Tuesday, October 30, 2018

ចេះស្រឡាញ់ត្រូវចេះថែ



ពាក្យថាប្ដីប្រពន្ធ គឺមានន័យថារាងកាយពីរចិត្តមួយ ។ ការមានពលីកម្មចំពោះគ្នាទៅវិញទៅមក ហៅថាក្ដីស្រឡាញ់ ។ ស្រឡាញ់ជាពាក្យខ្លី គឺមានន័យថាមេត្តាចេះលើកលែង តែចេះកែតម្រូវ

ជីវិតគ្រួសារ ប្រៀបដូចមនុស្សមួយក្រុមជិះទូកតែមួយ ត្រូវចេះអប់រំណែនាំគ្នា(ចេះមេត្ដា) ចេះស្ដាប់គ្នា ចេះជួយចូកជួយចែវ(ចេះជួយគ្នា) ចេះមើលថែការពារ(គ្រួសារ) ចេះគោរព ចេះឲ្យតម្លៃ ។ ទូកអាចអណ្ដែត អាស្រ័យអ្នកជិះចេះសាមគ្គីគ្នា គ្រួសារអាចមានសុភមង្គល អាស្រ័យសមាជិកចេះមានមេត្តាចំពោះគ្នា

ការយកចិត្តទុកដាក់ ចំពោះមនុស្សដែលយើងស្រឡាញ់ គឺប្រៀបដូចជាការថែសួនច្បារ គឺមានតែប្រើក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ថែរក្សាទេ ទើបសួនច្បារអាចមានបរិយាកាសស្រស់ស្អាតបានយូរអង្វែង ហើយមានតែការយកចិត្តទុកដាក់ផ្ដល់ភាពសំខាន់ចំពោះគ្នា និងការផ្ដល់មេត្តាទៅវិញទៅមកប៉ុណ្ណោះ ទើបជីវិតគ្រួសារអាចមានសុភមង្គលយូរអង្វែងបាន ៕

Cr. ប្រាជ្ញាជីវិត

Saturday, October 27, 2018

រឿងពីមុន



ពីមុនខ្ញុំជាមនុស្សដែលចំណាយពេលភ័យខ្លាចខ្វាយខ្វល់ថាគេនឹងបោះបង់។ ទីបំផុតការភ័យខ្លាចនោះវាក៏កើតឡើង។ គេបានបោះបង់ខ្ញុំចោល...! មេរៀនពីការឈឺចាប់មួយនោះវាធ្វើឲ្យខ្ញុំរកឃើញខ្លួនឯងថាជានរណា។ រហូតមកដល់ពេលនេះ ទើបខ្ញុំចាប់ផ្ដើមគិតឃើញថាខ្ញុំមិនគួរចំណាយពេលវេលាទៅភ័យខ្លាចលើរឿងទាំងនោះទេ។ ម្ដេចបានជាខ្ញុំនឹកមិនឃើញថាត្រូវធ្វើជាមនុស្សម្នាក់ដែលគេខ្លាចនៅក្នុងការបាត់បង់ខ្ញុំ។ បើខ្ញុំមានតម្លៃគ្រប់គ្រាន់សម្រាប់គេ គេនឹងយកចិត្តទុកដាក់លើខ្ញុំច្រើនជាងនេះ ប៉ុន្តែតម្រូវការរបស់គេគ្មានថ្ងៃគ្រប់គ្រាន់ទេ។ អ៊ីចឹងហើយក្រោយពីបានឆ្លងកាត់មេរៀនមួយនោះ ខ្ញុំក៏ចាប់ផ្ដើមមើលឃើញពីតម្លៃខ្លួនឯងកាន់តែច្រើន។ ខ្ញុំស្រលាញ់ខ្លួនឯងខ្លាំង នៅពេលដែលគ្រប់របត់ជីវិតបត់បែនប្ដូរផ្លាស់មិនឈប់ ខ្លួនឯងក៏នៅតែជាទីពឹងរបស់ខ្លួនរហូតមក។

ខ្ញុំធ្លាប់យំដោយស្ងៀមស្ងាត់ ហើយក៏ធ្លាប់យកភាពស្ងៀមស្ងាត់នេះមកគិតឡើងវិញអំពីរឿងរ៉ាវដែលជីវិតនេះបានឆ្លងកាត់មក។ ខ្ញុំគោរពខ្លួនឯងត្រង់កាលដែលអ្នកដទៃគេមើលមិនឃើញតម្លៃអ្វីសោះចំពោះខ្ញុំ ប៉ុន្តែខ្ញុំបែរជាផ្ដល់តម្លៃឲ្យខ្លួនឯងច្រើនលើសលប់។ ខ្ញុំគោរពត្រង់ដែលគេចាកចេញទៅដោយមិនស្ដាយស្រណោះចំពោះវត្តមានខ្ញុំ ប៉ុន្តែខ្ញុំបែរជាជ្រើសរើសយកបំណែកនៃការឈឺចាប់ទាំងឡាយមកផ្ដុំគ្នាសាងបង្កើតនូវអ្វីជាច្រើនដែលមានតម្លៃសម្រាប់មនុស្សជុំវិញខ្លួន។ ខ្ញុំគោរពដែលខ្ញុំមិនបានជ្រើសរើសយកផ្លូវស្លាប់ព្រោះមនុស្សដែលធ្វើឲ្យខ្ញុំឈឺចាប់ ប៉ុន្តែខ្ញុំបានប្រឹងប្រែងរស់នៅដើម្បីមនុស្សដែលបានផ្ដល់ក្ដីស្រលាញ់យ៉ាងច្រើនចំពោះខ្ញុំ

អរគុណមនុស្សគ្រប់គ្នាសម្រាប់គ្រប់យ៉ាងដែលយើងឆ្លងកាត់មកជាមួយគ្នា។ មនុស្សដែលចាកចេញទៅនោះក៏បានទុកនូវមេរៀនល្អៗសម្រាប់ជីវិតខ្ញុំ។ ខ្ញុំមិនដឹងទេ ថាបើគ្មានរឿងនៅថ្ងៃនោះកើតឡើង តើខ្ញុំនឹងមានថ្ងៃនេះដែរឬអត់? អរគុណមនុស្សដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ខ្ញុំរហូតមក។ ខ្ញុំគិតមិនដល់ទេថាប្រសិនបើគ្មានការផ្ដល់កម្លាំងចិត្តពីអ្នកគ្រប់គ្នា ខ្សែជីវិតនេះវានឹងរសាត់អណ្ដែតទៅមុខយ៉ាងដូចម្ដេច។ អរគុណចំពោះខ្លួនឯងផងដែរ ដែលចេះអត់ធ្មត់ ហើយអាចរៀនសូត្រពីកំហុសជាច្រើនក្នុងអតីកាល និងប្រឹងរស់រហូតដល់ថ្ងៃនេះ...៕

Cr. កូន ចាបមាស

Friday, October 26, 2018

សាកល្បងបរាជ័យ



ប្រសិនយើងមិនធ្លាប់បរាជ័យនោះទេ នោះប្រហែលយើងមិនដែលបានធ្វើអ្វីធំដុំនោះទេ ពេលយើងបរាជ័យលើកិច្ចការអ្វីមួយដែលយើងបានព្យាយាមអស់លទ្ឋភាពហើយនោះ វាក៏ស័ក្ដិសមជាងការដែលយើងមិនបានយកចិត្តទុក្ខដាក់នោះដែរ។ រាល់លើកដែលយើងបរាជ័យ ឲ្យតែយើងទទួលស្គាល់និងយល់ពីវា ខ្ញុំគិតថាយើងនឹងមានឱកាសជោគជ័យកាន់តែច្រើនទៅវិញ ហើយខ្ញុំកម្រឃើញមានមនុស្សដែលមានស្នាដៃជោគជ័យធំៗណាម្នាក់ដែលមិនធ្លាប់ជួបការបរាជ័យក្នុងមួយឆាកជីវិតណាស់។ មនុស្សដែលចង់បានតែភាពជោគជ័យ ហើយខ្លាចភាពបរាជ័យ គាត់មុខតែមិនអាចចាប់ផ្តើមធ្វើអ្វីឲ្យបាននោះឡើយ គឺគាត់រវល់តែខ្លាចថាខ្លួនឯងចាញ់ ខ្លាចខ្លួនឯងអន់ និង ខ្លាចខាតបង់ជាដើម។ ការពិតណាស់ គ្រប់យ៉ាងដែលអស្ចារ្យសុទ្ធតែមានតម្លៃដែលយើងត្រូវចំណាយដើម្បីទទួលបានវា តម្លៃនោះមិនប្រាកដថា ត្រូវបានកំណត់ស្មើរគ្នាសម្រាប់មនុ​ស្សគ្រប់គ្នា និងមិនប្រាកដថាតម្រូវឲ្យបង់ជាទឹកប្រាក់នោះឡើយ។ ពេលខ្លះតម្លៃនៃភាពជោគជ័យដែលយើងចង់បាន​គឺតម្រូវឲ្យយើងទូទាត់វាជាមួយភាពបរាជ័យនេះផងក៏ថាបាន។

Cr. Leanghong Oeng

Thursday, October 25, 2018

គេលែងចង់គិតហើយ? ...




គេលែងចង់គិតហើយរឿងដាំបន្លែក្នុងផ្ទះ តែគេចង់គិតរកតែលុយដើម្បីទិញបន្លែពីផ្សារ។

គេលែងចង់គិតហើយរឿងចិញ្ចឹមមាន់ទា ជ្រូកក្នុងផ្ទះ តែគេគិតសុខចិត្តហូបសាច់ផ្សំថ្នាំពីផ្សារ

គេលែងចង់គិតហើយរឿងជួយគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍ តែគេគិតខ្លាចមានរឿងដល់ខ្លួនគេ ហើយសុខចិត្តដើរចេញទុកឲ្យស្លាប់

គេលែងចង់គិតហើយរឿងធ្វើរបងបង្គោលញាតិ តែគេគិតចង់ត្រឹមធ្វើរបងបង្គោលឈើ ឬថ្ម

គេលែងចង់គិតហើយរឿងស្ទូងស្រូវល្មមហូប តែគេគិតថាព្រោះស្រូវឲ្យច្រើនដើម្បីលក់ដោះបំណុល ហើយរត់ទៅធ្វើការងារមិនទៀងទាត់ផ្សេងទៀត

គេលែងចង់គិតហើយរឿងសីលធម៌ គុណធម៌ តែគេគិតតែរឿងល្បិចកុហកច្រើនរៀងរហូតដើម្បីចំណេញតិចតួចរៀងរហូត។

គេលែងចង់គិតហើយរឿងកីតម្បាញ ក្រម៉ា សូត្រ ត្បាញកន្ទេល ធ្វើទ្រូ ធ្វើរទេះ មួក ចម្លាក់ ស្មួន... តែគេគិតថា របស់កូរ៉េល្អ របស់ថៃជាប់បានយូរ របស់ជប៉ុន ខ្លាំងហើយធន់

គេលែងចង់គិតហើយរឿងសាងទំនាក់ទំនងដោយការផឹកតែប៉ុន្តែគេគិតថាបើចង់រាប់អានគ្នាត្រូវដាក់មួយកេស(១លីត្រ)។

គេលែងចង់គិតហើយរឿងនិទានរឿងឲ្យកូនស្ដាប់? តែគេគិតទិញទូរទស្សន៍ដើម្បីឲ្យទូរទស្សន៍និទានរឿង ច្រៀងចម្រៀង និង បង្ហាញសកម្មភាពចម្លែកៗ ឬទិញទូរសព្ទដៃទំនើបឲ្យកូនចុចលេង។

គេលែងចង់គិតហើយរឿងទឹកដីដ៏ថ្លៃ តែគេចង់គិតរឿងទឹកដោះដ៏ថ្លៃ

គេលែងចង់គិតហើយរឿង យល់សប្ដិកែគ្រោះ តែគេគិតរឿងយល់សប្ដិកែលេខ ថាចាក់លេខប៉ុនា្មនឲ្យផ្ងារជើងមេ។

គេលែងចង់គិតហើយរឿងធ្វើអំពើល្អដល់មនុស្សគ្រប់គ្នារាល់ថ្ងៃ តែគេគិតថា យកចង្ហាន់ទៅវត្តធ្វើបុណ្យតែពេលធ្វើបុណ្យក៏បាន។

គេលែងចង់គិតហើយរឿងភាសាជាតិនិយម តែគេគិតថា កូនខ្ញុំត្រូវរៀនជាមួយគ្រូបរទេសតាំងពីអាយុ៣ឆ្នាំ។ ....

