Tuesday, April 30, 2019

មនុស្សស្រីគួរតែអាន


ពាក្យ​មួយឃ្លា ​គេ​និយាយ​ថា «នៅ​លើ​លោក​នេះ​ គ្មាន​ទេ​ស្រី​អាក្រក់ មាន​តែ​ស្រី​ខ្ជិល​»។ យើង​ជា​ស្រ្តី ត្រូវ​មាន​របៀប​រៀប​រយ​ពេល​ចេញ​ទៅ​ខាង​ក្រៅ ទាំង​ការ​ស្លៀក​ពាក់​និង​កាយវិការ​ ការ​និយាយ​ស្តី​។​ យើង​ជា​ស្ត្រី ត្រូវ​មាន​ក្លិន​ក្រអូប មិន​មែន​ក្លិន​ម្ហូប​ឬ​ក្លិន​ទឹក​នោម​កូន​ ទោះ​បី​យើង​ជា​ស្ត្រី​មេផ្ទះ​ក៏​ដោយ​។​ យើង​ជា​ស្ត្រី ត្រូវ​ចេះ​រៀប​ចំ​ផ្ទះ​សម្បែង​ឱ្យ​បាន​ស្អាត​បាត និង​មាន​អនាម័យ​ក្នុង​ការ​រស់​នៅ​។​

យើង​ជា​ស្ត្រី ត្រូវ​ចេះ​ថែ​ស្បែក​ខ្លួន​ ស្បែក​មុខ សក់ ក្រចក​ដៃ​ជើង និង​ចេះ​តុប​តែង​ប្រេង​ម្សៅខ្លះ ដើម្បី​បន្ថែម​សម្រស់​និង​ចូលចុះ​ក្នុង​​សង្គម​។​ យើង​ជា​ស្រ្តី ​មិន​មែន​ចេះ​តែ​តែង​ខ្លួន​ ប៉ុន្តែ​ត្រូវ​ពូកែ​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ​។​ យើង​ជា​ស្ត្រី ត្រូវចេះ​​បង្រៀន​កូន​ចៅ​និង​ចេះ​សន្សំ​សំចៃ​ក្នុងការ​ចាយ​វាយ​។​

យើង​ជា​ស្ត្រី ត្រូវ​រឹង​មាំ ក្រៅ​ពី​ចេះ​ធ្វើការ​រក​ប្រាក់​កំរៃក៏​ត្រូវ​ចេះ​ឈ្លាស​វៃ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទូទៅ​។​ យើង​ជា​ស្ត្រី​... មិន​មែន​ជា​ស្ត្រី​ដែល​ត្រូវ​ការ​បុរស ប៉ុន្តែ​ជា​ស្ត្រី​ដែល​បុរស​ត្រូវ​ការ​។ ពួក​យើង​ជា​ស្ត្រី​ ត្រូវ​រៀន​បន្ថែម​ដើម្បី​ដើរ​ឱ្យ​ទាន់​សង្គម​ ជា​ពិសេសផ្នែក​​ចិត្ត​គំនិត​។​

ជូន​ពរ​ស្ត្រី​គ្រប់​រូប!!!

Cr. បងស្រី ចិន្ដា

ជម្រើសជីវិត



ជំងឺដែលសាហាវបំផុតក្នុងលោក គឺជំងឺងប់ងុល ។ មកពីងប់ងុលទើបបង្កើតបាននូវអាការៈកុហកខ្លួនឯង កុហកខ្លួនឯងយូរៗទៅចាប់ផ្ដើមអស់សង្ឃឹមក្នុងជីវិត ។ អស់សង្ឃឹមក្នុងជីវិត ព្រោះអ្វីដែលចង់បានវាមិនដូចចិត្ត ហើយអ្វីដែលធ្លាប់មានគ្រាន់តែជាការកុហកដែលខ្លួនឯងប្រតិដ្ឋឡើង ។ ឯណាការពិត? តាមពិតគ្មានទេ វាមានតែការសម្ដែងប៉ុណ្ណោះ ។

