Sunday, April 28, 2019

គិតម្តងទៀត!



បុគ្គលណាបោះបង់អ្វី ដែលធ្វើរួចហើយៗស្រវាចាប់អ្វី ដែលមិនគួរធ្វើនឹងទទួលមេរៀនខាងសម្រេចក្តីវិនាសដល់ខ្លួនឯង ។ នីក្កូឡូ ម៉ាកាវែល្លី (Niccolo Machiavelli) លើកឡើងខាងដើមនេះ ស្របគ្នាទៅនឹងភាសិតស្រីហិតោបទេសថា "ជនណាលះបង់របស់ទៀងទាត់ ទៅស្រវាយករបស់មិនទៀងទាត់វិញ របស់ដែលទៀងទាត់ក៏នឹងវិនាសសូន្យទៅ ឯរបស់មិនទៀងទាត់ក៏ហិនហោចបាត់ទៅថែមទៀតដែរ"

ក្នុងចក្រវាឡនេះ ព្រះកាលហាក់មានអំណាចខ្លាំងជាងគេ ពោលគឺសភាវៈគ្រប់យ៉ាងទោះជាត្រូវកកើត ឬ វិនាសទៅវិញសុទ្ធតែស្ថិតក្រោមអំណាចនេះទាំងអស់ ។ ក្នុងពេលយើងកំពុងដេកលក់ ឬ ភ្លេចខ្លួន កង់រមូរនៃព្រះកាលមិនបានឈប់សម្រាកតាមយើងទេ វាកំពុងតែធ្វើសកម្មភាពជាប់ជានិច្ច ហើយបានជញ្ជក់ស៊ីគ្រប់យ៉ាងឱ្យវិនាសទៅ ។

ភាពលំបាកនៅក្នុងជីវិតភាគច្រើនបំផុតពុំមែនមកពីកត្តាខាងក្រៅទេ គឺមកពីយើងខ្លួនឯងតែម្នាក់គត់ ។ ការលំបាករបស់យើង សេចក្តីល្ងង់របស់យើង គឺព្រោះតែយើងពុំបានប្រុងប្រយ័ត្ននៅពេលចាប់ផ្តើមដាំគ្រាប់ពូជ ។ វាជាច្បាប់កម្មផល ។ កម្មវាសនារបស់យើង មានប្រភពចេញពីចរិតលក្ខណៈរបស់យើង ។ ចរិតលក្ខណៈរបស់យើង មានប្រភពចេញពីទម្លាប់ជាប្រចាំរបស់យើង ។ ទម្លាប់ជាប្រចាំរបស់យើង មានប្រភពចេញមកពីទង្វើជាប្រចាំរបស់យើង ។ ទង្វើជាប្រចាំរបស់យើង មានប្រភពចេញពីគំនិតដែលយើងគិតជាប្រចាំ ។

មនុស្សភាគច្រើន ពុំបានស្លាប់ដោយសារអត់បាយ, ពុំបានស្លាប់ដោយសារការរៀនសូត្រ ឬ ស្លាប់ដោយសារតែប្រឹងធ្វើការងារទេ តែស្លាប់ព្រោះគំនិតអវិជ្ចមាន

យើងត្រូវដោះស្រាយបញ្ហានេះតាមពីររបៀប ដោយទី១ យើងត្រូវប្រុងប្រយ័ត្នតាំងពីដំបូងទី ព្រោះជីវិតពិត មិនខុសអ្វីនឹងការឡើងឆាកសម្តែង ដែលឥតព្រាងទុកឡើយ ។ ដូច្នេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និង ធ្វើស្វ័យកំណែប្រែចំពោះខ្លួនឯងឱ្យបានច្រើន នោះទើបជីវិតស្លាប់ទៅពុំបាននាំរឿងខកបំណងទៅជាមួយ ។ ទី២ បើបានជាចួបទុក្ខវិបត្តិហើយ គួរធ្វើចិត្តឱ្យបាននឹងនទទួលយកការពិត ហើយដោះស្រាយ ។ បើដោះស្រាយហើយនៅតែមិនបានសម្រេចក៏មិនគួរយំស្រែកដែរ ព្រោះជីវិតនេះខ្លីណាស់ ខ្លីដល់ថ្នាក់មិនគួរយើងនៅត្រាំត្រែងជាមួយទុក្ខកង្វល់ឡើយ ។
____

No comments:

Post a Comment