សម័យកាលប្រែប្រួលច្របូកច្របល់...មើលទៅ នៅសល់តែព្រះអាទិត្យទេដែលពុំទាន់រះពីទិសខាងលិច។

ឱ...! ជាតិនិយម សីលធម៌គុណធម៌និយម ភាតរភាពនិយម សាមគ្គីនិយម...អ្នកកំពុងតែចាកឆ្ងាយបន្តិចម្ដងៗពីព្រលឹងនៃមនុស្សហើយមែនទេ? គេលែងចង់គិតហើយមែនទេ?

25/09/2018
Cr. Vannak leam

ផែនដីនេះធំពេកហើយ



ផែនដី​នេះ​ធំ​ពេក​ហើយ​មែន​ទេ? ធំ​រហូត​ដល់​ខ្ញុំ​មិន​អាច​រក​មនុស្ស​ល្អ​ម្នាក់បាន​។

ប្រហែល​ផែន​ដី​នេះ​ធំ​ពេក ឬ​ក៏​វិល​យឺត​ពេក​ទើប​កន្លង​ផុត​យូរ​ហើយ​ខ្ញុំ​នៅ​តែ​មិន​អាច​រក​មនុស្ស​ដែល​សម​បំណង​ម្នាក់​បាន។ ត្រូវ​ហើយ​ក្នុង​លោក​នេះ​មាន​មនុស្ស​ច្រើន​ណាស់ តែ​ហេតុអី្វ​បាន​ជា​ខ្ញុំ​ចេះ​តែ​ជួប​មនុស្ស​ដែល​គ្រាន់​តែ​ចូល​មក​លេង​សើច​នឹង​ជីវិត​ខ្ញុំ​បែប​នេះ។ លើស​ពី​នេះ អ្វី​ដែល​ពិបាក​ជាង​គេ​នោះ​គឺ​គេស្រឡាញ់​ខ្ញុំ​ តែ​ខ្ញុំ​​មិន​បាន​ស្រឡាញ់​គេ​វិញ

ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ហត់​នឿយ​នឹង​សាកល្បង​ម្ដងទៀត​​ណាស់ ព្រោះ​វា​ហាក់​ដូច​ជា​យក​ដុំ​ថ្ម​មួយ​ដុំ​មក​សង្កត់​លើ​ទ្រូង​ខ្ញុំ​ជា​ច្រើន​ខែ​ ជា​ច្រើន​ឆ្នាំ​អ៊ីចឹង។
មាន​មនុស្ស​ជា​ច្រើន​គេ​មិន​ជឿ​ទេ​ថា​ខ្ញុំ​នៅ​ម្នាក់​ឯង គ្មាន​ស្នេហានោះទេ ព្រោះ​គេ​គិត​ថា​រូបរាង​ប៉ុន​ខ្ញុំ​ដែរ ​ប្រាកដ​ជា​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​ហើយ។ ត្រូវ​ហើយ​ខ្ញុំ​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន ប៉ុន្តែ​សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​គ្មាន​ក្បែរ​ខ្លួន​ដែរ។ កុំ​សួរ​ខ្ញុំ​ថា​ហេតុអី? ខ្ញុំ​ប្រាកដ​ជា​ឆ្លើយ​ថា​មក​ពី​មនុស្ស​ដែល​ស័ក្តិសមនឹង​ខ្ញុំមិន​ទាន់​កើត

មិន​ប្រាកដ​ថា​ឱ្យ​​​តែ​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន សុទ្ធ​តែ​មាន​ស្នេហា​នោះ​ទេ ការ​ពិត​ពួក​គេ​ឯកា​ជាង​អ្នក​ផ្សេង​ទៅ​ទៀត។​ ខ្ញុំ​ធ្លាប់​សន្យា​នឹង​បេះដូង​ខ្លួន​ឯង​ថា​មិន​សាកល្បង​ម្ដងទៀត​ឡើយ​បើ​ម្នាក់​នោះ​មិន​មែន​ជា​មនុស្ស​ដែល​បេះដូង​ខ្ញុំ​ត្រូវ​ការ។ មិន​មែន​មក​ពី​ខ្ញុំ​រើស​ពេក​នោះ​ទេ តែ​វា​គួប​ផ្សំ​នឹង​បទពិសោធន៍​ឈឺចាប់​កន្លង​មក ហើយ​ប្រភេទ​មនុស្ស​ដែល​តាម​ស្រឡាញ់​ខ្ញុំ​ផង​ដែរ។ ពួក​គេ​គ្មាន​ឆន្ទៈ​នឹង​ស្រឡាញ់​ខ្ញុំ​ឡើយ ពួក​គេ​គ្រាន់​តែ​ឃើញ​អ្វី​មួយ​ពិសេស​ពី​ខ្ញុំ ឬ​គ្រាន់​តែ​ចង់​សាក​ល្បង​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ពួក​គេ​ចិត្ត​មិន​ដូច​ខ្ញុំ ចរិត​ផ្សេង​គ្នា ដូច្នេះ​ហើយ​ទើប​មក​ដល់​ថ្ងៃ​នេះ​ខ្ញុំ​គ្មាន​នរណា​ម្នាក់​។

តែ​អ្វី​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំមក​ដល់​ពេល​នេះ​ គឺ​ខ្ញុំ​នៅ​តែ​ជឿ​ថា​លើលោក​នេះ​មាន​ស្នេហា​ពិត គ្រាន់​តែ​ផែន​ដី​នេះ​ធំពេក​វិល​មិន​ទាន់​ដល់​យើង​តែ​ប៉ុណ្ណឹង៕

អត្ថបទ​នេះ​បទ​ស្រង់​ចេញ​ពី​ហ្វេសប៊ុក សូមទោស​ដែល​ខ្ញុំ​មិន​ដឹង​ម្ចាស់​អត្ថបទ​ជា​នរណា​ទើប​មិន​បាន​ Mention ឈ្មោះ​នៅ​ទី​នេះ​។ សូមអធ្យាស្រ័យ​ពី​ម្ចាស់​អត្ថបទ​ផង​។ សូម​អរគុណ​!!

Wednesday, October 24, 2018

នៅពេលដែលយើងសាងអំពើល្អ



ព្រះពុទ្ធសម្ដែងថា: " គ្មានមនុស្សណាម្នាក់ ដែលអាចគេចផុតពីការនិន្ទាពីអ្នកដទៃ បាននោះទេ សូម្បីតែតថាគត " វាជារឿងដ៏គួរឲ្យរីករាយបំផុត នៅពេលដែលយើងបានក្លាយជាមនុស្សល្អម្នាក់តាមរយៈការចែករំលែក( ចំណេះដឹង , ការឲ្យទាន -ល-) ។ ប៉ុន្ដែវាអាចជារឿងរមាស់ត្រចៀកបន្ដិច នៅពេលដែលអំពើល្អរបស់យើងត្រូវបានមនុស្សអាក្រក់មួយចំនួន ចោទប្រកាន់ថាចង់បានមុខមាត់ ឬបង្អួតសេចក្ដីល្អដើម្បីចង់ឲ្យគេសរសើរ ។ ប៉ុន្ដែប្រសិនបើយើងពិតជាធ្វើល្អចេញពីចិត្ដមែន ទោះគេឃើញឬមិនឃើញ គេសរសើរឬនិន្ទា វាមិនសំខាន់ឡើយ សំខាន់យើងបានធ្វើល្អជាក់ស្ដែងពិតៗ ។

ទ្រឹស្ដីពុទ្ធនិយម បង្រៀនទៀតថា " សាងល្អបានល្អ សាងអាក្រក់បានអាក្រក់ " ដាំគ្រាប់ពូជណា នឹងទទួលផលនោះ ។ មនុស្សដែលតែងតែមិនសប្បាយចិត្តនឹងសេចក្ដីល្អរបស់យើង គឺគ្មានអ្វីក្រៅពីច្រណែនយើងឡើយ ។ បើគិតតែបន្ដិចយើងនឹងស្អប់គេ ប្រសិនបើគិតឲ្យជ្រៅបន្ដិច ទើបយើងដឹងថាពួកគេគួរឲ្យអាណិត ។ ។ អាណិតនោះ គឺត្រង់ពួកគេរកក្ដីសុខនៃសន្ដិភាពផ្លូវចិត្តខ្លួនឯងពុំឃើញ នាំឲ្យអាត្មាវង្វេងវង្វាន់បាត់បង់សេចក្ដីសុខផ្លូវចិត្ត

ត្រចៀកគេ ភ្នែកគេ ខួរក្បាលគេ អ្វីៗគ្រប់យ៉ាងរបស់គេ នៅលើខ្លួនគេ បើចង់ឲ្យគេគិតដូចយើង ឬធ្វើដូចយើងគឺមិនអាចឡើយ ។ បើឆ្លងកាត់ពាក្យសម្ដីល្វីងមិនបាន យើងក៏មិនអាចទទួលបានរសជាតិផ្អែមនៃជីវិតបានដែរ ។ គេគិតបែបណា ជាការគិតរបស់គេ យើងធ្វើអ្វីជាសិទ្ធិរបស់យើង ។ គ្រាន់តែយើងមិនគិតអាក្រក់ពីគេ មិនចងកម្មនឹងគេ ក៏អាចទុកថាជាមនុស្សល្អម្នាក់បានដែរ ជីវិតធ្វើដំណើរទៅមុខរហូត ពេលវេលាក៏កាន់តែខ្លី តើយើងសល់ពេលប៉ុន្មានដើម្បីខឹងស្អប់អ្នកដទៃទៅ?