ដរាបណាចិត្តនៅតែងប់ងុល ដរាបនោះយើងនៅតែឈឺចាប់ ។ ឈឺប៉ុនណាទៅ ដែលត្រូវកុហកខ្លួនឯងរាល់ថ្ងៃបែបនេះ? ជីវិតគឺជាការជ្រើសរើស យើងមានរបៀបជាច្រើនដើម្បីរស់ ។ យើងគឺជាអ្នកជ្រើសរើស ហេតុអ្វីមិនរើសយកការពិត ហើយប្រឈមមុខនឹងវាទៅ? ភាពកំសាក វាមិនមែនដំណោះស្រាយទេ ។ យើងគួររៀនទទួលយកការពិត ព្រោះការកុហកខ្លួនឯងនឹងធ្វើឲ្យយើងឈឺចាប់បំផុត ។ គ្មាននរណាមកចែករំលែកវាជាមួយយើងឡើយ ។

សុខនិងទុក្ខ គឺឋិតលើជម្រើសរបស់យើង ។ គ្មាននរណាបំផ្លាញយើងទេ លុះត្រាតែយើងយល់ព្រមបំផ្លាញខ្លួនឯង ។ ជីវិតមានមេរៀនជាច្រើនដែលត្រូវរៀន ហើយវិញ្ញាសាខ្លះគ្មានពិន្ទុទេ ។ ជីវិតទោះខកបំណងខ្លះ ក៏មិនជាអ្វីដែរ ព្រោះបើមានផ្លូវដើរ គឺតែងតែមានជង្ហុក មានជីវិតក៏តែងតែឆ្លងកាត់រឿងលំបាកបែបនេះហើយ តែវាមិនអាក្រក់រហូតទេ។ ទម្រាំយើងធ្វើដំណើរមកដល់ទីនេះ យើងបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយរាល់ការឆ្លងកាត់វាតែងតែនាំយើងទៅមុខ ទៅផុតពីបញ្ហាដែលធ្លាប់កើតឡើង ។ ការលំបាកតែងតែកើតមាន តែបើយើងមិនប្រឈមនឹងការពិត មិនហ៊ានឆ្លងកាត់វា នោះអ្នកដែលអាក្រក់ជាគេបំផុតក្នុងជីវិតរបស់យើង គឺយើងខ្លួនឯង៕

Cr. Sun Veasna

Monday, April 29, 2019

ខ្ញុំគ្មានបក្ខពួកទេ!!



