១២.ធីតាពីរត្រកូល

ទាំងលោកសេដ្ឋី ទាំងនាងគ្រហបតានីអង្គុយធ្មឹងទ្រឹងអស់ពេលជាយូរ លីលាវតីតូចទំនងជាសង្កេតឃើញ បរិយាកាសតឹងតែងក្នុងខណៈនេះទើបសម្លឹងមើលមុខអ្នកនោះម្តងអ្នកនេះម្តង ហើយនិយាយឡើងថា
"កើតរឿងអ្វីឬ? ម៉ាក់! "
"មិនមានរឿងអ្វីទេ" នាងគ្រហបតានីឆ្លើយតបដោយមិនសូវពេញសម្លេង "ម៉ាក់និងលោកសេដ្ឋីកំពុងតែប្រឹក្សាយោបល់គ្នាអំពីកិច្ចការខ្លះ កូនទៅនិយាយលេងជាមួយនឹងបងកណ្ណិកាសិនចុះ បន្តិចទៀត សឹមត្រឡប់មកវិញ"
លីលាវតីតូច សម្លឹងមើលមុខម្តាយយ៉ាងងឿងឆ្ងល់ហើយដើរទៅឱបកមេត្តិយសេដ្ឋីជន្លសួរថា
"កើតរឿងអ្វីឬ? ប៉ា! ម៉េចបានជាប៉ាភ្នែកក្រហម? ប៉ាយំធ្វើអី?"
សំណួរមិនដឹងងោះរបស់ធីតាតូច មើលទៅហាក់ដូចជាធ្វើឲ្យលោកសេដ្ឋី          ក្តុកក្តួលអួលណែនដើមទ្រូងពន់ពេក លោកឈ្ងោកមុខសម្លឹងមើលផ្ទៃរាប ហើយឆ្លើយដោយសម្លេងតិចៗ ថា
"គ្មានរឿងអ្វីទេ កូន! ប៉ាគ្រាន់តែនឹកដល់កូនប៉ុណ្ណោះ"
"នឹកដល់ធ្វើអី?" លីលាវតីតូចសួរដោយដោយអាការចម្លែកចិត្ត "លីលាវតីនៅទីនេះហើយតើ!"
"កូនទៅលេងជាមួយនឹងបងកណ្ណិកាសិនចុះ" នាងគ្រហបតានីនិយាយជ្រែកឡើង "ទុកឲ្យម៉ាក់និយាយកិច្ចការជាមួយនឹងលោកសេដ្ឋីមួយភ្លែតសិន ហើយសឹម     ត្រឡប់មកវិញ" 
លីលាវតីតូចដើរចេញទៅដោយអាការអល់ឯក ងាកត្រឡប់មកមើលមាតានិងបិតាថ្មីម្តងម្កាល រហូតដល់លឹបបាត់ទៅក្នុងបន្ទប់ក្បែរខាង
"តើយើងគួរធ្វើដូចម្តេច? លោកសេដ្ឋី!" នាងគ្រហបតានីសួរឡើងបន្ទាប់ពីលីលាវតីចូលបាត់ទៅក្នុងបន្ទប់
មេត្តិយសេដ្ឋីអង្គុយធ្មឹងគិតជញ្ជឹង ដោយអាការរសាប់រសល់មួយស្របក់ហើយឆ្លើយតបថា
"រឿងនេះស្មុគស្មាញសាញប្រដាញហួសវិស័យ ដែលខ្ញុំគិតស្មានទុក ប៉ុន្តែខ្ញុំមើលមិនឃើញច្រកចេញដែលសមរម្យណាៗ ក្រៅពីនាំធីតាតូចរបស់ខ្ញុំត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ"
នាងគ្រហបតានីសម្លឹងមើលលោកសេដ្ឋីដោយក្រសែភ្នែកសម្តែងសេចក្តីមិនពេញចិត្ត ហើយនិយាយឡើងដោយសម្លេងតឹងកថា
"លោកនិយាយហាក់នឹងថា លីលាវតីជាកូនរបស់លោកម្នាក់ឯង?"
