៩.កុមារីរលឹកជាតិ

បន្ទាប់ពីកម្រាបបង្រ្កាបសត្រូវដែលប៉ុនប៉ងបំណងអាក្រក់ចំពោះព្រះធម្មវិន័យបានយ៉ាងរាបទាប លើកតម្កើងស្ថានភាពរបស់ព្រះពុទ្ធសាសនាឲ្យខ្ពស់ត្រដែតត្រដឹមស្កឹងស្កៃក្នុងមគធរដ្ឋនិងសម្រាកសម្រួលឥរិយាបថក្នុងព្រះវេឡុវនារាមរហូតដល់ធូរស្បើយរហើយអារម្មណ៍ជាប្រក្រតីហើយ ព្រះរេវតត្ថេរៈក៏ត្រៀមខ្លួននឹងចេញចាក ក្រុងរាជគ្រឹះធ្វើដំណើរដើរចច្រប់ទៅកាន់ក្រុងពារាណសីដូចដែលបានតម្កល់ចិត្តទុកតាំងពីដំបូង ប៉ុន្តែទិនទិវារាត្រីចេះតែកន្លងផុតទៅ ព្រះពិរុណក៏បង្អុរចុះជញ្រ្ជំជាទិនានុទិន រហូតដល់ធ្វើឲ្យក្សេត្រភូមិនិងព្រៃព្រឹក្សាសព្វកន្លែងជោកជាំរលាំដោយទឹក កសិករកសិការបានរៀបរបសាបព្រោះបណ្តុះពូជធាររហូតដល់ដុះលូតលាស់ស្រស់បំព្រងខៀវខ្ចីទូទៅ ថ្ងៃវស្សូបនាយិកាក៏ខិតជិតចូលមកដល់រាល់ខណៈ លើសពីនោះទៀតនៅមាន ដំណឹងចចាមអារ៉ាមទូទៅក្នុងក្រុងរាជគ្រឹះថា បកុទ្ធកច្ចាយៈ មេលទ្ធិកំពូលឆ្នើម ១ អង្គក្នុងមគធរដ្ឋនៅពេលបានដឹងបំណិនប៉ិនប្រសប់ក្នុងព្រះធម្មវិន័យនិងព្យត្តវាទវោហាររបស់ព្រះរេវតត្ថេរៈហើយ ក៏មានចំណង់ចង់នឹងតស៊ូសម្តីជាមួយនឹងលោកដែរ ដំណឹងមួយរលកទៀតឮរហាក់រហៀងមកថា សូម្បីតែសាស្តាមក្ខលិគោសាល សញ្ជ័យវេឡដ្ឋបុត្រ អជិតៈកេសកម្ពល និង បុរាណកស្សបៈក៏មានបំណងប៉ងនឹងប៉ះសម្តីថ្វីមាត់ជាមួយនឹងព្រះ រេវតត្ថេរៈដែរ ពីព្រោះមេលទ្ធិសាស្តាទាំងនេះតាំងពីគ្រាដំបូងដែលព្រះបរមសាស្តាបានអុជដួងប្រទីប គឺ ព្រះធម៌ឲ្យទ្រោលបំភ្លឺក្នុងដែនមគធៈមក ក៏អាប់រស្មីរោយវៀវចាកលាភសក្ការៈដែលធ្លាប់មានធ្លាប់បាន គួរនាដូចជាស្ថានភាពរបស់សត្វអំពិលអំពែកអាប់អន់រស្មីទៅនៅពេលព្រះទិវាករចររះត្រចះឡើងដូច្នោះ ម្នាក់ ៗសុទ្ធតែចងគំនុំគុំកួនចំពោះព្រះបរមសាស្តា ចំទយតែរកឱកាសបង្កាច់បង្ខូចជានិច្ច អញ្ចឹងឥឡូវនេះ ចាត់ទុកថាជាវរោកាសល្អបំផុតដែលព្រួតគ្នាកម្ចាត់បំបាត់ពុទ្ធធម៌ឲ្យវិនាសសាបសូន្យពីដែនមគធៈទៅ ភាពប៉ប៉ិចប៉ប៉ាច់ក្នុងគមនាការដោយសារភ្លៀងជោកជាំនិងដំណឹងអពមង្គលចំពោះព្រះពុទ្ធសាសនាទាំងនេះធ្វើឲ្យព្រះថេរៈកើតចិត្តអល់ឯករារែក ពុទ្ធបរិស័ទដែលព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ព្រះពុទ្ធសាសនាស្វាហិចស្វាហារទទូចទទែអារាធនាឲ្យ ព្រះថេរៈគង់ចាំវស្សាក្នុងព្រះវេឡុវនារាមតទៅ បន្ទាប់ពីគិតគូរយ៉ាងយូរបង្គួរហើយ ព្រះថេរៈក៏សម្រេចចិត្តទទួល ពាក្យអារាធនារបស់ពុទ្ធបរិស័ទដើម្បីគង់ចាំវស្សាក្នុងព្រះវេឡុវនារាមតទៅមួយវស្សាទៀត ដំណឹងនេះនាំមកនូវបីតិប្រាមោទ្យដល់ពុទ្ធបរិស័ទដោយស្មើមុខគ្នា ។ រាប់ចាប់តាំងពីពេលនេះថយទៅក្រោយ ១៥ ឆ្នាំ ឯក្រុងពារាណសី ជារាជធានីនៃដែនកាសី ទីក្រុងចាស់បុរាណនិងសក្តិសិទ្ធិនៃជម្ពូទ្វីប នាងមេត្តិយាព្រាហ្មណីជាឧត្តមភរិយារបស់លោកមេត្តិយសេដ្ឋីបានឲ្យកំណើតដល់បុត្រីដំបូងនិងបានសន្មតនាមថា "រត្តបាណី" ព្រោះអាស្រ័យហេតុដែលកុមារីតូចមានបាតដៃក្រហម ចាត់ជា ខ្នៅពិសេសជាងមនុស្សដទៃទូទៅ សព្វបើមេត្តិយសេដ្ឋីជាបិតាខកបំណងខ្លះដែលមិនបានកូនប្រុសក៏ដោយ ការចាប់កំណើតកើតឡើងរបស់រត្តបាណីបាននាំមកនូវបីតិប្រាមោទ្យដល់មាតានិងខ្ញុំបរិវារយ៉ាងច្រើន ។ មេត្តិយសេដ្ឋីបានប្រញាប់ប្រញាល់នាំយកពេលា ថ្ងៃ ខែ ឆ្នាំកំណើតរបស់កុលធីតាទៅឲ្យព្រាហ្មណ៍បុរោហិតាចារ្យដែលស្ទាត់ជំនាញក្នុងហោរាសាស្រ្តគន់គូរដួងជតានិងទស្សន៍ទាយលក្ខណៈឲ្យ ក្រោយពីគិតគន់យ៉ាងហ្មត់ចត់មួយស្របក់មក លោកបុរោហិតាចារ្យបានមានប្រសាសន៍ថា "ដួងជតារបស់កុលធីតាអ្នកមានលក្ខណៈចម្លែកណាស់ តាមក្រិត្យដួងជតានេះ អ្នកមើលទៅដូចជាមិនបានចិញ្ចឹមនាងទេទាំងនាងក៏មិនបានចិញ្ចឹមអ្នកវិញដែរ" "តើលោកគ្រូចង់មានប្រសាសន៍ថាម៉េច?" មេត្តិយសេដ្ឋីនិយាយឡើងដោយកិរិយាការស្លន់ចិត្ត "មានន័យថា នាងនឹងមានអាយុខ្លីយ៉ាងនោះឬ?" "មិនមែនអាយុខ្លីទេ "បុរោហិតាចារ្យមានប្រសាសន៍ឡើងដោយយោនិសោទាំងភ្នែកនៅសម្លឹងមើលក្តារឆ្នួនអត្តៈ "ខ្ញុំខ្លាចក្រែងថា នាងមុខជានឹងត្រូវព្រាត់ប្រាសពីអ្នកច្រើនជាង ទាំងជាការព្រាត់ប្រាសតាំងពីក្មេងទៀត" ។ ទំនាយរបស់បុរោហិតាចារ្យធ្វើឲ្យមេត្តិយសេដ្ឋីវិលត្រឡប់ទៅកាន់ប្រាសាទវិញដោយមិនសូវសប្បាយចិត្ត ព្រោះនឹកខ្វល់អំពល់ចិត្តអំពីអនាគតរបស់កុលធីតាខ្លួន មេត្តិយសេដ្ឋីខំចិញ្ចឹមបីបាច់និងរក្សាការពារកុលធីតាជាពិសេស បានផ្តែផ្តាំមេនំឲ្យមើលថែកុលធីតាឲ្យបានល្អ មិនឲ្យនាំចេញទៅក្រៅបរិវេណប្រាសាទទេ និងមិនឲ្យមនុស្សចម្លែកមុខសុំពបីលេងជាដាច់ខាត រត្តបាណីបានចម្រើនវ័យឡើងតាមទិនទិវាដែលកន្លងទៅ រហូតដល់មានអាយុបាន ៤ ឆ្នាំ នាងសម្តែងឫកពានិងពាក្យសម្តីប្លែក ៗឲ្យមេដោះបានស្តាប់ឮ នៅថ្ងៃមួយ ខណៈដែលកំពុងលេងលើវាលស្មៅមុខប្រាសាទមួយអន្លើដោយមេដោះ រត្តបាណីបានដើរត្រង់ទៅកាន់ទ្វារធំ ដើម្បីចេញទៅខាងក្រៅ មេដោះតាមទៅពមកវិញនិងសួរថាតើនឹងទៅណា កុមារីតូចបានឆ្លើយថានឹងទៅក្រុងសាវត្ថី ចម្លើយរបស់នាងនាំមកនូវសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគ្មានអ្នកណាដឹងថាហេតុអ្វីបានជានាងស្គាល់ក្រុងសាវត្ថីទេ មួយឆ្នាំតមកទៀត នៅពេលនាងមានអាយុជិតគ្រប់ ៥ ឆ្នាំ ខណៈដែលមេដោះស្រែកហៅ នាងថា "រត្តបាណី ! រត្តបាណី ! " នាងបានសម្លឹងមើលមេដោះដោយអាការសម្តែងសេចក្តីមិនពេញចិត្ត ហើយឆ្លើយថា "កុំមកហៅខ្ញុំថា រត្តបាណី ខ្ញុំមិនមែនឈ្មោះរត្តបាណីទេ" "បើអញ្ចឹង កូនឈ្មោះអី?" មេដោះសួរដោយសេចក្តីងឿងឆ្ងល់ "ខ្ញុំឈ្មោះ លីលាវតី ! " នាងឆ្លើយយ៉ាងប៉កល្វើយ "ចូរចាំខ្ញុំថាឈ្មោះ លីលាវតី ចាប់ពីពេលនេះទៅ ឲ្យហៅខ្ញុំថា លីលាវតី កុំហៅថា រត្តបាណី ទៀត" នៅទីបំផុត ពួកមេដោះត្រូវហៅនាងថា លីលាវតី ព្រោះសេចក្តីក្រែងចិត្ត និងព្រោះសេចក្តីចាំបាច់ នៅពេលណាដែលគេហៅនាងថា លីលាវតី មើលកិរិយាអាការទៅ នាងហាក់មានសេចក្តីពេញចិត្តនិងសេចក្តីសុខជាទីបំផុត នាងញញឹមដាក់មេដោះយ៉ាងទ្រទេសទ្រទន់ និងត្រេកអរបដិបត្តិតាមពាក្យបង្គាប់គ្រប់យ៉ាង ផ្ទុយទៅវិញ នៅពេលណាដែលគេហៅនាងថា រត្តបាណី នាងសម្តែងសេចក្តីមិនពេញចិត្ត ទឹកមុខស្ងប់ស្ងួត មិនព្រមឆ្លើយតបជាដាច់ខាត ។ រឿងរ៉ាវដ៏ចម្លែកទាក់ទងនឹងកុលធីតាតូចរបស់ខ្លួន បានលេចឮទៅដល់ត្រចៀកលោកសេដ្ឋីជាបិតានិងនាងព្រាហ្មណីជាមាតានៅថ្ងៃតមក ធ្វើឲ្យអ្នកទាំងពីរកើតសេចក្តីចម្លែកប្លែកចិត្តសង្ស័យ និងចាំសង្កេតមើលកិរិយាចលនារបស់កុលធីតាយ៉ាងជិតដិត ។ នៅល្ងាចថ្ងៃមួយ ខណៈដែលរត្តបាណីកំពុងអង្គុយលើភ្លៅម្តាយខាងក្នុងបន្ទប់ល្វែងរបស់ប្រាសាទ នាងបាននិយាយថា "ម៉ាក់ ! ក្រុងសាវត្ថីនៅឯណា?" "ក្រុងសាវត្ថីនៅទិសខាងជើង ឆ្ងាយពីទីនេះណាស់" នាងព្រាហ្មណីឆ្លើយតបទាំងសម្លឹងមើលធីតាតូចរបស់ខ្លួនដោយសេចក្តីងឿងឆ្ងល់ "កូនម៉ាក់សួរធ្វើអី?" "លីលាវតីចង់ទៅក្រុងសាវត្ថី" "ទៅធ្វើអី?" ម្តាយសួរដោយអាការចម្លែកចិត្ត "ទៅលេងម៉ាក់របស់លីលាវតីហ្នឹងណៈ"កុមារីតូចឆ្លើយយ៉ាងព្រងើយ ចម្លើយរបស់ធីតាតូចធ្វើឲ្យនាងព្រាហ្មណីកើតអាការភ្ញាក់ផ្អើលនិងឃ្នើសចិត្តយ៉ាងខ្លាំង "ម៉េចបានជាកូននិយាយអញ្ចឹង?" ម្តាយសួរទាំងខំទប់សម្លេងឲ្យជាប្រក្រតី "ចុះម៉ាក់របស់កូនដែលកំពុងតែអង្គុយនេះមិនមែនទេឬ?" "ម៉ាក់ជាម៉ាក់ថ្មីរបស់លីលាវតី ប៉ុន្តែម៉ាក់មុននៅឯក្រុងសាវត្ថី" ចាប់តាំងពីថ្ងៃនោះជាដើមមក រត្តបាណីខំអន្ទោកអន្ទោលម្តាយឲ្យនាំទៅក្រុងសាវត្ថីជារៀងរាល់ថ្ងៃ ម្តាយក៏ចេះតែបណ្តោះបណ្តៃទៅជារឿយ ៗថានឹងនាំទៅនៅថ្ងៃនេះឬថ្ងៃនោះ រហូតដល់រត្តបាណីមានអាយុបាន ៦ ឆ្នាំ កាន់តែចម្រើនវ័យឡើង សេចក្តីចងចាំអំពីរឿងអតីតកាលរបស់នាងកាន់តែច្បាស់ស្រឡះឡើង នាងមានអារម្មណ៍គួរនាដូចជាដេកលក់ទៅមួយស្របក់ នៅពេលភ្ញាក់ឡើងក៏ឃើញខ្លួនឯងស្ថិតនៅក្នុងបរិស្ថានចម្លែក ថ្មី ទន្ទឹមនឹងនោះ ក៏កើតបំណងចង់វិលត្រឡប់ទៅកាន់ផ្ទះមុន បរិស្ថានមុន ៗដែលខ្លួនធ្លាប់រស់នៅអាស្រ័យ នាងអាចតំណាលរៀបរាប់រឿងរ៉ាវនិងហេតុការណ៍ក្នុងអតីតកាលឲ្យម្តាយឪពុកស្តាប់បានយ៉ាងស្ទាញស្ទាត់ប្រាកដប្រជា រហូតដល់ធ្វើឲ្យអ្នកទាំងអស់គ្នាជឿជាក់ថា រត្តបាណីពិតជារលឹកជាតិមុនបានមែន ។ ក្នុងរដូវប្រាំងរាំងស្ងួតឆ្នាំតមក មេត្តិយសេដ្ឋីក៏សម្រេចចិត្តនាំធីតាតូចទៅកាន់ក្រុងសាវត្ថីដើម្បីពិសោធឲ្យឃើញ ការពិតថា រឿងរ៉ាវទាំងអស់ដែលនាងបានតំណាលប្រាប់មកនោះជាការពិតឬជាមាយាដែលកើតឡើងបញ្ឆបញ្ឆោតនាងដោយទង្វើរបស់ខ្មោចព្រាយបិសាច ម្យ៉ាងទៀត ដើម្បីនាំទំនិញសំពត់ព្រែទៅលក់ឯក្រុងសាវត្ថីម្តង ព្រោះមេត្តិយសេដ្ឋីជាដង្ខៅសំពត់ព្រែដ៏មានកេរ្តិ៍ឈ្មោះពីរោះលឿងឮនៃដែនកាសី រាល់ ៗរដូវប្រាំង លោកសេដ្ឋីតែងនាំយកសំពត់ព្រែផ្ទុករទេះដឹកទៅលក់តាមភូមិឃុំនិគមជនបទផ្សេង ៗ ជាប្រចាំ ប៉ុន្តែពុំដែលទៅក្រុងសាវត្ថីម្តងណាឡើយ ។ លុះត្រៀមរៀបចំអីវ៉ាន់រួចរាល់ហើយ ក្បួនរទេះដ៏វែងអន្លាយក៏ចាកចរបរចេញពីក្រុងពារាណសីឆ្ពោះទៅទិសខាងជើង លោកសេដ្ឋីនិងធីតាតូចជិះក្នុងរទេះមួយដោយឡែកមិនផ្ទុកទំនិញណា ៗទេប៉ុន្តែមានការតាក់តែងស្អិតស្អាងជាពិសេស ដើម្បីឲ្យជាយានពាហនៈរបស់ឪពុកនិងកូនដោយចំពោះ ។ បន្ទាប់ពីដំណើរដើរផ្លូវឈប់សំចតអស់ជាច្រើនរាត្រីមក ក្បួនរទេះរបស់លោកសេដ្ឋីក៏មកដល់ក្រុងសាវត្ថីដោយសុវត្ថិភាព នៅល្ងាចថ្ងៃមួយ រត្តបាណីបានចង្អុលប្រាប់បិតាឲ្យមើលព្រះអារាមបណ្តើរនិយាយចេញមកយ៉ាងរំភើបបណ្តើរថា "នុះឯងជាព្រះជេតវនារាម ! នុះឯងជាព្រះជេតវនារាម ! " កាលបើមេត្តិយសេដ្ឋីឃើញធីតាតូចរបស់ខ្លួនអាចប្រាប់ឈ្មោះទីកន្លែងបានដោយគ្មានអ្នកណាប្រាប់មកពីមុនដូច្នោះ ក៏កើតអាការចម្លែកឆ្លែកចិត្តនិងជឿជាក់ថា រឿងរ៉ាវផ្សេង ៗដែលធីតាតូចធ្លាប់តំណាលឲ្យស្តាប់ ប្រាកដជារឿងរ៉ាវពិតមែន ប៉ុន្តែមិនបានឆ្លើយតបអ្វីទេ បានត្រឹមតែអើអទៅតាមនាងប៉ុណ្ណោះ ។ បន្ទាប់ពីសម្តែងអាការរំភើបត្រេកអរមួយស្របក់មក រត្តបាណីក៏និយាយចេញមកយ៉ាងស្រងេះស្រងោចថា "ព្រះជេតវនារាម ព្រះរេវត្តៈធ្លាប់គង់នៅទីនោះ ចុះពេលនេះលោកបងរេវត្តៈគង់នៅឯណា?" និយាយហើយនាងសម្លឹងមើលព្រះជេតវនារាមដោយទឹកភ្នែករលីងរលោង ។ "រត្តបាណី ! កូនកើតអីហ្នឹង?" លោកសេដ្ឋីសួរធីតាតូចដោយសេចក្តីស្លន់ចិត្តដែលឃើញនាងប្រែពីរំភើបត្រេកអរទៅជាយំខ្សឹកខ្សួល "លីលាវតីនឹកដល់លោកបងរេវត្តៈ "នាងឆ្លើយត្រង់ ៗតាមនិស្ស័យក្មេង "ចុះរេវត្តៈហ្នឹងជានរណា?" បិតាសួរដោយសេចក្តីងឿងឆ្ងល់ "រេវត្តៈជាគូស្នេហ៍របស់លីលាវតី គេធ្លាប់គង់នៅឯព្រះជេតវនារាមនេះ" រត្តបាណីឆ្លើយតបទាំងមានទឹកភ្នែកហូររហាមជោកក្រពុំផ្ទាល់ នាងអង្គុយស្ងៀមស្រមៀនយ៉ាងយូរ បិតាសម្លឹងឃើញកិរិយាចម្លែករបស់ធីតាតូចដោយសោកសង្រេងចិត្តពន់ពេក ។ មួយស្របក់ធំកន្លងទៅ រត្តបាណីទើបនិយាយឡើងដោយសូរសម្លេងនិងអាការរំភើបថា "លីលាវតីនឹកឃើញហើយ ! នឹកឃើញហើយ ! លោកបងរេវត្តៈគង់នៅឯក្រុងរាជគ្រឹះ រាជធានីនៃមគធរដ្ឋ" នាងងាកទៅបិតាហើយសួរយ៉ាងប្រញាប់ប្រញាល់ថា "លោកប៉ា ! ក្រុងរាជគ្រឹះនៅឯណា? ឆ្ងាយណាស់មែនទេ?" "នៅក្នងមគធរដ្ឋ" លោកសេដ្ឋីឆ្លើយតបហាក់នឹងថាងេងងោងស្រឡាំងកាំង "ឆ្ងាយពីទីនេះខ្លាំងណាស់ កូនសម្លាញ់ ! ឆ្ងាយណាស់ ជួនកាលក្នុងជាតិនេះ ប៉ាប្រហែលជាគ្មានឱកាសបានទៅឃើញក្រុងរាជគ្រឹះនេះទេ" បន្ទាប់ពីនោះមក រត្តបាណីក៏ទៅជាស្ងប់ស្ងៀមយ៉ាងចម្លែក មិននិយាយស្តីអ្វីទៀត គ្រាន់តែយំសសឹកតិច ៗ ម្តងម្កាល នៅទីបំផុត ក្បួនរទេះដ៏វែងអន្លាយនោះក៏បរឆ្លងកាត់ផុតព្រះជេតវនារាមមកដល់ទ្វារក្រុងសាវត្ថី ដោយពាក្យបង្គាប់បញ្ជារបស់លោកសេដ្ឋី ក្បួនរទេះទាំងអស់ក៏ឈប់ចតបោះជំរំសម្រាកនៅកណ្តាលវាលស្រែក្បែរទ្វារក្រុងសាវត្ថីនោះឯង ព្រោះសង្កេតឃើញថាជាកន្លែងសមរម្យ ងាយស្រួលក្នុងការស្វែងរកស្មៅនិងទឹកឲ្យគោ ពួកឈ្មួញដង្ខៅបានចតរទេះដោយបែរមុខទៅរកគ្នា ជារង្វង់មូលធំល្វឹង ឲ្យហ្វូងគោនៅខាងក្នុង ហើយក៏រៀបរបដណ្តាំអាហារទទួលទាន ព្រោះថាខណៈនោះជាថ្ងៃល្ងាចណាស់ទៅហើយ ។

No comments:

Post a Comment