ខ្ញុំមិនរាប់អានអ្នកណាដោយសារតែគេជាគ្នាខ្ញុំទេ តែខ្ញុំរាប់អានគេដោយសារគុណតម្លៃ ។ កើតជាមនុស្សហេតុអ្វីត្រូវរើសអើងគ្នា? អ្នកខ្លះរាប់អានគេដោយសារគេល្បី ដោយសារគេជាមនុស្សខ្ពង់ខ្ពស់ ដោយសារតែគេជាអ្នកមាន ឬជាមនុស្សមានប្រយោជន៍ ។ ប៉ុន្ដែបើថ្ងៃណាមួយគេលែងល្បី លែងខ្ពង់ខ្ពស់ លែងមានបាន លែងមានប្រយោជន៍សម្រាប់យើង តើយើងនៅតែរាប់អានគេទេ? ទឹកចិត្តមនុស្សមើលមិនឃើញឡើយ ។ ជួនកាលមនុស្សដែលយើងរើសអើង គេអាចជាមនុស្សមានតម្លៃក៏ថាបាន ។ តម្លៃរបស់មនុស្ស មិនអាចវាស់ដោយចិត្តបានទេ គឺគេវាស់តាមរយៈដោយទង្វើ និងថ្លឹងថ្លែងដោយវិចារណញ្ញាណ។ ខ្ញុំមិនត្រូវការបក្ខពួក មិនត្រូវការធ្វើជាគ្នារបស់អ្នកណាទេ ខ្ញុំគ្រាន់តែចង់មានសន្ដិភាពជាមួយមនុស្សរាល់គ្នា ព្រោះថាបើយើងគ្មានសន្ដិភាពទេ ទោះមានបក្ខពួកច្រើនប៉ុនណា ឬមានគ្នាច្រើនប៉ុនណា ក៏មិនអាចធ្វើឲ្យជីវិតខ្លួនឯងមានតម្លៃពេញលេញដែរ ។ ដែលហៅថាជីវិតមិនពេញលេញ គឺជីវិតដែលតូចចង្អៀត ។ ដែលហៅថាជីវិតតូចចង្អៀត គឺជាការរស់នៅជាមួយចិត្តចង្អៀតចង្អល់ ។ មនុស្សបើចង្អៀតចង្អល់ រើសអើងគេហើយ ទោះផែនដីធំប៉ុនណា ឬមនុស្សរាប់សិបលានច្រើនប៉ុនណា ក៏ប្រហែលជាមិនអាចមានមិត្តល្អម្នាក់ដែរ ព្រោះមនុស្សល្អក្នុងលោក មិនអាចរកឃើញដោយសារគំនិតរើសអើងឡើយ ៕

Cr. Sun Veasna

វិនិច្ឆ័យពុំប្រើបញ្ញា



“នៅពេលដែលសកម្មភាពមួយកើតឡើង ការវិនិច្ឆ័យក៏បានប្រសូតចេញមកតាមក្រោយ ដោយបញ្ចប់ជាមួយនឹងពាក្យសរសើរ ឬការរិះគន់។ តែទោះជាបញ្ចប់ដោយពាក្យសរសើរ ឬរិះគន់ក្ដី គ្រប់យ៉ាងតែងស្ថិតក្រោមអំណាចនៃសេចក្ដីពិតជានិច្ច។” ចិត្តវិទូជនជាតិស្វីស ខាល់ ជុង (Carl Jung) បានលើកឡើងថា “ការរិះគិតគឺលំបាក នេះហើយជាមូលហេតុដែលមនុស្សភាគច្រើនចូលចិត្តវិនិច្ឆ័យ។” នៅក្នុងកាលៈទេសៈណាក៏ដោយឲ្យតែយើង ធ្វើការសន្និដ្ឋាន ដោយពុំបានឆ្លងកាត់នៅការត្រិះពិចារណាឲ្យបានជ្រៅ នោះការវិនិច្ឆ័យរបស់យើង ពុំអាចនាំយើងឲ្យទៅរកសេចក្ដីពិតឃើញឡើយ។ ស្វែងរកការការពិតត្រូវស្វែងរកប្រកបជាមួយបញ្ញា ពុំមែនស្វែងរកដោយការវិនិច្ឆ័យជាមួយគំនិតរវើរវាយនោះទេ។

ពេលខ្លះយើងបានធ្វើខ្លួនឲ្យឆ្ងាយពីសេចក្ដីពិត ដោយសារតែយើងខ្លួនឯងតែងប្រើអារម្មណ៍មកធ្វើការវិនិច្ឆ័យទៅលើសកម្មភាពអ្នកដទៃ ជំនួសឲ្យការគិតពិចារណា ដែលជាហេតុនាំឲ្យមានការវាយតម្លៃអ្នកដទៃខុស ព្រោះតែខ្លួនឯង។ ពេលខ្លះយើងប្រៀបបាននឹងមនុស្សស្រវឹង រកច្រកចេញពីភាពល្ងង់ខ្លៅរបស់ខ្លួនឯងពុំឃើញអីចឹងដែរ។

