មុនពេលត្រឡប់ទៅក្រុងពារាណសី
មេត្តិយសេដ្ឋីនិងនាងគ្រហបតានីបានធ្វើកិច្ចសន្យាជាមួយគ្នាក្នុងចំណុចរាយរងជាច្រើនទៀត
ដូចជា នៅពេលលីលាវតីនៅក្នុងទីកន្លែងមួយគ្រប់ ៦ ខែហើយ
ត្រូវឲ្យភាគីមួយទៀតជាអ្នកចាត់ចែងនាំលីលាវតីទៅឲ្យភាគីមួយទៀត
និងនៅពេលនាងចម្រើនវ័យវឌ្ឍនាការសមគួរនឹងមានគូគ្រងហើយ ភាគីណាមួយនឹងចាត់ចែងក្នុងរឿងគូគ្រងតែម្នាក់ឯងមិនបានទេ
តោងតែទទួលបានសេចក្តីយល់ស្របពីភាគីមួយទៀតសិនជាដើម។
បានសេចក្តីថា ក្នុង ៦ ខែដំបូង
លីលាវតីតូចបានប្រើជីវិតរស់នៅក្នុងបន្ទុករបស់នាងគ្រហបតានីជាម្តាយ
អតីតជាតិរបស់នាងដោយសេចក្តីសុខស្រណុកស្រណានក្រៃលែង នាងគ្រហបតានីបានថ្នាក់ថ្នមបីបមយកចិត្ត
នាងគ្រប់យ៉ាង ទោះនាងចង់ធ្វើអ្វី ចង់បានអ្វី ឬចង់ទៅទីណា
នាងគ្រហបតានីអនុលោមតាមទាំងអស់ មានរឿងមួយប៉ុណ្ណោះដែលនាងមិនអាចអនុលោមតាមបាននុះគឺ
បំណងប្រាថ្នារបស់កុមារីតូចចង់ធ្វើដំណើរទៅក្រុងរាជគ្រឹះ
នាងគ្រហបតានីព្យាយាមគ្រប់យ៉ាងដើម្បីឲ្យធីតាតូចរបស់ខ្លួនបំភ្លេចអតីតជាតិដ៏ជូរចត់កម្សត់នោះចោល
ដូចជា ព្យាយាមឲ្យកូនៗរបស់ពួកញាតិដែលមានវ័យស្មើគ្នា មកប្រឡែងលេងជាមួយ
ប៉ុន្តែមិនសូវបានលទ្ធផលទេ
ព្រោះលីលាវតីតូចពុំសូវចាប់អារម្មណ៍លេងជាមួយនឹងក្មេងៗស្របាក់ស្របាលគ្នាឡើយ
ផ្ទុយទៅវិញ នាងចូលចិត្តលេង និងជជែកជាមួយនឹងមនុស្សធំ នៅលាយឡំនឹងមនុស្សធំច្រើនជាងនៅជាមួយនឹងក្មេងៗ
លីលាវតីតូចសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភិក្ខុសង្ឃ
រាល់លើកដែលសង្កេតឃើញភិក្ខុសង្ឃនិមន្តដើរកាត់មុខទៅ
នាងសង្កេតពិនិត្យមើលដោយចំណាប់អារម្មណ៍ និងឧទានឡើងជានិច្ចថា
"មើលទៅស្រដៀងនឹងរេវត្តៈណាស់ហ្ន ! "
រហូតដល់នាងគ្រហបតានីហាមប្រាម
មិនឲ្យមនុស្សក្នុងផ្ទះនិយាយដល់រេវត្តៈនិងក្រុងរាជគ្រឹះទៀត។
"ក្រុងរាជគ្រឹះនៅឆ្ងាយណាស់កូនអើយ ! "
នាងគ្រហបតានីប្រាប់ធីតាតូចរាល់លើកដែលនាងស្នើសុំឲ្យនាំទៅក្រុងរាជគ្រឹះ
"ម៉ាក់ដឹងថា ក្រុងរាជគ្រឹះនៅឆ្ងាយដាច់ស្រយាលចេញទៅទិសខាងកើត
