Saturday, April 25, 2020

គិតនឹងទុក្ខៗនឹងគិត

ពុំមែនទុក្ខជាហេតុឲ្យគិតច្រើនទេ តែការគិតច្រើនជាហេតុឲ្យកើតទុក្ខ


ធាតុគិត អង្គហេតុដែលជាប្រព័ន្ធស្មុគស្មាញមួយ ដែលមនុស្សកើតឡើង ធំធាត់ដឹងក្ដី ភាសាគិតនេះកើតឡើង ដោយមានហេតុផលជាច្រើនដែលខ្លួនកំពុងប្រឈមជាមួយបញ្ហាជីវិត ។ ពាក្យថាបញ្ហាជីវិតមានច្រើនបែបច្រើនស្ថានណាស់ ដែលមនុស្សត្រូវចូលខ្លួនមកដោះស្រាយ ដើម្បីរកច្រកចេញ ។ ដើម្បីរកផ្លូវចេញបានមនុស្សត្រូវការគិតត្រិះរិះពិចារណារកគ្រប់ទម្រង់នៃការគិត ។ ការគិតខ្លះ ក៏បានផលវិជ្ជមាន ហើយការគិតខ្លះក៏បានផលអវិជ្ជមាន ។ តើការគិតបានផលវិជ្ជមាន និងអវិជ្ជមានដូចម្ដេច?

ការគិតដែលបានផលវិជ្ជមាននោះ ត្រូវមានវិធីគិតរបស់គេ គិតក្នុងផ្លូវត្រូវ គិតតាមទម្រង់សមាទិដ្ឋិ ការយល់ត្រូវ សម្មាសង្កប្ប ការត្រិះរិះត្រូវ សមាសតិ ការរលឹកត្រូវ និងសមាសមាធិ ការតម្កល់ការគិតត្រូវ យកមកប្រើក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ។ តើការគិតតាមបែបត្រូវនោះដូចម្ដេច?

ការយល់ឃើញត្រូវ  គឺការមើលឃើញពិតពីជីវិតរបស់ខ្លួន និងអ្នកដទៃថា ជីវិតមួយនេះកើតឡើងប្រកបដោយខន្ធ ៥ (នាមធម៌ និងរូបធម៌) ដែលរកភាពពិតប្រាកដ  រកភាពទុកចិត្តមិនបានឡើយ ។ កាលមានជីវិតប្រាកដណាស់នឹងមានទុក្ខគ្រប់ពេលវេលា តាមផ្លូវកាយ និងតាមផ្លូវចិត្តគេចមិនផុត ។ កាលណារបស់មិនទៀង វាប្រាកដជាមានទុក្ខ កាលណាវាមានទុក្ខ របស់នោះមិនអាចស្ថិតនៅក្រោមអំណាច កម្មសិទ្ធិរបស់ខ្លួនបានទេ វាគឺធម្មធាតុមួយដែលវាត្រូវកើតឡើង តាំងនៅ និងរលត់ទៅវិញ ។ ការយល់ត្រូវ គឺខ្លួនត្រូវយល់ដល់សច្ចភាពជីវិតនេះថា អត្តានេះត្រូវមានទុក្ខ ធ្ងន់ឬស្រាល វាអាស្រ័យលើការយល់ និងកម្មរបស់ខ្លួន ។ ការយល់ទៅដល់អង្គហេតុដែលឲ្យទុក្ខកើត ការប្រាថ្នាចង់បានដែលមិនចេះចប់មិនចេះហើយ សម្រាប់បម្រើតម្រូវការជីវិតរបស់ខ្លួន ។ ការយល់ត្រូវមួយផ្នែកទៀត ដើម្បីជាការគេចឲ្យផុតពីទុក្ខនេះ គឺបញ្ឈប់ការគិតចង់បានដោយគ្មានដែនកំណត់  ហើយដើម្បីបញ្ឈប់ការចង់ ត្រូវធ្វើដំណើរទៅតាមផ្លូវធម៌ ដែលមានអង្គ ៨ ។ បើខុសពីផ្លូវនេះ ទុក្ខមិនអាចកំចាត់បានទេ ហៅថាអវិជ្ជមាន ។

