Thursday, January 31, 2019

របស់មានមិនថែបាត់ទើបស្ដាយ



មានពេលខ្លះដោយសារតែយើងចង់បានរបស់ល្អដែលល្អជាងរបស់ល្អ ទើបធ្វើឲ្យយើងដើរហួសរបស់ល្អ ។ ពេលខ្លះមានមនុស្សល្អម្នាក់នៅក្បែរហើយ ដោយសារតែឃើញគេផ្សេងល្អជាង យើងក៏មើលរំលងមនុស្សល្អក្បែរខ្លួន លុះបាត់បង់ទើបស្ដាយក្រោយ ។ របស់អ្វីក៏ដោយ ឲ្យតែយើងមិនចូលចិត្តវា ទោះវាល្អប៉ុនណាក៏គ្មានតម្លៃសម្រាប់យើងដែរ ។ របស់ខ្លះទោះមើលមិនចូលភ្នែក ប៉ុន្ដែបើយើងស្រឡាញ់វានឹងល្អសម្រាប់យើងភ្លាម ។ របស់អ្វីក៏ដោយ ឲ្យតែយើងមើលតែភាពអាក្រក់របស់វា វានឹងបង្ហាញយើងនូវភាពអាក្រក់នោះភ្លាម តែបើយើងចេះសម្លឹងមើលវាក្នុងផ្លូវល្អ នោះវានឹងបង្ហាញយើងនូវចំណុចល្អ ។ មនុស្សក៏ដូចគ្នា បើយើងមើលគេក្នុងផ្លូវមិនល្អ ទោះគេធ្វើល្អច្រើនប៉ុនណាក៏គ្មានតម្លៃសម្រាប់យើងដែរ ។ មនុស្សយើងតែងតែមើលរំលងរបស់ក្បែរខ្លួន ដល់ពេលបាត់បង់ទើបយល់តម្លៃ ពេលនៅមានមិនចេះថែ ។ របស់ខ្លះ យើងមិនដឹងថាវាមានតម្លៃសម្រាប់យើងប៉ុនណា នោះក៏ព្រោះតែយើងមិនឲ្យតម្លៃវា ។ របស់ខ្លះបាត់បង់ហើយ អាចទិញថ្មីបាន តែរបស់ខ្លះទៀត ទោះមានលុយវាល់លាន ក៏មិនអាចទិញបានវិញបានដែរ ។ សេចក្ដីសុខតែងកើតឡើងនៅពេលដែលយើង ចេះពេញចិត្តនឹងរបស់ដែលយើងកំពុងមាន ៕

Cr. Sun Veasna

Wednesday, January 30, 2019

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់



គុណធម៌សកលមួយក្នុងចក្រវាល គឺជាគុណធម៌នៃកតញ្ញូកតវេទិតា។ តើហេតុអ្វីមនុស្សត្រូវមានគុណធម៌នេះ? បើតាមទ្រឹស្តីពុទ្ធនិយមបានបង្ហាញថា ការមិនរមិលគុណនឹងទទួលអានិសង្ឃ ៤យ៉ាង៖ ទី១. ការដឹងគុណហើយតបគុណ គឺជាឫសគល់នៃកុសលធម៌ទាំងពួង, ទី២. ការដឹងគុណហើយតបគុណ គឺជាប្រធាននៃបារមីទាំងពួង, ទី៣. ការដឹងគុណហើយតបគុណ គឺជាការចម្រើនបុណ្យកុសល, ទី៤. ការដឹងគុណហើយតបគុណ នឹងនាំឱ្យចម្រើនសម្បត្តិ សាសនាទាំងអស់ក្នុងលោក តែងតែមាននូវគោលការណ៍គុណធម៌កតញ្ញូបង្រៀនដល់បរិស័ទ ដ្បិតវាជាគោលការណ៍សកលជាសច្ចៈ និងជាច្បាប់ធម្មជាតិ។

ពាក្យថា អរគុណព្រះជាម្ចាស់ ពេលដែលមនុស្សមានទំនោរនិកាយសាសនានិយម ឬមនុស្សគ្មានសាសនាស្តាប់ឮ គេតែងតែសើចចំអកឱ្យអ្នកនិយាយ តែតាមពិតអ្នកសើចចំអកពុំបានយល់ពីខ្លឹមសារខាងក្នុងដែលថា ហេតុអ្វីមនុស្សចាំបាច់ត្រូវអរគុណដល់ព្រះ នៅពេលដែលគេទទួលបានអ្វីមួយ។ ក្នុងសាសនាខ្លះ ព្រះជាម្ចាស់គឺជាព្រះវិញ្ញាណបរិសុទ្ធ, សាសនាខ្លះទៀត ព្រះគឺជាធម្មជាតិដែលទ្រទ្រង់ជីវិតគេឱ្យរស់មកដល់ថ្ងៃនេះ។ ដូច្នេះ គេត្រូវចេះអរគុណគ្រប់យ៉ាងទាំងអស់។ បើនិយាយក្នុងបរិបទចិត្តសាស្រ្ត ការចេះថ្លែងអំណរគុណឬគុណធម៌ជាអ្នកចេះដឹងគុណ គឺវាបានជួយសម្រួលដល់ផ្នែកផ្លូវចិត្តរបស់មនុស្សឱ្យមានអារម្មណ៍គប្បីនឹងខ្លួនឯង (បីតិ) និងកាន់តែពេញចិត្តចំពោះខ្លួនឯង

បុរាណខ្មែរផ្តាំថា ស្លឹកឈើជ្រុះពុំឆ្ងាយពីគល់។ ការបកស្រាយក៏មានន័យបែបផ្សេងៗគ្នា។ ប៉ុន្តែ ខ្ញុំសុំបកស្រាយក្នុងបរិបទជាតិនិយមគឺ ស្លឹកឈើ សំដៅមានន័យដល់ប្រជាជនក្នុងប្រទេស។ ចំណែកឯ គល់ឈើ គឺសំដៅមានន័យដល់ប្រទេសជាតិមាតុភូមិដែលបានផ្តល់កំណើតដល់ប្រជាជន។ ដើមឈើមិនស្លាប់ដោយសារតែគល់ (ឫសកែវមិនងាប់)។ គល់ឈើអាចរស់បានយូរអង្វែងទៅបាន មិនមែនមានត្រឹមតែធាតុទឹកដីភ្លើងខ្យល់ទ្រទ្រង់តែម្យ៉ាងទេ តែស្លឹកឈើដាច់ខាតត្រូវលះបង់ខ្លួនបង្កើតជាជីវជាតិចិញ្ចឹមគល់ឈើឱ្យរស់តទៅទៀត។ នេះគឺជាគុណធម៌នៃការដឹងគុណតបគុណរបស់ស្លឹកឈើដល់គល់ឈើ។ ដូច្នេះ វាក៏មានអត្ថន័យស្រដៀងគ្នាដែលថា ប្រជាជនក្នុងសង្គមមួយអាចរស់រានមានជីវិតមកដល់ថ្ងៃនេះ គឺពុំមែនដោយសារតែអាហារដែលយើងបានញុំាមួយថ្ងៃបីពេលនោះទេ តែដោយសារតែមាតុភូមិ (ម្តាយធំ) ជាអ្នកផ្តល់កំណើតឱ្យ

សរុបដោយខ្លី មនុស្សក្នុងសង្គមត្រូវតែចេះដឹងគុណសង្គម ដឹងគុណជាតិ ដឹងគុណម្តាយធំ (មាតុភូមិ) ដឹងគុណម្តាយតូច (ម្តាយបង្កើត) ហើយនឹងត្រូវធ្វើយ៉ាងណាសងដឹងគុណទៅមាតុភូមិវិញ។ តើស្លឹកឈើរបស់ខ្មែរនៅឯណា? ស្លឹកឈើរបស់ខ្មែរ គឺត្រូវខ្យល់បក់វាយឱ្យឃ្លាតមហាសែនឆ្ងាយពីគ្នា រសាត់ទៅភពទីទៃពីគ្នា បែកសាមគ្គីគ្នា និងលែងទទួលស្គាល់ថាខ្លួនកើតចេញពីគល់តែមួយ (ចេញពីគល់តែមួយ តើហេតុអ្វីត្រូវឈ្លោះគ្នា?)។ ស្លឹកឈើរបស់ខ្មែរ អាចជាបញ្ញវន្ត បណ្ឌិតអ្នកប្រាជ្ញ តែពេលខ្លះ ម្នាក់ៗបែរជាខ្វះភាពក្លាហានក្នុងការចេះបន្ទន់ឥរិយាបថសាមគ្គីគ្នា។ ការអប់រំមានសារសំខាន់ តែការសាមគ្គីវាជាដំណាក់កាលចុងក្រោយនៃការអប់រំ។ តើមានប្រយោជន៍អ្វី បើមនុស្សសុទ្ធតែជាមនុស្សខ្លាំង និងមានការអប់រំខ្ពស់ តែមិនបានរៀនពីវិជ្ជាសាមគ្គីគ្នា?

____
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ
ជំ. ៣ ទំ. ២៥៧ - ២៥៨

Tuesday, January 29, 2019

ភាពល្អឥតខ្ចោះ



យើងបានតាំងចិត្ត​យ៉ាងមុតមាំ ដាក់កាយចិត្តលើអ្វីដែលយើងកំពុងធ្វើ ព្រោះយើងជាមនុស្សចង់បានគ្រប់យ៉ាងដែលល្អបំផុត មិនមែនលំៗនោះឡើយ ហើយប្រសិនបើយើងធ្វើមិនបានល្អនោះយើងនឹងមានអារម្មណ៍ថាអាម៉ាស់ ឬមិនសប្បាយចិត្តភ្លាម។ ប៉ុន្តែមានពេលខ្លះយើង ក៏ចាប់ផ្តើមមានចម្ងល់ដែរថា ហេតុអ្វីក៏យើងហាក់ដូចជានឿយហត់ជាងគេខ្លាំងម្លេះ គ្មានពេលទំនេរដូចគេសោះនោះ ពេលខ្លះយើងដូចជានៅតែមួយកន្លែង ធ្វើរឿងមួយដែលមិនចេះចប់មិនចេះហើយ។​

យូរៗទៅ យើងក៏មានអារម្មណ៍ យើងបានធ្វើរឿងច្រើនពេកហើយទៅលើរឿងតូចល្អិត មួយរហូតដល់មិនមានពេលគ្រប់គ្រាន់ក្នុងការសម្លឹងមើលការងារធំជាងនេះ មានអារម្មណ៍ថាខ្លួនឯងសាំញ៉ាំនឹងរឿងកំប៉ិកកំប៉ុកច្រើន ពេលខ្លះរហូតដល់ថ្នាក់មិនហ៊ានចាប់ផ្តើម ឬសម្រេចចិត្តដោយសារខ្លាចមានកំហុសឆ្គងកើតឡើង។

ពេលខ្លះប្រហែលមកពីយើងជាប្រភេទមនុស្សសុក្រឹតនិយម ដែលតែងយល់ថាភាពល្អឥតខ្ចោះគឺជាកត្តាចម្បងលើគ្រប់កិច្ចការ យើងតែងព្យាយាមពុះពារបំពេញការងារយ៉ាងម៉ត់ចត់ដើម្បីទទួលបានភាពល្អឥតខ្ចោះនោះមក រហូតបង្កើតបន្ទុកក្នុងអារម្មណ៍ធ្ងន់ៗ មកសង្កត់លើខ្លួនឯងទៅវិញ។