មានរយៈចម្ងាយរាប់រយយោជន៍ ផ្លូវពោរពេញទៅដោយភយន្តរាយនានា
អ្នកដំណើរដើរផ្លូវត្រូវធ្វើដំណើរទៅជាហ្វូងជាហ្វាយ
ចំនួនរាប់រយនិងមានអាវុធគ្រប់ដៃទើបមានជីវិតរួចរស់ទៅដល់ក្រុងរាជគ្រឹះបាន
សូមឲ្យកូនអត់ធ្មត់រង់ចាំសិនទៅ ទម្រាំនឹងកូនធំឡើងជាមនុស្សពេញវ័យហើយ
សឹមម៉ាក់ចាត់ការឲ្យគេនាំទៅ"
បន្ទាប់ពីនៅក្រុងសាវត្ថីគ្រប់ ៦ ខែហើយ
នាងគ្រហបតានីក៏ចាត់ក្បួនរទេះអ្នកការពារជាច្រើន
ព្រមទាំងបណ្ណាការមានតម្លៃផ្សេងៗឲ្យនាំលីលាវតីទៅប្រគល់ឲ្យដល់មេត្តិយសេដ្ឋី
ឯក្រុងពារាណសីតាមកិច្ចសន្យា នៅពេលឃើញធីតាទោលតែម្នាក់គត់ត្រឡប់មកដល់
នាងមេត្តិយារត់ត្រង់តម្រង់ទៅឱបរឹតធីតាតូច ទ្រហោយំដោយបីតិប្រាមោទ្យអស់ពេលជាយូរ
ទើបសាកសួរដំណើរដំណឹងផ្សេងៗរហូតដល់ធីតាតូចឆ្លើយតបសឹងមិនទាន់
ការដែលធីតាតូចចាកចោលទៅនៅជាមួយនឹងអ្នកដទៃអស់
រយៈពេល ៦ ខែ មើលទៅហាក់នឹងថា
ធ្វើឲ្យមេត្តិយសេដ្ឋីនិងភរិយាស្រឡាញ់និងយកចិត្តធីតាតូចទ្វេឡើង
លីលាវតីតូចទើបប្រើជីវិតរស់នៅក្នុងក្រុងពារាណសីដោយ សេចក្តីសុខក្សេមក្សាន្តរូហានបាននឹងម្ចាស់ក្សត្រី
ទោះបីធីតាតូចត្រូវការអ្វី មាតាបិតាត្រូវប្រញាប់រកមកឲ្យដោយមិនបាច់ប្រាប់លើកទី ២ ទេ
ប៉ុន្តែក៏ដូចគ្នានឹងគ្រាដែលនៅក្រុងសាវត្ថី
លីលាវតីតូចអន្ទោកអន្ទោលបិតាឲ្យនាំទៅក្រុងរាជគ្រឹះ សឹងតែមិនលោះថ្ងៃ លោកសេដ្ឋី
ក៏ប្រើវិធីបណ្តោះបណ្តៃដោយអាងហេតុផលផ្សេងៗដូចយ៉ាងនាងគ្រហបតានីដែរ។
ខណៈដែលលីលាវតីផ្លាស់ផ្តូរទៅនៅជាមួយនឹងមាតាបិតាទាំងសងខាងម្ខាង ៦ ខែយ៉ាងនេះ
ពេលវេលាក៏កន្លងហួសទៅ កន្លងចាកថ្ងៃជាខែ ចាកខែជាឆ្នាំ ចាកមួយឆ្នាំជាច្រើនឆ្នាំ
រហូតដល់លីលាវតីបានចម្រើនវ័យធំឡើង ជាយុវតីអាយុ ១៤ ឆ្នាំ មានឆោមសម្រស់ស្រស់លើសយុវតីទាំងឡាយ
ទាំងឯក្រុងសាវត្ថីនិងក្រុងពារាណសី
កវីខ្លះដែលបានមកឃើញឆោមសម្រស់របស់នាងដល់ថ្នាក់ពិពណ៌នាថា ផ្ទៃមុខរបស់នាងមូលក្រឡង់
និងមានរស្មីភ្លឺថ្លាដូចព្រះចន្ទពេញវង់ក្នុងខែកត្តិក កែវភ្នែករបស់នាងមូលខ្មៅក្រិប
មានចុងភ្នែកស្រួចស្រឹបដូចភ្នែកក្តាន់ នៅពេលភ័យស្លន់ប្រមា
