១.និគ្រន្ថរំជើបរំជួល

នៅទីបំផុត សុខសន្តិភាពដែលអ្នកផងទាំងពួងនឹកស្រមើស្រមៃដល់ក៏វិលត្រឡប់មកកាន់មគធរដ្ឋវិញ ទីក្រុងរាជគ្រឹះដែលស្ងួតស្ងប់សញ្ជប់សញ្ជឹងមួយរយៈកាលកន្លងមកបានប្រែក្លាយទៅជាទីក្រុងដែលមាន
ជីវិតមមាញឹកគគ្រឹកគគ្រេងផ្លូវថ្នល់និងរានផ្សារត្រៀបត្រាដេរដាសទៅដោយឈ្មួញដង្ខៅជននិករពីសាមន្តរដ្ឋ
ជិតឆ្ងាយ អារាមជាទីមនោរម្យ និង  ទេវាល័យក៏ច្រើនថ្តែថ្តកពពាក់ពពូនដោយសមណជីព្រាហ្មណ៍នៃលទ្ធិសាសនាផ្សេងៗសូម្បីតែសត្វកង្ហែន
ក្នុងព្រះវេឡុវនារាមក៏មើលទៅមានកិរិយាអាការឡើងចិត្តឡើងចាងក្រអេងក្រអាង រត់ប្រសេចប្រសាចទៅមកលើមែកឫស្សីដែលលាស់សន្លឹកខៀវខ្ចីត្រសុំត្រសូល ត្បិតថា ឥឡូវនេះវស្សានរដូវបានចាប់ផ្តើមហើយ  រាល់ៗសាយណ្ហសម័យតែងមានមេឃបិណ្ឌធំ   មហិមាតាំងផ្តើមពពកមេឃបុប្ផាឡើងឯមេឃមណ្ឌលប៉ែកបច្ឆិមទិសហើយក៏គោចរគ្រឿនៗទៅឰដ៏ដែន
នភាល័យបង្អុរចែកចាយឧទកធារានៃមេឃបុប្ផាដ៏ត្រជាក់ត្រជុំដល់ផែនពសុធាទូទាំងមគធរដ្ឋ ពពួករុក្ខជាតិនិងតិណជាតិដែលស្វិតស្រពោនរហូតគិម្ហរដូវកន្លងមកបានចាប់ផ្តើមលាស់សន្លឹកល្បាស់ខ្ចី
សំពោងព្រោងព្រាតពាសពេញដើមនិងពាសពេញក្សេត្រភូមិ ហ្វូងបសុសត្វដែលស្រេកឃ្លានអាហារ ស្គាំងស្គមរដេមរដមអស់ពេលជាយូរ ក៏ធាត់ធំទ្រលន់ទ្រលុក ព្រមនឹងជួយមនុស្សអូសនង្គ័លរនាស់ក្នុងវាលស្រែ គ្មានទស្សនីយភាពណានាំសេចក្តីសុខសាន្តក្សាន្តចិត្តដល់ទស្សនករបានល្អជាងទស្សនីយភាពនៃហ្វូងគោ
ធំឈរបិចតិណជាតិស៊ីយ៉ាងស្ងប់ក្នុងវាលស្រែខៀវស្រងាត់ មានភ្នំពណ៌ខៀវចាស់នៃទីក្រុងរាជគ្រឹះនិងប៉ុយពពកពណ៌សជាឆាកបាំងខាងក្រោយ ហើយគ្មានរដូលកាលណាក្នុងខួបឆ្នាំនាំសេចក្តីសុខផ្លូវចិត្តដល់ប្រជាជនមគធរដ្ឋបានល្អជាងដើមវស្សានរដូវ
នេះទេ ។
ទោះបីបើប្រជាជនភាគច្រើននៅស្រឡាញ់ផ្តេកផ្តិតព្រះរាជាធិបតីនិងស្អប់ខ្ពើមរអើមមុខព្រះបាទអជាតសត្តុក៏ដោយ សេចក្តីស្រឡាញ់និងសម្អប់នោះក៏ថមថយខ្សោយកម្លាំងទៅរាល់ថ្ងៃតាមគោលការណ៍មិនទៀងទាត់នៃសង្ខារ ព្រោះយ៉ាងណាក៏ដោយ ព្រះរាជាធិបតីដែលហាក់បីដូចជាម្លប់ពោធិ៍របស់អាណាប្រជារាស្រ្ត ក៏បានសោយទិវង្គតទៅហើយ ទោះបីនៅស្រឡាញ់ឬយំខ្សឹកខ្សួលរហូតដល់ទឹកភ្នែកក្លាយជាឈាមក៏ដោយ ព្រះអង្គក៏មិនអាចមានជីវិតរស់ឡើងវិញបានទេ ចំណែកឯព្រះបាទអជាតសត្តុវិញបើទុកជាប្រព្រឹត្តបិតុឃាត ដែលជាអនន្តរិយកម្មក៏ដោយ ប៉ុន្តែនៅពេលក្រោយមកក៏ទ្រង់ស្មារលាទោសកំហុស កើតវិប្បដិសារីក្តៅក្រហាយស្តាយក្រោយព្រោះភ្លើងនៃបាបកម្ម ខ្វល់ខ្វាយធ្វើកុលសកម្មមានប្រការផ្សេង ៗ ដើម្បីទូទាត់លាត់សើយបាបកម្មរបស់ខ្លួន មហាជនមើលទៅក៏ហាក់នឹងថាយល់ចិត្តអាណិតអាសូរហើយក៏ឲ្យអភ័យទោស ។
ចំណែកខាងព្រះរេវត្តត្ថេរៈនៅពេលបានសម្រាកសម្រាន្តឥរិយាបថនៅឯព្រះវេឡុវនារាមរហូតដល់ស្កប់បំណងហើយ ក៏ត្រៀមខ្លួននឹងលាកលាសហធម្មិកនិងឧបាសកឧបាសិកាចេញចរចារិកទៅតាមដែលផ្គងបំណងទុក ប៉ុន្តែក៏ស្រាប់តែមានហេតុការណ៍អាក្រក់មួយកើតឡើងក្នុងក្រុងរាជគ្រឹះដែលហាក់ដូចជាឧបសគ្គ មកបន្ទច់បង្អាក់លោកមិនឲ្យរួសរាន់ចេញពីព្រះវេឡុវ័ននិងក្រុងរាជគ្រឹះទៅ ពោលគឺ ពួកនិគ្រន្ថតិរ្ថិយមេលទ្ធិដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពដុនដាបអាប់រស្មីមកយូរព្រោះចាលចាញ់ពុទ្ធបារមីបាន
ឆ្លៀតឱកាសយក ការរបែកបាក់រចែករចោករបស់សង្ឃជាលេសសំអាងឃោសនាបង្កាច់បង្ខូច ប៉ុនប៉ងបំផ្លិចបំផ្លាញព្រះធម្មវិន័យ និងពុទ្ធបរិស័ទឲ្យហិនហោចរលត់រលាយពាយពីជម្ពូទ្វីប
  "លោកអ្នកទាំងឡាយអើយ ! " ពួកតិរ្ថិយប្រកូកប្រកាសទូទាំងទីក្រុងរាជគ្រឹះ
"ប្រសិនបើព្រះសមណគោត្តម ពេញជាល្អមាសសុទ្ធពិតមែន ហេតុដូចម្តេចបានជាមិនអាចទូន្មានប្រៀនប្រដៅព្រះទេវទត្តដែលជាសាវ័កនិងញាតិជិតរបស់ខ្លួនឯងឲ្យ
ជាមនុស្សល្អបាន? បើលទ្ធិរបស់ព្រះសមណគោត្តមពិតជាល្អមាសទឹកដប់មែន ហេតុអ្វីបានជាមិនអាចបង្វែរចិត្តគម្រក់ថោកទាបរបស់ព្រះទេវទត្តដែលបួសមកយូរឲ្យត្រឡប់ទៅជាចិត្តល្អបាន? មិនមែនព្រោះព្រះទេវទត្តទេឬដែលដឹកនាំព្រះយុវរាជអជាតសត្តុឲ្យចាប់ព្រះរាជបិតាធ្វើគុតនិងនាំគ្រោះមហន្តរាយ
មកកាន់មគធរដ្ឋ? ចុះព្រះទេវទត្តនោះជាអ្នកណា? បើមិនមែនជាសាវ័កជំនិតដែលទទួលបព្វជ្ជានិងឧបសម្ប័ទពីសម្នាក់ព្រះសមណគោត្តមដោយផ្ទាល់ទេ? តើលោកអ្នកទាំងឡាយនៅវង្វេងងប់ងុលជឿព្រះសមណគោត្តទៀតឬ?" ។