លោក លីក្វាន់យូ(Lee Kuan Yew ) ធ្លាប់បានលើកឡើងដែរថា “ខ្ញុំពុំបាននិយាយថាអ្វីៗទាំងអស់ដែលខ្ញុំធ្វើគឺត្រឹមត្រូវនោះទេ តែអ្វីៗដែលខ្ញុំបានធ្វើគឺ ធ្វើឡើងដើម្បីគោលបំណងដ៏ថ្លៃថ្នូរ។” តើមានមនុស្សប៉ុន្មានបានវិនិច្ឆ័យខុស នឹងយល់ច្រលំ ទៅលើមេដឹកនាំនៅអាស៊ីរូបនេះថាជាជនផ្ដាច់ការដើម្បីអំណាច នឹងប្រយោជន៍ផ្ទាល់ខ្លួន? តែលទ្ធផលចុងក្រោយបានបង្ហាញថាអ្វីដែលមេដឹកនាំរូបនេះបានធ្វើពុំដូចច្នោះឡើយ។ ការពិតនៅតែជាការពិត ពុំមាននរណាអាចកែប្រែ ដោយឡែកមនុស្សដែលឃ្លាតឆ្ងាយពីការពិត ប្រឆាំងការពិត គឺប្រៀបបាននឹងការបំផ្លាញខ្លួនឯង។

____________

Sunday, April 28, 2019

គិតម្តងទៀត!



បុគ្គលណាបោះបង់អ្វី ដែលធ្វើរួចហើយៗស្រវាចាប់អ្វី ដែលមិនគួរធ្វើនឹងទទួលមេរៀនខាងសម្រេចក្តីវិនាសដល់ខ្លួនឯង ។ នីក្កូឡូ ម៉ាកាវែល្លី (Niccolo Machiavelli) លើកឡើងខាងដើមនេះ ស្របគ្នាទៅនឹងភាសិតស្រីហិតោបទេសថា "ជនណាលះបង់របស់ទៀងទាត់ ទៅស្រវាយករបស់មិនទៀងទាត់វិញ របស់ដែលទៀងទាត់ក៏នឹងវិនាសសូន្យទៅ ឯរបស់មិនទៀងទាត់ក៏ហិនហោចបាត់ទៅថែមទៀតដែរ" ។

ក្នុងចក្រវាឡនេះ ព្រះកាលហាក់មានអំណាចខ្លាំងជាងគេ ពោលគឺសភាវៈគ្រប់យ៉ាងទោះជាត្រូវកកើត ឬ វិនាសទៅវិញសុទ្ធតែស្ថិតក្រោមអំណាចនេះទាំងអស់ ។ ក្នុងពេលយើងកំពុងដេកលក់ ឬ ភ្លេចខ្លួន កង់រមូរនៃព្រះកាលមិនបានឈប់សម្រាកតាមយើងទេ វាកំពុងតែធ្វើសកម្មភាពជាប់ជានិច្ច ហើយបានជញ្ជក់ស៊ីគ្រប់យ៉ាងឱ្យវិនាសទៅ ។

ភាពលំបាកនៅក្នុងជីវិតភាគច្រើនបំផុតពុំមែនមកពីកត្តាខាងក្រៅទេ គឺមកពីយើងខ្លួនឯងតែម្នាក់គត់ ។ ការលំបាករបស់យើង សេចក្តីល្ងង់របស់យើង គឺព្រោះតែយើងពុំបានប្រុងប្រយ័ត្ននៅពេលចាប់ផ្តើមដាំគ្រាប់ពូជ ។ វាជាច្បាប់កម្មផល ។ កម្មវាសនារបស់យើង មានប្រភពចេញពីចរិតលក្ខណៈរបស់យើង ។ ចរិតលក្ខណៈរបស់យើង មានប្រភពចេញពីទម្លាប់ជាប្រចាំរបស់យើង ។ ទម្លាប់ជាប្រចាំរបស់យើង មានប្រភពចេញមកពីទង្វើជាប្រចាំរបស់យើង ។ ទង្វើជាប្រចាំរបស់យើង មានប្រភពចេញពីគំនិតដែលយើងគិតជាប្រចាំ ។