ចិញ្ចើមទាំងគូងរខ្ទើតដូចដងធ្នូដែលដំឡើងខ្សែហើយ
រិមបបូរមាត់មានពណ៌ក្រហមស្រស់ដូចផ្លែបាសទុំ
សក់របស់នាងខ្មៅរលើបរលោងវែងប្រះស្មាដូចប៉ុយអម្ពុធរបៀមព្រះពិរុណសំយុងឰដ៏នភាល័យ
ដៃទាំងទ្វេរៀវស្រស់មូលក្លំដូចប្រមោយដំរី
ត្រាច់ចរកែក្រាយទៅមកដោយលីលាល្វាស់ល្វន់ញ៉ែងញ៉ងដូចលីលាដំរី
ស្នាមញញឹមប្រិមប្រិយហាក់បីកាំបិតមុតស្រួច កាត់កួចទងបេះដូងបុរសឲ្យដាច់អស់ដូច្នោះ
សម្រស់ឆើតឆោមលីលាវតី ពេលឃើញរូបស្រីកវីស្នេហា
មុខមូលក្រឡង់ដូចវង់ចន្រ្ទា កត្តិកមាសាចិន្តាជាប់ចិត្ត ។
កែវភ្នែកទាំងគូមូលខ្មៅក្រពុំ ចុងភ្នែកស្រីមុំដូចមុខកាំបិត
ចាក់ចំបេះដូងកវីនេះពិត កើតចិត្តស្នេហ៍ស្និទ្ធត្បិតសម្រស់នាង។
ចិញ្ចើមទាំងគូងរខ្ទើតក្រញង់ ដូចអង្គដងធ្នូដំឡើងព្រមព្រៀង
ប្រុងបាញ់ប្រហារប្រុសណាមើលមៀង ដួងចិត្តប្រុសទៀងនឹងស្លាប់ខូចបង់។
បបូរមាត់ស្រីដូចផ្លែបាសទុំ ក្រហមស្រស់ពុំរោយរុះចាកទង
សក់ខ្មៅរលើបទាំងវែងទងវង កវីស្នេហ៍ស្នងតើបានឬទេ?
ប្រមោយដំរីកវីថាស្អាត ចាញ់ចាលរូបស្បាតនៃដៃទាំងទ្វេ
រាងរៀវយាងយាសល្អអ្វីម្លេះទ ដងដៃទាំងទ្វេញ៉ែងញ៉ងទន់ភ្លន់ ។
បង់បោយកែក្រាយដូចដៃដំរី ល្វាសល្វន់ពេកក្រៃកវីលង់ស៊ុន
ក្នុងសម្រស់ស្រីមិនឆ្អែតមិនឆ្អន់ ឥតស្រាកឥតស្រន់ព្រោះចិត្តកួចប៉ង ។
ស្នាមញញឹមស្រីកវីស្ទើរភ្លឹក គាំងអស់លំនឹកតាំងផ្គងបំណង
ស្រឡាញ់លីលាវតីនួនល្អង កវីរូបបងប៉ងតែនាងមួយ ។
ព្រោះហេតុដែលលីលាវតីមានសម្រស់ឆើតឆោមបែបនេះទើបជាទីប៉ុនប៉ងរបស់បណ្តាយុវជន
និងបុត្រសេដ្ឋីគ្រហបតីព្រាហ្មណ៍មហាសាលទូទៅ
មានយុវជននិងបុត្រសេដ្ឋីជាច្រើនបានបញ្ជូននាយសារបើកផ្លូវព្រមទាំងបណ្ណាការដ៏មានតម្លៃមកស្តីដណ្តឹងនាងចំពោះមាតាបិតាទាំងឯក្រុងសាវត្ថី
និងក្រុងពារាណសី
មាតាបិតារបស់នាងទាំងសងខាងក៏ប្រាថ្នាត្រូវការយ៉ាងខ្លាំងក្លាដើម្បីឲ្យធីតារបស់ខ្លួនមានគ្រួសារដើម្បីបញ្ចប់បញ្ហាស្មុគស្មាញផ្សេងៗ
ប៉ុន្តែមានចំណោទបញ្ហាស្មុគស្មាញ ២ ប្រការ គឺ ទី ១ លីលាវតីមិនសម្តែងចំណាប់អារម្មណ៍ចំពោះបុរសណាឡើយ
