Tuesday, March 20, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១២)



“…ពេលចិត្តរបស់យើងស្ងប់ហើយ កុសលធម៌ទាំងឡាយទាំងពួង ក៏រួមប្រជុំចុះនៅក្នុងចិត្តដែលបានស្ងប់នោះឯង ព្រោះដូច្នោះអ្នកប្រតិបត្តិត្រូវប្រតិបត្តិអ្វី? គឺប្រតិបត្តិចិត្តនោះឯង គឺធ្វើចិត្តឲ្យស្ងប់ ធ្វើចិត្តឲ្យស្រឡះ ធ្វើចិត្តឲ្យបរិសុទ្ធ ។ ចិត្តបរិសុទ្ធពោលគឺសេចក្ដីស្ងប់ហ្នឹងឯង ។

ខាងដើមដែលត្រូវធ្វើចិត្តឲ្យស្ងប់ ក៏មិនឲ្យគិតអ្វីច្រើន គឺឲ្យភាវនា ។ ការភាវនាក៏មិនឲ្យគិតអ្វីច្រើនដែរ ឲ្យយកគុណព្រះពុទ្ធ មាន ពុទ្ធោ មកចម្រើន ។ មុននឹងចូលដល់ភាវនា យើងត្រូវកាត់ផ្ដាច់អារម្មណ៍ដែលនៅខាងក្រៅចេញឲ្យអស់សិន គឺថា មិនត្រូវបញ្ជូនអារម្មណ៍ចេញទៅខាងក្រៅឡើយ ។ អារម្មណ៍ដែលបានបញ្ជូនទៅខាងក្រៅ វាទៅតាក់តែង ទៅបង្កទៅបង្កើត រកទីបញ្ចប់គ្មាន ម្លោះហើយចិត្តរបស់យើងក៏មិនស្ងប់ ។

ព្រោះដូច្នោះ មុនដល់ការចម្រើនភាវនា យើងត្រូវកាត់ផ្ដាច់អារម្មណ៍ខាងក្រៅចេញឲ្យអស់ មិនចាំបាច់បញ្ជូនក្រសែចិត្តឲ្យទៅខាងក្រៅឡើយ ឲ្យបែរមកមើលចិត្តរបស់ខ្លួនយើង នៅក្នុងចិត្តរបស់យើង តម្កល់សតិឲ្យនៅក្នុងចិត្ត ហើយបរិកម្ម ឲ្យចិត្តជាអ្នកបរិកម្ម មិនត្រូវគិតអ្វីច្រើនទេ ឲ្យចម្រើន ពុទ្ធោ តែម្យ៉ាងគត់ក៏បាន តែថា ឲ្យចិត្តជាអ្នកបរិកម្មខ្លួនឯង ឲ្យចិត្តជាអ្នកដឹង មិនត្រូវបើកមាត់ថាឡើយ ។
  
  វិធីអង្គុយចម្រើនឬបរិកម្ម អង្គុយពែនភ្នែនបែបសមាធិក៏បាន អង្គុយបត់ជើងក៏បាន ត្រូវយកជើងស្ដាំដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង តម្កល់កាយឲ្យត្រង់ ហើយបិទភ្នែក រួចក៏មើលចិត្តៗនោះឯងជាអ្នកដឹង ។

ចិត្តអ្នកដឹងឲ្យមានជាប្រចាំ នៅក្នុងខ្លួនមនុស្សយើងគ្រប់រូប មិនចាំបាច់ទៅរកកន្លែងនានា កម្កល់ចិត្តឲ្យនៅក្នុងចិត្ត តម្កល់សតិឲ្យនៅក្នុងចិត្ត ឲ្យចិត្តជាអ្នកបរិកម្ម មិនត្រូវគិតអ្វីច្រើនទេ ឲ្យគិតតែ ពុទ្ធោ ប៉ុណ្ណោះ ហើយបរិកម្មថា ពុទ្ធោៗ ៗ រហូតទាល់តែចិត្តរបស់យើងស្ងប់ចុះ…”

អប់រំដោយ
លោកឪ អតុលោ

Sunday, March 18, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១១)



“…ខ្លឹមសារពិតរបស់ធម៌ឋិតនៅត្រង់សតិ ចូរព្យាយាមធ្វើសតិឲ្យចាស់ក្លា ធ្វើយ៉ាងណាកុំឲ្យសតិភ្លាំងភ្លាត់ កុសល និងធម៌ទាំងឡាយ គុណសម្បត្តិទាំងឡាយដែលកើតឡើងបាន ព្រោះបុគ្គលអ្នកមានសតិតែម្យ៉ាង នឹងគិត នឹងនិយាយ នឹងធ្វើ ឲ្យមានសតិរលឹកនឹកដល់ជាមុនសិន វាខុសក៏ឲ្យដឹង វាត្រូវក៏ឲ្យដឹង ទើបចាំធ្វើ…”

អប់រំដោយ
លោកឪ  អនាលយោ

Saturday, March 17, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១០)



“…រឿងដែលយើងពេញចិត្ត គាប់ចិត្ត គឺជារឿងដែលយើងត្រូវប្រុងប្រយ័ត្ន ព្រោះវាធ្វើឲ្យយើងមានសេចក្ដីប្រមាទ  ពេលយើងមានសេចក្ដីទុក្ខ វាមានសេចក្ដីព្យាយាមដោយធម្មជាតិស្រាប់ទៅហើយ ដែលត្រូវព្យាយាមរើបម្រះចេញពីសេចក្ដីទុក្ខនោះៗ ប៉ុន្តែពេលដែលយើងមានសេចក្ដីសុខវិញ វាចូលទៅកៀកកើយ ចូលទៅតោងប្រកាន់ ចូលទៅឈ្លក់វង្វេង ធ្វើឲ្យយើងកើតមានសេចក្ដីប្រមាទច្រើនឡើង របស់ទាំងនេះកើតមានឡើងជាបណ្ដោះអាសន្នប៉ុណ្ណោះ ប្រសិនបើយើងលង់វង្វេងវាៗក៏នាំសេចក្ដីទុក្ខនោះមកឲ្យខ្លួនយើងប៉ុណ្ណោះឯង…”