តាមពិតទៅ គ្រប់ការងារទាំងអស់ ប្រសិនបើយើងធ្វើបានល្អឥតខ្ចោះគឺជាការប្រពៃហើយ តែយើងក៏ត្រូវដឹងពីសមត្ថភាពរបស់យើងដែរ ត្រូវចេះរៀនដាក់ចុះ ត្រូវចេះរៀនទទួលយកលទ្ធផលដែលល្មមនឹងអាចទទួលបានលើការងារផ្សេងៗ ដើម្បីឲ្យខ្លួនឯងអាចឈោងចាប់ និងសម្រេចលើការងារថ្មីៗជាច្រើនទៀត៕

Cr. Leanghong

Monday, January 28, 2019

ចិញ្ចឹម​សត្វ​ដូច​សត្វ ចិញ្ចឹម​កូន​ដូច​សត្វ



កាល​ពី​ម្សិល​មិញ ខណៈ​ដែល​ខ្ញុំ​បាន​ថយ​ឡាន​ចូល​ផ្ទះ​ស្រាប់​តែ​ក្មេង​ស្រី​តូច​ម្នាក់​អាយុ​ត្រឹម​បី​ឆ្នាំ​ រត់​ក្រោយ​ឡាន​ខ្ញុំ​។ រាប់​ជា​សំណាង​ព្រោះ​ឡាន​ខ្ញុំ​មាន​ Camera ក្រោយ ខ្ញុំ​បាន​ឈប់​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​នាង​រត់​កាត់​ឡាន​។​
ម្តាយ​ខ្ញុំ​និង​អ្នក​ជិតខាង​នាំ​គ្នា​ស្រែក​ព្រោះ​ភ័យ​ខ្លាំង​។
ឪពុក​ម្តាយ​និង​អាណា​ព្យាបាល​ភាគ​ច្រើន ចូល​ចិត្ត​បណ្តោយ​ឱ្យ​កូន​តូច​រត់​លេង​នៅ​តាម​ផ្លូវ ច្រក​ចេញ​ចូល​ដែល​មាន​ឡាន​ម៉ូតូបើកបរ​​...។ នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​កើត​ឡើង ដាក់​កំហុស​និង​​បន្ទោស​គេ​ឯង​...។ នេះ​ជា​កំហុស​នរណា​ឱ្យ​ប្រាកដ​?​

អ្នក​បើក​បរ​មិន​ចង់​ឱ្យ​មាន​គ្រោះ​ថ្នាក់​ មិន​ចង់​សូម្បី​កិន​កូន​មាន់​មួយ​។ ខ្ញុំ​ចាំ​បាន​ថា កាល​ពី​មុន​ខ្ញុំ​បាន​កិន​ឆ្កែ​អ្នក​ភូមិ​មួយ​ក្បាល​ស្លាប់​។ មូលហេតុ​ ការពិត​ពេល​ខ្ញុំ​បើក​ឡាន​ទៅ​ដល់ ឆ្កែ​នោះ​វា​ងើប​ឡើង​ចេញ​ទៅ​ហើយ ខ្ញុំ​ឃើញ​ច្បាស់​ ចុះ​ហេតុ​អ្វី​នៅ​តែ​កិនវា​ទៀត​? មូលហេតុ ឆ្កែ​នោះ​មាន​ជំងឺ​ជា​ទម្ងន់ ហើយ​វា​ដេក​ដួល​កណ្តាល​ផ្លូវ ងើប​មិន​រួច វា​ងើប​ហើយ​ប៉ុន្តែ​វា​ត្រូវ​ដួល​ចុះ​ទៅ​វិញ​​...​។ ខ្ញុំ​នឹក​ស្តាយ​វា​ពន់​ពេក​ ប៉ុន្តែ​ម្ចាស់​ឆ្កែ​ដឹង​ថា​វា​ឈឺ​ធ្ងន់​នៅ​តែ​បណ្តោយ​ឱ្យ​វា​ដេក​ដួល​នៅ​កណ្តាល​ផ្លូវ​មុខ​ផ្ទះ រង់ចាំ​ក្តី​ស្លាប់​... ហើយ​ចាំ​បន្ទោស​អ្នក​ដទៃ​។​

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ប្រទេស​ចិន ក្មេង​ស្រី​ទើប​ចេះ​ដើរ​បាន​ត្រូវ​មើល​ឃើញ​ក្នុង​វី​ដេអូ​តាមមផ្លូវ...។ នាង​ត្រូវ​ឡាន​ដឹក​ទំនិញ​កិន និង​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​កិន​បន្ត​... រហូត​អ្នក​រើស​អេតចាយ​ម្នាក់​បាន​ឃើញ​ ហើយ​នាង​បាន​ស្លាប់​ទៅ​ហើយ​។ តើ​នេះ​គួរ​បន្ទោស​នរណា​? ក្មេង​តូចៗ​គឺ​មិន​ត្រូវ​បាន​មើល​ឃើញ​នោះទេបើ​អ្នក​នៅ​ក្នុង​ឡាន​​។ សួរ​ថា​តើ​នេះ​ជា​កំហុស​នរណា?​

ព្រោះ​ច្បាប់​នៅ​ប្រទេស​យើង​មិន​តឹងរឹង ទើប​បណ្តាល​ឱ្យ​អាណាព្យាបាល​ អ្នក​ចិញ្ចឹម​សត្វ​ភាគច្រើន​ធ្វេស​ប្រហែល​...។ ខ្ញុំ​តែងតែ​ឃើញ​ក្មេង​តូចៗ​វារលេង​នៅ​លើ​ចិញ្ចើម​ថ្នល់​ក្នុង​ភូមិ ហើយ​ពួក​គេ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ទាល់​តែ​សោះ​។ អ្នក​គ្រប់​គ្នា​អាង​បង្កើត​កូន​ងាយ​ ហើយ​ក៏​ទុក​គ្នា​ចោល​?​
ធ្វើ​ជា​ឪពុកម្តាយ​គេទៅ​ហើយ នៅ​តែ​មិន​ស្គាល់​អ្វី​ដែល​ហៅ​ថា​ការទទួល​ខុសត្រូវ​ នៅ​តែ​មិន​យល់​ពី​ភារកិច្ច​នៃ​ការ​«ចិញ្ចឹម​»មើល​ថែ​​។​

នៅ​ទី​នេះ​ភាគ​ច្រើន មនុស្ស​ដូច​សត្វ សត្វ​ដូច​មនុស្ស​។ ជីវិត​ហាក់​លែង​មាន​អ្វី​អស្ចារ្យ លែង​មាន​អ្វី​សំខាន់​។ រស់​ក៏​រស់​ទៅ ស្លាប់​ក៏​ស្លាប់​ទៅ​...។ ក្មេង​មិន​ទាន់​គ្រប់​អាយុ​ក៏​បណ្តោយ​ឱ្យ​ជិះ​កង់ ម៉ូតូ​ទៅ​រៀន​ដោយ​ខ្លួន​ឯង​... ដោយសំអាង​ថា​គ្មាន​អ្នក​ជូន​ «រវល់»​... ហើយ​គ្មាន​អ្នក​មើល សំអាង​ថា​ «រវល់»​...។ ហើយ​នៅ​ពេល​កូន​បាត់​បង់​ជីវិត​ក៏​បន្ទោស​ថា មក​ពីជីវភាព​ក្រ​លំបាក​ពេក​...។
អ្នក​ប្រឹងធ្វើការ​ រក​ស៊ី​... ​រាល់​ថ្ងៃ​ដើម្បី​កូន​ បើ​អ្នក​មិន«រវល់​»ដើម្បី​កូន មិន​មើល​ថែ កូន ដល់​ពេល​បាត់​បង់​កូន តើ​រវល់​ទាំង​នោះ​ទុក​ជា​ស្អី​ដែរ?

នេះ​គ្រាន់​តែជា​សា​រជួយ​ដាស់​តឿន​ដល់​ឪពុក​ម្តាយ​ទាំ​ងឡាយ សូម​មេត្តា​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​ថែ​រក្សា​កូន​តូច​ៗ​​...។ កុំ​ព្រោះ​តែ​ពាក្យ​ថា រវល់ ក្រ ទើប​បណ្តោយ​ឱ្យ​គ្នា​បាត់​បង់​ជីវិត​ ពិការ​... ព្រោះ​អ្វី​ដែល​យើង​ផ្តល់​ឱ្យទៅ​ពួក​​គេ​ វា​ជា​ជីវិត​ដ៏​មាន​តម្លៃ​ មាន​តែ​មួយគត់​ មិន​មាន​លក់​នៅ​លើ​ទីផ្សារ​ ហើយ​ក៏​មិន​វិល​ល្ងាច​នោះដែរ​៕


Sunday, January 27, 2019

ធ្វើល្អរស់នៅឱ្យស្រួលបួល



បរមគ្រូ ខុង ជឺ (Confucius) ពោលថា ភាពរឹងមាំរបស់ជាតិមួយ វាកើតចេញពីសុចរិតភាពរបស់ជនសង្គម។ ការស្វែងរកឧត្តមភាព កិត្តិយស តម្លៃពីខាងក្រៅ គឺវាមិនពិបាកដូចការស្វែងរសុចរិតភាពពីក្នុងខ្លួនឡើយ។ បុគ្គលដែលមានសុចរិតភាពក្នុងខ្លួនតាមរយៈទង្វើរបស់ខ្លួនក្តី, តាមរយៈគំនិតរបស់ខ្លួនក្តី, និងតាមរយៈសម្តីរបស់ខ្លួនក្តី គឺជាមនុស្សដែលមិនចេះភ័យខ្លាចនឹងអ្វីទាំងអស់។ ក្នុងសង្គម មិនខ្វះទេមនុស្សដែលមានចំណេះដឹង, មានទ្រព្យសម្បត្តិ, មានកិត្តិយស, មានតម្លៃ, មានឋានៈ, និងមានតួនាទី ប៉ុន្តែមនុស្សដែលមានសុចរិតភាពពិតប្រាកដ គឺមិនសូវមានច្រើនឡើយ។

ដោយសារតែចង់បានឧត្តមភាពទាំងប៉ុន្មានខាងលើ វាបានធ្វើឱ្យមនុស្សគ្រប់គ្នាប្រឹងប្រែងយកតែមែនទែន បើទោះបីជាតាមវិធីស្មោកក្រោគបែបណាក្តី។ សុភាសិតចិនពោលថា បើមិនឃើញក្តារមឈូស គឺមិនស្រក់ទឹកភ្នែក ទេ តែមនុស្សខ្លះប្រឹងធ្វើអាក្រក់រហូតដល់ខ្លួនស្លាប់ក្លាយទៅជាវិញ្ញាណ ក៏នៅតែគ្មានឱកាសបានដឹងខុសផងក៏មាន។ បើត្រឹមតែមួយរស់ មនុស្សគួររស់នៅឱ្យត្រឹមត្រូវ តែបើចង់រស់នៅលើសពីរស់ (ប្រឹងស្វែងរកអ្វីដែលមិនមែនជារបស់ខ្លួនតាមទង្វើស្មោកក្រោគ) ក៏មិនអាចធ្វើឱ្យមនុស្សក្លាយទៅជាអាទិទេពឡើយ។ មនុស្សគ្រប់គ្នាដឹងថាពេលស្លាប់ទៅ សូម្បីតែខ្លួនប្រាណរបស់យើង ក៏យកទៅមិនបានផង អ៊ីចឹងតើហេតុអ្វីបានជាប្រឹងសាងកម្មអាក្រក់ខ្លាំងម៉្លេះ! តើយើងអាចប្រើពេលវេលានៃជីវិតជាមនុស្សនេះបានល្អតាមរបៀបណា?

