិទ្យាសាស្ត្រ​បង្ហាញ​សញ្ញាណ​ចំនួន ៨ បញ្ជាក់​ថា អ្នក​ជា​មនុស្ស​​ឆ្លាត​ខុស​ពី​មនុស្ស​ធម្មតា


តើ​អ្វី​ទៅ​​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​​លោក​អ្នក​​ឆ្លាត​ជាង​​អ្នក​ផ្សេង​ទៀត? ឆ្លើយតប​ទៅ​នឹង​​សំនួរ​​នេះ អ្នកវិទ្យាសាស្ត្រ​​បាន​ចំណាយ​ពេល​ជា​ច្រើន​ទសវត្ស​ដើម្បី​ស្រាវជ្រាវ​រក​​មូលហេតុ​នៅ​ពីក្រោយ​បញ្ហា​នេះ​ តែ​មិន​ទាន់​បាន​គ្រប់ជ្រុងជ្រោយ​នៅ​ឡើយ។ 
ទោះបី​ជា​បែប​នេះ​ក្តី ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​បាន​បង្ហាញ​​ហេតុផល និង សញ្ញាណ​​សំខាន់ៗ​ចំនួន ៨ ខាងក្រោម​នេះ​ដែល​បញ្ជាក់​ថា លោក​អ្នក​​មាន​ភាព​ឆ្លាតវៃ​ជាង​មនុស្ស​ផ្សេង​ទៀត។ ​

១) មិន​ជក់បារី
យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​​វេជ្ជសាស្ត្រ​​​​អ៊ីស្រាអែល​​លើ​បុរស​​ពេញ​វ័យ​ចំនួន ២០ ០០០​នាក់​បាន​បង្ហាញ​​ថា បុរស​​ដែល​ជក់​បារី​​​មាន​អាយុ​​ចន្លោះ​ពី ១៨ ទៅ ២១ ឆ្នាំ មាន​​ពិន្ទុ IQ ៩៤ ពិន្ទុ ខណៈ​ដែល​​បុរស​ដែល​​មិន​ជក់បារី​មាន​ពិន្ទុ IQ ចំនួន ១០១ ពិន្ទុ។ លទ្ធផល​នេះ​បញ្ជាក់​ថា អ្នក​មិន​ជក់បារី​ឆ្លាត​ជាង​អ្នក​ជក់​បារី។

២) ចូលរៀន​វគ្គ​​​ដូរ្យតន្ត្រី
យោង​តាម​ការ​ស្រាវជ្រាវ​​​របស់​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១១ បាន​បង្ហាញ​ថា តន្ត្រី ឬ ឧបករណ៍​ភ្លេង​បាន​ជួយ​ឲ្យ​សមត្ថភាព​ខួរក្បាល​របស់​កុមារ​​លូតលាស់​បាន​ល្អ ជា​ពិសេស​​ចំពោះ​ក្មេងៗ​ដែល​មាន​អាយុ​ពី ៤ ទៅ ៦ ឆ្នាំ​មាន​សមត្ថភាព​និយាយ​បាន​ល្អ​ប្រសើរ​ជាង​មុន។ រីឯ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ឆ្នាំ ២០០៤ វិញ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្មេងៗ​ដែល​​មាន​អាយុ ៦ ឆ្នាំ​ ហើយ​បាន​ចូល​រៀន​លេង​ព្យាណូ​ចំនួន ៩ ខែ មាន​ពិន្ទុ IQ កើន​ឡើង​ខុស​ពី​ក្មេងៗ​ធម្មតា។

៣) ជា​កូន​ច្បង​​ក្នុង​គ្រួសារ
តាម​​របាយការណ៍​ចេញផ្សាយ​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន​ The New York Time ​បាន​រក​ឃើញ​ថា កូនច្បង​នៅ​ក្នុង​គ្រួសារ​​ភាគ​ច្រើន​ឆ្លាត​ជាង​កូន​ប្អូន​។ នេះ​មិនមែន​មក​ពី​ហ្សែន ( genetics) ​នោះ​ទេ តែ​ជា​អន្តរកម្ម​ផ្លូវចិត្ត​​ទៅវិញ​ទៅ​មក​រវាង​ឪពុក​ម្តាយ និង កូនៗ​តែ​ប៉ុណ្ណោះ​។
៤) មាន​រាង​ស្តើង​ស្អាត មិន​ធាត់​ពេក មិន​ស្គម​ពេក​
ដោយ​​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល ៥ ឆ្នាំ​លើ​មនុស្ស ២ ២០០​នាក់ ក្រុម​អ្នកស្រាវជ្រាវ​របស់​បារាំង​​បាន​បង្ហាញ​លទ្ធផល​ជា​ផ្លូវ​ការ​មួយ​​នៅ​ក្នុង​ឆ្នាំ ២០០៦ ដែល​ថា ​អ្នក​ដែល​មាន​រាង​ស្តើង ចង្កេះ​​អង្ក្រង មិន​​ធាត់​ពេក ឬ ស្គម​ពេក​​ មាន​សមត្ថភាព​ខាង​បញ្ញា​ស្មារតី​ល្អ​ជាង​មនុស្ស​ធាត់ ឬ មនុស្ស​ស្គម​រីងរៃ​​។ ​នេះ​បញ្ជាក់​ថា អ្នក​មាន​រាង​ស្អាត មាន​សុខភាព​ល្អ ​ហើយ​សុខភាព​ល្អ​នេះ​ហើយ​ដែល​​​ធ្វើ​ឲ្យ​​ខួរក្បាល​ដុះ​លូតលាស់​​ល្អ។

៥) ចូលចិត្ត​សត្វ​​ឆ្មា​
យោង​តាម​ការ​ស្រាវជ្រាវ​​របស់​អាមេរិក​ដដែល​​នៅ​ក្នុង​​ឆ្នាំ ២០១៤ កន្លង​ទៅ​បាន​បង្ហាញ​ផង​ដែរ​ថា ​មនុស្ស​ដែល​ស្រលាញ់​​សត្វ​​​ឆ្កែ​​ចូលចិត្ត​ដើរ​លេង​ខាងក្រៅ​ច្រើន ខណៈ​ដែល​មនុស្ស​ដែល​ចូលចិត្ត​សត្វ​ឆ្មា​ចូលចិត្ត​សម្ងំ​នៅ​ផ្ទះ។ ប៉ុន្តែ​​អ្នក​ដែល​ចូលចិត្ត​សត្វ​ឆ្មា​មាន​ភាព​វ័យ​ឆ្លាត​​ជាង​ដោយ​ហេតុ​ថា ​មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​អាន​សៀវភៅ​ហើយ​ឆ្មា​នឹង​​នៅ​កំដរ ​​​ពីព្រោះ​វា​កម្រ​​ចេញ​ទៅ​ក្រៅ​ផ្ទះ​ណាស់​ ផ្ទុយពី​សត្វ​ឆ្កែ​ដែល​ចូល​ចិត្ត​​​ចំណាយ​ពេល​ច្រើន​ដើរ​លេង​ខាងក្រៅ​​ជា​មួយ​ម្ចាស់​របស់​វា។​

៦) ​បៅ​​ទឹកដោះ​ម្តាយ ជាជាង​​បៅ​ទឹកដោះ​គោ
ផ្អែក​លើ​របាយការណ៍​ស្រាវជ្រាវ​ធ្វើ​ឡើង​នៅ​អង់គ្លេស និង នូវែលហ្សេឡង់​លើ​ក្មេងៗ​ចំនួន ៣ ០០០​នាក់​បាន​បង្ហាញ​ថា ក្មេង​ដែល​បៅ​ទឹកដោះម្តាយ មាន​ភាព​វ័យ​ឆ្លាត​ជាង​ក្មេង​ដែល​បៅ​ទឹកដោះគោ​។ យោង​តាម​ការ​លើកឡើង​របស់​​​សាស្ត្រាចារ្យ​ចិត្តវិទ្យា​មក​ពី​សាកលវិទ្យាល័យ Illinois លោក Julia Kim-Cohen បាន​ពន្យល់​ថា ទឹកដោះ​ម្តាយ​មាន​សារធាតុ​ចិញ្ចឹម​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ខួរក្បាល​​ធ្វើ​ឲ្យ​ក្មេងៗ​ឆ្លាត​ពី​​​ធម្មជាតិ។

៧) ​ប្រើ​ដៃ​ឆ្វេង
យោង​តាម​របាយកា៤រណ៍​ស្រាវជ្រាវ​នៅ​ក្នុង​ឆ្នាំ ១៩៩៥ ​របស់​អាមេរិក​បាន​បង្ហាញ​ថា មនុស្ស​ដែល​​ចេះ​ដៃ​ឆ្វេង (ចូលចិត្ត​​ធ្វើអ្វីៗ​ដោយ​ប្រើ​ដៃ​ឆ្វេង) មាន​ភាព​ឆ្លាតវៃ​ជាង​មនុស្ស​ដែល​ប្រើ​ដៃស្តាំ។ មនុស្ស​ប្រើ​ដៃ​ឆ្វេង​មាន​ភាព​ស្ទាត់​ជំនាញ​ច្រើន ជា​ពិសេស​ខាង​សំណង់​​​ស្ថាបត្យកម្ម និង​លេង​តន្ត្រី​​ជា​ដើម​។

៨) មាន​កម្ពស់​ខ្ពស់ 
មនុស្ស​ដែល​មាន​រាង​ខ្ពស់​​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​ថា ​មាន​ភាព​វៃឆ្លាត​ជាង​មនុស្ស​រាង​ទាប​ផង​ដែរ​។ នៅ​ក្នុង​​អាយុ ៣ ឆ្នាំ​ ក្មេង​ដែល​មាន​កម្ពស់​ខ្ពស់ ​មាន​សមត្ថភាព​ខួរក្បាល​ល្អ​ជាជាង​ក្មេង​មាន​កម្ពស់​ទាប ឬ ក្រិន។ ក្មេង​មាន​កម្ពស់​​ខ្ពស់ បង្ហាញ​ពី​សញ្ញាណ​នៃ​ការ​លូតលាស់​ល្អ ដែល​នេះ​ជា​​​កត្តា​ធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​ល្អ​ដែរ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ thebnews.com



អ្នក​ដែល​​​​មាន​ជំនាញ​ពិតប្រាកដ​ ​នឹង​មាន​ហាងឆេង​ខ្ពស់​​ចំនួន​ ៦​ ចំណុច​នេះ


ជំនាញ​ គឺ​ជា​កិច្ចការ​​សំខាន់​ខ្លាំង​ណាស់​ដែល​មនុស្ស​គ្រប់រូប​នៅ​ក្នុង​សតវត្ស​ទី​២១ នេះ​​ត្រូវ​តែ​មាន​សម្រាប់​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីព​ការងារ។ អ្នក​ដែល​មាន​ជំនាញ ជា​អ្នក​ដែល​​លេចធ្លោ​នៅ​ក្នុង​ចំណោម​​សាធារណជន ជា​ពិសេស​ពី​ការ​ពឹងពាក់​អាស្រ័យ​របស់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន។ សម្រាប់​ប្រិយមិត្ត​អ្នក​អាន​វិញ ​សូម​គិតគូរ​ពី​ចំណុច​​​នេះ​ឲ្យ​បាន​ម៉ត់ចត់​បំផុត ត្បិតអី​​ជំនាញ​ដ៏​ប៉ិនប្រសព្វ​នេះ​​ធ្វើ​ឲ្យ​លោក​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដូច​​ខាងក្រោម​នេះ៖​

១) នៅពេល​អ្នក​ចេះ​ប្រាកដ ពួកគេ​នឹង​រត់​មក​រក​អ្នក​ដោយ​ខ្លួន​ឯង

សុភាសិត​ខ្មែរ​​តែង​ក្រើន​រំលឹក​ថា នៅ​ពេល​ដែល​អ្នក​ចេះ​ប្រាកដ​ ប្រាក់​នឹង​រត់​តាម​ហៅ​ជា​មិនខាន។ សម្រាប់​ចំណុច​នេះ​វិញ​ វា​មិន​ខុស​អ្វី​ពី​ពាក្យ​មួយ​ឃ្លា​នេះ​ទេ ព្រោះ​​ថា​នៅ​ពេល​ដែល​អ្នក​​មាន​ជំនាញ​អ្វី​មួយ​ អ្នក​រមែង​ជា​ទី​ពឹង​អាស្រ័យ​របស់​អ្នកដទៃ។ ជា​ឧទាហរណ៍​បើ​អ្នក​ចេះ​ជំនាញ​​​សហគ្រិន​ភាព​ពិត​ប្រាកដ អ្នក​នឹង​​ក្លាយ​ជា​ផ្ទាំង​ស៊ីប​​ពី​អ្នក​ចង់​បោះ​ដើមទុន​រកស៊ី សហគ្រិន និស្សិត និង អ្នក​ដែល​ចង់​ប្រឡូក​ក្នុង​អាជីវកម្ម​តែម្តង។

២) ជំនាញ​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អតិថិជន​​មាន​ទំនុកចិត្ត​​

ជា​ឧទាហរណ៍​ថា ​​​អ្នក​បាន​​ទៅ​ពឹងពាក់​មេធាវី​មួយ​រូប​ដែល​មិនសូវ​មាន​ជំនាញ​ច្បាស់លាស់​ចន្លោះ​ប្រហោង​ក្នុង​ការ​ក្តោប​ក្តាប់​រឿង​ក្តី​​​​ច្រើន​។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​​មាន​​ការ​មន្ទិល​សង្ស័យ និង មិន​សូវ​មាន​ទំនុកចិត្ត​ទៀត​ផង​នៅ​ពេល​តតាំង​នៅ​តុលាការ។ យ៉ាងណាមិញ បើ​សិន​​ជា​​អ្នក​គឺ​ជា​​មេធាវី​​ដ៏​ចំណាន​ម្នាក់​វិញ ​អ្នក​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អតិថិជន​​របស់​អ្នក​អស់​ចម្ងល់ មាន​ភាព​កក់ក្តៅ ជា​ពិសេស​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ចាប់​កំហុស ឬសង្ស័យ​មក​លើ​អ្នក​ជា​ដើម ដែល​នេះ​ជា​ការ​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ពី​ពួកគេ​នេះ​ឯង។

​៣) អ្នក​នឹង​មាន​ឥទ្ធិពល​ក្នុង​ទីផ្សារ​ការងារ​របស់​អ្នក​

នៅ​ក្នុង​សង្គម​មួយ​ បុគ្គល​ល្បីៗ អ្នក​ជំនាញ ឬ អ្នក​វិភាគ​ជា​ច្រើន​​មាន​មុខមាត់​​ និង ដឹងឮ​ពី​សាធារណជន​ច្រើន​ក៏ដោយ​សារ​តែ​បុគ្គល​ទាំង​នោះ​មាន​ជំនាញ​​ចេះ​យ៉ាង​ស្ទាត់​ជំនាញ​នេះ​ឯង។ ឧទាហរណ៍​ថា អ្នក​​​មាន​ជំនាញ​ខាង​វិភាគ​ទីផ្សារ​អចលនទ្រព្យ​​​យ៉ាង​ច្បាស់លាស់​​​មួយ​ចុះ។ ជំនាញ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​បាន​​យល់​ដឹង​គ្រប់​ស្ថានការណ៍ ការ​វិវត្ត​នានា​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ក្រុង ឬ តំបន់​នានា។ បែប​នេះ អ្នក​នឹង​ទទួល​បាន​​ឥទ្ធិពល និង ភាព​ទាក់ទាញ​ពី​អតិថិជន​ ជា​ពិសេស​ស្ថាប័ន​នានា​ ដែល​ចង់​​ស្វែង​យល់​ពី​​វិស័យ​នេះ​តែម្តង។

៤) អ្នក​អាច​បង្កើន​តម្លៃ​សេវាកម្ម​​របស់​​អ្នក​បាន​គ្រប់​ស្ថានភាព

នៅ​ពេល​ដែល​អតិថិជន​ម្នាក់​បាន​ពឹង​​ពាក់​​ដោយ​ហេតុ​ថា អ្នក​មាន​ជំនាញ​ច្បាស់លាស់​​ពី​អ្វី​ដែល​ពួកគេ​កំពុង​ត្រូវ​ការ ​នោះ​អ្នក​ក៏​មាន​ទឹកមាត់​លេប​ច្រើន​ដែរ។ អ្នក​កាន់តែ​ចេះ កាន់តែ​មាន​ជំនាញ​ អ្នក​កាន់តែ​អាច​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​អ្នក​បាន​ដែរ។ ជា​ទូទៅ​អតិថិជន​ដែល​យល់​ថា ​អ្នក​បាន​ផ្តល់​សេវាកម្ម​ល្អ​​យ៉ាង​គាប់​ចិត្ត​ដល់​ពួកគេ ពួកគេ​មិន​សូវ​ស្តាយ​ស្រណោះ​ប្រាក់​​ថ្លៃ​សេវាកម្ម​រឿង​មួយ​កាក់​មួយ​សេន​នោះ​ដែរ​ ហើយ​អាច​មាន​ច្រើន​លើស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក​ទៀត​ផង។

៥) អ្នក​នឹង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​លើ​បណ្ដាញ​​ផ្សព្វផ្សាយ