ការត្រិះរិះត្រូវ គឺការប្រាថ្នាលះបង់នូវបាបធម៌ផ្សេងៗ ក្នុងនោះមានតាំងពីការលះបង់កាមឆន្ទ ការពេញចិត្តញៀនញ៉ាមក្នុងរូប សំឡេង ក្លិន រស ការចង់ស្ទាបបបោសអង្អែលនូវរូបជាដើម ។ ការត្រិះរិះត្រូវលះបង់នូវការគំកួន ឈ្នានីស ព្យាបាទ ដោយប្រើកាយ វាចា ឲ្យមានហិង្សាតាមរយៈរូបភាពផ្សេងៗ មានការប្រើអំពើឃោរឃៅ អសុរោះ មួលបង្កាច់បង្ខូច ទម្លាក់កំហុស ចោតប្រកាន់ដោគ្មានមូលច្បាស់លាស់ តាមចងអាឃាតដោយប្រការផ្សេងៗ ។ ការត្រិះរិះត្រូវមួយទៀត គឺមិនគិតរំពៃរ៍លៃលកគយគន់គ្នាន់គ្នេរ ចង់បាន ចង់យក ចង់កិបកេងប្រវញ្ចរបស់គេ ដោយថីនចិត្តឡើយ ។ ប្រការទាំងអស់នេះហើយ បើយើងធ្វើបាន មានន័យថា គិតត្រូវ គិតដែលមិនប្រកបដោយទុក្ខភ័យ មិនមានអាជ្ញាណាមកគៀបសង្កត់បានឡើយ ។ ជីវិតមនុស្សម្នាក់បានសុខ បានទុក្ខ បានចម្រើន និងវិនាស អាស្រ័យលើការគិតត្រិះរិះនេះ ។ បើគិតខុស ជីវិតនឹងអវិជ្ជមានហើយ ។

ការគិតរលឹកត្រូវ មានន័យថា ខ្លួនត្រូវប្រុងប្រយ័ត្ន និងត្រូវគិតជានិច្ច ។ យើងត្រូវមានសតិស្មារតីក្នុងសមាធិគ្រប់ពេលវេលា ក្នុងការតាមឃ្លាំមើលចិត្តនេះគ្រប់ខណៈ ក្រែងខ្លាចចិត្តរបស់យើងទៅគិត ទៅសន្សំនូវកាកសំណល់របស់កិលេសផ្សេងៗ ។ បុគ្គលដែលអាចគ្រប់គ្រងខ្លួនបាន សុទ្ធសឹងជាបុគ្គលដែលមានការប្រុងប្រយ័ត្ន ដោយការយកសតិ ការរលឹកនេះយកធ្វើជាឆ្មាំតាមឃ្លាំងមើលអំពើ សកម្មភាពរបស់ខ្លួនទាំងផ្លូវកាយ វាចា និងចិត្តនេះគ្រប់កាលៈទេសៈ ។ បើមិនដូចនោះទេ អាចឲ្យខ្លួនយើងជាប់ផុងក្នុងសេចក្ដីទុក្ខ កើតវិបត្តិគ្រប់យ៉ាង មិនថាខ្លួន សមាជិក ទ្រព្យសម្បត្តិ  អ្នកដទៃ និងប្រទេសជាតិ ដោយការធ្វេសប្រហែសរបស់ខ្លួនត្រឹមតែមួយខណៈពេល ។ ដូចនេះ ត្រូវមានការគិតរលឹកនេះឲ្យបានភ្ជាប់ភ្ជួនជានិច្ចក្នុងការបំពេញការងារ រាប់តាំងពីដេក ដើរ ឈរ អង្គុយឡើងទៅ ។ បើខុសពីនេះ ផលអវិជ្ជមាននឹងកើតមានឡើង ។

ការតម្កល់ការគិតត្រូវ មានន័យថា ការផ្គងចិត្ត ឬការផ្ចង់ការគិតនេះឲ្យឈរលើមូលដ្ឋានតែមួយ ដូចថា តើពេលនេះខ្លួនកំពុងធ្វើអ្វី កំពុងរៀន កំពុងធ្វើការ កំពុងធ្វើដំណើរ កំពុងឈរ កំពុងអង្គុយ កំពុងដេក កំពុងសម្រាក ឬកំពុងធ្វើអ្វីផ្សេងៗទៀត ។ល។  បើខ្លួនធ្វើបាន មានន័យថា កំពុងផ្ចង់ការគិតនោះឲ្យមូល ឲ្យនឹងក្នុអារម្មណ៍តែមួយ ។ អារម្មណ៍ មានន័យថាម៉េច? អារម្មណ៍គឺជាទីតោងរបស់ចិត្ត របស់ការគិត ។ តើយើងកំពុងគិតអ្វី? គិតពីខ្លួន គិតពីការសិក្សា គិតពីការងារ គិតពីផែនការអនាគត ជាដើម។ ន័យថាខ្លួន ការសិក្សា ការងារ ផែនការអនាគត ទាំងអស់នោះហើយគឺជាអារម្មណ៍ ។

ការតម្កល់ការគិតត្រូវនេះមានមុខងារពីរយ៉ាង គឺទី១ បុគ្គលត្រូវធ្វើអារម្មណ៍ឲ្យស្ងប់ ឲ្យមូល សំដៅដល់ការអប់រំចិត្តក្នុងសមថភាវនា ។ ទី២ ការពង្រឹងទស្សនញាណ ឲ្យមើលឃើញការពិតពីជីវិត តាមរយៈវិបស្សនាភាវនា ។