Cr. ប្រាជ្ញាជីវិត

Tuesday, October 23, 2018

ត្រូវរស់ដើម្បីសាងតម្លៃជីវិត



មានគេសួរខ្ញុំថា " តើធ្វើការដើម្បីរស់ ឬរស់ដើម្បីធ្វើការ? " ខ្ញុំឆ្លើយថា: " បើខ្ញុំរស់ដើម្បីធ្វើការ ខ្ញុំនឹងធ្វើការដើម្បីរស់ តែបើខ្ញុំរស់ដើម្បីបុព្វហេតុជីវិត ខ្ញុំនឹងធ្វើការដើម្បីបុព្វហេតុជីវិត " ។ ជីវិត បើគ្រាន់តែដើម្បីរស់ វាពិតជាមិនស្មុគស្មាញច្រើនទេ ប៉ុន្ដែបើចង់រក្សាជីវិតឲ្យបានល្អដើម្បីបុព្វហេតុ នោះទើបជាការពិបាក ។ រស់ដើម្បីបុព្វហេតុ មិនពិបាកទេ តែបើរស់ដោយបញ្ញាទើបជារឿងពិបាក ។ រស់ដោយបញ្ញាមិនពិបាកទេ តែការបើកបេះដូងឲ្យធំ ទទួលយកគ្រប់រសជាតិនៃរបត់ជីវិត ហើយធ្វើការកែប្រែជោគវាសនា នោះទើបជារឿងពិបាក ព្រោះជីវិតគឺត្រូវការការរៀនសូត្រ និងការឆ្លងកាត់ដែលជាមេរៀនពុំមានទីបញ្ចប់ ។

ប្រធានាធិបតីអាមេរិក john f. Kenndy បាននិយាយថា " ចូរយើងកុំបន់ស្រន់សុំជីវិតដែលងាយស្រួល យើងគួរតែបន់ស្រន់សុំឲ្យខ្លួនឯងក្លាយជាមនុស្សខ្លាំង " ។ ជីវិតពុំមានរឿងងាយស្រួលច្រើនទេ ក៏ប៉ុន្ដែយើងតែងតែចង់បានភាពងាយស្រួលច្រើនជាងភាពលំបាក ។ ប៉ុន្ដែការណ៍ពិត ភាពខ្លាំងនៃសក្តានុពលខាងក្នុងទៅវិញទេ ដែលអាចធ្វើឲ្យយើងមានលទ្ធភាពគេចចេញពីភាពលំបាក ឬរបត់អួរអាប់នៃជីវិត។ អ្នកវេជ្ជាសាស្ត្រ អាលប៊ឺត អាញ់ស្តាញ់ ពោលថា " ចូរកុំធ្វើជាមនុស្សដែលត្រឹមតែជោគជ័យ ចូរព្យាយាមធ្វើជាមនុស្សដែលមានតម្លៃ " ចូរកុំធ្វើជាមនុស្សធ្វើការដើម្បីរស់ ចូរធ្វើជាមនុស្សធ្វើការដើម្បីសាងតម្លៃជីវិត។

Cr. ប្រាជ្ញាជីវិត

រនាំងអវិជ្ជានៃអ្នកកាន់សាសនា



ពេលយើងមានរនាំងអវិជ្ជាឬភាពជាបុគ្គលនិយម យើងនឹងត្រូវតែប្រែក្លាយទៅជាមនុស្សលោកមិនល្អ។ បើគេអញ្ជើញសាសនិកក្នុងនិកាយសាសនាទាំងអស់ឱ្យមកជជែកគ្នាក្នុងបន្ទប់មួយពីគោលការណ៍ជំនឿសាសនារបស់ខ្លួន គេនឹងឃើញមានសកម្មភាពនៃការឈ្លោះប្រកែកគ្នា ឬឈានដល់អំពើហិង្សានៃសាសនិកទាំងនោះជាក់ជាពុំខាន។ ប៉ុន្តែ បើគេយកព្រះពុទ្ធ ព្រះយេស៊ូ ព្រះអាឡាស់ ព្រះវិស្ណុ។ល។ មកជជែកគ្នានៅក្នុងបន្ទប់មួយពីគោលការណ៍ជំនឿ គេនឹងមិនឃើញមានការឈ្លោះប្រកែកពាក្យសម្តីគ្នារបស់មេសាសនានីមួយៗឡើយ។

សច្ចភាពគឺជាអ្វី? គម្ពីរព្រាហ្មណ៍ថា សច្ចភាពគឺមានតែមួយទេ តែមេដឹកនាំនិកាយសាសនានានាបានឱ្យឈ្មោះសច្ចភាពផ្សេងៗគ្នា។ សច្ចភាពរបស់ព្រះពុទ្ធសាសនា គឺព្រះនិព្វាន។ សច្ចភាពរបស់គ្រីស្ទសាសនា គឺសេចក្តីស្រឡាញ់ ឬបានទៅរស់នៅសួនអេដេន (The Garden of Eden) ហើយអ្នកវិទ្យាសាស្ត្រហៅសច្ចភាពថាសម្បជញ្ញៈ ឬសេចក្ដីដឹងខ្លួន ឬការមិនភ្លេចខ្លួន ឬការប្រុងប្រយ័ត្នជានិច្ច ឬការត្រិះរិះរំពឹងដឹងខ្លួនជាដរាប (Consciousness)។ មហាត្មៈ គន្ធី បានលើកឡើងថា សាសនាទាំងអស់មានគោលដៅតែមួយដូចគ្នា តែគ្រាន់តែប្រើប្រាស់មាគ៌ាខុសគ្នាតែប៉ុណ្ណោះ

ហេតុអ្វីខ្មែរយើងមានទំនាស់គ្នាពីរឿងសាសនា? ទស្សនៈមួយបានលើកឡើងថា ព្រះគឺជាសេចក្តីស្រឡាញ់GOD is love ហើយក៏មានន័យដូចគ្នាដែរថា សេចក្តីស្រឡាញ់គឺជាព្រះLOVE is god។ សម្តេចសង្ឃដាឡៃ ឡាម៉ា បានមានសង្ឃដីកាថា សាសនានៃភាពសាមញ្ញ គឺមិនចាំបាច់មានព្រះវិហារ ឬមិនចាំបាច់គិតដល់ទស្សនវិជ្ជានាំឱ្យស្មុគស្មាញ។ ប៉ុន្តែយើងគ្រាន់តែយកខួរក្បាលរបស់យើង និងបេះដូងរបស់យើងមកធ្វើជាព្រះវិហារ ហើយទស្សនវិជ្ជារបស់យើង គឺចិត្តសប្បុរសធម៌

ផ្ទុយពីសេចក្តីស្រឡាញ់ មានសាសនិកនិកាយសាសនាខ្លះ ប្រឹងប្រែងសូត្រធម៌ដាក់ទំនាយមនុស្ស ឬប្រឹងអធិដ្ឋានទៅព្រះជាម្ចាស់ដាក់ទំនាយឱ្យសត្រូវរបស់ខ្លួនឆាប់រលាយចេញពីផែនដីនេះ។ ទ្រឹស្តីសាសនា និងខ្លឹមនៃការបង្រៀននៃសាសនាក្នុងលោកទាំងអស់ គឺតែងប្រោសសណ្តោសប្រណីដល់មនុស្សលោកទាំងល្អនិងទាំងអាក្រក់ ឬបើអាក្រក់ក៏ប្រោសឱ្យរកមាគ៌ាត្រឹមត្រូវវិញដែរ

ការស្ថិតក្នុងភាពល្ងង់ខ្លៅ តែងឱ្យទុក្ខទោសចំពោះមនុស្សគ្រប់រូបទាំងអស់ តែការពង្រីកបញ្ញា តែងផ្តល់សេចក្តីល្អដល់មនុស្សគ្រប់រូបទាំងអស់។ ពេលយើងគ្មានរនាំងអវិជ្ជា ឬភាពគ្មានបុគ្គលនិយម យើងនឹងក្លាយទៅជាគ្រីស្ទានល្អ ជាអ្នកជ្វីព ជាមូស្លីមល្អ ជាហិណ្ឌូល្អ និងពុទ្ធសាសនិកល្អ។ ផ្ទុយទៅវិញ ពេលយើងមានរនាំងអវិជ្ជា ឬមានភាពជាបុគ្គលនិយម យើងនឹងត្រូវតែប្រែក្លាយទៅជាមនុស្សលោកមិនល្អ ជាគ្រីស្ទានមិនល្អ ជាជ្វីពមិនល្អ ជាមូស្លីមមិនល្អ ជាហិណ្ឌូមិនល្អ ជាពុទ្ធសាសនិកមិនល្អរបៀបធ្វើខ្លួនជាមនុស្សល្អ គឺពិតជាមានសារៈសំខាន់ខ្លាំងបំផុត

____
Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

Monday, October 22, 2018

ប្រៀបធៀបធ្វើអ្វី



ហេតុអ្វីត្រូវយកផ្កាជ័រទៅប្រៀបធៀបជាមួយផ្កាស្រស់? ផ្កាជ័រមានគុណតម្លៃតាមបែបផែនរបស់វា ហើយវាទៀតសោត មិនអាចយកទៅប្រៀបធៀបជាមួយផ្កាស្រស់បាននោះឡើយ។

មនុស្សយើងក៏ដូចគ្នា! យើងមានតម្លៃ និងមានអ្វីៗជារបស់យើង !ខុសពីគេ គេមានតម្លៃនិងអ្វីៗជារបស់គេ! ពេលខ្លះយើងច្រណែន តូចចិត្ត ដែលខ្លួនយើងមិនដូចគេ យើងចាប់ផ្ដើមប្រៀបធៀបនិងបំបាក់ទឹកចិត្តខ្លួនឯង យើងឱ្យតម្លៃអ្នកដទៃច្រើនជាងខ្លួនឯង ហើយយើងខ្លួនឯង ក៏ធ្លាក់ចូលទៅក្នុងអន្លុងទុក្ខនៃភាពសោកសៅ។ ចាំបាច់ប្រៀបធៀបធ្វើអ្វី? យើងគឺខុសពីគេ មិនដូចគ្នានោះឡើយ! យើងគួរតែរីករាយនិងអ្វីដែលខ្លួនបានធ្វើ និងអ្វីដែលខ្លួនមាន វាល្អប្រសើជាងបៀបធៀបខ្លួនឯងទៅនិងអ្នកដទៃ។

Cr. ស្រមោល ដួងចន្រ្ទ

Sunday, October 21, 2018

កម្រងពាក្យន័យជ្រៅ ​ ត្រូវចិត្តគ្រប់គ្នា វគ្គ១១


ភ្លេចឲ្យតម្លៃពេលវេលា



សម្លឹងមើលមេឃ ពពកផ្ដុំគ្នា មួយពេលក្រោយវាក៏បែកគ្នា ហើយហោះហើរទៅកន្លែងផ្សេងរៀងៗខ្លួន ដោយមិនសូម្បីតែអាលោះអាល័យ មិនសូម្បីតែលាគ្នា នោះគឺមកពីវាបានដឹងថា គ្មានការជួបជុំណាមួយដែលមិនការបែកនោះទេស្លឹកឈើលាស់ខ្ចី គង់តែចាស់រុះរោយជ្រុះលើដី មនុស្សធ្លាប់ញញឹមដាក់គ្នារាល់ថ្ងៃ គង់តែមានថ្ងៃព្រាត់បែក