ដូច​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ចំណុច​ទី​៣ នៅ​ក្នុង​សង្គម​នីមួយ​​ៗតួយ៉ាង​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ​អ្នក​ជំនាញ អ្នក​វិភាគ ទាំង​​នយោបាយ​ក្តី សេដ្ឋកិច្ច​ក្តី ឬ អាជីវកម្ម​ក្តី តែង​មាន​មុខមាត់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ វិទ្យុ រួម​ទាំង​ការ​ប្រមាញ់​ពី​អ្នក​កាសែត​ជា​ដើម។ នេះ​ជា​រឿង​មួយ​មិន​អាច​ប្រកែក​បាន ដែល​ធ្វើ​ឲ្យ​អ្នក​​កាន់តែ​មាន​ប្រាក់​ចំណូល ​ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ​​​លេច​មុខមាត់​ជា​ទី​ចាប់អារម្មណ៍​របស់​សាធារណជន​នៅ​ក្នុង​សង្គម។

៦) អ្នក​នឹង​មាន​ទំនាក់ទំនង​​​ល្អ​ជា​មួយ​អាជ្ញាធរ និង អ្នក​ជំនាញ​ដូចគ្នា​​​​​​​​

បើ​និយាយ​ជា​ទូទៅ បុគ្គល​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ ត្រូវ​បាន​គេ​មើល​ឃើញថា មាន​ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ​ជា​មួយ​អាជ្ញាធរ ក្រុមហ៊ុន អង្គការ​នានា​ ជា​ពិសេស​អ្នក​ជំនាញ​ដូចគ្នា​តែម្តង។ នៅ​ត្រង់​ចំណុច​នេះ​នៅ​ពេល​ដែល​អ្នក​មាន​ជំនាញ​ពិត​ប្រាកដ ​អ្នក​កាន់តែ​មាន​គ្រឹះ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជា​ទី​ចាប់​អារម្មណ៍​របស់​​បុគ្គល​ល្បីៗ​ជា​ច្រើន ហើយ​មិត្តភាព និង មុខមាត់​របស់​អ្នក​ក៏​កាន់តែ​​ល្បី​សុះសាយ​ឡើង​ទៅ​តាម​នេះ​ដែរ។ សូម​ចាំ​ថា ចង់​ធ្វើ​ជា​អ្នក​ជំនាញ ​មិន​មែន​​ធ្វើ​ជា​អ្នក​ចេះ​សព្វគ្រប់​បែប​យ៉ាង​នោះ​ឡើយ​ ពោល​គឺ​​ត្រូវ​ចេះ​ជំនាញ​មួយ​ឲ្យ​ពិត​ប្រាកដ។ យ៉ាងណាមិញ​​ បើ​អ្នក​​មិន​​ធ្វើ​បែប​នេះ​​​ វា​គ្រាន់​តែ​ដូច​ពាក្យ​សុភាសិត​បុរាណ​ខ្មែរ​​មួយ​ពោល​ថា​​ “ចេះ​ដល់​មិន​ស្មើ​អ្នក​ប្រសព្វ​មួយ​”​​ តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ http://thebnews.com

មូលដ្ឋាន​គ្រឹះ​ទាំង​៨ នៃ​សុភមង្គល​ដែល​អ្នក​មិន​​គួរ​​មើល​រំលង


តើ​អ្វី​ទៅ​ជា​សុភមង្គល? មនុស្ស​មួយ​ចំនួន​បាន​ឲ្យ​តម្លៃ​សុភមង្គល​​នៅ​ពេល​ដែល​មនុស្ស​យើង​​មាន​​​មាស​ប្រាក់​សម្បូរហូរហៀរ។​ទន្ទឹម​នឹង​នេះ​​ក៏​មាន​ទស្សនៈ​ផ្ទុយ​ពី​នេះ​ដែរ​ដែល​ថា សុភមង្គល​​របស់​មនុស្ស​មិន​ស្ថិត​នៅ​លើ​មាសប្រាក់​នោះ​ទេ តែ​វា​​ស្ថិត​នៅ​លើ​ចិត្ត​របស់​យើង​ទៅវិញ​ទេ។ ប្រិយមិត្ត​អាច​យល់​ខុសៗគ្នា​ពី​និយម​ន័យ​សុភមង្គល​នេះ ប៉ុន្តែ​ខាងក្រោម​នេះ​នឹង​អាច​ផ្ដល់​ជា​ពន្លឺ​ដល់​លោក​អ្នក​ពី​មូលដ្ឋាន​គ្រឹះ​នៃ​សុភមង្គល​របស់​អ្នក​បាន​ថា តើ​​ត្រូវ​​ធ្វើ​ដូចម្ដេច​ដើម្បី​ទទួល​បាន​សុភមង្គល?​​

១) សុភមង្គល​គឺ​ជា​អ្វី​ដែ​អ្នក​ត្រូវ​​មាន មិនមែន​ជា​ការ​ស្រមើស្រមៃ​ទេ​

ចង់​កសាង​សុភមង្គល ​ប្រៀប​ដូច​ជា​​ការ​អាន​​​សៀវភៅ​ប្រលោមលោក​មួយ​ក្បាល​​ដូច្នេះ​ដែរ។ លោក​អ្នក​ត្រូវ​អាន​វា​ចាប់​តាំង​ពី​ដើម​ទំព័រ រហូត​ដល់​ចប់​ទើប​ដឹង​ថា ​ប្រលោម​លោក​នៅ​ក្នុង​សៀវភៅ​នេះ​និយាយ​​ពី​អ្វី។ យ៉ាងណាមិញ សុភមង្គល​របស់​អ្នក​គឺ​ជា​អ្វី​​ដែល​​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ​ប្រៀប​ដូច​ជា​អាន​សៀវភៅ​ពី​ទំព័រ​មួយ​ទៅ​ទំព័រ និង កត់ត្រា​ចំណុច​សំខាន់​នេះ​​​ ទើប​អ្នក​អាច​សម្រេច​គោលដៅ​របស់​អ្នក​បាន។

២) រៀន​ដោះស្រាយ​បញ្ហា​ខក​បំណង​ទាំងឡាយ

​សូម​ចាំ​ថា ជីវិត​របស់​​​មនុស្ស​យើង​ មិនមែន​សុទ្ធតែ​​ធ្វើ​អ្វី​ៗ​ស្រប​តាម​បំណង​របស់​ខ្លួន​នោះ​​ឡើយ​ ពោល​គឺ​អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ខកចិត្ត​។ ហេតុដូច្នេះ អ្នក​ត្រូវ​ប្រាកដ​ថា បញ្ហា​ទាំង​នោះ​នឹង​មិន​​មក​បំផ្លាញ​​សុភមង្គល​របស់​អ្នក​​នោះ​ទេ។ ប្រការ​ដែល​​ល្អ អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​បញ្ហា​ទាំង​នោះ​ឲ្យ​បាន ​និង ចេះ​ចិញ្ចឹម​ភាព​រីករាយ​ឡើង។

៣) ចេះ​រស់​នៅ​ជា​មួយ​បច្ចុប្បន្ន​​កាល​របស់​អ្នក

មនុស្ស​ដែល​រស់​នៅ​ជា​មួយ​អតីតកាល មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ជោគជ័យ​ក្នុង​ឆាក​ជីវិត​នៅ​ថ្ងៃ​នេះ ឬ ថ្ងៃស្អែក​បាន​ឡើយ។ ម៉្លោះហើយ​​អ្នក​មិន​ត្រូវ​ដេក​រង់ចាំ​ថ្ងៃស្អែក​ ឬ រង់​ចាំ​ឱកាស​ល្អ​​មក​ដល់​នោះ​ទេ ពោល​គឺ​ត្រូវ​ប្រើប្រាស់​ពេល​វេលា​ និង​រៀន​រស់​នៅ​ជាមួយ​ថ្ងៃ​នេះ​ធ្វើ​អ្វីៗ​ដែល​មាន​តម្លៃ​បំផុត​​ដែល​នាំ​មក​នូវ​សុភមង្គល និង ភាព​ជោគជ័យ។

៤) យល់​ឲ្យ​ច្បាស់​ពី​គោលដៅ​ជីវិត​របស់​អ្នក

គោលដៅ​ជីវិត​​ គឺ​ជា​រឿលង​សំខាន់​ខ្លាំង​ណាស់ ព្រោះ​​​វា​នឹង​កំណត់​ថា​​តើ​ជីវិត​របស់​អ្នក​នឹង​ក្លាយ​ជា​អ្វី​នៅ​ពេល​អនាគត? សម្រាប់​អ្នក​ដែល​មាន​គោលដៅ​ច្បាស់លាស់​ រមែង​មាន​​​ភាព​ជឿជាក់ និង ទំនុក​ចិត្ត​ឈោង​ចាប់​យក​គោលដៅ​នេះ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​​ពួកគេ​ទទួល​បាន​ភាព​រីករាយ​ជានិច្ច។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​មិន​ដឹង​ថា តើ​តម្លៃ​ និង គោលដៅ​ជីវិត​ជា​អ្វី មិន​ខុស​អ្វី​ពី​ទូក​នៅ​កណ្ដាល​ទន្លេ​គ្មាន​កោះ​គ្មាន​ត្រើយ​នោះ​ទេ។

៥) ធ្វើ​សកម្មភាព​សាមញ្ញ​ប្រចាំ​ថ្ងៃ​ដែល​នាំ​មក​នូវ​សុភមង្គល

ពេល​វេលា​ ២៤ ម៉ោង​របស់​អ្នក​នឹង​ផ្ដល់​តម្លៃ​អ្នក​ពិតៗ​នៅ​ពេល​ដែល​​​អ្នក​​ចំណាយ​ពេល​ធ្វើ​រឿង​សាមញ្ញៗ តែ​មាន​តម្លៃ​ដល់​ជីវិត​របស់​អ្នក។ អ្នក​ប្រហែល​គិត​​ថា លុយ​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី​​មួយ​ចំនួន​គិត​ថា មាន​លុយ​មិនមែន​មាន​អ្វីៗ​ទាំង​នោះ​​ទេ។ ការ​​​ចំណាយ​ពេល​បង្កើត​ភាព​រីករាយ​ជា​មួយ​គ្រួសារ មិត្ត​ភក្តិ ឬ សកម្មភាព​មនុស្សធម៌​ផ្សេងៗ​ទៀត​​នឹង​នាំ​មក​នូវ​សុភមង្គល​ដល់​អ្នក ដែល​មនុស្ស​មួយ​ចំនួន​មើល​រំលង។

៦) ចែក​រំលែក​​ឲ្យ​បាន​ច្រើន

ពាក្យ​មួយ​ឃ្លា​បាន​ពោល​​ថា “ឲ្យ​របស់​ស្រណោះ​ដៃ” ដែល​​នេះ​មាន​ន័យ​ថា ​​បុគ្គល​មួយ​ចំនួន​​បើ​ឲ្យ​របស់​អ្វី​ទៅ​គេ​ហើយ​ តែង​​​ចង់​បាន​អ្វី​ជា​ថ្នូរ​មក​វិញ។ ប៉ុន្តែ ​សម្រាប់​អ្នក​​វិញ ​ការ​​ជួយ​អ្នក​ដទៃ ចែក​រំលែក​ចំណេះដឹង ធ្វើ​មនុស្ស​ធម៌​ទៅ​កាន់​អ្នកដទៃ​កាន់តែ​ច្រើន​ឡើង​ដោយ​មិន​ចង់​បាន​អ្វី​តប​ស្នង​មក​វិញ​​ គឺ​ជា​អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​សុភមង្គល​​បំផុត​មួយ។ ​ចំណុច​នេះ សូម្បី​តែ​អ្នក​មិន​ចង់​បាន​ការ​តបស្នង ក៏​ពួកគេ​ឲ្យ​តម្លៃ​អ្នក​ជា​មិនខាន។

៧) មាស​ប្រាក់​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ

​អ្នក​អាច​សង្កេត​បាន​ថា មាន​​គ្រួសារ​មួយ​ចំនួន​មាន​ទ្រព្យសម្បត្តិ​ច្រើន​ហូរហៀរ​​រស់​​នៅ​វិឡា​ថ្លៃៗ ជិះ​រថយន្ត​ទំនើបៗ មាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ តែ​បែរជា​រក​សុភមង្គល​មិន​ឃើញ។ នេះ​ប្រហែល​ជា​ពួកគេ​បាន​មើល​រំលង​សុភមង្គល​មួយ​ចំនួន​រួច​ស្រេច​ទៅ​ហើយ។ ការ​​ចំណាយ​ពេល​យកចិត្ត​ទុកដាក់​មើល​ថែ​ដល់​​មនុស្ស​ដែល​អ្នក​ស្រលាញ់ ជា​​ពិសេស​ក្តី​ស្រលាញ់ និង ការ​ថ្នាក់ថ្នម​ជា​ដើម គឺ​ជា​ចំណែក​នៃ​សុភមង្គល​ដ៏​ធំ​ធេង។

៨) សូម​កុំ​ឲ្យ​​អតីតកាល​បំផ្លាញ​អនាគត​របស់​អ្នក

អតីតកាល​របស់​អ្នក​បាន​កន្លង​ផុត​ទៅ​ហើយ ហេតុដូច្នេះ​អ្នក​មិន​អាច​កែប្រែ​វា​បាន​ទេ តែ​អ្នក​បាន​ត្រឹមតែ​រៀន​សូត្រ​ពី​វា​តែប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​​បុគ្គល​រីករាយ​បាន​ដឹង​ពី​ចំណុច​នេះ។ សម្រាប់​អ្នក​វិញ ត្រូវ​​​បង្កើត​ភាព​រីករាយ និង ធ្វើ​អ្វី​ដែល​ល្អ​​នៅ​ក្នុង​ថ្ងៃ​នេះ ព្រោះ​ថា​អនាគត​ដ៏​ល្អ​មួយ​នឹង​រៀបចំ​ឲ្យ​អ្នក៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ thebnews.com

បើ​មិន​បាន​​រៀន​នៅ​សាលា​ បង្រៀន​ខ្លួន​ឯង​តាម​វិធីសាស្ត្រ​ទាំង​៧​នេះ​​ក៏​​​មាន​ចំណេះដឹង​កើន​ឡើង​​ដែរ


មនុស្ស​គ្រប់គ្នា​ ជាពិសេស​សិស្ស​និស្សិត​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ មិន​ប្រាកដ​ថា​មាន​លទ្ធភាព​​គ្រប់គ្រាន់​អាច​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​ថ្នាក់​​មហាវិទ្យាល័យ​បាន​ដែរ។ ទោះបី​ជា​បែប​នេះ​ក្តី ប្រភព​នៃ​ចំណេះដឹង​មាន​ច្រើន​ណាស់​មិនមែន​មាន​​​នៅ​​តែ​សាលា​​​នោះ​ទេ។ ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ ៧ ចំណុច​ដែល​អ្នក​អាច​​បង្រៀន​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំបាច់​ទៅ​​អង្គុយ​​នៅ​ក្នុង​សាលា​នោះ​ឡើយ។​​​

១) អាន​សៀវភៅ

នេះ​​គឺ​ជា​​វិធីសាស្ត្រ​មួយ​ដែល​អ្នក​មិន​​​អាច​ប្រកែក​បាន​​នោះ​ឡើយ ​ត្បិត​វា​អាច​ជួយ​ឲ្យ​អ្នក​​បាន​រៀន សូត្រ និង ក្រេប​ចំណេះដឹង​ថ្មីៗ​​កាន់តែ​ច្រើន​​ដោយ​មិន​ចាំបាច់​ទៅ​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន។ ហេតុដូច្នេះ​ហើយ បើ​អ្នក​យល់​ឃើញ​ថា ​សៀវភៅ​ដែល​អ្នកអាន​គួរឲ្យ​ចាប់អារម្មណ៍​ និង មាន​ប្រយោជន៍ សូម​កុំ​នៅ​បង្អែបង្អង់​អី​ ឆ្លៀត​ពេល​​អាន​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ។

២) ទំនាក់ទំនង​ឬ យក​​បុគ្គល​ជោគជ័យ​​ធ្វើ​ជា​គំរូ​

ទំនាក់ទំនង​​ដ៏​ល្អ​របស់​អ្នក​ជា​មួយ​មិត្តភ័ក្ដិ​នៅ​ខាងក្រៅ​សាលា​ ជា​ពិសេស​ជា​មួយ​បុគ្គល​ជោគជ័យ​នៅ​ជុំវិញ​ខ្លួន​អ្នក​បាន​កាន់តែ​ច្រើន គឺ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​កាន់តែ​ច្រើន ព្រោះ​ថា​ពួកគេ​អាច​ផ្ដល់​ជា​ត្រីវិស័យ ឬ ចែក​រំលែក​បទពិសោធន៍​​ល្អៗ​អ្នក​បាន​។ បើ​នេះ​ជា​រឿង​លំបាក​បន្តិច​សម្រាប់​អ្នក អ្នក​អាច​ស្វែង​រក​​ប្រវត្តិ​បុគ្គល​ជោគជ័យ​នៅ​ជុំវិញ​ពិភពលោក​មក​ធ្វើ​ជា​គំរូ ដើម្បី​ពិនិត្យ​មើល​ដំណើរ​ជីវិត​ និង សកម្មភាព​របស់​​បុគ្គល​ទាំង​នោះ​សម្រាប់​​ធ្វើ​ជា​ថ្នាល​បណ្ដុះ​ភាព​​ជឿជាក់ និង ជួយ​លើក​ទឹកចិត្ត​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

