Friday, October 12, 2018

១ជីវិតគឺមានន័យត្រឹមថ្ងៃនេះ ហើយក៏ដើម្បីតែថ្ងៃនេះ...



១ថ្ងៃ ក៏អាចថា ១ជីវិត។ ១ឆ្នាំ ក៏អាចថា ១ជីវិត។ ១ជីវិតគឺជារយៈពេលដែលយើងបានរស់នៅរហូតដល់ដំណាក់កាលចុងក្រោយ។ ប៉ុន្តែតម្លៃនៃជីវិតគឺមិនមែនជាចំនួនឆ្នាំដែលបានរស់នៅទេ តែវាគឺជាគុណភាព ឬគុណតម្លៃដែលបានប្រើក្នុងជីវិតរបស់យើង។ ការពិតទៅ យើងអាចដឹងថ្ងៃកើត តែយើងមិនអាចដឹងថ្ងៃស្លាប់បានទេ។ យើងអាចដឹងថាឆ្នាំនេះយើងមានអាយុប៉ុន្មាន តែយើងមិនអាចដឹងថា ប៉ុន្មានឆ្នាំទៀតដែលយើងអាចរស់នៅបន្តបានទេ។ ជីវិតនេះ មិនដឹងថាវែងឬក៏ខ្លី មិនដឹងថារកមានន័យ ឬអត់ន័យនៅទីណានោះទេ? តាមរកន័យជីវិតមកដល់ពេលនេះ មកដល់អាយុនេះ ខ្ញុំក៏ផ្ដើមគិតលេងៗថា មែនទែនទៅ ១ជីវិតត្រូវធ្វើរឿងល្អៗឲ្យច្រើន។ កុំប្រឹងសាងរឿងអាក្រក់ៗច្រើនពេក ហើយរង់ចាំប្រើពេលបន្តិចបន្តួចនៃជីវិតមកធ្វើរឿងល្អជាក្រោយនោះ វាមិនគ្រប់គ្រាន់នុ៎ះទេ។

១ជីវិតដែលមានន័យ មានតែមួយថ្ងៃគត់ គឺថ្ងៃនេះ។ ខ្ញុំធ្លាប់លួចសើចនឹងខ្លួនឯងដែលគិតច្រឡំថា ខ្លួនចង់បានក្ដីសុខប៉ុន្តែបែរជាគិតកើតទុក្ខនឹងអតីតកាល។ ចង់បានក្ដីសុខតែបែរជាគិតខ្វាយខ្វល់នឹងអនាគតដែលមិនដឹងថាទៅដល់ឬអត់។ គឺវាហាក់ដូចជាប្រាប់ខ្លួនឯងថា ចាំថ្ងៃស្អែកសឹមរីករាយ ចាំថ្ងៃស្អែកសឹមសប្បាយ។ ប៉ុន្តែធាតុពិតវាធ្វើឲ្យយើងបំភ្លេចពេលវេលាដ៏មានន័យនៅថ្ងៃនេះដោយមិនដឹងខ្លួនអស់រលីង

១ជីវិតមានន័យត្រឹមតែថ្ងៃនេះ ហើយក៏ដើម្បីតែថ្ងៃនេះឯង។ ខ្ញុំនឹកឃើញឃ្លាមួយចំនួនដែលខ្ញុំធ្លាប់អានដែលថា៖
ដើម្បីថ្ងៃនេះយើងមានពេលវេលា២៤ម៉ោងគ្រប់គ្នា បើមិនអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្តបានទាំង២៤ម៉ោងទេ ខ្ញុំនឹងចំណាយពេលបន្តិចបន្តួចក្នុងថ្ងៃនេះ ធ្វើយ៉ាងណាឲ្យខ្លួនឯងបានសប្បាយចិត្ត។