អប់រំដោយ
ព្រះផៃសាល វិសាលោ


ន័យស្នាមញញឹមទាំង ៧ ប្រការ



រាត្រីសួស្ដីប្រិយមិត្តអ្នកអាន ស្រស់បស់ស្រស់ស្រាយ
សុខទាំងកាយសប្បាយទាំងចិត្ត ជួបតែរឿងល្អៗ
គិតចង់បានអ្វីសូមឲ្យសម្រេចដូចចិត្តប៉ងប្រាថ្នា
បំពេញកិច្ចការងារអ្វីក៏ប្រព្រឹត្តទៅរលួនល្អ
ទាំងការសិក្សាក៏បានជោគជ័យ ។

យប់ថ្ងៃនេះ សូមនាំន័យក្នុងការញញឹមមកសរសេរ
ដើម្បីបានជាអត្ថប្រយោជន៍សម្រាប់ខ្លួន ក្នុងពេលខ្លួនមានការខកចិត្ត
បាក់ទឹកចិត្ត ជួបក្ដីវិបត្តិ ទាស់ចិត្ត ដែលខ្លួនយើងម្នាក់ៗ មិនចង់ជួប
មិនចង់ឮ និងនឹកស្មានមិនដល់ ដូចខាងក្រោម

ន័យស្នាមញញឹមទាំង ៧ ប្រការ
ទុកណាជាមានប្រាក់ក៏មិនអាចទិញបានដែរ
..... ពេលត្រូវយកប្រៀប
ញញឹមដោយមិនញាប់ញ័រ គឺចិត្តទូលាយ
..... ពេលត្រូវគេយល់ច្រឡំ
ញញឹមតិចៗ គឺវុឌ្ឍិភាវៈ
..... ពេលត្រូវគេធ្វើមិនត្រឹមត្រូវ
ញញឹមស្រាលៗ គឺចិត្តធំ
..... ពេលត្រូវគេគៀបសង្កត់ទ័លតម្រិះ
ញញឹមដោយមិនអស់សង្ឃឹម គឺចក្ខុវិស័យវែងឆ្ងាយ
..... ពេលធ្លាក់ក្នុងក្ដីវិបត្តិ
ញញឹមដោយស្ងប់ គឺភាពជាក់លាក់
... ពេលត្រូងគេមាក់ងាយ
ញញឹមស្ងៀម គឺភាពជឿជាក់លើខ្លួនឯង
... ពេលជួបឧបសគ្គ
ញញឹមដោយព្រមទទួល គឺការមើលលោកនេះក្នុងផ្លូវវិជ្ជមាន




គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៩)



“…ធម្មៈភ្លឺច្បាស់ឡើងមកឯកឯង មិនមានតួខ្លួន ឃើញច្បាស់ថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនថា ជាបរមត្ថធម៌ ។ វត្ថុសន្មតឡើងគ្រប់យ៉ាង វាជារបស់ធម៌ទាំងអស់ មិនមែនរបស់អ្នកណាមួយ ព្រះពុទ្ធជាម្ចាស់ក៏មិនបានប្រកាន់យកធ្វើជាម្ចាស់ ព្រះអរហន្តទាំងឡាយក៏មិនបានធ្វើជាម្ចាស់ ព្រះសព្វញ្ញូពុទ្ធ ព្រះបច្ចេកពុទ្ធ សាវកពុទ្ធ ក៏មិនបានធ្វើជាម្ចាស់ ។  វាមិនមែនតួខ្លួនទេ ធម៌ទៅវិញទេដែលទ្រង់ទុក គង់នៅរក្សាក្នុងចិត្តរបស់ខ្លួន និយាយគ្នាតែពីរឿងបរិយត្តិ បដិបត្តិ មិនមានអ្នកឈ្នះអ្នកណា វាជាប់នៅក្នុងការសន្មតបញ្ញត្តិទៅវិញទេតើ ។ ទុក្ខកើតជាមួយចិត្តនោះឯង សមុទ័យកើតឡើងជាមួយចិត្តនោះឯង និរោធសច្ចកើតឡើងជាមួយចិត្តនោះឯង និព្វានសម្បត្តិលើនាម និងរូប ។
រូបរាងកាយវាចាស់ទ្រុឌទ្រោមគ្រាំគ្រាទៅ តែធម្មាមិនចាស់ រូបរាងកាយនឿយ តែធម្មៈមិននឿយ រាងកាយយើងនេះអាស្រ័យធាតុ ៤ ប៉ុណ្ណោះ វាត្រូវថ្នាំពុល ថ្នាំធុញទ្រាន់ វាក៏សម្ដែងឲ្យឃើញនូវអាការៈផ្សេងៗ ចំណែកចិត្តវាមិនបានត្រូវឡើយ វាមិនកើតអ្វីទេ ព្រោះហេតុតែកាយនិងចិត្តវាមួយរឿងម្នាក់ រួមគ្នាមិនបាន ។
រាងកាយរបស់លោកឪក៏ដូចគ្នា ហេតុអ្វីវាមិនឈឺចាប់ តែចិត្តទៅវិញទេដែលមិនឈឺចាប់ជាមួយរូបរាងកាយប៉ុណ្ណោះ រាងកាយលោករលត់ទៅ ព្រោះអស់ព្រះជន្មាយុ វាអស់ទៅគ្រប់ខណៈចិត្ត កើតក្នុងខណៈនោះ ចិត្តផុតពីបច្ចុប្បន្ន ផុតពីការកើត ចាស់ ឈឺ ស្លាប់ផងដែរ ។
អើ!, វាទៅផ្លូវនេះឯង ទៅផ្លូវកាយនិរោធ ចិត្តនិរោធ មិនត្រូវទាក់ទាមខាងមុខខាងក្រោយ បច្ចុប្បន្នក៏មិនទាក់ទាម ធម្មៈគង់រក្សានៅដូចដើម ធម្មៈគង់នៅជាធម្មជាតិដដែល វាចាស់ឯណាកើត បើវាមិនកើតមិនស្លាប់ តើឲ្យវាចាស់បានយ៉ាងម៉េច? ធម្មៈជាធម្មជាតិនេះ វាមិនមែននៅលើស្បែកមនុស្ស សត្វ មិនមែនភ្នំ ព្រៃឈើ វាផុតនាមផុតរូបទៅហើយ វាកើតជាធម្មៈបាន ។
ធម្មៈមកពីណា? ក៏មកពីធម៌ មកពីមនុស្សធម៌ ទេវធម៌ ព្រហ្មធម៌ មកពីអរិយមគ្គ ៤ អរិយផល ៤ យើងកើតឡើងមកពីការផ្សំផ្គុំគ្នារវាងធាតុ ៤ ដី ទឹក ភ្លើង ខ្យល់ អាកាស ជាឧករណ៍របស់យើង ឲ្យជាមគ្គជាផលបាន មនុស្សធម៌ ទេវធម៌ ព្រហ្មធម៌ និងលោកុត្តរធម៌ ។ លោកុត្តរធម៌ វាស្ថិតនៅត្រង់ចិត្តតែមួយ ចិត្តនេះឯងវាទទួលធម៌ ក្រៅពីកាយនិងចិត្តហើយ នឹងទៅទទួលនៅឯណាបាន……?