៣) ទស្សនាចរ​ឲ្យ​បាន​ច្រើន

នេះ​វា​​គន្លឹះ​មួយ​​ទៀត​ដែល​ផ្ដល់​ចំណេះដឹង​ដល់​អ្នក​។ ​ប្រជាជន​នៅ​​លោក​ខាងលិច​ចូលចិត្ត​ដើរ​កម្សាន្ត​​ខ្លាំង​ណាស់​ ពី​ព្រោះ​​វា​បាន​ផ្ដល់​ចំណេះដឹង​​យ៉ាង​ច្រើន​ដល់​ពួកគេ​​​តាម​រយៈ​ការ​សិក្សា​ស្វែងយល់​ពី​​បរិបទ​រស់​នៅ វប្បធម៌​ ការ​អភិវឌ្ឍ​នានា​នៅ​តាម​ប្រទេស​នីមួយៗ​នៅ​ជុំវិញ​ពិភពលោក។​អ្នក​​ក៏​ដូច្នេះ​ដែរ ​ឆ្លៀត​ពេល​ទំនេរ​ណាមួយ​ដើរ​លេង​កម្សាន្ត​ផង សិក្សា​រៀន​សូត្រ​​ផង​ទើប​ជីវិត​របស់​អ្នក​ស្រស់ស្រាយ និង មាន​ចំណេះដឹង​កើន​ឡើង។ ​​

៤) អាន Wikipedia និង ស្រាវជ្រាវ​ឯកសារ​តាម​ Googleឲ្យ​បាន​ច្រើន

ការ​ស្រាវជ្រាវ​ឯកសារ​តាម​រយៈ​គេហទំព័រ​ដ៏​ពេញ​និយម​​សម្រាប់​អ្នក​សិក្សា​​​រៀន សូត្រ​ដូច​ជា Wikipedia និង Google គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ។ វា​ជា​បណ្ដុំ​នៃ​ឯកសារ​​ដ៏​ច្រើន​លើសលប់​​សម្រាប់​ផ្ដល់​ចំណេះដឹង​ដល់​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍ ឬ មិន​បាន​ដឹង។ ចំណេះដឹង​របស់​អ្នក​នឹង​កាន់​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បើ​អ្នក​ព្យាយាម​ក្រេប​ជញ្ជក់​​​ចំណេះដឹង​តាម​​គេហទំព័រ​ទាំង​នេះ។

៥) មើល​​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​ផ្ដល់​ចំណេះដឹង

នៅ​ពេល​បច្ចុប្បន្ន​នេះ ស្ថានីយ​ទូរទស្សន៍​ល្បី​​ៗ​មាន​ច្រើន​​ណាស់​ទាំង​ទូរទស្សន៍​ខ្សែកាប​ក្តី ផ្សាយ​ផ្ទាល់​​ក្តី​ តាម​អនឡាញ​ក្តី មាន​ច្រើន​ស្អេកស្កះ​។ យ៉ាងណាមិញ ការ​ជ្រើស​រើស​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​​ផ្ដល់​ការ​អប់រំ​ដូចជា BBC CNN CNBC Bloomberg គឺ​សុទ្ធតែ​ទូរទស្សន៍​លំដាប់​ពិភពលោក​ផ្ដល់​ចំណេះដឹង​គ្មាន​ដែន​កំណត់​។ វា​ជា​ប្រភព​ចំណេះដឹង​ដែល​នាំ​អ្នក​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​មួយ​ដែល​អ្នក​​មិន​ធ្លាប់​ឃើញ​មិនធ្លាប់​ជួប​ពី​មុន​មក​​ជា​ពិសេស​ព្រឹត្តិការណ៍​នយោបាយ​ សេដ្ឋកិច្ច ចំណេះដឹង វប្បធម៌​ជា​ដើម។

៦) សិក្សា​តាម​វគ្គ​ខ្លីៗ​លើ​​បណ្ដាញ​អ៊ីនធឺណិត​​

នៅ​តាម​​សាកលវិទ្យាល័យ​​​ល្បីៗ​នៅ​​ជុំវិញ​ពិភពលោក គេ​សង្កេត​ឃើញ​ថា ​មាន​សាស្ត្រាចារ្យ​ជា​ច្រើន​បាន​បង្រៀន​ជា​វគ្គ​ខ្លីៗ ជំនាញ​បច្ចេកទេស​ផ្សេងៗ បង្ហោះ​តាម​​អនឡាញ ដូច​​បង្រៀន​ផ្ទាល់​នៅ​តាម​សាកលវិទ្យាល័យ​ដែរ​សម្រាប់​ឲ្យ​និស្សិត ឬ សាធារណជន​បាន​​សិក្សា​រៀន​សូត្រ​​​​។ វីដេអូ​ទាំង​នេះ អ្នក​អាច​រៀន​សូត្រ​បាន​ដោយ​ចូល​ទៅ​បើក​មើល​កម្មវិធី​បង្រៀន​ទាំង​នោះ​​​ត្បិតអី​វា​មិន​អស់​ប្រាក់​ច្រើន។

៧) ​ស្រាវជ្រាវ​ឲ្យ​បាន​​ច្រើន​​​នៅ​តាម​បណ្ណាល័យ​នានា

បណ្ណាល័យ​ជា​សាធារណៈ ជា​ឯកជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ ឯកជន គឺ​សុទ្ធតែ​ប្រភព​នៃ​ចំណេះដឹង​មិន​ចេះ​រីង​ស្ងួត។ អ្នក​ត្រូវ​ចាំ​ថា ការ​អង្គុយ​រៀន​នៅ​ក្នុង​ថ្នាក់​វា​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ការ​ផ្ដល់​ចំណេះដឹង​ដល់​អ្នក តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​សិក្សា​ស្រាវជ្រាវ​ខ្លួន​​ឯង​នៅ​ខាងក្រៅ​ឲ្យ​បាន​ច្រើន​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក​ទើប​​ចំណេះដឹង​របស់​អ្នក​កាន់តែ​រីកចម្រើន​ជាង​មុន៕

ប្រែសម្រួល៖ខេវិន​​​
ប្រភពៈ http://www.thebnews.com/

ឧ​បាយ​បង្កើត​សេចក្តី​សុខ


សព្វ​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​ស្វែង​រក​សេចក្ដី​សុខ​គ្រប់ ៗ ប្រាណ តែ​មិន​ងាយ​នឹង​បាន​ជួប​ប្រទះ​នូវ​សេចក្ដី​សុខ​នោះ ដូច​យ៉ាង​ខេមរៈ​ជន​យើង​នេះ ច្រើន​តែ​ជួប​ប្រទះ​នូវ​សេចក្ដី​ទុក្ខ​លំបាក ច្រើន​ជាង​ជន​ជាតិ​នានា នោះ​មិន​មែន​មក​ពី​យើង​កាន់​ព្រះ​ពុទ្ធ​សាសនា​ទេ ប្រាកដ​ជា​មក​ពី​យើង​មិន​ដឹង​ច្បាប់ ព្រះ​ពុទ្ធសាសនា​ឲ្យ​ច្បាស់​លាស់ ឬ​ក៏​យើង​ដឹង​ដែរ តែ​យើង​មិន​ប្រតិបត្តិ​តាម​ឲ្យ​សព្វ​គ្រប់ បាន​ជា​យើង​ឃ្វាង​ចាក​សុខ ដែល​គួរ​បាន​អំពី​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ ។ ពាក្យ​ថា​សុខ ៗ នេះ​បាន​ដល់​សេច​ក្ដី​សប្បាយ រីករាយ ធូរ​ទូលាយ ស្រួល​នៃកាយ-និ​ង​ចិត្ត ។ ឯ​សុខ សម្រាប់​មនុស្ស​ជាតិ​ក្នុង​សកល​លោក​នេះ លោក​ចែក​ចេញ​ជា​ ៦ ​ពួកគឺៈ​

១- សុខ​របស់​អ្នក​គ្រប់​គ្រង​ផ្ទះ ។
២- សុខ​របស់​មនុស្ស​មួយ​រូប ៗ ។
៣- សុខ​របស់​អ្នក​មាន​ប្ដី​ប្រពន្ធ ។
៤- សុខ​របស់​អ្នក​ជា​មាតា​បិតា នឹង​កូន​ប្រុស-​ស្រី ។
៥- សុខ​របស់​អ្នក​ជា​នាយ ចៅ​ហ្វាយ នឹង​កូន-​ក្មួយ ។
៦- សុខ​របស់​គ្រូ​អាចារ្យ នឹង​កូន​សិស្ស ។
សូម​អធិប្បាយ​មួយ​ពួ​​ក​ម្ដង ៗ ដោយ​សេចក្ដី​សង្ខេប​ដូច​តទៅ​នេះ.....ចុចទីនេះដើម្បីទៅអានអត្ថបទទាំងស្រុង

ប្រភពៈ khmerbuddhism.wordpress.com

​តើ​ត្រូវ​ត្រៀម​ខ្លួន​យ៉ាងណា​​ឱ្យ​ក្លាយជា​​ឪពុក​ម្ដាយ​ដ៏ល្អ​?

ក្លាយ​ជា​ឪពុក​ម្ដាយ​គឺ​ជារឿ​ងដ៏​លំ​បាក ​ប៉ុន្តែម​នុស្សភា​គច្រើន​យល់​ថា ​វា​ជា​រឿងដែ​លមិ​នអា​ច​គេច​ផុត​បានឡើ​យ។​ បើ​សិ​នជា​អ្នក​ជ្រើស​រើស​ផ្លូវ​បង្កើត​គ្រួសារ មា​នកូ​ន ​និង​ប្រពន្ធ​ ខាងក្រោម​នេះគឺ​​ជា​គន្លឹះ​សំខាន់ៗ​ស​ម្រាប់ត្រៀម​ខ្លួនធ្វើ​ជា​ឪពុក​ម្ដាយ ល្អ៖​​​

​១. ​អ្នក​ត្រូវ​តែ​មានសេ​ច​ក្ដី​អត់​ធ្មត់ជា​ង​មុន
​​អ្នក​ត្រូវ​ចង​ចាំ​ថា ​នៅ​ពេលដែ​ល​ក្មេង​ៗ​ចង់​បាន​អ្វី​ ពួកគេ​តែ​ង​តែរំ​​​ពឹង​ថា ​លោកអ្នកអា​ចនឹ​ង​ផ្ដល់​គ្រប់​យ៉ាងឱ្យ​ពួកគេ​​បាន។​ ​អ្វី​ដែលកូ​ន​​របស់​អ្នក​ចង់​បាន ​វាមិ​ន​ប្រាក​ដ​ថា ​លោកអ្នក​អាចបំ​ពេញ​ បំណង​ពួក​គេ​គ្រប់​យ៉ាង​នោះ​ឡើយ​។ ​

​២.​ អ្នក​ត្រូវ​តែ​មាន​សណ្ដាប់​ធ្នាប់​ជាង​មុន​
​នៅពេ​ល​ដែល​លោក​អ្នក​មិន​ទាន់​មានកូ​ន ​លោក​អ្នកតែ​ងតែ​​មាន​ពេល​វេលា​ច្រើន​សម្រាប់​ខ្លួន ​ឯង ប៉ុ​ន្តែ​ក្រោយពេ​លដែ​ល​លោក​អ្នក​​មាន​កូន​ហើយ ​លោក​អ្នក​ត្រូវ​តែ​រៀប​ចំ​ពេល​វេលា​លោក​អ្នក​ឱ្យ​មានស​ណ្ដាប់​ធ្នាប់​ជាង​មុន​ ដើម្បី​ឱ្យ​កូន​ៗរ​បស់​លោក​អ្នក​មាន​ពេល​​វេលា​គ្រប់​គ្រាន់​។ ​​

​​៣.​ អ្នក​ត្រូវ​តែ​ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាពជា​ង​មុន
​ភា​ព​ជាម្ដាយ ​និង​ភាព​ជា​ឪពុក​គឺជា​​ការ​ងារ​ពេញ​ម៉ោង​។ ​ដូច្នេះ​ហើយកា​រ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុងកា​រងា​រ​របស់​អ្នក​ត្រូវ​បន្ថែម​ឡើង​ទ្វេរ​ដង ​​បើ​ប្រៀប​ធៀប​ទៅពេ​ល​ដែល​អ្នក​មិនទា​ន់​មាន​កូន​។ ​

​​៤.​ អ្នក​ត្រូវ​ចេះ​គាំទ្រ​ដល់កូ​នៗ​រ​បស់​លោកអ្នក​
​ការ​​ដែល​​ក្លាយ​​ទៅ​ជា​ឪពុក​ម្ដាយ​គេ​អាចជា​​ផលលំ​បាកមួ​យ​ដ៏ធំ​។​ ដូច្នេះហើ​យ​សូម​អ្ន​កព្យា​យាម​ រៀន​សូត្រ​អំពី​របៀប​នៃ​ការគាំ​ទ្រ​កូនៗ​របស់​អ្នក ​ដែលអា​ចធា​នា​បានថា​ ​ពួកគេ​​នឹងក្លាយ​ទៅ​ជាម​នុស្ស​ល្អ​នៅ​ក្នុង​ពេល​អនា​គត​។ ​

​៥.​ អ្នក​ត្រូវតែ​ចេះ​​ទទួល​ស្គាល់​
​បើ​សិនជា​លោ​ក​អ្នក​មិនទា​ន់​ក្លាយទៅ​​ជា​ឪពុកម្ដាយ​គេ​ទេ ​សូម​ផ្ដោតកា​រ​យក​ចិត្ត​ទុកដា​ក់ចំ​ពោះ​ការ​ទទួល​ស្គាល់​នូវកា​រទ​ទួល​ខុសត្រូវ​របស់​អ្នកចំ​ពោះ​កូន​ៗ​របស់​អ្នក​។ ​

​៦.​ អ្នក​ត្រូវ​តែ​មានទំ​នាក់ទំ​នងល្អ​
​ក្លាយ​ជា​ឪពុកម្ដាយ​ជោគ​ជ័​យឬ​អ​ត់គឺ​ពឹ​ងផ្អែកលើ​​ទំនាក់​ទំនងរ​បស់​អ្នក​ជា​មួយ​នឹងកូ​នៗ​។​ ការឃ្លា​តឆ្ងាយ​ពី​កូនដោ​យ​សារ​បញ្ហា​អ្វី​មួយ​នោះ ​គឺ​ជារឿ​ង​ដែលលោ​ក​អ្នក​គួរ​ជៀស​វាង​ឱ្យ​បាន​។ ​

​៧. អ្នក​ត្រូវ​តែចេះ​​គ្រប់​គ្រង​អារ​ម្មណ៍​
​ភាព​ឆេវ​ឆាវ​ ឆាប់ខឹ​ង​ច្រើន​ ​មានះ​រឹង​ត្អឹង​ សុទ្ធ​តែ​ជាអា​រម្មណ៍​មួយដែ​ល​អ្នកអា​ច​ផ្ទេរ​ដល់កូ​នអ្នក​ ពេលពួ​កគេ​ធំ​ឡើ​ង។​ ដូ​ច្នេះសូ​ម​លោក​អ្នក​ព្យា​យាម​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក​ឱ្យ​បានល្អ​។ ​

​៨. ​អ្នក​ត្រូវ​តែ​មាន​ទំនួលខុ​សត្រូវ​
កាល​អ្នក​គ្មាន​កូន​ អ្នក​មិន​សូវ​មាន​ការ​ទទួល​ច្រើនឡើ​យ ប៉ុ​ន្តែ​នៅ​ពេលកូ​ន​ៗរ​បស់អ្នក​បានឃើ​ញ​ពន្លឺថ្ងៃហើ​យ ​បន្ទុក​នៃ​ការ​ទទួលខុ​សត្រូវ​បានធ្លា​ក់​មកលើ​អ្នកយ៉ា​ង​ច្រើន​។ ​ដូច្នេះ​សូម​អ្នក​ចងចាំ​ក្នុង​ចិត្ត​ផងថា​ ​ការ​ចិញ្ចឹម​កូន​គឺអ​ញ្ចឹងឯ​ង​។ ​

​៩.​ អ្នក​ត្រូវ​តែ​ថែរ​ក្សា​សុខ​ភាពរ​បស់​អ្នក​
​អ្នកគួ​រតែ​ក​ត់​សម្គាល់ថា​ អ្នក​គឺជា​​យាន​ស​ម្រាប់​ចម្លង​កូន​របស់​អ្នក​ដល់​គោលដៅ​។​ ដូ​ច្នេះកា​រថែ​រក្សា​សុខភា​ពឱ្យ​បាន​ល្អ​ ជៀស​វាង​ជំងឺ​តម្កាត់​ធ្ងន់ៗ​​ទាំ​​ង​ឡាយ​ ​គឺជា​រឿងដ៏​សំ​ខាន់បំ​ផុត។​ ​

​១០​. ​អ្នក​ត្រូវ​តែមា​នស្ថេរភា​ព​
​សូ​ម​អ្នក​ស្ថិត​នៅ​លើ​គោល​ដៅ​ចម្បងរ​បស់អ្នក​ឱ្យ​បានយូ​រ​បំផុត ​ដើម្បីឈា​ន​ទៅដ​ល់​ការ​សម្រេចគោ​លដៅ​​នោះ ​និងបា​ន​ជាប្រយោ​ជន៍ដ​ល់​កូន​អ្នក​។ ​​