ចំណុចទី១ ដែលថា បុគ្គលត្រូវធ្វើអារម្មណ៍ឲ្យមូល ឲ្យស្ងប់ ក្នុងន័យ ចង់សង្កត់ធ្ងន់ក្នុងជីវិតសាមញ្ញជន ដែលមិនទាន់បានលះបង់ខ្ពស់ ត្រូវតម្កល់ការគិតនេះ ឲ្យត្រូវតាមបែបផែន បើមិនដូច្នោះទេ ដូចពាក្យពំនោលដែលលើកឡើងថា ពុំមែនសេចក្ដីទុក្ខជាហេតុឲ្យយើងគិតច្រើនទេ ព្រោះតែយើងគិតច្រើនជាហេតុឲ្យកើតទុក្ខ ។ កាលណាយើងគិតខុសពីបែបផែន សេចក្ដីទុក្ខ ដែលជាធម្មធាតុ កើតលើជីវិតគ្រប់ប្រភេទ មិនមានបុគ្គលណាអាចគេចបាន តែយើងនេះបែរជាទៅគិតខុសពីនោះ ជួលកាលរឿងដែលមិនសមនឹងគិត ក៏គិតប្រឌិតឡើង រឿងដែលមិនស្មុគ ក៏លើកមកគិត បញ្ហាដែលកន្លងផុត និងមិនទាន់មកដល់ក៏ខ្លួនលើកមកគិត ទាំងអស់នេះហើយដែលនាំឲ្យមានសេចក្ដីទុក្ខ មិនមែនជាហេតុឲ្យកើតទុក្ខ តែទុក្ខកើតឡើងព្រោះតែការគិតច្រើនរបស់ខ្លួន ។ សួរខ្លួនឯងសិនថា តើខ្លួនកំពុងនៅទីណា អតីត អនាគត ឬក៏បច្ចុប្បន្ន ប្រឈមបញ្ហាក្នុងពេលណា អតីត អនាគត ឬក៏បច្ចុប្បន្ន ? បើខ្លួនកំពុងស្ថិតក្នុងបច្ចុប្បន្នភាព ខ្លួនត្រូវគិតរឿងបច្ចុប្បន្នភាព មិនត្រូវទៅគិតរឿងអតីតកាលដែលកន្លងផុត មិនត្រូវគិតរឿងអនាគត ដែលមិនទាន់មកដល់ សំខាន់ខ្លួនកំពុងស្ថិតក្នុងពេលនេះ ត្រូវមកគិតក្នុងពេលនេះ ។

បើការគិតរបស់យើងមិនតាមបែបផែន តាមមាគ៌ាដ៏ត្រឹមត្រូវ វាក្លាយជាផលវិបាក សម្រាប់យើងដែលហៅថាចូលក្នុងវិបត្តិផ្លូវចិត្ត ជំងឺផ្លូវចិត្ត ជំងឺបាក់ទឹកចិត្ត និងកើតជំងឺភ័យខ្លាចជាមិនខានឡើយ ដូចនេះ ការគិតឲ្យស្របទៅតាមអ្វីដែលស្មេរបានរៀបរាប់ខាងលើទាំងបួនចំណុច គឺជាការគិតតាមបែបផែន មានស្ដងដារ អាចយកខ្លួនរួចពីក្ដីទុក្ខវិបត្តិនេះបាន ។ ការគិតឲ្យចំគោលដៅដែលខ្លួនកំពុងធ្វើ ក្នុងន័យថា តម្កល់ការគិតឲ្យត្រូវនឹងតថភាពរបស់ខ្លួន ទើបមិនបង្កភាពស្មុគស្មាញដល់ខួរក្បាល ដូចជា ពេលរៀន គឺរៀន ពេលលេងគឺលេង ពេលធ្វើការគឺធ្វើការ ពេលសម្រាកគឺសម្រាក មិនមែនយកពេលកំពុងរៀន ទៅគិតរឿងការងារ មិនមែនយកពេលកំពុងធ្វើការ ទៅគិតពេលលំហែកាយ តាមមាត់សមុទ្រ តាមរមណីយដ្ឋាននានាជាមួយមិត្តភក្ដិ ជាមួយគ្រួសារ ឬពេលកំពុងសម្រាកទៅគិតរឿងនេះ រឿងនោះមិនចេះចប់មិនចេះហើយនោះទេ ។ បើខ្លួនធ្វើសកម្មភាពបែបនេះ មិនខុសពីប្រយោគខាងលើឡើយ ។