"ប៉ុន្តែអ្នកក៏ដឹងច្បាស់ហើយមិនមែនឬ?" មេត្តិយសេដ្ឋីនិយាយឡើង "ថា            រត្តបាណីជាកូនរបស់ខ្ញុំ កើតចេញពោះភរិយារបស់ខ្ញុំដោយផ្ទាល់"
"មែន" នាងគ្រហបតានីនិយាយដោយសម្លេងឮ "ផ្នែកសរីរៈរាងកាយ លីលាវតីជាកូនរបស់លោក ប៉ុន្តែលោកកុំភ្លេចថាចិត្តរបស់នាងជាលីលាវតី ជាធីតារបស់ខ្ញុំយ៉ាងពេញលេញ នាងគ្រាន់តែអាស្រ័យលោកកើតប៉ុណ្ណោះ គ្រាន់តែកើតនិងចម្រើន   វ័យដឹងក្តីហើយ នាងក៏ត្រឡប់មករកខ្ញុំវិញដដែល លោកក៏ដឹងរឿងនេះច្បាស់ហើយ"
"ភគិនី!" មេត្តិយសេដ្ឋីប្រកែកយ៉ាងស្វិតស្វាញ "ខ្ញុំយល់ឃើញថា កាយនិងចិត្តជាសភាពញែកគ្នាមិនដាច់ កាលបើកាយរបស់រត្តបាណីទៅកើតជាមួយនឹងខ្ញុំ ចិត្តរបស់នាងក៏កើតជាមួយនឹងខ្ញុំដែរ នាងទើបជាសម្បត្តិរបស់ខ្ញុំទាំងកាយទាំងចិត្ត បើអ្នកចាត់ទុកថាចិត្តរបស់នាងជាសម្បតិ្តរបស់អ្នក អ្នកយកចិត្តរបស់នាងទុកក៏បាន ប៉ុន្តែខ្ញុំត្រូវយករាងកាយរបស់នាងត្រឡប់ទៅក្រុងពារាណសីវិញ"
"លោកសេដ្ឋី!" នាងគ្រហបតានីនិយាយដោយអាការក្រពុលមុខ "លោកអាចជាម្ចាស់ឬជាចៅហ្វាយលើកាយរបស់អ្នកណាៗក៏បាន អ្នកអាចយកកាយរបស់អ្នកណាទៅក៏បាន ប៉ុន្តែបើចិត្តរបស់គេមិនទៅជាមួយ ទីបំផុត គេក៏ត្រូវត្រឡប់មកវិញ មើលតែលីលាវតីចុះ នាងទៅដល់ក្រុងពារាណសីឆ្ងាយរាប់រយយោជន៍ ប៉ុន្តែទីបំផុត នាងក៏វិលត្រឡប់មកកាន់ដើមទ្រូងរបស់ខ្ញុំទាល់តែបាន ក្នុងឋានៈយើងទាំងពីរជាចៅហ្វាយលើចិត្តរបស់លីលាវតីមិនបាន តើយើងធ្វើយ៉ាងនេះល្អទេ គឺឲ្យលីលាវតីសម្រេចចិត្តដោយខ្លួនឯងថាតើនៅជាមួយនឹងខ្ញុំ ឬត្រឡប់ទៅនៅជាមួយនឹងលោក?"
មេត្តិយសេដ្ឋីអង្គុយឈ្ងោកមុខគិតមួយស្របក់ដោយសេចក្តីក្រវល់ក្រវាយ ដោយទឹកចិត្តពិត លោកសេដ្ឋីយល់ឃើញថា សម្នើរបស់នាងគ្រហបតានីយុត្តិធម៌ល្អ ប៉ុន្តែបើធ្វើយ៉ាងនោះ លោកប្រាកដជាចាញ់ប្រៀប ព្រោះលោកដឹងច្បាស់ថា ខណៈនេះធីតាតូចរបស់លោក កំពុងតែស្រស់ស្រាយរីករាយជាមួយនឹងម្តាយនិងញាតិក្នុងអតីតជាតិរបស់ខ្លួន រហូតដល់សឹងតែភ្លេចម្តាយឯក្រុងពារាណសីទៅហើយ ទាំងអស់នេះក៏ព្រោះថានាងធ្លាប់មានអតីតជាតិកក់ក្តៅនិងយូរលង់នៅទីនេះច្រើនជាងក្រុងពារាណសី បើឲ្យនាងសម្រេចចិត្តខ្លួនឯង នាងប្រាកដជាសម្រេចចិត្តនៅជាមួយនឹងម្តាយ ឯក្រុងសាវត្ថីយ៉ាងពិតប្រាកដ កាលបើដូច្នេះ លោកនឹងបាត់បង់ធីតា តូចបណ្តូលចិត្តតែម្នាក់ ត្រឡប់ទៅស្រុកកំណើតវិញដៃទទេ ហើយអ្នកដែលរងទុក្ខទ្រោមចិត្តខ្លាំងជាងគេ គឺនាងមេត្តិយាម្តាយរបស់រត្តបាណីដែលទន្ទឹងរង់ចាំនៅឯផ្ទះ។
