១៤.សិស្សឯកលោកសញ្ជ័យ

ឯក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋ បន្ទាប់ពីបង្រ្កាបប្រាបប្រាមពួកនិគ្រន្ថបានក្នុងវិប្រតិការហើយ កិត្តិយសឈ្មោះ សម្លេងរបស់ព្រះរេវត្តត្ថេរក៏ល្បឺរន្ទឺឮខ្ចរខ្ចាយទៅពាសពេញរាជធានីនិងតាមភូមិ ឃុំ និគម ជនបទក្បែរខាង ញ៉ាំងសេចក្តីច្រណែននិន្ទាឈ្នានីសនិងអាឃាតព្យាបាទឲ្យកើតដល់ពួកអ្នកបួសក្រៅព្រះពុទ្ធសាសនា ជាច្រើនពួក ក្នុងចំណោមអ្នកបួសទាំងនោះ សាស្តាសញ្ជ័យវេលដ្ឋបុត្រដែលធ្លាប់ជាគ្រូរបស់ព្រះសារីបុត្រ និង ព្រះមោគ្គល្លាន មើលទៅហាក់ដូចជាមានសេចក្តីច្រណែនឫស្សាច្រើនជាងសាស្តាដទៃពីព្រោះថា លោកមានកំហឹងកំហល់តាំងពីដំបូងម្លេះ ដែលលោកត្រូវបាត់បង់សាវ័ក សំខាន់ ២ អង្គឲ្យដល់ព្រះសមណគោតម  ប៉ុន្តែបុញ្ញាធិការរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ធំធេងជាងលោកច្រើនណាស់ លោកទើបទប់សង្កត់ចិត្តស្ថិតនៅក្នុងសន្តាការរហូតមក  រហូតមកដល់ឥឡូវនេះ ហេតុការណ៍សោកាបានកើតឡើងដល់ព្រះពុទ្ធសាសនាហើយ ព្រោះទង្វើរបស់ព្រះទេវទត្ត ធ្វើឲ្យស្ថានភាពរបស់ព្រះពុទ្ធសាសនាក្នុងដែនមគធៈញាប់ញ័ររញ្ជួយ លោកសញ្ជ័យទើបឆក់ឱកាសសមគួរនេះ ជម្រះបញ្ជីគំនុំសត្រូវចាស់នេះម្តង ដំណឹងបរាជ័យរបស់ពួកនិគ្រន្ថចំពោះ ភិក្ខុសាវ័ករបស់ព្រះសមណគោតម ប្រៀបដូចជាប្រេងដែលបាចផ្សាចទៅលើគំនរភ្លើងនៃគំនុំរបស់លោក លោកស្ទើរតែប្រកាសតស៊ូសម្តីថ្វីមាត់ជាមួយនឹងព្រះរេវត្តៈដោយខ្លួនឯង ប៉ុន្តែត្រូវពួកសាវ័កហាមឃាត់
"កុំឡើយ ! លោកគ្រូ ! លោកគ្រូឋានៈដល់ទៅសាស្តាមេលទ្ធិ មានឋានៈនិងកិត្តិយសស្មើនឹងព្រះសមណគោតម គ្រប់យ៉ាង លោកគ្រួគួរតែតស៊ូសម្តីជាមួយនឹងព្រះសមណគោតមទើបត្រឹមត្រូវ បើលោកគ្រូបន្ទួន់បន្ទាប កិត្តិយសទៅតស៊ូសម្តីជាមួយនឹងសាវ័កតូចតាចរបស់ព្រះសមណគោតម ស្មើនឹងព្រមយកមាសទៅដូរយកស្ពាន់ដែលមិនសមគ្នាឡើយ ម្យ៉ាងទៀត ឥឡូវនេះ លោកគ្រូក៏ស្ថិតនៅក្នុងវ័យជរាភាពហើយ សូមកុំលំបាកទៅតស៊ូសម្តីជាមួយនឹងមនុស្សកម្លោះឡើយ  សូមឲ្យជាកាតព្វកិច្ចរបស់ពួកសិស្សរបស់លោកគ្រូចុះ"
