១១.ដំណឹងល្អចេញពីព្រះសង្ឃ

នៅពេលគ្រប់កំណត់ ៧ ថ្ងៃហើយ លីលាវតីតូចក៏វិលត្រឡប់មកដល់ក្រុងសាវត្ថីវិញ កណ្ណិកាជាបងស្រីព្រម​ទាំង​ស្វាមីនិងបុត្របានធ្វើដំណើរមកជាមួយដែរ ទើបបានមានពិធីឆ្លងសម្តែងមុទិតាចិត្តចំពោះការជួបជុំនៃក្រុមញាតិ ជាសារវន្ត លុះថ្ងៃព្រឹកឡើង នាងគ្រហបតានីបានណែនាំឲ្យចាត់ចែងទីកន្លែងនិងចំណីអាហារដើម្បីអង្គាស​ភិក្ខុសង្ឃចំនួន ៥០០ រូប ក្នុងថ្ងៃតមក លីលាវតីតូចមើលទៅហាក់បីដូចជារំភើបត្រេកអរជាងនរណា ៗទាំង​អស់​ដែលបានឃើញភិក្ខុសង្ឃ នៅពេលអ្វី ៗចាត់ចែងរៀបរយហើយ ភិក្ខុសង្ឃចំនួន ៥០០ រូបមកពីព្រះជេតវនារាម ក៏ចូលទៅឆាន់ភត្តាហារក្នុងគេហដ្ឋានរបស់នាងគ្រហបតានី លីលាវតីតូចបានប្រគេនចង្ហាន់ភិក្ខុសង្ឃដោយ​ដៃ​របស់ខ្លួនដោយអារម្មណ៍រីករាយក្អាកក្អាយ នាងគ្រហបតានី មេត្តិយសេដ្ឋី ព្រមទាំងក្រុមញាតិបានសន្យាគ្នាទុក​មុនហើយថានឹងមិនណែនាំលីលាវតីតូចឲ្យភិក្ខុសង្ឃស្គាល់ទេ ប៉ុន្តែផែនការរបស់ពួកគេមិនបានសម្រេច ត្បិត​ក្នុងកំលុងពេលដែលព្រះសង្ឃកំពុងតែឆាន់ចង្ហាន់នុះឯង លីលាវតីបានអង្គុយត្រួតពិនិត្យមើលភិក្ខុសង្ឃទាំង​ពួង សម្លឹងមើលមុខអង្គនោះអង្គនេះដោយពិនិត្យពិច័យ ហាក់នឹងថាកំពុងរុករកអ្នកណាម្នាក់ដូច្នោះ នៅទីបំផុត កុមារីតូចបានសួរភិក្ខុជរាដែលគង់នៅជួរមុខថា "បពិត្រលោកម្ចាស់ ! តើស្គាល់ព្រះរេវត្តៈឬទេ?" ភិក្ខុរូបនោះសម្លឹងមើលកុមារីតូចដោយសេចក្តីចម្លែកចិត្ត ហើយសួរថា "ព្រះរេវត្តៈអង្គណា? ព្រះភិក្ខុឈ្មោះរេវត្តៈមានច្រើនអង្គ?" "ព្រះរេវត្តៈដែលធ្លាប់ធ្វើជាចោរ ក្រោយមកបានបួសហើយគង់ចាំវស្សាឯវត្តជេតវ័ន រួចក៏ទៅនៅឯក្រុងរាជគ្រឹះ" ភិក្ខុរួបនោះទ្រឹងគិតមួយស្របក់ទាំងនឹកស្ងើចចំពោះភាពប៉ិនប្រសប់និយាយរបស់កុមារីតូចដោយសេចក្តីចម្លែកចិត្ត ព្រោះមើលទៅហាក់នឹងថានាងមិនគួរនិយាយស្តីបានរាក់ទាក់រួសរ៉ាវដូចយ៉ាងមនុស្សធំដូច្នោះសោះ "ព្រះរេវត្តៈរូបនោះអាត្មាស្គាល់ "លោកឆ្លើយនៅទីបំផុត លីលាវតីតូចញញឹមយ៉ាងពេញចិត្តហើយសួរយ៉ាងតក់ក្រហល់ថា "លោកម្ចាស់ស្គាល់ព្រះរេវត្តៈ ចុះពេលនេះ លោកគង់នៅឯណា?" "ពេលមុនចូលវស្សាឆ្នាំនេះ មានភិក្ខុមួយរូបនិមន្តមកពីក្រុងរាជគ្រឹះ ប្រាប់ថា លោករេវត្តត្ថេរៈជាប្រធានសង្ឃ​នៅ​ឯព្រះ​វេឡុវនារាមក្នុងក្រុងរាជគ្រឹះនុះឯង" គ្រាន់តែស្តាប់ឮចម្លើយពីភិក្ខុរូបនោះ លីលាវតីតូចក៏រត់តម្រង់ទៅរកមាតា ហើយប្រាប់ដោយសេចក្តីរំភើប​ត្រេកអរថា "អ្នកម៉ែ ! លោកបងរេវត្តៈនៅឯក្រុងរាជគ្រឹះ ! លោកបងរេវត្តៈនៅឯក្រុងរាជគ្រឹះ ! អ្នកម៉ែត្រូវនាំលីលាវតីទៅ ក្រុងរាជគ្រឹះណៈ " នៅទីបំផុត នាងគ្រហបតានីនិងមេត្តិយសេដ្ឋីចាំបាច់ត្រូវតំណាលរឿងរ៉ាវគ្រប់យ៉ាងទាក់ទងនឹងលីលាវតី​ឲ្យភិក្ខុសង្ឃស្តាប់ នៅពេលបានស្តាប់រឿងពិតបែបនោះ ភិក្ខុដែលនៅជាបុថុជ្ជននៅមានសេចក្តីមន្ទិល​សង្ស័យក្នុងគោលការណ៍របស់សង្សារវដ្ត ការអន្ទោលស្លាប់កើតរបស់សត្វម្នាក់ ៗក៏កើតសទ្ធាជឿជាក់ថា សត្វលោកដែលនៅមិនទាន់អស់កិលេសតណ្ហាលុះស្លាប់ហើយតោងតែកើតទៀតយ៉ាងពិតប្រាកដ ។ នៅពេលភិក្ខុសង្ឃឆាន់ភត្តាហារ អនុមោទនានិងលាវិលត្រឡប់ទៅវត្តវិញហើយ មេត្តិយសេដ្ឋីបាននិយាយ​ឡើងថា "ខ្ញុំបានមកនៅក្នុងក្រុងសាវត្ថីច្រើនថ្ងៃហើយ ឥឡូវនេះ កិច្ចការផ្សេង ៗក៏រួចរាល់ហើយដែរ ខ្ញុំចង់សុំយក​ធីតាតូចរបស់ខ្ញុំលាអ្នកវិលត្រឡប់ទៅក្រុងពារាណសីវិញ" ពាក្យសម្តីរបស់មេត្តិយសេដ្ឋីប្រៀបបីដូចជារន្ទះអសនីបាតបាញ់ផាំងមកចំបន្ទូលក្បាលរបស់នាងគ្រហបតានី "បពិត្រលោកសេដ្ឋី ! "នាងគ្រហបតានីនិយាយដោយសម្លេងអួលអាក់បន្ទាប់ពីអង្គុយស្ងៀមអស់ពេលជាយូរ "ម៉េចក៏លោកនិយាយអញ្ចឹង? ខ្ញុំក៏មានចំណែកជាម្ចាស់របស់លីលាវតីដូចយ៉ាងលោកដែរមិនមែនឬ? ខ្ញុំនៅ​ស្រឡាញ់ពេញចិត្តលីលាវតីមិនទាន់ឆ្អែតទេ លោកមកពង្រាត់ទៅហើយ លោកប្រហែលជាមិនដឹងទេថាតើខ្ញុំរងទុក្ខជូរចត់កម្សត់ប៉ុនណាដែលកូ័នស្រីពៅត្រូវមច្ចុរាជឆក់យកទៅអស់ពេលជិត ១០ ឆ្នាំហើយខ្ញុំត្រេកអរនិងអរគុណលោកប៉ុនណាដែលលោកនាំនាងមករកខ្ញុំទៀត" លោកសេដ្ឋីដកដង្ហើមធំហ៊ឺហើយនិយាយថា "ខ្ញុំយល់ចិត្តអ្នកជាទីបំផុត ប៉ុន្តែអ្នកក៏គួរតែយល់ចិត្តខ្ញុំដែរ ខ្ញុំមានកូនតែម្នាក់គត់ គឺ រត្តបាណីប៉ុណ្ណោះ នាងជាទីស្រឡាញ់ស្មើកែវភ្នែករបស់ខ្ញុំ របស់ម្តាយនិងអ្នកគ្រប់គ្នានៅឯផ្ទះ មុននឹងចាកចេញពីក្រុង​ពារាណសី ម្តាយរបស់នាងបានសង្កត់ធ្ងន់មាំមួនថាឲ្យនាំរត្តបាណីវិលត្រឡប់មកវិញឲ្យបាន ខ្ញុំជឿថា ថ្មើរនេះនៅឯផ្ទះ មុខជាស្ងប់ស្ងាត់ព្រោះខ្វះរត្តបាណី ម្តាយរបស់នាងមុខជាយំនឹកដល់កូនស្រីរាល់ថ្ងៃ សូមអនុញ្ញាតឲ្យរត្តបាណីទៅជាមួយនឹងខ្ញុំចុះ" នៅខណៈដែលមេត្តិយសេដ្ឋីនិងនាងគ្រហបតានីកំពុងតែចរចាគ្នានុះឯង លីលាវតីតូចក៏រត់មកអង្គុយលើភ្លៅ​របស់ម្តាយ​អតីតជាតិ ហើយក៏ផ្លាស់ទៅអង្គុយលើភ្លៅរបស់មេត្តិយសេដ្ឋីជាបិតាបច្ចុប្បន្នជាតិដោយ​កិរិយា​យក​ចិត្តយកថ្លើម ធ្វើឲ្យអ្នកទាំងពីរសម្លឹងមើលមុខគ្នាដោយទឹកភ្នែករលីមរលាម ។

No comments:

Post a Comment