៤.វីរសីហៈទ្រើសឃ្នង

នៅពេលឃើញថា ការជជែកប្រកែកគ្នាក្នុងរឿងតូចតាចហាក់បីដូចជាក្លាយទៅជារឿងធំដុំ ព្រះរេវត្តត្ថេរៈបានបក់ ដៃឲ្យភាគីពុទ្ធបរិស័ទបញ្ឈប់ការជជែកតវ៉ា ការធ្វើរបស់ព្រះថេរៈបានផល ព្រោះប្រាកដឃើញថា ពុទ្ធបរិស័ទបាន បញ្ឈប់ការជជែកតវ៉ាហើយបានអង្គុយចុះតាមកន្លែងរបស់ខ្លួនវិញ កាលបើឃើញភាគីពុទ្ធបរិស័ទអង្គុយចុះ ភាគី និគ្រន្ថបរិស័ទក៏អង្គុយចុះដែរ ព្រះថេរៈមានថេរដីកាឡើងកាលបើបរិយាកាសស្ងប់ស្ងាត់ហើយថា
"សាធុជនទាំងឡាយ ! ប្រសិនបើយើងទាំងអស់គ្នាធ្វើមុខងារជាអ្នកតស៊ូសម្តីដោយខ្លួនឯង ដោយមិនព្រមឲ្យអ្នកតំណាងទាំងសងខាងតស៊ូសម្តីគ្នាទេ ការតស៊ូសម្តីនៅថ្ងៃនេះប្រហែលជាពុំអាចទៅរួចឡើយ កាលបើការតស៊ូសម្តីមិនអាចប្រព្រឹត្តទៅបាន ក៏គ្មានប្រយោជន៍អ្វីដែលខ្ញុំកូរណាអាត្មាត្រូវមកអង្គុយនៅទីនេះដែរ" ប្រាកដឃើញថា ពាក្យប្រកាសរបស់ព្រះថេរៈធ្វើឲ្យបរិស័ទគ្រប់ភាគីស្ងប់ស្ងៀមទៅភ្លាម "មុននឹងចាប់ផ្តើមការតស៊ូសម្តី តទៅទៀត ខ្ញុំកូរណាអាត្មាសូមឲ្យសាធុជនទាំងឡាយទទួលយល់ព្រមជាមុនថាសាធុជនទាំងឡាយត្រូវធ្វើមុខងារជាអ្នក
ស្តាប់តែម្យ៉ាង មិនត្រូវនិយាយជ្រែកប្រកែកតវ៉ាណា ៗ ទាំងអស់ ការតស៊ូសម្តីសូមឲ្យជាមុខងាររបស់ ខ្ញុំកូរណាអាត្មានិងលោកម្ចាស់វីរសីហៈតែពីរនាក់ប៉ុណ្ណោះ សាធុជនណាយល់ស្របនឹងសម្នើនេះ សូមឲ្យអង្គុយនៅស្ងៀម សាធុជនណាមិនយល់ស្រប សូមឲ្យក្រោកឈរឡើងនិយាយ" និយាយចប់ហើយ ព្រះថេរៈក៏ងាកទៅ សម្លឹងមើលពាសជុំវិញជំនុំសន្និបាត ដើម្បីសង្កេតមើលថាមានអ្នកណាជំទាស់ខ្លះឬទេ មួយស្របក់ធំកន្លងទៅ មិនប្រាកដឃើញថាមានអ្នកក្រោកឈរជំទាស់ទេ
"បានសេចក្តីថា សាធុជនទាំងឡាយព្រមទទួលយកហើយថាជាអ្នកស្តាប់តែម៉្យាង "ព្រះថេរៈមានថេរដីកាឡើង  "ប្រពៃណាស់ សូមឲ្យសាធុជនទាំងឡាយបដិបត្តិតាមខសន្យារបស់ខ្លួនយ៉ាងប្រិតប្រៀង លំដាប់តទៅនេះ ខ្ញុំកូរណាចង់និយាយដល់រឿងដែលស្លេះទុកអម្បាញ់មិញនេះឲ្យជាទីទទួលស្គាល់យល់ព្រមគ្នាសិន"
"លោកវីរសីហៈអ្នកមានអាយុ ! លោកនៅយល់ឃើញថា លោកគួរបានពិន្ទុពីការចោទសួរដេញដោលខ្ញុំកូរណាអំពីរឿងព្រះទេវទត្តដែលខ្ញុំកូរណាទទួលស្គាល់ថាជាការពិត
គ្រប់សំណួរយ៉ាងនោះមែនទេ?"