សាស្តាសញ្ជ័យយល់ស្រប នឹងសម្នើរបស់សិស្សភ្លាម ព្រោះតាមសភាពពិត លោកក៏នឹកខ្លាចញញើតចំពោះសម្តីថ្វីមាត់របស់ព្រះរេវត្តៈខ្លះដែរ ព្រោះការដែលភិក្ខុរូបនេះអាចយកឈ្នះវីរសីហៈនិងតិត្ថបាលសាវ័កកំពូលឆ្នើម របស់ព្រះមហាវីរៈបាន   សម្តែងឲ្យឃើញថា គេមានប្រពលភាពក្លៀវក្លាក្នុងព្យត្តវោហារអភិប្រាយមែន បើលោកសញ្ជ័យទៅតស៊ូសម្តីដោយខ្លួនឯង ជួនកាលអាចចាលចាញ់ក៏បាន ហើយប្រសិនបើលោកចាញចាញ់ នឹងជាការនាំយកហាយនភាពមកកាន់គណៈទាំងស្រុង ព្រោះថាឋានៈដល់ទៅសាស្តាមេលទ្ធិហើយ ក៏នៅចាលចាញ់ចំពោះសាវ័កតូចតាចរបស់ព្រះសមណគោតមបាន លទ្ធិរបស់លោកនឹងដល់អវសានកាលយ៉ាងពិតប្រាកដ ប៉ុន្តែបើលោកប្រើឲ្យសាវ័កណាមួយទៅតស៊ូសម្តីជំនួស  ទោះបីចាញ់ក៏មិនប៉ះទង្គិចដល់គណៈដែរ គិតឃើញដូច្នេះហើយ លោកក៏បញ្ជាឲ្យប្រជុំសាវ័ក ជ្រើសរើសអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងសាវ័ករបស់ព្រះសមណគោតម។  
បន្ទាប់ពីពិចារណាជ្រើសរើសយ៉ាងផ្ចិតផ្ចង់ អស់ពេលជាយូរមក សម្លេងភាគច្រើនក៏យល់ស្របឲ្យសាវ័កកម្លោះ ១ រូប ឈ្មោះថា សុរមេធ ជាអ្នកតំណាងចូលទៅ    តស៊ូមតិជាមួយនឹងភាគីពុទ្ធបរិស័ទ សុរមេធជាបុត្ររបស់ព្រាហ្មណ៍មហាសាលម្នាក់ក្នុងក្រុងរាជគ្រឹះ បញ្ចប់ការសិក្សាមកពីសម្នាក់អាចារ្យទិសាបាមោក្ខនៃក្រុងតក្កសិលា ក្រោយពីត្រឡប់មកពីក្រុងតក្កសិលាដល់ស្រុកកំណើតវិញ គេចាប់ចិត្តដិតអារម្មណ៍ក្នុងការសិក្សាលទ្ធិសាសនាផ្សេងៗអស់ពេលជាយូរ ប៉ុន្តែមិនពេញចិត្តចំពោះលទ្ធិសាសនាណានីមួយទេ ចំណេរកាលតមក គេបានស្គាល់លទ្ធិសាសនារបស់សញ្ជ័យនិងពេញចិត្តជាខ្លាំង ទើបសុខចិត្តប្រគល់កាយថ្វាយខ្លួនជាសិស្ស ពហុស្សុតភាពនិងព្យត្តភាពក្លៀវក្លាក្នុងសម្តីវោហាររបស់គេ ធ្វើឲ្យគេក្លាយជាសាវ័កឆ្នើមរបស់លោកសញ្ជ័យ និងជាទីគោរពកោតក្រែងយ៉ាងខ្ពស់ខ្ពស់របស់សាវ័កទូទៅសូម្បីបើគេនៅមានអាយុតិចក៏ដោយ ។