ទស្សនវិទូម្នាក់ធ្លាប់និយាយថា ក្នុងលោកនេះ មនុស្សទាំងអស់ គឺជាបងនិងប្អូន។ បើមើលពីរង្វង់ម្ខាង យើងនឹងកំណត់បានថាជាបងនិងប្អូន តែបើមើលរង្វង់ទាំងមូល យើងនឹងឃើញថាគ្មានបងគ្មានប្អូន គ្មានមុនគ្មានក្រោយឡើយ និងគ្មានលើគ្មានក្រោមទាល់តែសោះ។ សក់ស្កូវ ពុកមាត់ស ស្បែកជ្រួញ ខ្នងកោង វាពុំបានកំណត់ពីភាពចាស់ឬចាស់ទុំរបស់មនុស្សជាតិឡើយ។ ទស្សនវិទូប្រឆាំងមនោសញ្ចេតនា, សេណេកា (Seneca) និយាយថា គ្មាននរណាម្នាក់អាចប៉ះប៉ូវនូវចំនួនឆ្នាំដែលវាបានកន្លងផុត ដល់អ្នកបានឡើយ ដ្បិតអ្វីដែលបានកន្លងហួសទៅហើយ វាមិនអាចត្រឡប់ថយក្រោយវិញទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ, ពីមួយឆ្នាំទៅមួយឆ្នាំ យើងចេះតែមានពេលវេលារាប់ចំនួនឆ្នាំដែលបានកន្លងផុតទៅ តែយើងប្រហែលជាភ្លេចរាប់ចំនួនកំហុសឆ្គង ការយល់ខុសពីជីវិត និងប្រព្រឹត្តឥតដឹងសតិរបស់ខ្លួន ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួនឡើយ។

តើយើងបានប្រើពេលវេលាចុងឆ្នាំដើម្បីពិនិត្យពិច័យពីជីវិតនេះដែរឬទេ? ខ្ញុំលើកទឹកចិត្តឱ្យប្រើប្រាស់ពេលវេលាពិចារណា សមាធិ ប្រើសតិដឹង និងប្រឹងស្វែងយល់ពីជីវិតនេះឱ្យបានមែនទែន ដ្បិតក្នុងសង្គមបានបង្កើតរឿងពង្វក់មនុស្សច្រើនបែបណាស់។ តើនរណាខ្លះដែលចាំបាននូវសម្តីរបស់អ្នកប្រាជ្ញបារាំង ម៉ុង តេសី្គយ័រ (Baron de Montesquieu) ដែលបានពោលថា តម្លៃពិតរបស់ជីវិត វាពុំមែនស្ថិតលើចំនួនថ្ងៃដែលយើងរស់នៅឡើយ។ ប៉ុន្តែវាស្ថិតនៅលើការដែលយើងចេះប្រើប្រាស់ចំនួនថ្ងៃទាំងនោះឱ្យមានតម្លៃ។ ជីវិតពេញលេញមិននិយាយពីចំនួនឆ្នាំដែលយើងរស់នៅទេ តែនិយាយពីតម្លៃនៃការរស់នៅ។ ខ្ញុំប្រឹងអានសៀវភៅដើម្បីស្វែងរកអាទិទេព ស្វែងរកព្រះ តែព្រះមិនមានក្នុងសៀវភៅទេ។ ព្រះគឺជាសេចក្តីសុចរិតដែលមានក្នុងខ្លួនមនុស្សម្នាក់ៗ។ ខ្ញុំហ៊ាននិយាយថា អំណាចនៃសេចក្តីសុចរិតដែលមានក្នុងខ្លួនមនុស្សល្អម្នាក់ៗ គឺមានឥទ្ធិពលធំជាងព្រះអាទិទេព

No one will restore your years, no one will return them to you. Seneca

Saturday, January 26, 2019

ឧត្តមគតិ



ស៊ូតុងប៉ គឺជាអ្នកប្រាជ្ញចិនម្នាក់ដែលមានសមត្ថភាព តែក្សត្រមិនយកមកប្រើការ។ ខ្សែជីវិតរបស់អ្នកប្រាជ្ជចិនរូបនេះរសាត់អណ្តែតទៅតំបន់ឆ្ងាយៗនៅតាមចុងកាត់មាត់ញក។ ទុក្ខរបស់អ្នកចេះដឹងប្រកបទៅដោយឧត្តមគតិនិយម គឺកើតខុសសម័យកាល ដូចជាអ្នកប្រាជ្ញស៊ូតុងប៉។ សំណាងរបស់អ្នកក្លាហាន គឺកើតចំប្រទេសមានសង្គ្រាម ដូចជាឆាវឆាវ។

បុរាណខ្មែរពោលថា ស្រុកមានសង្គ្រាមត្រូវការអ្នកក្លាហាន រីស្រុកសាន្តត្រានត្រូវការអ្នកចេះដឹង។ តើចរិតអ្នកប្រើអាវុធ និងចរិតអ្នកប្រើចុងប៊ិកខុសគ្នាត្រង់ណា? ទ្រឹស្តីអ្នកសង្គ្រាមសន្តិភាពនិយមនិយាយថា ស៊ូស្រក់ញើសនៅនឹងទីលានហ្វឹកហ្វឺន ប្រសើរជាងបង្ហូរឈាមនៅសមរភូមិប្រយុទ្ធ។ ទ្រឹស្តីអ្នកសង្គ្រាមចំតួតែងអះអាងថា មេទ័ពសុខចិត្តស្រក់ឈាម តែមិនលន់តួអង្វរចរចារកសន្តិភាព។ ពាក្យថាចរចានិងសុំចរចា គឺមានន័យថាចាញ់និងចាញ់ប្រៀប។ ចរិតអ្នកយុទ្ធសាស្រ្តសង្គ្រាម បើដឹងខ្លួនថាច្បាំងមិនឈ្នះ គឺមិនប្រថុយច្បាំងដាច់ខាត។ ប៉ុន្តែបើដឹងសមត្ថភាពទ័ពខ្លួនថាច្បាំងឈ្នះ គឺដាច់ខាតមិនបង្អស់យូរឡើយ។ តើហេតុអ្វីបានជាអ្នកប្រាជ្ញស៊ូតុងប៉ ឥតត្រូវបានព្រះរាជាយកមកប្រើ? ហេតុអ្វីស៊ូតុងប៉សុខចិត្តក្រ ដើរពនេចរដាច់សង្វែង បម្រើប្រជាជនតាមតំបន់ស្រុកស្រែម្នាក់ឯង?

មហាត្មៈ គន្ធី (Mahatma Gandhi) ធ្លាប់លើកឡើងពីបាបកម្មសង្គមមួយក្នុងចំណោមប្រាំពីរ គឺជា ចំណេះដឹងដោយគ្មានជ្រាបចូលជាចរិត ឬ Knowledge Without Character។ អ្នកចេះដឹងដែលមានចំណេះដឹងជ្រាបចូលជាចរិត គឺមានលក្ខណៈដូចជាអ្នកប្រាជ្ញចិនស៊ូតុងប៉។ ស៊ូតុងប៉និយាយថា អ្នកខ្លះរៀនសូត្រជ្រៅជ្រះ ហាមាត់ឡើងសច្ចធម៌ សច្ចធម៌។ ប៉ុន្តែគេទុកការរៀនសូត្រជាកាំជណ្តើរ ដើម្បីស្វែងរកឋានៈ បុណ្យសក្តិ។ នៅពេលមានឋានៈបុណ្យសក្តិហើយ គេចាប់ផ្តើមស្វែងរកទ្រព្យសម្បតិ្ត។ នេះបានន័យថាអ្នកទាំងនោះជាអ្នករៀនសូត្រជ្រៅជ្រះ ប៉ុន្តែគំនិតរបស់គេមិនមែនបំរើប្រជារាស្ត្រទេ គឺដើម្បីស្វែងរកលាភសក្ការៈតែប៉ុណ្ណោះ។ នេះជាឥរិយបថអ្នកចេះដឹងពិតប្រាកដ។ យើងមិនអាចបន្ទោសថា ហេតុអ្វីមិនចូលបម្រើនគរ? ចម្លើយ គឺមានតែអ្នកចេះដឹងពិតប្រាកដ ដែលមានចំណេះដល់ថ្នាក់ពាល់ប៉ុណ្ណោះ ទើបអាចយល់ពីអារម្មណ៍នេះបានថា ហេតុអ្វីមិនយកចំណេះដឹងទៅប្រើ?

នៅក្នុងរឿងសាមកុក ឬនគរ៣, មានអតីតទីប្រឹក្សារបស់ លីវ ប៉ី ឈ្មោះ ស៊ី ស៊ូ (Xu Shu) ដែលមានសមត្ថភាពខ្ពស់កប់ពពកអាចបំបែកក្បួន សោរមាស - Eight Docked Gates Formation របស់ ឆាវ ឆាវ បាន ប៉ុន្តែបែរជាសុខចិត្តមិនយកចំណេះដឹងទៅបម្រើរឿងដែលក្បត់នឹងមនសិការខ្លួនឯង។ អ្នកប្រាជ្ញសុខចិត្តស្លាប់ ក៏មិនអាចក្បត់នឹងឧត្តមគតិ និងក្បត់នឹងមនសិការខ្លួនឯងដែរ។ នេះមានន័យថាចរិតអ្នកចេះដឹង តែងតែបារម្ភខ្លាចខ្លួនឯងទៅប្រឡូកប្រឡាក់នឹងរឿងស្មោកក្រោគដែលមន្រ្តីអាក្រក់ប្រព្រឹត្ត។ តើរឿងនេះអាចឆ្លុះបញ្ចាំងនឹងសង្គមខ្លះបានដែរឬទេ? កាលៈទេសៈនេះ ខ្ញុំបែងចែកអ្នកចេះដឹងជាពីរប្រភេទ៖ ១. ជាអ្នកចេះដឹងដែលចរិតលក្ខណៈពិសេស (Personality Features) ដូចជាអ្នកប្រាជ្ញចិនស៊ូតុងប៉ ឬអតីតទីប្រឹក្សា លីវ ប៉ី ឈ្មោះ ស៊ី ស៊ូ (Xu Shu), និង២. អ្នកចេះដែលចូលរួមជួយសង្គម (ជាប់ប្រយោជន៍ខ្លះៗផង)។

សំណួរចោទសួរថា អ្នកចេះដឹងពីរនាក់ មានសញ្ញាបត្របណ្ឌិតដូចគ្នា តែហេតុអ្វីម្នាក់អាចប្រើចំណេះដឹងរបស់ខ្លួនចូលរួមសកម្មភាពសង្គមបាន និងម្នាក់ទៀតមិនបាន? ខ្ញុំសូមបង្វែរទស្សនៈមកចាប់អារម្មណ៍នឹងការបង្កើតវប្បធម៌ក្នុងសង្គមវិញ។ មេដឹកនាំសិង្ហបុរី លី ក្វាន់យូ និយាយថា វប្បធម៌ គឺជាព្រេងវាសនា ឬ Culture is destinyការគិតបង្កើតសកម្មភាព, សកម្មភាពដដែលញយៗ បង្កើតទម្លាប់, ទម្លាប់ដដែលញយៗ បង្កើតចរិត, ចរិតបង្កើតវប្បធម៌, វប្បធម៌បែបណា វាសនាបែបនោះ។ អ្នកចេះដឹងដែលមានលក្ខណៈឧត្តមគតិនិយម បើចូលទៅ គឺមានតែត្រូវរស់នៅរណបនឹងវប្បធម៌អាក្រក់។ នេះមានន័យថា បើអ្នកចាស់ពុករលួយ អ៊ីចឹងចូលទៅគឺត្រូវរៀនធ្វើតាមវប្បធម៌ចាស់ ដ្បិតបើមិនដូច្នោះទេ គឺនៅមិនបានយូរទេ ដោយមុនឬក្រោយនឹងត្រូវអ្នកចាស់កម្ចាយ ឬប៉ែងជើងធាក់ចេញក្រៅស្ថាប័ន។

ប៉ុន្តែអ្នកចេះដឹងដែលមានលក្ខណៈខ្លាំងមែនទែន គឺអាចរស់នៅបញ្ច្រាសនឹងវប្បធម៌សង្គមចាស់ បញ្ច្រាសនឹងរបៀបដឹកនាំចាស់ ប្រៀបដូចជាមនុស្សដើរបញ្ច្រាសខ្យល់ និងអ៊ុំទូកបញ្ច្រាសទឹក។ អ្នកចេះដឹងមួយប្រភេទទៀត គឺជាមនុស្សដែលបត់បែននិយម រស់នៅបានដោយអាស្រ័យលើកាលៈទេសៈជាក់ស្តែង ដ្បិតបើគេមិនល្អ ក៏ឆ្លៀតបត់ទៅផ្លូវមិនល្អបណ្តោះអាសន្នដែរ/ឬបត់រហូតក៏មាន។ មនុស្សដែលរស់នៅគ្មានឧត្តមគតិ អាចបាតដៃជាខ្នងដៃ រហ័សលឿនដូចផ្លេកបន្ទោរ។ ម្សិលមិញជេរមនុស្សអាក្រក់សោះ រីថ្ងៃនេះអាចក្លាយទៅជាកូនចៅរបស់មនុស្សអាក្រក់ ពីព្រោះសំខាន់ឱ្យតែបានតួនាទី ឋានៈ បុណ្យសក្តិ ឥតខ្មាសខ្លួនឯងទេ។ រឿងសង្គមវែងឆ្ងាយ ចរិតមនុស្សប្រែប្រួលមិនទៀង ម្តងរាំងម្តងភ្លៀង រស់នៅគ្មានគោលការណ៍ ហិចហើរដើម្បីតែប្រយោជន៍។ ជីវិតគួររស់នៅឱ្យស្រួល បើចូលក្នុងក្រុមក្បាលម៉ាស៊ីនដឹកនាំមិនបានទេ គួរតែក្រឡែកមកមើលខាងក្រោមវិញ ដ្បិតមានយុវជនរាប់មិនអស់ មានឆន្ទៈ តែខ្វះអ្នកដឹកនាំដែលមានឧត្តមគតិពិតប្រាកដត្រួសត្រាយផ្លូវ។ បើស្រឡាញ់សង្គម សូមកុំយកយុវជនមកទ្រាប់ជើងជាន់ដើម្បីឱ្យខ្លួនឯងឡើងខ្ពស់។ យុវជនជាដង្ហើមសង្គម។ ជួយយុវជន (មិនថាជាស្មារតីក្តី ហិរញ្ញវត្ថុក្តី ផ្តល់ចំណេះដឹងក្តី) គឺមានន័យជួយសង្គម។ នេះជាទស្សនៈរបស់មេដឹកនាំបដិវត្តវប្បធម៌ចិន ម៉ៅ សេទុង៕

___
*អត្ថបទទាក់ទងនឹងអតីតទីប្រឹក្សា លីវ ប៉ី ឈ្មោះ ស៊ី ស៊ូ

Friday, January 25, 2019

បើស្រឡាញ់នាងគឺត្រូវស្រឡាញ់ការសិក្សាអប់រំរបស់នាង



ថ្ងៃមួយនិស្សិតអាហារូបករណ៍ស្រីម្នាក់បាននិយាយមកកាន់ខ្ញុំថា ខ្ញុំដឹងថាបើគ្មានការអប់រំទេ គឺខ្ញុំនឹងក្លាយជាទាសករនៃពិភពលោកនេះ។ ខ្ញុំនឹងត្រូវធ្វើការងារលំបាកធ្ងន់ៗ មិនចេះហត់នឿយដូចម្ដាយខ្ញុំ។ បើខ្ញុំគ្មានការអប់រំទេ គឺអនាគតកូនរបស់ខ្ញុំ នឹងអាចដើរផ្លូវខុស ក្លាយទៅជាមនុស្សខ្វះសីលធម៌ និងអាចក្លាយជាមនុស្សអាក្រក់ទៀតផង ដោយសារតែខ្ញុំបានក្លាយជាស្រ្តីដែលមិនអាចអប់រំកូនរបស់ខ្លួនបានល្អ

ក្នុងចក្រវាល ធាតុញីគឺជាធាតុបង្កើតលោក។ នេះបើយោងទៅតាមទ្រឹស្តី ឡៅ ជឺ។ ស្រ្តី គឺជាមាតានៃពិភពលោក ហើយអប់រំស្រ្តី គឺមានន័យអប់រំសហគមន៍ទាំងមូល។ មេដឹកនាំធំៗទាំងអស់សុទ្ធតែកើតចេញពីស្រ្តី។ បើស្រ្តីគ្មានចំណេះដឹងដើម្បីអប់រំកូនទេ គឺគ្មានឡើយមនុស្សល្អ និងគ្មានឡើយមនុស្សខ្លាំង (មនុស្សខ្លាំងទាំងអស់សុទ្ធតែចេញពីស្រ្តីរឹងមាំ ប្រកបទៅដោយការអត់ធ្មត់)។ ការគិតបានវែងឆ្ងាយ កើតចេញពីការចេះអត់ធ្មត់ ហើយសក់វែងរបស់ស្រ្តី គឺមានន័យដល់ការអត់ធ្មត់ដ៏ខ្ពស់បំផុតនិងការគិតវែង។ ទ្រឹស្តីមាតាធិតេយ្យនិយមឬស្រ្តីនិយម (Feminism) អះអាងថា គ្មានការអភិវឌ្ឍន៍ណា មិនត្រូវការស្រ្តីនោះទេ ពីព្រោះបុរសត្រូវការស្រ្តី គ្រួសារត្រូវការស្រ្តី សហគមន៍ត្រូវការស្រ្តី ហើយអប់រំស្រី្តគឺអប់រំសហគមន៍ទាំងមូល។ គ្មានកន្លែងណាដូចផ្ទះយើង ហើយផ្ទះយើងក៏មិនដូចជាផ្ទះយើង បើសិនជាមិនមានអ្នកម្តាយនិងស្រ្តី។

មនុស្សប្រុសគឺជាធាតុរឹង ហើយមនុស្សស្រីគឺជាធាតុទន់។ រឹង គឺតែងប្រើខួរក្បាល ហើយទន់គឺតែងប្រើបេះដូងនិងមនោសញ្ចេតនា។ នៅពេលដែលបេះដូងនិងខួរក្បាលបញ្ជូលគ្នាតែមួយ គឺនឹងបង្កើតបានទៅជាអំណាចធំបំផុត (បុគ្គលម្នាក់ដែលអាចប្រើបេះដូងនិងខួរក្បាលបានស្របគ្នា នឹងបង្កើតបានទៅជាគតិបណ្ឌិតពិតប្រាកដមួយ)។ ក្នុងលទ្ធិព្រាហ្មណ៍ គេប្រៀបធៀបយកកដៃ និងបាតដៃមកផ្គុំចូលគ្នា ហើយបង្កើតបានជាម្រាមដៃទាំងប្រាំ (ហៅថាចំណង ៥ប្រការ)។ ចុងក្រោយ បើយើងជាមនុស្ស ឬជាបុរសដែលស្រឡាញ់សង្គម យើងដាច់ខាតត្រូវតែគោរពស្រឡាញ់មនុស្សស្រី។ តើការស្រឡាញ់បែបណាដែលត្រឹមត្រូវ?

បើយើងជាយុវជន ការស្រឡាញ់ដ៏ត្រឹមត្រូវបំផុត គឺមានន័យថា បើស្រឡាញ់នាង ត្រូវស្រឡាញ់ការសិក្សាអប់រំរបស់នាងសិន ដោយទុកពេលវេលាឱ្យនាងខិតខំប្រឹងប្រែងរៀនសូត្រ ព្យាយាមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា (ប្រើអារម្មណ៍យល់ចិត្ត ឬពាល់អារម្មណ៍ តែពុំមែនប្រើហេតុផលជាមួយនាងទេ) បើជាឪពុក បើអ្នកស្រឡាញ់កូនប្រុសស្រីរបស់អ្នក គឺដំបូងអ្នកត្រូវស្រឡាញ់ម្តាយរបស់កូនសិន (ស្រឡាញ់ប្រពន្ធឱ្យច្រើន ឬខ្មែរយើងប្រើពាក្យថា ស្រឡាញ់មេ បំពេរកូន)។ បើអ្នកជាកូនដែលស្រឡាញ់ម្តាយ គឺសូមកុំធ្វើទង្វើណាដែលនាំឱ្យម្តាយពិបាកចិត្ត៕
___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ

Thursday, January 24, 2019

ជីវិតត្រូវតែក្លាហាន



ទ្រឹស្តីអ្នកសង្រ្គាមតែងលើកឡើងថា គ្មានទេរង្វាន់សម្រាប់លើកទឹកចិត្តដល់ទាហានដែលរត់ចោលជួរ។ អ្នកប្រាជ្ញទស្សនវិជ្ជាសង្គ្រាមមនោសញ្ចេតនា (Stoicism), សេណេកា (Seneca) និយាយថា សេរីភាព កើតមានតែចំពោះបុគ្គលដែលមានសេចក្តីក្លាហានប៉ុណ្ណោះ។ តើអ្នកប្រាជ្ញអេស្បាញដែលធ្លាប់បានទៅសិក្សានៅទីក្រុងរ៉ូម ចង់សំដៅអត្ថន័យនេះថាយ៉ាងម៉េច?