ឆាកជីវិតមនុស្សយើង ប្រៀបដូចដុំពពក និងស្លឹកឈើ។ បន្ទាប់ពីប្រមូលផ្ដុំហើយ ក៏ហើរទៅកន្លែងផ្សេង រសាត់ក្លាយជាផ្សែងហោះគ្មានគោលដៅ។ ស្លឹកឈើបន្ទាប់ពីលាស់ត្រួយខ្ចីហើយ ក៏ក្លាយជាស្លឹកចាស់ ក្រោយមកក៏ដាច់ជ្រុះរុះរោយរលាយក្លាយជាជីលើផែនដី បន្ទាប់មកក៏ក្លាយជាដី ។

មួយថ្ងៃនៃការរស់នៅរបស់យើង វាពិតជាមានតម្លៃណាស់ ប៉ុន្ដែពេលខ្លះយើងមិនបានគិតដល់ថ្ងៃចុងក្រោយ ទើបយើងតែតែមើលរំលងរឿងល្អៗដែលបានកើតឡើងក្នុងជីវិត រហូតដល់ថ្ងៃដែលយើងគេងលើគ្រែពេទ្យ ទើបយើងនឹកឃើញពីវេលាកន្លងទៅ។ យើងគួរតែមានពាក្យថាគ្រប់គ្រាន់សម្រាប់ជីវិតខ្លួនឯងខ្លះទើបល្អប្រសើរ យើងគួរតែមានពេលវេលាល្អៗរីករាយឲ្យច្រើនជាងពេលដែលវក់វីគ្មានទំនេរ ហើយភ្លេចបង្កើតភាពរីករាយ បង្កើតរឿងល្អៗសម្រាប់មនុស្សជុំវិញខ្លួន។

ជឿថា ពុំមាននរណាម្នាក់ចង់ជួបរឿងបែកបាក់ទេ ហើយក៏ពុំមាននរណាម្នាក់ចង់ស្លាប់ដែរ ប៉ុន្ដែជីវិតនៅតែរុញយើងទៅរករឿងទាំងនេះដោយមិនមានការលើកលែកចំពោះនរណាម្នាក់សោះ! ។

យើងអាចបែកគ្នា យើងអាចរស់នៅឆ្ងាយពីគ្នា យើងអាចមើលគ្នាមិនឃើញ យើងអាចពាល់គ្នាមិនបាន តែយើងអាចញញឹមដាក់គ្នាបាន នៅពេលដែលយើងនឹកឃើញគ្នា ហើយពេលខ្លះយើងក៏អាចយំជាមួយគ្នាបាននៅពេលដែលបេះដូងរបស់យើងនៅសល់ក្ដីស្រលាញ់ និងរឿងល្អៗដែលធ្លាប់មានជាមួយគ្នា ។

ខួរក្បាលពុំមានប៊ូតុងលុបឡើយ ។ ចុងក្រោយ គឺមានតែការចងចាំប៉ុណ្ណោះ ដែលវារស់នៅក្បែរយើងរហូតមិនទៅណា មិនថាការចងចាំនោះល្អឬអាក្រក់ទេ វាគឺជាការពិតមួយដែលយើងធ្លាប់ជួប ធ្លាប់ឆ្លងកាត់ ។ មនុស្សដែលអាចមានជីវិតដ៏រីករាយជាមនុស្សល្អ។ មនុស្សល្អ គឺជាមនុស្សដែលមានការចងចាំល្អៗច្រើនជាងគេក្នុងជីវិត ហើយមនុស្សដែលអាចបង្កើតអតីតកាលល្អៗបានច្រើន អាចថាទោះបីជាត្រូវបាត់ខ្លួនពីលើលោកនេះទៅក៏ដោយ ក៏ឈ្មោះរបស់គេនៅរស់ដដែល ។ មនុស្សមិនសំខាន់អាចរស់នៅបានយូរប៉ុនណាទេ សំខាន់ត្រង់ថាអាចសាងតម្លៃបានច្រើនប៉ុនណា! តើអាចធ្វើឲ្យខ្លួនឯងបិទភ្នែកដោយស្ងប់ ដោយមិនមានវិប្បដិសារីក្នុងជីវិតបានឬទេ?

Cr. ប្រាជ្ញាជីវិត

Saturday, October 20, 2018

មុនឈានដល់ជីវិតគូ




មិនថាមនុស្សយើងរឹងមាំប៉ុនណាទេ ប្រសិនបើស្នេហាចូលមកដល់ គឺមិនអាចទប់ទល់ជាមួយឥទ្ធិពលនៃពាក្យសម្ដីផ្អែមល្ហែមបានឡើយ

ស្នេហាជាក្ដីស្រឡាញ់ដែលកើតឡើងដោយគ្មានហេតុផល ។ យើងអាចស្រឡាញ់អ្វីដែលយើងមាន ដោយសារវាល្អ ដោយសារវាជារបស់ទាន់សម័យ ។ ប៉ុន្ដែយើងមិនអាចប្រើហេតុផលទាំងនេះទៅស្រឡាញ់នរណាម្នាក់ឡើយ ។

យើងអាចស្រឡាញ់គេ ដោយសារគេស្អាត ឬដោយសារគេល្អ ប៉ុន្ដែតើយើងធ្លាប់គិតទេ ថាបើមនុស្សដែលយើងស្រឡាញ់នោះ គេបាត់បង់ភាពល្អទាំងនោះនៅពេលណាមួយ តើយើងនៅស្រឡាញ់គេបានទៀតទេ ? ចម្លើយនៃសំណួរនេះ ជាការបញ្ជាក់យ៉ាងច្បាស់ថា " តើយើងស្រឡាញ់គេជាគេ ឬយើងស្រឡាញ់អ្វីដែលគេមាន? " 

ជីវិតគូ មិនមែនមួយឆ្នាំ ឬដប់ឆ្នាំទេ តែគឺជាសុភមង្គលមួយជីវិត ។ យ៉ាងណាក៏ដោយ មុននឹងយើងឈានដល់ជីវិតអាពាហ៍ពិពាហ៍ យើងគួរចំណាយពេលឈ្វេងយល់ពីគ្នាឲ្យបានច្រើន ទើបការសម្រេចចិត្តមិនងាយខុស ហើយក៏មិនមានវិប្បដិសារី ដែរ៕


Cr. ប្រាជ្ញាជីវិត

Thursday, October 18, 2018

ទោះជាមានការឈឺចាប់ក៏ដោយ… ត្រូវតែហ៊ានបន្តដំណើរ



ណាប៉ូឡេអុង ពោលថា " សេចក្ដីក្លាហាន គឺមិនមែនមានន័យថា យើងមានកម្លាំងបន្ដដំណើរទៅមុខនោះទេ ប៉ុន្ដែគឺមានន័យថា យើងនៅតែបន្ដដំណើរទៅមុខទាំងអស់កម្លាំង "។

សេចក្ដីស្លាប់មានន័យថា បរាជ័យចាញ់អស់ពីខ្លួន ក៏ប៉ុន្តែបើរាងកាយមិនទាន់ស្លាប់ទេ ថ្ងៃណាមួយចិត្តយើងនឹងក្រោកឈរឡើងវិញ តស៊ូបន្ដដំណើរទៅមុខសាជាថ្មីបាន ។ មនុស្សក្លាហានមិនប្រាកដថា ទាល់តែមានកម្លាំងទើបអាចបន្ដដំណើរទៅមុខបាននោះទេ ព្រោះអ្នកក្លាហានពិតប្រាកដតែងតែហ៊ាន គឺហ៊ានបន្ដដំណើរទៅមុខជាមួយទឹកចិត្តដ៏អង់អាចក្លាហានជានិច្ច បើទោះបីជាពេលខ្លះ គ្មានកម្លាំងក៏ដោយ ។ ក្នុងនាមជាមនុស្សក្លាហាន ញើស និងឈាមអាចស្រក់បាន តែមិនអាចស្រស់ទឹកភ្នែក ឬឈប់បន្ដដំណើរបានទេ
__________________________

Cr. គោលគំនិតល្អដើម្បីជីវិត

Wednesday, October 17, 2018

ចេះរៀនមេត្តា



មានសុភាសិតឥណ្ឌាមួយបង្រៀនថា " សុភមង្គលពិតប្រាកដ គឺកើតឡើងនៅពេលអ្នកផ្តល់វាទៅឲ្យអ្នកដទៃ " True happiness lies in giving it to others.

ព្រះពុទ្ធ ព្រះយេស៊ូ ខុងជឺ សូក្រាត ឡៅជឺ នឹងទស្សនវិទូផ្សេងទៀតជាច្រើនសុទ្ធតែបង្រៀនមនុស្សថា " កុំធ្វើទង្វើណា ដែលយើងមិនចង់ឲ្យអ្នកដទៃធ្វើដាក់យើង " ។ ចក្រវាលនេះក៏បានរម្លឹកផងដែរថា " អ្វីក៏ដោយ មិនថាល្អឬអាក្រក់ ប្រសិនបើយើងបានផ្ដល់វាចេញទៅ ថ្ងៃណាមួយវានឹងវិលមករកយើងវិញ " ។ 

មនុស្សក្នុងលោកនេះមានល្អមានអាក្រក់ ហើយមនុស្សអាក្រក់ខ្លះ មិនសមតម្លៃនឹងឲ្យយើងប្រកាន់ទេ ។ សូមកុំឲ្យភាពក្ដៅក្រហាយណាមួយទៅអ្នកដទៃ ប្រសិនបើយើងចង់បានភាពត្រជាក់ត្រជំក្នុងជីវិត " ។ 

សូមផ្ដល់ក្ដីសុខ និងសន្ដិភាពចេញទៅ វាប្រសើរជាងសាងសត្រូវនាំទុក្ខមកដាក់ខ្លួន ។ ចេះរៀនលើកលែង ចេះរៀនអភ័យ ចេះរៀនមេត្តា ចេះរៀនអហោសិកម្ម នោះយើងនឹងទទួលបានសន្ដិភាពខាងផ្លូវចិត្ត ហើយក្ដីសុខក៏កើតឡើងទៅតាមហ្នឹងដែរ។ 

ចូរចាំថា គ្មានសន្ដិភាព គ្មានក្ដីសុខណាកើតឡើងពីភាពក្ដៅក្រហាយ សន្តិភាពក្ដី ក្ដីសុខក្ដីកើតឡើងពីភាពស្ងប់របស់ចិត្តតែប៉ុណ្ណោះ ចូរអប់រំចិត្តរបស់យើងប្រកបដោយក្ដីមេត្តាគ្រប់ពេលវេលា ពៀររម្ងាប់ដោយការមិនចងពៀរ ជាពាក្យអប់រំរបស់ព្រះពុទ្ធជាម្ចាស់ ៕

Cr. ប្រាជ្ញាជីវិត និងគោលគំនិតល្អដើម្បីជីវិត

រឿងនិទានអប់រំខ្លី ៖ "ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ "



កាលពីព្រេងនាយ មានសត្វក្អែកមួយក្បាលរស់នៅក្នុងព្រៃជ្រៅ យ៉ាងសប្បាយរីករាយ ថ្ងៃមួយក្អែកក៏ប្រទះឃើញសត្វហង្ស ដ៏ស្រស់ស្អាត ឆើតឆាយមួយក្បាលរស់ក្នុងព្រៃយ៉ាងសប្បាយរីករាយ ។ ក្អែកក៏នឹកអន់ចិត្ដនឹងពណ៌ខ្មៅ ដែលមានលើខ្លួនឯងពន់ពេកណាស់ ក៏ទៅជជែកជាមួយហង្សថា " បងហង្ស បងមើលទៅពិតជាស្អាតណាស់ ស្អាតដូចបងទើបជាសត្វដ៏មានតម្លៃ នឹងមានសេរីភាព ពិតជាគួរឲ្យច្រណែនណាស់ " ហង្សក៏តបវិញថា " ទេបងក្អែក រួបរាងខ្ញុំប៉ុណ្ណឹងមិនទាន់ហៅថាស្អាតនោះទេ គឺនៅចាញ់សត្វសេកនៅឡើយ ព្រោះសត្វសេកមានពណ៌ជាច្រើនចម្រុះលើខ្លួន មើលទៅស្អាតជាងខ្ញុំឆ្ងាយណាស់ " ។

ក្អែកឮដូឆ្នេះ ក៏ទៅរកសត្វសេក ហើយក៏បានឃើញរួបឆោមដ៏ល្អឯករបស់សត្វសេកក៏ទៅជួបសត្វសេកហើយពោលសរសើរថា " បងសេក បងពិតជាស្អាតណាស់ ស្អាតដូចបងទើបគួរឲ្យស្រលាញ់គួរឲ្យច្រណែនណាស់!! ខុសពីខ្ញុំដែលមានតែពណ៌ខ្មៅអាក្រក់ខ្លាំងណាស់ " សេកឮដូច្នេះសប្បាយចិត្ដពន់ពេក ក៏តបទៅក្អែកវិញថា " អរគុណបងដែលបានសរសើរ ខ្ញុំស្អាតមែន តែខ្ញុំនៅចាញ់សត្វក្ងោកទេ ព្រោះសត្វក្ងោកធំជាងខ្ញុំហើយមានពណ៌ឆើតច្រើនជាងខ្ញុំឆ្ងាយណាស់ "។

ក្អែកឮដូច្នេះក៏ទៅស្វែងរកសត្វក្ងោកដោយសារសត្វក្ងោកជាសត្វស្រស់ស្អាតលើសគេនិងជាសត្វកម្រផង មនុស្សក៏យកសត្វក្ងោកមកចិញ្ចឹមក្នុងសួនសត្វ ក្អែកបានជួបក្ងោកនៅក្នុងសួនសត្វ ។ លុះដល់ពេលមនុស្សចេញពីមើលសត្វអស់ ក្អែកក៏ទៅជួបនិងក្ងោក ហើយពោលសរសើរថា " បងក្ងោកបងឯងពិតជាមានសម្រស់ស្រស់ស្អាតលើសគេមែន ពណ៌លើខ្លួនបងស្អាតណាស់ គួរឲ្យច្រណែនមែននេះ!!! ខុសពីខ្ញុំដែលខ្មៅដូចធ្យូងមិនស្អាតបន្ដិចសោះ អន់ចិត្ដណាស់ " ក្ងោកក៏តបទៅក្អែកវិញថា " ត្រូវហើយ ខ្ញុំស្អាតណាស់ខ្ញុំក៏ដឹងដែរ ខ្ញុំជាបក្សីដែលល្អឯកលើសបក្សីនានា ទើបបានជាខ្ញុំត្រូវមកជាប់ទ្រុងហើយគ្មានសេរីភាពបែបនេះ ខ្ញុំមិនចង់ស្អាតទេ ខ្ញុំចង់បានសេរីភាពជាង ខ្ញុំច្រណែនឯងណាស់ " ក្អែកឮហើយក៏ឈប់និយាយរួចហើរទៅវិញបាត់ ៕

តម្លៃអប់រំ៖ មិនថាមនុស្សឬសត្វទេ គឺតែងតែមានចំណុចល្អរៀងៗខ្លួន គ្រាន់តែពេលខ្លះយើងមើលមិនឃើញទើបយើងចេះតែមើលឃើញចំណុចមិនល្អ។ ចូរពេញចិត្ដនឹងអ្វីដែលយើងមាន ហើយរីករាយនិងការពិតទាំងនោះ ព្រោះបើយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ យើងនិងមើលតែចំណុចល្អរបស់គេ ហើយមើលមកខ្លួនឯងមិនស្មើគេ រួចស្អប់ខ្លួនឯង មើលងាយខ្លួនឯង គិតថាខ្លួនឯងចោលម្សៀត តែតាមពិតអ្នកអន់មែន តែមិនមែនអន់គ្រប់រឿងនោះទេ ។" ឡៅ ជឺ "បានពោលថា" នៅពេលដែលយើងឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ នោះមនុស្សគ្រប់គ្នារួមទាំងយើងផងនោះ នឹងមើលឃើញយើងជាយើងពិតប្រាកដ។ សេចក្ដីសុខនៃផ្លូវចិត្ដរបស់យើង វានឹងកើតមានឡើងប្រសិនបើយើងចេះពេញចិត្ដនូវអ្វីដែលយើងមាន ហើយឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

Cr. ប្រាជ្ញាជីវិត

Tuesday, October 16, 2018

គ្រប់យ៉ាងគ្រាន់តែជារឿងដែលត្រូវឆ្លងកាត់!



យើងតែងតែចង់ឃាត់ភាពងងឹតមិនចង់ឲ្យមកដល់ តែពេលយប់នៅតែមកដល់ ។ យើងតែងចង់ឃាត់ព្រះអាទិត្យមិនឲ្យលិច តែចុងក្រោយរាត្រីកាល នៅតែមាន។ មានពេលខ្លះ យើងមិនចូលចិត្តទឹកភ្លៀងទេ ព្រោះវាតែងតែរារាំងយើងមិនឲ្យធ្វើដំណើរទៅមុខ ប៉ុន្ដែពេលខ្លះ យើងមានអារម្មណ៍ល្អនៅពេលដែលយើងដើរកាត់វា ។

គ្រប់រឿងដែលបានកើតឡើង មានរឿងខ្លះយើងមិនចង់ចួបទេ ប៉ុន្ដែកាលៈទេសៈខ្លះ យើងត្រូវតែទទួលយក ។ មានពេលខ្លះយើងមិនចូលចិត្តរសជាតិល្វីងទេ តែយើងនៅតែត្រូវការលេបថ្នាំ ។ ជីវិតគឺជាការដកពិសោធ ពុំមានការពិតណាមួយដែលអាចបង្ហាញយើង ក្រៅពីការធ្លាប់ដកពិសោធន៍នោះទេ ហើយក៏ពុំមានជីវិតណាដែលតែងតែទទួលបានពិន្ទុ១០០រហូតនោះដែរ ។

យឺតខ្លះ លឿនខ្លះ សុខខ្លះ ទុក្ខខ្លះ គឺជារឿងដែលត្រូវឆ្លងកាត់ ។ គ្រប់យ៉ាងគឺជាវិញ្ញាសាដែលយើងត្រូវរៀន ហើយជីវិតគឺបង្រៀនយើងច្រើនជាងមេរៀនដែលយើងបានរៀននៅសាលារៀនទៅទៀត៕

Cr. ប្រាជ្ញាជីវិត

Monday, October 15, 2018

ប្រើជីវិត… ឲ្យដូចជាការប្រកួត...



ក្នុងឆាកជីវិត គឺវាដូចគ្នាទៅនឹងកីឡាប្រដាល់នៅលើសង្វៀនអីចឹង។ បើម្នាក់ណាភ្លេចខ្លួនប្រហែស នោះដៃគូម្ខាងទៀតនឹងមានឱកាសផ្ដួល។ ហេតុផលនេះ ខ្ញុំសូមនិយាយថា ជីវិតយើង គឺជាកីឡាប្រដាល់ជាមួយនឹងបញ្ហា។ បើមិនផ្ដួលបញ្ហាទេ បញ្ហានឹងផ្ដួលយើង។ បើមិនកែប្រែស្ថានការណ៍ទេ ស្ថានការណ៍នឹងកែប្រែយើង។ បើយើងមិនខ្លាំងជាងបញ្ហាទេ បញ្ហានឹងខ្លាំងជាងយើង។ បើយើងមិនធំជាងបញ្ហាទេ នោះបញ្ហានឹងធំជាងយើង។ បើយើងមិនកម្ចាត់បញ្ហាទេ បញ្ហានឹងកម្ចាត់យើង។ វាជាក្រឹត្យក្រមនៃជម្រើសគឺមានតែពីរ(ចាញ់និងឈ្នះ) ហើយមិនមាន ឈ្នះ-ឈ្នះ ឬ ស្មើគ្នាទេ។

នៅពេលនឿយហត់ ចូរប្រដូចជីវិតឲ្យដូចជាការប្រឹងដកដង្ហើម ដែលមិនហ៊ានសូម្បីតែនឿយហត់។ ធ្វើបែបនេះ យើងនឹងមិនហ៊ានរអ៊ូថា នឿយហត់។ នៅពេលចង់ឈប់(បញ្ចប់ជីវិត) ចូរប្រើជីវិតប្រឹងប្រែងឲ្យដូចជាចង្វាក់បេះដូងដែលប្រឹងប្រែងធ្វើចលនាមិនហ៊ានឈប់។ ធ្វើបែបនេះ យើងនឹងមិនហ៊ានឈប់។ នៅពេលជួបឧបសគ្គ ចូរតាំងជីវិតអ្នកឲ្យធំទូលាយដូចផែនដី ទោះបីជាត្រូវគេខាកស្ដោះ ជីកកកាយ បន្ទោរបង់...យ៉ាងណាក៏ដោយ ក៏រឿងទាំងនោះនៅតែមិនអាចបង្អាក់ដំណើរផែនដីកុំឈប់វិលបន្តបានឡើយ។ នៅពេលយល់ថាជីវិតពិបាកធ្វើដំណើរទៅមុខ ចូរស្រមៃទៅរកអ្នកដែលពិកាគ្មានសូម្បីតែជើង ប៉ុន្តែពួកគេនៅតែរឹងមាំហើយប្រឹងធ្វើដំណើរទៅមុខបានទៀត។

Cr. ប្រាជ្ញាជីវិត

Friday, October 12, 2018

គ្មានអ្វីត្រូវត្អូញត្អែរ



ខណៈពេលដែលយើងនិយាយប្រាប់ខ្លួនឯងថា សម្លៀកបំពាក់យើងមិនស្អាត មានមនុស្សជាច្រើនកំពុងស្លៀកសម្លៀកបំពាក់អន់ជាងយើង ហើយពេលខ្លះអាក្រក់មើលជាងយើងទៅទៀត ។ ខណៈពេលដែលយើងមានវែនតាថ្លៃមើលឃើញច្បាស់ពាក្យនៅលើភ្នែក រួចយើងនិយាយថាភ្នែកមិនល្អពិបាកមើល ឬវែនតាថោកមិនស៊ីវិល័យ មានមនុស្សជាច្រើនកំពុងពិការភ្នែកដែលពួកគេ គ្មានសំណាងសូម្បីពាក់វែនតាដូចយើង ។ ខណៈពេលដែលយើងកំពុងនិយាយថាខ្លួនឯងកម្សត់ យើងត្រូវក្រឡេកមើលស្បែកជើងរបស់អ្នកដទៃជាមុនសិន ចាំវិនិច្ឆ័យខ្លួនឯង ។