"ខ្ញុំកូរណាយល់ឃើញថា ខ្ញុំកូរណាគួរបានពិន្ទុ " វីរសីហៈឆ្លើយអះអាងប៉ុន្តែចង្វាក់សម្លេងសម្តែងថា មិនសូវជឿជាក់ដូចមុនទេ ពីព្រោះតាំងពីចាប់ផ្តើមការតស៊ូសម្តីរហូតដល់មកដល់ពេលនេះ ឃើញថា គូបដិបក្ស របស់ខ្លួនសម្តែងឲ្យឃើញថាជាអ្នកមានវោហារដាច់ខាត អាចបង្ក្រាបប្រជាជនឲ្យស្ងប់ស្ងៀមបានយ៉ាងប្រសើរ
"ណ្ហើយចុះ ! " ព្រះថេរៈមានថេរដីកាតទៅទៀត "ខ្ញុំកូរណាត្រេកអរនឹងប្រគល់ពិន្ទុឲ្យជារបស់លោក ប៉ុន្តែលោកកុំភ្លេចថា ការឈ្លេចសួរយកការពិតខ្លះឲ្យភាគីឆ្លើយតបទទួលស្គាល់ថាជាការពិតនោះជាទង្វើដែលធ្វើ
បានដោយងាយ ខ្ញុំកូរណាអាចឈ្លេចសួរយកការពិតខ្លះឲ្យលោកទទួលស្គាល់និងធ្វើពិន្ទុឲ្យខ្លួនឯងបាន ដោយមិនចេះចប់ សម្រាប់ខ្ញុំកូរណាវិញ ឃើញថា ការសួរដេញដោលយកការពិតខ្លះឲ្យគូតស៊ូទទួលយកនោះគ្រាន់តែជាវិធីកៀងគរគូតស៊ូឲ្យចូលកាន់ចំណុច
សំខាន់នៃការតស៊ូសម្តីប៉ុណ្ណោះ មិនមែនចំណុចសំខាន់ពិតទេ តួយ៉ាងដូចជា ការដែលលោកសួរខ្ញុំកូរណាថា ព្រះទេវទត្តជាមនុស្សអាក្រក់មែនឬទេ? ហើយខ្ញុំកូរណាបានឆ្លើយទៅតាមការពិតថា 'មែន' នោះ មិនមែនជាចំណុចសំខាន់របស់សាច់រឿងទេ គ្រាន់តែជាការ នាំទៅកាន់ចំណុចធំទេតើ ចំណុចសំខាន់នៅត្រង់ពាក្យដែលលោកនិយាយលើកចុងក្រោយរបស់លោកថា ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាធម៌អសារឥតការ ព្រោះមិនអាចធ្វើមនុស្សអាក្រក់ឲ្យជាមនុស្សល្អ បាន នេះជាចំណុចសំខាន់របស់សាច់រឿងដែលលោកលើកឡើង ខ្ញុំកូរណាត្រូវដោះស្រាយចំណុចនេះសិន បើខ្ញុំកូរណាមិនអាចដោះស្រាយបានទេ លោកនឹងបានពិន្ទុ ១ ពិន្ទុ ប៉ុន្តែបើខ្ញុំកូរណាអាចដោះស្រាយបាន គ្មានភាគីណាបានពិន្ទុទេ គឺ ស្មើគ្នា ការឲ្យពិន្ទុគួរប្រកាន់យកការដោះស្រាយបញ្ហាជាកតិកាសំខាន់ មិនមែន ឲ្យពិន្ទុពីសំណួរតូចតាចដែលនាំទៅកាន់ចំណុចធំនោះទេ ខ្ញុំកូរណាចង់សួរលោកមើលម្តងទៀតថា គួរប្រកាន់យកបែបណា?"
គ្រាន់តែព្រះថេរៈនិយាយចប់ និគ្រន្ថជាប្រធានបានដើរទៅរកវីរសីហៈ ទាំង ២ រូបនិយាយខ្សឹបខ្សាវគ្នាដោយ សម្លេងតិច ៗមួយស្របក់ ហើយវីរសីហៈបាននិយាយឡើងថា
"បើអញ្ចឹង សូមឲ្យធ្វើទៅតាមដែលលោកស្នើ គឺ ឲ្យប្រធានឲ្យពិន្ទុទៅតាមចំណុចសំខាន់ បើភាគីឆ្លើយតប ឆ្លើយចំណុចសំខាន់របស់ភាគីចោទសួរមិនបានទេ ភាគីចោទសួរមានសិទ្ធិបានពិន្ទុមួយពិន្ទុ ខ្ញុំកូរណាយល់ស្រប"
"បើការតស៊ូសម្តីរបស់យើងប្រព្រឹត្តទៅដោយការយោគយល់យ៉ាងល្អចំពោះគ្នាបែបនេះ មុខជាគ្មានឧបសគ្គ រាំងស្ទាក់ណា ៗ ទៀតទេ " ព្រះថេរៈនិយាយដោយសេចក្តីពេញចិត្តចំពោះការយល់ស្របរបស់គូតស៊ូ
"តទៅនេះ ក៏ដល់វេនរបស់ខ្ញុំកូរណាដែលត្រូវឆ្លើយដោះស្រាយបទចោទសួររបស់លោក ចំណុចសំខាន់របស់លោកគឺថា សាសនធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាធម៌អសារឥតការ ព្រោះមិនអាចកែប្រែព្រះទេវទត្ត ដែលជាមនុស្សអាក្រក់ឲ្យក្លាយជាមនុស្សល្អបាន យ៉ាងនេះមែនទេ?"
"មែន" វីរសីហៈឆ្លើយទទួលយ៉ាងម៉ឺងម៉ាត់
"ណ្ហើយចុះ ! ខ្ញុំកូរណាយល់ចំណុចសំខាន់របស់លោកម្ចាស់ហើយ សង្ឃឹមថា លោកអ្នកស្តាប់ទាំងអស់ក៏យល់ អញ្ចឹងដែរ តទៅនេះ ខ្ញុំកូរណាសូមសាកសួរលោកម្ចាស់បន្តិច លោកម្ចាស់យល់ឃើញយ៉ាងណា សូមឲ្យឆ្លើយ ទៅតាមការពិត សំណួរដំបូងដែលខ្ញុំកូរណាសួរ គឺថា សាវ័ករបស់ព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ គ្រាន់តែជាភិក្ខុបរិស័ទមានចំនួនច្រើនណាស់ មែនទេ?"
វីរសីហៈអង្គុយគិតជញ្ជឹងមួយស្របក់ហើយឆ្លើយថា "មែន"
"តើលោកម្ចាស់ល្មមនឹងប៉ាន់ស្មានដោយសន្និដ្ឋានចំនួនបានទេថាតើភិក្ខុបរិស័ទមានចំនួនប៉ុន្មានរយ ពាន់ ឬ ម៉ឺន?"
"ខ្ញុំកូរណាមិនដឹងចំនួនពិតប្រាកដទេ ប៉ុន្តែយល់ឃើញថា មានចំនួនរាប់ម៉ឺន"វីរសីហឆ្លើយយ៉ាងប្រុងប្រយ័ត្ន
"ចម្លើយរបស់លោកម្ចាស់ត្រឹមត្រូវណាស់ ព្រះសង្ឃសាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់មានចំនួនរាប់ម៉ឺន តើលោកម្ចាស់ទទួលស្គាល់បានទេថា ព្រះសង្ឃសាវ័កទាំងនោះមកពីមនុស្សគ្រប់វណ្ណៈក្នុងជម្ពូទ្វីប អ្នកខ្លះក៏ធ្លាប់ ជាមនុស្សអាក្រក់ថោកទាបមកពីមុន ប៉ុន្តែនៅពេលបានស្តាប់សាសនធម៌របស់ព្រះបរមសាស្តាហើយក៏កែប្រែខ្លួនឯងទៅជាមនុស្សល្អបាន?"