ដើម្បីថ្ងៃនេះ ខ្ញុំត្រូវតែមានសេចក្ដីសុខ និងរីករាយ។ ថ្ងៃនេះ ខ្ញុំនឹងបើកចំហចិត្តទទួលយក និងសម្របតាមសភាវៈខាងក្រៅ មិនព្យាយាមតម្រូវចិត្តខ្លួនឯងជាធំ បើកចំហចិត្តសម្រាប់គ្រួសារ សម្រាប់ការងារ ជោគជតាផ្សេងៗដែលកើតមកលើជីវិត ហើយសម្របខ្លួនឲ្យសមស្របទៅតាមសភាពពិតទាំងនោះ។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវកាយរបស់ខ្ញុំ។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងលើកកម្ពស់ស្មារតីឱ្យកាន់តែប្រសើរឡើង។ ខ្ញុំនឹងខិតខំរៀនសូត្រពីអ្វីគ្រប់យ៉ាងដែលមានប្រយោជន៍ ខ្ញុំមិនបណ្តោយឲ្យខ្លួនទៅជាមនុស្សខ្ជិលច្រអូស ទុកខួរក្បាលឲ្យនៅទំនេរឥតប្រយោជន៍ ខ្ញុំនឹងខិតខំអានសៀវភៅ និងអត្ថបទដែលអាចជួយជំរុញឲ្យចិត្តខ្ញុំកាន់តែឧស្សាហ៍ព្យាយាម មានបញ្ញាមុតស្រួច និងចេះគ្រប់គ្រងធ្វើជាម្ចាស់ការលើខ្លួនឯង។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងគិតរឿងល្អៗ ធ្វើរឿងល្អៗដល់ខ្លួនឯង និង អ្នករាល់គ្នា។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងធ្វើចិត្តឲ្យស្អាតស្អំជ្រះស្រឡះ។ ខ្ញុំនឹងញញឹមរីករាយឲ្យអស់ពីលទ្ធភាព។

ដើម្បីថ្ងៃនេះ ខ្ញុំព្យាយាមរស់សម្រាប់ថ្ងៃនេះប៉ុណ្ណោះ ដោយមិនពិបាកមានទុក្ខកង្វល់ទៅលើកិច្ចការរាប់រយជំពូកទាំងអតីត និងអនាគតទេ ខ្ញុំនឹងប្រើពេល១២ម៉ោងសម្រេចការងារនីមួយៗឲ្យរួចស្រេចបាច់ ព្រោះការធ្វើអ្វីមិនស្រេចវានឹងធ្វើឲ្យខ្ញុំត្រូវអំពល់ចិត្តគ្មានទីបញ្ចប់។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងកំណត់ផែនការក្នុងមួយម៉ោងៗ តើខ្ញុំធ្វើអ្វីខ្លះ? ខ្ញុំមិនអាចធ្វើបានគ្រប់យ៉ាងតាមការកំណត់ តែខ្ញុំនឹងព្យាយាមធ្វើឲ្យគ្រប់។ ទង្វើបែបនេះគឺដើម្បីកម្ចាត់កំហុសឆ្គងពីរប្រការ... ១) ការប្រញាប់ប្រញាល់ពេក ២) ភាពស្ទាក់ស្ទើរមិនជាក់លាក់។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងទុកពេលកន្លះម៉ោងបន្ធូរអារម្មណ៍ និងត្រិះរិះពិចារណា...។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងឈប់ខ្លាចអ្វីៗទាំងអស់ មានដូចជា មិនខ្លាចថាខ្លួននឹងពុំមានសេចក្តីសុខ មិនខ្លាចថាខ្លួននឹងមិនបានទទួលភាពស្រណុកកាយសប្បាយចិត្ត មិនខ្លាចថាខ្លួននឹងមិនបានទទួលការស្រឡាញ់ ឬមិនខ្លាចថាអ្នកដែលខ្លួនស្រឡាញ់គេនឹងស្រឡាញ់ខ្លួនដែរឬទេ?

ដើម្បីថ្ងៃនេះ ខ្ញុំនឹងធ្វើការងារដោយល្អបំផុត។ ខ្ញុំមិនខ្វល់ថា លទ្ធផលបែបណាទេ តែខ្ញុំនឹងធ្វើឲ្យល្អបំផុត៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment