"បពិត្រទានម្ចាស់ ! "ទេវមិត្រមានប្រសាសន៍ឡើងនៅពេលទៅស្តាប់សេចក្តីសម្រេចចិត្តរបស់ព្រះថេរៈក្នុងថ្ងៃទី ៣ តាមការមត់ណាត់ "តើទានម្ចាស់បានសម្រេចចិត្តទទួលពាក្យបបួលរបស់ពួកនិគ្រន្ថហើយឬនៅ?"
"នៅទេ"ព្រះថេរៈឆ្លើយតបយ៉ាងខ្លី ហើយគង់នៅទ្រមឹង
"បពិត្រទានម្ចាស់ ! "ទេវមិត្រមានប្រសាសន៍ដោយសម្លេងអង្វរចិត្ត "សង្រ្គាមស៊ីវិលរវាងខ្ញុំកណានិងព្រះបាទអជាសត្តុបានចប់អស់ហើយព្រោះទានម្ចាស់ជួយសម្របសម្រួលផ្សះផ្សា សង្រ្គាមរបស់ខ្ញុំកណាបានចប់សូរេចហើយ ឥឡូវនេះសង្គ្រាមរបស់ទានម្ចាស់បានកើតឡើងហើយ វាជាសង្រ្គាមរវាងលទ្ធិសាសនា ដែលទានម្ចាស់មានចំណែកពាក់ព័ន្ធយ៉ាងជិតដិត កាលបើសង្រ្គាមរបស់ទានម្ចាស់កើតឡើងមកយ៉ាងនេះ ទានម្ចាស់ បែរជាមិនតស៊ូពុះពារ បណ្តោយឲ្យពុទ្ធបរិស័ទទទួលបរាជ័យយ៉ាងអាម៉ាស់មុខ បណ្តោយឲ្យព្រះសាសនាត្រូវពួកអន្យតិរ្ថិយបីឌាយាយីបំផ្លិចបំផ្លាញទាល់តែស្មុទទ្រុឌរលត់រលាយទៅនៅ
ចំពោះមុខយ៉ាងនោះឬ?"
ហេតុផលរបស់ទេវមិត្រធ្វើឲ្យព្រះថេរៈគិតកិនដង្វិនមើលយ៉ាងច្រើន មូលហេតុដែលធ្វើឲ្យព្រះថេរៈគិតច្រើន ព្រោះថា ចិត្តរបស់លោកក្នុងពេលនោះមិនស្ថិតនៅក្នុងក្រុងរាជគ្រឹះទេ ប៉ុន្តែបែរជាស្ថិតនៅក្នុងក្រុងពារាណសីវិញថ្វីបើមិនធ្លាប់ទៅក៏ដោយ ត្បិតថាចាប់ចិត្តកាលដែលឃើញរូបភាពនិមិត្តនៅខណៈចូលសមាធិនុះឯង ហើយរូបភាពនិមិត្តនោះ ទេវបិយៈអ្នកត្រាច់ចរទូទាំងជម្ពូទ្វីបក៏បានអះអាងប្រាប់ព្រះថេរៈថាជាការពិត កាលបើរូបភាពនិមិត្តរបស់ក្រុងពារាណសីត្រូវនឹងការពិត រូបភាពរបស់លីលាវតីដែលព្រះថេរៈឃើញក្នុងសមាធិមុខជាត្រូវនឹងការពិតដែរ បើសេចក្តីសន្និដ្ឋាននេះត្រឹមត្រូវមែន សម្តែងថា ឥឡូវនេះលីលាវតីបានត្រឡប់មកចាប់កំណើតថ្មីហើយ ប្រសិនបើរាប់ចាប់តាំងពីឆ្នាំដែលនាងធ្វើកាលកិរិយាទៅរហូតមកដល់ពេលនេះ អស់រយៈពេលឈានចូលដល់ឆ្នាំទី ១៦ ហើយ ប្រសិនបើនាងកើតភ្លាមបន្ទាប់ពីស្លាប់ទៅ ឥឡូវនេះ នាងទំនងជាស្រីក្រមុំមានអាយុ ១៦ ឆ្នាំហើយ រូបភាពនិមិត្តរបស់នាងដែលព្រះថេរៈឃើញ មើលទៅមាន អាយុប្រហែលជា ១៥ ឬ ១៦ ឆ្នាំ យ៉ាងច្រើន តាមពិតទៅ រឿងនេះគ្មានអ្នកណាអាចប្រាប់បានទេ ក្រៅតែពីធ្វើដំណើរដើរផ្លូវទៅពិសោធដោយខ្លួនឯង ព្រោះហេតុនេះ ព្រះរេវត្តត្ថេរៈទើបភ្នកគិតគន់តែរឿងក្រុងពារាណសី មិនសូវចាប់អារម្មណ៍ចំំពោះពាក្យបបួលតស៊ូសម្តីរបស់ពួកនិគ្រន្ថ ប៉ុន្តែហេតុផលដ៏សំណំសំនួន របស់ទេវមិត្រឧបាសកធ្វើឲ្យព្រះថេរៈមានចិត្តកន្ទះរាអល់ឯក កាលបើមិនអាចសម្រេចចិត្តបាន ព្រះថេរៈទើប សុំពេលសម្រាប់គិតត្រិះរិះមើលមួយថ្ងៃទៀត ។
បានសេចក្តីថា ថ្ងៃទី ៣ កន្លងផុតទៅដោយគ្មានចម្លើយពីខាងពុទ្ធបរិស័ទ ធ្វើឲ្យពួកនិគ្រន្ថតិរ្ថិយកើតទំនុកទុកចិត្តយ៉ាងខ្លាំងថា ភាគីពុទ្ធបរិស័ទសុខចិត្តចុះចាញ់ សាវ័កតិរ្ថិយចិត្តក្តៅខ្លះដើរកាន់ទង់ជ័យស្រែកប្រកាសទៅតាមដងផ្លូវថា "ភាគីតិរ្ថិយបានទទួលជ័យជម្នះយ៉ាងដាច់ខាតហើយ"
ទង្វើរបស់ពួកតិរ្ថិយនិងសេចក្តីល្វើយកន្តើយរបស់ភាគីពុទ្ធបរិស័ទធ្វើឲ្យពុទ្ធសាសនិកជនខ្លះកើត
សេចក្តីឃ្នើសទង្គឹះចិត្តយ៉ាងខ្លាំងចំនួនពុទ្ធសាសនិកជនដែលព្រួយបារម្ភចំពោះព្រះសាសនាបានបាក់ភ្លូកចូលទៅ ព្រះវេឡុវនារាម ដើម្បីអារាធនាឲ្យព្រះរេវត្តត្ថេរៈទទួលពាក្យបបួលតស៊ូមតិរបស់ពួកនិគ្រន្ថ កើនច្រើនឡើងជារឿយ ៗ រាល់ថ្ងៃ ។
ក្រោយពីគិតត្រិះរិះហេតុផលអស់ពេលជាយូរ ព្រះថេរៈក៏សម្រេចចិត្តនឹងបំពេញប្រយោជន៍ដើម្បីព្រះសាសនានិងពុទ្ធបរិស័ទម្តងទៀត ចំណែកខាងប្រយោជន៍និងការងាររបស់ខ្លួនឯងត្រូវតម្កល់ទុកមួយអន្លើ សិន នៅរសៀលថ្ងៃទី ៤ ព្រះថេរៈបានប្រាប់ទេវមិត្រឧបាសកថា
"ឧបាសក ! អាត្មាសុខចិត្តទទួលពាក្យបបួលរបស់ពួកនិគ្រន្ថ អាត្មាត្រេកអរនឹងធ្វើជាតំណាងរបស់ភាគីពុទ្ធបរិស័ទទៅតស៊ូសម្តីជាមួយនឹងអ្នកតំណាងភាគីនិគ្រន្ថក្នុងថ្ងៃទី ៧" ។
ព័ត៌មានព្រះរេវត្តត្ថេរៈយកអាសាទៅតស៊ូមតិជាមួយនឹងភាគីនិគ្រន្ថបានខ្ចរខ្ចាយសាយភាយទៅទូទាំង