សេចក្តីក្លាហាន វាគឺជាគុណធម៌មួយ និងជាអំណាចបារមីម្យ៉ាង ដ្បិតបើអ្នកណាដែលមានសេចក្តីក្លាហាន គឺតែងតែទៅមុខជាប់ជានិច្ច។ មនុស្សមានចំណេះដឹងដូចគ្នា និងមានចំណេះដឹងប្រហាក់ប្រហែលគ្នា តែបើមាននរណាម្នាក់ខ្វះសេចក្តីក្លាហាន គឺចាញ់ដៃគូម្នាក់ទៀតដែលមានសេចក្តីក្លាហាន។ មនុស្សល្ងង់ ចេះតែក្លាហានគ្រប់ពេល តែមនុស្សឆ្លាតដឹងពេលធ្វើកំសាក និងដឹងពេលដែលត្រូវតែក្លាហាន បើទោះបីជាត្រូវស្លាប់ក៏ដោយ។

ទស្សនវិទូក្រិច ប្លាតុង និយាយថា ភាពក្លាហាន គឺជាការដឹងនូវអ្វីដែលយើងមិនគួរខ្លាច។ នេះមានន័យថាត្រូវក្លាហានដោយបញ្ញា និងក្លាហានស្របនឹងសច្ចភាព។ មនុស្សអវិជ្ជាក្លាហានក្នុងកាលៈទេសៈគ្រោះថ្នាក់ វាគឺជាភាពល្ងង់ខ្លៅ។ ប៉ុន្តែមនុស្សមានបញ្ញាក្លាហានសំដៅទៅរកគ្រោះថ្នាក់ វាគឺជាការលះបង់មួយ។ ចំណេះដឹងក្តី ភាពរឹងមាំក្នុងជីវិតក្តី ឬជោគជ័យក្តី គឺវាមិនអាចកើតឡើងដោយចៃដន្យបានឡើយ។ ខ្ញុំរស់នៅមិនបានច្រើនឆ្នាំដូចមនុស្សដែលចាស់ជាងខ្ញុំ តែខ្ញុំហ៊ានអះអាងថា ជីវិត គឺវាលំបាកខ្លាំងណាស់ តែវាមិនមែនលំបាករហូតដល់យើងមិនអាចដើរទៅមុខបាននោះឡើយ

មនុស្សដែលមានលក្ខណៈជាបុគ្គលចម្រើននិយម ពេលឈឺក៏ត្រូវតែទៅមុខ ពេលទុក្ខក៏ត្រូវតែទៅមុខ ពេលសុខក៏ត្រូវតែទៅមុខ ពេលសប្បាយក៏ត្រូវតែទៅមុខ។ ទុក្ខធំ សប្បាយខ្លាំង វាមិនសំខាន់ឡើយ តែអ្វីដែលសំខាន់ គឺទៅមុខជានិច្ច។ មនុស្សត្រូវចេះក្លាហានដើរទៅមុខ ក្លាហានប្រឹងប្រែង កុំត្អូញត្អែរបណ្តែតអារម្មណ៍លន្លង់លន្លោចជ្រុលពេក ដ្បិតវាបើមានលក្ខណៈបែបនេះ ជីវិតនឹងគ្មានលទ្ធផលឡើយ។ ដឹងរឿងត្រូវធ្វើមុន ដឹងរឿងត្រូវធ្វើតាមក្រោយ តែកុំបណ្តោយខ្លួនពេក។ ជីវិត គឺជាការលះបង់ជីវិត ដើម្បីឱ្យខ្លួនមានជីវិតបន្តទៀត។ នេះហៅថាស្លាប់ដើម្បីរស់, ប្រឹងដើម្បីល្អ, ក្រដើម្បីមាន, បំពាននឹងរឿងអាក្រក់ដើម្បីរឿងល្អ, ប្រឹងបន្តជាមួយនឹងសេចក្តីក្លាហាន។ គ្មាននរណាម្នាក់ស្លាប់ដោយសារតែការប្រឹងប្រែងឡើយ។ អ្នកខ្លាំងក្នុងលោកទាំងអស់ សុទ្ធតែយកជីវិតមកប្តូរ ទើបរស់នៅបាន មានឈ្មោះជាគំរូមនុស្សទូទៅបាន៕

He who is brave is free. Seneca

Cr. ប្រតិទិនទស្សន

Wednesday, January 23, 2019

ចរិតអ្នករៀន



 អ្នករៀន ប្រើពេលវេលានៃថ្ងៃសម្រាក ដើម្បីរៀន តែអ្នកមិនរៀនវិញ ប្រើពេលវេលានៃថ្ងៃសម្រាក ដើម្បីដើរលេង។ អ្នករៀន ត្រូវហ៊ានឈឺចាប់ ដ្បិតរសជាតិនៃការអប់រំ តែងល្វីងជូរចត់មែនទែន តែផ្លែផ្ការបស់វាមានរសជាតិផ្អែមណាស់។ អ្នកក្រដែលគ្មានលុយរៀន គ្មានឱកាសរៀនសាលាល្អៗ គ្មានអ្នកជួយជ្រោមជ្រែង បើបណ្តោយខ្លួនឱ្យដូចកូនអ្នកមាន គឺពុំបានឡើយ។

ពេលក្រ កុំអស់សង្ឃឹម ពេលមាន កុំភ្លើតភ្លើន តែយើងត្រូវទប់ខ្លួនឯងឱ្យជាប់ ឈរឱ្យនឹង ហើយកុំរំជើបរំជួល។ សេចក្តីលំបាកធ្វើឱ្យមនុស្សឈឺចាប់ តែការឈឺចាប់ វាបានធ្វើឱ្យមនុស្សរឹងមាំ។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា យើងត្រូវរៀនទទួលយកព្យុះភ្លៀងក្នុងជីវិត ដ្បិតបើគ្មានទឹកភ្លៀងទេ ក៏គ្មានដើមរុក្ខជាតិណាអាចដុះលូតលាស់បានដែរ។ អ្នកដទៃមានលុយ តែយើងមានឆន្ទៈ។ អ្នកដទៃមានអ្នកជួយជ្រោមជ្រែង តែយើងមានការអត់ធ្មត់និងចិត្តអំណត់។ ឆន្ទៈនិងចិត្តអំណត់ គឺជាអំណាច

អ្វីដែលបានលើកឡើងខាងនេះ វាជាគោលការណ៍ដែលខ្ញុំប្រើអស់រយៈពេលជិត ១៥ឆ្នាំ។ ការកើតជាមនុស្ស គឺជាមង្គលដ៏ឧត្តមមង្គល គឺដោយសារយើងនៅមានឱកាសប្រឹង។ មង្គល គឺដោយសារយើងមានឱកាសប្រើរូបរាងកាយនេះ ដើម្បីដុសខាត់ព្រលឹងរបស់ខ្លួន។ មង្គល គឺដោយសារយើងមានអំណាចគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរជីវិតរបស់ខ្លួនបាន។ មនុស្សដែលបានកើតក្នុងផែនដីនេះ អត់អ្វីអត់ចុះ តែកុំឱ្យតែអត់ស្គាល់ខ្លួនឯង

Without rain nothing grows, learn to embrace the storms of your life. Buddh


Tuesday, January 22, 2019

ចេះអត់ទ្រាំខ្លះ !!



មានពេលខ្លះ! ស្នាមរបួសលើសាច់ ក៏មានគុណសម្បត្តិរបស់វាដែរ ព្រោះដោយសារមានវា ទើបយើងតែងតែរម្លឹកប្រាប់ខ្លួនឯងថា " ថ្ងៃក្រោយត្រូវចេះប្រយ័ត្ន " ។ ការមុតបន្លាធ្វើឲ្យយើងឈឺចាប់ ការព្យាបាលធ្វើឲ្យយើងជាសះស្បើយ ហើយស្នាមរបួសធ្វើឲ្យយើងចងចាំ ។ គ្មាននរណាចង់មុតបន្លាទេ ប៉ុន្ដែទោះចង់ឬមិនចង់ ក៏យើងនៅតែមានស្នាមរបួស ទោះមិនដោយសារបន្លា ក៏វាកើតឡើងដោយសារហេតុផលផ្សេងៗ ។ មិនថាហេតុផលបែបណាទេ គ្រប់របត់ជីវិត វាគឺជាមេរៀនដែលយើងនឹងរៀនរហូតពេញមួយជីវិត ។ គ្មាននរណាចង់ចួបភាពអួរអាប់នៃជីវិតទេ ប៉ុន្ដែទោះចង់ឬមិនចង់ របត់ជីវិតនៅតែរុញយើងទៅមុខ ទៅចួបរឿងដែលយើងមិនចង់ចួប ។ មានរឿងខ្លះ! យើងគ្មានសិទ្ធិហាមឃាត់វាមិនឲ្យកើតឡើងទេ ។ ប៉ុន្ដែយើងមានសិទ្ធិឆ្លងកាត់វាដើម្បីបង្កើតថាមពលជីវិត ។ ពុំមានអ្នកជំងឺណា ដែលជាសះស្បើយដោយមិនឆ្លងកាត់រសជាតិល្វីងនៃថ្នាំបានទេ ហើយក៏ពុំមានកូនរុក្ខជាតិណាដែលដែលដុះថ្ងៃនេះ អាចធំរឹងមាំនៅថ្ងៃស្អែកបានដែរជីវិតគឺជាមេរៀន ហើយការរៀនគឺជាការឆ្លងកាត់ ការឆ្លងកាត់គឺជាការដកពិសោធ ការដកពិសោធ គឺជាទទួលយកនូវអ្វីដែលយើងបានរៀន " សូមអនុញ្ញាតិឲ្យស្នាមញញឹមរបស់អ្នកផ្លាស់ប្ដូរពិភពលោក តែកុំអនុញ្ញាតិឲ្យពិភពលោកផ្លាស់ប្ដូរស្នាមញញឹមរបស់អ្នក " Willard Carroll Smith Jr.

Cr. Sun Veasna

Sunday, January 20, 2019

មាសក្លែងក្លាយ



មានសុភាសិតខ្មែរមួយឃ្លាបានបង្រៀនថា " មាសសុទ្ធមិនខ្លាចភ្លើង " ។ បើយើងពិតជាល្អមែន ហេតុអ្វីខ្លាចការពិត? បើការពិតយើងគឺជាមាសមែន ហេតុអ្វីខ្លាចការវិនិច្ឆ័យរបស់អ្នកដទៃ? បើខ្លាចគឺមានតែយើងគឺជាមាសក្លែងក្លាយ ព្រោះបើមាសសុទ្ធមែន វាមិនខ្លាចភ្លើងទេ ។

ព្រះពុទ្ធសម្ដែងថា " ក្នុងលោកនេះមានរបស់បីយ៉ាង ដែលមិនអាចលាក់បាំងបាន ១ ព្រះអាទិត្យ ២ ព្រះចន្ទ ៣ ការពិត " មានពេលខ្លះការសាងកំហុសឡើងមក វាអាចជារឿងអចេតនា ព្រោះគ្មាននរណាចង់ខុសទេ តែការទទួលស្គាល់ និងចេះសុំទោសគឺជាការរក្សាតម្លៃក្នុងភាពជាមនុស្ស ។ បើធ្វើខុស តែមិនព្រមខុស នោះគឺជាកំហុសធ្ងន់ធ្ងរបំផុត ។ ដ្បិតយើងអាចប្រកែកឈ្នះគេ តែយើងចាញ់ក្នុងភាពជាមនុស្ស ។ ដ្បិតយើងអាចប្រកែកយកឈ្នះ តែយើងមិនអាចបំពានការពិតបានទេ ។