ប្រែសម្រួលដោយ៖ ប៊ុន លាភ
ប្រភពៈ http://www.cool1007.com/

ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ


រឿង​ប្តី​ប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺ​ព្រះសោតាបន្ន និងព្រះ​សក​ទា​គាមីដែលមិនបានបួស ក៏នៅ​គ្រប់​គ្រង​ផ្ទះ​ដែរ ។ បើប្តីប្រពន្ធ​ជាទូទៅ មានកល្យាណសីល និង​កល្យាណ​ធម៌ហើយ គ្រួសារ​នោះ​ឯង ក៏រមែង​មាននូវ​សេចក្តីសុខតាម​លោកិយវិស័យ ។

ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើប​មាន​ការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នា​ដូចអណ្តាតនិងធ្មេញ ។ ប្តី​ប្រពន្ធ​ដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វា​អាស្រ័យ​​ហេតុ គឺស្នេហ៍ និង ស្នៀត ។

-ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់ ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ ស្លៀកពាក់តែងខ្លួនស្អាតបាត រៀប​រយ​ជា​និច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។

ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួងហែងហួសហេតុ មិនមាន​ចិត្តចង្អៀតពេក មិន​ទាស់​ទែង​ជា​មួយ​ញាតិ​មិត្ត​របស់ប្តី គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះ​ក្រែង​ចិត្ត​អ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់​ខាត​គឺ​កុំ​លេង​ល្បែង​ស៊ី​សង​ និង​ត្រូវ​ចេះ​ដឹង​ក្នុងការចាយវាយជាដើម ។

ជាប្តីវិញ ត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿងញៀន អបាយមុខ​សព្វគ្រប់ ធ្វើខ្លួនឲ្យជាប្តីល្អ និងជា​ឪពុកល្អ ស្មោះ​ត្រង់​ព្រម​ដោយ​ក្តី​អាណិត​ចំពោះភរិយាខ្លួនរហូត យ៉ាងនេះជាដើមដែរ ។

ប្តីប្រពន្ធ ត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមក ហើយ​ព្យាយាម​ថ្នម​ចិត្ត​គ្នា ជាមនុស្សយល់ហេតុផង កុំចេះ​តែតាមចិត្តរបស់ខ្លួន ជា​ពិសេស​ត្រូវ​ចេះ​នឹករលឹកដល់គុណ គឺ សេចក្តីល្អរវាងគ្នានឹងគ្នា ។

-ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត នាំឲ្យមាននូវអពមង្គល រហូត​ដល់​ពេលជួបគ្នាមានតែជេរ ឬមុខ​ក្រញូវ រអ៊ូរទាំដាក់គ្នា គេច​មុខ​មិន​ចង់​ជួប​គ្នា មិនចង់ចូលផ្ទះ … ។

វិធីបដិបត្តិ

ជាដំបូង ត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថា ហេតុដែលកើតឡើងនេះ កើត​មក​ពីអ្វី ? អ្នកណា​ជាអ្នក​បង្កឡើង ? បើឃើញថាមកពីយើង ក៏ត្រូវ​ព្រម​ទទួល​និងប្រញាប់​សម្រេច​ចិត្តកែ​ខៃឲ្យ​បានទាន់ពេល ។

បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត ក៏សូមឲ្យប្រឹក្សារកការដោះស្រាយ ម្នាក់ៗ​ ជាមនុស្ស គឺត្រូវតែ​ជាអ្នក​យល់​ហេតុយល់ផល តែ​បើ​ដោះ​ស្រាយ​មិន​បាន គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀត ។

ឧបសគ្គសំខាន់ ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នាមិនបានសុខ ក៏គឺទិដ្ឋិមានះ រឹងរូស ឃើញតែពីខ្លួន​ឯងពេករហូតដល់ខ្វះមេត្តា ខ្វះ​ការ​ប្រាថ្នា​ល្អដល់គ្នា ។

ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស ចេះទទួលត្រូវតែម្យ៉ាង ហើយ​ច្រើន​តែ​បន្ទោសអ្នក​ដទៃដែល​ខុស​នោះមិន​ដា់ច់ពីមាត់ និយាយដដែលៗ បើ​ខ្លួន​ឯងធ្វើខុសវិញមិនព្រមទទួលឡើយ ហើយបិទ​បាំងទៀតផង ។

ចំពោះបុថុជ្ជន ថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយ លើក​លែង​តែ​មិន​ធ្វើ​អ្វី​សោះ ឯការមិនធ្វើអ្វីសោះនោះ វាជា​កំហុសមួយដោយឡែកផ្សេងទៀត ។វិស័យមនុស្សល្អ កាលបើធ្វើខុសហើយ រមែងទទួលកំហុស និង​ព្រមកែប្រែ មិនឲ្យខុសដដែលៗ ឡើយ ។

មនុស្សដែលធ្វើខុសហើយ ​មិនព្រមទទួលកំហុស ជា​មនុស្ស​ខូច​សុខភាព​ផ្លូវ​ចិត្ត នៅទីណា ជាមួយអ្នកណា ក៏ក្តៅ​ក្រហាយទីនោះ ព្រោះ​បើ​មាន​កំហុស​អ្វី​មួយកើតឡើង ចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះ លុះដល់​មាន​ត្រូវ មានល្អ​វិញ ក៏ប្រញាប់ទទួលខ្លួនឯង មនុស្សប្រភេទនេះ មាននៅក្នុងគ្រួសារណា គ្រួសារ​នោះ​ រកសន្តិ​សុខ​បានដោយ​លំបាក ។

ព្រោះហេតុដូច្នោះ គូ​ប្តី​ប្រពន្ធ​ណា​ត្រូវ​ការ​សេចក្តី​សុខ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​រួម​គ្នា​ ត្រូវបណ្តុះ​គុណធម៌​ក្នុងការ​គ្រប់​គ្រងផ្ទះ ឲ្យមានទៅវិញទៅមក យ៉ាងនេះ ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែលរោយ​ទៅដោយ​ត្របក​ផ្កាកុលាប ពោល​គឺមង្គលជីវិតជាពិតប្រាកដហោង ។

គោលធម៌បដិបត្តិ

ត្រូវបដិបត្តិគោលធម៌ ៣ គឺត្រូវមានសីល ៥ ព្រមដោយកល្យាណធម៌ ត្រូវ​វៀរចាកអបាយមុខ ៦ យ៉ាង និង​ត្រូវ​មាននូវឃរាវាសធម៌ ៤ យ៉ាង ។

ក្រុមទី ១

សីល ៥ ព្រមដោយកល្យាណធម៌

ក្រុមទី ១ ត្រូវហ្វឹកហាត់ឲ្យបាន ៖
១. មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយ​ចម្រើន​នូវ​មេត្តា​ករុណា​ឲ្យ​ដល់​ព្រម ។
២. មិនធ្វើចោរកម្មគ្រប់យ៉ាង ហើយ​ដល់​ព្រម​ដោយ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ ។
៣. មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្តីសន្តោស គឺ​ព្រម​ល្មម​ចិត្ត​តែ​ជា​មួយ​នឹងគូគ្រង​របស់ខ្លួន​ប៉ុណ្ណោះ មាននូវកាមសំវរ គឺការ​សង្រួម​ក្នុង​កាមគុណ​ទាំងឡាយ ។
៤. មិននិយាយកុហក ព្រមទាំងមាននូវសច្ចៈ ។
៥.​មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំ​ស្មារតី​សេចក្តី​មិន​ប្រមាទ​ឲ្យ​ដល់​ព្រម ។

ក្រុមទី ២

 អបាយមុខ ៦ យ៉ាង

ក្រុមទី ២ នេះ ត្រូវវៀរឲ្យបានជាដាច់ខាត ៖
១. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។
២. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។
៣. លេងល្បែងភ្នាល់ ។
៤. ដើរលេងមិនស្គាល់ពេលវេលា ។
៥. សេពគប់មនុស្សអាក្រក់ជាមិត្ត ។
៦. ខ្ជិលច្រអូសក្នុងការងារ ។

ក្រុមទី ៣

ឃរាវាសធម៌ ៤ យ៉ាង

ក្រុមទី ៣ នេះ គួរឲ្យមានជាប្រចាំចិត្ត ៖
១. សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា ។
២. ទមៈ ហ្នឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។
៣. ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។
៤. ចាគៈ ចេះឲ្យទាន និងចេះលះបង់ ។

បើគ្រួសារណា ទាំងប្តី ទាំងប្រពន្ធបដិបត្តិបាននូវធម៌ ៣ ក្រុមនេះ គឺក្រុមទី ១ ហ្វឹកហាត់សម្រេចបាន ក្រុមទី ២ វៀរចាកបាន និងក្រុមទី ៣ កើត​មាន​ជា​ប្រចាំ​ចិត្ត ជីវិតពិតជាមាននូវសេចក្តីសុខ តាមវិស័យ​របស់​បុថុជ្ជន​ដែលជា​មនុស្សល្អ ។

សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌៣ក្រុម​នេះដែរឬទេ ឬក៏សង្កេត​ឃើញ​មាន​បញ្ហាចេញពីប្រភពផ្សេងទៀតដូចជា ៖

-ការរអ៊ូរទាំ និយាយច្រើន
ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែក​បុរស​ជា​ស្វាមី ឬជាបិតាក៏មានដែរ តែ​តិច​តួចទេ ។ ដើម​ហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំង​ការ​ក្រៅ ការ​ក្នុង ដោះ​ស្រាយមិនចេញកើតរោគសរសៃប្រសាទ ។

ដំណោះស្រាយ

ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា អ្វីគួរជួយបានធ្វើបាន ក៏ជួយទៅធ្វើទៅ​ ។ មេផ្ទះដែលឆ្លាត មិនត្រូវ​ចង​ការ​ងារ​ក្នុងផ្ទះសម្រាប់តែខ្លួនឯង  អ្នកណាៗ ធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនកូនៗ ឲ្យចេះដឹង ហើយ​ឲ្យ​កូន​ធ្វើនូវកិច្ច​ការនោះជំនួសខ្លួន ។

គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ បើ​យើង​ធ្វើ​ទៅ​ហើយ​មាន​ផល​ឲ្យ​បាន​សុខទាំងអស់គ្នា ការងារនោះយើង​ត្រូវរីករាយនឹងធ្វើ ព្រោះ​ជា​បុណ្យ​ក្នុង​ជីវិតប្រចាំថ្ងៃ ។

-ការធ្វើអ្វីស្រេចតែចិត្តខ្លួនឯង
ចំណុចនេះ គឺចូលចិត្តធ្វើអ្វីផ្តាច់ការ មិនប្រឹក្សាគ្នាជាមុន ។ ប្តីប្រពន្ធ ទោះ​បី​ថា​មានរូបរាង​ផ្សេងគ្នា​តែគួរ​មាន​បេះ​ដូង​ជា​មួយ​គ្នា​ទើប​ក្នុង​ផ្ទះ​មាន​សន្តិសុខ​។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំ​ធ្វើ​អ្វីៗ ស្រេចតែ​ចិត្ត​ចង់ កុំអាងខ្លួនឯងឲ្យជ្រុល ពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នា តែ​ត្រូវ​​ដេក​បែរខ្នងដាក់គ្នា ព្រោះ​ហេតុមិនសប្បាយចិត្ត ។

ដំណោះស្រាយ

ត្រូវគ្រប់គ្រងចំណង់ មុនធ្វើឬនិយាយ ត្រូវ​មាន​សតិ​និង​បញ្ញា​គ្រប់​គ្រង​ជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង អ្វី​ដែលរង្កៀសហើយត្រូវកុំធ្វើកុំនិយាយ ត្រូវ​​លះ​ទិដ្ឋិមានះ និងឧបានទានចេញពីចិត្ត ដោយយកហេតុផល និង​ភាព​ត្រឹម​​ត្រូវ​ជា​គោលបដិបត្តិ ។

( មេរៀន​ជីវិត )

ប្រភពៈ http://www.5000-years.org/

បុគ្គល​ជោគជ័យ និង​បរាជ័យ​​​ខុសគ្នា​អ្វី​ខ្លះ សូម​មើល​​ចំណុច​ទាំង ១០​នេះ!


​មាន​មនុស្ស​មិន​តិច​ទេ​ នៅ​លើ​ភពផែន​ដី​នេះ អាច​និយាយ​​បាន​ថា​ ភាគច្រើន​បាន​បរាជ័យ​ក្នុង​ជីវិត​របស់​ខ្លួន ហើយ​លាចាក​ទៅ​វិញ​ដោយ​ភាព​ស្តាយក្រោយ ​ទាំង​មិន​អស់​ចិត្ត និង​មិន​បាន​បន្សល់ទុក​អ្វី​សោះ​នោះ​ឡើយ​​ដល់​មនុស្ស​ជំនាន់​ក្រោយ។ ​

ប្រិយមិត្ត​អាច​សង្កេត​​ បាន​ពី​ភាព​ខុសគ្នា​​រវាង​បុគ្គល​ជោគជ័យ និង បុគ្គល​បរាជ័យ​ត្រង់​ថា បុគ្គល​ជោគជ័យ​ឲ្យ​នាំ​មក​នូវ​សមិទ្ធផល​ល្អៗ​សម្រាប់​ខ្លួនឯង​​ ​និង​អ្នកដទៃ​មាន​ដូចជា ទ្រព្យសម្បតិ្ត សុភមង្គល ឬ ​ចែក​រំលែក​ទស្សនៈ ​មានតម្លៃ​​យ៉ាង​មហាសាល​រាប់​មិន​អស់​ដល់​មនុស្ស​​ជុំវិញ​ខ្លួន។

ចុះ​បុគ្គល​បរាជ័យ វិញ​​មាន​អ្វី​ខ្លះ​ទៅ?​​ នេះ​ហើយ​ជា​មូលហេតុ​​ដែល​ The BNEWS លើក​យក​សញ្ញាណ​សំខាន់ៗ​​​ចំនួន ​១០ នៃ​ភាព​ខុសគ្នា​​រវាង​​បុគ្គល​​ជោគជ័យ និង​បុគ្គល​បរាជ័យ​មក​ចែក​ជួន​ប្រិយមិត្ត​ស្វែងយល់​​ដូច​ខាងក្រោម​នេះ៖​​

១) បុគ្គល​ជោគជ័យ​ទទួល​យក​ការ​ផ្លាស់ប្ដូរ តែ​បុគ្គល​បរាជ័យ​ភ័យខ្លាច​ការ​ផ្លាស់ប្ដូរ

គេ​ហាក់​សម្លឹង​មើល​មិន​ឃើញ​ឡើយ​ដែល​ថា ​បុគ្គល​ជោគជ័យ​​ភ័យ​ខ្លាច​ការ​ផ្លាស់ប្ដូរ​។​តាម​ពិត ​​បុគ្គល​ប្រភេទ​នេះ​បាន​យល់​ខ្លួន​ឯង​រួចស្រេច​ទៅ​ហើយ​ថា គ្មាន​អ្នកណា​ម្នាក់​អាច​គេច​ចេញ​​ពី​​ការ​ផ្លាស់ប្ដូរ​បាន​ឡើយ។ បរាជ័យ ការ​បាត់បង់​វត្ថុ​​ដែល​ខ្លួន​ស្រលាញ់ ភាព​ទុក្ខព្រួយ សប្បាយ សេចក្តី ស្លាប់ ឬ ត្រៀម​ខ្លួន​ទទួល​យក​អ្វី​ដែល​ថ្មីៗ គឺ​​ជា​អ្វី​ដែល​មនុស្ស​គ្រប់រូប​ជួប​ប្រទះ។ ប៉ុន្តែ មាន​តែ​មនុស្ស​ល្ងង់ និង មនុស្ស​បរាជ័យ​ទេ​ដែល​ភ័យខ្លាច​បញ្ហា​ទាំង​នេះ​ជាទីបំផុត។

២) ​បុគ្គល​ជោគជ័យ​ចង់​ឲ្យ​អ្នក​​ដទៃ​ជោគជ័យ​ដូច​ខ្លួន តែ​​​​បុគ្គល​បរាជ័យ​ចង់​ឲ្យ​អ្នក​ដទៃ​បរាជ័យ​ដូច​ខ្លួន​ដែរ

ចំណុច​ដែល​ជា​ទម្លាប់​អាក្រក់​មួយ​ទៀត​របស់​មនុស្ស​បរាជ័យ​ គឺ​ការ​បន់ស្រន់ ឬ រង់ចាំ​ឲ្យ​អ្នក​ដទៃ​បរាជ័យ​ដូច​ខ្លួន​ដែរ។ ព្រោះ​ហេតុអ្វី? ព្រោះ​ថា​ បុគ្គល​បរាជ័យ​មិន​ចូលចិត្ត​ធ្វើ​អ្វី​ឲ្យ​កើត​ចេញ​ជា​ដុំកំភួន​នោះ​ឡើយ ហើយ​ចូលចិត្ត​ចំណាយ​ពេល​ឥតប្រយោជន៍​ដូច​បំពង់​រង់ចាំ​ទឹកភ្លៀង។ សម្រាប់​បុគ្គល​ជោគជ័យ​វិញ នេះ​គឺ​ជា​ទម្លាប់​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​ដែល​មិន​គូរ​មាន​វត្តមាន​នៅ​ក្នុង​​សង្គម​​មនុស្ស​នោះ​ឡើយ ត្បិតអី​បុគ្គល​ជោគជ័យ​ មិន​ត្រឹមតែ​​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​ឲ្យ​ជោគជ័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​អ្នក​ដទៃ​ជោគជ័យ​ដូច​ខ្លួន​ផង​ដែរ។​​​