"ខ្ញុំមិនយល់ព្រមឲ្យក្មេងសម្រេចចិត្តខ្លួនឯងទេ" មេត្តិយសេដ្ឋីនិយាយឡើងនៅទីបំផុត "ព្រោះនាងនៅក្មេងពេកដែលនឹងសម្រេចចិត្តដោយហេតុផល បើឲ្យនាងសម្រេចចិត្តខ្លួនឯង នាងមុខជាសម្រេចចិត្តតាមអារម្មណ៍ខណៈនេះ នាងកំពុងតែមានអារម្មណ៍ស្រស់ស្រាយនៅក្នុ្ងងផ្ទះអតីតជាតិ ត្រង់កណ្តាលហ្វូងញាតិជាតិមុន នាងទៀងតែនឹងសម្រចចិត្តនៅទីនេះយ៉ាងពិតប្រាកដ អ្នកស្ថិតនៅក្នុងឋានៈបានប្រៀបណាស់"
"បើអញ្ចឹង តើលោកគួរធ្វើយ៉ាងណា?" នាងគ្រហបតានីសួរឡើង
"ខ្ញុំប្រាប់ហើយថានឹងនាំនាងត្រឡប់ទៅផ្ទះវិញ"
"ប៉ុន្តែលោកនឹងនាំនាងត្រឡប់ទៅដោយពលក្ការមិនបានទេ "នាងគ្រហបតានីជំទាស់ "ខ្ញុំមិនព្រមជាដាច់ខាត"
"ទោះព្រមឬមិនព្រម ខ្ញុំក៏ត្រូវតែនាំទៅ ព្រោះខ្ញុំមានសិទ្ធិយ៉ាងពេញលេញ រត្តបាណីជាធីតារបស់ខ្ញុំយ៉ាងពេញមុខ"
"ប៉ុន្តែនាងក៏ជាធីតារបស់ខ្ញុំដែរ" នាងគ្រហបតានីនិយាយដោយសម្លេងឮស្ទើរស្រែក 
"អ្នកនិយាយខ្លួនឯង" មេត្តិយសេដ្ឋីប្រកែក "ខ្ញុំនិងភរិយាជាអ្នកឲ្យកំណើត និងចិញ្ចឹមបីបាច់រត្តបាណីដោយខ្លួនឯងរហូតដល់ចម្រើនវ័យ ប៉ុន្តែអ្នកមិនបានឲ្យកំណើតនិងមិនបានចិញ្ចឹមបីបាច់ទេ តើអ្នកមានចំណែកជាម្ចាស់របស់នាងយ៉ាងម៉េចបាន? ឥឡូវនេះ រត្តបាណីប្រៀបដូចជាភ្លៀវដែលមកស្នាក់នៅជាមួយនឹងអ្នកបណ្តោះអាសន្នប៉ុណ្ណោះ ឬម្យ៉ាងទៀត នាងប្រៀបដូចជាសម្បត្តិរបស់ខ្ញុំ ដែលយកមកផ្ញើអ្នកបណ្តោះអាសន្ន ឥឡូវនេះ ដល់ពេលដែលខ្ញុំត្រូវចាកចេញទៅ ខ្ញុំមកទារយកអីវ៉ាន់ផ្ញើរបស់ខ្ញុំ ត្រឡប់ទៅវិញ អ្នកក៏ត្រូវតែព្រមប្រគល់ឲ្យដោយស្រួលទើបត្រូវ បើអ្នកមិនព្រមប្រគល់ឲ្យខ្ញុំទេ ក៏ស្មើនឹងអ្នកប្រវ័ញ្ចយកទ្រព្យរបស់ខ្ញុំ ខ្ញុំមានសិទ្ធិផ្តឹងផ្តល់អ្នកបាន "
"អញ្ជើញចុះ លោកសេដ្ឋី!" នាងគ្រហបតានីជជក់មាត់និយាយ "សូមអញ្ជើញលោកផ្តឹងតាមចិត្តចុះ"
ខណៈដែលលោកសេដ្ឋី កំពុងតែហើបមាត់ឆ្លើយឆ្លងនុះឯង លីលាវតីតូចក៏ដើរចេញពីក្នុងបន្ទប់ ធ្វើឲ្យអ្នកទាំងពីរបញ្ឈប់ការប្រកែកប្រកោកភ្លាម  ងាកទៅសម្លឹងមើលកុមារីតូចដោយក្រសែភ្នែកតែមួយ ចំណែកខាងលីលាវតីតូចក៏ឈប់ឈរមើលអ្នកនេះបន្តិច អ្នកនោះបន្តិចដោយអាការឆ្ងែឆ្ងល់
"កូនសម្លាញ់ម៉ាក់!" នាងគ្រហបតានីនិយាយឡើង " មករកម៉ាក់មើល៍"
លីលាវតីតូចដើរគ្រឿនៗទៅរកស្រ្តីជរា ហើយឈប់ឈរនៅក្បែរខាង ជួសនឹងស្រវាចូលឱប ឬក៏ហេទៅអង្គុយលើភ្លៅដូចគ្រាមុនៗ នាងគ្រហបតានីបានយកដៃស្តាំក្រសោបឱបរឹតនាងមកអង្គុយលើភ្លៅរបស់ខ្លួន និងយកដៃអង្អែលក្បាលដោយករុណា "កូនសម្លាញ់ម៉ាក់!" នាងគ្រហបតានីនិយាយឡើង "កូនស្រឡាញ់ម៉ាក់ទេ?"