ចំណុចទី២ ការពង្រឹងទស្សនញាណ ឲ្យមើលឃើញពីការពិតនៃជីវិត ។ ក្នុងន័យនេះ ជីវិតពិតជាមានតម្លៃណាស់ ទម្រាំមានជីវិតនេះឡើងត្រូវតស៊ូគ្រប់បែបយ៉ាងក្នុងការថែរក្សា ចិញ្ចឹមបីបាច់អាយុជីវិតនេះឲ្យរស់ ។ ដូចពុទ្ធនិយមលើកឡើងថា ការកើតជាមនុស្សនេះជាការក្រ ការបានតាំងនៅអាយុជីវិតនេះក៏ជាការក្រ ។ ពាក្យថា ក្រ មិនមែនជាការងាយឡើយសម្រាប់ជីវិតនេះ ទម្រាំបានកើតក្នុងផ្ទៃនៃមាតា ខំប្រឹងប្រកួតប្រជែងយ៉ាងខ្លាំងជាមួយមេជីវិតរាប់លានក្បាល អ្នកដែលអាចទៅកាន់ដៃស្បូនរបស់ម្ដាយបាន មានយ៉ាងច្រើន ៣ ឬ៥ ដោយកម្រ ។ សួរថាតើប្រការនេះអស្ចារ្យយ៉ាងណាទៅ ដែលជីវិតត្រូវមកសាកល្បងកាន់គត៌មាតានេះ មិនមែនជារឿងធម្មតា ត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាជីវិត ពិតជាលំបាកខ្លាំងណាស់ ទ័លតែមានសមត្ថភាពគ្រប់គ្រាន់ ទើបប្រឡងជាប់បាន ក្នុងចំណោមបេក្ខជនរាប់លាននាក់ត្រូវបានស្លាប់ តែរស់យើងតែម្នាក់ឯងគត់ ។

ពេលបានធ្វើតេស្តជាប់វិញ្ញាសានេះហើយ មានម្ដាយខ្លះ ដែលខ្លួនគាត់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ មិនអាចទទួលខុសត្រូវបាន មិនសមធ្វើជាអ្នកចិញ្ចឹមកូនក្នុងផ្ទៃបាន ដោយកំហុសរបស់ខ្លួន តើគាត់អាចទុកជីវិតហ្នឹងបានទេ ត្រង់នេះស្មេរមិនបកស្រាយទេ ទុកបញ្ហាកម្មនេះ ឲ្យអ្នកអានពិចារណាគិតមើលដោយខ្លួនឯងចុះ ។ នៅមានបញ្ហាជាច្រើនទៀត ដែលមិនអាចតាំងជីវិតនៅបាន សូម្បីតែឋិតនៅក្នុងផ្ទៃម្ដាយហើយ មិនចាំបាច់និយាយដល់ការកើតឡើងមកផង មានបញ្ហាកើតមិនចេះចប់មិនចេះហើយ ដូច្នេះ ត្រូវគិតថា ទម្រាំមានជីវិតមកដល់ថ្ងៃនេះ ជីវិតត្រូវឆ្លងកាត់ទុក្ខច្រើនដំណាក់កាលណាស់ ។ បញ្ហាទាំងអស់នេះស្ថិតនៅក្រោមគោលការណ៍បី គឺ ជីវិតនេះ មិនទៀងទាត់ទេ ទៀងតែម្យ៉ាងគឺស្លាប់ ជីវិតនេះពិតជាកើតទុក្ខ មិនអាចបុគ្គលណាឆ្លង់ផុតបាន លុះត្រាតែខំអប់រំចិត្ត ចម្រើនចិត្តឲ្យតាំងក្នុងព្រះកម្មដ្ឋាន ដែលជាដំណាក់កាលចុងក្រោយដើម្បីបញ្ចប់សេចក្ដីទុក្ខក្នុងសង្សារវដ្ដនេះ ។ ជីវិតនេះ មិនមែនជាកម្មសិទ្ធិ ស្ថិតនៅក្រោមការកំណត់សម្គាល់ប្រកាន់យកថាខ្លួន យើង គេបានឡើយ ។ បើយើងខំពង្រឹងទស្សនញាណ ឲ្យដឹងច្បាស់ពីការពិតនៃជីវិតនេះនោះ ចិត្តរបស់យើងនឹងបន្ថយការប្រកាន់មាំ ទុក្ខក៏ធូរស្រាលឡើង គិតតែម្យ៉ាង គឺចាំទទួលយកការពិតពីជីវិតនេះតែប៉ុណ្ណោះ ក្នុងការបំពេញប្រយោជន៍ ។ សូមឲ្យការប្រើទស្សនញាណនេះ ដូចជា ការមើលឃើញផ្ទះដែលភ្លើងបំម្រុងនឹងឆេះ ហើយម្ចាស់ផ្ទះខិតខំប្រញាប់ប្រញាល់ប្រវេប្រវាជញ្ជូនទ្រព្យសម្បត្តិដ៏មានតម្លៃចេញពីផ្ទះនោះ ឲ្យទាន់ពេលវេលាយ៉ាងណា បុគ្គលដែលមើលឃើញពីជីវិតដែលកំពុងស្ថិតក្នុងមាត់ជ្រោះនៃមច្ចុគ្រប់ពេលវេលា ខ្លួនក៏ខំប្រឹងបំពេញប្រយោជន៍ជាច្រើន ដូចជាការឲ្យទាន រក្សាសីល និងចម្រើនភាវនានេះបានយ៉ាងភ្ជាប់ភ្ជួន ។  

