មុនពេលដែលវីរសីហៈសួរសន្ធាប់ម្តងទៀតជាវិធីផ្ទញ់ផ្ទាល់ ព្រះថេរៈក៏ជែងមានថេរដីកាបានមុនថា
"លោកវីរសីហៈ ! ជាដំបូង លោកត្រូវយល់គោលធម៌របស់យើងសិន ទង្វើដែលប្រកបដោយចេតនា យើងចាត់ថាកម្មដែលមានផលក្នុងរយៈយូរ កម្មខ្លះឲ្យផលឆ្លងភពឆ្លងជាតិ ប៉ុន្តែកម្មខ្លះឲ្យផលទាន់ហន់ក្នុងបច្ចុប្បន្ន ហើយក៏អស់កម្លាំងទៅក្នុងបច្ចុប្បន្ន ស្រេចតែកម្មធ្ងន់ឬស្រាល ស្រេចតែចេតនារបស់អ្នកធ្វើ ទង្វើដែលមិនប្រកបដោយចេតនា យើងមិនហៅថាកម្មទេ ប៉ុន្តែហៅថា កិរិយា កិរិយាក៏មានផលដែរ ផលរបស់កិរិយា ហៅថា បដិកិរិយា កិរិយាគ្រប់យ៉ាងតែងមានបដិកិរិយាជាដរាប បដិកិរិយាខ្លាំងឬខ្សោយស្រេចតែកម្លាំងរបស់កិរិយា ប្រៀបដូចជាបុរសវាយស្គរ បើវាយខ្លាំង សម្លេងស្គរក៏ឮខ្លាំង បើវាយខ្សោយ សម្លេងស្គរក៏ឮខ្សោយ ការដើរទៅ ជាន់សត្វស្លាប់ដោយអចេតនាចាត់ត្រឹមតែជាកិរិយា មិនចាត់ជាកម្មទេ អាការដែលសត្វស្លាប់ចាត់ជាបដិកិរិយា អាការដែលបុគ្គលអ្នកជាន់សត្វឲ្យស្លាប់ហើយកើតវិប្បដិសារអាណិតនិងសោកស្តាយ ចាត់ជាបដិកិរិយាបណ្តោះអាសន្នប៉ុណ្ណោះ ទោះបីអជីវវត្ថុក៏អាចធ្វើកិរិយានិងមានបដិកិរិយាបានដែរ ដូចជា ដើមឈើរលំសង្កត់មនុស្ស ចាត់ជាកិរិយា មនុស្សស្លាប់ចាត់ជាបដិកិរិយា ភ្លើងឆេះចាត់ជាកិរិយា អាការដែលផ្ទះត្រូវភ្លើងឆេះខ្ទេចខ្ទីអស់ចាត់ជាបដិកិរិយា ប៉ុន្តែទង្វើរបស់ដើមឈើនិងភ្លើងមិនមែនកម្មទេ បើការដែលភ្លើងឆេះចាត់ជាកម្ម ភ្លើងមុខជានឹងទទួលផលកម្ម ធ្លាក់នរក ឬត្រូវទទួលផលឆ្លងភពឆ្លងជាតិតទៅ ចំណុចនេះមិនអាចប្រព្រឹត្តទៅបានទេ សូមឲ្យលោកយល់ទៅតាមនេះផង"
នៅពេលបានស្តាប់ពាក្យអធិប្បាយរបស់ព្រះថេរៈចប់ហើយ វីរសីហៈក៏ញញឹមយ៉ាងមានចង្វាក់ល្មមនឹងយកឈ្នះព្រះថេរៈបានហើយសួរឡើងថា
"លោករេវត្តៈ ! ខ្ញុំកូរណាចង់សួរលោកថា កិរិយា ប្រែថាដូចម្តេច? "
"តាមរូបសព្ទប្រែថា ការធ្វើ"ព្រះថេរៈឆ្លើយ
"ចុះកម្ម ប្រែថាដូចម្តេចដែរ?" វីរសីហៈសួរយ៉ាងឆាប់រហ័ស
"ប្រែថា ការធ្វើ "
"បើអញ្ចឹង កិរិយា ឬ កម្ម គឺ ការធ្វើដូចគ្នាហ្នឹងឯង កាលបើកិរិយានិងកម្មជាសទិសសព្ទ បដិកិរិយា ឬ វិបាកកម្ម ក៏ជាសទិសន័យហ្នឹងឯង មែនទេ?" វីរសីហៈនិយាយសង្កត់ប្រយោគចុងក្រោយយ៉ាងសំណំសំនួន ធ្វើឲ្យនិគ្រន្ថបរិស័ទមើលទៅមានអាការស្រស់ស្រាយឡើង ។
"ដោយព្យញ្ជនៈ កិរិយានិងកម្មជាសព្ទមានន័យដូចគ្នា បដិកិរិយា និង វិបាកកម្មក៏ដូចគ្នាដែរ ប៉ុន្តែដោយអត្ថ កិរិយានិងកម្មផ្សេងគ្នា កម្ម សំដៅដល់ ការធ្វើរបស់បុគ្គលអ្នកមានសតិគ្រប់គ្រាន់ប្រកបដោយចេតនា ឬ សេចក្តីតាំងចិត្ត ចំណែកឯ កិរិយា សំដៅដល់ អាការចលនារបស់មនុស្ស សត្វ ឬសូម្បីអជីវវត្ថុ បដិកិរិយា គឺជាផលសងឡងបណ្តោះអាសន្នដែលកើតចេញពីកិរិយានោះ ៗ ចំណែកខាងវិបាកឬផលកម្ម គឺជាផលសងដែលអ្នកធ្វើកម្មនឹងបានទទួលយូរឬឆាប់ស្រេចតែកម្លាំងរបស់កម្ម"
"លោករេវត្តៈ ! "វីរសីហៈនិយាយដោយចង្វាក់សម្លេងឡកឡឺយ "ទោះបីលោកខំអធិប្បាយវិលវល់ទៅមក យ៉ាងណា ក៏មិនអាចធ្វើឲ្យខ្ញុំកូរណានិងប្រជាជនអ្នកស្តាប់យល់ឃ្វាងទៅបានជាដាច់ខាត ទោះបីលោកប្រើសព្ទសំនួនយ៉ាងណា ខ្ញុំកូរណានៅតែយល់ថា កម្មនិងកិរិយាជារឿងតែមួយនិងមានផលដូចគ្នាហ្នឹងឯង សេចក្តីឧបមារឿងស្គររបស់លោកហ្នឹងឯងជួយគាំទ្រអំណះអំណាងរបស់ខ្ញុំកូរណា ព្រោះថាតាមសភាពពិតនោះ ធម្មតា ស្គរតែងឮនៅពេលមានមនុស្សវាយ ទោះមានចេតនាឬគ្មានចេតនាក៏ដោយ ស្គរក៏ឮដែរ កាលបើដូច្នេះ តើលោកនិយាយបានយ៉ាងដូចម្តេចថា កិរិយា ឬ ការធ្វើដែលគ្មានចេតនាឥតផល?"
"ខ្ញុំកូរណាមិនបាននិយាយថា កិរិយាឥតផលទេ" ព្រះរេវត្តត្ថេរនិយាយជ្រែកឡើងភ្លាមដោយសម្លេងរាងដូចជាឮ "មានដែរ ប៉ុន្តែជាផលបណ្តោះអាសន្ន មិនបានអន្ទោលជាប់តាមទៅឲ្យផលឆ្លងភពឆ្លងជាតិដូចយ៉ាងផលកម្មទេ"
វីរសីហៈញញឹមយ៉ាងពេញចិត្តដែលអាចធ្វើឲ្យគូតស៊ូកើតទោសៈឡើងបាន គេដឹងច្បាស់ថា ក្នុងការតស៊ូគ្រប់យ៉ា់ង ជាពិសេស ការតស៊ូផ្នែកហេតុផលនិងសម្តីថ្វីមាត់ អ្នកដែលត្រូវទោសៈគ្របសង្កត់ហើយ តែងបាត់បង់ហេតុផលទៅនិងមានផ្លូវនឹងចាលចាញ់គូតស៊ូបានដោយងាយ
"ណ្ហើយចុះ លោករេវត្តៈអ្នកមានអាយុ ! "វីរសីហៈនិយាយយ៉ាងត្រជាក់ចិត្ត "សរុបសេចក្តីថា លោកព្រមទទួលស្គាល់ថា កម្មនិងកិរិយាមានផលដូចគ្នា ទោះបីយើងជជែកគ្នាយ៉ាងវែងអន្លាយយ៉ាងណា ទីបំផុតក៏បញ្ចប់ទៅតាមអំណះអំណាងដើមរបស់ខ្ញុំកូរណាហ្នឹងឯង គឺ ការធ្វើគ្រប់យ៉ាងទោះមានចេតនាឬគ្មានចេតនាក៏ដោយ ក៏ចាត់ជាកម្មនិងត្រូវមានផលទាំងអស់ តើលោកមានអ្វីអះអាងបន្ថែមទៀតទេ? បើមិនមានទេ ខ្ញុំកូរណាចាត់ទុកថា លោកមិនអាចឆ្លើយដោះស្រាយសំណួរចោទសួររបស់ខ្ញុំកូរណាបាន ហើយខ្ញុំកូរណានឹងសូមពិន្ទុពីលោកជាប្រធាន" វីរសីហៈនិយាយហើយក៏បែរទៅញញឹមពព្រាយដាក់បក្សពួករបស់ខ្លួនដោយមោទនភាព ។