កំហុសតែងធ្វើឲ្យមនុស្សរអៀសខ្លួន រអៀសខ្លួនទើបខ្លាចការវិនិច្ឆ័យរបស់អ្នកដទៃ ខ្លាចការវិនិច្ឆ័យរបស់អ្នកដទៃទើបព្យាយាមគេចមុខ គេចមុខក៏ព្រោះតែខ្លួនមានកំហុស ។ គ្មាននរណាដែលមិនចេះខុសទេ សំខាន់ត្រូវចេះទទួលខុសត្រូវលើទង្វើខ្លួនឯង ។ ដ្បិតមានពេលខ្លះយើងអាចរត់គេច ។ ប៉ុន្ដែមិនថាយើងរត់គេចទៅដល់ទីណា ក៏យើងនៅតែស្ពាយឈ្មោះជាមនុស្សមានកំហុសជាប់ជានិច្ច ។ ជីវិត! គឺជាការរៀន ហើយការសាងកំហុស និងចេះសុំទោសក៏ជាមេរៀនជីវិតដែរ ព្រោះមនុស្សមិនអាចខ្វះគុណតម្លៃបានទេ ហើយដើម្បីរក្សាគុណតម្លៃបាន លុះត្រាតែយើងដុះខាត់ព្រលឹងខ្លួនឯង ឲ្យមានគុណធម៌ជាមុនសិន ។ ដ្បិតមនុស្សគ្មានគុណធម៌ គឺមានតែមនុស្សពាល គឺបុគ្គលដែលបានកាត់ប្រយោជន៍ខ្លួនឯងផង អ្នកដទៃផង ហើយកាត់ប្រយោជន៍លោកនេះផង និងលោកខាងមុខផង

Cr. Sun Veasna 
picture's google

Saturday, January 19, 2019

ចំណែកនៃដំណោះស្រាយ



បើយើងមិនអាចធ្វើជាចំណែកនៃដំណោះស្រាយរបស់នរណាម្នាក់ទេ យើងមិនគួរធ្វើជាមនុស្សដែលចាំស្ដីបន្ទោសគេទេ ។ បើមិនអាចជួយអ្នកដទៃ សូមកុំធ្វើជាមនុស្សដែលបំបាក់ទឹកចិត្តអ្នកដទៃ ។ គ្មាននរណាម្នាក់ចង់ឲ្យជីវិតមានបញ្ហាឡើយ ។ ប៉ុន្ដែមានរឿងខ្លះយើងគ្មានសិទ្ធិហាមវាមិនឲ្យកើតឡើងទេ ព្រោះមានរឿងខ្លះគឺយើងអាចនឹងមិននឹកស្មានថាវាកើតឡើង ។ នៅពេលដែលកំហុសមួយបានកើតឡើងរួចហើយ យើងពិតជាមិនចង់បានការស្ដីបន្ទោសទេ គឺយើងចង់បានដំណោះស្រាយច្រើនជាង ។ ប៉ុន្ដែបើគ្មានដំណោះស្រាយ ហើយមានតែការស្ដីបន្ទោស តើយើងនឹងមានអារម្មណ៍ឈឺចាប់យ៉ាងណាទៅ? បើយើងយកចិត្តគេមកដាក់ក្នុងចិត្តខ្លួនឯងបាន នោះគឺពិតជាប្រសើរណាស់ ព្រោះយើងនឹងបានដឹងថា គេក៏ដូចយើង យើងក៏ប្រហែលជាមិនខុសពីគេដែរ ប្រសិនបើគេគឺជាយើង ។

ធ្វើខុសមិនចេះកែ គឺជាកំហុសធ្ងន់ធ្ងរ ។ ធ្វើខុសចេះកែមានការភ្ញាក់រឭក គឺជាមនុស្សមានតម្លៃ ប៉ុន្ដែបើធ្វើខុសហើយមិនកែ គឺស្មើនឹងបង្កើតកំហុសថែមមួយទៀត ។ ជីវិត! គ្មាននរណាគេចផុតពីកំហុសទេ ហើយក៏មិនមានមនុស្សដែលធ្វើខុសណាដែលអាចគេចផុតពីទណ្ឌកម្មជីវិតបានដែរ ។ កំហុសតែងតែធ្វើឲ្យយើងមិនសប្បាយចិត្ត អ្នកដទៃមិនសប្បាយចិត្ត តែបើវាធ្វើឲ្យយើងសប្បាយចិត្ត ក៏មិនប្រាកដថាយើងអាចគេងលក់ស្រួលនៅពេលយប់ដែរ ។

សច្ចភាពនៃសុចរិតភាព គឺគុណធម៌ ។ មនុស្សមានគុណធម៌ គឺដឹងខុសដឹងត្រូវ ដឹងធ្ងន់ស្រាល ដឹងល្អដឹងអាក្រក់ តែមនុស្សដែលលើសពីល្អគឺ " មិនធ្វើទង្វើណាដែលគេមិនចង់ឲ្យនរណា ធ្វើដាក់ខ្លួន " ។ គ្មានរណាចង់ខុសទេ មានតែមនុស្សអាក្រក់ទើបចង់ខុស ។ ប៉ុន្ដែបើយើងជាមនុស្សល្អ តើមានរឿងអីដែលយើងចង់ខុស? បើយើងធ្វើខុស តើយើងចង់បានដំណោះស្រាយ ឬចង់បានការស្ដីបន្ទោស? បើយើងចេះយកចិត្តគេ មកប្រៀបនឹងចិត្តខ្លួនឯង នោះយើងនឹងដឹងថាយើងក៏មិនខុសពីគេដែរ ៕

Cr. ប្រាជ្ញាជីវិត

Friday, January 18, 2019

ចាញ់បោកខ្លួនឯង



អ្នកដទៃគ្រាន់តែនិយាយាឲ្យយើងជឿ ហើយយើងជឿឬមិនជឿគឺឋិតលើបញ្ញារបស់យើង ថាតើវាអន់ឬវាខ្លាំង? ។ អ្នកយុទ្ធសាស្ត្រសង្គ្រាមដ៏ល្បីល្បាញ ឆាវឆាវ បានរម្លឹកថា " មានពេលខ្លះ របស់ក្លែងក្លាយ វាមានប្រសិទ្ធភាពជាងរបស់ពិតទៅទៀត "

គ្មានមនុស្សណាដែលល្ងង់ជាងមនុស្សមិនព្រមគិតឲ្យស៊ីជម្រៅនោះទេ ហើយក៏គ្មានអ្នកបោកប្រាស់ណា ដែលអាចបោកមនុស្សមានគំនិតវែងឆ្ងាយបានដែរ។ មានពេលខ្លះសូម្បីតែភ្នែក និងត្រចៀករបស់យើង ក៏អាចបោកប្រាស់យើងបាន ហើយមានពេលខ្លះទៀតសូម្បីតែខួរក្បាល ក៏ចាញ់បោកគេម្ដងៗដែរ ។ ប៉ុន្ដែមានរបស់ម្យ៉ាងដែលអាចការពារយើងបាន នោះគឺ " បញ្ញា " កុំងាយជឿគេផ្ដេសផ្ដាស ព្រោះជំនឿគឺជាភាពល្ងង់ខ្លៅ

យោងតាមទ្រឹស្ដីពុទ្ធនិយម បង្រៀនថា " ជំនឿស្មើល្ងង់ " ព្រះពុទ្ធមិនដែលបង្រៀនឲ្យមនុស្សជឿព្រះអង្គទេ ព្រះអង្គគ្រាន់តែបង្រៀនឲ្យមនុស្សមាន " បញ្ញា " យល់ពីសច្ចភាពនៃចិត្តវិញ្ញាណរបស់មនុស្សសត្វក្នុងលោកប៉ុណ្ណោះ ។ បើនៅសុខៗគេមកប្រាប់រឿងអសកម្មណាមួយ ហើយយើងជឿដោយគ្មានមូលដ្ឋាន វាមិនខុសពីមនុស្សខ្វាក់ច្រឡំផ្លូវដើរនោះទេ ។ គ្មានមនុស្សណាល្ងង់ជាងមនុស្សពូកែជឿផ្ដេសផ្ដាសឡើយ ហើយក៏គ្មានអ្នកបោកប្រាស់ណា ដែលអាចបោកមនុស្សមានបញ្ញាបានដែរ

Cr. Sun Veasna

Thursday, January 17, 2019

ស្នេហានិងកាលៈទេសៈ



សុភាសិតជនជាតិជ្វីបមួយឃ្លា បានអប់រំថា " ប្រសិនបើអ្នកចង់ជួបជាមួយនឹងរាជបុត្រី អ្នកត្រូវធ្វើខ្លួនឯងឲ្យក្លាយជារាជបុត្រាជាមុនសិន" ។ ស្នេហាពិត គឺកើតពីក្ដីស្រឡាញ់ មិនទាក់ទងរឿងបុគ្គលទេ ។ មិនសំខាន់មានក្រ មិនសំខាន់អាក្រក់ល្អ តែសំខាន់លើចិត្តស្រឡាញ់ ឬមិនស្រឡាញ់ ។ ប៉ុន្ដែបើមើលលើសង្គមបច្ចុប្បន្ន ភាគច្រើនគេមិនប្រើនិយមន័យស្នេហ៍ពិតទេ គេច្រើនប្រើនិយមន័យយសនិយម ។ នេះជាមូលហេតុដែលធ្វើឲ្យក្ដីស្រឡាញ់ពិត ត្រូវស្រាលជាចំនួនទឹកលុយ ។

មនុស្សយើងបើក្រពះទទេ គឺធ្វើអីមិនកើតឡើយ ។ បើមានតែក្ដីស្រឡាញ់ តែគ្មានអ្វីសោះក៏គ្មានក្ដីសុខដែរ ។ ស្នេហាមិនមែនជាការយកលុយទៅឲ្យគេទេ តែវាត្រូវការកិត្តិយស វាត្រូវការភាពរឹងមាំ វាត្រូវការថាមពលជីវិត វាត្រូវការភាពសុខសាន្ដ និងតម្រូវការផ្សេងៗទៀតជាច្រើន ដែលយើងត្រូវប្រើលុយដើម្បីទិញពួកវា ។ ប៉ុន្ដែបើយើងគ្មានអ្វីសោះ តើយើងទៅយកមូលហេតុទាំងនោះមកពីណា ? បើយើងគ្មានអ្វីសោះ តើត្រូវធ្វើយ៉ាងណាទើបអាចឈរក្បែររាជបុត្រីបានទៅ?

ស្នេហាជាតម្រូវការបេះដូង តែចំណេះដឹងជាតម្រូវការខួរក្បាល និងក្រពះ ។ បើក្រហើយគ្មានចំណេះដឹង គឺជីវិតគ្មានន័យទេ ។ តែបើក្រហើយមានគំនិត គឺបានន័យថាមានកំណើត ។ មនុស្សមានកំណើត គេប្រាកដជាអាចឈរក្បែរមនុស្សដែលគេស្រឡាញ់ ។ គេប្រាកដជាអាចបង្កើតភាពសុខសាន្ដ បង្កើតកិត្តិយស បង្កើតថាមពលជីវិតរបស់គេបាន ។ យើងគួរតែផ្លាស់ប្ដូរភាពអវិជ្ជមានខ្លួនឯងឲ្យបាន មុននឹងចង់បានបេះដូងអ្នកដទៃ ព្រោះក្ដីស្រឡាញ់គឺស៊ីមិនកើតទេ

Cr. ប្រាជ្ញាជីវិត

Wednesday, January 16, 2019

កុំបង្អាប់ខ្លួនឯង



កុំអស់សង្ឃឹម បើយើងគ្រាន់តែបរាជ័យម្ដង ឬពីរដង ព្រោះទម្រាំកីឡាករឆ្នើមម្នាក់ឡើងដល់ចំណុចកំពូល ប្រហែលគេបរាជ័យច្រើនជាងយើងទៅទៀត ។ កុំតូចចិត្ត បើគ្រាន់តែថ្ងៃនេះយើងទន់ខ្សោយ ព្រោះទម្រាំមនុស្សខ្លាំងដណ្ដើមបានជោគជ័យ គេប្រហែលដួលច្រើនជាងយើងរាប់សិបដងទៅទៀត ។ កុំមើលងាយខ្លួនឯង បើគ្រាន់តែឃើញគេអស្ចារ្យជាងយើង ព្រោះបើយើងព្យាយាមអភិវឌ្ឍខ្លួន ថាមិនត្រូវយើងអាចឡើងខ្ពស់ជាងគេទៅទៀត ។ កុំបោះបង់ក្ដីស្រមៃខ្លួនឯងដោយសារសម្ដីអ្នកដទៃ ព្រោះអនាគតរបស់យើង គឺសម្រេចលើយើង មិនមែនស្រេចលើមាត់របស់គេនោះទេ ។ កុំគិតថាខ្លួនឯងធ្វើមិនកើត ព្រោះមនុស្សអស្ចារ្យ ក៏អាចកើតពីជនតូចតាចបានដែរ ៕

Cr. ប្រាជ្ញាជីវិត

Saturday, January 5, 2019

១០ហេតុផលដែលត្រូវ ឈប់ខ្វល់ពីសម្ដីមនុស្ស!



១. មនុស្សដែលនិយាយដើមយើងច្រើនបំផុត
គឺជាមនុស្សដែលស្គាល់យើងតិចបំផុត។

២. សច្ចធម៌នៃការរស់នៅក្នុងលោកមួយនេះ
គឺយើងរមែងត្រូវបានមនុស្សនិន្ទា។

៣. មនុស្សភាគច្រើនដែលរិះគន់យើង
គឺជាមនុស្សមិនធ្លាប់ឈប់តាមដានលទ្ធផលយើងឡើយ។

៤. មនុស្សដែលថាខ្លួនឯងចេះ គ្មានតម្លៃ និងមិនបានទទួលការយល់ព្រម
នឹងមើលឃើញពីប្រការខ្វះខាតរបស់គេទេ។

៥. មើលងាយអ្នកដទៃឲ្យតិច
ធ្វើឲ្យគេមានអារម្មណ៍ល្អប្រសើរឡើង ឬលើកសរសើរគេឲ្យបានច្រើនឡើង។

៦. រឿងខ្លះដែលអ្នកដទៃនិយាយ
ចង់ប្រាប់ពីរឿងខ្លួនគេ មិនមែនខ្លួនយើងឡើយ។

៧. យើងមិនមែនជាមនុស្សល្អឥតខ្ចោះក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាទេ
ហើយវាក៏មិនអាចទៅរួច ដែលឲ្យអ្នកដទៃមកចូលចិត្តយើងទាំងអស់ដែរ។

៨. ចង់បានភាពជោគជ័យ
ផ្ដោតលើមនុស្សដែលស្រឡាញ់យើង មិនមែនស្អប់យើងទេ។

៩. ចង់ប្រើជីវិតឲ្យមានក្ដីសុខ
ត្រូវឈប់ខ្វល់ពីសម្ដីអ្នកដទៃ។

១០. កុំផ្ដល់ភាពសំខាន់ក្នុងរឿងដែលឥតបានការ
តិចវាក៏កន្លងផុតទៅ៕

Cr. គោលគំនិតល្អដើម្បីជីវិត

Friday, January 4, 2019

អង្គុយគិតតែសង្ស័យ!!!



បើខ្ញុំបំពាក់គំនិតល្បិចកលក្នុងខួរក្បាលគ្រប់ពេល តើមួយថ្ងៃខ្ញុំត្រូវពាក់របាំងមុខប៉ុន្មាន? បើខ្ញុំអង្គុយតែសង្ស័យមនុស្សជុំវិញខ្លួនគ្រប់ពេល ខ្ញុំប្រហែលរកក្ដីសុខឲ្យខ្លួនឯងពុំឃើញឡើយ ថាមិនត្រូវអាចឡប់សតិទៀតផងក៏ថា ។ បើខ្ញុំអង្គុយតែរៀនពីល្បិចកលរបស់អ្នកដទៃ ក៏ប្រហែលជាអាចសុបិនអាក្រក់រាល់យប់ផងក៏មិនដឹង!! ។ បើខ្ញុំអង្គុយតែគិតថាក្នុងលោកនេះគ្មានមនុស្សល្អ តើពេលណាទើបខ្ញុំមានមិត្តល្អ អ្នកជិតខាងល្អ ឬញាតិសន្ដានល្អទៅ?  តើហត់ទេ ដែលត្រូវរស់នៅជាមួយគំនិតសង្ស័យគ្នា ប្រើល្បិចដាក់គ្នាមិនចេះចប់មិនចេះហើយបែបនេះ? បើអង្គុយតែសង្ស័យគ្នាអ៊ីចឹង តើពេលណា ខែណា ឆ្នាំណា ទើបយើងមានសន្ដិភាពជាមួយគ្នាទៅ?

ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់មនុស្ស ។ ភាពក្រឡេចក្រឡុច គឺជាសញ្ញាសម្គាល់របស់មនុស្សអាក្រក់ ។ គ្មាននរណាម្នាក់មិនចង់បានសន្ដិភាពជីវិតទេ ក៏គ្មានសន្ដិភាពឯណាបង្កើតឡើងដោយវប្បធម៌ល្បិចកល ក្រឡិចក្រឡុច សង្ស័យគ្នាមិនចេះចប់មិនចេះហើយនោះដែរ ។

យើងគួរស្វែងរកសន្ដិភាព ដ្បិតមនុស្សរស់នៅគឺត្រូវការសន្ដិភាព ។ មានសន្ដិភាពមានភាពសុខសាន្ដ គ្មានទីឋានណាដែលគេស្វាគមន៍មនុស្សអាក្រក់ទេ ជាពិសេសមនុស្សដែលមានល្បិចពេញពោះ ។ ឲ្យតែនឹកដល់ពាក្យថាសន្ដិភាព ខ្ញុំតែងរលឹកដល់ពាក្យទូន្មានរបស់អ្នកប្រាជ្ញ ខុងជឺ ដែលលោកបានប្រាប់ថា " កុំធ្វើទង្វើណា ដែលយើងមិនចង់ឲ្យគេធ្វើដាក់យើង " ។ ព្រះពុទ្ធ ក៏បានបង្រៀនដែរថា " គ្មានភ្លើងណាឆេះស្មើនឹងភ្លើងចំណង់ គ្មានត្រីឆ្លាមណាកាចសាហាវស្មើនឹងការស្អប់ គ្មានអន្ទាក់ណាទាក់ជាប់ស្មើនឹងសេចក្ដីល្ងង់ខ្លៅ គ្មានទឹកណាហូរជន់ជោរស្មើនឹងភាពលោភលន់របស់មនុស្សឡើយ ។ សេចក្ដីសុខពិតនៅក្នុងខ្លួនអ្នក ដូច្នេះចូរកុំព្យាយាមរកវាពីខាងក្រៅ "គ្មានការឈឺចាប់ណា ស្មើភ្លើងកិលេស ។ គ្មានសត្រូវកាចសាហាវណា ស្មើនឹងចិត្តល្ងង់ខ្លៅ ។ គ្មានការវង្វែងណា ស្មើនឹងវង្វេងប្រយោជន៍ភ្លេចមិត្តភក្តិ ញាតិសណ្ដាននោះទេ

Cr. Sun Veasna

Thursday, January 3, 2019

អ្វីៗគ្រប់យ៉ាងសុទ្ធតែអាចប្រួលប្រែ



មនុស្សដែលអ្នកស្រលាញ់ថ្ងៃនេះ​ គាត់នៅតែស្រលាញ់អ្នក ថ្ងៃស្អែកក៏គាត់នៅតែស្រលាញ់អ្នក ថ្ងៃស្អែកជាថ្មីមួយទៀតក៏គាត់នៅតែស្រលាញ់ ហើយគាត់ក៏អាចចាកចេញទៅ ដោយបន្សល់ត្រឹមតែស្នាមអនុស្សាមួយដ៏ល្អតែ​ប៉ុណ្ណោះ​ ។

ទីកន្លែងមួយ ដែលអ្នកធ្លាប់មកជាមួយ​មនុស្សដែលអ្នកស្រលាញ់ ថ្ងៃណាមួយវាក៏អាចនឹងលែងមានវត្តមានរបស់មនុស្សម្នាក់​នោះក៏ថាបាន​ ។

ពេលវេលានិងស្នេហាដ៏ផ្អែមល្ហែមរបស់អ្នក អាចនិងបាត់បង់ទៅនៅថ្ងៃណាមួយមិនខាន​ ។

កែវភ្នែកដែលធ្លាប់តែស្រលះល្អរបស់អ្នក អាចនិងត្រូវស្រវាំងដោយដំណក់ទឹកភ្នែកនៅថ្ងៃណាមួយមិនខាន​ ។

ក្ដីសុខដែលធ្លាប់មាន អាចនិងបាត់បង់ទៅ ហើយជំនួសមកវិញដោយសេចក្ដីទុក្ខក៏ថាបាន​ ។

គ្រប់​យ៉ាង​សុទ្ធតែអាចប្រួលប្រែបានទាំងអស់ គ្មានអ្វីមានភាពឋិតថេរ​នោះ​ទេ ហើយយើងខ្លួនឯងផ្ទាល់ ត្រូវតែរៀនទទួលយករឿងទាំងអស់​នោះ​ផង​ណា៎​ ...​

រៀនធ្វើមនុស្សថ្មី!



ខុងជឺ ពោលថា " អ្វី​ដែល​មនុស្ស​អស្ចារ្យ​ស្វែងរក គឺ​នៅក្នុង​ខ្លួន​ពួកគេ ហើយអ្វី​ដែល​មនុស្ស​ធម្មតា​ស្វែងរក គឺ​នៅក្នុង​ខ្លួន​អ្នកដទៃ " ។ មនុស្សអស្ចារ្យព្យាយាមស្វែងរកខ្លួនឯង ហើយរៀនស្គាល់ពីសក្ដានុពលខ្លួនឯង ។ ចំណែកមនុស្សធម្មតាស្វែងរកប្រយោជន៍ពីអ្នកដទៃ ឬស្វែងរកដង្ហើមពីអ្នកដទៃ (មិនស្គាល់ខ្លួនឯង ) ។ មនុស្សដែលអាចបង្កើតសមិទ្ធផលជីវិតដោយកម្លាំងខ្លួនឯង ខុងជឺ បានឲ្យឈ្មោះថា " បុគ្គលអស្ចារ្យ " ។ ចំណែកមនុស្សដែលស្វែងរកខ្លួនឯងពីក្នុងខ្លួនអ្នកដទៃ ខុងជឺ ឲ្យឈ្មោះថា "បុគ្គលធម្មតា "