សរុបរួម ការគិតឲ្យត្រូវ គឺត្រូវតាមទំនងថា ជីវិតនេះពិតជាទុក្ខ ជីវិតនេះពិតជាមិនអាចតាំងនៅបានតាមការចង់បានរបស់ខ្លួន ជីវិតនេះមិនអាចស្ថិតនៅក្រោមអំណាចកម្មសិទ្ធិរបស់បុគ្គលណាមួយ ។ ជីវិតនេះគឺជាធម្មធាតុ ដែលកើតឡើងនឹងបែបធ្លាយទៅតាមកាលៈទេសៈណាមួយ  ។ ការគិតនេះឲ្យត្រូវតាមថតភាព ដែលខ្លួនត្រូវគិត កាលណាគិតខុស នាំឲ្យមានវិបត្តិផ្សេងៗកើតមានឡើង ដូចពាក្យមួយថា ដុំថ្មមិនធ្ងន់ទេ បើយើងមិនទៅលើកលីវា ឬដូចពាក្យខ្មែយើងថា កុំឃើញឈើពុក ដាក់គូថអង្គុយលើ ។ ទុក្ខជាធម្មធាតុមានស្រាប់ហើយ សម្រាប់ជីវិត តែមនុស្សត្រូវការកាត់បន្ថយ កុំបង្កើនទុក្ខ ។  ទុក្ខគឺជាថ្នាំវិសេស សម្រាប់ជីវិត ដើម្បីញ៉ាំងជីវិតនេះឲ្យរឹងមាំ ស្វាហាប់តស៊ូជំនះ រដោះខ្លួនឲ្យរួចខាងតែបាន ៕ 

---------------------------------------------------

Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក

Friday, April 24, 2020

ចិត្តស្ងប់គឺបញ្ញាកើត

ស្រមោលដួងចន្ទកើតចេញពីភាពនឹងរបស់ទឹកយ៉ាងណា បញ្ញាក៏...


នៅពេលដែលចង់ឃើញស្រមោលដួចចន្ទ ដែលកំពុងបណ្ដែតខ្លួននៅលើព្ធដ៏អាកាសនភាលី ដែលមនុស្សប្រុសស្រី តែងតែស្រឡាញ់ចូលចិត្ត ។ អ្នកខ្លះចង់បានដួងចន្ទមកគេងឱបកំដរភាពលីវរបស់ខ្លួន ។ អ្នកខ្លះអង្គុយមើលដួងចន្ទ នឹកដល់មនុស្សជាទីស្រឡាញ់ ដែលធ្លាប់មកអង្គុយមើលជាមួយគ្នា នៅក្រោមជំនោរបក់មកប៉ើយៗ ។ អ្នកខ្លះកំពុងលួយគយគន់ភាពវង់មូលក្រឡង់របស់ដួងចន្ទ ដូចជាគូស្នេហា ដែលខ្លួនមិនដែលបានឃើញ បានយល់ភក្រ្ត បើសិនជាមានភក្រ្តាល្អដូចជាដួងចន្ទនោះ មិនជាល្អយ៉ាងណាទេ ។ អ្នកខ្លះទៀត បង្រៀនកូនចៅ ឲ្យសុំអ្វីៗពីដួងចន្ទ បើដួងចន្ទល្អយ៉ាងនេះ មិនដឹងជាមានចិត្តល្អយ៉ាងណា ដោយស្រែកថា ដួងចន្ទអើយ ចៅង៉ាសុំរបស់លេង ដួងចន្ទអើយ ចៅង៉ាយ សុំបាយហូប ដួងចន្ទអើយ ចៅង៉ាសុំផ្ទះនៅ ជាដើម ហើយអ្នកខ្លះ ប្រៀបពន្លឺដួងចន្ទ ទៅនឹងស្នេហារបស់ខ្លួន ដែលមានដុំពពួកមកបាំងបិទដួងចន្ទ មិនឲ្យបញ្ចេញរស្មីមកលើផែនពសុធា ដូចនឹងស្នេហារបស់ខ្លួនដែលកំពុងមានឧបសគ្គអ៊ីចឹងដែរ ហើយអ្នកខ្លះទៀត ត្រូវការពន្លឺដួងចន្ទមកបំពេញការងារចិញ្ចឹមជីវិតរបស់ខ្លួន ។ ចំណែកមនុស្សអាក្រក់ មនុស្សបាតសង្គមវិញ ពួកគេច្រើនស្តីបន្ទោសដល់ដួងចន្ទរះ ដោយសារពន្ទឺរបស់ដួងចន្ទ ទច់បង្អាក់ដំណើររកស៊ីរបស់ពួកគេ ដូចជាពួកចោរហារយ ជាដើម ។