"ខ្ញុំកូរណាទទួលស្គាល់ថាជាការពិត" វីរសីហៈឆ្លើយទទួលថែមទាំងលែបខាយដោយរឿងផ្ទាល់ខ្លួនរបស់អ្នក សួរទៀតថា "អ្នកខ្លះធ្លាប់ជាកំពូលចោរមកពីមុន ដូចជា លោករេវត្តៈអ្នកមានអាយុជាដើម"
ចម្លើយម៉េតប្រាយលែបខាយដោយរឿងផ្ទាល់ខ្លួនរបស់វីរសីហៈធ្វើឲ្យសាវ័កនិគ្រន្ថផ្ទុះសំណើចសើចគឹល
ឡើងដោយរន្តិភាព ធ្វើឲ្យពុទ្ធបរិស័ទកើតអាការរអាក់រអួលរអាមចិត្តជាខ្លាំង ។
"មែន" ព្រះរេវត្តត្ថេរៈឆ្លើយឡើងភ្លាម "ខ្ញុំកូរណាគ្រាន់តែជាកំពូលចោរម្នាក់ក្នុងចំណោម ៥០០ នាក់ដែលបាន ស្តាប់សាសនធម៌របស់ព្រះបរមសាស្តាហើយក្រឡាស់ចិត្តមកជាមនុស្សល្អ ក្រៅពីបក្សពួករបស់ខ្ញុំកូរណា ៥០០ នាក់ មានចោររាប់ពាន់នាក់ទៀតដែលកែប្រែចិត្តមកជាមនុស្សល្អបាន ព្រោះតែសាសនធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ពេលនេះ ខ្ញុំកូរណាចង់សួរលោកម្ចាស់ជាមុនថា រវាងមនុស្សអាក្រក់ដែលកែប្រែ
ខ្លួនជាមនុស្សល្អបានព្រោះស្តាប់សាសនធម៌របស់ព្រះបរមសាស្តានិងមនុស្សអាក្រក់ដែលកែប្រែខ្លួនជា
មនុស្សល្អមិនបានសូម្បីបានស្តាប់សាសនធម៌របស់ព្រះបរមសាស្តា្ដដូចយ៉ាងទេវទត្តជាដើម តើមួយណា មានចំនួនច្រើនជាង? "
វីរសីហៈសម្តែងកិរិយាអាការអួលអាក់ស្លាក់ដើមកមួយស្របក់ធំ ព្រោះមិនដឹងថានឹងឆ្លើយតបយ៉ាងណា
"សូមឆ្លើយតាមការពិតចុះ លោកវីរសីហៈ ! " ព្រះថេរៈសង្រ្គឺតឲ្យឆ្លើយនៅពេលឃើញគូតស៊ូរបស់ខ្លួនអង្គុយ
ស្ងៀមទ្រមឹង "មិនបាច់ខ្លាចខាតពិន្ទុទេព្រោះនេះគ្រាន់តែជាការសាកសួរខាងដើមប៉ុណ្ណោះ ដើម្បីនាំទៅកាន់ ចំណុចសំខាន់ សូមឆ្លើយតាមការពិតចុះ បែបអ្នកប្រាជ្ញសន្ទនានឹងអ្នកប្រាជ្ញ"
កាលបើឃើញកិរិយាអាការស្អុះស្អាប់របស់ភាគីបដិបក្សបែបនោះ ពុទ្ធបរិស័ទាំងអស់មើលទៅដូចជាមានទឹក មុខស្រស់ស្រាយឡើងភ្លាម
"មនុស្សអាក្រក់ដែលកែប្រែខ្លួនជាមនុស្សល្អបានព្រោះស្តាប់សាសនធម៌របស់ព្រះសមណគោតមហើយ