កាលបើជ្រើសរើសអ្នកតំណាង ដែលសមរម្យបានហើយ  លោកសញ្ជ័យវេលដ្ឋបុត្រក៏បញ្ជូនទូតមកចរចា បបួលតស៊ូមតិជាមួយនឹងព្រះរេវត្តៈភ្លាម ចំណែកខាងព្រះ រេវត្តៈនិងពុទ្ធបរិស័ទដែលជ្រាបដំណឹងមកពីមុន ហើយក៏យល់ព្រមទទួលភ្លាម ប៉ុន្តែមានលក្ខខណ្ឌថា សូមឲ្យភាគីសញ្ជ័យមកតស៊ូសម្តីឯព្រះវេឡុវនារាម ភាគីសញ្ជ័យក៏មិនជំទាស់នឹងសម្នើនេះដែរ ព្រោះជឿជាក់ចំពោះសតិបញ្ញារបស់អ្នកតំណាងខាងខ្លួនថា តស៊ូមតិនៅទីកន្លែងណាក៏អាចយកជ័យជម្នះបានដែរ នៅពេលយល់ព្រមថ្ងៃវេលាតស៊ូមតិគ្នាហើយ ក៏មានការវាយស្គរស្រែកប្រកាសទូទាំងក្រុងរាជគ្រឹះថា សុរមេធអ្នកតំណាងភាគីសញ្ជ័យនឹងតស៊ូមតិជាមួយនឹងព្រះរេវត្តៈ អ្នកតំណាងភាគីពុទ្ធបរិស័ទឯព្រះវេឡុវនារាមក្នុងថ្ងៃនោះ វេលានោះ ប្រជាជនបានស្តាប់ឮសេចក្តីប្រកាសនោះ ហើយក៏រំភើបអ៊ូអរ រង់ចាំថ្ងៃតស៊ូសម្តីដោយសេចក្តីអន្ទះសាខ្វារក ។
នៅទីបំផុត ថ្ងៃដ៏សម្លាក់សំខាន់នោះក៏មកដល់ ធម្មសាលាដ៏ធំល្វឹងល្វើយរបស់ព្រះវេឡុវនារាមត្រូវណែនណាន់ តាន់តាប់ដោយអ្នកបួសគ្រប់លទ្ធិសាសនានិងប្រជាជនគ្រប់វណ្ណៈ ដែលហៀរកកកុញទៅអង្គុយតាមម្លប់ឈើជុំវិញធម្មសាលាជាច្រើនទៀត ។
លុះដល់ពេលវេលាហើយ ព្រះរេវត្តត្ថេរៈក៏ឈានឡើងកាន់ធម្មាសនៈប្រឈមមុខនឹងកម្លោះសុរមេធ ដោយការយល់ព្រមរបស់ភាគីទាំងសងខាង ទេវមិត្តឧបាសកបានធ្វើមុខងារជាប្រធានក្នុងការតស៊ូសម្តីនៅថ្ងៃនោះ ប៉ុន្តែកតិកាផ្សេងៗរក្សាទុកជាសណ្តាប់ដូចដែលធ្លាប់ធ្វើមកហើយក្នុងគ្រាដែលតស៊ូសម្តីជាមួយនឹងពួកនិគ្រន្ថ ក្នុង  ឋានៈព្រះរេវត្តៈជាម្ចាស់ទីកន្លែង ទើបបានទទួលកិត្តិយសឲ្យជាអ្នកចោទសួរសំណួរមុន ។
"សុរមេធអ្នកមានអាយុ!" ព្រះថេរៈមានថេរដីកាឡើងបន្ទាប់ពីប្រធានពោលណែនាំខ្លួនចប់ហើយ "ជាបឋម ខ្ញុំកូរណាសូមសារភាពចំពោះលោកតាមសេចក្តីពិតថា ខ្ញុំកូរណាមានចំណេះដឹងអំពីលទ្ធិរបស់លោកតិចណាស់ ហេតុនោះ ការតស៊ូសម្តីនៅថ្ងៃនេះទើបជាឱកាសល្អដែលខ្ញុំរៀនសូធ្យអំពីលទ្ធិរបស់លោកផង តាមដែលខ្ញុំកូរណាបានស្តាប់ឮមកដឹងថា លទ្ធិរបស់លោកជា អញេយ្យវាទ គឺ ប្រកាន់ថា សេចក្តីពិតជាអ្វីដែលមនុស្សមិនអាចដឹងបាន មែនទេ?"