ដួងចន្ទ មានតែការពេញចិត្តក្នុងការឲ្យ ទោះជាដួងចន្ទមិនបានទាមទារអ្វីពីមនុស្សលោក នេះក៏មនុស្សអគតិមួយចំនួនមិនពេញចិត្ត តែងកើតមានជាហូរហែ   ទោះជាដួងចន្ទខំប្រឹងបញ្ចេញរស្មីស្រទន់ត្រចះត្រចង់មកលើភពផែនដីនេះ ដើម្បីផលប្រយោជន៍ដល់មនុស្សត្រូវការ ក៏ដួងចន្ទត្រូវបានមនុស្សមួយចំនួននិន្ទារិះគន់មិនចេះឈប់ឈរ ។ ដួងចន្ទនៅតែបន្តរះ ទោះជាមានការទើសចិត្តពីមនុស្សមួយចំនួនក៏ដោយ តែទេវបុត្តដួងនេះ នៅតែធ្វើចិត្តត្រជាក់មិនរុញរាក្នុងការបំពេញភារកិច្ចរបស់ខ្លួនដដែល ។ ប្រយោជន៍តិច ប្រយោជន៍ច្រើន វាអាស្រ័យលើតម្រូវការរបស់មនុស្សលោកទេ  ។ ប្រសិនបើមនុស្សត្រូវការពន្លឺច្រើន ក៏ត្រូវរង់ចាំ ត្រូវការពន្លឺក៏ត្រូវរង់ចាំ ដូចនេះអ្វីៗដែលខ្លួនត្រូវការ ត្រូវប្រើពាក្យថារង់ចាំដែរ ។ រុក្ខជាតិទាំងឡាយ ត្រូវការទឹកសន្សើមដែលព្រះចន្ទទេវបុត្តប្រទានឲ្យ អាចឲ្យផ្កាផងទាំងឡាយ មានការរីកស្គុសស្គាយ ។ សត្វទាំងឡាយ ត្រូវការទឹកសន្សើមដើម្បីផឹកក្រេបជួយបន្តជីវិតខ្លួនបាន ។ ដូចនេះ ពន្លឺព្រះចន្ទ ដែលធម្មជាតិតាក់តែងមកមិនមែនជាការឥតប្រយោជន៍ឡើយ មានប្រយោជន៍ដល់ជីវចម្រុះដែលកំពុងរស់រានមានជីវិតក្នុងភពផែនដីមួយនេះ ។

យើងនិយាយពីប្រយោជន៍ និងតម្រូវការរបស់មនុស្ស សត្វ និងរុក្ខជាតិដែលលបានទាញយកពន្លឺពីព្រះចន្ទ ។ ចុះអ្នកអានធ្លាប់គិតសុំ ធ្លាប់ចង់បាន និងគិតថាព្រះចន្ទនេះជួយកាត់បន្ថយពីភាពតានតឹងក្នុងចិត្ត ក្នុងកាលៈទេសៈណាមួយ ដូចជា គេងមិនលក់ រៀនមិនចូល ការងារមិនរលូន ឬមួយក្នុងគ្រាដែលខ្លួនចង់បណ្ដុះបន្លកស្នេហាឲ្យកើតឡើងជាមួយអ្នកទេ ។  អ្វីដែលច្រើនជាគេ គឺពួកកវី អ្នកនិពន្ធ សុទ្ធតែបានអង្គុយគយគន់ដួងចន្ទ ដោយចិត្តគិតរំពៃរ៍ រកពាក្យពេចន៍ ហត្ថាសរសេររៀបភាសាណែងណង រណ្តំ ស៊ីជំរៅទៅលើមនោចេតនា ដែលបានគិតឃើញ ។ ចំណែកស្មេរនេះ វិញបានរិះគិតយកឃ្លាមកបង្ហាញថា  ស្រមោលដួងចន្ទកើតចេញពីភាពនឹងរបស់ទឹកយ៉ាងណា បញ្ញាក៏កើតពីចិត្តស្ងប់ ក៏យ៉ាងនោះដែរ ។ តើឃ្លានេះមានអត្ថន័យ អត្ថរូប និងអត្ថរសយ៉ាងណា សម្រាប់ដាស់តឿនក្រើនរំលឹកចិត្តមនុស្សយើង ?

សម្រោលជាអ្វី? ស្រមោលគឺជារូបភាពមួយដែលទទួលពីអ្វីមួយ ដោយមានពន្លឺអ្វីមួយចាំងចែងមកលើ ដូចជាសស្រមោលដើមឈើ ស្រមោលមនុស្ស ស្រមោលភ្នំ ជាដើម ។ ស្រមោលនេះ អាចទទួលបានតាមរយៈពន្លឺព្រះអាទិត្យ ពន្លឺព្រះចន្ទ ពន្លឺភ្លើង និងការឆ្លុះក្នុងវត្ថដែលថ្លា ដូចជាកញ្ចក់ ទឹកជាដើម ។ ស្រមោលព្រះអាទិត្យ ស្រមោលព្រះចន្ទ យើងអាចមើលឃើញបាននៅក្នុងទឹកសមុទ្រ ទឹកទន្លេ ទឹកបឹង ស្ទឹកព្រែក ឬទឹកក្នុងផ្ដិន ពាង ពែង។ល។ កាលមើលឃើញស្រមោលទាំងនេះ ឃើញពេញល្អបាន លុះត្រាតែទឹកហ្នឹងនឹងន គ្មានរលក គ្មានខ្យល់បក់បោក បើមិនអ៊ីចឹងទេ មើលស្រមោលនោះមិនច្បាស់ឡើយ ។