មនុស្សយើងកើតមក តែងមានទេពកោសល្លខុសប្លែកគ្នា គ្រាន់តែអ្នកខ្លះអាចចម្រាញ់ផ្លែផ្កាពីទេពកោសល្លខ្លួនបាន ហើយអ្នកខ្លះមិនអាច ។ មនុស្សដែលអាចចម្រាញ់ផ្លែផ្កាពីទេពកោសល្លខ្លួនឯងបាន នោះក៏ព្រោះតែគេស្គាល់ខ្លួនឯងជានរណា ហើយមានសមត្ថភាពអ្វី? មានសក្តានុពលខ្លាំងប៉ុនណា? ។ ហើយនេះជាមូលហេតុដែលបិតាទស្សនវិទូ សូក្រាត តែងចង់ឲ្យមនុស្សគ្រប់គ្នាស្គាល់ខ្លួនឯងឲ្យច្បាស់ ព្រោះការស្គាល់ខ្លួនឯងច្បាស់ ជាចំណុចចាប់ផ្តើមនៃការស្វែងរកធនធានជីវិត ។

មនុស្សជាច្រើនតែងជឿលើការបន់ស្រន់ ហើយមិនសូវជឿលើសមត្ថភាពខ្លួនឯង សូម្បីតែខ្ញុំ ។ ប៉ុន្ដែធាតុពិតទៅ ជំនឿគ្រាន់តែជារឿងគួបផ្សំប៉ុណ្ណោះ វាមិនអាចឲ្យយើងពឹងទាំងស្រុងបានទេ ។ បុរាណខ្មែរពោលថា "គំនិតមិនកើត កំណើតមិនមាន " មិនប្រឹងខ្លួនឯងឲ្យខ្លាំង តើទេវតាណាជួយយើងបានទៅ!! ។ ចង់ឲ្យទេវតាជួយ លុះត្រាតែយើងខ្លាំងដែរ ឬអាចនិយាយបានថា " ទេវតាជួយតែមនុស្សខ្លាំងប៉ុណ្ណោះ " ។

ដើម្បីទទួលបានផ្លែផ្កាជីវិតដោយងាយស្រួល យើងគួរពិសោធមើលថា " តើយើងជានរណា? តើយើងពូកែអ្វី? តើយើងមានសក្តានុពលខ្លាំងផ្នែកអ្វី? តើយើងគួរធ្វើអ្វីចំពោះសក្តានុពលខ្លួនឯង? ហើយសំណួរចុងក្រោយដែលយើងត្រូវឆ្លើយឲ្យខានតែបាននោះ គឺតើយើងនឹងចម្រាញ់ផ្លែផ្កាជីវិតពីសក្ដានុពលខ្លួនឯងបានដោយរបៀបណា? ចម្លើយនៃសំណួរទាំងនេះ គឺជាចម្លើយនៃការស្គាល់ខ្លួនឯង ៕

Cr. ប្រាជ្ញាជីវិត

Wednesday, January 2, 2019

ជីវិតមនុស្សខ្លីណាស់



ជីវិតមនុស្សខ្លីណាស់​ ខ្លីដូចគេព្រិចភ្នែក។
ជីវិតមនុស្សផុយណាស់​ ផុយដូចក្រដាសជូតមាត់។​
ហេតុនេះហើយ​ទើបពេលដែលយើងមានមនុស្សដែលយើងស្រឡាញ់នៅក្បែរ​ យើងត្រូវធ្វើល្អដាក់គេឲ្យបានច្រើន​ នោះពេលបាត់បង់គេជារៀងរហូតយើងនឹងមិនស្ដាយក្រោយ។​

កុំយំ​ បើមនុស្សដែលយើងស្រឡាញ់ស្លាប់​ តែត្រូវយំបើសិនយើងធ្លាប់ធ្វើឲ្យគេយំដោយសារយើង​ ធ្លាប់ធ្វើបាបគេ​ ធ្លាប់បោះបង់គេ​ ធ្លាប់មិនយកចិត្តទុកដាក់នឹងគេ​ ធ្លាប់មិនផ្ដល់ក្ដីស្រឡាញ់ឲ្យគេ។​ តែត្រូវចាំថា​ ការយំនោះនឹងមិនបានអ្វីមកវិញ​ ក្រៅពីតួកម្សត់ក្នុងរោងបុណ្យឡើយ

ត្រូវសប្បាយចិត្ត​ នៅពេលមនុស្សដែលយើងស្រឡាញ់ស្លាប់​ ព្រោះគេផុតទុក្ខហើយ​ ហើយយើងក៏បានធ្វើល្អនឹងគេអស់ពីចិត្ត​ ស្រឡាញ់គេអស់ពីចិត្ត​ គិតគេអស់ពីចិត្ត​ នៅក្បែរនិងមើលថែគេអស់ពីចិត្ត។

នៅពីក្រោយការយំពេលបាត់បង់មនុស្សដែលខ្លួនស្រឡាញ់​ មិនមែនព្រោះស្ដាយអ្នកដែលស្លាប់ទៅនោះទេ​ តែស្ដាយដែលមិនបានធ្វើរឿងអ្វីមួយចំពោះគេ​ពេលដែលនៅក្បែរគ្នា។

ខ្ញុំយំ​ នៅពេលដឹងថាមិត្តរបស់ខ្ញុំស្លាប់​ ព្រោះកាលគេនៅរស់​ ខ្ញុំមិនដែលសូម្បីតែឆាតសួរគេ​ ថាគេសុខសប្បាយឬអត់។

ខ្ញុំមិនយំ​ នៅពេលដែលអ៊ុំប្រុសខ្ញុំស្លាប់ ព្រោះកាលគាត់នៅរស់​ ខ្ញុំបានស្រឡាញ់គាត់ហើយ។​ ខ្ញុំបានជួយអ្នកម្ដាយធ្វើម្ហូបដែលគាត់ចង់ពិសារួចហើយ​ ខ្ញុំលែងស្ដាយក្រោយហើយ។​

កុំឲ្យពាក្យស្ដាយក្រោយ​ កើតឡើងដដែលៗ​អី​។​ ស្រឡាញ់មនុស្សជាទីស្រឡាញ់ឲ្យអស់ពីចិត្ត​ មិនថាជាឪពុកម្ដាយ​ មិត្តភ័ក្ដិ​ បងប្អូន​ ឬអ្នកណាទេ​ នោះយើងនឹងមិន"ស្ដាយក្រោយ"​ទោះគេទៅមុនយើង​ ឬយើងទៅមុនគេក៏ដោយ។

Tuesday, January 1, 2019

ធ្វើជាមនុស្សស្រមោច



មនុស្សដែលសប្បាយដាច់បង្ហៀរ គឺប្រៀបដូចជាសត្វរ៉ៃ តែមនុស្សដែលមិនប្រហែសដៃ ប្រឹងប្រែងប្រើសន្តិភាពបង្កើនភាពជោគជ័យថែមទៀត គឺប្រៀបដូចជាសត្វស្រមោច

នៅក្នុងជីវិតមនុស្សភាគច្រើន សុទ្ធតែធ្លាប់ឆ្លងកាត់នូវភាពជោគជ័យ តែមានមនុស្សតិចតួចបំផុតដែលអាចរក្សាជ័យជម្នះឱ្យនៅខាងខ្លួនបានរហូត។ ជោគជ័យគ្មានអ្វីអស្ចារ្យ តែមនុស្សដែលអស្ចារ្យ គឺជាអ្នកដែលចេះថែរក្សាជោគជ័យឱ្យនៅខាងខ្លួនជានិច្ច។ បរាជ័យគ្មានអ្វីគួរឱ្យខ្លាច តែអ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យ ដោយមិនហ៊ានសាកល្បងប្រឹងបន្តម្តងទៀត។ ពេលឈ្នះមិនរំភើប ពេលចាញ់មិនញាប់ញ័រតក់ស្លុត។ ពេលយើងឈ្នះ យើងមិនអស្ចារ្យដូចអ្វីដែលអ្នកដទៃសរសើរ ហើយពេលយើងចាញ់ យើងក៏មិនអន់ខ្លាំង ដូចអ្វីដែលអ្នកដទៃគិតដែរ។ យកស្រួល តែពិបាករក្សា។ តើត្រូវរក្សាជោគជ័យយ៉ាងដូចម្តេច?

នៅក្នុងព្រេងនិទានខ្មែរ យើងមានរឿងសត្វរ៉ៃ និងស្រមោច ដែលបង្ហាញថា រ៉ៃតែងតែសប្បាយដាច់បង្ហៀរនឹងជោគជ័យ សប្បាយភ្លេចខ្លួន...។ ប៉ុន្តែស្រមោចវិញ ជាសត្វដែលចេះត្រៀមខ្លួន ចេះគិតពីអនាគត និងមានទស្សនវិស័យ ឬជាអ្នកការពារហានិភ័យ (risk management/risk prevention)។ ខ្ញុំនៅចាំសម្តីរបស់រូបវិទូស.វទី២០ អាល់ប៊ឺត អាញស្តាញ មនុស្សធម្មតាដោះស្រាយបញ្ហា នៅពេលមានបញ្ហាកើតឡើង តែមនុស្សឆ្លាតការពារបញ្ហាមុនវាកើតឡើង។ សុភាសិតខ្មែរពោលថា ការពារទុក ស្រណុកជាងកែខៃ។ ការពារ វាប្រសើរជាងព្យាបាល។ តើយើងអាចរៀនមេរៀនអ្វីខ្លះពីសត្វស្រមោច? ទស្សនវិជ្ជារបស់សត្វស្រមោចដែលយើងអាចរៀនសូត្របាន និងអាចអនុវត្តបាន៖

ទី១. ស្រមោចជាសត្វដែលចេះប្រឹង មិនងាយបោះបង់ ទៅមុខជានិច្ច។ ពេលស្រមោចកំពុងតែវាលើដី ឬវាសំដៅទៅទិសដៅណាមួយ ចូរយើងសាកល្បងយកអ្វីមករារាំងវា។ ប្រតិកម្មរបស់ស្រមោច គឺទៅមុខជានិច្ច ឬស្វែងរផ្លូវចេញ។ មនុស្សយើង ចង់សម្រេចអ្វីមួយ បើខ្វះអ្វីអាចខ្វះបាន តែកុំខ្វះឆន្ទៈ ដ្បិតបើយើងមានឆន្ទៈចង់ធ្វើអ្វីមួយ គឺយើងនឹងប្រឹងប្រែងស្វែងរកវិធីធ្វើរឿងនោះឱ្យទាល់តែបាន។ ប្រៀបដូចជាស្រមោច ដែលរកវិធីទៅមុខជានិច្ច ដោយប្រើប្រាស់នូវផ្លូវផ្សេងៗ។

ទី២. ស្រមោចតែងតែគិតថា រដូវរងាជារដូវក្តៅ ហើយរដូវក្តៅជារដូវរងា។ ទស្សនៈបែបនេះ តែងរំឮកដល់សត្វស្រមោចថា រដូវណា ថ្ងៃណា ខែណា ក៏វាសុទ្ធតែជាពេលវេលានៃការប្រឹងប្រែងជានិច្ច ដោយពុំភ្លេចខ្លួនសោះឡើយ។ ខែរងារ ក៏ប្រឹងធ្វើការ ខែប្រាំងក៏នៅតែប្រឹងធ្វើការ គឺប្រឹងជាប់ជានិច្ច។ នេះជាយុទ្ធសាស្រ្តនៃការថែរក្សាស្បៀង យុទ្ធសាស្រ្តប្រមូលស្បៀង យុទ្ធសាស្រ្តរស់បានយូរអង្វែង។ ចំពោះមនុស្សវិញ ទស្សនៈនេះមានន័យថា បើចង់ខ្លាំង ត្រូវប្រឹងរហូត