កុំគិតថាយើងនៅក្រោមកម្ដៅថ្ងៃយើងក្ដៅជាងគេ មានមនុស្សជាច្រើនកំពុងហាលក្ដៅ ពេលខ្លះគេក្ដៅជាងយើងទៅទៀត។ ប៉ុន្ដែគេចេះទ្រាំ ។ " មនុស្សយើង បើគ្រាន់តែលំបាកតិចទូចស្រែកថាលំបាកខ្លាំង យើងគ្មានថ្ងៃឆ្លងផុតការលំបាកទេ " ។ ការលំបាកមិនបានចូលមកដើម្បីបំផ្លាញសេចក្ដីសុខយើងឡើយ ប៉ុន្ដែវាចូលមកដើម្បីបង្រៀនយើងពីចំណុចខ្លះៗនៃរបត់ជីវិតតែប៉ុណ្ណោះ ។

ការមុតបន្លា ធ្វើឲ្យយើងស្គាល់បន្លា ហើយចេះប្រុងប្រយ័ត្ន ។ ការបរាជ័យធ្វើឲ្យយើងស្គាល់មេរៀនថ្មី ហើយធ្វើវាម្ដងទៀតអមជាមួយមេរៀនថ្មី ។ អ្វីៗដែលនៅចំពោះមុខយើង វាកំពុងបង្រៀនយើងពីរបត់ជីវិត គ្រាន់តែពេលខ្លះយើងត្រូវស្វែងយល់ដោយខ្លួនឯង ...

Cr. ប្រាជ្ញាជីវិត

១ជីវិតគឺមានន័យត្រឹមថ្ងៃនេះ ហើយក៏ដើម្បីតែថ្ងៃនេះ...



១ថ្ងៃ ក៏អាចថា ១ជីវិត។ ១ឆ្នាំ ក៏អាចថា ១ជីវិត។ ១ជីវិតគឺជារយៈពេលដែលយើងបានរស់នៅរហូតដល់ដំណាក់កាលចុងក្រោយ។ ប៉ុន្តែតម្លៃនៃជីវិតគឺមិនមែនជាចំនួនឆ្នាំដែលបានរស់នៅទេ តែវាគឺជាគុណភាព ឬគុណតម្លៃដែលបានប្រើក្នុងជីវិតរបស់យើង។ ការពិតទៅ យើងអាចដឹងថ្ងៃកើត តែយើងមិនអាចដឹងថ្ងៃស្លាប់បានទេ។ យើងអាចដឹងថាឆ្នាំនេះយើងមានអាយុប៉ុន្មាន តែយើងមិនអាចដឹងថា ប៉ុន្មានឆ្នាំទៀតដែលយើងអាចរស់នៅបន្តបានទេ។ ជីវិតនេះ មិនដឹងថាវែងឬក៏ខ្លី មិនដឹងថារកមានន័យ ឬអត់ន័យនៅទីណានោះទេ? តាមរកន័យជីវិតមកដល់ពេលនេះ មកដល់អាយុនេះ ខ្ញុំក៏ផ្ដើមគិតលេងៗថា មែនទែនទៅ ១ជីវិតត្រូវធ្វើរឿងល្អៗឲ្យច្រើន។ កុំប្រឹងសាងរឿងអាក្រក់ៗច្រើនពេក ហើយរង់ចាំប្រើពេលបន្តិចបន្តួចនៃជីវិតមកធ្វើរឿងល្អជាក្រោយនោះ វាមិនគ្រប់គ្រាន់នុ៎ះទេ។

១ជីវិតដែលមានន័យ មានតែមួយថ្ងៃគត់ គឺថ្ងៃនេះ។ ខ្ញុំធ្លាប់លួចសើចនឹងខ្លួនឯងដែលគិតច្រឡំថា ខ្លួនចង់បានក្ដីសុខប៉ុន្តែបែរជាគិតកើតទុក្ខនឹងអតីតកាល។ ចង់បានក្ដីសុខតែបែរជាគិតខ្វាយខ្វល់នឹងអនាគតដែលមិនដឹងថាទៅដល់ឬអត់។ គឺវាហាក់ដូចជាប្រាប់ខ្លួនឯងថា ចាំថ្ងៃស្អែកសឹមរីករាយ ចាំថ្ងៃស្អែកសឹមសប្បាយ។ ប៉ុន្តែធាតុពិតវាធ្វើឲ្យយើងបំភ្លេចពេលវេលាដ៏មានន័យនៅថ្ងៃនេះដោយមិនដឹងខ្លួនអស់រលីង

១ជីវិតមានន័យត្រឹមតែថ្ងៃនេះ ហើយក៏ដើម្បីតែថ្ងៃនេះឯង។ ខ្ញុំនឹកឃើញឃ្លាមួយចំនួនដែលខ្ញុំធ្លាប់អានដែលថា៖
ដើម្បីថ្ងៃនេះយើងមានពេលវេលា២៤ម៉ោងគ្រប់គ្នា បើមិនអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្តបានទាំង២៤ម៉ោងទេ ខ្ញុំនឹងចំណាយពេលបន្តិចបន្តួចក្នុងថ្ងៃនេះ ធ្វើយ៉ាងណាឲ្យខ្លួនឯងបានសប្បាយចិត្ត។

ដើម្បីថ្ងៃនេះ ខ្ញុំត្រូវតែមានសេចក្ដីសុខ និងរីករាយ។ ថ្ងៃនេះ ខ្ញុំនឹងបើកចំហចិត្តទទួលយក និងសម្របតាមសភាវៈខាងក្រៅ មិនព្យាយាមតម្រូវចិត្តខ្លួនឯងជាធំ បើកចំហចិត្តសម្រាប់គ្រួសារ សម្រាប់ការងារ ជោគជតាផ្សេងៗដែលកើតមកលើជីវិត ហើយសម្របខ្លួនឲ្យសមស្របទៅតាមសភាពពិតទាំងនោះ។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវកាយរបស់ខ្ញុំ។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងលើកកម្ពស់ស្មារតីឱ្យកាន់តែប្រសើរឡើង។ ខ្ញុំនឹងខិតខំរៀនសូត្រពីអ្វីគ្រប់យ៉ាងដែលមានប្រយោជន៍ ខ្ញុំមិនបណ្តោយឲ្យខ្លួនទៅជាមនុស្សខ្ជិលច្រអូស ទុកខួរក្បាលឲ្យនៅទំនេរឥតប្រយោជន៍ ខ្ញុំនឹងខិតខំអានសៀវភៅ និងអត្ថបទដែលអាចជួយជំរុញឲ្យចិត្តខ្ញុំកាន់តែឧស្សាហ៍ព្យាយាម មានបញ្ញាមុតស្រួច និងចេះគ្រប់គ្រងធ្វើជាម្ចាស់ការលើខ្លួនឯង។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងគិតរឿងល្អៗ ធ្វើរឿងល្អៗដល់ខ្លួនឯង និង អ្នករាល់គ្នា។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងធ្វើចិត្តឲ្យស្អាតស្អំជ្រះស្រឡះ។ ខ្ញុំនឹងញញឹមរីករាយឲ្យអស់ពីលទ្ធភាព។

ដើម្បីថ្ងៃនេះ ខ្ញុំព្យាយាមរស់សម្រាប់ថ្ងៃនេះប៉ុណ្ណោះ ដោយមិនពិបាកមានទុក្ខកង្វល់ទៅលើកិច្ចការរាប់រយជំពូកទាំងអតីត និងអនាគតទេ ខ្ញុំនឹងប្រើពេល១២ម៉ោងសម្រេចការងារនីមួយៗឲ្យរួចស្រេចបាច់ ព្រោះការធ្វើអ្វីមិនស្រេចវានឹងធ្វើឲ្យខ្ញុំត្រូវអំពល់ចិត្តគ្មានទីបញ្ចប់។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងកំណត់ផែនការក្នុងមួយម៉ោងៗ តើខ្ញុំធ្វើអ្វីខ្លះ? ខ្ញុំមិនអាចធ្វើបានគ្រប់យ៉ាងតាមការកំណត់ តែខ្ញុំនឹងព្យាយាមធ្វើឲ្យគ្រប់។ ទង្វើបែបនេះគឺដើម្បីកម្ចាត់កំហុសឆ្គងពីរប្រការ... ១) ការប្រញាប់ប្រញាល់ពេក ២) ភាពស្ទាក់ស្ទើរមិនជាក់លាក់។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងទុកពេលកន្លះម៉ោងបន្ធូរអារម្មណ៍ និងត្រិះរិះពិចារណា...។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងឈប់ខ្លាចអ្វីៗទាំងអស់ មានដូចជា មិនខ្លាចថាខ្លួននឹងពុំមានសេចក្តីសុខ មិនខ្លាចថាខ្លួននឹងមិនបានទទួលភាពស្រណុកកាយសប្បាយចិត្ត មិនខ្លាចថាខ្លួននឹងមិនបានទទួលការស្រឡាញ់ ឬមិនខ្លាចថាអ្នកដែលខ្លួនស្រឡាញ់គេនឹងស្រឡាញ់ខ្លួនដែរឬទេ?

ដើម្បីថ្ងៃនេះ ខ្ញុំនឹងធ្វើការងារដោយល្អបំផុត។ ខ្ញុំមិនខ្វល់ថា លទ្ធផលបែបណាទេ តែខ្ញុំនឹងធ្វើឲ្យល្អបំផុត៕

Cr. ប្រាជ្ញាជីវិត

Thursday, October 11, 2018

ការចាញ់ពិតប្រាកដគឺជាការស្លាប់



មនុស្សចាញ់ គឺជាមនស្សស្លាប់ មនុស្សស្លាប់គឺជាមនុស្សដែលចាញ់អស់ពីខ្លួនគ្មានសល់។ ពាក្យថាមនុស្សខ្លាំង មិនមែនគ្រាន់តែមានកម្លាំងទេ ប៉ុន្ដែគឺជាមនុស្សដែលមានស្មារតីមុតមាំ តស៊ូប្រឆាំងជាមួយឧបសគ្គជីវិតមិនរាថយ។

ពុំមានការប្រឡងណាដែលយើងអាចទទួលបានពិន្ទុ ១០០ រហូតនោះទេ។ ប៉ុន្ដែសម្រាប់ការប្រឹង គឺត្រូវប្រឹងរហូត ទោះពេលខ្លះបានពិន្ទុ" ០ "ក៏ដោយ។ មេរៀននៅសាលា ផ្ដល់ឲ្យយើងនូវលំហាត់ មេរៀនជីវិតផ្ដល់ឲ្យយើងនូវការដកពិសោធជាក់ស្ដែង។ មិនថាលំហាត់ឬការដកពិសោធនទេ ពួកវាជាផ្នែកមួយ នៃការបន្សុទ្ធភាពអវិជ្ជាចេញពីយើង និងបន្សល់ឲ្យយើងនូវស្មារតីភ្លឺថ្លាជាងមុន ។