ក្រុងរាជគ្រឹះយ៉ាងឆាប់រហ័ស នាំមកនូវបីតិប្រាមោទ្យយ៉ាងខ្លាំងដល់ពុទ្ធបរិស័ទ ចំណែកឯពួកនិគ្រន្ថក៏ត្រេកអរ
ខ្លាំងណាស់ដែរដែលបានដឹងថាព្រះរេវត្តត្ថេរៈដែលគ្រាន់តែជាភិក្ខុបុថុជ្ជនសាវ័កតូចតាចរបស់ព្រះ
សមណគោត្តមធ្វើជាអ្នកតំណាងភាគីពុទ្ធបរិស័ទតស៊ូមតិ ម្នាក់ ៗមានជំនឿជឿជាក់ថា ភាគីខាងខ្លួននឹងទទួល បានជ័យជម្នះ ដើម្បីឲ្យគូតស៊ូទាំងសងខាងមានចំណេះជំនាញប្រហាក់ប្រហែលគ្នា ភាគីនិគ្រន្ថបានប្រកាសថា នឹងបញ្ជូននិគ្រន្ថ ឈ្មោះថា វីរសីហៈ ជាអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងព្រះរេវត្តៈ វីរសីហៈជាសាវ័កសំខាន់របស់សាស្តាមហាវីរៈដែលជាមេលទ្ធិរបស់និគ្រន្ថតិរ្ថិយ ជាអ្នកមានជំនាញបែកធ្លាយក្នុងលទ្ធិនិគ្រន្ថរបស់ខ្លួននិងលទ្ធិផ្សេង ៗទៀត លើសពីនោះទៀត វីរសីហៈជាអ្នកមានសម្តីថ្វីមាត់ស្រួចស្រាល់ ឆ្លៀវឆ្លាតក្នុងការឆ្លើយឆ្លងប្រស្នាបញ្ហាខាងទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅផ្សេង ៗ នឹងរកបុគ្គលណាប្រៀបផ្ទឹមបានដោយកម្រ កិត្តិយសឈ្មោះសម្លេងរបស់វីរសីហៈល្បីរន្ទឺឮខ្ទរខ្ទារទូទាំងដែនមគធៈ វជ្ជី និង អង្គៈ គ្រាន់តែបានដឹងថា ព្រះរេវត្តត្ថេរៈអ្នកតំណាងភាគីខាងខ្លួននឹងប៉ះសម្តីថ្វីមាត់ជាមួយនឹងវីរសីហៈ ពុទ្ធបរិស័ទអត់នឹងព្រឺព្រួចរអឹករអាំមិនបាន ព្រោះភ័យខ្លាចថា ព្រះរេវត្តត្ថេរៈនឹងភ្លាត់ភ្លាំងចំពោះវោហារដ៏ស្រួចស្រាវរបស់វីរសីហៈបាន ប៉ុន្តែក៏នៅកក់ក្តៅក្នុងចិត្តថា ក្នុងអតីតកាលកន្លងមក ព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ក៏ទ្រង់ធ្លាប់ប៉ះសម្តីថ្វីមាត់ជាមួយនឹងពួកនិគ្រន្ថជាច្រើនលើក ហើយទ្រង់ទទួលជ័យជម្នះរាល់លើក ។