៣) មនុស្ស​ជោគជ័យ​ទទួល​​ខុសត្រូវ​លើ​ការ​បរាជ័យ​របស់​​ខ្លួន តែ​មនុស្ស​បរាជ័យ​ទម្លាក់​កំហុស​ការ​បរាជ័យ​របស់​ខ្លួន​លើ​អ្នក​ដទៃ 

ទំនួលខុសត្រូវ​របស់​បុគ្គល​ជោគជ័យ ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​បុគ្គល​ម្នាក់​ទៀត នោះ​គឺ​ភាព​ជា​អ្នកដឹកនាំ ព្រោះ​ថា​អ្នក​ដឹកនាំ​គឺ​ជា​មនុស្ស​ដែល​មាន​ទំនួលខុសត្រូវ​ខ្ពស់​​គ្រប់​​ភារកិច្ច​ ឬ លទ្ធផល​អវិជ្ជមាន​​ដែល​កើត​ចេញ​ពី​សកម្មភាព​ និង មនុស្ស​ក្រោម​បង្គាប់​របស់​ខ្លួន។ ផ្ទុយ​ពី​មនុស្ស​បរាជ័យ​ដែល​ចូលចិត្ត​ទម្លាក់កំហុស​ដល់​អ្នកដទៃ​ បុគ្គល​​ជោគជ័យ​តែង​លើក​យក​ដំណោះស្រាយ​ធ្វើ​ជា​ស្ពាន ត្រួសត្រាយ​ផ្លូវ​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​មាន​មុខមាត់​ងើប​ឡើង​វិញ​បាន។

៤) បុគ្គល​ជោគជ័យ​រិះរក​គំនិត​ល្អៗ​សម្រាប់​ខ្លួន​ឯង តែ​បុគ្គល​បរាជ័យ​រិះរក​​គំនិត​អាក្រក់ៗ​រិះគន់​អ្នក​ដទៃ

តើ​​លោក​អ្នក​ធ្លាប់​អង្កេត​ដែរ​ទេ​ថា ​មាន​មនុស្ស​មួយ​ចំនួន​គ្មាន​ការងារ​ធ្វើ​យក​រឿង​អ្នកដទៃ​មក​និយាយ​ និង​​រិះគន់​ពីនេះពីនោះ​​ឥត​សំចៃមាត់ ហើយ​ថែម​​ទាំង​ដេក​​ចាំ​មើល​​ទង្វើ​របស់​អ្នកដទៃ​​ទៀត​ផង​។ នេះ​ហើយ​ជា​សញ្ញាណ​មួយ​​របស់​មនុស្ស​​បរាជ័យ។ ងាក​មក​មើល​មនុស្ស​​ជោគជ័យ​វិញ សកម្មភាព​ទាំង​នេះ​គ្មាន​ប្រយោជន៍​អ្វី​សោះ​ឡើយ តែ​ការ​ដែល​រិះរក​គំនិត​ល្អៗ​ជា​បំណិន​ជីវិត​​ទើប​ជា​រឿង​មួយ​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដោយ​គ្មាន​ពេល​កំណត់​នូវ​អ្វី​ដែល​​បុគ្គល​ប្រភេទ​នេះ​យល់​ថា អាច​ធ្វើ​ឲ្យ​ពិភពលោក​ផ្លាស់ប្ដូរ​​បាន។

៥) បុគ្គល​ជោគជ័យ​មាន​គម្រោង​​​សម្រាប់​ជីវិត តែ​បុគ្គល​បរាជ័យ​គ្មាន​គម្រោង​សម្រាប់​ជីវិត​នោះ​ឡើយ ​​​​​​

វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដែល​បុគ្គល​មួយ​ចំនួន​បាន​ជោគជ័យ​ស្រប​តាម​​គោលដៅ​របស់​ខ្លួន ព្រោះ​ថា​​បុគ្គល​ប្រភេទ​នេះ​មិន​ងាយ​នឹង​ងាក​ចេញ​​ពី​ផែនទី​ជីវិត​​របស់​ខ្លួន​ដែល​បាន​គូសវាស​យ៉ាង​ល្អិតល្អន់​នោះ​ឡើយ។ បុគ្គល​ជោគជ័យ​ដឹង​ថា ការ​គូសវាស​ផែនទី ឬ គម្រោង​ជា​មុន​សម្រាប់​ខ្លួន​ឯង​ដែល​ត្រូវ​ធ្វើ នោះ​ហើយ​គឺ​ជា​វិថី​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​ភ្លឺស្វាង​បាន។ តែ​គួរឲ្យ​ស្តាយ​​បុគ្គល​មួយ​ចំនួន​បាន​បរាជ័យ ឬ មិន​បាន​​ទៅ​ដល់​គោលដៅ​របស់​ខ្លួន​សុខចិត្ត​​បណ្តែតបណ្តោយ​ឲ្យ​ជីវិត​រសាត់អណ្ដែត​គ្មាន​កោះ​ត្រើយ ហើយ​​ទីបំផុត​​ខ្សែជីវិត​របស់​ខ្លួន​ប្រៀប​ដូច​ជា​បញ្ញើក្អែក។​

៦) បុគ្គល​ជោគជ័យ​​មាន​សុទិដ្ឋិនិយម​ជានិច្ច តែ​បុគ្គល​បរាជ័យ​មាន​ទុទ្ទិដ្ឋិនិយម​ចំពោះ​ខ្លួនឯង​ និង អ្នក​ដទៃ

ពិត​ជា​មាន​រឿងរ៉ាវ​មិន​ចេះ​អស់​មែន​ចំពោះ​បុគ្គល​បរាជ័យ ព្រោះ​ថា​ក្នុង​​បេះដូង​របស់​​ពួកគេ ហាក់​មើល​ឃើញ​​ខ្លួនឯង ឬ អ្នកដទៃ​ក្នុង​ផ្លូវ​អវិជ្ជមាន​ជានិច្ច។​ បើ​ដូច្នេះ​មាន​ តើ​នៅ​​ពេល​ណា​ទើប​ខ្លួន​ឯង​អាច​​ចាកចេញ​ពី​ការ​បរាជ័យ​បាន​ទៅ? ពិត​មែន​ហើយ​សម្រាប់​បុគ្គល​ជោគជ័យ​បាន​យល់​យ៉ាង​ច្បាស់​ថា ការ​គិត​​ក្នុង​ផ្លូវ​​វិជ្ជមាន​ចំពោះ​ខ្លួនឯង​និង មនុស្ស​នៅ​ជុំវិញ​ខ្លួន​​នឹង​ធ្វើ​ឲ្យ​​អ្វីៗ​នៅ​លើ​ពិភពលោក​នេះ​ អាច​ឆ្ពោះ​ទៅ​រក​ភាព​វិជ្ជមាន​បាន​ដូចគ្នា​ដែរ។ ផ្ទុយ​ទៅវិញ​គំនិត​ទុទ្ទិដ្ឋិនិយម​ គឺ​ជា​អ្វី​ដែល​បុគ្គល​ប្រភេទ​នេះ​មិន​យក​ចិត្ត​ទុកដាក់​ ព្រោះ​វា​នាំ​តែ​ខាតបង់​ពេលវេលា​ឥតប្រយោជន៍ និង ធ្វើ​ឲ្យ​​ខ្លួន​មាន​អារម្មណ៍​ថា ​មិនមែន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់គ្នា​ទៀត​ផង។ ​​​

៧) ​បុគ្គល​​ជោគជ័យ​បន្ត​ការ​រៀនសូត្រ​ដោយ​ឥត​ឈប់ឈរ តែ​បុគ្គល​បរាជ័យ​បន្ត​បោះបង់​ឥត​ឈប់ឈរ

​​បុគ្គល​ជោគជ័យ​បាន​យល់ថា ចង់​ឲ្យ​ជោគជ័យ​​វា​ជា​រឿង​មួយ​លំបាក​​ទៅ​ហើយ តែ​រឿង​ដែល​លំបាក​ជាង​នេះ​ទៅទៀត​នោះ​​គឺ​ថា តើ​ត្រូវ​រក្សា​ភាព​ជោគជ័យ​បាន​ដោយ​របៀបណា? នេះ​ហើយ​ជា​សំនួរ​មួយ​ដែល​​បុគ្គល​ជោគជ័យ​ត្រូវ​ស្វែង​រក​ចម្លើយ​មួយ​យ៉ាង​ពិត​ប្រាកដ។ ផ្លូវ​មួយ​ដែល​ជា​​គន្លឹះ​ដល់​ល្អ​នៅ​ពេល​នេះ​គឺ​ការ​បន្ត​ការ​រៀនសូត្រ​ដោយ​ឥត​ឈប់ឈរ​ទោះ​បី​ជា​ដល់​​វិនាទី​ចុងក្រោយ​ក៏ដោយ ត្បិតអី​ខ្លួន​យល់​ថា នេះ​នឹង​ជា​ឱកាស​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ខ្លួនឯង​កាន់តែ​ប្រសើរ​ឡើង ដែល​ផ្ទុយ​ពី​មនុស្ស​ជោគជ័យ​ចូលចិត្ត​​កំណត់​ចំណេះដឹង​របស់​ខ្លួន​ដោយ​ការ​បោះបង់ និង យកលេស​មិនចេះ​ចប់​មិន​ចេះ​ហើយ​​​។​​​

៨) បុគ្គល​ជោគជ័យ​សរសើរ​អ្នក​ដទៃ តែ​បុគ្គល​បរាជ័យ​រិះគន់​អ្នក​ដទៃ

ក្នុង​ទីផ្សារ​អាជីវកម្ម​ក្តី ការ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​ក្តី ការ​​លើក​ដំកើង ឬ កោតសរសើរ​អ្នកដទៃ​ពី​សមិទ្ធផល​របស់​ពួកគេ គឺ​ជា​អាវុធ​ដ៏​មាន​ថាមពល​មួយ​​របស់​បុគ្គល​ជោគជ័យ។ វា​ជា​អាវុធ​ត្រជាក់​សណ្ដំ​ចិត្ត​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ស្រលាញ់ និង​រាប់អាន​ ព្រមទាំង​ធ្វើ​ឲ្យ​​សម្ព័ន្ធភាព​​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​គ្មាន​ដែន​កំណត់។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ ងាក​មក​មើល​បុគ្គល​បរាជ័យ​វ័យ ទោះបី​ជា​អ្នកណា​ម្នាក់​​ជោគជ័យ ឬ បង្ហាញ​សមិទ្ធផល​យ៉ាង​អស្ចារ្យ​យ៉ាងណា​ក៏ដោយ ក៏​ខ្លួន​​គ្មាន​អ្វី​ក្រៅតែ​ពី​ការ​រិះគន់​ពីនេះពីនោះ​​ហើយ​​​បើ​​បុគ្គល​ណា​ម្នាក់​បរាជ័យ ឬ មាន​កំហុស​អ្វី​នោះ​គឺ​ច្បាស់​ជា​ជាន់ពន្លិច​បន្ថែម​ជា​មិនខាន។​​​​​​

៩) បុគ្គល​ជោគជ័យ​លើកលែងទោស​ឲ្យ​អ្នកដទៃ បុគ្គល​បរាជ័យ​​ចង​គំនុំ​នឹង​​អ្នកដទៃ

​វា​មិន​ខុស​អ្វី​ពី​​ពុទ្ធិការ​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា”កាំ​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​” នោះ​ឡើយ​ ដែល​បុគ្គល​ជោគជ័យ​យល់​ឃើញ​ថា នឹង​អាច​រំដោះ​ខ្លួន​ឲ្យ​ជៀស​ផុត​ពី​ទុក្ខទោស​ និង គំនុំគំកួន​​ទៅវិញ​ទៅ​មក​។ ការ​លើកលែងទោស​របស់​ពួកគេ​ទៅ​កាន់​​អ្នកណា​ម្នាក់ នឹង​បញ្ចប់​​កំហុស​មួយ​ដោយ​សន្តិភាព ហើយ​ជា​ផ្លូវ​ដ៏​ប្រសើរ​ធ្វើ​ឲ្យ​ស្ថានការណ៍​ដ៏​អាប់អួរ​បែរមក​រក​ភាព​ស្រស់ថ្លា​ឡើង​វិញ។ និយាយ​ពី​បុគ្គល​បរាជ័យ​វិញ ការ​សងសឹក​មិន​ព្រម​លើកលែងទោស​ដល់​​អ្នកដទៃ​​នោះ​ហើយ​ជា​វិធីសាស្ត្រ​ជួសជុល​​ផ្លូវ​អារម្មណ៍​របស់​ខ្លួន​ឡើង​វិញ​ តែ​​ទី​បំផុត​មាន​តែ​ភាព​ក្តៅក្រហាយ​ និង ការ​ស្អប់ខ្ពើម​តែប៉ុណ្ណោះ។​​​

១០) បុគ្គល​ជោគជ័យ​អរគុណ​​អ្វីៗ​គ្រប់យ៉ាង​ដែល​​ខ្លួន​មាន​ តែ​បុគ្គល​បរាជ័យ​ចាត់ទុក​ថា​អ្វីៗ​​គឺ​អយុត្តិធម៌​ទាំងអស់

ភាព​ទុក្ខសោក ការ​ខកចិត្ត ភាព​សប្បាយរីករាយ ភាព​ជោគជ័យ សមិទ្ធផល​ ទាំង​បទពិសោធន៍​​ល្អ​ក្តី អវិជ្ជមាន​ក្តី គឺ​ជា​អ្វី​​ដែល​បុគ្គល​ជោគជ័យ​អរគុណ​គ្រប់​ពេល​វេលា ត្បិតអី​ចំណុច​ទាំងអស់​នេះ​គឺ​​ជា​មេរៀន​ជីវិត​ដ៏​ថ្លៃថ្លា​របស់​​ពូកគ។ បុគ្គល​ប្រភេទ​នេះ​យល់​ថា ជីវិត​មួយ​នឹង​​គ្មាន​តម្លៃ​បើ​គ្មាន​ឧបសគ្គ ព្រោះ​​ថា ឧបសគ្គ​ និង បទពិសោធន៍​ទាំងឡាយ​សុទ្ធតែ​បាន​ធ្វើ​ឲ្យ​ពួកគេ​រឹងមាំ​មក​ដល់​សព្វថ្ងៃ​នេះ។ មហាសេដ្ឋី អ្នក​ជំនួញ បុគ្គល​ជោគជ័យ​នៅ​លើ​លោក​សុទ្ធតែ​ឆ្លងកាត់​ឧបសគ្គ​រាប់​មិន​អស់ តែ​ពួកគេ​នៅ​តែ​អរគុណ​ជានិច្ច។​ចុះ​បុគ្គល​បរាជ័យ​វិញ​យ៉ាង​ម៉េច​ដែរ? និយាយ​ឲ្យ​ខ្លី បុគ្គល​មួយ​ចំនួន​បរាជ័យ​ដោយសារ​មិន​រៀន​សូត្រ​ពី​បទពិសោធន៍​ទាំង​នេះ និង ខ្វះ​ការ​តស៊ូ ហើយ​កាន់តែ​គ្រោះថ្នាក់​ទៀត​នោះ គឺ​ការ​មើលឃើញ​ជា​អវិជ្ជមាន​លើ​អ្វីៗ​ជុំវិញ​ខ្លួន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​ស្គាល់​រស់​ជាតិ​ជីវិត​ដ៏​មាន​តម្លៃ​បាន៕

ប្រែស​ម្រួល៖ ខេវិន

ប្រភពៈ http://www.thebnews.com/


នាយក​ប្រតិបត្តិ​ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​បំផុត​នៅ​អាមេរិក​ជាង​ ២៨៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​មាន​ទម្លាប់​ធ្វើ​អ្វី​ខ្លះ​​រាល់​ថ្ងៃ?