"លោកវីរសីហៈ ! " ព្រះថេរៈមានថេរដីកាឡើងដោយសម្លេងម៉ឺងម៉ាត់និងដោយទឹកមុខតានតឹង "នៅសម័យមួយ មានខ្លាដំបង ១ ឈរនៅកៀកនឹងឆ្មា ១ មានបុរស ២ នាក់មកជួបខ្លាដំបង និងឆ្មានោះ ទើបជជែកប្រកែកគ្នា បុរសម្នាក់មើលឃើញថាខ្លាដំបងនិងឆ្មានោះជាសត្វដូចគ្នា បុរសម្នាក់ទៀតប្រកែកថាជាសត្វផ្សេងគ្នា នៅពេលនេះ យើងទាំងពីរកំពុងស្ថិតនៅក្នុងឋានៈដូចយ៉ាងបុរស ២ នាក់នុះឯង លោកប្រៀបដូចជាបុរសទី ១ ដែលមើល ឃើញថា ខ្លាដំបងនិងឆ្មាជាសត្វដូចគ្នា ចំណែកឯខ្ញុំកូរណាប្រៀបដូចជាបុរសទី ២ ដែលមើលឃើញខ្លាដំបង និង ឆ្មាជាសត្វផ្សេងគ្នា កាលបើដូច្នេះ យើងគ្មានផ្លូវណានឹងយល់ស្របគ្នាបានទេ ព្រោះមើលឃើញម្នាក់មួយជ្រុង បើពឺតជជែកគ្នាក្នុងចំណុចនេះតទៅទៀត គង់នឹងខាតពេលវេលាចោលទទេ ខ្ញុំកូរណាចង់ស្លេះចំណុចនេះទុកសិន ហើយទៅសន្ទនាដល់រឿងផ្សេងវិញ តើលោកយល់ឃើញយ៉ាងណាដែរ?"
"ខ្ញុំកូរណាមិនព្រមទេ" វីរសីហៈនិយាយយ៉ាងស្វាហាប់ "លោកមិនអាចផ្អាកបានទេលុះណាតែអធិប្បាយចំណុចនេះឲ្យច្បាស់លាស់ជាទីគាប់ចិត្តដល់ខ្ញុំកូរណាសិន បើលោកអធិប្បាយមិនបានទេ មានន័យថា លោកទញ់ទាល់ចំពោះហេតុផលរបស់ខ្ញុំកូរណា ខ្ញុំកូរណាត្រូវតែបាន ១ ពិន្ទុតាមកតិកា តើលោកយល់យ៉ាងណាដែរ?"
ព្រះថេរៈអង្គុយគិតជញ្ជឹងមួយស្របក់ហើយមានថេរដីកាឡើងថា
"មើលទៅកាយវិការលោកហាក់នឹងថាចង់បានពិន្ទុណាស់ លោកវីរសីហៈ ! លុះឃើញកិរិយាអាការរបស់លោកហើយ ខ្ញុំកូរណាចង់តែប្រគល់ពិន្ទុឲ្យលោកទេ ប៉ុន្តែនៅពេលនឹកឃើញដល់សុភាសិតថា គប្បីឲ្យដល់បុគ្គលដែលគួរទទួល ខ្ញុំកូរណាចាំបាច់ត្រូវតែផ្អាកសិន ប្រធានបទដែលយើងបានជជែកគ្នានៅពេលនេះ គឺថា លោកយល់ឃើញថា កម្មនិងកិរិយាជារបស់តែមួយ ប៉ុន្តែខ្ញុំកូរណាយល់ឃើញថាផ្សេងគ្នា បើអញ្ចឹង ខ្ញុំកូរណាចង់សួរលោកតទៅទៀត លោកយល់ឃើញយ៉ាងណាឲ្យឆ្លើយទៅតាមការពិត ខ្លានិងឆ្មាមានលក្ខណៈស្រដៀងគ្នាណាស់មែនទេ?"
