៥.កម្មលិខិត

នៅពេលការតស៊ូសម្តីវគ្គដំបូងចប់ហើយ ប្រជាជនទាំងពួងក៏មើលឃើញបានយ៉ាងច្បាស់ថា ព្រះរេវត្តត្ថេរៈអ្នកតំណាងពុទ្ធបរិស័ទជាភាគីបានប្រៀប ព្រោះអាចដោះស្រាយបទចោទសួររបស់គូតស៊ូបានយ៉ាងប្រសើរ ទាំងអាចប្រដេញប្រដៅគូតស៊ូត្រាតែទាល់ច្រកនិយាយមិនចេញ ប្រជាជនដែលនៅបរិវេណខាងក្រៅដែលធ្លាប់ នឹកបារម្ភថាភាគីពុទ្ធបរិស័ទនឹងភ្លាំងភ្លាត់ ចាប់ផ្តើមមានសេចក្តីសង្ឃឹមនិងជំនឿទុកចិត្តថា ពុទ្ធបរិស័ទនឹងជាភាគី ឈ្នះការតស៊ូសម្តីជាប្រវត្តិសាស្រ្តនៅគ្រានេះយ៉ាងពិតប្រាកដ
គ្រាន់តែនិគ្រន្ថជរាអ្នកធ្វើមុខងារជាប្រធាននិយាយចប់និងអង្គុយចុះភ្លាម ព្រះរេវត្តត្ថេរៈក៏មាថេរដីកាឡើងថា
"អរគុណច្រើន លោកប្រធាន ! ដែលបើកឱកាសឲ្យខ្ញុំកូរណាជាអ្នកចោទសួរម្តង សំណួរដែលខ្ញុំកូរណានឹងសួរតទៅនេះជាសំណួរស្តីអំពីពាក្យប្រៀនប្រដៅខ្លះក្នុងលទ្ធិរបស់លោកម្ចាស់ហ្នឹងឯង គោលបំណងដែលត្រូវសួរ គឺ ដើម្បីឲ្យយល់ដឹងច្បាស់ត្រង់ចំណុចដែលខ្ញុំកូរណានិងអ្នកស្តាប់មួយចំនួននៅស្រវាក់ស្រវាន់សង្ស័យ មិនមែនឆ្លើយឆ្លងយកចាញ់យកឈ្នះទេ គ្មានចេតនាអាក្រក់នឹងបង្កាច់បង្ខូចញច់ញីលទ្ធិសាសនារបស់លោកម្ចាស់ឡើយ ជាដំបូង ខ្ញុំកូរណាចង់សួរថា លទ្ធិនិគ្រន្ថរបស់លោកម្ចាស់ជាលទ្ធិកម្មវាទ ប្រកាន់ខ្ជាប់ក្នុងគោលការណ៍កម្ម មែនទេ? "
"មែន" វីរសីហៈឆ្លើយតប
"ខ្ញុំកូរណាក៏បានស្តាប់ឮមកអញ្ចឹងដែរ" ព្រះរេវត្តត្ថេរៈមានថេរដីកាតទៅ "ប៉ុន្តែនៅមិនទាន់យល់ច្បាស់ស្រឡះក្នុងចិត្តថា លទ្ធិកម្មវាទរបស់លោកម្ចាស់មានអត្ថន័យសេចក្តីសេចក្តាំអម្បាលណាទេ? ខ្ញុំកូរណាសូមនិមន្តលោកម្ចាស់អធិប្បាយពន្យល់គោលការណ៍របស់កម្មក្នុងសាសនារបស់លោកម្ចាស់ឲ្យខ្ញុំកូរណាស្តាប់សិន"
"លោករេវត្តៈអ្នកមានអាយុ ! " វីរសីហៈចាប់ផ្តើមអធិប្បាយ "គោលការណ៍កម្មក្នុងសាសនារបស់យើងមាន លក្ខណៈផ្សេងទីទៃពីកម្មក្នុងសាសនារបស់លោកខ្លះ គឺ គោលការណ៍កម្មក្នុងសាសនារបស់លោកប្រកាន់ថា ការធ្វើដែលចាត់ជាកម្មបាននោះតោងតែមាន 'ចេតនា' ឬសេចក្តីតាំងចិត្តឬផ្គងចិត្តផង ទើបចាត់ជាកម្មបាន ដូចជា ធ្វើដោយចេតនា និយាយដោយចេតនា គិតដោយចេតនា បើធ្វើនិយាយគិតដោយមិនតាំងចិត្តមិនចាត់ជាកម្មនិងគ្មានផលទេ ចំណែកឯក្នុងសាសនារបស់យើង យើងចាត់ទុកថា ការធ្វើ ការនិយាយ និង ការគិត ទោះមានចេតនាឬគ្មានចេតនាក៏ដោយ ចាត់ជាកម្មនិងមានផលទាំងអស់ ព្រោះហេតុនោះ គោលការណ៍កម្ម របស់លោកទើបគ្រើមគ្រាតជាង និង មានព្រំដែនកម្រិត រីឯគោលការណ៍កម្មរបស់យើងល្អិតល្អន់ជាង និងមានព្រំដែនធំទូលាយជាង"