លោក​ Nick Woodman ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ GoPro ដែល​ជា​ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​នៅ​សហរដ្ឋ​អាមេរិក និង​ជំនាញ​ខាង​ផលិត​កាមេរ៉ា​ថត​វីដេអូ​ (camcorder) និង​មាន​កម្រិត​រូប​ភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​កម្រិត HD (High Definition) ដែល​មាន​ន័យ​ថា​កម្រិត​រូបភាព​ច្បាស់​និង​ម៉ត់។

ក្នុង​ចំណោម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូទាំង​សហរដ្ឋ​អាមេរិក មហាសេដ្ឋី​វ័យ​ ៤០​ឆ្នាំ​រូប​នេះ​ ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​ជាង​គេ​កាលពី​ឆ្នាំ២០១៤​ រហូត​ដល់ ២៨៥,៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ លោក​ជា​បុគ្គល​ដែល​ខុស​ប្លែក​ពី​នាយក​ប្រតិបត្តិ​ដទៃ​ទៀត​ ព្រោះ​លោក​មាន​អាកប្បកិរិយា​ប្លែក​ពី​អ្នក​ដទៃ និង​ចូល​ចិត្ត​ប្រព្រឹត្ត​ទង្វើ​ប្លែកៗ។ ពេល​ខ្លះ ធ្វើ​ឲ្យ​អ្នក​ផង​ទាំងពួង​ហួសចិត្ត ព្រោះ​មិន​នឹក​ស្មាន​ដល់។ ខាង​ក្រោម​នេះ​ជា​លក្ខណៈ​ពិសេសៗ ដែល​លោក​តែងតែ​អនុវត្ត​ប្រចាំ​ថ្ងៃ។

​ក្រុមហ៊ុន GoPro ដែល​មាន​លោក Woodman ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នោះ កាលពី​ពេល​ចាប់​ផ្ដើម​បើក​ក្រុមហ៊ុន​ដំបូង មាន​បុគ្គលិក​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ។ កាលពី​ដំបូង​ឡើយ ក្រុមហ៊ុន​លក់​ខ្សែ​កាមេរ៉ា។ ក្រោយមក ក្រុមហ៊ុន​ក៏​បាន​ពង្រីក​សង្វាក់​ផលិតកម្ម​របស់​ខ្លួន រហូត​ដល់​ផលិត​ជា​តួ​កាមេរ៉ា។ ក្រោយមក បុគ្គលិក​បាន​កើន​ដល់ ៨០០ នាក់។ GoPro បាន​ពង្រីក​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ខ្នាត​មធ្យម ហើយ​លែង​មាន​ឈ្មោះ​តូច​កំប៉ិកកំប៉ុក​តទៅ​ទៀត​ហើយ។

ជា​មួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ ២,៣ ពាន់​លាន​ដុល្លារ ​លោក​ Woodman បាន​រៀបរាប់​អំពី​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​យ៉ាង​ដូច្នេះ​ថា​៖ ព្រលឹម​ឡើង កូន​របស់​លោក​ដាស់​លោក​ពី​ដំណេក។ បន្ទាប់​មក លោក​លេង​កីឡា​វាយ​កូន​ឃ្លី​ផ្ទប់​ជញ្ជាំង​ជាមួយ​កូនៗ​របស់​លោក។ លោក​ប្រាប់​ថា​លោក​ផ្ដល់​អាទិភាព​ និង​បម្រុង​ទុក​ពេល​មួយ​ព្រឹក​ពេញ សម្រាប់​ការ​ស្ថិត​នៅ​ជួបជុំ​ភរិយា និង​កូនៗ​ជា​ទី​ស្រឡាញ់។ ដូចនេះ លោក​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​នៅ​ជាមួយ​ក្រុម​គ្រួសារ ដោយ​មិន​ទាន់​ទៅ​កន្លែង​ធ្វើ​ការ​ទេ។

​លោក​ឆ្លៀតពេល​ដ៏​មមាញឹក ដើម្បី​ដឹក​កូន​ទៅ​សាលា ព្រោះ​បើ​មិន​ឆ្លៀតពេល​ទេ លោក​មិន​អាច​ឆ្លៀត​ឱកាស​នៅ​ជួបជុំ​គ្រួសារ​បាន​យូរ​ទេ។ ប្រការ​សំខាន់​នៅ​ត្រង់​ថា នៅ​ពេល​លោក​ចូល​ទៅ​ដល់​កន្លែង​ធ្វើ​ការ គឺ​លោក​ជ្រមុជ​តែ​រឿង​ធ្វើ​ការ​តែ​មួយ​មុខ​គត់ ហើយ​មិន​រវល់​រឿង​ផ្សេង​ទេ។ មាន​ន័យ​ថា នៅ​ពេល​លោក​បំពេញ​កិច្ចការ​អ្វី​មួយ លោក​ត្រូវ​តែ​ធ្វើ​រហូត​ដល់​ចប់ចុងចប់ដើម ទើប​លោក​ទៅ​ផ្ទះ។ ពេល​ខ្លះ លោក​នៅ​កន្លែង​ធ្វើ​ការ​ដល់​យប់​ជ្រៅ សូម្បី​អាហារ​ពេល​ក្បាល​ព្រលប់ (dinner) ក៏​មិន​បាន​បរិភោគ​ជុំ​គ្នា​ជាមួយ​គ្រួសារ​ផង ព្រោះ​ខំ​ប្រញឹក​ដៃ​ឲ្យ​ចប់​ការងារ​នៅ​កន្លែង​ធ្វើ​ការ​សិន។​

នៅ​កន្លែង​ធ្វើ​ការ លោក​ផ្ដោត​តែ​ទៅ​លើ​មុខ​ជំនាញ​ដែល​លោក​ចេះ​ស្ទាត់ និង​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​លោក​។ មាន​ន័យ​ថា​លោក​ធ្វើ​ការងារ​ណា​ដែល​លោក​សប្បាយចិត្ត​នឹង​ធ្វើ។ ឧទាហរណ៍​ការ​ងារ​ខាង​វិស័យ​ផលិតកម្ម – ខាង​វិស័យ​រក​ទីផ្សារ (marketing) – និង​ការ​រៀបចំ​ទស្សនវិស័យ និង​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី និង​រយៈពេល​វែង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក។

​លោក Woodman មាន​ប្រសាសន៍​ថា​ការងារ​របស់​លោក​ពេល​ខ្លះ​ស្មុគស្មាញ និង​ពេល​ខ្លះ​សាមញ្ញ​ធម្មតា។ ជា​រៀងរាល់​ថ្ងៃ លោក​ត្រូវ​អង្គុយ​ស្ដាប់ និង​ពិភាក្សា​គ្នា​ជាមួយ​បុគ្គលិក​ដទៃ​ទៀត ឬ​អ្នក​មក​ពី​ខាងក្រៅ ដែល​មាន​គំនិត​ប្លែកៗ ដែល​ស្ដាប់​គំនិត​របស់​គេ​ទៅ សឹង​មិន​ជឿ​ថា​វា​អាច​ក្លាយ​ជា​ការ​ពិត​បាន។ ប៉ុន្តែ​នៅ​ទី​បំផុត ក្រុម​ការងារ​របស់​លោក​អាច​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការពិត។ ឧទាហរណ៍ លោក​អង្គុយ​ស្រមើស្រមៃ​ជាមួយ​អ្នក​បច្ចេកទេស​ខាង​វិស័យ​ផលិតកម្ម និង​អ្នក​ជំនាញ​ខាង​រចនា និង​គូសវាស​ម៉ូត (អ្នក design) រហូត​ដល់​បាន​ជា​ផលិតផល​សម្រេច។

​ពេល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​រួចរាល់ លោក​ក៏​ត្រូវ​ថមថយ​ថាមពល​មួយ​ផ្នែក​ធំ ព្រោះ​ហត់​នឿយ​នឹង​ការងារ។ ការងារ​របៀប​នេះ ត្រូវ​ការ​ប្រើ​ថាមពល​ខួរ​ក្បាល​ច្រើន។ ដូច្នេះ ទៅ​ដល់​ផ្ទះ​ភ្លាម បន្ទាប់​ពី​ងូតទឹក​ជម្រះកាយ និង​ទទួល​ទាន​អាហារ​បន្តិចបន្តួច​រួច​រាល់ លោក​ក៏​ប្រាស​ខ្លួន​គេង៕

​ប្រែ​សម្រួល ៖ អន សំអាង

ប្រភពៈ http://www.thebnews.com/

Sunday, July 19, 2015

មេរៀន​ជីវិត​១៥ ចំណុច​​ដែល​លោក​គួរ​រៀន​ មុន​ឈាន​ចូល​ដល់​​អាយុ ៣០


នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​ដល់​វ័យ ៣០ ឆ្នាំ អ្នក​អាច​នឹង​នាំ​យក​ទៅ​ជាមួយ​នូវ​ភាព​ជោគ​ជ័យ​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់​មុន​ពេល​អ្នក​ឈាន​ចូល​ដល់​វ័យ​នេះ​ ។ ដូច្នេះ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​នៅ​មុន​ពេល​អ្នក​ឈាន​ចូល​ដល់​វ័យ​នេះ​ តើ​អ្នក​ត្រូវ​ដឹង​និង​រៀន​អ្វី​ខ្លះ​ ? ខាង​ក្រោម​នេះ​ជា​ចំណុច​ទាំង ១៥ ដែល​អ្នក​ត្រូវ​ស្វែង​យល់ ។

១) មាន​ការ​អប់រំ​ល្អ​​ប្រសើរ​ជាង​មាន​សញ្ញាប័ត្រ

អ្នក​ត្រូវ​ដឹង​ថា​ទទួល​បាន​ការ​អប់​រំ​ពី​សាលា​រៀន​ជា​មួយ​នឹង​សញ្ញា​ប័ត្រ​ដែល​អ្នក​ទទួល​បាន​មិន​ប្រាកដ​ពិត​ជា​​អាច​ធ្វើ​ឲ្យ​អ្នក​ជោគ​ជ័យ​នោះ​ទេ ព្រោះ​ការ​អប់​រំ​ក្នុង​សាលា​មាន​ដែន​កំណត់។ ប៉ុន្តែ​សម្រាប់​ការ​អប់​រំ​ក្នុង​ជីវិត​ជាក់​ស្តែង​វិញ​គ្មាន​ដែន​កំណត់​នោះ​ទេ ហើយ​ការ​អប់រំ​ប្រភេទ​នេះ​អាច​នាំ​អ្នក​កាន់​កាន់​ភាព​ជោគ​ជ័យ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ ។

២) មាន​លុយ​មិន​អាច​ដោះ​ស្រាយ​គ្រប់​បញ្ហា​បាន​ទេ 

បញ្ហា​នៅ​ក្នុង​ជី​វិត​ជាក់​ស្តែង​ដែល​កើត​ឡើង​គឺ​មិន​អាច​ដោះ​ស្រាយ​ដោយ​លុយ​បាន​ទាំង​អស់​នោះ​ទេ​ ប៉ុន្តែ​តែ​គ្រាន់​ថា​មាន​លុយ​អាច​ផ្តល់​ជម្រើស​ច្រើន​ដល់​អ្នក ។ សុភមង្គល​គ្រួសារ​ ការ​ងារ​ដែល​ជា​ចំណូល​ចិត្ត​ និង​មិត្ត​ភក្តិ​ស្មោះត្រង់​គឺ​មិន​អាច​ប្រើ​លុយ​ដើម្បី​នាំ​យក​មក​នោះ​ទេ​ ។

៣) អ្នក​ត្រូវ​ដឹង​ថា​ពេល​វេលា​សុទ្ធ​តែ​មាន​កំណត់ 

ពេល​វេលា​ទាំង​អស់​នៅ​លើ​ពិភព​លោក​ដែល​ដើរ​ទៅមុខ​គឺ​ជា​របស់​មួយ​ដែល​អ្នក​មិន​អាច​ធ្វើ​ឲ្យ​វា​នៅ​នឹង​មួយ​កន្លែង​ដើម្បី​ចាំ​អ្នក​នោះ​ទេ​ ។ ប៉ុន្តែ​​អ្នក​ត្រូវ​តែ​​​​ធ្វើ​ឲ្យ​ពេល​វេលា​ទាំង​នោះ​មាន​តម្លៃ​គ្រប់​វិនាទី​ទាំង​អស់ សម្រាប់​ជីវិត​របស់​អ្នក​ ។

…បើ​អនុវត្ត​តាម​​​គោលការណ៍​​ចំនួន ៩នេះ នឹង​អាច​ជួយ​ឲ្យ​លោក​អ្នក​​​ក្លាយ​ជា​អ្នក​មាន​មុន​អាយុ​៣០បាន​…

៤) ត្រូវ​ដឹង​ថា​ទស្សនៈ​ អ្នក​ដទៃ​មក​លើ​ខ្លួន​អ្នក​មិន​មែន​ជា​បញ្ហា​​នោះ​ឡើយ 

ការ​ដឹក​នាំ​ជីវិត​ និង​គ្រប់​គ្រង​លើ​ផ្លូវ​ដើរ​ទៅ​ថ្ងៃ​មុខ​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿង​ប្រ​សើ​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​ ជាជាង​ឲ្យ​អ្នក​ដ៏​ទៃ​មក​កំណត់​គោល​ដៅ​ជីវិត​ និង​ជា​អ្នក​សម្រេច​ចិត្ត​ជំនួស​អ្នក ។

៥) ពេញចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​

នៅ​ពេល​ដែល​អ្នក​កាន់​តែ​ធំ​ និង​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់​អ្នក​នឹង​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ងាយ​ឲ្យ​អ្នក​ផ្សេង​មក​រារាំង​អ្នក​បាន​ ។ ភាព​លំបាក​ទាំង​ឡាយ​ក៏​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​កាន់​តែ​ខ្លាំង​ ។

៦) អោយ​តម្លៃ​លើ​ក្រុម​គ្រួសារ

នៅ​ពេល​ដែល​អ្នក​ធំ​ឡើង​អ្នក​នឹង​ដឹង​ថា​គ្រួ​សារ​មាន​តម្លៃ​ជាង​អ្វីៗ​ទាំង​អស់​ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ប្រព្រឹត្ត​កំហុស​ធំ​ប៉ុណ្ណា​ក៏​ដោយ​ ក៏​ពួក​គេ​តែង​តែ​អត់​ទោស​ឲ្យ​អ្នក​ជា​និច្ច​ ។

៧) អ្នក​ត្រូវ​យល់​ពី​សារៈសំខាន់​នៃ​ការ​អភ័យ​ទោស

អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ហេតុ​ផល​ច្រើន​ដើម្បី​បញ្ចៀស​នូវ​រឿង​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​រសាយ​ចេញ​ពី​ចិត្ត​ ។ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ថា​ការ​អត់​អោន​និង​ការ​ភ័យ​ទោស​គឺ​ជា​រឿង​មាន​តម្លៃ​បំ​ផុត​ដែល​មនុស្ស​គ្រប់​រូប​ពិបាក​នឹង​ធ្វើ ។

៨) គោល​ដៅ​ជីវិត​ ពិត​ជា​មិន​​អាច​កើត​​ឡើង​​តាម​ការ​គ្រោង​ទុក

នៅ​ពេល​ដែល​អ្នក​នៅ​វ័យ​ក្មេង​អ្នក​តែង​មាន​ការ​រំពឹង​ខ្ពស់​ក្នុង​ការ​ធ្វើ​អ្វីមួយ​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់​ អ្នក​នឹង​អាច​ដឹង​ថា​ភាព​ជោគ​ជ័យ​ដែល​អ្នក​ចង់​បាន​ទាំង​នោះ​​មិនមែន​សុទ្ធតែ​​អាច​កើត​​ឡើង​តាម​​ពេល​វេលា​ដែល​អ្នក​គ្រោង​ទុក​នោះ​ទេ ។

៩)  អ្នក​មិន​អាច​ផ្លាស់​ប្តូ​អ្វី​មួយ​​បាន​ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​​នោះ​ឡើយ​

ការ​ព្រួយ​បារម្ភ​ពី​អ្វី​មួយ​មិន​អាច​ជួយ​ផ្លាស់​ប្តូ​អនាគត​បាន​ទេ ប៉ុន្តែ​ការ​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ទើប​ជា​ដំណោះ​ស្រាយ​ ដូច​ជា​ការ​លើក​ទឹក​ចិត្ត និង ជា​ការ​ផ្តល់​ក្តី​សង្ឃឹម ។

១០) រៀន​ឲ្យ​ទស្សនៈ​ពី​ភាព​ជោគ​ជ័យ​ដោយ​ខ្លួន​ឯង​

នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​ ៣០ ឆ្នាំ អ្នក​នឹង​មាន​​​និយម​ន័យ​ផ្សេងៗ​ទៅ​លើ​ភាព​ជោគ​ជ័យ​ ដោយ​អ្នក​នឹង​យល់​ថា​វា​មិន​អាច​កើត​ឡើង​ដោយ​សារ​លុយ​ប៉ុណ្ណោះ​ទេ​ ដោយ​ផ្នែក​ខ្លះ​អាច​កើត​ឡើង​ទំនាក់​ទំនង​មិត្ត​ភក្តិ​ ក្រុម​គ្រួសារ​  និង​ការ​មាន​សន្តិភាព​ផ្ទាល់​ខ្លួន​ ។

…នៅ​អាយុ​ក្រោម ៣០ លោក​អ្នក​គួរ​តែ​ចំណាយ​ពេល​ឲ្យ​មាន​តម្លៃ​ វិនិយោគ​លើ​បំណង​ប្រាថ្នា ៥ យ៉ាង​​នេះ…

១១) មិន​ត្រូវ​គិត​ពី​ខ្លួន​ឯង​នោះ​ទេ​

អ្នក​ត្រូវ​ស្វែង​យល់​ពី​មូល​ហេតុ​ថា​ហេតុ​អ្វី​អ្នក​មិន​គួរ​អាត្មា​និយម​ចំពោះ​ខ្លួន​ឯង​ ហើយ​អ្នក​ត្រូវ​តែ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​និង​បង្ហាញ​ទស្សនៈ​របស់​អ្នក​មក​ក្រៅ និង​រៀន​សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​សង្គម​មនុស្ស​ខាង​ក្រៅ ។

១២) យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​អ្នក​និយាយ​ និង​របៀប​នៃ​ការ​និយាយ

អ្នក​ត្រូវ​ដឹង​ថា​រាល់​ពាក្យ​ដែល​អ្នក​និយាយ​គឺ​សុទ្ធ​តែ​មាន​ឥទ្ធិពល​ និង​ មាន​សារៈ​សំខាន់​ ចំពោះ​មនុស្ស​ដែល​នៅ​ជុំ​វិញ​អ្នក​ ព្រោះ​សំដី​របស់​អ្នក​អាច​មាន​ទាំង​ផល​វិជ្ជមាន ​និង​អវិជ្ជមាន​ដែល​ជួយ​អ្នក​ស្វែង​រក​ឃើញ​ឥទ្ធិពល​ក្នុង​ពាក្យ​សម្តី​របស់​អ្នក ។