"មែន លោកម្ចាស់ ! " សុរមេធឆ្លើយតប "សេចក្តីពិតជាអ្វីដែលមនុស្សមិនអាចដឹងបានទេ អ្វីដែលមនុស្សដឹងបានមិនមែនជាសេចក្តីពិតទេ លោកល្មមយល់ខ្លះទេ?"
"ខ្ញុំកូរណាមិនយល់ទេ" ព្រះថេរៈឆ្លើយតប "គិតថា លទ្ធិរបស់លោកមានអាថ៌ សេចក្តីល្អិតល្អន់ណាស់ និងខុសប្លែកពីលទ្ធិដទៃស្ទើរតែផ្ទុយគ្នាស្រឡះ ព្រោះលទ្ធិដទៃប្រកាន់ថា សេចក្តីពិតជាអ្វីដែលមនុស្សអាចដឹងបាន"
"ប្រពៃណាស់ លោកម្ចាស់ ! "សុរមេធនិយាយនិងញញឹមដោយសេចក្តីសង្ឃឹម "សូម្បីតែសាសនារបស់លោកម្ចាស់ក៏ចាត់ទុកថា សេចក្តីពិតជាអ្វីដែលមនុស្សអាចដឹងបានមែនទេ?"
"មែន" ព្រះថេរៈឆ្លើយតប "ហើយយើងប្រកាន់ថា ការដឹងសេចក្តីពិតជាគោលសំខាន់បំផុតក្នុងសាសនារបស់យើង"
"ខ្ញុំកណាចង់ឲ្យលោកអះអាងសេចក្តីពិតណាមួយ ដែលលោកជឿជាក់ពិតប្រាកដដល់ខ្ញុំកណា សូមលើកឧទាហរណ៍សេចក្តីពិតងាយស្រួលណាមួយដែលអ្នកផងល្មមយល់បាន"
ព្រះថេរៈអង្គុយទ្រឹងគិតជញ្ចឹងមួយស្របក់ ហើយចាប់យកជាយចីពររបស់ខ្លួនឡើងមកបង្ហាញនៅចំពោះមុខ ហើយសួរថា
"លោកអ្នកមានអាយុ ! តើសំពត់នេះពណ៌អ្វី?"
"សំពត់នោះពណ៌អ្វីពិតប្រាកដខ្ញុំកណាមិនដឹងទេ "សុរមេធឆ្លើយតបយ៉ាងម៉ិតប្រាយតាមលទ្ធិរបស់ខ្លួនយ៉ាងប្រិតប្រៀង "គ្មានផ្លូវណាដែលខ្ញុំកណាដឹងបានថា ពណ៌ពិតប្រាកដរបស់សំពត់នោះ គឺ អ្វីទេ"
ចម្លើយដ៏ប្រកបដោយកលល្បិចរបស់គេ ធ្វើឲ្យពួកសាវ័កសញ្ជ័យពេញចិត្តជាខ្លាំង ប៉ុន្តែនៅពេលជាមួយគ្នានោះ ក៏ធ្វើឲ្យពុទ្ធបរិស័ទកើតអាការស្អុះស្អាប់រសាប់រសល់ចិត្តយ៉ាងខ្លាំង គិតថា សុរមេធនេះជាអ្នកប៉ិនសម្តីថ្វីមាត់ ប្រកបដោយល្បិចស្នៀតដែលមិនងាយនឹងយកឈ្នះបានទេ
"លោកឆ្លើយតបបានល្អណាស់ សុរមេធ!" ព្រះថេរៈពោលសរសើរ "ណ្ហើយចុះ ទោះបីលោកមិនដឹងថា ពណ៌ពិតប្រាកដរបស់សំពត់នោះ គឺ អ្វីក៏ដោយ ខ្ញុំកូរណាក៏ជឿថា លោកប្រាកដជាឃើញសំពត់នេះមិនខាន ព្រោះលោកមានភ្នែកល្អទាំងគូទោះពណ៌របស់សំពត់នេះជាអ្វីក៏ដោយ មុខជាប្រាកដដល់ក្រសែភ្នែករបស់លោកយ៉ាងពិតប្រាកដ ខ្ញុំកូរណាមិនចង់ដឹងពណ៌ពិតប្រាកដរបស់សំពត់នេះទេ ប៉ុន្តែគ្រាន់តែចង់ដឹងឈ្មោះរបស់ ពណ៌តាមដែលប្រាកដដល់ក្រសែភ្នែករបស់លោកនៅពេលនេះប៉ុណ្ណោះ ប៉ុន្តែណ្ហើយចុះ ! បើលោកមិនចង់ឆ្លើយតបទេ ខ្ញុំកូរណាសូមសាកសួរអ្នកដទៃលមើលសិន" ព្រះថេរៈលើកជាយចីពរទៅកាន់ប្រជាជនអ្នកស្តាប់ ហើយសួរថា
"ពណ៌តាមដែលប្រាកដដល់ក្រសែភ្នែករបស់លោក នៅពេលនេះ គឺ ពណ៌អ្វី?"