នៅទីបំផុត ថ្ងៃសំខាន់នៃការតស៊ូសម្តីខាងសាសនាដែលអ្នកផងទាំងពួងទន្ទឹងរង់ចាំក៏មកដល់ ប្រជាជនគ្រប់វណ្ណៈនាំគ្នាបាក់ភ្លូកទៅកាន់អារាមរបស់និគ្រន្ថត្រង់ជើងភ្នំឧទ័យតាំងពីព្រឹកព្រលឹម ខាងក្នុងបារាំដ៏ធំទូលាយដែលពួកនិគ្រន្ថចាត់ធ្វើឡើងដោយចំពោះសម្រាប់យុទ្ធវាទគ្រានេះ មានធម្មាសនៈដ៏វិចិត្រ ២ តាំងទល់មុខទៅរកគ្នាសម្រាប់វាគ្មិនទាំងពីរអង្គុយ ព្រះរេវត្តត្ថេរៈឡើង អង្គុយលើធម្មាសនៈប៉ែកខាងជើង ឯវីរសីហៈឡើងលើធម្មាសនៈប៉ែកខាងត្បូង ពុទ្ធបរិស័ទអង្គុយខាងក្នុងបារាំប៉ែកខាងជើងខាងក្រោយធម្មាសនៈរបស់ព្រះរេវត្តត្ថេរៈ និគ្រន្ថបរិស័ទអង្គុយខាងក្រោយធម្មាសនៈរបស់វីរសីហៈនិគ្រន្ថ ចំណែកខាងមជ្ឈជននិងបរិស័ទរបស់លទ្ធិដទៃអង្គុយប៉ែកខាងស្តាំដៃនិងខាងឆ្វេងដៃ អ្នកដែលមិនអាចរកកន្លែងអង្គុយខាងក្នុងបារាំបាន ក៏អង្គុយតាមក្រោមម្លប់ឈើជុំវិញបារាំនោះមួយជាន់ទៀត ថ្ងៃនោះ អារាមរបស់និគ្រន្ថកុះករដេរ ដាសទៅដោយហ្វូងមនុស្សគួរនាដូចជាមានមហោស្រពយ៉ាងធំដូច្នោះ ។
គ្រាន់តែដល់ពេលវេលា និគ្រន្ថមានវ័យចំណាស់ម្នាក់ដែលមានខ្លួនននលគកនិងមានរាងកាយ ស្គមកំព្រឹងកំព្រយព្រោះកម្លាំងតបៈ ក៏ក្រោកឈរឡើងបក់ដៃទៅដោយជុំវិញ រំពេចនោះ សម្លេងអ៊ូរអែកកែកកកោករបស់ប្រជាជនក៏ស្ងប់ស្ងាត់ចុះ និគ្រន្ថជរាបានប្រកាសឡើងដោយសម្លេងឮខ្ទរថា
"អស់លោកសាធុជនទាំងឡាយ ! សូមមេត្តាស្តាប់ខ្ញុំ ការតស៊ូសម្តីគ្រាសំខាន់រវាងសាវ័ករបស់ព្រះសមណគោត្តមនិងសាវ័ករបស់សាស្តាមហាវីរៈបានចាប់ផ្តើមឡើងហើយ ការតស៊ូសម្តីគ្រានេះនឹងប្រព្រឹត្តទៅក្នុងរូបបែបនៃការសន្ទនាចោទឆ្លើយ អនុញ្ញាតឲ្យភាគីមួយចោទសួរមុនហើយឲ្យភាគីមួយទៀតឆ្លើយដោះស្រាយជាលក្ខណៈសកវាទី និង បរវាទី បើភាគីសកវាទីនៅមិនទាន់ពេញចិត្តចំពោះចម្លើយដោះស្រាយរបស់ភាគីបរវាទីទេ អនុញ្ញាតឲ្យសួរដេញដោលបន្ថែមទៀតបាន កាលបើពេញចិត្តនិងគ្មានអ្វីដែលត្រូវដេញដោលទៀតទេ ក៏អនុញ្ញាតឲ្យភាគីមួយទៀតចោទសួរហើយខ្លួនឯងជាភាគីឆ្លើយដោះស្រាយវិញម្តង ប្រព្រឹត្តទៅជាលក្ខណៈបុច្ឆាវិសជ្ជនា ឆ្លាស់គ្នាទៅបែបនេះរហូតដល់ទីបញ្ចប់ តើលោកទាំងពីរយល់ឃើញយ៉ាងណាដែរ?"និយាយហើយក៏បែរទៅខាងព្រះរេវត្តត្ថេរៈ ។
