៨.និគ្រន្ថបរាជ័យ

គ្រាន់តែតិត្ថបាលចុះពីធម្មាសនៈទៅភ្លាម មហាសន្និបាតក៏បែកអ៊ុលអាល់ឡើង និគ្រន្ថនិងពួកសាវ័កស្ទុះឈូចូល ទៅរកតិត្ថបាល លើកឡើងកាន់ស្មាលីដង្ហែទៅជុំវិញបារាំ ចំណែកខាងពុទ្ធបរិស័ទវិញក៏នាំគ្នាត្រឡប់ទៅគេហដ្ឋានវិញដោយអាការស្រងេះស្រងោច រីឯហ្វូងមជ្ឈជននៅខណៈដែលដើរត្រឡប់ទៅគេហដ្ឋានវិញ ក៏រអ៊ូសោកស្តាយថា ការតស៊ូសម្តីគ្រានេះចប់លឿនពេក អ្នកខ្លះក៏រិះគន់ឫកពាឆ្មើងឆ្មៃហួសហេតុរបស់តិត្ថបាល ប៉ុន្តែអ្នកខ្លះក៏ស្ងើចសរសើរប្រតិពលភាពរបស់គេក្នុងការយកឈ្នះគូតស៊ូបានយ៉ាងឆាប់រហ័ស មនុស្សស្ទើរតែទាំងអស់យល់ឃើញស្របគ្នាថា ប្រសិនបើតិត្ថបាលបានប៉ះសម្តីថ្វីមាត់ជាមួយនឹងព្រះរេវត្តៈ មុខគួរទស្សនា និង ត្រងត្រាប់ស្តាប់យ៉ាងខ្លាំង ទោះបីព្រះរេវត្តៈអាចយកឈ្នះវីរសីហៈក្នុងលើកដំបូងបានក៏ដោយ ប៉ុន្តែបើបានជួបនឹង តិត្ថបាលក៏មិនប្រាកដថានឹងយកឈ្នះតិត្ថបាលបានយ៉ាងងាយស្រួលនោះទេ ជួនកាលអាចភ្លាំងភ្លាត់ចាញ់តិត្ថបាលទៅក៏បាន ។ រាត្រីថ្ងៃនោះ ឯព្រះវេឡុវនារាម ឧបាសកឧបាសិកាសំខាន់រួមទាំងទេវមិត្រឧបាសកផងបានប្រជុំប្រឹក្សាគ្នាជាមួយនឹងព្រះរេវត្តត្ថេរដែលទោះបីបើនៅអាពាធក៏ដោយ ក៏ធូរស្បើយច្រើនហើយ ។ "កុំសោកស្តាយឡើយ ឧបាសក ! " ព្រះថេរៈនិយាយលួងចិត្តទេវមិត្រឧបាសកដែលមានអាការស្រងូតស្រងាត់ បាត់មាត់បាត់កមិនរួសរាយ "ការដែលញោមចាញ់គេវិលត្រឡប់មកមិនបាននាំមកនូវហាយនភាពដល់ពុទ្ធបរិស័ទទេ ព្រោះញោមគ្រាន់តែជាគ្រហស្ថ ចំណែកឯគូតស៊ូជាបព្វជិតដែលធ្លុះធ្លាយក្នុងធម៌ ការដែលតិត្ថបាលបញ្ឈប់ការតស៊ូសម្តីយ៉ាងទាន់ហន់នោះ បើទុកជាការបំបាក់មុខយើងខ្លះក៏ដោយ ប៉ុន្តែអាត្មាយល់ឃើញថាជាប្រយោជន៍ដល់ពួកយើង ព្រោះគេមិនបានចោទសួរសំណួរសាញប្រដាញជ្រាលជ្រៅទាក់ទងនឹង គោលធម៌ក្នុងសាសនារបស់គេឬរបស់យើងទេ គ្រាន់តែសួរប្រស្នាមួយខប៉ុណ្ណោះ ហេតុនោះទើបគ្មានភាគីណាបានពិន្ទុទេ បានសេចក្តីថា ពេលនេះ យើងនៅនាំមុខគេមួយពិន្ទុដដែល ដូច្នេះ សូមញោមកុំគិតច្រើនពេក" ។ "និយាយរួមថា ខ្ញុំកណាជាមនុស្សចិត្តក្តៅពេក"ទេវមិត្រមានប្រសាសន៍ឡើងដោយសម្លេងស្អកស្អា "គ្រាន់តែត្រូវគេញោះបន្តិចក៏ច្រឡោតតូតតូងភ្លាម នេះក៏ព្រោះតែមិនដែលតស៊ូសម្តីហ្នឹងឯង ម្យ៉ាងទៀត ខ្ញុំកណាមិននឹកស្មានថា គេសួរប្រស្នាបែបហ្នឹងសោះ គិតថា គេនឹងសួរធម៌អាថ៌ដែលមានសារៈខ្លឹមសារជាងនោះ ទើបមិនបានត្រៀមខ្លួនឆ្លើយប្រស្នា គ្រាន់តែត្រូវចោទសួរប្រស្នា ទើបមិងមាំងវឹងសុងអស់ គិតអ្វីមិនចេញ " "គិតថាជាប្រស្នាអាថ៌កំបាំងទៀតផងណៈ " ឧបាសកជរាម្នាក់មានប្រសាសន៍ឡើង "ខ្ញុំកណានៅតែគិតវែកសេចក្តីមិនចេញរហូតដល់ឥឡូវ" "ខ្ញុំកណាក៏មិនដឹងដែរ" សម្លេងឧបាសកដទៃទៀតក្នុងទីប្រជុំពោលឡើងសឹងតែព្រមគ្នា ព្រះរេវត្តត្ថេរសើចកក្អឹកយ៉ាងត្រជាក់ចិត្ត ហើយមានថេរដីកាឡើងថា " តាមពិត ប្រស្នានេះមិនជ្រៅពេកទេ ប៉ុន្តែអ្នកសួរសួរដោយព្យត្តវោហារយ៉ាងឈ្លាសវៃ ទើបយើងគិតមិនដល់ អាត្មាប្រាប់ទៅក៏បាន អ្នកទិញមិនចង់ប្រើ អ្នកធ្វើមិនចង់បាន អ្នកប្រើមិនដឹងងោះ គឺអ្វី ? គឺ មឈូសដាក់សពហ្នឹងឯង" ។ គ្រាន់តែព្រះថេរៈមានថេរដីកាចប់ប៉ុណ្ណោះ ម្នាក់ ៗក៏ស្រែកឧទានឡើងដោយអាការឆ្នែកចម្លែកចិត្តព្រមគ្នា ទេវមិត្រផ្ងក់ក្បាលយ៉ាងយឺត ៗនិងញញឹមស្ញូញ ៗ មានប្រសាសន៍ថា "រឿងស្រួលប៉ុណ្ណេះសោះម៉េចក៏ខ្ញុំកណានឹកមិនឃើញនៅពេលនោះ?" "ប្រហែលជាបណ្តាលមកពីត្រូវទោសៈគ្របសង្កត់ទេដឹង "ឧបាសកជរាដដែលមានប្រសាសន៍ឡើងជាការជន្លលេង ធ្វើឲ្យទេវមិត្រអៀនប្រៀននិងខឹងខ្លួនឯងដែលភ្លាត់ស្នៀតចាញ់គូតស៊ូដោយប្រស្នាងាយស្រួលបែបនោះ ។ "ណ្ហើយចុះ ! " ព្រះថេរៈប្រកាសឡើងបន្ទាប់ពីការជជែកគ្នារកចម្លើយប្រស្នានោះមួយស្របក់ "រឿងនេះកន្លងហួសទៅហើយ សូមឲ្យចប់ទៅចុះ ការងារខាងមុខរបស់យើងនៅមានទៀត ឥឡូវនេះអាត្មាក៏ធូរស្បើយច្រើនហើយ គិតថា