០០០០០០០០០
ការឃោសនារបស់ពួកអ្នកបួសពាហិរសាសនាបណ្តាលឲ្យសាវ័ករបស់ពួកគេរំជើបរំជួលឡើង ធ្វើឲ្យប្រជាជនដែលនៅជាកណ្តាលទោរទេរជ្រេទៅតាម ហើយធ្វើឲ្យពុទ្ធបរិស័ទដែលមានសទ្ធារងីករងាកកើតសេចក្តីស្ទាក់ ស្ទើរសង្ស័យក្នុងព្រះរតនត្រ័យ ដំណឹងអាស្រូវដែលហូរចូលទៅប៉ះខ្ទប់សោតប្រសាទរាល់ៗថ្ងៃពីប្រភពផ្សេង ៗ ធ្វើឲ្យព្រះរេវត្តត្ថេរៈកើតសេចក្តីព្រែកចិត្តកន្ទះរាយ៉ាងខ្លាំង ចិត្តមួយចង់ប្រញាប់ភៀសចេញពីហេតុការណ៍ច្របូក ច្របល់វិលវល់ព្រោះអំណាចនៃសេចក្តីច្រណែនឈ្នានីសព្យាបាទនោះ ប៉ុន្តែចិត្តមួយទៀតចង់ស្ថិតនៅក្នុងក្រុង រាជគ្រឹះតទៅទៀត ដើម្បីជួយរិះរកវិធីកម្ចាត់កំចោករោកសត្រូវរបស់ព្រះធម្មវិន័យឲ្យអស់សិន ។
"និន្ទានិងសរសើរជាលោកធម៌មាននៅប្រចាំក្នុងលោកសព្វកាល" ព្រះថេរៈនឹករំពឹងនឹងខ្លួនឯង ខណៈដែលកំពុង គង់នៅលើគ្រែក្រោមម្លប់ឫស្សីនារសៀលថ្ងៃមួយ "ព្រះបរមសាស្តាត្រាស់ថាមនុស្សយើងកើតមកក្នុងលោកប្រៀបដូចជាដំរីសឹកដើរចូលសមរភូមិសង្គ្រាម ត្រូវតែស៊ូទ្រាំនឹងគ្រាប់ព្រួញដែលបច្ចាមិត្របាញ់ចេញមកពីទិសទាំង ៤ សាធុជនកាលបើត្រូវគេនិន្ទារិះគន់ មិនគួរខេខឹងក្រញ៉ើតក្រញ៉ាំងទេ គួរពិចារណាឲ្យបានគ្រប់ជ្រុង  ជ្រោយជាមុនថាពាក្យនិន្ទារិះគន់នោះជាសម្តីពិតឬជាសម្តីភូតភរ បើជាសម្តីពិត គួរអរគុណអ្នកនិន្ទារិះគន់នោះ ព្រោះគេមកចង្អុលប្រាប់យើងឲ្យមើលឃើញកម្ចោះថ្លោះធ្លោយរបស់យើង លុះឃើញហើយយើងក៏កែលម្អខ្លួនឯងឲ្យប្រសើរឡើង បើពាក្យនិន្ទារិះគន់នោះមិនមែនជាសម្តីពិតទេ ប៉ុន្តែជាសម្តីភូតភរដែលអ្នកនិន្ទារិះគន់នោះ ប្រឌិតឆ្នៃឡើងដោយអំណាចនៃអភិជ្ឈា ព្យាបាទ និង មិច្ឆាទិដ្ឋិ ក៏សម្តែងថា អ្នកនិន្ទារិះគន់នោះជាមនុស្សអន់ចរិត  ព្រោះគេលុះក្នុងអំណាចនៃកិលេស បើយើងខឹងក្រោធគេ ក៏ស្មើនឹងនាំខ្លួនឯងឲ្យអន់ចរិតដែរ ព្រោះមនុស្សយើងកំពុងតែស្ថិតនៅក្រោមឥទ្ធិពលនៃកិលេសដូចគ្នា ព្រោះហេតុនោះ មិនគួរយកអំណន់ចរិតរបស់យើងទៅប្រណាំងប្រជែងនឹងអំណន់ចរិតរបស់គេទេ វិធីល្អបំផុត គួរយកកុសលកម្មរបស់យើងឈ្នះបាបកម្មរបស់គេ ដោយសាងមេត្តាធម៌ឲ្យកើតឡើងក្នុងចិត្តហើយផ្សាយ មេត្តាធម៌នោះទៅឲ្យគេ យ៉ាងនេះទើបត្រឹមត្រូវតាមពុទ្ធោវាទជាង មួយវិញសោត អ្វីណាក៏ដោយឲ្យតែកើត ឡើងហើយ អ្វីៗនោះតែងរលត់ទៅវិញតាមកាលវេលា ពាក្យនិន្ទារិះគន់ណាតែងកើតឡើង ពាក្យនិន្ទារិះគន់នោះតែងរលត់ទៅវិញ គ្មានអ្នកណាមកអង្គុយនិន្ទារិះគន់អ្នកដទៃរហូតមួយជីវិតទេ" កាលបើគិតឃើញដូច្នេះហើយ ព្រះថេរៈក៏សម្រេចចិត្តថា នឹងមិនប្រកែកវីវែកជាមួយនឹងពួកនិគ្រន្ថតិរ្ថិយទេ លោកបានឲ្យឱវាទដល់ពុទ្ធបរិស័ទក្នុងក្រុងរាជគ្រឹះមិនឲ្យប្រកែកវែកញែកជាមួយនឹងពួកតិរ្ថិយទេ ឲ្យនៅស្ងៀមវ្ហោះវ្ហើយ ព្រោះជឿថា មិនយូរមិនឆាប់ ពួកតិរ្ថិយនឹងធុញទ្រាន់រងាន់ចិត្ត ស្ងប់ស្ងាត់បាត់ទៅដោយឯកឯង ។
ប៉ុន្តែហេតុការណ៍ខ្លះមិនបានប្រព្រឹត្តទៅតាមលំនឹកស្មានរបស់មនុស្សយើងទេ បើទុកជាលំនឹកស្មានប្រកបដោយធម៌ក៏ដោយ ចំណែកឯពួកនិគ្រន្ថតិរ្ថិយនៅពេលឃើញពុទ្ធបរិស័ទស្ងប់ស្ងៀមមិនឆ្លើយឆ្លងដូច្នោះ ក៏យល់ថាពុទ្ធបរិស័ទព្រមចុះចាញ់ និងព្រមទទួលយកចំណុចខ្សោយរបស់ខ្លួន ទើបឃោសនាបង្កាច់បង្ខូចយ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត លើសពីនោះទៀតថែមទាំងទ្រើសឃ្នងទ្រនង់ចិត្តដល់ថ្នាក់ប្រកាសទូទាំងក្រុងរាជគ្រឹះថា ប្រសិនបើភាគីពុទ្ធបរិស័ទនៅប្រកាន់ខ្ជាប់សទ្ធាក្នុងលទ្ធិរបស់ខ្លួននិងព្រះសមណគោត្តម សូមឲ្យបញ្ជូនភិក្ខុដែលស្ទាត់ស្ទាញជំនាញក្នុងព្រះធម្មវិន័យទៅតស៊ូមតិជាមួយនឹងភាគី
របស់ខ្លួនឯសម្នាក់និគ្រន្ថត្រង់ជើងភ្នំឧទ័យប៉ែកទិសបូព៌នៃក្រុងរាជគ្រឹះក្នុងកំលុង ៧ ថ្ងៃ នៅពេលគ្រប់កំណត់កាលហើយ ប្រសិនបើមិនបញ្ជូនភិក្ខុជាតំណាងទៅទេ ភាគីនិគ្រន្ថចាត់ទុកថា ភាគីពុទ្ធបរិស័ទព្រមចុះចាញ់យ៉ាងមូរនប បន្ទាប់ពីនោះ នឹងចាត់វិធានការតាមដំណើរដែលឃើញថាសមគួរតទៅ ។ 

០០០០០០០០០
គ្រាន់តែដឹងដំណឹងបបួលតស៊ូមតិរបស់និគ្រន្ថភ្លាម ទេវមិត្រឧបាសកក៏ប្រញាប់ទៅកាន់ព្រះវេឡុវនារាម ចូលទៅ រាយរាប់ហេតុការណ៍ដល់ព្រះរេវតត្ថេរៈ 
"បពិត្រព្រះតេជព្រះគុណជាទីគោរព ! តើព្រះតេជព្រះគុណបានដឹងដំណឹងពួកនិគ្រន្ថបបួលពុទ្ធបរិស័ទតស៊ូមតិហើយឬនៅ?"