១៣) ភាព​សប្បាយ​អាច​កើត​ឡើង​ពី​​ទី​កន្លែង​ដែល​អ្នក​មិន​បាន​​រំពឹង​ទុក 

នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់​អ្នក​នឹង​អាច​ពេញ​ចិត្ត​ចំពោះ​​វត្ថុ​សាមញ្ញ​កាន់​តែ​ច្រើន​ គឺ​ជា​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ឃើញ​នូវ​ភាព​សប្បាយ​រីក​រាយ​នៅ​ពេល​ដែល​អ្នក​នៅ​ក្មេង​ ។

១៤) ជីវិត​កាន់​តែ​មាន​តម្លៃ​នៅ​ពេល​អ្នក​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់ 

នៅ​ពេល​ដែល​អ្នក​មាន​លុយ​នៅ​ក្នុង​ដៃ​មួយ​ចំនួន​ក្នុង​វ័យ​ ២០ ឆ្នាំ អ្នក​នឹង​មាន​អារម្មណ៍​ប្លែក​នូវ​ពេល​ដែល​អ្នក​មាន​លុយ​ចំនួន​ដដែល​នេះ​នៅ​ក្នុង​វ័យ​ ៣០ ឆ្នាំ ដោយ​អ្នក​នឹង​យល់​នូវ​សារៈ​សំខាន់​ និង​តម្លៃ​នៃ​លុយ​ ដែល​អ្នក​ត្រូវ​ចំណាយ​ឲ្យ​ត្រូវ​ខ្ទង់ ។

១៥) រៀន​ផ្តល់​តម្លៃ​ឲ្យ​បាន​ច្បាស់​ទៅលើ​ពាក្យ​ថា​មិត្តភាព

នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់​ចំណង​មិត្ត​ភាព​មិន​គួ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ​ ។ នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​ ៣០ អ្នក​អាច​នឹង​ចំណាយ​ពេល​ទៅលើ​មនុស្ស​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​អ្នក​តែ​ប៉ុណ្ណោះ​៕

ប្រែសម្រួល៖ ស៊ាន សំបុក
ប្រភពៈ http://www.thebnews.com/

សីលធម៌ចំពោះស្វាមីភរិយា



សុភមង្គល​នៃ​ជីវិត​គូស្វាមី​ភរិយា តាម​ទស្សនៈ​ពុទ្ធសាសនា គឺ​ស្ថិត​នៅ​លើ​សេចក្តី សុខ​នៅ​ក្នុង​គ្រួសារ​របស់ ខ្លួន ដែល​ហៅ​ថា​ សុខ​កាយ សប្បាយ​ចិត្ត ។ សុខ​កាយ គឺ ការ​ដែល​មិន​មាន​ជម្ងឺតម្កាត់​ផ្សេងៗ រាងកាយ​រឹងមាំ អវៈយវៈ ទាំង​អស់​មាន​សុខភាព មាំមួន ធើ្វ​ការងារ​បាន​គ្រប់​យ៉ាង​ទាំង​អស់។  សុខកាយ​ម្យ៉ាង​ទៀត​គឺ​ការ​ដែល​មាន បច្ច័យ ៤ គ្រប់​គ្រាន់ គឺ​មាន​ម្ហូប​អាហារ​ត្រឹមត្រូវ​តាម​ក្បួន​អនាម័យ មាន​សំលៀក បំពាក់ មាន​ផ្ទះ​សំបែង​និង មាន​ថ្នាំ​សំរាប់ ព្យាបាល​ជម្ងឺ។ សេចក្តី​សុខ​ខាង​កាយ​នេះ ជា​សេចក្តី​សុខ​ដែល​គេ ស្គាល់​គ្រប់​គ្នាហើយ​ដែល​គ្រួសារ​នីមួយ​ៗ​តែង​ប្រាថ្នា​។​ តែ សេចក្តី​សុខ​ប្រភេទ​នេះ មិន​ទាន់​គ្រប់​គ្រាន់​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​សុភមង្គល ទេ។ ហេតុ​បាន​ជា​ដូចេ្នះ ព្រោះ​ថា​បើ គ្រួសារ​(ស្វាមីភរិយា)នោះ​មាន​បច្ច័យ​៤​គ្រប់​គ្រាន់ មែន​តែ​អ្នក​ជា​មនុស្ស​ដែល ខ្វះ​សីល​ធម៌ ខ្វះ​ការ​កក់ក្តៅ​ក្នុង​ក្រុម​គ្រួសារ ប្តី​ប្រពន្ធ កូន​ប្រព្រឹត្ត​តែ​អំពើ​អបាយ​មុខ​ដែល​លោក ហៅ ថា ឆ្កួត​ស្រា ឆ្កួត​ស្រី ឆ្កួត​ល្បែងពាលា នោះ​ជីវិត​ស្វាមី​ភរិយា នឹង​មិន មាន​សេចក្តី​សុខ​ឡើយ។

អ្នក​មាន​ទ្រព្យ​ច្រើន តែ​ជួន​កាល​អ្នក​មិន​មាន​សេចក្តី​សុខ ដេក​លក់​ស្រួល​ស្មើ​នឹង ជីវិត​គូស្វាមីភរិយា​ខ្លះ​ដែល​ក្រទ្រព្យ សម្បត្តិ តែ​ចេះ​ស្រលាញ់​គ្នា​ល្អូកល្អឺន រស់​នៅ​ជា មួយគ្នា ក្នុង​សុខ​ដុមភាពឡើយ​។​ ដូច្នេះ សេចក្តី​សុខ​ខាង ផ្លូវ​ចិត្ត​ទើប​ជា​​សេចក្តី​សុខ ដែល​សំរាប់​បន្ថែមទៅ​លើ​សេចក្តី​សុខខាង​ផ្លូវកាយ ដើម្បី​ឲ្យសុភមង្គល​ខាង​ជីវិត​គូ ស្វាមី ភរិយា​មាន​តុល្យ​ភាព។

អត្ថបទ​ត​ទៅនេះ គឺ​ជា​កម្រងទស្សនៈ​ពុទ្ធសាសនា ដែល​បាន​ដកស្រង់​យក​អន្លើ ខ្លះ ពី​គម្ពីរទីឃនិកាយ សុត្តន្តបិដក អន្លើ​ខ្លះ​ទៀត​​ពី​សៀវភៅ «ជីវិត​អពាហ៌ពិពាហ៌» របស់​លោក​ធម្មបណ្ឌិត​ហេង មណី​ចិន្តា​និង​ពី​ច្បាប់​ផ្សេង​ៗ មក រៀប​រៀង និង​ពន្យល់ សេចក្តី​​ទុក​ជា​គតិណើរលើ​វិថី​ជីវិត​ដែល​សែន​លំបាក។  តម្លៃ​សីល​ធម៌​ចំពោះ ស្វាមី ភរិយា មាន​អ្វី​ខ្លះ​ដែល គួរ​សិក្សា និង​អនុវត្ត?

I. នាទី និង​សីល​ធម៌​ស្វាមី ចំពោះ​ភរិយា
ភរិយា, តាម​អត្ថន័យ, គឺស្ត្រីដែល​ស្វាមី​ត្រូវ​ចិញ្ចឹម, ត្រូវ​អនុគ្រោះ។ ការអ​នុគ្រោះ របស់​ស្វាមី​ចំពោះ​ភរិយា លោក បាន​ចែក​ធម្មៈ ៥ប្រការ សំរាប់​អនុវត្តគឺៈ

១‍. ស្រលាញ់​ភរិយា​ដ៏​ស្មោះ ដោយ​ប្រើ​​សំដី​ទន់ភ្លន់ ផ្អែមល្ហែម ទៅ​កាន់ ភរិយា, មិន​ប្រើ​ពាក្យ​សំដី​គ្រោតគ្រាត ទៅ កាន់​ភរិយា។
២. មិន​បៀតបៀន, មិន​មើល​ងាយ​​មើល​ថោក​ភរិយា ។
៣. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា (មិន​ក្បត់​ភរិយា) ។
៤. ប្រគល់​កិច្ចការ​សព្វ​យ៉ាង​នៅ​ក្នុង​ផ្ទះ អោយ​ទៅ​ភរិយា​កាន់​កាប់។
៥. ផ្គត់ផ្គង់​សំលៀក​បំពាក់ គ្រឿង​អលង្ការ​សម​គួរ​ដល់​ភរិយា។

ស្វាមី​ក៏​ត្រូវ​យល់ដឹង និង​ជួយ​រំលែក​សេចក្តី​ទុក្ខ​លំបាក​របស់ភរិយា ក្នុង​ឋានៈ​ជា ស្រី និង ជាភេទ​ទន់​ខ្សោយ គឺៈ​ ទុក្ខ​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត នៅ​ពេលមាន​គភ៌ មិន អាច​ប្រើ​ឥរិយាបទ​ទាំង៤ (ដេក ដើរ ឈរ អង្គុយ) និង​ប្រកបកិច្ច ការ​បាន​ស្រួល, ទុក្ខ​នៅ​ពេល ឆ្លង​ទន្លេ​ប្រសូត​បុត្រ...។

II. នាទី និង​សីលធម៌​ភរិយា ចំពោះ​ស្វាមី
ក) ក្នុង​​ឋានៈ​ជា​ភរិយា
គប្បី​យល់​ដឹង​សីល​ធម៌ ៥ ប្រការ សំរាប់​អនុវត្ត​ចំពោះ​ស្វាមី​ខ្លួន គឺៈ
១. ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ មាន​បាយទឹក​ជា​ដើម​ដោយ​ផ្ចិតផ្ចង់, មើល រៀប​ចំ​ឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សំបែង ឲ្យ​មានសណ្តាប់​ធ្នាប់​រៀប​រយ​ស្អាត​បាត មានអនាម័យ ដូច​សុភាសិត​ថា «ដំណេក​ដេក​ជា​ខ្នាត  អោយ សំអាត​សំអាង​ជា ទើប ទេវតា​រក្សា ចំរើន​សុខ​ស្រីសួស្តី» ។
២. សង្គ្រោះ​ញាតិ​ខាងស្វាមី និង​ញាតិ​ខាង​ខ្លួន ឲ្យ​បាន​ស្មើ​មុខ​គ្នា រួម​ទាំង​បដិសណ្ឋារ កិច្ច ចំពោះ​បុគ្គល​ដែល​ស្វាមីរាប់​អាន ពេល​ដែល​ជន​នោះ​មក​ដល់ផ្ទះ។
៣. ថែទាំ​ទុក​ដាក់​ទ្រព្យសម្បត្តិ​ដែល​ស្វាមី​រក​បាន​មក, របស់​បាត់​ត្រូវ​តាម​រក, របស់ ចាស់​ត្រូវ​ជួស​ជុល ប្រើ, និង​ត្រូវ​ចេះ​ប្រមាណ ក្នុង​ការ​ប្រើទ្រព្យសម្បត្តិ ។

ត្រង់នាទី ទី៣ នេះ នារី​ជា​ភរិយា​ត្រូវចង​ចាំ​ពាក្យ​បុរាណ​ថាៈ
«ប្តី​ជា​អ្នក​រក ទ្រព្យធន​បាន​មក   ប្រពន្ធ​ទុក​ដាក់​ចាស់​ទុំ​បូរាណ   បាន​ពោល​បញ្ជាក់    អោយ​នាង​អោយ​អ្នក  ចង​ចាំ​គ្រប់​ប្រាណ។   សំណាប​យោង​ដី រី​ឯ​ស្រី​ៗ  យោង​ប្រុស សាមាន្យ (សាមញ្ញ)  ទោះ​មារយាទ​ខ្សោយ  ក៏​ដោយ​បើ​បាន  ស្រី​មាន​សន្តាន  ខ្ជាប់​ខ្ជួន​មួន​មាំ ។    តែង​បាន​ចំរើន  ទ្រព្យា​កើត​កើន  ព្រោះ​ស្រី​ថែ​ទាំ    ចាត់​ចែង​ទុក​ដាក់   ចេះ​លាក់​សន្សំ  សង្វាត​ខិត​ខំ រក្សា​ឲ្យ​គង់ » ។  « ខ្លែង​ហើរ​ដ្បិត​ខ្យល់  នាយ​ថ្កើង​ដ្បិត​ពល  រក្សា​ឲ្យ​សុខ   ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក   ដ្បិត​ភរិយា​ជា » ។
៤. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ស្វាមី ( មិន​ក្បត់​ចិត្ត​ស្វាមី ) ។
៥. ឈ្លាសវៃ ប៉ិនប្រសប់ និង​ប្រឹង​ប្រែង​ជានិច្ច​ក្នុង​កិច្ចការ​គ្រប់​យ៉ាង ព្រោះ​ខ្លួន​មាន នាទី​ជា « មេផ្ទះ, មេ​កិច្ចការ​ជា​ធំ​​ក្នុង​គ្រួសារ» ។​

ខ) របៀប​រស់​នៅ​របស់​ស្ត្រី (១)
នារី​ពេល​មាន​ស្វាមី​គប្បី​ចង​ចាំ​គឺៈ

           ១) ភ្លើង​ក្នុង​កុំ​នាំ​ចេញ​ក្រៅ,
           ២) ភ្លើង​ក្រៅ​កុំ​នាំ​ចូល​ក្នុង,
           ៣) ត្រូវ​អោយ​បុគ្គល​ដែល​អោយ,
           ៤) មិន​ត្រូវ​អោយ​ដល់​បុគ្គល​ដែល​មិន​អោយ,
           ៥) ត្រូវ​អោយ​ដល់​បុគ្គល​ដែល​អោយ​ក្តី​មិន​អោយក្តី,
           ៦) ត្រូវ​អង្គុយ​ដោយ​ស្រួលបួល,
           ៧) ត្រូវ​បរិភោគ​ដោយ​ស្រួល​បួល,
           ៨) ត្រូវ​ដេក​ដោយ​ស្រួល​បួល,
           ៩) ត្រូវ​បូជា​ភ្លើង  ឬ​បំរើ​ភ្លើង,
           ១០) ត្រូវ​ថ្វាយបង្គំ​ទេវតា​ក្នុង​ផ្ទះ ។

សេចក្តី​ពន្យល់ៈ
១) ភ្លើង​ក្នុង​កុំនាំ​ចេញ​ក្រៅ ។  មានន័យថា រឿង​រ៉ាវ​ណា​ដែល​សៅ​ហ្មង​ក្តៅ​ក្រហាយ មិនល្អ អាក្រក់ ដែល​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ក្រុម​គ្រួសារ​ខ្លួន, មាតាបិតាខ្លួន មិន ត្រូវ​នាំ​ចេញ​ទៅ​ផ្សាយ ដើរប្រាប់​គេ​ប្រាប់​ឯង ដោយ​ហោច​ទៅ​សូម្បី តែ​សាច់​ញាតិ​ខ្លួន ឡើយ។

២) ភ្លើង​ក្រៅ​កុំនាំ​ចូល​ក្នុង ។ មាន​ន័យ​ថា រឿង​ណា​ដែល​មិនល្អ មិនមាន ប្រយោជន៌ ជា​រឿង​ក្តៅក្រហាយ ហើយ មិន​ទាក់​ទង​នឹង​សាច់​រឿង​របស់​ខ្លួនទេ មិន គប្បី​នាំ​ចូល​​មក​ក្នុង​ផ្ទះ អោយ​ក្រុម​គ្រួសារ​បាន​ទទួល​ការ​ក្តៅក្រហាយ​ផងដែរ​នោះ ទេ។​ ទោះ​ជា​រឿង ក្តៅ​ក្រហាយ​នោះ​ទាក់​ទង​ទៅ​នឹង​កេរ្តិ៎ឈ្មោះ និង​ផល​ប្រយោជន៍ របស់​គ្រួសារ ឬ​ស្វាមី​ខ្លួន​ក្តី ក៏​ត្រូវ​រក​ឱកាស​និយាយ​ដែរ​ដើម្បី​កុំ​ឲ្យ​ក្តៅ​ទាំង​រឿង ក្តៅ ទាំង​មនុស្ស​ទៀត ។ មាន​ភរិយា​ខ្លះ ឃើញ​ស្វាមី​មក​ពី​ធើ្វការ​ហត់នឿយ ឬ​មាន​រឿង មុខ​មិន​ស្រួល​មក​ដល់​ផ្ទះ​មិន​ទាន់​ទាំង​ដាក់​គូថ​អង្គុយ​ផង ក៏​ស្រាប់​តែ​នាំ​យក​រឿង អាក្រក់​រឿង​ក្តៅ​ក្រហាយ​ទៅ​ពិត​ទូល​បញ្ឆេះ​ធ្វើឲ្យ​ស្វាមី​ដែល​កំពុង​ស្រួល​ៗ​នោះ ក្តៅ​ក្រហាយ ឆេះ​ភ្លាម​មួយ​រំពេច ។ ប្រការ​នេះនាង​ជាភរិយា​គួរ​យល់​ដឹង ។

៣) ត្រូវ​អោយ​បុគ្គល​ដែល​អោយ ។ មាន​អ្នក​មក​ខ្ចី​ទ្រព្យ​បើ​ជឿ​ទុក​ចិត្ត​ថា​នឹង​សង​វិញ សឹម​អោយ​ខ្ចី ។