អប់រំដោយ
លោកឪ ថាវរោ


និយាយល្អយល់ងាយ និយាយអាក្រក់យល់លំបាក



មនុស្សឆ្លាតហើយ មិនចាំបាច់អប់រំប្រដៅថាច្រើនទេ
បើមនុស្សមិនឆ្លាតវិញ អប់រំប្រដៅថាច្រើនប៉ុនណាវាក៏មិនសូវបានសាច់ការ
តែវាមានការពាក់ព័ន្ធជាមួយមនុស្សទាំងពីរពួកនេះដែរ ។

ភាគច្រើន មនុស្សយើងពេលមិនសប្បាយចិត្ត ទើបអប់រំទូន្មាន
ដូចយ៉ាងយើងអប់រំកូនចៅយើង យើងខឹងសម្បារហើយទើបអប់រំប្រដៅថា 
មានជេរស្តីថាដាក់ឲ្យគ្នាប៉ុណ្ណឹងឯង
មិនព្រមអប់រំទូន្មានគ្នាល្អៗទេ មនុស្សចិត្តមិនល្អ ទៅអប់រំទូន្មានគ្នាធ្វើអ្វី ។

អាត្មាថា យល់ល្អកុំទៅអប់រំទូន្មានក្នុងពេលនោះអី ទុកឲ្យចិត្តវាសប្បាយសិនទៅ
វាមានកំហុសយ៉ាងណា ទុកមួយអន្លើសិនទៅ ឲ្យវាចិត្តល្អ ចិត្តសប្បាយសិន ។

នេះញាតិញោមចាំទុកថា អាត្មាតាមសង្កេតមើល
ញាតិញោមអប់រំកូនតែពេលដែលខ្លួនខឹងមួម៉ៅប៉ុណ្ណោះ
វាក៏ឈឺចិត្តណាស់ដែរ យករបស់មិនល្អឲ្យគេ គេនឹងយកធ្វើអ្វី?
ខ្លួនយើងក៏កើតទុក្ខ កូនយើងក៏កើតទុក្ខ នេះវាកើតមានសភាពយ៉ាងនេះ ។

មនុស្សយើងចូលចិត្តល្អៗគ្រប់គ្នាហ្នឹងឯង
តែអំពើល្អយើងមិនល្មមផ្ដល់ឲ្យ អំពើល្អវាមិនមានពេល
មិនស្គាល់តួនាទី មិនស្គាល់កាល វាក៏កើតឡើងទៅមិនបាន  បែបនេះក៏ដូចគ្នាទាំងអស់ ។

អាហារដែលមានឱជារសឆ្ងាញ់ យើងត្រូវទទួលទានតាមមាត់ វាទើបបានកើតជាប្រយោជន៍
សាកយកញាត់ដាក់តាមរន្ធត្រចៀកលោមើល តើកើតបានជាប្រយោជន៍ទេ?
អាហារដែលមានឱជារសឆ្ងាញ់ នឹងបានជាប្រយោជន៍ទេ?
មនុស្សយើងវាមានទ្វារដូចគ្នា ត្រូវចូលរកទ្វារ គ្រប់គ្នាក៏មានយ៉ាងនោះអ៊ីចឹងដែរ ។