"មែន លោកអ្នកមានអាយុ ! " វីរសីហៈឆ្លើយដោយឫកពាសប្បាយចិត្ត
"ប៉ុន្តែទំហំរបស់ខ្លានិងទំហំរបស់ឆ្មាផ្សេងគ្នាណាស់មែនទេ?"
"មែន ខ្លាមានទំហំធំជាងឆ្មាណាស់"
"ការធ្វើដោយចេតនា និងការធ្វើដោយគ្មានចេតនាចាត់ជាការធ្វើដូចគ្នាមែនទេ?" ព្រះថេរៈសួរត
"មែន ខ្ញុំកូរណាអះអាងចំណុចនេះតាំងពីដើមទីមក"
"ការដែលលោកកំពុងតែនិយាយនៅពេលនេះ តើលោកមានចេតនាឬទេ?"
"មាន លោករេវត្តៈ ! "វីរសីហៈឆ្លើយទាំងសម្តែងសេចក្តីចម្លែកចិត្ត
"បើលោកនិយាយដោយគ្មានចេតនា តើលោកនឹងយកឈ្នះខ្ញុំកូរណាបានទេ?"
វីរសីហៈអង្គុយធ្មឹងមួយស្របក់ព្រោះមិនដឹងថាគូតស៊ូនឹងលេងស្នៀតមកក្នុងរូបបែបណា ប៉ុន្តែក៏ឆ្លើយថា
"មិនអាចយកឈ្នះលោកបានទេ"
"ការនិយាយដោយមានចេតនា និង ការនិយាយដោយគ្មានចេតនា តើមួយណាមានហេតុផល មានសណ្តាប់របៀប បានរឿងបានរ៉ាវល្អជាង?"
"ការនិយាយដោយមានចេតនា បានរឿងបានរ៉ាវល្អជាង"
"បើអញ្ចឹង មានន័យថា លោកទទួលស្គាល់ថា ការធ្វើដោយចេតនានិងការធ្វើដោយគ្មានចេតនា មានលក្ខណៈផ្សេងគ្នាណាស់?"
"ផ្សេងគ្នាប៉ុន្តែជាការធ្វើដូចគ្នា" វីរសីហៈឆ្លើយប៉ុន្តែនៅពាំត្រណោតរបស់ខ្លួន
"ខ្ញុំកូរណាគ្រាន់តែសួរថា ផ្សេងគ្នាឬទេ? សូមឲ្យលោកអះអាងចំណុចនេះ"ព្រះថេរៈសួរផ្ទួនម្តងទៀត
"ផ្សេងគ្នា"
"កាលបើការនិយាយដោយមានចេតនា អាចធ្វើឲ្យលោកឈ្នះខ្ញុំកូរណាបាន ប៉ុន្តែការនិយាយដោយគ្មានចេតនា អាចធ្វើឲ្យលោកចាញ់យ៉ាងពិតប្រាកដ ហ្នឹងសម្តែងឲ្យឃើញយ៉ាងច្បាស់ថា ផលរបស់ការធ្វើដោយមានចេតនា និង មិនមានចេតនាផ្សេងគ្នាឆ្ងាយណាស់មែនទេ?"
"មែន ប៉ុន្តែវាក៏ជាផលដូចគ្នា"វីរសីហៈឆ្លើយបែបលេងសំនួនដូចដែល
"ខ្ញុំកូរណាសូមឲ្យលោកអះអាងម្តងទៀតថា ផលរបស់វាផ្សេងគ្នាណាស់?"