"លីលាវតីស្រឡាញ់ម៉ាក់ណាស់" លីលាវតីតូចឆ្លើយទាំងងើយមុខសម្លឹងមើល  ម្តាយ
"ម៉ាក់ត្រេកអរណាស់ដែលបានឮកូននិយាយយ៉ាងនេះ" នាងគ្រហបតានីនិយាយដោយសម្លេងញ័រ ស្នាមញញឹមយ៉ាងមានសេចក្តីសុខបានប្រាកដលើផ្ទៃមុខ
"តើកូនចង់នៅជាមួយនឹងម៉ាក់ឬចង់ចាកចោលម៉ាក់ទៅទីដទៃ?"
"កូនចង់នៅជាមួយនឹងម៉ាក់" លីលាវតីតូចឆ្លើយតបទាំងមិនដឹងក្តី
"ឃើញទេ? លោកសេដ្ឋី ! " នាងគ្រហបតានីនិយាយឡើងដោយអាការអររអឹករអាំ "លីលាវតីនឹងនៅជាមួយនឹងខ្ញុំ តើលោកឃើញទេ?"
មេត្តិយសេដ្ឋីដែលសម្លឹងមើលពីរនាក់ម្តាយកូនដោយកែវភ្នែកស្រពាប់ស្រពោនរហូតមក បាននិយាយឡើងថា
"កូនភ្លេចប៉ាហើយឬ?"
"កូនមិនភ្លេចទេ" កុមារីតូចឆ្លើយទាំងសម្លឹងមើលបិតាដោយកែវភ្នែកស្រពាប់ស្រពោនដែរ "កូននៅចាំជានិច្ច"
"បើកូននៅមិនភ្លេចប៉ា នៅស្រឡាញ់ប៉ា មករកប៉ាបន្តិចមើល៍"
ភ្លាមនោះ លីលាវតីតូចបានស្ទុះក្រោកឡើងដើរទៅអង្គុយលើភ្លៅរបស់បិតាភ្លាម នាងគ្រហបតានីបានលើកដៃទាំងពីរឡើង ប្រទាក់ប្រតោងតាម ប៉ុន្តែមិនបានចាប់រឹតទុកទេ
"កូននឹកដល់ម៉ាក់ឯក្រុងពារាណសីទេ?" លោកសេដ្ឋីសួរម្តងទៀត
"នឹកដល់" កុមារីតូចឆ្លើយយ៉ាងខ្លីសម្លឹងមើលនាងគ្រហបតានីដោយអាការឆ្ងែឆ្ងល់
"បើអញ្ចឹង យើងត្រឡប់ទៅក្រុងពារាណសីជាមួយគ្នាទេ?"
"ត្រឡប់" កុមារីតូចឆ្លើយតបតាមនិស្ស័យត្រង់ទៅត្រង់មកម្តងទៀត
"ឃើញទេ? ភគិនី!" មេត្តិយសេដ្ឋីនិយាយឡើងយ៉ាងរំភើបត្រេកអរម្តងវិញ "រត្ត បាណីនឹងទៅជាមួយនឹងខ្ញុំ តើអ្នកបានឮទេ?"