អប់រំដោយ
លោកឪ ឆា សុភទ្ទោ

Thursday, March 15, 2018

ស្អាតបំផុត ៤ ខ



អ្នកប្រាជ្ញចិនម្នាក់ពោលថា
១) កែវភ្នែកដែលស្អាតបំផុតគឺ កែវភ្នែកដែលសម្លឹងមើលរឿងល្អៗក្នុងខ្លួនអ្នកដទៃ
កែវភ្នែកជាវត្ថុមួយចំបាច់ណាស់ បើសិនយើងប្រើវាបានល្អ វាក៏នាំសេចក្ដីសុខមកដល់ខ្លួនយើង បើសិនយកភ្នែកនេះទៅសម្លឹងមើលរឿងមិនល្អក៏នាំទុក្ខមកដាក់ខ្លួន ។ ដូច្នេះ ដើម្បីឲ្យខ្លួនយើង និងអ្នកដទៃមានសេចក្ដីសុខ យើងម្នាក់ៗត្រូវមើលវត្ថុណាដែលវិជ្ជមានសម្រាប់ខ្លួនយើង មើលក្នុងលក្ខណៈរិះគន់ស្ថាបនា ចិត្ត គំនិត កាយ វាចារបស់យើងឲ្យបានល្អ មានសណ្ដាប់ធ្នាប់ ជាដើម ។
២) ដៃដែលស្អាតបំផុតគឺ ដៃដែលទាញបុគ្គលដែលដួលចុះឲ្យក្រោកឡើង
ដៃយើងមានសារៈសំខាន់មួយ ក្នុងការរៀបចំចាត់ចែងក្នុងកិច្ចការទាំងឡាយទាំងពួង ដៃជាអវយវៈមួយក្នុងការលើកដាក់វត្ថុនានា និងចាប់ចំណីអាហារ និងបំពេញមុខងារជាច្រើនទៀត ជាពិសេសដៃមួយនេះ អាចជួយកិច្ចធុរៈធ្ងន់ស្រាលរបស់ខ្លួននិងអ្នកដទៃ ដើម្បីបានជាប្រយោជន៍ច្រើនយ៉ាង បើសិនយើងម្នាក់ៗចេះប្រើដៃមួយនេះ វៀរលែងទៅវាយ ទៅលួចទៅឆក់ទៅប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃ ។ ដៃនេះអាចចាប់គ្នាកសាងមិត្តភាពមេត្រីភាព សាមគ្គីគ្នារវាងគ្នានិងគ្នា ប្រទេសនិងប្រទេស ជាដើម ។
៣) ជើងដែលស្អាតបំផុតគឺ ជើងដែលឈានទៅដោយមានសតិ និងបញ្ញា
ជើង ដែលនាំខ្លួនរបស់យើង ឲ្យមានចលនារំកិលទៅមុខឬថយក្រោយ យើងអាចធ្វើដំណើរទៅទីជិតទីឆ្ងាយបានដោយសារជើង ទៅបំពេញកិច្ចការទាំងឡាយបានដោយសារជើង តែជើងនេះក៏អាចនាំឲ្យយើងផុងខ្លួនធ្លាក់ចូលទៅក្នុងអបាយមុខ មានដើរលេងយប់ ដើរលេងប៉ោឡែ មិនបានបំពេញកិច្ចការនាំឲ្យបង់ខាតប្រយោជន៍នេះក៏មានច្រើនដែរ ។ ដូច្នេះ យើងម្នាក់ៗត្រូវចេះប្រើជើងដើរទៅកាន់ទីណាដែលមានប្រយោជន៍ មានសេចក្ដីសុខប្រាសចាកដើរទៅទាត់ទៅធាក់អ្នកដទៃ ដើរត្រូវបុ្រងប្រយ័ត្ន ត្រូវមានស្មារតីជានិច្ច កន្លែងណាមិនគួរទៅ កុំទៅឡើយ ។
៤) មាត់ដែលស្អាតបំផុតគឺ មាត់ដែលនិយាយដោយក្ដីស្រឡាញ់ និងក្ដីមេត្តា
មាត់ដែលហាឡើង ជួនកាលមានសុខ ជួនកាលមានទុក្ខមកដាក់ខ្លួន មាត់អាចប្រើឲ្យមនុស្សជាតិចេះសាមគ្គី មាត់ប្រើទៅអាចបែកបាក់សាមគ្គីគ្នា មាត់អាចប្រើលើកកម្លាំងចិត្ត មាត់អាចប្រើទៅធ្លាក់កម្លាំងចិត្ត បើមិនចេះប្រើធ្វើឲ្យគេស្អប់ បើចេះប្រើធ្វើគេស្រឡាញ់ ឲ្យគេជួយយកអាសា ។ ដូចនេះ មាត់ពិតជាមានឥទ្ធិពលលើទង្វើទាំងឡាយ ក្នុងការស្ដារទំនាក់ទំនងគ្នា និងអាចនាំមកនូវសុខភាពផ្លូវកាយ-ចិត្តបានល្អ ព្រោះមាត់ចេះទទួលទានវត្ថុដែលល្អៗ ចេះនិយាយពាក្យល្អៗ ដែលមានប្រយោជន៍សម្រាប់ខ្លួន និងអ្នកដទៃ ក៏ដូចជាប្រទេសមាតុភូមិរបស់ខ្លួនជាដើម ។ល។…

Tuesday, March 13, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៨)



“…ព្រះពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់ត្រាស់ដឹងបានក៏ព្រោះតែព្រះអង្គចម្រើនព្រះអានាបានស្សតិ ត្រួតមើលខ្យល់ដង្ហើមចេញ-ចូលប៉ុណ្ណោះ ព្រះអង្គមិនឲ្យចេញ ឲ្យត្រួតមើលនៅត្រង់នោះ ចូលក៏ដឹងចេញក៏ដឹងនៅត្រង់នោះ សាសនាវាកើតឡើងយ៉ាងនោះឯង មិនបានកើតពីការតាក់តែងលំអអ្វី នេះមិនត្រួតមើលខ្លួនឯង ទៅមើលឯអ្នកដទៃ ឲ្យមើលត្រូវចិត្តសាមីខ្លួនឯង អ្នកណាធ្វើអ្វីក៏ឲ្យត្រូវចិត្តសាមីខ្លួនឯង ហ្នឹងហើយរឿងកិលេស តណ្ហា ចូលមើលទៅវា ក៏ដូចជាការមើលឃើញខ្លួនឯង ។