"ផ្សេងគ្នាណាស់" វីរសីហៈអះអាងនៅទីបំផុត
"សម្តែងថា ឥឡូវនេះ លោកទទួលស្គាល់ហើយថា កម្មនិងកិរិយាផ្សេងគ្នា បដិកិរិយា និង ផលរបស់កម្មក៏ផ្សេងគ្នា ស្មើនឹងលោកទទួលស្គាល់ថា ខ្លានិងឆ្មាមានទំហំផ្សេងគ្នាណាស់ អម្បាញ់មិញនេះ លោកបានស្នើសុំឲ្យខ្ញុំកូរណាអធិប្បាយកម្មនិងកិរិយា កម្មវិបាកនិងបដិកិរិយាឲ្យច្បាស់លាស់ ឥឡូវនេះ ខ្ញុំកូរណាក៏បានអធិប្បាយយ៉ាងច្បាស់ លាស់រហូតដល់លោកព្រមទទួលស្គាល់ហើយថា ផ្សេងគ្នា ខ្ញុំកូរណាទើបធ្វើមុខងាររបស់ខ្លួនយ៉ាងពេញលេញហើយ"
នៅពេលដែលព្រះថេរៈមានថេរដីកាចប់ ប្រជាជនម្នាក់ៗងាកទៅសម្លឹងមើលវីរសីហៈជាក្រសែភ្នែកតែមួយ ហើយចាំមើលថាតើគេនឹងឆ្លើយតបយ៉ាងដូចម្តេច ព្រោះបើប្រកែកទៀតថា កម្មនិងកិរិយា ឬ កម្មវិបាក និង បដិកិរិយាជារបស់តែមួយ ក៏ជាការប្រឆាំងខ្លួនឯង ព្រោះខ្លួនបានទទួលស្គាល់ហើយថា ការធ្វើដោយចេតនានិង គ្មានចេតនាផ្សេងគ្នា ហើយផលក៏ផ្សេងគ្នាដែរ នៅទីបំផុត វីរសីហៈក៏ស្ថិតនៅក្នុង
សភាពគាំងងាស់សម្តីនិយាយមិនចេញ ភាគីនិគ្រន្ថជរាជាប្រធានកាលបើឃើញអ្នកតំណាងរបស់ខ្លួនភ្លាត់ ស្នៀតដល់គូបដិបក្ស ទើបនិយាយជ្រែកឡើងជាការស្តារមុខមាត់ថា
"អស់លោកទាំងឡាយ ! ខ្ញុំព្រះករុណាអាត្មាភាពយល់ឃើញថា បញ្ហារឿងកម្មនិងកិរិយានេះបានជជែកតវ៉ាគ្នាយូរក្រែលហើយ ខ្ញុំព្រះករុណាអាត្មាភាពយល់ឃើញថាគួរបញ្ឈប់បញ្ហានេះនៅពេលនេះ កាលបើវីរសីហៈជាអ្នកចោទសួរទាំងលោករេវត្តៈក៏អាចឆ្លើយដោះស្រាយបាន ក៏សម្តែងថាស្មើគ្នា គ្មានភាគីណាបានពិន្ទុក្នុងបញ្ហានេះទេ ខ្ញុំកូរណាអាត្មាភាពយល់ឃើញថា ការតស៊ូសម្តីនៅថ្ងៃនេះចំណាយពេលមកយូរបង្គួរហើយ គួរតែបញ្ចប់នៅពេលនេះ ថ្ងៃស្អែកនេះ ខ្ញុំកូរណាក្នុងនាមជានិគ្រន្ថសូមនិមន្តលោករេវត្តៈមកតស៊ូសម្តីជាមួយនឹងភាគីខាងយើងទៀត ដើម្បីឲ្យចាញ់ឈ្នះដាច់ខាត សម្រាប់ថ្ងៃនេះសូមបិទជំនុំអភិប្រាយប៉ុណ្ណេះឯង"
គ្រាន់តែនិគ្រន្ថជរាប្រកាសចប់ មហាជនក៏នាំគ្នាវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ ចំណែកខាងពុទ្ធបរិស័ទដែលមានទេវមិត្រឧបាសកជាប្រមុខបានស្ទុះឈូចូលទៅហែហមសម្តែងអំណរសាទរចំពោះព្រះថេរៈ ហើយលើកលោកឡើងកាន់គ្រែស្នែងលែងចូលក្បួនហែយ៉ាងគគ្រឹកគគ្រេងត្រឡប់ទៅព្រះវេឡុវនារាមវិញ ។
ប្រភពៈ http://www.khmerbuddhism.ca/
No comments:
Post a Comment