ពេលខ្លះ ការបរាជ័យមិនមែនបានន័យថាយើងចាញ់ទេ គឺបានន័យថាយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្ដែប្រសិនបើយើងស្លាប់ ឬបោះបង់ការតស៊ូ នោះទើបជាការបរាជ័យពិតប្រាកដចាញ់អស់ពីខ្លួនមែនៗ។ " បើដាក់ចិត្តថាតស៊ូ ត្រូវប្រឹងឲ្យដល់ទីបញ្ចប់ "

Cr. ប្រាជ្ញាជីវិត

សោភ័ណជីវិត



ស្នាមញញឹមដ៏ស្រស់ស្អាត ពេលខ្លះមិនចាំបាច់ទាល់តែមុខស្អាត ទើបញញឹមស្អាតនោះទេ ។ ជីវិតត្រូវតែចេះរីករាយជាមួយបច្ចុប្បន្ន មិនថាវាលំបាកប៉ុនណាទេ ស្នាមញញឹមគឺជាការផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង ។ ភាពរីករាយក្នុងជីវិត ពេលខ្លះមិនចាំបាច់ទាល់តែមានគ្រប់យ៉ាងទេ ទើបអាចរីករាយបាននោះទេ ។ សាក់ឡូ បានពោលថា " មួយថ្ងៃដែលគ្មានការសើច ជាថ្ងៃដែលកន្លងហួសទៅដោយគ្មានតម្លៃ " ឆាកជីវិតខ្លីណាស់ ហើយពេលរីករាយក៏មានមិនច្រើនដែរ ម្លោះហើយគួរតែចេះរីករាយជាមួយទុក្ខលំបាក។ ម្សិលមិញគឺជាថ្ងៃនេះ ហើយស្អែកក៏ជាថ្ងៃនេះចំណែកថ្ងៃនេះ គឺជាថ្ងៃនេះ រស់ក្នុងបច្ចុប្បន្នឲ្យបានល្អ ទើបអាចធ្វើឲ្យម្សិលមិញកន្លងទៅដោយមានន័យ ។ ផ្កាដែលអាចរីកយ៉ាងស្រស់ស្អាត ពេលខ្លះមិនចាំបាច់ផើងស្អាតទេ ។ ជីវិតដ៏រីករាយ ពេលខ្លះក៏មិនចាំបាច់ទាល់តែមានគ្រប់យ៉ាងនុ៎ះដែរ

Cr. ប្រាជ្ញាជីវិត

Wednesday, October 10, 2018

យើងអាចជាសត្វឥន្ទ្រីមួយក្បាល



សុភាសិត​តួ​ក​គី​ មួយឃ្លាបានបង្រៀនថា " ប្រសិនបើ​ពិភពលោក​ទាំងមូល​ជន់​លិច វា​មិនមែនជា​បញ្ហា​សម្រាប់​សត្វ​ទា​ឡើយ "។ ប្រសិនបើអ្នកលិចទឹក វាមិនមែនជាបញ្ហារបស់អ្នកដទៃនោះទេ ។ ជីវិត ប្រសិនបើយើងមិនខ្លាំង យើងនឹងលិចទឹក ប៉ុន្ដែប្រសិនបើយើងខ្លាំង យើងនឹងឡើងផុតទឹក ។ ប៉ុន្ដែបើយើងលិចទឹក នោះមិនមែនជាបញ្ហារបស់នរណាម្នាក់ឡើយ វាគឺជាបញ្ហារបស់យើង ដែលមិនបានអភិវឌ្ឍខ្លួនឯងឲ្យខ្លាំង។

យោងតាមសុភាសិតចិនមួយឃ្លា បានអះអាងថា " ផ្លែឈើដែលចេញពីដើមតែមួយ វាត្រូវតែមានរសជាតិផ្សេងគ្នា " មនុស្សទោះបីរស់នៅក្នុងបរិយាកាសតែមួយ ប៉ុន្ដែនៅតែមានមនុស្សពូកែ និងមនុស្សមិនពូកែ។ ពេលខ្លះកូនមាន់ដែលមានសមត្ថភាពស្មើនឹងឥន្ទ្រី វាក៏អាចធ្វើដូចជាឥន្ទ្រី ប៉ុន្ដែប្រសិនបើវាមិនព្រមកែប្រែខ្លួនឲ្យដូចជាឥន្ទ្រីទេ នោះវានឹងដើរលើដីដូចជាកូនមាន់ដទៃទៀតអស់មួយជីវិត។ កូនមាន់មួយក្បាលនោះ អាចជាយើងក៏ថាបាន ប៉ុន្ដែវាអាស្រ័យលើយើង តើយើងចេះកែច្នៃខ្លួនឯងដែរឬទេ? តើត្រូវធ្វើដូចជាឥន្ទ្រី ឬធ្វើជាកូនមាន់បន្ដទៀត ? ភាពឧស្សាហ៍ព្យាយាម គឺជាមាតានៃជោគវាសនា Diligence is the mother of good luck. បិនចាមិន ហ្រែ្វងគ្លិន-Benjamin Franklin (1706-1790) អ្នកវិទ្យាសាស្រ្តនិងជារដ្ឋបុរសនៃសហរដ្ឋអាមេរិក៕

Cr. ប្រាជ្ញាជីវិត

Saturday, October 6, 2018

សៀវភៅបេះដូងឬសៀវភៅខួរក្បាល?



សៀវភៅខ្លះនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើបេះដូង ហើយសៀវភៅខ្លះទៀតនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើខួរក្បាល។

បេះដូងមានលក្ខណៈអស្ចារ្យជាងខួរក្បាលនៅត្រង់ថា បេះដូងអាចពាល់ត្រូវនូវអារម្មណ៍នៃសេចក្តីស្រឡាញ់។ ក្នុងអត្ថិភាពជាមនុស្សនៅលើផែនដីនេះ គ្មានបុគ្គលណាម្នាក់ឆ្កួតវង្វេងដោយសារតែខ្លួនមានចំណេះដឹងច្រើននោះទេ តែមនុស្សភាគច្រើនឆ្កួតវង្វេងដោយសារតែគ្រប់គ្រងបេះដូងខ្លួនឯងពុំបាន។

យុវជនដែលចង់ដើរទៅមុខលឿនជាងអ្នកដទៃ និងចង់ខ្លាំងជាងអ្នកដទៃ ត្រូវអានសៀវភៅដែលអាចផ្តល់ចំណេះដឹងដល់ខួរក្បាលឱ្យច្រើន។ ពេលដែលមានចំណេះដឹងជ្រៅជ្រះ យើងនឹងយល់ច្បាស់ថា តាមពិតការរស់ដោយបញ្ញា និងរស់ដោយមានគោលការណ៍ គឺមានតម្លៃជាអមតៈ

ផ្ទុយទៅវិញ ក្នុងស្ថានភាពជាយុវវ័យ បើយើងបណ្តោយឱ្យបេះដូងគ្រប់គ្រងខ្លួនប្រាណទាំងស្រុង គឺមានន័យថាយើងជាមនុស្សដែលរវល់ចងរវល់ស្រាយ។ ពាក្យថា រវល់ចងរវល់ស្រាយ នៅទីនេះ គឺមានន័យថាចិត្តយើងវក់វីនឹងរឿងទុក្ខ រឿងសោក រឿងសប្បាយ និងមានអារម្មណ៍រវើររវាយ គ្មានពេលរៀនសូត្ររហូតដល់ដើរថយក្រោយ ឬដើរយឺត ឬដើរមិនទៅមុខ។

យុវជនដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានទាំងខ្លួននៅវ័យក្មេង គឺជាមនុស្សអស្ចារ្យខ្លាំងបំផុត។ យុវជនបែបនេះហៅថា មនុស្សចាស់ទុំ។ មនុស្សចាស់ទុំមានន័យថា ពុំរំជើបរំជួលនឹងរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងចំពោះខ្លួនឡើយ។ បើខ្លួនមានចំណេះដឹង ក៏គ្មានចិត្តអំណួត។ បើខ្លួនចាញ់ប្រៀបអ្នកដទៃ ក៏ពុំអស់សង្ឃឹម។ បើខ្លួនជោគជ័យ ក៏ពុំដាច់បង្ហៀរ។ ចិត្តនឹងន ចិត្តមានជំហរ ចិត្តស្ងប់ ចិត្តដែលអត់ធ្មត់ ចិត្តដែលប្រឹងប្រែងដើរទៅមុខជាមួយនឹងបុព្វហេតុនៃជីវិត៕

____




តើអ្នកណាកំណត់ព្រេងវាសនា



ខ្ញុំឆ្ងល់ថានៅលើផែនដីឥតព្រំដែននេះ នរណាជាអ្នកកំណត់រឿងចាញ់និងឈ្នះ ឡើងនិងចុះ។ នៅគ្រាលំបាកមួយក្នុងការដឹកនាំបដិវត្តន៍ ទស្សនៈនេះជាការការបន្ទរឡើងរបស់ម៉ៅ សេទុង សួរមេឃសួរដីអំពីថា តើនរណាជាអ្នកកំណត់ព្រេងវាសនាមនុស្ស និងព្រេងវាសនាប្រទេស។ បើទោះបីជាយ៉ាងក៏ដោយ ម៉ៅ សេទុង ឱ្យតម្លៃខ្លាំងទៅលើការទទួលខុសត្រូវ។

មេដឹកនាំពិតប្រាកដ គឺជាអ្នកដែលចេះទទួលខុសត្រូវលើវាសនាជាតិ ដោយត្រូវធ្វើយ៉ាងណាដើម្បីឱ្យជាតិរួចផុតពីគ្រោះកាច។ តើអ្វីទៅជាការទទួលខុសត្រូវ? ការទទួលខុសត្រូវ គឺមានន័យថាទទួលយកទាំងខុសនិងទទួលយកទាំងត្រូវ។ នៅពេលដែលមេដឹកនាំចេញទទួលខុសត្រូវ គឺស្មើនឹងលែងពឹងផ្អែកទៅលើអ្វីដែលនៅក្រៅខ្លួនដូចជាទេវតា និងព្រះក្នុងសាសនាណាមួយទាំងអស់។

មនុស្សម្នាក់ដែលពឹងផ្អែកទៅលើអ្វីដែលនៅក្រៅខ្លួន គឺគួរតែត្រៀមខ្លួនខូចចិត្តទុកជាមុន។ ទ្រឹស្តីពុទ្ធនិយមបានបង្ហាញថា ព្រេងសំណាង គឺមនុស្សជាអ្នកបង្កើត។ នៅក្នុងវចនានុក្រមភាសាខ្មែរបានពន្យល់យ៉ាងច្បាស់ថា សំណាង គឺមកពីពាក្យថា សាង ឬកសាង។ វាមិនខុសគ្នាពីទ្រឹស្តីហេតុផល ឬទ្រឹស្តីកម្មផលដែលព្រះពុទ្ធបានរកឃើញឡើយ។ បើសាងល្អនឹងបានផលល្អ តែបើសាងអាក្រក់នឹងបានផលអាក្រក់ សាបព្រោះអ្វីគឺនឹងបានទទួលផលនោះមកវិញ