ធម៌របស់ព្រះពុទ្ធជាម្ចាស់ បើមិនបានចំរើនភាវនាយក ពុទ្ធោ មកជាអារម្មណ៍ទេ ចិត្តក៏គិតរឿយប៉ើយតាមលោកតាមសំសារៈ បើចិត្តវាមិនប្រព្រឹត្តទៅហើយ ជួលវាឲ្យទៅក៏វាមិនទៅដែរ ត្រង់នេះហៅថា ភាវនាមយបញ្ញា ។ នានាចិត្តំ ចិត្តរបស់បុគ្គលម្នាក់ៗវាមិនដូចគ្នាទេ អ្នកណាធ្វើអ្នកនោះបាន អ្នកណាហ្ន៎ នឹងធ្វើឲ្យគ្នាបាន មានតែចង្អុលប្រាប់បង្ហាញផ្លូវ បង្ហាញវិធី បង្ហាញមធ្យោបាយប៉ុណ្ណោះ ។ ព្រះពុទ្ធជាម្ចាស់ ព្រះអង្គមានតែប្រាប់ផ្លូវប៉ុណ្ណោះ សេចក្ដីព្យាយាមញ៉ាំងប្រយោជន៍ឲ្យសម្រេចបាន មានតែពួកយើងគ្រប់គ្នាប៉ុណ្ណោះ ដែលត្រូវធ្វើ…”

អប់រំដោយ
លោកឪ លី កុសលធរោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៧)



“…ពេលធ្វើល្អក៏បានផលល្អភ្លាម ពេលធ្វើអាក្រក់ក៏បានផលអាក្រក់ឡើងភ្លាម ។ ផលល្អផលអាក្រក់ដែលបានធ្វើភ្លាមៗនេះ គឺជាសភាវៈមនុស្សល្អ សភាវៈមនុស្សអាក្រក់ ។ ពេលធ្វើល្អក៏បានជាមនុស្សល្អ ពេលធ្វើអាក្រក់ក៏បានជាមនុស្សអាក្រក់ភា្លម ខ្លួនដឹងឬមិនដឹង អ្នកដទៃដឹងឬមិនដឹង ក៏ឥតមានអ្វីផ្លាស់ប្ដូរសច្ចភាព ដែលបានពោលមកនេះដែរ ។ តែថា ផលដែលជាមនុស្សល្អ មនុស្សអាក្រក់នេះ ជារបស់ល្អិតល្អន់ណាស់ បើមិនប្រើប្រាស់បញ្ញាក្នុងការគិតពិចារណាទេ សូម្បីតែខ្លួនឯងក៏មិនដឹងដែរ…”

អប់រំដោយ
ព្រះញាណសំវរ

សេចក្ដីសុខកើតងាយ កាលបើយល់វិធីគ្រប់គ្រងខួរក្បាល



១) ព្យាយាមហាត់ប្រាណ
២) ព្យាយាមធ្វើសមាធិ និងចម្រើនសតិរាល់ថ្ងៃ
៣) ទទួលទានបន្លែផ្លែឈើឲ្យបានច្រើនរាល់ថ្ងៃ ទទួលទានត្រី និងអាហារសមុទ្រ(ដែលមានអូមេកា៣) ឲ្យបានជាប្រចាំ
៤) ទទួលដំណេកឲ្យបានគ្រប់គ្រាន់
៥) ព្យាយាមរៀនដឹងរឿងរ៉ាវថ្មីៗដែលបានកំពុងកើតឡើង
៦) ហ្វឹកហ្វឺនប្រើខួរក្បាលឲ្យបានញឹកញាប់
៧) ព្យាយាមគិតល្អ និយាយល្អ និងធ្វើល្អ
៨) ចៀសវាងវត្ថុបំផ្លិចបំផ្លាញហ្សែល្លខួរក្បាល ។




គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៦)



“…ទឹកកខ្វក់នោះ យើងមិនចាំបាច់បាចវាចេញទេ គ្រាន់តែយើងបង្ហូរទឹកស្អាតឲ្យច្រើនចូលទៅ វាក៏រុញច្រានទឹកស្អុយកខ្វក់នោះឲ្យចេញទៅបានយ៉ាណា  និស្ស័យអាក្រក់របស់មនុស្សយើងក៏ដូចគ្នា គ្រាន់តែបន្ថែមបំពេញកម្លាំងចិត្តឲ្យស្អាតផូរផង់ប៉ុណ្ណោះ វាក៏អាចកំចាត់បង់និស្ស័យអាក្រក់របស់យើងបានដោយស្រួលក៏យ៉ាងនោះដែរ…”

អប់រំដោយ
តេ.ផៃសាល វិសាលោ

រស់ដើម្បីស្ថាបនាកម្ម មិនមែនរស់ដើម្បីប្រើកម្មទេ



ត្រង់ការលើកឃ្លានេះមកនិយាយ
ចង់ប្រាប់ជម្រាបជូនថា យើងត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ
ចំពោះកម្មដែលបានញែកចេញជា ៣ ផ្នែក គឺ
កម្មចាស់-កម្មថ្មី-កម្មខាងមុខ (អនាគត)
សូមសរុបវិធីប្រតិបត្តិដែលត្រឹមត្រូវចំពោះកម្មទាំងបីចំណែកនេះថា

កម្មចាស់ (ក្នុងអតីត) ដែលបានកើតកន្លងផុតទៅហើយ
យើងធ្វើមិនបាន ប៉ុន្តែយើងគួរដឹង គួរជ្រាប គួរយល់
ដើម្បីបានចំណេះចេះដឹងទាំងនោះមកប្រើជាប្រយោជន៍ ជាមធ្យោបាយ
ក្នុងការដោះស្រាយកែតម្រូវកម្មថ្មីឲ្យកាន់តែប្រសើរឡើងថែមទៀត ។

កម្មថ្មី (ក្នុងបច្ចុប្បន្ន) គឺកម្មដែលយើងធ្វើបាន ធ្វើកើត ហើយនិង
ត្រូវតាំងចិត្តធ្វើឲ្យល្អបំផុត ត្រង់ចំណុចនេះជាគោលការណ៍សំខាន់ ។