ទី ២ មាតាខាងនីមួយៗ ចង់ឲ្យលីលាវតីមានគ្រួសារនៅឯក្រុងរបស់ខ្លួន
ដើម្បីឲ្យខ្លួនបាននៅក្បែរខាងនាងរហូតអស់មួយជីវិត ប៉ុន្តែនៅពេលស្នើសុំទៅភាគីម្ខាងទៀត
ក៏ត្រូវភាគីម្ខាងទៀតបដិសេធភ្លាម ហេតុផលក្រោយនេះបានជាប្រយោជន៍យ៉ាងច្រើនដល់លីលាវតី ព្រោះប្រៀបបីដូចជាក្រោះរបាំងរាំងការពារមិនឲ្យនាងក្លាយជារបស់ប្រុសណា។
ក្នុងកំលុងពេលនេះឯង
ខណៈដែលលីលាវតីកំពុងតែអាស្រ័យនៅជាមួយនឹងនាងគ្រហបតានីឯក្រុងសាវត្ថី
បានកើតហេតុការណ៍មួយឡើង ហេតុការណ៍លើកនេះជាផែនការដែលនាងគ្រហបតានីគិតប្រឌិតឡើង
ដោយចេតនាល្អចំពោះលីលាវតី ប៉ុន្តែរម្ងង់របស់នាងគ្រហបតានីនិងជម្លាសឈ្លាសហួសហេតុរបស់លីលាវតី
ទើបធ្វើឲ្យកើតហេតុការណ៍សោកសង្រេងឡើង ពោលគឺ
នាងគ្រហបតានីមានបំណងដាច់ខាតនឹងឲ្យលីលាវតីបំភ្លេចរេវត្តៈចោល
ប៉ុន្តែកាលបើរកមិនឃើញវិធីណាដែលនឹងធ្វើឲ្យនាងបំភ្លេចបាន
នាងគ្រហបតានីទើបគិតប្រើវិធីបន្លាមុតយកបន្លាជោះបើទុកជាវិធីនេះមិនមែនជាវិធីសុចរិតក៏ដោយ។
នៅមានបុត្ររបស់ព្រាហ្មណ៍មហាសាល ក្នុងក្រុងសាវត្ថីម្នាក់ដែលមានអាយុ ស្របាក់ស្របាលនឹងភិក្ខុរេវត្តៈ ទាំងមានឈ្មោះថា
រេវត្តៈទៀត យុវជនរេវត្តៈម្នាក់នេះមានបំណងប៉ងប្រាថ្នាលីលាវតីយ៉ាងខ្លាំងក្លា
ទាំងនាងគ្រហបតានីក៏ចូលចិត្តគេទៀត ប៉ុន្តែលីលាវតីមិនធ្លាប់ស្គាល់បុរសនេះមកពីមុនទេ
នាងគ្រហបតានី ទើបប្រើឧបាយកលឲ្យញាតិសាច់ឆ្ងាយជាច្រើននាក់មកប្រាប់លីលាវតីថា ឥឡូវនេះ
ភិក្ខុរេវត្តៈអតីតគូស្នេហ៍របស់នាងបានលាសិក្ខមកជាគ្រហស្ថហើយ
ហើយបានធ្វើដំណើរចេញពីក្រុងរាជគ្រឹះមកនៅក្រុងសាវត្ថីជាច្រើនថ្ងៃហើយ លុះបានឮដំណឹងនេះ
លីលាវតីក៏នៅតែមិនជឿ ប៉ុន្តែនៅពេលមានគេមកប្រាប់ឲ្យស្តាប់ជារឿយៗ នាងហាក់សង្ស័យដែរ
ពួកញាតិថែមទាំងប្រាប់ទៀតថា រេវត្តៈចង់ជួបលីលាវតីយ៉ាងខ្លាំង
បើបានទទួលអនុញ្ញាតពីលីលាវតីនៅពេលណា នឹងធ្វើដំណើរមកជួបភ្លាម
នាងគ្រហបតានីបានទៅជួបយុវជនរេវត្តៈជាកិច្ចផ្ទាល់ខ្លួន និងតំណាលរឿងសម្ពន្ធភាពរវាងលីលាវតីនិងភិក្ខុរេវត្តៈក្នុងអតីតជាតិឲ្យគេស្តាប់យ៉ាងល្អិតល្អន់