៤) មិន​ត្រូវ​អោយ​ដល់​បុគ្គល​ដែល​មិន​អោយ ។ បើ​មាន​អ្នក​មក​ខ្ចីទ្រព្យ​នោះ មិន​គួរ​ទុក​ចិត្ត​ថា​សងវិញ​ទេ មិន​ត្រូវ អោយ​ខ្ចី​ទេ ។ បើ​អោយ​ខ្ចី​ត្រូវ​គិត​ថា របស់​នោះ ទុក​ដូច​ជា​បោះ​ចោល​ទៅ​ក្នុង​ទឹក​ទន្លេ ។

៥) ត្រូវ​អោយ​ដល់​បុគ្គល​ដែល​អោយ​ក្តី មិន​អោយ​ក្តី ។ ត្រូវ​តែ​អោយ​ដោយ​សង្ឃឹម ថា​សង​វិញ ឬ​មិន​សង​វិញ ដូច ជា​បងប្អូន​​ដែល​យើង​ត្រូវ​តែ​ជួយ​ដោះ​ទុក្ខ​ធុរៈ មួយ ទៀត​បាន​ដល់​ការ​ដាក់​ទាន​ដល់​ស្មូម​យាចក​រួម​ទាំងការ​ធ្វើ​បុណ្យទាន ដែល​ត្រូវ​ធ្វើជា ប្រពៃណី​របស់​យើង ។

៦) ត្រូវ​អង្គុយដោយ​ស្រួល​បួល ។ ត្រូវ​អង្គុយ​ដឹង​ខ្ពស់​ដឹង​ទាប,​ អង្គុយ​ប្រយ័ត្ន ប្រយែង មិន​ច្រងេង​ច្រងាង យះ​ដៃ​យះ​ជើង... ។

៧) ត្រូវ​បរិភោគ​ដោយ​ស្រួល​បួល ។ ត្រូវ​មាន​សុជីវធម៌​ក្នុង​ការ​បរិភោគ​អាហារ គឺ បរិភោគ​អោយ​ដឹង​មុន​ក្រោយ បរិភោគ​ជា​មួយ អ្នក​ណា ពេល​ណា​គួរ​បរិភោគ...។

៨)ត្រូវ​ដេក​ដោយ​ស្រួល​បួល។ គឺ​ការ​រៀប​ចំ​ដំណេក​អោយ​បាន​សមរម្យ​ស្រួល​បួល​រួម​ទាំង​ការ​ត្រៀម​វត្ថុ​ចាំ​បាច់​ ខ្លះ ពេល​ចូល​ដេក​កុំ​ឲ្យ​ពិបាក​ងើប​ដើរ​ឆ្ងាយទៅ​យក ។ ទំនៀមខ្មែរ​ពី​ដើម មុន​ដេក​ភរិយា ត្រូវ​មូរ​បារី អប់​ទឹក​ផ្តិល​ដាក់​ចុង​ជើង។  ក្នុង​រឿង​សិរី ៣ប្រការ​របស់ធម្មបាលមាណព  ដែល​ដោះ​ប្រស្នាជា​មួយ​កបិល​មហាព្រហ្ម បាន អធិប្បាយថាៈ  ពេល​ព្រឹក​សិរី​នៅ​មុខ  ដូច្នេះ​ត្រូវ​លុប​មុខ,  ពេល​ថ្ងៃ​សិរី​នៅ​ទ្រូង  ត្រូវ​លាប​ស្រឡាប​ដើម​ទ្រូង,  ពេល​ល្ងាច សិរី​នៅ​ជើង  ត្រូវ​លាង​ជើង​មុន​ពេល​ចូលដេក​  ។ ម្យ៉ាង​ទៀតៈ
= មិន​ត្រូវ​កន្លង​ជើង​ប្តី​ឬ​ខ្លួន​ប្តី ព្រោះ​ខ្មែរ​ប្រកាន់​ថា​ប្រុស​ៗ​មានគ្រូបាធ្យាយ កំណើត កាន់ ឬ​បើ​ប្តីជា​អ្នក​រៀន មន្តអាគម ក៏​នឹង​សាប​អស់។
= ត្រូវដេក​នៅ​ខាង​ឆ្វេង​ស្វាមី ឯ​ក្បាលដំណេក គួរដាក់​នៅ​ទិស​ខាង​ត្បូង ព្រោះ « ត្បូង » ប្រែ​ថា​ក្បាល ។
= គួរ​មើល​ឲ្យ​បាន​ច្បាស់​ពេល​ដេក មិន​ត្រូវ​បែរ​ជើង​ទៅ​រកស្វាមី មាតាបិតា ឬ ព្រះពុទ្ធរូប​ទេ ព្រោះ​ដូច​ជា​យើង​យក​ជើង​ទៅ​ធាក់​លោក​អញ្ចឹង ។
= ត្រូវ​ដេកប្រយ័ត្ន​ប្រយែង ក្រែង​លេច​កេរ្តិ៍ខ្មាស់ ឬ​ពេល​ងើប​ពី​ដេក​របូត​សំពត់ ជាដើម ។ ខ្មែរ​មាន​ទំនៀម​ថា  « ប្រពន្ធ​ត្រូវ ដេក​ក្រោយ​ប្តី និង​ភ្ញាក់ មុន​ប្តី​ » ព្រោះ លោក​យល់​ថា ប្តី​ធ្វើ​ការ​នឿយហត់​ពី​ថ្ងៃ ហើយ​ឯ​ប្រពន្ធ​នៅ​ផ្ទះ ដូច្នេះ​ត្រូវ​មើល ខុស ត្រូវ​រៀប​ចំទុក​ដាក់​ចានក្បាន​ឲ្យ​ហើយ, មើល​ទ្វារ​បង្អួច​ក្រែង​បិទ​មិន​ជិត, មើល​ភ្លើង ក្រែង​រាល​ឆេះ ។ល។ លុះ​ភ្ញាក់​ត្រូវ​ភ្ញាក់​មុន ព្រោះ​ម្យ៉ាង ដើម្បី​កុំ​ឲ្យ​ឃើញ​សភាព​មិន រៀបរយ​របស់​សំពត់​ខោ​អាវ​ពេល​ដេក និង​រៀប​ចំអាហា រពេល​ព្រឹក​សំរាប់​ស្វាមី​ផង​​ព្រម​ទាំង​បោសច្រាស​ផ្ទះ​សំបែង​​ឲ្យ​បាន​ស្អាត​បាត​ស្រេច​បាច់​ហើយ ម្យ៉ាង​ទៀត ក៏​មិន​គប្បី​ដេក​កណ្តាល​វាល​ដែរ ត្រូវ​មាន​អ្វី​បិទ​បាំង ឬ​ជាទី​កំបាំង​ភ្នែក​អ្នក​ផង ។

៩) ត្រូវ​បូជា​ភ្លើង ឬ​បំរើ​ភ្លើង ។ ក្នុង​ទីនេះ​បាន​ដល់​ស្វាមី​ដែល​ភរិយា​ត្រូវគោរព​បំរើ ប្រណិប័តន៌ ថ្នាក់​ថ្នម​រួម​ទាំង​ការ បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​ភេទ​ផង​ដែរ ។ ភ្លើង​នេះ​បើ​យើង​បូជា ឬ​បំ់រើ​មិន​ល្អ វា​នឹង​អាច​រលាក ឬ​ឆេះ​ដល់​នាង​ជា ភរិយាពិត ប្រាកដ ។

១០) ត្រូវ​ថ្វាយ​បង្គំ​ទេវតា​ក្នុង​ផ្ទះ។ ទេវតា​ក្នុង​ផ្ទះ​នេះ បាន​ដល់​មាតាបិតា​របស់​ខ្លួន​ក្តី របស់​ស្វាមី​ក្តី ដែល​យើង​នៅ​ជា​មួយ, និង​មួយ​ទៀត បាន​ដល់​គ្រឿង​សក្ការ​បូជា​ក្នុង​ផ្ទះ ដែល​យើង​ជឿ​គោរព​បូជា ។ ការ​បំរើ​មាតា​បិតា ការ​គោរព ប្រណិប័តន៍​លោក ថ្វាយ បង្គំ​លោក រមែង​បាន​នូវ​អានិសង្ស​និង​សេចក្តី​សុខ​ជាពន់​ប្រមាណ ព្រោះ​ព្រះសម្មា សម្ពុទ្ធ ​លោក​បាន​មាន​ពុទ្ធ​ដី​កា​ថាៈ មាតា​បិតា​ជា​ព្រះព្រហ្ម​របស់​កូន​ផង ជា​ទេវតា ដើម​ផង ជា​គ្រូ​ផង និង​ជា​អហុនេយ្យ​បុគ្គល របស់​កូន​ផង កូន​ណា​គោរព​បូជា បុណ្យ រមែង​កើត​ដល់​កូន​ប្រុស​ស្រី​នោះ​មិនដាច់ ។

ក្រៅ​ពី​ឱវាទ​ទាំង ១០ នេះ នៅ​មាន​ឱវាទផ្សេង​ៗ​ទៀត​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា ពាក្យ​ទូន្មាន​ចំពោះ​ស្ត្រី​ដែល​នឹង ត្រូវ​មាន​ស្វាមី ។ ជា​ពិសេស នៅ​ក្នុង​រឿង​វិធូរបណ្ឌិត ជាតក នៅ​ពេល​ដែល​នាង​វិមលា ដែល​ជា​មហេសី​ស្តេច​នាគ​ផ្តាំដល់​បុត្រី គឺ​នាង ឥរន្ទវតី មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ស្វាមី​​គឺ​បុណ្ណកយក្ស។អ្នក​ប្រាជ្ញបណ្ឌិត​យើង បាន​រៀបរៀង​តែង​ពាក្យ​កាព្យ​ឡើង​ឈ្មោះ​ថា « ច្បាប់ស្រី » មាន​លំនាំ​ជាបទ ភុជង្គ លីលា ដែល​ខ្មែរ​យើង​និយម​អោយ​កូន​ស្រី ទន្ទេញ​ណាស់ ។​

ដំណើរ​រួម​រស់​នៃ​ស្វាមី​ភរិយា មិន​មែន​សំរាប់​តែ​សេចក្តី​សុខ​ស្រួល​ទាំង​ផ្លួវកាយ​ទាំង ផ្លូវចិត្ត​នៅ​ក្នុង​ផ្ទះ​មួយ​ជា​មួយ គ្នា​ប៉ុណ្ណោះ​ទេ ។ គូ​ស្វាមី​ភរិយា ត្រូវ​ចេះ​ឆ្លៀត​ទាញ យក​ប្រយោជន៍​អំពី​ភាព​ស្និទ្ធស្នាល​នៃ​ការ​រួមរស់​ជាមួយ​គ្នា​នេះ ជួយ​ណែនាំ រំលឹក ដាស់​តឿន​គ្នា​ឲ្យ​បណ្តុះ​ចិត្ត​គំនិត​មាន​ជំនឿ​ក្នុង​ព្រះសាសនា, ឲ្យ​ចេះ​ប្រយ័ត្ន មិន បណ្តោយ​ឲ្យ​ធ្លាក់​លង់​ទៅ​ក្នុង​អបាយ​មុខ​ណា​មួយ មាន ស្រី ស្រា ល្បែងភ្នាល់ ការ សេពគប់​រក​មនុស្ស​អាក្រក់​ជា​មិត្ត ជា​ដើម​ដែល ជា​ហេតុ នាំ​ឲ្យវិនាស​ទាំង​ទ្រព្យ ទាំង ខ្លួនប្រាណ ។

មាន​ស្វាមី​ភរិយា​ចំណាស់​មួយ​គូ ដែល​ជាប់​ឈ្មោះ​ថា​ជា​ស្វាមីភរិយា​ឧត្តម​បាន​ទៅ ថ្វាយ​បង្គំ​ព្រះពុទ្ធ ហើយ​​ទូល​សួរ ថាៈ បពិត្រពះ​អង្គ​ដ៏​ចំរើន យើង​ខ្ញុំព្រះករុណា​បាន គ្នា​ជា​ប្តីប្រពន្ធ ក្រោយ​ពេល​ដែល​បាន​ស្គាល់​គ្នា​តាំង​ពី​នៅ​ក្មេងៗ ដូចគ្នា ហើយយើង ខ្ញុំ​ស្គាល់​តែ​សេចក្តី​សុខ​ពុំ​ដែល​មាន​រឿង​ហេតុ​មោះ​ហ្មង​អ្វី​នឹង​គ្នា​ម្តង​ណា​ទេ។ សូម​ព្រះ អង្គ​មេត្តា​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង ថា​តើ​យើង​ខ្ញុំត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​អាច​នឹង​បាន ជួប​គ្នាទៀត​នៅ​ជាតិក្រោយ ។

ព្រះពុទ្ធទ្រង់​ត្រាស់​តប​ប្រកប​ដោយ​គតិ​បណ្ឌិត​ថាៈ
បើ​អ្នក​ទាំង​ពីរ​មាន​ជំនឿសាសនា​ដូច​គ្នាបេះបិទ (សមសទ្ធា),​ បើ​អ្នក​ទាំង​ពីរ​ទទួល យក​សេចក្តី​ទូន្មាន​ព្រះសាសនា​តាម​របៀបដូច​គ្នា​បេះបិទ (សម​សីលា), បើ​អ្នក​ទាំង ពីរ​សាងកុសល​ទាន​ដូចគ្នា (សមចាគា), បើ​អ្នក​ទាំងពីរ​មាន​ការសិក្សា​អប់រំ និង​វៃឆ្លាត ប្រហាក់ប្រហែល​គ្នា (សមបញ្ញា)... ទៅ​ជាតិ​ក្រោយទៀត អ្នក​ទាំង​ពីរ​នឹង​បានប្រកប ដោយ​ចិត្ត​ដូច​គ្នាទៀត ពោល​គឺ នឹង​អាច​ជួបគ្នា​គ្រប់​ៗ​ជាតិ​ជា​មិន ខាន។

ដក​ស្រង់​រៀបរៀង​និង​និពន្ធ​ដោយ​លោក ឱម ខែម​
(១) ឱវាទ ១០ យ៉ាង​របស់​ធនញ្ជ័យ​សេដ្ឋី ដែល​ផ្តាំ​ចំពោះ​នាងវិសាខា នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​នៅ​ខាង ស្វាមីនាង, ជាឱវាទ ទាក់​ទង​ទៅ​នឹង​ចរិយារ​បស់​ភរិយា, សូម​នាំ​មក​ចុះ​ជា​គតិ​ជូន​ព្រោះជា​របស់​មាន​សារៈ សំខាន់ ហើយ​ក៏​ជាទីនិយម​បំផុត​នៃ​វប្បធម៌ និង​អរិយធម៌ខ្មែរ។

ប្រភពៈ http://www.5000-years.org/

រឿងកូន៤នាក់មិនបំរើឪពុក


ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។

លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញរហូតដល់ស្លាប់។ ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រឡាញ់​បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។ កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយមេខ្លះគិតថា ប្រហែលប្អូនគេឲ្យហើយ មេខ្លះគិតថា បងឯណោះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន ១ពេលក៏មាន។

វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់។ ចំណែកតា ពោះម៉ាយ អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង ហើយគ្មានជ្រកនៅផង។ កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្ត សប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចក៏ឥឡូវលោកតា​វេទនាខ្លាំងម៉េ្លះ។ ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ទៅ៤នាក់ដែរឫមេ្តចក៏កូននោះវាមើលបំណាំមិនថែទាលោកត សោះ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរ​ឬមេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើប្រាស់ ?» តាចាស់ប្រាប់ទៅវិញថា "ឱហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន​ ប៉ុនែ្តតាអាណិតស្រលាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។ គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត។ វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូលដែរ។ ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសំរក់ទឹកភែ្នកជោកខ្នើយអស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ។ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថៃ្ងស្លាប់ទេ»។ ចៅកំលោះលាន់មាត់ថា «យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំភ័យ។ មានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាម ឲ្យលោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោមឲ្យពេញហើយរក កំណាត់សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ។ លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថៃ្ងខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ»។ តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់។

លុះបានប្រហែល៥ថៃ្ង សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់។ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផែ្លឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ថៃ្ង ពុំមានខ្វះថៃ្ងណាមួយឡើយ។ តាចាស់បានសះជារោគមានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខ កាយសប្បាយចិត្ត តាំងពីថៃ្ងនោះមករហូតដល់អស់អាយុ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀមរួចស្រេច កូនទាំង៤នាក់ និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុនែ្តក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក។ លោកគ្រូនោះទទួលព្រម ប៉ុនែ្តគាត់លឺថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែកដែរ ហើយគាត់គិតក្នុងចិត្តថា «គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង»។ គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូត ក្បាលធំទើងមើងធ្វើឲ្យខូងកណ្តាល​ដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភែ្ននលើដី រាបរលីង ធេ្មចភែ្នកសង្រួមស្មឹងស្មាធិ៏ ឈរមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក។ ប៉ុនែ្តគាត់ហាមថា កុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិន។ លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរគ្រប់ទិសទាំង៤ ធេ្មចភែ្នកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើក្បាលគាត់។ បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់។ កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ ភរិយាទាំង4នាក់ឈរកាន់កញ្ជើររៀងខ្លួន ចាំកើប។ ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ និមិត្ត តែគេលើកពាងបិទទូលរួច ស្រាយមាត់ពាង​ផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួប ហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត។ លោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះកគ្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល។ ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា »ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញ់អស់ដូចេ្នះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន» លោក គ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទនេ្លប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ។

ប្រភពៈ និទានព្រេងខ្មែរ