"អរគុណច្រើន លោកវីរសីហៈ ! " ព្រះថេរៈមានថេរដីកាឡើង "តាមដែលខ្ញុំកូរណាស្តាប់លោកម្ចាស់អធិប្បាយមកឃើញថា គោលការណ៍កម្មរបស់លោកល្អិតល្អន់មែន និងមានព្រំដែនធំទូលាយជាងរបស់យើង ប៉ុន្តែខ្ញុំកូរណាក៏នៅសង្ស័យតទៅទៀតថា បើការធ្វើ ការនិយាយ ការគិតគ្រប់យ៉ាងទោះមានចេតនាឬគ្មានចេតនា ក៏ដោយចាត់ជាកម្មទាំងអស់ យើងមុខជានឹងទទួលផលមិនខាន កម្មដែលមនុស្សឆ្គួតវិកលចរិតធ្វើ និង កម្មដែលមនុស្សធម្មតាធ្វើ ក៏មានផលស្មើគ្នា កម្មដែលមនុស្សដេកលក់មមើធ្វើ និង កម្មដែលមនុស្សភ្ញាក់ដឹងខ្លួនធ្វើ ក៏មានផលស្មើគ្នា កម្មខ្លះដែលសត្វធ្វើនិងកម្មខ្លះដែលមនុស្សធ្វើ ក៏មានផលស្មើគ្នា អញ្ចឹងមែនទេ?"
"មែន" វីរសីហៈឆ្លើយយ៉ាងជឿជាក់
"បើអញ្ចឹង មនុស្សឆ្គួតធ្វើបាប និង អ្នកប្រាជ្ញធ្វើបាប ទាំង ២ នាក់ក៏ធ្លាក់នរកដូចគ្នាមែនទេ?"ព្រះថេរៈសួរទៀត
"មុននឹងខ្ញុំកូរណាឆ្លើយតប ខ្ញុំកូរណាសូមសួរឡងលោកវិញសិន ធម្មតា ភ្លើងជារបស់ក្តៅមែនទេ?"
"មែន "ព្រះរេវត្តៈឆ្លើយតប
"មនុស្សឆ្គួតយកដៃទៅចាប់ភ្លើង និង អ្នកប្រាជ្ញយកដៃទៅចាប់ភ្លើង តើអ្នកទាំង ២ សោយអារម្មណ៍ក្តៅដូចគ្នាទេ?" វីរសីហៈសួរយ៉ាងបានចង្វាក់
"ក្តៅដែរ"ព្រះថេរៈឆ្លើយទទួល
"បើអញ្ចឹង មនុស្សឆ្គួតធ្វើបាប និង អ្នកប្រាជ្ញធ្វើបាបក៏ធ្លាក់នរកដូចគ្នាហ្នឹងឯង"
ចម្លើយព្រមទាំងសេចក្តីប្រៀបធៀបដ៏ប្រាជ្ញប្រាយរបស់វីរសីហៈធ្វើឲ្យអ្នកតំណាងពុទ្ធបរិស័ទភីងភាំងមួយ ស្របក់ ព្រមជាមួយគ្នានោះ សាវ័ករបស់និគ្រន្ថក៏មានទឹកមុខញញឹមញញែមស្រស់ស្រាយ មនុស្សទាំងអស់សម្លឹងមើលវីរសីហៈដោយកែវភ្នែកសម្តែងថោមនាការ ចំណែកខាងពុទ្ធបរិស័ទសម្លឹងមើលព្រះរេវត្តៈដោយកង្វល់ខ្វល់ចិត្ត
"គោលធម៌របស់លោកស្តាប់មើលទៅ ឃើញថា ផ្តល់យុត្តិធម៌ល្អណាស់"ព្រះថេរៈនិយាយឡើងនៅទីបំផុត
"ព្រោះទោះបីអ្នកណាធ្វើល្អឬអាក្រក់ក៏ឲ្យផលស្មើគ្នា ទោះមានសេចក្តីតាំងចិត្តឬគ្មានសេចក្តីតាំងចិត្តក៏ឲ្យផល ស្មើគ្នា ប៉ុន្តែខ្ញុំកូរណាចង់សួរបញ្ជាក់ម្តងទៀតថា ការដែលដើមឈើណាមួយរលំចាត់ជាកម្មឬទេ?"
"ចាត់ជាកម្មដែរ" វីរសីហៈឆ្លើយដោយអាការស្រស់ស្រាយ "ល្មមសង្គ្រោះចូលជាកម្មបាន"
"បើដើមឈើដែលរលំនោះលោជាទៅសង្កត់មនុស្សស្លាប់ លោកវីរសីហៈ ! តើដើមឈើនោះមានបាបទេ?"
វីរសីហៈអួលអាក់ស្ទាក់ស្ទើរមួយស្របក់ហើយឆ្លើយតបដោយមិនសូវជឿជាក់ថា "គិតថា មានបាបដែរ"
"សាធុ លោកវីរសីហៈ ! បើដើមឈើរលំសង្កត់មនុស្សបានបាប ខ្យល់បក់ផាត់ផ្ទះសម្បែងខ្ចាត់ខ្ចើងប៉ើងរលំទៅក៏បានបាប ភ្លើងឆេះផ្ទះមនុស្សខូចខាតហិនហោចអស់ ភ្លើងក៏បានបាប ទឹកព្រៃជោរហូរមកជន់លិចសន្ទូងក្នុងស្រែរបស់អ្នកស្រុក ទឹកក៏បានបាប ដីបាក់ទ្រេលឬស្រុតសង្កត់មនុស្សស្លាប់ ដីក៏បានបាប តើយ៉ាងនោះមែនទេ?"
វីរសីហៈសម្តែងសេចក្តីព្រែកចិត្តយ៉ាងច្បាស់ ប៉ុន្តែក៏ឆ្លើយទៅតាមគោលការណ៍ដើមរបស់ខ្លួនថា
"បានបាបទាំងអស់"
"សាធុជនទាំងឡាយ ! "ព្រះរេវត្តៈបែរទៅប្រកាសដល់ហ្វូងមហាជន "សូមឲ្យសាធុជនទាំងឡាយជួយស្តាប់មើលថា តាមគោលការណ៍កម្មរបស់លទ្ធិនិគ្រន្ថនោះ ការធ្វើរបស់សារពើវត្ថុទោះមានចេតនាឬគ្មានចេតនាក៏ដោយចាត់ជាកម្មទាំងអស់ បើមនុស្សម្នាក់សម្លាប់មនុស្សម្នាក់ទៀតស្លាប់ដោយចេតនាក៏ស្មើនឹងការដែលដើមឈើដួលរលំសង្កត់មនុស្សស្លាប់ ដើមឈើនិងមនុស្ស ឈ្មោះថា ធ្វើបាបដូចគ្នា សម្រាប់មនុស្សមុខជានឹងទៅធ្លាក់នរកមិនខាន ប៉ុន្តែចុះដើមឈើដែលធ្វើបាបនោះនឹងធ្លាក់នរកដែរឬ? ខ្ញុំកូរណាអាត្មាមិនដឹងទេ ភ្លើងដែលឆេះផ្ទះមនុស្សហើយ ភ្លើងនឹងធ្លាក់នរកដែរឬ? ខ្ញុំកូរណាអាត្មាមិនដឹងទេ ហើយក៏មិនសួរដេញដោល លោកវីរសីហៈនាំឲ្យខាតពេលដែរ សូមឲ្យសាធុជនទាំងឡាយពិចារណាមើលចុះថាតើគោលធម៌ដ៏ធំទូលាយ របស់លោកមានហេតុផលគួរឲ្យជឿកាន់បានឬទេ ខ្ញុំកូរណាចង់សួររឿងកម្មតទៅទៀត បើបុគ្គលធ្វើកម្មហើយ តើកម្មឲ្យផលដូចម្តេច? "
"កម្មដែលបុគ្គលធ្វើហើយនឹងនាំឲ្យកើតសរីរៈ ចិត្ត សតិ បញ្ញា និង សុខទុកទាំងពួងក្នុងជាតិតទៅ ព្រោះហេតុនោះ អ្វី ៗដែលយើងបានទទួលក្នុងជាតិនេះជាផលនៃកម្មចាស់ដែលយើងបានធ្វើទុកក្នុងជាតិមុនទាំងអស់" វីរសីហៈអធិប្បាយយ៉ាងស្ទាត់ជំនាញ
"ខ្ញុំកូរណានៅពិភាល់សង្ស័យចំពោះអាថ៌សេចក្តីដែលលោកម្ចាស់ពោលថា សុខទុក្ខទាំងពួងដែលយើងបានទទួលនៅពេលនេះជាផលនៃកម្មចាស់ទាំងអស់ ខ្ញុំកូរណាចង់សួរតទៅទៀតថា បើលោកម្ចាស់បំពេញតបៈ លត់ដំខ្លួនឲ្យលំបាកដោយប្រការផ្សេង ៗនោះ តើលោកម្ចាស់បានទទួលទុក្ខវេទនាទេ?"