"ពណ៌លឿងស្លាទុំ" ឧបាសកពីរបីនាក់ឆ្លើយតបឡើងព្រមគ្នា
ព្រះថេរៈបានងាកទៅខាងសុរមេធហើយ សួរឡើងដោយសំណួរដូចគ្នានេះថា
"ពណ៌តាមដែលប្រាកដដល់ក្រសែភ្នែករបស់លោក នៅពេលនេះ គឺ ពណ៌អ្វី?"
"ខ្ញុំកណាមិនដឹងទេ" សុរមេធឆ្លើយអះអាងដូចដើមដដែល "ទោះបីអ្នកដទៃឆ្លើយតបថា ពណ៌លឿងស្លាទុំ ក៏ដោយ ក៏គ្រាន់តែជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនប៉ុណ្ណោះ បើលោកយកឲ្យអ្នកដទៃមើល អាចមានអ្នកខ្លះឃើញជាពណ៌ខ្មៅ ពណ៌ក្រហម ពណ៌លឿងសុទ្ធនិងពណ៌ដទៃទៀតក៏បាន បើលោកយកឲ្យសេះមើល សេះអាចឃើញជាពណ៌ផ្សេង ក្របីអាចឃើញជាពណ៌ផ្សេង គោអាចឃើញជាពណ៌ផ្សេង ពពែអាចឃើញជាពណ៌ផ្សេង កាលបើដូច្នេះ គ្មានអ្នកណាដឹងបានថា ពណ៌ពិតប្រាកដរបស់វា គឺ អ្វីទេ ព្រោះហេតុនោះបានជាខ្ញុំកណាឆ្លើយប្រាប់លោកថា មិនដឹងទេ" 
ចម្លើយឆ្លើយតបដ៏ប្រាជ្ញប្រាយ ប្រកបដោយសេចក្តីប្រុងប្រយ័ត្នខ្ពស់របស់សុរមេធដល់ថ្នាក់ធ្វើឲ្យព្រះរេវត្តត្ថេរ ភីងភាំងស្រឡាំងកាំងភ្លាម ព្រះថេរៈចាប់ផ្តើមមើលឃើញថា សុរមេធជាគូតស៊ូដែលមិនងាយយកឈ្នះបានដូចយ៉ាងពួកនិគ្រន្ថទេ ព្រះថេរៈគិតថា ជួនកាលឧទាហរណ៍ជាយចីពរដែលលោកលើកយកមកចោទសួរនោះអាចជាឧទាហរណ៍មិនសម មានចន្លោះប្រហោងសម្រាប់ឲ្យគូតស៊ូគេចវេះបាន ដូច្នេះ ដើម្បីឲ្យឧទាហរណ៍រឹតរឹងសម្រាប់ចងឆ្វាក់ប្រទាក់គូតស៊ូឲ្យតឹងរឹងឡើង ព្រះថេរៈទើបសួរថា
"លោកសុរមេធ ! ការដែលលោកបដិសេធថា មិនស្គាល់ពណ៌របស់ជាយចីពរនោះ ចាត់ទុកថាត្រឹមត្រូវហើយ ប៉ុន្តែលោកមុខជានឹងទទួលស្គាល់ថា មានបុរសឈ្មោះសុរមេធជាសាវ័កល្បីឈ្មោះរបស់សញ្ជ័យទាំងពេលនេះ កំពុងតែអង្គុយលើធម្មាសនៈនិងសន្ទនាជាមួយនឹងខ្ញុំកូរណា តើលោកហ៊ានបដិសេធខ្លួនឯងឬទេ?"