មនុស្សភាគច្រើន ពុំបានស្លាប់ដោយសារអត់បាយ, ពុំបានស្លាប់ដោយសារការរៀនសូត្រ ឬ ស្លាប់ដោយសារតែប្រឹងធ្វើការងារទេ តែស្លាប់ព្រោះគំនិតអវិជ្ចមាន ។

យើងត្រូវដោះស្រាយបញ្ហានេះតាមពីររបៀប ដោយទី១ យើងត្រូវប្រុងប្រយ័ត្នតាំងពីដំបូងទី ព្រោះជីវិតពិត មិនខុសអ្វីនឹងការឡើងឆាកសម្តែង ដែលឥតព្រាងទុកឡើយ ។ ដូច្នេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និង ធ្វើស្វ័យកំណែប្រែចំពោះខ្លួនឯងឱ្យបានច្រើន នោះទើបជីវិតស្លាប់ទៅពុំបាននាំរឿងខកបំណងទៅជាមួយ ។ ទី២ បើបានជាចួបទុក្ខវិបត្តិហើយ គួរធ្វើចិត្តឱ្យបាននឹងនទទួលយកការពិត ហើយដោះស្រាយ ។ បើដោះស្រាយហើយនៅតែមិនបានសម្រេចក៏មិនគួរយំស្រែកដែរ ព្រោះជីវិតនេះខ្លីណាស់ ខ្លីដល់ថ្នាក់មិនគួរយើងនៅត្រាំត្រែងជាមួយទុក្ខកង្វល់ឡើយ ។
____

សួនផ្កាលើផ្លូវជីវិត



យើងគ្មានសិទ្ធិកំណត់ការយល់ឃើញរបស់នរណាម្នាក់ ចំពោះយើងបានទេ ព្រោះចិត្តមនុស្សគឺប្រែប្រួលជានិច្ច ។ យើងគ្មានសិទ្ធិហាមរឿងមិនល្អមិនឲ្យកើតឡើងក្នុងជីវិតទេ ព្រោះជីវិតគឺជាការធ្វើដំណើរ ។ គ្មានដំណើរណាដែលមិនមានឧបសគ្គទេ ជីវិតក៏ដូចគ្នាដែរ ។ ដំណើរនៃជីវិត ពិតជាមិនខុសពីវិថីដែលយើងធ្លាប់ដើរទេ ។ យើងមិនអាចទាមទារឲ្យផ្លូវដែលយើងដើរ ត្រូវតែត្រង់ភ្លឹងតាមចិត្តរបស់យើងបានឡើយ ហើយរឹតតែមិនអាចទាមទារឲ្យគ្រប់ផ្លូវត្រូវតែគ្មានជង្ហុក គ្មានបន្លា គ្មានឧបសគ្គបាននោះដែរ ។ ជីវិតមានរឿងតែមួយទេ ដែលយើងត្រូវដឹងនោះគឺដឹងថា " មានរឿងខ្លះ យើងមិនអាចគ្រប់គ្រងបានទេ " ។ ផ្លូវដើរមានកន្លែងខ្លះមានទេសភាពស្អាតៗ ហើយកន្លែងខ្លះមានទិដ្ឋភាពមិនល្អ ប៉ុន្ដែបើយើងនៅតែដើរ នោះយើងនឹងទៅមុខជានិច្ច ។ ពេលខ្លះដោយសារតែយើងភ្លេចទេសភាពស្អាតៗដែលយើងធ្លាប់ចួប ទើបធ្វើឲ្យពេលដែលចួបទិដ្ឋភាពមិនស្អាត ប្រែក្លាយជាស្អប់ខ្ពើមជីវិតខ្លួនឯង ។ ផ្លូវជីវិត បើយើងនៅតែដើរ យើងនៅតែចួបបញ្ហាថ្មីៗជានិច្ច ហើយទន្ទឹមនឹងបញ្ហាថ្មីៗ យើងក៏នឹងអាចចួបរឿងល្អថ្មីៗទៀតផងដែរ គ្រាន់តែពេលខ្លះយើងទៅមិនទាន់ដល់ ។

ញញឹមដាក់ខ្លួនឯង បើគ្មាននរណាញញឹមដាក់យើង ។ លើកទឹកចិត្តខ្លួនឯង បើគ្មាននរណាគាំទ្រយើង ។ ជឿជាក់លើខ្លួនឯង ទោះបីគ្មាននរណាជឿលើសមត្ថភាពយើង ។ យើងអាចភ្លេចគ្រប់យ៉ាង មានតែរឿងមួយទេដែលយើងត្រូវចាំនោះគឺ " យើងគឺជាវិស្វករជីវិតខ្លួនឯង " ជីវិតយើងមានសោភ័ណភាពបែបណា គឺឋិតលើយើងខ្លួនឯង មិនមែនព្រហ្មលិខិត ក៏គ្មានទេវតាណាមកកំណត់ដែរ ។ ខំខ្លួនឯងឲ្យខ្លាំង បើចង់ឲ្យទេវតាជួយ ព្រោះទេវតាមិនជួយមនុស្សទន់ខ្សោយទេ ។ បង្កើតរឿងល្អឲ្យបានច្រើន នោះយើងនឹងរកឃើញសួនផ្កាដ៏ស្រស់ស្អាតលើវិថីជីវិតរបស់យើង ព្រោះរឿងល្អគឺជាការចងចាំដ៏ល្អ ការចងចាំល្អនឹងធ្វើឲ្យយើងញញឹម ស្នាមញញឹមនោះហើយ គឺជាសួនផ្កាជីវិត ៕

Cr. ប្រាជ្ញាជីវិត

Tuesday, April 2, 2019

លះបង់សិនចាំទាមទារ!!



យើងតែងតែមើលឃើញកំហុសរបស់គេ ច្រើនជាងមើលឃើញកំហុសខ្លួនឯង ។ យើងតែងតែព្យាយាមចង់អប់រំអ្នកដទៃច្រើនជាងអប់រំខ្លួនឯង ។ ពេលខ្លះយើងតែងតែមិនពេញចិត្តគេ ទាំងដែលពេលខ្លះទៀត យើងក៏មិនគួរឲ្យចូលចិត្តសម្រាប់ខ្លួនឯង ។ ពេលខ្លះយើងតែងតែព្យាយាមចង់បាននេះ ចង់បាននោះពីអ្នកដទៃ ទាំងដែលពេលខ្លះយើងពុំដែលផ្ដល់អ្វីដល់ពួកគេ ។ ពេលខ្លះទៀតយើងតែងតែទាមទារឲ្យអ្នកផ្សេងយល់ពីយើង ទាំងដែលពេលខ្លះយើងក៏ពុំយល់ពីខ្លួនឯង ។ យើងតែងតែចង់ឲ្យគេផ្គាប់ចិត្តយើងគ្រប់រឿង ទាំងដែលពេលខ្លះទៀត យើងក៏ផ្គាប់ចិត្តខ្លួនឯងមិនត្រូវ ។ ជីវិតពិតជាមានរឿងដែលយើងចង់ច្រើនណាស់ ។ ប៉ុន្ដែទន្ទឹមនឹងការចង់បាននោះ យើងគួរតែសួរខ្លួនឯងថា តើយើងបានលះបង់ដើម្បីអ្វីដែលយើងចង់បានហើយឬនៅ? បើនៅទេ នោះយើងគ្មានសិទ្ធិទាមទារអ្វីឡើយ ៕

Cr. ប្រាជ្ញាជីវិត