Wednesday, March 7, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៥)



“…អំពើល្អមាននៅត្រង់ខ្លួនយើងនេះឯង ដែលបានក្លាយជាមនុស្សល្អឡើង ព្រោះបានធ្វើល្អ ។ ពេលណាចង់មើលមុខមាត់មនុស្សល្អ ក៏ចូរឆ្លុះកញ្ចក់មើលមុខមាត់ខ្លួនយើងផ្ទាល់ នឹងមានចិត្តអារម្មណ៍ស្រស់ថ្លាដែលកប់លាក់នៅក្នុងផ្ទៃមុខ ក្នុងក្រសែភ្នែកដែលឆ្លុះបញ្ចាំងទៅដល់ចិត្តល្អខាងក្នុង ដែលអាចមានបីតីចិត្តក្នុងអំពើល្អជារបស់ខ្លួនយ៉ាងក្រៃលែង ។

តែបើខ្លួនរបស់យើងគ្រប់គ្នាធ្វើអំពើអាក្រក់មានប្រការផ្សេងៗ បង្កឲ្យកើតទុក្ខក្ដៅក្រហាយ វិនាសហិនហិចទៅដល់អ្នកណាមួយ នឹងមានពាក្យត្មះតិះដៀលរិះគន់និន្ទា ព្រោះតែការធ្វើអាក្រក់នោះ បង្កឲ្យកើតទោស នេះគឺជាអំពើអាក្រក់ដែលមាននៅក្នុងខ្លួនយើង នឹងមានអារម្មណ៍នឹកដល់ភាពអាប់យស ភាពលាក់កំបាំង បង្កប់ទុកនៅលើផ្ទៃមុខ ក្នុងក្រសែភ្នែក ដែលជាការឆ្លុះបញ្ចាំងទៅដល់ចិត្តខាងក្នុងដែលមិនល្អ អាចមានសេចក្ដីសោកសៅ ហ្មងសៅ មានពាក្យដំនៀលរិះគន់ស្ដីបន្ទោស ស្អប់ខ្ពើមខ្លួនឯងជាដើម…”

អប់រំដោយ
ព្រះញាណសំវរ 

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៤)



...បុគ្គលអ្នកជួបភ័យវិបត្តិ ឬធ្លាក់ក្នុងសភាពក្រីក្រតោកយ៉ាក ក៏មិនគួរសម្រេចចិត្តស្លាប់ទៅដែរ គួរណាស់តែបានធ្វើចិត្តឲ្យស្ងប់រម្ងាប់ឲ្យបានស៊ប់សួន និងរកមធ្យោបាយដោះស្រាយសន្សឹមៗឲ្យដល់ខ្លួនឯងបាន ព្រោះថាបញ្ហាគ្រប់យ៉ាង ដែលមិនមានច្រកចេញ មិនមានទេក្នុងលោកមួយនេះ ។
មើលឧទាហរណ៍ស្រាប់ ទោះបីតែបញ្ហារឿងសេចក្ដីទុក្ខ ដែលកើតពីការកើត ចាស់ ឈឺ ស្លាប់នុ៎ះ ក៏ព្រះពុទ្ធអង្គជាម្ចាស់ ក៏នៅតែស្វែងរកវិធីដោះស្រាយចេញបានដែរ សម្រាប់បញ្ហាផ្សេងៗ ដែលមានទំហំតូចៗ ដូចនេះ មិនមានវិធីដោះស្រាយរួច ដូចជាមិនសូវសមសោះ ។ តាំងចិត្ត អំណត់ ព្យាយាម អ្នកនឹងរកឃើញពីវិធីដោះស្រាយទាំងអស់នោះបានហើយ ស៊ូកុំព្រមចុះចាញ់ចំពោះឧបសគ្គ ជីវិតគ្មានឧបសគ្គ ដូចជាសម្លខ្វះគ្រឿងអ៊ីចឹងដែរ…

អប់រំដោយ
លោកឪ ឌូល្យ អតុលោ

Tuesday, March 6, 2018

ការមិនក្បត់មិត្ត ការមិនប្រទូស្តចំពោះកល្យាណមិត្ត រមែងបានផលតបស្នង១០យ៉ាងដែលអ្នកមិនធ្លាប់ដឹង!



. បុគ្គលណាមិនទ្រុស្តកល្យាណមិត្តទាំងឡាយ មានព្រះពុទ្ធជាដើម បុគ្គលនោះទោះបីចេញពីផ្ទះរបស់ខ្លួនទៅទីណាៗ ក៏រមែងជាអ្នកមានភស្សាហារ (ចំណីសម្រាប់បរិភោគ) ច្រើន មនុស្សទាំងឡាយតែងចិញ្ចឹមទំនុកបម្រុងជីវិតបុគ្គលនោះ ។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៣)



…ប្រពៃណីជនជាតិចិនគេថាមានឆ្នាំឆុងគ្នា តើមានមែនឬ បើមានមែនតើអាចដោះស្រាយឆ្នាំឆុងបានពិតឬទេ? ដោះស្រាយឆ្នាំឆុងគ្នាគឺបានដល់កម្ម ។ ឆ្នាំឆុងគ្នាមិនមានទេ ឆុងគ្នាអាស្រ័យលើខ្លួនឯង សន្មតឡើងមកដោយគ្នាឯង ឆ្នាំនេះនិងឆ្នាំមុនៗ និងឆ្នាំក្រោយ គឺឆ្នាំដូចតែគ្នាហ្នឹងឯង មានងងឹតមានភ្លឺ មាន១២ខែ និងមាន ៣៦៥ថ្ងៃដូចគ្នា ល្អឬអាក្រក់ មិនមែនអាស្រ័យលើថ្ងៃខែឆ្នាំនោះទេ វាអាស្រ័យលើទង្វើរបស់ខ្លួនយើងម្នាក់ៗហ្នឹងឯង ។