"បានទទួល" វីរសីហៈឆ្លើយ
"ទុក្ខវេទនានោះចាត់ជាសុខឬជាទុក្ខ?"
"ចាត់ជាទុក្ខ"វីរសីហៈឆ្លើយដោយអាការងឿងងាំង
"ប្រពៃណាស់ លោកវីរសីហៈអ្នកមានអាយុ ! ខ្ញុំកូរណាចង់សួរលោកថា ទុក្ខលំបាកដែលកើតចេញពីការបំពេញតបៈនោះជាផលនៃកម្មចាស់ក្នុងជាតិមុនឬជាផលនៃការធ្វើរបស់
លោកក្នុងជាតិនេះ?"
វីរសីហៈបានអង្គុយស្ងៀមទ្រមឹងព្រោះតុញទាល់ចំពោះហេតុផលរបស់ព្រះថេរៈ នៅពេលឃើញបានចង្វាក់ ព្រះថេរៈបានសួរសំណួរទៀតថា
"លោកវីរសីហៈ ! សូមឆ្លើយតាមការពិតមកចុះថាតើទុក្ខលំបាកនោះកើតពីកម្មក្នុងអតីតជាតិឬកើតពីកម្មក្នុងជាតិនេះ?"
ទោះបីព្រះថេរៈសួរម្តងទៀតជាលើកទី ៣ វីរសីហៈក៏នៅតែអង្គុយស្ងៀមកំប្រោនមិនឆ្លើយតបដដែល ព្រោះបើឆ្លើយតបតាមការពិត ក៏តោងតែឆ្លើយតបថា ទុក្ខលំបាកនោះជាផលនៃការធ្វើរបស់ខ្លួនក្នុងជាតិនេះ ចម្លើយបែបនោះនឹងទើសទាស់ចំពោះអំណះអំណាងរបស់ខ្លួនឯងថា សុខទុក្ខទាំងពួងជាផលនៃកម្មចាស់ ក្នុងអតីតជាតិ វីរសីហៈទើបរកច្រកចេញដោយការអង្គុយស្ងៀម
"លោកប្រធាន ! "ព្រះថេរៈមានថេរដីកានឹងនិគ្រន្ថជរា "ខ្ញុំកូរណាបានសាកសួរលោកវីរសីហៈដោយសំណួរតែមួយដល់ទៅ ៣ ដង ប៉ុន្តែលោកក៏នៅតែមិនព្រមឆ្លើយតប សម្តែងថា លោកមិនអាចឆ្លើយតបសំណួរចោទ សួររបស់ខ្ញុំកូរណាបានទេ ហេតុនោះ ខ្ញុំកូរណាទើបគួរបាន ១  ពិន្ទុនៅពេលនេះ"
នៅទីបំផុត និគ្រន្ថជរាជាប្រធានក៏ត្រូវប្រគល់ពិន្ទុដល់ភាគីពុទ្ធបរិស័ទ ១ ពិន្ទុ ពុទ្ធសាសនិកជនទាំងពួងក្នុងមហាសន្និបាតនោះបន្លឺសម្លេងសាធុការឮទ្រហឹងអឺងកងពេញទាំងអារាម ញ៉ាំងអំណាប់អាប់អន់អាម៉ាស់ឲ្យកើតដល់និគ្រន្ថបរិស័ទជាពន់ប្រមាណ 
ឥឡូវនេះ ដល់វេនរបស់អ្នកតំណាងភាគីនិគ្រន្ថចោទសួរវិញម្តង វីរសីហៈបាននិយាយឡើងដោយសម្លេងញ័រ ទទីទទ័រព្រោះកំហឹងនិងសេចក្តីខ្មាសអៀនថា
"លោករេវត្តៈអ្នកមានអាយុ ! លោកកុំអាលអររអឹកកខិបកខុបថា លោកបានពិន្ទុនាំមុខខ្ញុំកូរណាទៅ ១ ពិន្ទុឲ្យសោះ ម្តងនេះ ខ្ញុំកូរណានឹងដេញដោលកៀងគរលោកឲ្យទាល់តែតុះតុញ យកពិន្ទុស្មើនឹងលោកឲ្យបាន"