បញ្ញារបស់មនុស្សកើតឡើងអាស្រ័យដោយច្រើនហេតុ ដូចជា បញ្ញាកើតឡើងពីការស្តាប់ ការរៀនសូត្រតាមក្បួនច្បាប់ អប់រំរបស់សាលា តាមគ្រូ និងតាមមនុស្សនានាទទួលបានបញ្ញា ដែលយើងហៅថាបញ្ញាវន្ត ដែលបានរៀនបញ្ចប់ក្រោយថ្នាក់ឧត្តម ។ បញ្ញាមួយកើតពីចិត្តត្រិះរិះឃើញអ្វីថ្មីមួយ ដូចជាលោកប៊ិល ហ្គេត រកឃើញអង្គធាតុបន្ទះហ្សូវ៉ែរ ហុងដារ គាត់រកឃើញម៉ាស៊ីនហុងដារ ម៉ាក ហ្សឺកបឺក រកឃើញបណ្ដាញសង្គមហ្វេសប៊ូកជាដើម ដែលកើតពីការត្រិះរិះរបស់ខ្លួន ដែលមានទស្សនថា គំនិតចាស់ + គំនិតថ្មី > កើតគំនិតថ្មីមួយទៀត ។ គ្មានអ្វីដែលកើតឡើងថ្មី ដោយគ្មានធាតុផ្សំចាស់ឡើយ សូម្បីតែការរកឃើញអរយសច្ចរបស់ព្រះសមគោតម ក៏ត្រូវកើតពីគំនិតចាស់ + គំនិតថ្មី វិធីថ្មី > គំនិតថ្មីមួយទៀត ។ សមិទ្ធផលថ្មីៗ សុទ្ធតែត្រូវពឹងផ្អែកលើប្រភពចាស់ៗមកដែរ ឬចំណោទបញ្ហាចាស់ដែលពួកអ្នកមុនបន្សល់ភាពមិនច្បាស់លាស់ ឬក៏ធ្វើមិនសម្រេច ធ្វើមិនបានល្អតែប៉ុណ្ណោះ    ទាំងអស់នេះ កើតឡើងពីចិត្តត្រិះរិះ ហៅថា ចិន្តាមយបញ្ញា  ។ តែបញ្ញានេះ លោកចាត់ទុកថា បញ្ញាថ្នាក់បញ្ញាលោកិយ ដែលមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដូចជាបញ្ញាត្រិះរិះរបស់ អាយ ស្តាយ ដែលរកឃើញរូបមន្ត ធាតុផ្សំរបស់គ្រាប់បែកប្រល័យលោកអ៊ីចឹង ។ ដូចជាបច្ចេកវិជ្ជារបស់វិទ្យាសាសស្រ្តនាពេលសព្វថ្ងៃនេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដែលជួយបង្កើនចំណង់មនុស្សឲ្យកាន់តែខ្លាំងឡើងៗ រហូតដល់មនុស្សមួយភាគ ត្រូវកើតជំងឺផ្លូវចិត្ត ។