ទាំងណែនាំវិធីដោះបន្ទាល់ផ្សេងៗឲ្យស្រេចបាច់ផង នៅទីបំផុត
លីលាវតីក៏សម្រេចចិត្តនឹងជួប រេវត្តៈ នាងគ្រហបតានីត្រេកអរណាស់ ព្រោះជឿថា
ផែនការរបស់ខ្លួនប្រាកដជានឹងសម្រេច ព្រោះនាងជឿថាលីលាវតីនឹងមិនអាចចាំរេវត្តៈបានទេ។
នៅទីបំផុត អ្នកទាំងពីរក៏បានមកប្រទល់មុខគ្នា
លីលាវតីសម្លឹងមើលរេវត្តៈក្លែងក្លាយយ៉ាងផ្ចិតផ្ចង់មួយស្របក់ ហើយក៏សួរឡើងថា
"សេចក្តីកំបាំងគ្មានទេក្នុងលោក បើគ្មានអ្នកណាផ្សេង
ខ្លួនលោកក៏ដឹង ពេលនេះលោកដឹងបានដូចម្តេច ដឹងថាលោកជារេវត្តៈគូស្នេហ៍របស់ខ្ញុំ
ឬថាលោកជារេវត្តៈម្នាក់ទៀត?
"
សំណួរដ៏ឈ្លាសវៃនិងជ្រាលជ្រៅរបស់លីលាវតី
ធ្វើឲ្យរេវត្តៈក្លែងក្លាយក្រអឹមក្រអៀនសៀនមមៀនរហូតដល់និយាយមិនចេញ
លីលាវតីមិនរង់ចាំស្តាប់ចម្លើយរបស់គេទេ
គ្រាន់តែសួរហើយនាងក៏បែរខ្នងដើរទៅទាំងមុខក្រញ៉ូវ ចូលទៅក្នុងបន្ទប់បង្ខាំងខ្លួនឯង
ហើយក៏ទ្រហោយំ
"លីលាវតីអើយ ! " នាងនិយាយរទូរទាំនឹងខ្លួនឯង
"ឯងពេញជាសាងកម្មអ្វី?
កើតមកជាតិណា
មានតែត្រូវគេ ឬសូម្បីម្តាយនិងញាតិជិតរបស់ខ្លួនបោកប្រាស់ឥតឈប់ឈរ
អង្កាល់ណានឹងអស់កម្មពៀរ សោយសុខ សមបំណងក្នុងរឿងស្នេហាម្តង?"
នាងគ្រហបតានី និងពួកញាតិអ្នកសមគំនិតរៀបចំផែនការ កាលបើឃើញផែនការរបស់ខ្លួនបរាជ័យយ៉ាងបះជើងហើយក៏កើតទុក្ខទោម្នេញ
ចូលទៅរកលីលាវតីសារភាពទោសកំហុសនិងសូមឲ្យលីលាវតីអត់ឱនអភ័យទោស
"នៅសម័យដែលសុវឌ្ឍនកុមារក្នុងជាតិមុន
លីលាវតីក៏បានឲ្យអភ័យទោសដល់អ្នកម៉ាក់ម្តងហើយ
លើកនេះលីលាវតីក៏ត្រេកអរនឹងឲ្យអភ័យទោសដល់អ្នកម៉ាក់ម្តងទៀត ប៉ុន្តែអ្នកម៉ាក់ទៅវិញទេ
ដែលឥតធ្លាប់យល់ចិត្តអាណិតលីលាវតីសោះ មានតែចាំបង្ខំចិត្តលីលាវតីជារឿយៗ បើដឹងយ៉ាងនេះ
លីលាវតីនឹងមិនត្រឡប់មកកើតថ្មីទៀតទេ
ទោះបីកើតថ្មីទៀតក៏មិនត្រឡប់មកឲ្យឃើញមុខដែរ"
ពាក្យសម្តីរបស់លីលាវតី
ប្រៀបបីដូចជាមុខកាំបិតដ៏មុតស្រួចចាក់ដោតបេះដូងរបស់មាតាឲ្យឈឺពើតផ្សា
នាងគ្រហបតានីទ្រហោយំទឹកភ្នែករហេមរហាម និងសន្យាយ៉ាងមុតមាំថានឹងលែងធ្វើទង្វើណាៗ