"អាត្មាដឹងហើយ"ព្រះថេរៈឆ្លើយដោយទឹកដមសម្លេងធម្មតា
"ចុះព្រះតេជព្រះគុណគិតយ៉ាងណាដែរ?"ទេវមិត្រឆ្លើយដោយកិរិយាអាការមិនសប្បាយចិត្ត
"អាត្មាមិនគិតអ្វីច្រើនទេ"ព្រះថេរៈឆ្លើយ
ចម្លើយរបស់ព្រះថេរៈធ្វើឲ្យឧបាសកដែលមានកុសលចេតនាចំពោះព្រះសាសនាយ៉ាងស្មោះសកើតសេចក្តីភីងភាំង
អាំងឡាំងខ្លះ គាត់សម្លឹងមើលព្រះថេរៈដោយកន្ទុយភ្នែកសម្តែងវិមតិសង្ស័យអស់ពេលជាយូរ ហើយមានប្រសាសន៍ឡើងថា 
"ចុះព្រះតេជព្រះគុណបណ្តោយឲ្យពួកតិរ្ថិយឃោសនាបង្កាច់បង្កិនពុទ្ធបរិស័ទយ៉ាងនេះ មិនឆ្លើយដោះស្រាយពាក្យចោទប្រកាន់របស់គេយ៉ាងនោះឬ?"
ជួសនឹងឆ្លើយសំណួរនោះ ព្រះថេរៈត្រឡប់ជាឆ្លើយថា "ចុះញោមជឿថា សាសនធម៌របស់ព្រះបរមសាស្តាដែលជាសច្ចធម៌នឹងវិនាសសាបសូន្យទៅព្រោះតែការនិយាយបង្កាច់បង្ខូច
របស់ពួកតិរ្ថិយឬ?"
ទេវមិត្រអង្គុយគិតជញ្ជឹងដោយអាការរសាប់រសល់មួយស្របក់ហើយមានប្រសាសន៍ថា
"ខ្ញុំកណាមិនជឿទេ ទានម្ចាស់ ! ថា ព្រះធម្មវិន័យនឹងសាបសូន្យទៅខាងក្នុងកំលុងពេល ២ ឬ ៣ ថ្ងៃ ដោយសារឧបវាទរបស់ពួកតិរ្ថិយ ប៉ុន្តែបើពួកតិរ្ថិយមិនបោះបង់សេចក្តីព្យាយាមក្នុងការបង្កាច់បង្ខូចព្រះសាសនា ហើយភាគីខាងយើងមិនឆ្លើយឆ្លងខ្លះទេ ខ្ញុំកណាព្រួយបារម្ភយ៉ាងខ្លាំងថា ថ្ងៃណាមួយ ព្រះសាសនានឹងរោយរាវរេញរិលទៅប្រៀបដូចជាភ្នក់ភ្លើងធំដែលកំពុងតែឆាបឆេះសន្ធោសន្ធៅ បើមនុស្សព្យាយាមយកទឹកម្តងមួយទូកដៃទៅពន្លត់ដោយឥតឈប់ឈរ នៅទីបំផុត ក៏អាចនឹងរលត់ទៅបានដែរ"
ហេតុផលរបស់ឧបាសកជំនិត ធ្វើឲ្យព្រះថេរៈចាប់ផ្តើមគិតគ្នាន់គ្នេរខ្លះ សង្កេតឃើញបានពីការដែលព្រះថេរៈ អង្គុយចោលក្រសែភ្នែកទៅខាងមុខដោយឥតគោលដៅទាំងមិនឆ្លើយឆ្លងអ្វីទេ 
"បពិត្រទានម្ចាស់ ! " ទេវមិត្រមានប្រសាសន៍តទៅទៀត "សូមទានម្ចាស់កុំអាលស្លាប់ចិត្តថា គ្រឹះស្ថានព្រះសាសនាក្នុងមគធរដ្ឋរឹងមាំ ហើយគ្មានថ្ងៃណានឹងសាបសូន្យដោយភយន្តរាយណាៗឡើយ សូម្បីដើមឈើធំ ដែលត្រូវពួរជ្រៃទាក់ឆ្វាក់រួបរឹតបន្តិចម្តងៗក៏ដោយ ទីបំផុតក៏ស្វិតស្រពោនងាប់ទៅ សូម្បីសាសនធម៌របស់ព្រះបរមសាស្តាយើងជាសច្ចធម៌មាននៅជាប្រចាំក្នុងលោកក៏មែនពិត ប៉ុន្តែក៏នៅមានយុគសម័យខ្លះដែលគ្មានមនុស្សស្គាល់ក៏មាន ព្រោះមនុស្សភាគច្រើនស្ថិតនៅក្រោមឥទ្ធិពលនៃអវិជ្ជានិងមោហៈ កាលបើត្រូវឃោសនាអូសទាញទៅក្នុងផ្លូវខុសជារឿយ ៗ ទីបំផុតក៏មើលឃើញផ្លូវខុសជាផ្លូវត្រូវ ឃើញផ្លូវត្រូវជាផ្លូវខុសបានដែរ សូមទានម្ចាស់យោគយល់ដល់ពុទ្ធបរិស័ទមគធរដ្ឋហើយជួយកម្ចាត់សត្រូវអភិទ្រោះរបស់ព្រះសាសនាក្នុងគ្រានេះផងចុះ ! "
"ប៉ុន្តែអាត្មាប្រុងនឹងចេញដំណើរដើរចារិកទៅហើយ"ព្រះថេរៈពោលឡើងនៅទីបំផុត "ភិក្ខុផ្សេងដែលមានសមត្ថភាពល្មមនឹងជួយស្តាររក្សាស្ថានភាពរបស់ពុទ្ធបរិស័ទមិនមានទេឬ?"
"មិនមានទេ ទានម្ចាស់ ! ខ្ញុំកណាមិនឃើញមានអ្នកណាទេ ព្រះបរមសាស្តានិងព្រះអរហន្តសាវ័កក៏បានធ្វើដំណើរទៅក្រុងសាវត្ថីអស់ហើយ បើបញ្ជូនមនុស្សទៅនិមន្តមកឆ្លើយឆ្លងជាមួយនឹងពួកតិរ្ថិយ ឃើញថា មិនទាន់ទេ ព្រោះគេកំណត់ពេលឲ្យត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ខ្ញុំកណាមើលមិនឃើញភិក្ខុអង្គណាក្នុងក្រុងរាជគ្រឹះមានសមត្ថភាពល្មមនឹងតស៊ូមតិជាមួយនឹងពួកនិគ្រន្ថបានទេ ក្រៅតែពីទានម្ចាស់ប៉ុណ្ណោះ" 
"បើអញ្ចឹង ចាំអាត្មាគិតមើលសិន"ព្រះថេរៈឆ្លើយតបដោយអាការអល់ឯក
"អង្កាល់បានខ្ញុំកណាមកស្តាប់លទ្ធផលនៃការសម្រេចចិត្តរបស់ទានម្ចាស់?"
"បន្ទាប់ពីថ្ងៃនេះទៅរយៈពេល ៣ ថ្ងៃ"
ទេវមិត្រឧបាសកត្រឡប់ទៅគេហដ្ឋានវិញដោយត្រមោងចិត្តពន់ពេក រហូតចម្ងាយផ្លូវដែលគាត់ដើរត្រឡប់ទៅគេហដ្ឋាន គាត់សង្កេតឃើញហ្វូងមនុស្សចងក្រុមជំនុំគ្នាជាពួក ៗនៅតាមដងផ្លូវ ក្រុមនីមួយៗជជែកគ្នា អំពីរឿងដែលពួកនិគ្រន្ថបបួលពុទ្ធបរិស័ទតស៊ូសម្តី អ្នកខ្លះដល់ថ្នាក់ដាក់ភ្នាល់គ្នាថា ភាគីនេះភាគីនោះនឹងឈ្នះ ប៉ុន្តែសម្លេងភាគច្រើនកាន់ជើងខាងពួកនិគ្រន្ថ ព្រោះហេតុការណ៍អាក្រក់ទើបនឹងកន្លងផុតទៅក្នុងក្រុងរាជគ្រឹះ និងឥរិយាបថស្ងប់ស្ងៀមរបស់ភាគីពុទ្ធបរិស័ទបណ្តាលឲ្យពួកគេជឿជាក់ថា ភាគីពុទ្ធបរិស័ទមុខជានឹងបរាជ័យ ។

No comments:

Post a Comment