មួយថ្ងៃឬពីរថ្ងៃទៀត ក៏ល្មមនឹងទៅតស៊ូសម្តីជាមួយនឹងពួកនិគ្រន្ថបាន ថ្ងៃស្អែកនេះ សូមឲ្យអ្នកណាម្នាក់ក្នុងចំណោមពួកយើងទៅប្រាប់ដល់ពួកនិគ្រន្ថថា នៅថ្ងៃទី ៣ រាប់ចាប់ពីថ្ងៃស្អែកនេះទៅ អាត្មានឹងទៅ តស៊ូសម្តីដើម្បីយកចាញ់ឈ្នះឲ្យដាច់ខាតជាលើកចុងក្រោយ សូមឲ្យញាតិញោមទាំងឡាយជួយប្រកាសទូទាំង ក្រុងរាជគ្រឹះផងថា ព្រះរេវត្តត្ថេរៈអ្នកតំណាងពុទ្ធបរិស័ទនឹងទៅតស៊ូសម្តីជាមួយនឹងតិត្ថបាលអ្នកតំណាងពួកនិគ្រន្ថឯអារាមរបស់ពួកនិគ្រន្ថត្រង់ជើងភ្នំឧទ័យក្នុងថ្ងៃទី ៣ រាប់តាំងពីថ្ងៃស្អែកនេះទៅ ហើយសូមឲ្យប្រកាសផងថា ការតស៊ូសម្តីនៅថ្ងៃនោះជាយុទ្ធវាទទឹកផ្តាច់ព្រាត់ ដើម្បីយកចាញ់ឈ្នះគ្នាឲ្យដាច់ខាត" លុះដល់ថ្ងៃព្រឹកឡើង ឧបាសក ឈ្មោះ ចិត្តកៈត្រូវបានបញ្ជូនទៅសម្នាក់របស់ពួកនិគ្រន្ថដើម្បីចរចាការតស៊ូសម្តី លើកចុងក្រោយតាមពាក្យបញ្ជារបស់ព្រះថេរៈ ពួកនិគ្រន្ថបានយល់ព្រមទទួលសម្នើរបស់ភាគីពុទ្ធបរិស័ទដោយមោទកភាព ព្រោះជឿថា តិត្ថបាលមុខជានឹងទទួលជ័យជម្នះមិនខាន នៅថ្ងៃនោះឯង ក៏មានការប្រកូកប្រកាសទៅតាមវិថីផ្សេង ៗនៃក្រុងរាជគ្រឹះថា នឹងមានការតស៊ូសម្តីគ្រាប្រវត្តិសាស្រ្តរវាងអ្នកតំណាងរបស់ពុទ្ធបរិស័ទ គឺ ព្រះរេវត្តត្ថេរៈនិងអ្នកតំណាងរបស់និគ្រន្ថបរិស័ទ គឺ តិត្ថបាលជាក្មួយប្រុសរបស់សាស្តាមហាវីរៈ ។ លុះដល់ថ្ងៃណាត់ជួប អារាមដ៏ធំល្វឹងល្វើយរបស់ពួកនិគ្រន្ថក៏ណែនណាន់ខ្នាន់ខ្នាប់ដោយប្រជាជនគ្រប់ភេទគ្រប់វ័យដែលអន្ទះសាចង់ស្តាប់ការតស៊ូសម្តីគ្រាប្រវត្តិសាស្រ្តនោះ និង បាក់ភ្លូកទៅនាវយកកន្លែងអង្គុយ ក្បែរ ៗ ធម្មាសនៈរបស់គូតស៊ូតាំងពីព្រឹកព្រលឹម លុះដល់ពេលវេលាហើយ តិត្ថបាលបានឈានឡើងកាន់ធម្មាសនៈដោយកិរិយាការញញឹមប្រិមប្រិយ ដោយជំនឿជឿជាក់ក្នុងជ័យជម្នះរបស់ខ្លួនយ៉ាងខ្លាំង រីឯព្រះរេវត្តត្ថេរៈក៏ឡើងអង្គុយលើធម្មាសនៈរបស់ខ្លួនដោយអាការប្រក្រតី