Thursday, January 24, 2019

ជីវិតត្រូវតែក្លាហាន



ទ្រឹស្តីអ្នកសង្រ្គាមតែងលើកឡើងថា គ្មានទេរង្វាន់សម្រាប់លើកទឹកចិត្តដល់ទាហានដែលរត់ចោលជួរ។ អ្នកប្រាជ្ញទស្សនវិជ្ជាសង្គ្រាមមនោសញ្ចេតនា (Stoicism), សេណេកា (Seneca) និយាយថា សេរីភាព កើតមានតែចំពោះបុគ្គលដែលមានសេចក្តីក្លាហានប៉ុណ្ណោះ។ តើអ្នកប្រាជ្ញអេស្បាញដែលធ្លាប់បានទៅសិក្សានៅទីក្រុងរ៉ូម ចង់សំដៅអត្ថន័យនេះថាយ៉ាងម៉េច?

សេចក្តីក្លាហាន វាគឺជាគុណធម៌មួយ និងជាអំណាចបារមីម្យ៉ាង ដ្បិតបើអ្នកណាដែលមានសេចក្តីក្លាហាន គឺតែងតែទៅមុខជាប់ជានិច្ច។ មនុស្សមានចំណេះដឹងដូចគ្នា និងមានចំណេះដឹងប្រហាក់ប្រហែលគ្នា តែបើមាននរណាម្នាក់ខ្វះសេចក្តីក្លាហាន គឺចាញ់ដៃគូម្នាក់ទៀតដែលមានសេចក្តីក្លាហាន។ មនុស្សល្ងង់ ចេះតែក្លាហានគ្រប់ពេល តែមនុស្សឆ្លាតដឹងពេលធ្វើកំសាក និងដឹងពេលដែលត្រូវតែក្លាហាន បើទោះបីជាត្រូវស្លាប់ក៏ដោយ។

ទស្សនវិទូក្រិច ប្លាតុង និយាយថា ភាពក្លាហាន គឺជាការដឹងនូវអ្វីដែលយើងមិនគួរខ្លាច។ នេះមានន័យថាត្រូវក្លាហានដោយបញ្ញា និងក្លាហានស្របនឹងសច្ចភាព។ មនុស្សអវិជ្ជាក្លាហានក្នុងកាលៈទេសៈគ្រោះថ្នាក់ វាគឺជាភាពល្ងង់ខ្លៅ។ ប៉ុន្តែមនុស្សមានបញ្ញាក្លាហានសំដៅទៅរកគ្រោះថ្នាក់ វាគឺជាការលះបង់មួយ។ ចំណេះដឹងក្តី ភាពរឹងមាំក្នុងជីវិតក្តី ឬជោគជ័យក្តី គឺវាមិនអាចកើតឡើងដោយចៃដន្យបានឡើយ។ ខ្ញុំរស់នៅមិនបានច្រើនឆ្នាំដូចមនុស្សដែលចាស់ជាងខ្ញុំ តែខ្ញុំហ៊ានអះអាងថា ជីវិត គឺវាលំបាកខ្លាំងណាស់ តែវាមិនមែនលំបាករហូតដល់យើងមិនអាចដើរទៅមុខបាននោះឡើយ

មនុស្សដែលមានលក្ខណៈជាបុគ្គលចម្រើននិយម ពេលឈឺក៏ត្រូវតែទៅមុខ ពេលទុក្ខក៏ត្រូវតែទៅមុខ ពេលសុខក៏ត្រូវតែទៅមុខ ពេលសប្បាយក៏ត្រូវតែទៅមុខ។ ទុក្ខធំ សប្បាយខ្លាំង វាមិនសំខាន់ឡើយ តែអ្វីដែលសំខាន់ គឺទៅមុខជានិច្ច។ មនុស្សត្រូវចេះក្លាហានដើរទៅមុខ ក្លាហានប្រឹងប្រែង កុំត្អូញត្អែរបណ្តែតអារម្មណ៍លន្លង់លន្លោចជ្រុលពេក ដ្បិតវាបើមានលក្ខណៈបែបនេះ ជីវិតនឹងគ្មានលទ្ធផលឡើយ។ ដឹងរឿងត្រូវធ្វើមុន ដឹងរឿងត្រូវធ្វើតាមក្រោយ តែកុំបណ្តោយខ្លួនពេក។ ជីវិត គឺជាការលះបង់ជីវិត ដើម្បីឱ្យខ្លួនមានជីវិតបន្តទៀត។ នេះហៅថាស្លាប់ដើម្បីរស់, ប្រឹងដើម្បីល្អ, ក្រដើម្បីមាន, បំពាននឹងរឿងអាក្រក់ដើម្បីរឿងល្អ, ប្រឹងបន្តជាមួយនឹងសេចក្តីក្លាហាន។ គ្មាននរណាម្នាក់ស្លាប់ដោយសារតែការប្រឹងប្រែងឡើយ។ អ្នកខ្លាំងក្នុងលោកទាំងអស់ សុទ្ធតែយកជីវិតមកប្តូរ ទើបរស់នៅបាន មានឈ្មោះជាគំរូមនុស្សទូទៅបាន៕

He who is brave is free. Seneca

Cr. ប្រតិទិនទស្សន

No comments:

Post a Comment