ល្អ អាក្រក់ វាឋិតនៅត្រង់ទង្វើរបស់យើង បើយើងធ្វើល្អទុកហើយ ទុកជាឲ្យមានឆ្នាំឆុងប៉ុន្មានឆុងទៀត វាក៏នៅតែមិនពាក់ព័ន្ធគ្នាដែរ ។ ចំណែកបាបដែលធ្វើទុកហើយ ក៏ទៅលាងទៅលុបឯណាក៏មិនជ្រះ ធ្វើបាបហើយ វាក៏ត្រូវឲ្យផលអាក្រក់មកលើអ្នកធ្វើវិញ មិនយូរក៏ឆាប់ប៉ុណ្ណោះឯង…” ។

អប់រំដោយ
ព្រះគ្រូ សុជាតិ អភិជាតោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០២)



“…រោគរបស់ចិត្តដ៏ធំមហិមា មាន ៣ ប្រភេទ គឺ លោភៈ សេចក្ដីលោភលន់ ទោសៈ សេចក្ដីខឹងក្រោធ និងមោហៈ វង្វេង ងងឹតងងល់ ។ រោគនេះប្រៀបដូចជារោគមហារីក វាស៊ីឆ្លងរាលដាលរុករានដល់អ្នកដទៃផងដែរ វាចូលទៅជិតកូនក៏ជាប់កូន ចូលទៅជិតចៅក៏ជាប់ចៅ ចូលទៅជិតមិត្តភក្ដិក៏ជាប់មិនមិត្តភក្ដិ ចូលទៅជិតអ្នកណា ក៏ឆ្លងជាប់អ្នកនោះ ព្រមទាំងបង្កវិនាសកម្មដល់ខ្លួនឯងផង និងដល់អ្នកដទៃផង ។

រោគដែលរៀងស្រាលធូរជាងរោគខាងលើនោះមាន ៥ ប្រភេទ គឺ កាមឆន្ទៈ ស្រឡាញ់ក្នុងកាមគុណ៥  ព្យាបាទៈ ចងគំនុំគំគួនព្យាបាទ ថីនមិទ្ធៈ ភាពងោកងុយងោក ឧទ្ធច្ចកុក្កច្ចៈ រាយមាយចិត្តអណ្ដែតអណ្តូងចិត្ត និងវិចិក្កិច្ឆា សេចក្ដីសង្ស័យមិនដាច់ស្រេច ។ រោគនេះប្រៀបដូចជារោគសើរស្បែក មានស្រែង កមរមាស់ វាចាក់វាដោត វាម្ដងទៅនេះម្ដងទៅនោះ ឲ្យស្ងៀមនឹងមិនបាន ។ រោគនេះរក្សាពិបាក វិជ្ជបណ្ឌិតមិនអាចព្យាបាលរក្សាឲ្យជាសះស្បើយបានឡើយ ក្រៅពីពុទ្ធឱសថតែប៉ុណ្ណោះ…”

អប់រំដោយ
លោកឪ លីធម្មរោ


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០១)



លក្ខណៈរបស់មនុស្សមានបុណ្យច្រើន
គឺអានុភាពនៃបុណ្យកុសលនេះ
វាប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់
ព្រោះដូចនោះអ្នកមានបុណ្យកុសលច្រើនឡើងហើយ ក៏ស្ងប់
មិនចូលចិត្តក្រវល់ក្រវាយនេះជាលក្ខណៈរបស់មនុស្សមានបុណ្យច្រើន ។

យើងត្រូវយករឿងនេះឯងជាគ្រឿងវាស់ស្ទង់
បើយើងគិតយកមាសយកប្រាក់ទ្រព្យសម្បត្តិ
របស់របរយ៉ាងច្រើននោះជាគ្រឿងវាស់ស្ទង់ថា
ជាមនុស្សមានបុណ្យច្រើនយ៉ាងនោះ ទំនងមិនសូវជាសមប៉ុន្មានទេ
តែក៏មានត្រូវច្រើនអន្លើខ្លះៗដែរ ។

តែបើនិយាយឲ្យត្រឹមត្រូវពិតប្រាកដទៅ
វាត្រូវយកតាមន័យបុគ្គលដែលធុញទ្រាន់ចំពោះភាពក្រវល់ក្រវាយ
ចំពោះភាពច្របូកប្របល់អ្វីផ្សេងៗដែលមាននៅក្នុងលោក
ហើយក៏ត្រេកអររីករាយស្វែងរកសេចក្ដីស្ងប់តាមផ្លូវចិត្ត
រឿងនេះទើបជាទីប្រត្យក្សថា ជាមនុស្សមានបុណ្យច្រើនមែនៗ ។

ព្រោះថា បុណ្យនេះមានលក្ខណៈជារបស់ស្ងប់
ជារបស់ត្រជាក់ មិនមែនជារបស់ក្ដៅ
ដូចនោះកាលណាបុគ្គលអ្នកមានបុណ្យច្រើនចូលទៅហើយ
វាទើបចូលចិត្តគិតពីភាពត្រជាក់
ជម្លោះវិវាទប្រកែកប្រណាំងអ្វីក៏មិនចូលចិត្តដែរ ។

មនុស្សមានបុណ្យច្រើន ចូលចិត្តតែភាពស្រុះស្រួលបបួលសាមគ្គី
ភាពរីករាយត្រេកអរចំពោះគ្នាក្នុងការធ្វើអំពើល្អតែប៉ុណ្ណោះ 

អប់រំដោយ 
លោកឪ វរលាភា

កំណត់ត្រាទស្សនាគតិ ៦០ ប្រការចេញពីទឹកចិត្តឪពុក



កំណត់ត្រាទស្សនាគតិ ៦០ ប្រការចេញពីទឹកចិត្តឪពុក
ដែលចង់ឲ្យមនុស្សជំនាន់ក្រោយបានអាន

Saturday, March 3, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០០)