រំពេចនោះឯងសេចក្តីច្រណែនឫស្សាបូកផ្សំនឹងសំណោកសោកស្តាយ ក៏កើតឡើងក្នុងចិត្តរបស់នាងគ្រហបតានីយ៉ាងលើសលន់ នាងភ្លេចហេតុផលណាៗទាំងអស់ ក្រោកត្រេហេទៅចាប់កន្រ្តាក់ដៃលីលាវតីតូច ហើយព្យាយាមទាញចេញពីរង្វង់ដើមទ្រូងរបស់មេត្តិយសេដ្ឋី ចំណែកខាងបិតាក៏ព្យាយាមឱបរឹតធីតាតូចយ៉ាងណែន ហេតុការណ៍ចលាចលច្រួលច្របល់ក៏កើតឡើង សម្លេងស្រែកយំយ៉ៃរបស់លីលាវតីតូចបានជួយហៅ កណ្ណិកានិងមនុស្សក្នុងផ្ទះទាំងអស់ចេញមកមើលហេតុការណ៍ ម្នាក់ៗដល់ថ្នាក់ភីងភាំងស្រឡាំងកាំង ហាមាត់ចង្រ្គុងដែលបានឃើញហេតុការណ៍ដ៏ចម្លែកនោះ នៅពេលបានសតិស្មារតីហើយម្នាក់ៗក៏ស្ទុះរត់ទៅជួយទាញញែកបំបែកអ្នកទាំងបីចេញពីគ្នា គ្រាន់តែបានឥស្សរភាពហើយ  លីលាវតីតូចក៏រត់ទៅនៅក្នុងអំណោបរបស់បងស្រីអតីតជាតិ ឈរញ័រខ្លួនដោយសេចក្តីស្លន់ប្រមា។
ការប្រកែកជជែកដណ្តើមកម្មសិទ្ធិលីលាវតី ក៏កើតឡើងម្តងទៀត ពេលនេះ   មេត្តិយសេដ្ឋីក្លាយជាអ្នកចាញ់ប្រៀបព្រោះខ្លួនម្នាក់ឯង ត្រូវជជែកតវ៉ាជាមួយនឹងមនុស្សជាច្រើននាក់ព្រមគ្នា ប៉ុន្តែទុកជាដូច្នោះក៏ដោយ មេត្តិយសេដ្ឋីនៅតែតស៊ូយ៉ាងស្វិតស្វាញ មិនមានសញ្ញាថានឹងចុះចាញ់គូតស៊ូបន្តិចឡើយ កាលបើមិនអាចយល់ព្រមគ្នាដោយវិធីណាៗ  ភាគីទាំងពីរក៏យល់ព្រមគ្នានាំយករឿងនេះឡើងសាលាក្តីនៃក្រុងសាវត្ថី ដើម្បីឲ្យគណៈវិនិច្ឆ័យកាត់សេចក្តី។
គណៈវិនិច្ឆ័យបានឲ្យគូក្តីទាំងសងខាង តំណាលរឿងរ៉ាវឲ្យស្តាប់យ៉ាងល្អិតល្អន់តាំងពីដើមដល់ចប់ ហើយបានសាកសួរសម្តីរបស់កុមារីតូចដែលជាអ្នកដើមហេតុប្រកបផង បន្ទាប់ពីនោះក៏បានចូលទៅក្នុងបន្ទប់ពិភាក្សាសម្រេច ប្រឹក្សាយោបល់គ្នាក្នុងបន្ទប់ពិសេសយ៉ាងយូរ ព្រោះរឿងក្តីនេះជារឿងក្តីពិសេសដែលមានបញ្ហាត្រឡប់ត្រឡិនស្មុគស្មាញ និងមានអាថ៌កំបាំងហួសព្រំដែនមាត្រាច្បាប់ដែលមានចែង នៅទីបំផុត ប្រធានគណៈវិនិច្ឆ័យបានចេញមកប្រកាសសាលក្រមថា ដើម្បីឲ្យយុត្តិធម៌ដល់ភាគីទាំងសងខាង  និងដើម្បីឲ្យសេចក្តីសុខ  សេចក្តីពេញចិត្តដល់កុមារីតូច សូមឲ្យ  ភាគីទាំងសងខាងជាម្ចាស់របស់កុមារីតូចស្មើៗគ្នា  ឲ្យជួយគ្នាចិញ្ចឹមបីបាច់ និងជាម្ចាស់សម្រាប់មួយភាគី ៦ ខែ គឺឲ្យនៅក្នុងក្រុងសាវត្ថី ៦ ខែសិន ហើយសឹមឲ្យទៅនៅក្រុងពារាណសី ៦ ខែ ឆ្លាស់គ្នាទៅមកយ៉ាងនេះលុះត្រាតែកុមារីតូចចម្រើនវ័យ ធំឡើងមានគ្រួសាររបស់ខ្លួន គូវិវាទទាំងសងខាងក៏សុខចិត្តទទួលយកសាលក្រមរបស់គណៈវិនិច្ឆ័យ នៅទីបំផុត មេត្តិយសេដ្ឋីក៏បរក្បួនរទេះត្រឡប់ទៅក្រុងពារាណសីវិញដោយគ្មានធីតាតូចជាប់តាមជាមួយ។     



No comments:

Post a Comment