អ្វីដែលខ្ញុំចង់មានន័យ គឺមនុស្សដែលមិនចេះបង្កើតការផ្លាស់ប្តូរដោយខ្លួនឯង គឺប្រៀបដូចជាមនុស្សដែលរង់ចំាព្រេងសំណាង ឬស្រដៀងនឹងរង់ចាំទឹកភ្លៀងខែប្រាំង។ ក្នុងលក្ខខណ្ឌខាងលើ យើងត្រូវដឹងថា ការផ្លាស់ប្តូរមួយ គឺពោរពេញទៅដោយសេចក្តីឈឺចាប់ តែបើមិនផ្លាស់ប្តូរ គឺមានតែផ្លូវស្លាប់។ ឃ្លាដដែលៗដែលថា គ្មានអ្វីបានមកដោយទទេៗឡើយ។ មនុស្សដែលពុំធ្វើអ្វីសោះ គឺប្រៀបដូចជារងចាំស្លាប់អ៊ីចឹងដែរ៕

I wonder who, upon this boundless earth, decides all beings fall and rise. Mao Zedong
_____

Friday, October 5, 2018

ល្បិចបុរសនិងមាយាស្រី



មនុស្សប្រុសជាច្រើនតែងសម្លឹងមើលទៅមនុស្សស្រីប្រៀបដូចជាសៀវភៅអានអ៊ីចឹង។ បើគម្របខាងក្រៅមិនស្អាតឆើតឆាយទាក់ទាញភ្នែកទេ គឺថាមនុស្សប្រុសក៏នឹងមិនចំណាយពេលវេលាឥតប្រយោជន៍ ដើម្បីស្វែងយល់ពីចិត្តខាងក្នុងរបស់នារីឲ្យកាន់តែស៊ីជម្រៅថែមទៀតនោះដែរ។

ក្នុងរឿងស្នេហារវាងបុរសនិងនារីតែងមានល្បិចដាក់គ្នាទៅវិញទៅមុខ។ នារីដឹងថាជាលក្ខណៈធម្មជាតិ បុរសភាគច្រើនចូលចិត្តស្រីស្អាត ទើបស្ទើរតែគ្រប់នារីទាំងអស់ខិតខំតុបតែងខ្លួនបន្លំភ្នែកធ្វើឲ្យបុរសឈ្លក់វង្វេងនឹងរូបសម្រស់ខាងក្រៅរបស់ខ្លួន។ ចំណែកបុរសវិញ ដឹងច្បាស់ថាស្ទើរតែនារីភាគច្រើនប្រាកដជាលង់វង្វេងនឹងវោហារសព្ទនៃពាក្យលួងលោម ប្រលោមស្នេហ៍ និងសម្តីផ្អែមល្ហែមរបស់ខ្លួន។ ដូច្នេះហើយ អណ្ដាតរបស់បុរសប្រៀបដូចជាមន្តខ្មៅដែលធ្វើឲ្យនារីភាគច្រើនលង់ជឿតាមអារម្មណ៍រំជើបរំជួលរបស់ខ្លួន។

ថ្ងៃមួយមាននារីម្នាក់និយាយមកកាន់ខ្ញុំថា បងប្រុសមានរូបរាងមុខមាត់មិនអាក្រក់ប៉ុន្មានទេ ហើយបើតុបតែងខ្លួនឲ្យសង្ហារថែមបន្តិចទៀត គឺរឹតតែប្រសើរ។ ខ្ញុំតបថា ខ្ញុំចង់រៀនសិន។ នាងសួរបន្តថា រវាងការសិក្សា និងការតុបតែងខ្លួនឲ្យស្រស់សង្ហារ តើវាមានការពាក់ព័ន្ធនឹងគ្នាដូចម្តេច? ខ្ញុំតបថា បុរសសង្ហារដែលមានវិជ្ជា គឺជាទីប្រាថ្នារបស់នារីគ្រប់រូប ហើយនារីស្អាត បើទោះបីជាមានវិជ្ជាក្តីឬពុំមានក្តី គឺផ្កាដែលកន្លង់គ្រប់ប្រភេទចោមរោមក្រេបលំអង

តើនារីណាខ្លះដែលមានបេះដូងដែកថែប ទប់ទល់ ឬអាចធ្វើមិនដឹងមិនឮនឹងកម្លាំងនៃសេចក្តីស្រឡាញ់របស់បុរសបាននោះ? ខ្មែរយើងនិយាយថា វក់វីនឹងប្រុស អស់ព្រហ្មចារីយ៍ ហើយវក់វីនឹងស្រីខ្លីវិជ្ជាមានតែការសិក្សាអប់រំនិងវិជ្ជាប្រកបដោយសីលធម៌ប៉ុណ្ណោះ ទើបធ្វើឲ្យមនុស្សអាចពាល់ត្រូវសេចក្តីស្រឡាញ់ពិតប្រាកដ។ ស្នេហាក្លែងក្លាយតែងនាំមកនូវការឈឺចាប់ តែស្នេហាពិតតែងនាំមកនូវសេចក្តីសុខសុភមង្គលឲ្យដល់ជីវិត៕

ប្រជាជនដើម្បីអ្នកកាន់អំណាចឬអ្នកកាន់អំណាចដើម្បីប្រជាជន



តើអ្នកដឹកនាំណាខ្លះដែលបានសម្លាប់រង្គាល ចាប់រង្គាល ចោទរង្គាល ដាក់គុករង្គាលប្រជាជនខ្លួនឯង ក្រោមស្លាកស្វែងរកយុត្តិធម៌សង្គម ក្រោមស្លាកប្រជាធិបតេយ្យ និងក្រោមស្លាករក្សាសន្តិភាពសង្គម? ទ្រឹស្តីយុទ្ធសាស្រ្តមួយបានលើកឡើងថា មនុស្សខ្លាំងអាចកាត់ក្បាលមិត្ត ឬសត្រូវដើម្បីប្រយោជន៍ខ្លួន ហើយថែមទាំងអាចធ្វើឲ្យក្បាលមិត្ត ឬសត្រូវដែលខ្លួនបានកាត់នោះនិយាយពាក្យថា <អរគុណ> ដល់ខ្លួនទៀតផង

គំនិតស្មោគគ្រោក និងទង្វើស្មោគគ្រោក គឺស្មោគគ្រោកពីព្រោះដោយសារតែចង់រក្សាកិត្យានុភាពរបស់ខ្លួន ហើយបំផ្លាញអ្នកដទៃ។ តើអ្នកណាជាអ្នកនយោបាយដែលមានគំនិតស្មោគគ្រោក? ចម្លើយគឺ នីកូឡូ ម៉ាឆៀវីលី។ តើមេដឹកនាំណាដែលស្មោគគ្រោកជាង នីកូឡូ ម៉ាឆៀវីលី ទៀតនោះ? នីកូឡូ ម៉ាឆៀវីលី (Niccolo Machiavelli) ជាអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា សម្តេច ឬជាភាសាអង់គ្លេស The Prince

ម៉ាឆៀវីលី បានសរសេរអំពីរបៀបដឹកនាំរដ្ឋដោយប្រើប្រាជ្ញាផង ប្រើកម្លាំងផង និងប្រើកលល្បិចផង។ ម៉ាឆៀវីលី បានបង្រៀនមេដឹកនាំរដ្ឋទាំងអស់ឲ្យត្រូវតែចេះប្រើកម្លាំងដូចជាសត្វតោ និងចេះក្រឡិចក្រឡុចល្បិចកលច្រើនដូចជាសត្វកញ្ជ្រោង។ ប៉ុន្តែកម្លាំង និងភាពក្រឡិចក្រឡុចនេះមិនមែនប្រើដើម្បីគ្រាន់តែរក្សាអំណាចយកមកបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែគឺដើម្បីរក្សាអំណាចយកទៅបម្រើផលប្រយោជន៍របស់ប្រជាជនទូទៅ។

ម៉ាឆៀវីលី អះអាងថា រដ្ឋអាចរំលោភច្បាប់ ធ្វើនូវទង្វើដែលគ្មានសីលធម៌បាន បើសិនជាវាចាំបាច់ ដើម្បីផលប្រយោជន៍ជាតិ។ អ្នកដឹកនាំត្រូវតែមានលក្ខណៈជាតោផង និងជាកញ្ជ្រោងផង។ អ្នកដឹកនាំត្រូវតែបង្ហាញចំពោះមុខរាស្ត្រឲ្យឃើញថា ខ្លួនជាអ្នកស្រឡាញ់យុត្តិធម៌ គោរពច្បាប់ និងមានសីលធម៌ ប៉ុន្តែខ្លួនមិនចាំបាច់ត្រូវតែធ្វើទង្វើដែលមានសីលធម៌គ្រប់ពេលវេលានោះទេ

តើមេដឹកនាំណាខ្លះដែលប្រើយុទ្ធសាស្រ្តនយោបាយរបស់ ម៉ាឆៀវីលី? គឺមេដឹកនាំស.វទី២០ មានដូចជា មូស្សូលីនី (Benito Mussolini) នៃប្រទេសអ៊ីតាលី, ហ៊ីត្លែ (Adolf Hitler) នៃប្រទេសអាល្លឺម៉ង់ ព្រមទាំងមេដឹកនាំកុម្មុយនីស្តនៃសហភាពសូវៀតដូចជា ប្លាឌីមៀ លេនីន (Vladimir Lenin) និងយូសែប ស្តាលីន (Joseph Stalin) សុទ្ធតែបានរៀនតាមម៉ាឆៀវីលី។

មេដឹកនាំទាំងប៉ុន្មានខាងលើហាក់បីដូចជាមិនសម្លាប់ប្រជាជនខ្លួនឯងទេ ហើយតួយ៉ាងហ៊ីត្លែជាដើម ដែលប្រកាន់ពូជសាសន៍សម្លាប់តែពួកជនជាតិជ្វីព។ ប៉ុន្តែ តើអ្នកដឹកនាំណាខ្លះដែលបានសម្លាប់រង្គាល ចាបរ់ង្គាល ចោទរង្គាល ដាក់គុករង្គាលប្រជាជនខ្លួនឯង ក្រោមស្លាកស្វែងរកយុត្តិធម៌សង្គម ក្រោមស្លាកប្រជាធិបតេយ្យ និងក្រោមស្លាករក្សាសន្តិភាពសង្គម?

គោលគំនិតរបស់ ម៉ាឆៀវីលី ត្រូវបានអ្នកខ្លះរិះគន់ថាជាគំនិតអ្នកនយោបាយដែលគ្មានសីលធម៌។ ប៉ុន្តែខ្លះទៀតយល់ថា ជាគំនិតនយោបាយដែលមានលក្ខណៈប្រាកដនិយម។ គ្មានសីលធម៌ ពីព្រោះគំនិតឃោរឃៅពេក ក្រឡិចក្រឡុចពេក ល្បិចកលពេក ប្រើកម្លាំងខ្លាំងពេក។ ប្រាកដនិយម គឺប្រាដកថានឹងបម្រើប្រយោជន៍ប្រជាជនទូទៅ ដើម្បីប្រយោជន៍ប្រជាជនទូទៅ ដោយជៀសវាងប្រយោជន៍បក្សនិយម បុគ្គលនិយមជាដើម៕