ដែលជាការបង្ខូចទឹកចិត្តរបស់លីលាវតីទៀតហើយ
នឹងផ្តល់សេរីភាពពេញលេញដល់នាងក្នុងរឿងស្នេហា ចាប់តាំងពីពេលនោះមក
គេហដ្ឋានរបស់នាងគ្រហបតានីក៏បិទទ្វារស្លង់
សម្រាប់យុវជននិងមិនយុវជនទាំងឡាយដែលត្រូវការមកចែចូវស្តីដណ្តឹង ។
នៅគ្រាមួយទៀត ខណៈដែលកំពុងតែស្នាក់នៅឯក្រុងពារាណសី
លីលាវតីក៏បានជួបប្រទះរឿងគួរឲ្យសោកសៅមួយទៀត
ដែលជាផែនការរបស់នាងមេត្តិយាជាម្តាយធ្វើឡើងដោយករុណានិងបំណងល្អចំពោះនាង ពោលគឺ
នៅពេលឃើញថា លីលាវតីមិនចាប់អារម្មណ៍ចំពោះបុរសណាៗ និងដឹងច្បាស់ថា ឧបសគ្គសំខាន់ គឺ
ភិក្ខុរេវត្តៈ នាងមេត្តិយាគ្រហបតានី ក៏ប្រើឧបាយកលឲ្យមនុស្សនិយាយពាក្យចចាមអារ៉ាមថា
ភិក្ខុរេវត្តៈ ដែលគង់នៅឯក្រុងរាជគ្រឹះនោះបានទទួលមរណភាពហើយ នៅពេលឮដំណឹងនេះ
ជួសនឹងលីលាវតីរងទុក្ខអំពល់ខ្វល់ចិត្តអស់សង្ឃឹមចំពោះរេវត្តៈ
និងត្រេកអរទទួលយកស្នេហារបស់រាជបុត្រស្តុកស្តម្ភមួយអង្គ ដែលមាតាបិតាយល់ព្រម នាង ត្រឡប់ជាសម្តែងអាការព្រងើយកន្តើយវ្ហោះវ្ហើយចំពោះពាក្យចចាមអារ៉ាមនោះ
ព្រោះនាងមានលំនឹកហាក់នឹងថាមានអ្វីមកខ្សឹបប្រាប់នាងថា រេវត្តៈនៅមានជីវិត
"បំភ្លេចលោកចោលទៅ កូនអើយ!" ម្តាយបច្ចុប្បន្នជាតិលួងលោម
"ព្រោះយ៉ាងណាយ៉ាងណី លោក៏សុគតទៅហើយ គ្មានប្រយោជន៍អ្វីទេ"
"ប៉ុន្តែលោកបងនៅមានជីវិត" លីលាវតីជំទាស់
"កូនដឹងបានយ៉ាងម៉េចថាលោកនៅមានជីវិត?"
"ចុះអ្នកម៉ាក់ដឹងបានយ៉ាងម៉េចថា លោកបងសុគតហើយ?"
"ក៏ឮពាក្យចចាមអារ៉ាមទូទៅថា លោកសុគតហើយ"
"តើអ្នកម៉ាក់ជឿ ឬថាពាក្យចចាមអារ៉ាមសុទ្ធតែជាការពិត ?" សំណួរដ៏ឈ្លាសវៃរបស់លីលាវតីធ្វើឲ្យមាតាភីងភាំងភ្លាម
"សូមឲ្យអ្នកម៉ាក់ឈប់និយាយរឿងលោកបងរេវត្តៈ"លីលាវតីនិយាយឡើងយ៉ាងបានចង្វាក់
"បើមិនឈប់ទេ
លីលាវតីនឹងគេចទៅនៅឯក្រុងសាវត្ថី"ពាក្យគំរាមរបស់លីលាវតីបានផលល្អជាទីបំផុត
ព្រោះនាងដឹងច្បាស់ថា ម្តាយរបស់នាងមិនចង់ឲ្យនាងចាកចោលទៅទេ
ចាប់តាំងពីពេលនោះមកម្នាក់ៗមិនហ៊ាននិយាយរឿងរេវត្តៈទៀតទេ ដោយលំអាននេះ ១
ឆ្នាំទៀតក៏កន្លងផុតទៅ ។
No comments:
Post a Comment