"ខ្ញុំកណាមិនបដិសេធប៉ុន្តែក៏មិនទទួល ខ្ញុំកណាមិនដឹងថាខ្លួនឯងមានឬមិនមានទេ ! " ចម្លើយឆ្លើយតបរបស់សុរមេធធ្វើឲ្យប្រជាជនសើចគឹលឡើងដោយរន្តិភាព ប៉ុន្តែក៏មានប្រជាជនខ្លះ ដែលមិនពេញចិត្តចំពោះចម្លើយរបស់គេដែរ ព្រោះយល់ឃើញថា គេលេងសម្តីដើម្បីដឹកនាំឲ្យគូតស៊ូច្រឡោតច្រើនជាងនឹងត្រូវការសន្ទនាឆ្លើយតបគ្នាយ៉ាងមានសារៈសំខាន់ ។
"សរុបសេចក្តីថា លោកមិនដឹងថា ខ្លួនលោកគឺជាអ្នកណា?" ព្រះថេរៈសង្កត់សួរម្តងទៀត
"ខ្ញុំកណាមិនដឹងថា ខ្ញុំកណានេះជាអ្វីឲ្យពិតប្រាកដទេ សម្រាប់មនុស្សដទៃ ខ្ញុំ  កណាអាចជាយុវជន ឈ្មោះថា សុរមេធ ជាសាវ័ករបស់សាស្តាសញ្ជ័យ ប៉ុន្តែសម្រាប់អ្នកផ្សេងៗទៀត ឬសត្វដទៃទៀត អាចមើលឃើញខ្ញុំកណានេះជាអ្វីដទៃផ្សេងទៀតក៏បាន ហេតុនេះបានជាខ្ញុំកណាមិនដឹងថា ខ្លួនខ្ញុំកណានេះជាអ្វីឲ្យពិតប្រាកដទេ កាលពីខ្ញុំកណានៅក្មេង ខ្ញុំកណាធ្លាប់ដេកយល់សប្តិថា ខ្ញុំកណានេះជាបក្សីទំលើដើមឈើ ហើរឆ្វាត់ឆ្វែលទៅមកឭដ៏អាកាស ជាមួយនឹងបក្សាបក្សីដទៃទៀតយ៉ាងសុខក្សេមក្សាន្ត ចឹកស៊ីផ្លែឈើលើដើមឈើ និងស្រែកច្រៀងយ៉ាងសប្បាយរីករាយ នៅពេលនោះ ខ្ញុំកណាគ្មានធ្យានគំនិតគិតបន្តិចថា ខ្លួនខ្ញុំកណានេះជាមនុស្សទេ លុះខ្ញុំកណាភ្ញាក់ដឹងខ្លួនឡើង ទើបមិនដឹងថា ខ្លួនឯងជាអ្វីឲ្យពិតប្រាកដទេ អាចជាបក្សីដែលកំពុងតែយល់សប្តិ ថាខ្លួនឯងជាមនុស្សក៏បាន"
បដិវាទនិងឧបមាកថា ដ៏ស្រួចស្រាល់របស់សុរមេធធ្វើឲ្យប្រជាជនទះដៃ ស្ងើចសរសើរឮទ្រហឹងអឺងកងពេញទាំងអារាម ពួកសាវ័ករបស់សញ្ជ័យម្នាក់ៗ ងាកទៅសម្លឹងមើលមុខគ្នាយ៉ាងញញឹមញញែមដោយសេចក្តីសង្ឃឹម ផ្ទុយស្រឡះនឹងពុទ្ធបរិស័ទដែលសម្លឹងមើលអ្នកតំណាងខាងខ្លួនដោយទឹកមុខសម្តែងកង្វល់ខ្វល់ព្រួយយ៉ាងខ្លាំង ។




No comments:

Post a Comment