មានចំនួនច្រើនជាង" វីរសីហៈឆ្លើយតបដោយសម្លេងមិនសូវពេញចិត្តប៉ុន្មាន គ្រាន់តែបានឮចម្លើយបែបនោះ ពុទ្ធបរិស័ទក៏ពន្លឺឧទានសម្តែងមុទិតាចិត្តយ៉ាងអឺងកង ធ្វើឲ្យពួកនិគ្រន្ថមិនពេញចិត្តយ៉ាងខ្លាំង ប៉ុន្តែក៏ព្យាយាម ទប់សង្កត់ចិត្តបាន
"អរគុណណាស់ លោកវីរសីហៈអ្នកមានអាយុ ! " ព្រះថេរៈមានថេរដីកាតទៅទៀតដោយអាការប្រក្រតី
"ការដែលលោកម្ចាស់ឆ្លើយតបតាមការពិតនេះ សម្តែងថា លោកម្ចាស់ជាអ្នកប្រាជ្ញស្រឡាញ់ការពិត និយាយការពិត កាលបើលោកម្ចាស់ទទួលស្គាល់ហើយថា សាសនធម៌របស់ព្រះបរមសាស្តាអាចកែប្រែមនុស្សអាក្រក់ជាច្រើនឲ្យជាមនុស្សល្អបាន ឯការដែលមិនអាចកែប្រែមនុស្សអាក្រក់ពីរបីនាក់ឲ្យជាមនុស្សល្អបាន តើយ៉ាងនេះជាការត្រឹមត្រូវទេដែលលោកនិយាយថា សាសនធម៌របស់ព្រះបរមសាស្តាជាធម៌អសារឥតការ?"
វីរសីហៈមិនបានឆ្លើយតបសំណួររបស់អ្នកតំណាងពុទ្ធបរិស័ទទេ បានត្រឹមតែអង្គុយសម្តែងអាការរសាប់រសល់ ក្រវល់ក្រវាយនៅលើធម្មាសនៈយ៉ាងជាក់ច្បាស់
"លោកវីរសីហៈអ្នកមានអាយុ ! "ព្រះថេរៈមានថេរដីកាតទៅទៀតដោយចង្វាក់សម្លេងធម្មតា មិនសម្តែងអាការ ត្រេកអរចំពោះការភ្លាំងភ្លាត់របស់គូតស៊ូទេ "ខ្ញុំកូរណាសូមអភ័យទោស ប្រសិនបើសំណួររបស់ខ្ញុំកូរណាបំបោរមុខលោកម្ចាស់ឲ្យក្រអឹមក្រអៀមស្ងៀមស្ងាត់មាត់ តាមពិត ខ្ញុំកូរណាគ្មានចេតនាធ្វើដូច្នោះទេ ខ្ញុំកូរណាគ្រាន់តែ ចង់ឲ្យលោកម្ចាស់គិតគ្នាន់គ្នេរឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងនិយាយមួលបង្កាច់អ្នកដទៃ មែនពិត សាសនធម៌ របស់ព្រះបរមសាស្តារបស់យើងប្រហែលជាមិនអាចកែប្រែមនុស្សអាក្រក់ខ្លះឲ្យជាមនុស្សល្អបានទេ ប៉ុន្តែបើគិតពីចំនួនមនុស្សដែលកែប្រែខ្លួនជាមនុស្សល្អឃើញថាមានចំនួនច្រើនជាងដូចដែលលោកម្ចាស់បានទទួល