"ខ្ញុំកូរណាយល់ស្របនឹងសម្នើរបស់លោក" ព្រះថេរៈឆ្លើយដោយអាការប្រក្រតី មិនសម្តែងអាការតក់ស្លុត ចំពោះគូតស៊ូឬបរិស័ទទេ
"ខ្ញុំកូរណាក៏យល់ស្រប"វីរសីហៈឆ្លើយដោយចង្វាក់សម្លេងសម្តែងទំនុកចិត្តនិងដោយឫកពាសម្តែងអំណរ
អរកខិបកខុប ចង្វាក់សម្លេងនិងឫកពារបស់គេធ្វើឲ្យភាគីនិគ្រន្ថបរិស័ទញញឹមដោយមោទកភាព
"ប្រសើរណាស់ លោកម្ចាស់ទាំងពីរ ! " និគ្រន្ថជាប្រធានពោលឡើង "ចំណុចតទៅ ខ្ញុំកូរណាត្រូវការប្រឹក្សា យោបល់លោកម្ចាស់ទាំងពីរអំពីការវិនិច្ឆ័យថា ភាគីណាចាញ់ ភាគីណាឈ្នះ តើយើងគួរអនុញ្ញាតឲ្យមានប្រធាន ១ រូបជាអ្នកវិនិច្ឆ័យ ឬ ឲ្យមានគណៈកម្មការច្រើនរូប ឬ ប្រជាជនទាំងអស់ជាអ្នកវិនិច្ឆ័យ?"
"ខ្ញុំកូរណាយល់ឃើញថា" វីរសីហៈពោលឡើងមុន "បើយើងអនុញ្ញាតឲ្យគណៈកម្មការជាអ្នកវិនិច្ឆ័យ គណៈកម្មការនោះតោងតែប្រកបដោយសមាសភាពពុទ្ធបរិស័ទនិងនិគ្រន្ថបរិស័ទស្មើៗគ្នា កាលបើដូច្នេះ ភាគីពុទ្ធបរិស័ទក៏គាំទ្រភាគីពុទ្ធបរិស័ទ ភាគីនិគ្រន្ថក៏គាំទ្រភាគីនិគ្រន្ថ នៅទីបំផុត ភាគីទាំងសងខាងនឹងបាន សម្លេងគាំទ្រស្មើគ្នា លទ្ធផលនៃការវិនិច្ឆ័យនឹងស្មើគ្នាទៅរហូត បើយើងអនុញ្ញាតឲ្យគណៈកម្មការជាមជ្ឈជនជាអ្នកវិនិច្ឆ័យ យើងក៏មិនអាចដឹងបានថាតើគេនៅជាកណ្តាលប៉ុនណា បើយើងអនុញ្ញាតឲ្យប្រជាជនជាអ្នកវិនិច្ឆ័យ យើងក៏មិនដឹងថាធ្វើដូចម្តេច ព្រោះមហាសន្និបាតនេះប្រកបដោយមនុស្សរាប់ម៉ឺននាក់ ភាគីពុទ្ធបរិស័ទក៏មាន ភាគីនិគ្រន្ថក៏មាន ភាគីមជ្ឈជនក៏មាន បើយើងស្តាប់សម្លេងរបស់មនុស្សទាំងអស់ទៅ មុខជានឹងចំណាយពេលជាច្រើនថ្ងៃដើម្បីដោះស្រាយបញ្ហាស្មុគស្មាញទាំងនេះ ខ្ញុំកូរណាស្នើសុំឲ្យមានប្រធាន ១ រូបជាអ្នកវិនិច្ឆ័យកាត់សេចក្តី ហើយប្រធាន ១ រូបនោះគួរតែជាភាគីនិគ្រន្ថ ព្រោះភាគីនិគ្រន្ថជាអ្នក ផ្តួចផ្តើមការតស៊ូសម្តីនៅគ្រានេះ"