“...ចិត្តដួងនេះ គឺជាអ្នកធ្វើដំណើរផ្លូវឆ្ងាយ ទាល់តែរកទីសំចតមិនបាន ហើយត្រូវដើរទៅតែម្នាក់ឯង ឥតមានញាតិមិត្តប្អូនបងណាឡើយ មនុស្សដែលខ្លួនស្រឡាញ់ មនុស្សដែលស្រឡាញ់ខ្លួនមានច្រើនប៉ុនណា កាលបើស្លាប់ទៅ ពួកគេទាំងនោះមិនបានទៅជាមួយខ្លួន មានតែខ្លួនម្នាក់ឯងគត់ប៉ុណ្ណោះដែលត្រាច់ទៅ  ។ ការធ្វើដំណើរទៅកាន់លោកខាងមុខ មានតែម្នាក់ឯងគត់ ឥតមានអ្នកណាទៅជាមួយខ្លួនសោះឡើយ ពេលកើតមកយ៉ាងណា កាលបើទៅវិញក៏មានឧបមាឧបមេយ្យយ៉ាងនោះដែរ...

      



Friday, March 2, 2018

ការជួបរឿងពិបាកៗពុំមែនមានន័យថា ជីវិតឥតមានក្ដីសុខនោះទេ



ជឿចុះថា ការមិនស្រឡាញ់អ្នកណាមួយ វាល្អបំផុតហើយ

យើងចូលចិត្តពេលវេលាដែលឥតបានស្រឡាញ់អ្នកណា
ឥតបាននឹកគិតដល់អ្នកណា
ហើយមិនបានខ្វល់ពីអ្នកណាច្រើនពេកទេ
ព្រោះអំឡុងពេលដែលយើងមានសេចក្ដីសុខបំផុត
គឺជាអំឡុងពេលដែលយើងត្រឡប់មកស្រឡាញ់ខ្លួនហ្នឹងឯង ។

ដល់ថ្ងៃមួយ សម្ព័ន្ធមេត្រីភាពត្រូវបានបញ្ចប់ យើងម្នាក់ៗក៏ត្រូវបានចែកផ្លូវគ្នាដើរ ជាពេលវេលាមួយដែលស្នេហាត្រូវបានបញ្ចប់ តែមិនមែនមានន័យថា ជីវិតក្រោយនោះត្រូវបញ្ចប់ទៅជាមួយស្នេហានោះទេ យើងនៅមានជីវិតប្រើជាប្រចាំដូចដើម គ្រាន់តែត្រូវបញ្ចប់អនុស្សាទាំងឡាយ ដែលខ្លួនយើងម្នាក់ៗធ្លាប់បានសាងឡើងរួមគ្នាតែប៉ុណ្ណោះ ។

ពេលវេលាគឺជារឿងមួយដែលប្រាប់ដល់យើងថា ជីវិតក្រោយការឈឺចាប់
វាកន្លងផុតទៅយូរហើយ រហូតដល់យើងរឹងប៉ឹងល្មមគ្រប់គ្រាន់ជាមួយវាហើយ

ជីវិតក្រោយពីការឈឺចាប់ វាបានបង្រៀនអ្វីដល់យើងច្រើនយ៉ាង  
មេរៀនដែលទទួលបានមក វាធ្វើឲ្យយើងប្រឡប់មកមើលថែខ្លួនឯង
បែរមកស្រឡាញ់ខ្លួនឯង និងធ្វើឲ្យយើងដឹងថា យើងមានសេចក្ដីសុខម្ដងហើយម្ដងទៀត ដោយឃ្លាតចេញពីមនុស្សដែលយើងធ្លាប់ស្រឡាញ់ខ្លាំងបំផុតបាន ។

យើងមិនមែនជាមនុស្សពូកែ ដល់អាចបំភ្លេចមុខអ្នកណាម្នាក់បានទេ
តែសេចក្ដីស្រឡាញ់ដែលកន្លងមកបានបង្រៀនឲ្យយើង
អាចរស់នៅម្នាក់ឯងបាន
ដោយមិនចាំបាច់ទាញអ្នកណាមួយចូលមក
ឲ្យយើងឈឺចាប់ម្ដងទៀតបាន ។

      



គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៩)



ការបំពេញការងារល្អ មានតែមនុស្សច្រណែនឫស្យា តើទប់ទលជាមួយសភាពបែបនេះយ៉ាងដូចម្ដេច? បុរាណលោកពោលទុកថា ដើមឈើធំរមែងជួបមុខពូថៅមុត ។ មនុស្សល្បី មនុស្សលេចធ្លោក្នុងចំណោមមហាជន រមែងត្រូវមានមនុស្សជេរ រិះគន់ និន្ទា ច្រណែន ឈ្នានីសជានិច្ច អ្នកមានបញ្ញាទើបមានមនុស្សមកសាកល្បង មនុស្សធ្វើការងារល្អ ទើបមានមនុស្សមកច្រណែនឫស្យាសភាពបែបនេះ វាកើតមានឡើងលើលោកនេះជារឿងធម្មតារបស់លោកធម៌ទៅហើយ កាលណាមានមនុស្សមកសរសើរក៏ត្រូវមានមនុស្សមកនិទ្ទា កាលណាមានសុខកើតឡើងហើយ ក្រោយនោះក៏មានទុក្ខកើតឡើងផងដែរ ។ ការបំពេញការងារល្អរហូតដល់មានមនុស្សមកច្រណែន នៅគ្រាន់បើជាងធ្វើការងារមិនកើត ចាំតែអង្គុយមើលបំណាំគ្នា រកចាប់កំហុសគ្នា ច្រណែនគ្នាដែរ ៕