"សូមនិមន្តលោកវីរសីហៈអ្នកមានអាយុចោទសួរបានតាមចំណង់ចិត្តចុះ"ព្រះថេរៈមានថេរដីកាដោយចង្វាក់
សម្លេងធម្មតា "បើខ្ញុំកូរណាឆ្លើយតបសំណួរចោទសួររបស់លោកបាន លោកក៏មិនបានពិន្ទុហ្នឹងឯង ប៉ុន្តែបើខ្ញុំកូរណាទញ់ទាល់ហេតុផលរបស់លោក ឆ្លើយដោះស្រាយសំណួរចោទសួររបស់លោកមិនបានទេ លោកក៏បានពិន្ទុតាមកតិកាដែលយល់ព្រមគ្នាហើយ សូមនិមន្តលោកចោទសួរចុះ"
"តាមលទ្ធិពាក្យប្រៀនប្រដៅរបស់ព្រះសមណគោតមនោះ ទង្វើដែលប្រកបដោយការតាំងចិត្តបានចាត់ជាកម្ម មែនឬទេ?" វីរសីហៈចោទសួរអំពីរឿងកម្មទៀត
"មែន" ព្រះថេរៈឆ្លើយអះអាង
"ទង្វើដោយអចេតនា មិនបានតាំងចិត្តធ្វើ មិនចាត់ជាកម្ម មែនឬទេ?"
"មែន" ព្រះថេរៈអះអាងដូចដើម 
"ល្អណាស់ លោករេវត្តៈអ្នកមានអាយុ ! សូមលោកចាំពាក្យសម្តីរបស់លោកឲ្យបានល្អ ខ្ញុំកូរណាចង់សួរតទៅទៀតថា បើលោកមិនដឹង មិនឃើញ មិនមានចេតនា ប៉ុន្តែដើរទៅជាន់ហ្វូងស្រមោចស្លាប់ តើស្រមោចនោះស្លាប់ព្រោះទង្វើរបស់លោកឬទេ?"
"ស្លាប់ហ្នឹងឯង លោកវីរសីហៈ ! "
និគ្រន្ថវីរសីហៈញញឹមចំពោះចម្លើយដោះស្រាយរបស់ព្រះថេរៈយ៉ាងមានសង្ឃឹម ហើយសួរតទៅទៀតថា
"លុះតមក លោកដឹងថា លោកជាន់ហ្វូងស្រមោចស្លាប់ដោយអចេតនា លោកឃើញហ្វូងស្រមោចស្លាប់   ត្រៀបត្រាក្បែរជើងរបស់លោក លោកនឹកអាណិតស្រមោចទាំងនោះនិងសោកស្តាយចំពោះទង្វើដោយអចេតនារបស់លោកឬទេ?"
"ខ្ញុំកូរណាពិតជាអាណិតហ្វូងស្រមោចនិងសោកស្តាយយ៉ាងខ្លាំង"
"លោករេវត្តៈ ! " វីរសីហៈនិយាយយ៉ាងទ្រនង់ចិត្ត "កាលបើលោកជាន់ស្រមោចស្លាប់ដោយអចេតនា ស្រមោចក៏ស្លាប់ដូចយ៉ាងជាន់ដោយចេតនាទាំងលោកក៏កើតទឹកចិត្តអាណិតអាសូរស្រមោចរងគ្រោះ
ទាំងនោះទាំងស្តាយស្រណោះចំពោះទង្វើរបស់ខ្លួន ហ្នឹងឯងសម្តែងឲ្យឃើញថា កម្មដែលលោកធ្វើដោយអចេតនានោះក៏មានផលដូចយ៉ាងកម្មដែលធ្វើដោយចេតនាដែរ"
សំណួរដ៏ឈ្លាសវៃរបស់វីរសីហៈធ្វើឲ្យព្រះថេរៈស្ងៀមឈឹងទ្រឹងតែម្តង ។
  
ប្រភពៈ http://www.khmerbuddhism.ca

No comments:

Post a Comment