គ្រាន់តែវីរសីហៈនិយាយផុតសម្តីប៉ុណ្ណោះ ប្រជាពុទ្ធជនក៏ស្រែកជំទាស់ឆោឡោឡើងសឹងតែព្រមគ្នាថា
" មិនព្រមទេ មិនព្រមទេ ប្រធានត្រូវតែជាពុទ្ធជន"
"កុំអាលសិន អស់លោកសាធុជនទាំងឡាយ ! "និគ្រន្ថជាប្រធានរាដៃហាមឃាត់ ប៉ុន្តែក៏នៅតែមិនអាចរម្ងាប់ សម្លេងអ៊ុលអាល់របស់ភាគីពុទ្ធបរិស័ទឲ្យស្ងាត់បាន នៅទីបំផុត ព្រះរេវត្តត្ថេរៈក៏លើកដៃរាហាមឃាត់ សម្លេងទ្រហឹងអឺងកងក៏ស្ងាត់ចុះ
"អស់លោកសាធុជនទាំងឡាយ ! " ប្រធានពោលឡើងម្តងទៀត នៅពេលមហាជនអង្គុយស្ងាត់ស្ងៀមតាមកន្លែងដើមហើយ "លោកទាំងឡាយសូមមេត្តាកុំភ្លេចថា សម្នើរបស់លោកម្ចាស់វីរសីហៈគ្រាន់តែជាសម្នើប៉ុណ្ណោះ បើគ្មានអ្នកណាយល់ស្របទេ យើងក៏ត្រូវរិះរកវិធីផ្សេងតទៅទៀត ដើម្បីញ៉ាំងការវិនិច្ឆ័យនេះឲ្យប្រព្រឹត្តទៅយ៉ាងយុត្តិធម៌បំផុត ខ្ញុំកូរណាចង់ស្តាប់គំហើញរបស់លោកម្ចាស់រេវត្តៈសិនថាតើគួរឲ្យអ្នកណាជាអ្នកវិនិច្ឆ័យការតស៊ូសម្តីនៅគ្រានេះ?"
"លោកប្រធាន ! " ព្រះរេវត្តត្ថេរៈពោលឡើង "ខ្ញុំកូរណាយល់ស្របនឹងសម្នើរបស់លោកម្ចាស់វីរសីហៈ គឺ អនុញ្ញាតឲ្យមានប្រធានវិនិច្ឆ័យតែ ១ រូប" សម្នើរបស់ព្រះថេរៈធ្វើឲ្យពុទ្ធបរិស័ទនិងនិគ្រន្ថបរិស័ទចម្លែកចិត្ត យ់ាងខ្លាំង ជាពិសេស ភាគីពុទ្ធបរិស័ទសម្លឹងមើលមុខគ្នានិងគ្នា សម្តែងកិរិយាអាការភីងភាំងស្រឡាំងកាំង ព្រោះមិននឹកស្មានថា អ្នកតំណាងខាងខ្លួនយល់ស្របនឹងសម្នើអយុត្តិធម៌របស់គូតស៊ូយ៉ាងងាយបែបនេះទេ
ក្នុងខណៈដែលអ្នកផងកំពុងតែភីងភាំងអាំងឡាំងនោះឯង ព្រះរេវត្តត្ថេរៈក៏និយាយតទៅទៀតថា
"ប្រធាន ១ រូបនោះជាភាគីនិគ្រន្ថក៏បាន ភាគីពុទ្ធជនក៏បាន ភាគីមជ្ឈជនក៏បាន ប៉ុន្តែដោយហេតុថា ទីកន្លែងនេះជាសម្នាក់របស់ភាគីនិគ្រន្ថ ទាំងភាគីនិគ្រន្ថក៏ជាអ្នកចាត់ឲ្យមានការតស៊ូសម្តីនៅគ្រានេះ ហេតុនោះ ខ្ញុំកូរណាយល់ឃើញថា ប្រធានវិនិច្ឆ័យវាយតម្លៃគួរតែជានិគ្រន្ថ" ។
ប្រភពៈ http://www.khmerbuddhism.ca/
No comments:
Post a Comment