ប៉ុន្តែម្នាក់ ៗសង្កេតឃើញបានយ៉ាងច្បាស់ថា ទឹកមុខរបស់ព្រះថេរៈមើលទៅរាងដូចជាស្លេកស្លាំងបន្តិច ព្រោះថាអាពាធទើបតែស្រន់អន់ទៅប៉ុណ្ណោះ កិរិយាអាការផ្សេងគ្នាដែលមើលឃើញច្បាស់រវាងព្រះថេរៈនិងគូតស៊ូនេះធ្វើឲ្យពុទ្ធបរិស័ទ និង ប្រជាជនដែលគាំទ្រពុទ្ធបរិស័ទមិនសប្បាយចិត្តយ៉ាងខ្លាំង ។ "លោករេវត្តៈអ្នកមានអាយុ ! " តិត្ថបាលប្រកាសឡើងដោយសម្លេងឮនៅពេលនិគ្រន្ថជាប្រធានប្រកាសណែនាំគូតស៊ូសម្តីនិងណែនាំកតិកាផ្សេង ៗចប់ហើយ "ខ្ញុំកូរណាដឹងដំណឹងនៃការអាពាធរបស់លោកដោយសមានចិត្តអាណិតអាសូរពន់ពេក នៅពេលឃើញលោកឧស្សាហ៍ជជ្រុលមមុលមកទាំងសង្ខារទ្រុឌទ្រោមព្រោះជម្ងឺឈឺថ្កាត់មកតស៊ូសម្តីថ្វីមាត់ជាមួយនឹងខ្ញុំកូរណានៅថ្ងៃនេះ រឹតតែមើលទៅគួរឲ្យអាណិតអាសូរខ្លាំងឡើង គ្រាន់តែឮដំណឹងថា លោកនឹងមកតស៊ូសម្តីជាមួយនឹងខ្ញុំកូរណានៅថ្ងៃនេះ ខ្ញុំកូរណាសឹងតែមិនព្រមមកតស៊ូជាមួយនឹងលោកទេ ព្រោះយល់ឃើញថា នាពេលដែលលោកតស៊ូជាមួយនឹងលោកវីរសីហៈ លោកដល់ថ្នាក់ធ្លាក់ខ្លួនឈឺប៉ផ្តឺតប៉ផ្តក់ទៅហើយ ចុះទម្រាំនឹងហ៊ានមកតស៊ូជាមួយនឹងខ្ញុំកូរណាទៀត លោកប្រហែលជាដល់មរណកម្មទេដឹង ! " ។ ពាក្យដៀមដាមបញ្ឆិតបញ្ឆៀងតាមស្ទីលរបស់តិត្ថបាលធ្វើឲ្យនិគ្រន្ថបរិស័ទសើចគឹលឡើងដោយមោទនភាព "លោកតិត្ថបាលអ្នកមានអាយុ ! "ព្រះថេរៈមានថេរដីកាឡើងដោយសម្លេងប្រក្រតីបន្ទាប់ពីសម្លេងសើចគុលរបស់និគ្រន្ថបរិស័ទស្ងប់ចុះ "ខ្ញុំកូរណាសូមអរគុណចំពោះលោកដែលសម្តែងសេចក្តីព្រួយបារម្ភចំពោះខ្ញុំកូរណា ប៉ុន្តែថាលោកមិនបាច់ព្រួយចិត្តគិតច្រើនទេ ព្រោះខ្ញុំកូរណាសឹងតែជាសះស្បើយជាប្រក្រតីហើយ លុះបន្ទាប់ពីតស៊ូសម្តីជាមួយនឹងលោកនៅថ្ងៃនេះហើយ ខ្ញុំកូរណាទៀងតែនឹងបានជាសះស្បើយជាប្រក្រតីមិនខាន ព្រោះខ្ញុំកូរណាមានចំណុចខ្សោយមួយ គឺ បើកាលណាបានតស៊ូសម្តីថ្វីមាត់ជាមួយនឹងជនដែលអន់ខ្សោយខាងបញ្ញានិងព្យត្តវោហារជាង ខ្ញុំកូរណាច្រើនតែធ្លាក់ខ្លួនឈឺជាដរាប ប៉ុន្តែបើកាលណាតស៊ូសម្តីជាមួយនឹងអ្នកមានចំណេះដឹងមានបញ្ញានិងព្យត្តវោហារស្មើគ្នា ខ្ញុំកូរណាច្រើនតែធូរស្បើយរហើយចិត្តយ៉ាងខ្លាំង នៅថ្ងៃនេះសង្ឃឹមថា លោកមុខជានឹងមិនធ្វើឲ្យខ្ញុំកូរណាត្រូវធ្លាក់ខ្លួនឈឺម្តងទៀតទេ" ។ ចម្លើយដ៏ប្រាជ្ញប្រាយរបស់ព្រះរេវត្តត្ថេរៈធ្វើឲ្យពុទ្ធបរិស័ទសើចគឹលឡើងខ្លះ ប្រជាជនកណ្តាលញញឹមញញែម យ៉ាងពេញចិត្តចំពោះចម្លើយឆ្លើយបកស្ទាបស្ទង់ប្រាជ្ញារបស់គូតស៊ូទាំងពីរ តិត្ថបាលញញឹមយ៉ាងពេញចិត្តហើយ និយាយតទៅទៀតថា "លោកអ្នកមានអាយុ ! ខ្ញុំកូរណាជាមនុស្សរាងដូចជាតក់ក្រហល់បន្តិច ធ្វើអ្វី ៗច្រើនតែចង់ឲ្យបានសម្រេចឆាប់រួសរាន់ ហេតុដូច្នេះ ការតស៊ូសម្តីនៅថ្ងៃនេះ ខ្ញុំកូរណានឹងចោទសួរសំណួរ ១ ខ ប៉ុណ្ណោះចំពោះលោក និង ឈ្លេចសួរដេញដោលបន្ថែមខ្លះ ចោទសួរត្រឹមតែមួយចំណុចប៉ុណ្ណោះ ប្រសិនបើលោកឆ្លើយតបបានជាទីពេញចិត្ត សូមឲ្យលោកជាអ្នកឈ្នះទៅចុះ ប៉ុន្តែបើលោកមិនអាចឆ្លើយតបបានទេ ឬទញ់ទាល់ហេតុផលរបស់ខ្ញុំកូរណា សូមឲ្យខ្ញុំកូរណាជាអ្នកឈ្នះវិញ តើលោកយល់ព្រមទេ?" សម្នើស្នើឡើងយ៉ាងក្លៀវក្លារបស់តិត្ថបាលធ្វើឲ្យពុទ្ធបរិស័ទ ប្រជាជនកណ្តាលនិងសូម្បីនិគ្រន្ថបរិស័ទខ្លួនឯង ដល់ថ្នាក់ស្រឡាំងកាំងភីងភាំង ពីព្រោះគេឯងតែងដឹងច្បាស់ថា ការចោទសួរតែមួយចំណុចចាត់ជាការប្រថុយប្រថានយ៉ាងខ្លាំង ព្រោះប្រសិនបើឈ្នះក៏ជាការប្រសើរទៅ ប៉ុន្តែប្រសិនបើចាញ់វិញ ក៏ចាញ់ទៅតែម្តង គ្មានអ្នកណាហ៊ានស្នើបែបនោះក្រៅតែពីជឿជាក់យ៉ាងពេញរបុងថាមុខជានឹងទទួលជ័យជម្នះប៉ុណ្ណោះ ។ "លោកតិត្ថបាល ! " ព្រះរេវត្តត្ថេរៈមានថេរដីកាឡើងយ៉ាងចិត្តត្រជាក់ ព្រះថេរៈដឹងច្បាស់ថាគូតស៊ូស្នើបែបនោះដើម្បីផ្ចាញ់ផ្ចាលសង្កត់សង្កិននិងព្រោះតែជឿជាក់ចំពោះជ័យជម្នះរបស់ខ្លួន ដើម្បីជាការផ្ចាញ់ផ្ចាល់ឡងសងវិញ ព្រះថេរៈទើបមានថេរដីកាតតបវិញថា "ការចោទសួរតែមួយចំណុចអាចជាការប្រថុយប្រថានខ្លាំងណាស់សម្រាប់លោក ព្រោះបើលោកចាញ់ លោកនឹងមិនមានឱកាសដោះសាទៀតទេ ដើម្បីបើកឱកាសឲ្យលោកមានឱកាសដោះសាបាន ខ្ញុំកូរណាអនុញ្ញាតឲ្យលោកចោទសួរខ្ញុំកូរណាបានម្តង ៣ ចំណុចជាប់ ៗគ្នា ប្រសិនបើខ្ញុំកូរណាទញ់ទាល់ហេតុផលរបស់លោក ទោះបីក្នុងចំណុចណាមួយ ខ្ញុំកូរណាសុខចិត្តប្រគល់ពិន្ទុ ៣ ពិន្ទុដល់លោកតែម្តង តើលោកយល់ព្រមទេ? " សម្នើយ៉ាងក្លាហានរហូតដល់ក្លាយជាអាការតក់ក្រហល់របស់ព្រះថេរៈធ្វើឲ្យប្រជាជននិងតិត្ថបាលភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែព្រោះអាស្រ័យសេចក្តីឆ្មើងកន្រ្ទើងក្នុងកិត្តិយសរបស់ខ្លួន តិត្ថបាលទើបមិនព្រមទទួលសម្នើរបស់ព្រះថេរៈទេ នៅតែអះអាងថានឹងចោទសួរតែមួយចំណុចប៉ុណ្ណោះដដែល បន្ទាប់ពីជជែកវីវែកគ្នាមួយស្របក់ធំមក ព្រះថេរៈក៏សុខចិត្តព្រមតាមសម្នើរបស់តិត្ថបាល គឺ អនុញ្ញាតឲ្យតិត្ថបាលចោទសួរសំណួរមុន "ណ្ហើយចុះ ! ឥឡូវនេះ ខ្ញុំកូរណាសូមចោទសួរសំណួរចំពោះលោក "តិត្ថបាលនិយាយឡើងយ៉ាងជឿជាក់ អ្នកស្តាប់ទាំងអស់អង្គុយស្ងាត់ប៉ើម ចាំស្តាប់ដោយសេចក្តីតាំងចិត្ត "មាតានិងបិតា តើអ្នកណាមានគុណដល់បុត្រច្រើនជាង?" ភាគីពុទ្ធបរិស័ទដកដង្ហើមធំដោយធូរទ្រូងដែលបានស្តាប់ឮសំណួរងាយស្រួលបែបនោះ ព្រោះជឿថា ព្រះថេរៈមុខជានឹងឆ្លើយតបបាន ប៉ុន្តែក៏មានមនុស្សជាច្រើនដែលព្រួយបារម្ភ ខ្លាចក្រែងថាសំណួរនោះមានអត្ថអាថ៌កំបាំងអ្វីមួយដែលបញ្ឆោតគូតស៊ូឲ្យធ្លាក់រណ្តៅ ពុំនោះសោតទេ តិត្ថបាលប្រហែលជាមិនលើកយកសំណួរងាយស្រួលមកចោទសួរបែបនោះទេ ។ "លោកអ្នកមានអាយុ ! " ព្រះរេវតត្ថេរៈមានថេរដីកាឡើង "មុននឹងឆ្លើយសំណួរនេះ ខ្ញុំកូរណាសូមសួរលោកម្ចាស់ថា លោកម្ចាស់ដឹងចម្លើយរបស់សំណួរនេះហើយឬនៅ? " "ដឹងហើយ " តិត្ថបាលឆ្លើយតបដោយសម្លេងម៉ឺងម៉ាត់ "បើអញ្ចឹង សូមឲ្យលោកម្ចាស់កោះហៅមនុស្សមក ៣ នាក់ ជាតំណាងពុទ្ធបរិស័ទម្នាក់ ជាមជ្ឈជនម្នាក់ ជានិគ្រន្ថម្នាក់ ហើយលោកម្ចាស់ខ្សឹបប្រាប់ចម្លើយដល់មនុស្សទាំង ៣ នាក់នោះម្នាក់ម្តង ដោយមិនឲ្យខ្ញុំកូរណាបានឮ ដើម្បីឲ្យអ្នកទាំង ៣ ធ្វើជាសាក្សី ខ្ញុំកូរណានឹងឆ្លើយតបឲ្យចំនឹងចម្លើយរបស់លោកម្ចាស់" តិត្ថបាលសុខចិត្តធ្វើតាមពាក្យណែនាំរបស់ព្រះថេរៈ នៅពេលតិត្ថបាលកោះហៅសាក្សីទាំង ៣ នាក់ទៅខ្សឹបប្រាប់ចម្លើយរបស់ខ្លួនហើយ ក៏ឲ្យសាក្សីទាំង ៣ ទៅឈររួមគ្នាមួយកន្លែង ហើយព្រះរេវតត្ថេរៈបានមានថេរដីកាឡើងថា "ជាបឋម ខ្ញុំកូរណាសូមសួរឡងលោកម្ចាស់សិនថា តើគុណនោះជាគុណជាតដែលកើតឡើងឯងដោយធម្មជាតិឬជាទង្វើដែលមនុស្សធ្វើឡើង?" "មនុស្សធ្វើឡើង" តិត្ថបាលឆ្លើយទាំងសម្លឹងមើលព្រះថេរៈដោយក្រសែភ្នែកអល់ឯកសង្ស័យ "បើអញ្ចឹង ខ្ញុំកូរណាសូមឆ្លើយសំណួររបស់លោកម្ចាស់ថា អ្នកណាធ្វើគុណច្រើន អ្នកនោះក៏មានគុណច្រើន មាតាឬបិតាមិនសំខាន់ទេ" ចម្លើយរបស់ព្រះថេរៈធ្វើឲ្យប្រជាជនស្ងាត់ប៉ើមសឹងតែមិនដកដង្ហើម សាក្សីទាំង ៣ និង តិត្ថបាលដល់ថ្នាក់ ហាមាត់ចង្រ្គង់ទាំងបើកភ្នែកធំសម្លឹងមើលព្រះថេរៈដោយអាការមិងមាំងអាំងឡាំង ពីព្រោះប្រាកដឃើញថា ចម្លើយរបស់ព្រះថេរៈត្រូវម៉ាំងនឹងចម្លើយរបស់តិត្ថបាលដែលប្រាប់ដល់សាក្សីទាំង ៣ នាក់ ។ គ្រាន់តែព្រះរេវតត្ថេរៈឆ្លើយចប់ប៉ុណ្ណោះ តិត្ថបាលក៏លោតចេញពីធម្មាសនៈ ដើរទើលងើលឆ្លងកាត់ហ្វូងមហាជនទៅដោយទឹកមុខស្ងប់ស្ងួតត្រង់កណ្តាលសេចក្តីភ័ន្តភាំងស្រឡាំងកាំងរបស់ប្រជាជនទាំងពួង ។ នៅទីបំផុត ការតស៊ូសម្តីនៅគ្រាសំខាន់នោះបានចប់សព្វគ្រប់ទៅ ដោយភាគីពុទ្ធបរិស័ទជាអ្នកទទួលជ័យជម្នះបានយ៉ាងដាច់ខាត ចាប់តាំងពីពេលនោះមក ស្ថានភាពរបស់ព្រះពុទ្ធសាសនាក្នុងក្រុងរាជគ្រឹះក៏រដុះរដាលគាប់ប្រសើរឡើង ផ្ទុយស្រឡះនឹងស្ថានភាពរបស់ពួកនិគ្រន្ថបានចុះស្រុតទ្រុឌទ្រោមយ៉ាងខ្លាំង ។

No comments:

Post a Comment