ស្គាល់ហើយ ការដែលយើងវិនិច្ឆ័យថា អ្វីណានីមួយល្អមានប្រយោជន៍ឬមានផលឬគ្មាននោះ គួរប្រកាន់យកមនុស្សភាគច្រើនជាគោលវិនិច្ឆ័យ មិនគួរប្រកាន់យកមនុស្សភាគតិចជាគោលវិនិច្ឆ័យទេ លោកវីរសីហៈ ខ្ញុំកូរណាសូមលើកឧបមាឲ្យលោកម្ចាស់ស្តាប់ ពេទ្យម្នាក់មានឱសថព្យាបាលរោគដ៏ស័ក្តិសិទ្ធិនៅក្នុងដៃ មានអ្នកជម្ងឺជាច្រើនពាន់នាក់បានចូលទៅរកពេទ្យនោះ ដើម្បីសុំឱសថយកទៅទទួលទានព្យាបាលជម្ងឺរបស់ខ្លួន ពេទ្យនោះអាស្រ័យការុញ្ញចិត្តអាណិតអាសូរក៏ចែករលែកឱសថដល់អ្នកជម្ងឺទាំងអស់ បណ្តាអ្នកជម្ងឺទាំងនោះ មានអ្នកជម្ងឺជាច្រើនកាលបើបរិភោគឱសថវិសេសនោះហើយក៏ជាស្រស់ស្រោងចាកជម្ងឺឈឺថ្កាត់ទាំងពួង ប៉ុន្តែ មានអ្នកជម្ងឺ ២ ឬ ៣ នាក់ដែលបរិភោគឱសថនោះហើយមិនជាពីជម្ងឺរបស់ខ្លួនទេ ការដែលលើកយក
មនុស្សមិនជាពីជម្ងឺពីរបីនាក់នោះមកជាលេសសំអាង ហើយពោលតិះដៀលថា ឱសថរបស់ពេទ្យម្នាក់នោះ គ្មានផលស័ក្តិសិទ្ធិទេ តើលោកម្ចាស់យល់ឃើញថា បទចោទប្រកាន់របស់អ្នកទាំងនោះមានហេតុផលគួរឲ្យ ជឿជាក់បានទេ?"
វីរសីហៈនៅតែអង្គុយធ្មឹងមិនឆ្លើយតប ព្រោះបើឆ្លើយតប ស្មើនឹងគាំទ្រស្ថានៈរបស់ភាគីពុទ្ធបរិស័ទឲ្យរឹងមាំទ្វេឡើង ប៉ុន្តែការមិនឆ្លើយតបរបស់គេសបញ្ជាក់ឲ្យឃើញការចាញ់ប្រៀបផ្នែកហេតុផលនិងសម្តីវោហាររបស់ គេយ៉ាងច្បាស់ក្រឡែត
"ណ្ហើយចុះ ! លោកវីរសីហៈ ! " ព្រះថេរៈមានថេរដីកាតទៅទៀត "សង្ឃឹមថា លោកម្ចាស់នឹងកែប្រែគំហើញ សាថ្មីថា ព្រះធម៌របស់ព្រះបរមសាស្តារបស់យើងពិតជាមានផលហើយឈប់តិះដៀលតទៅទៀត"
មុនពេលដែលភាគីខាងខ្លួនត្រូវកៀងគរឲ្យស្ថិតនៅក្នុងស្ថានភាពភ្លាត់ស្នៀតតុះតុញខ្លាំងទៀត និគ្រន្ថជាប្រធានក៏បានក្រោកឈរឡើងប្រកាសដោយទឹកមុខក្រហមសម្តែងកម្រោធនិងសេចក្តីខ្មាសអៀនថា
"បានសេចក្តីថា ឥឡូវនេះ អ្នកតំណាងភាគីពុទ្ធបរិស័ទបានឆ្លើយដោះស្រាយបទចោទសួររបស់និគ្រន្ថរួចហើយ ការឆ្លើយឆ្លងសម្តីក្នុងវគ្គដំបូងនេះ ចាត់ទុកថាស្មើគ្នាតាមឧបយោគ(កិច្ចព្រមព្រៀង) ព្រោះភាគីឆ្លើយតបអាចឆ្លើយតបសំណួរបស់ភាគីចោទសួរបាន តទៅនេះ សូមឲ្យគូតស៊ូសម្តីចូលកាន់ចំណុចដទៃតទៅទៀត ខ្ញុំកូរណាអាត្មាសូមស្នើឲ្យអ្នកតំណាងភាគីពុទ្ធបរិស័ទចាប់ផ្តើមចោទសួរវិញម្តង"

ប្រភពៈ ព្រះពុទ្ធសាសនា

No comments:

Post a Comment