ចំណែកបញ្ញាដែលកើតឡើងពីភាពស្ងប់ ពីភាពស្មិងស្មាធ៍ ដែលមានការចម្រើនអប់រំផ្លូវចិត្តទៅតាមអធ្យាស្រ័យរបស់ខ្លួន ដែលមានវិធីសាស្ត្រតាមសមថ និងវិបស្សនាកម្មដ្ឋាន ។ កម្មវិធីនេះ ជួយអប់រំចិត្ត ឲ្យមូល ឲ្យស្លុង ឲ្យស្ងប់ ឲ្យនឹងន កាលណាចិត្តស្ងប់ ចិត្តនឹងនហើយ ខ្លួនចម្រើនបន្តទៅរកខ្លឹមនៃបញ្ញា ។ តើខ្លឹមបញ្ញជាអ្វី? ខ្លឹមបញ្ញាថ្នាក់នេះ គឺហៅថាបញ្ញាលោកុត្តរ ជាបញ្ញាបង្កើនគុណភាពផ្លូវចិត្ត ឲ្យមានសុខភាពល្អ ឲ្យចិត្តមានសុខភាពមាំមួន ស្វាហាប់ ស្ទុះឡើងកាន់អង្គឈាន មានបឋមឈានជាដើម ។ ខ្លឹមនៃបញ្ញាបានដល់ត្រៃលក្ខណធម៌ មានការទទួលស្គាល់ការពិតថា អ្វីក្នុងលោកមិនតាំងនៅបានឋិតថេរ ជាអមតៈឡើយ កាលណាមានការជួប ការឃើញ ក៏វាការបែក ការព្រាត់ប្រាស ដូចពំនោលមួយលើកឡើងថា មានការជួប ទើបមានការបែក បើមិនមានជួប តើការបែកនឹងមានមកទីណាហ្ន៎ ។ ដូចនេះ ត្រូវទទួលស្គាល់ថា រាល់អ្វីៗមិនអាចតាំងនៅបានយូរអង្វែងបានទេ ថ្ងៃណាមួយវានឹងបែកធ្លាយ  បាត់បង់ទៅវិញមិនខាន ។ មួយទៀត មានរូប  មានទុក្ខ ដែលមនុស្សសត្វទ្រាំអត់បានដោយលំបាកណាស់ ។ ទុក្ខលំបាក តាំងពីចាប់បដិសន្ធិរហូតដល់ចាស់ស្លាប់ទៅវិញ ។ មនុស្សម្នាក់ៗកើតមកនេះ សុទ្ធតែរែកពុនសេចក្ដីទុក្ខគ្រប់រូបភាព ដូចជាទុក្ខមានកំណើតមិនបានល្អ កើតមកចំត្រកូលក្រ ចំត្រកូនបែបបាក់ ចំត្រកូលអ្នកប្រើហិង្សា កំណើតចំត្រកូលញៀនថ្នាំ កើតចំត្រកូលអ្នកមានដែរ តែខ្សត់បងប្អូន។ល។ មនុស្សម្នាក់ព្រួយបារម្ភពីរូបកាយដែលកំពុងធ្វើដំណើរចាស់ទៅរាល់ថ្ងៃ ជំងឺដង្កាត់កើតឡើងច្រើនបែបច្រើនយ៉ាង មនុស្សម្នាក់ៗ មានជំងឺមិនតិចមុខទេ នេះហើយជាបញ្ហាទុក្ខលំបាកដែលមនុស្សសត្វទ្រាំអត់បានដោយក្រ ។ ចំណែកមួយទៀត មនុស្សម្នា ខិតខំប្រឹងរក ប្រឹងទុកដាក់រក្សា ហួងហែងគ្រប់ពេលវេលាក្នុងការបម្រើរូបកាយនេះមួយឲ្យបានធំធាត់ ឲ្យប៉ោងឡើងដោយទ្រព្យសម្បត្តិរបស់ខ្លួន ដែលខ្លួនកត់សម្គាល់ប្រកាន់មាំថាជាកម្មសិទ្ធពិតៗ តែទីបំផុតទៅ នៅពេលដែលខ្លួនស្លាប់ទៅ របស់ទាំងនោះមិនបានរលាយទៅជាប់ខ្លួនឡើយ វាបន្សល់ទុកនៅលើលោកនេះទាំងអស់ សូម្បីតែកាក់មួយសេន ដែលញាតិ អាចារ្យប៉ង់ក្នុងមាត់ ក៏ខ្លួនមិនអាចយកទៅតាមបានផង មិនចាំបាច់និយាយទៅដល់ប្រពន្ធកូន ញាតិផៅសន្តាន ទ្រព្យសម្បត្តិមាសប្រាក់នោះទេ ។ បញ្ញាកើតឡើង ដោយបានឃើញពីត្រៃលក្ខណ៍ដូច្នេះ តាំងចិត្តល្អវៀរ កុំតោងប្រកាន់មាំក្នុងវត្ថុទាំងអស់នោះខ្លាំងពេក ។ របស់ទាំងអស់នោះ បើយើងចេះចាត់ចែងធ្វើឲ្យមានជាប្រយោជន៍ដល់ខ្លួនសម្រាប់ដោះស្រាយបញ្ហាចំពោះមុខ គឺចិញ្ចឹមជីវិតនេះបានល្អក្នុងលក្ខណសុចរិត និងសាងទុកជាស្បៀងសម្រាប់បន្តទៅជាតិខាងមុខទៀត ។ បញ្ញានេះ កើតឡើងឃើញត្រៃលក្ខណ៍ច្បាស់ហើយ ក៏យកបញ្ញានេះ ទៅកាប់ឆ្ការទ្រុសត្រាយនូវព្រៃស្នាប់ព្រៃតាញ់ ពោលគឺអកុសលមូល  មានសេចក្ដីលោភលន់ សេចក្ដីខឹងក្រោធ និងភាពល្ងង់ខ្លៅ ដែលមិនស្គាល់ហេតុបច្ច័យជាហេតុជិត ។ 

សរុបរួម ស្រមោលដួងចន្ទពិតជានាំភាពសប្បាយរីករាយដល់មនុស្ស សត្វ រុក្ខជាតិ និងជាទីពេញនិយមរបស់អ្នកកវីនានា ។ ដួងចន្ទនេះ ទោះបីជាល្អប៉ុនណាក៏មិនត្រូវចិត្តមនុស្សលោកទាំងអស់ដែរ ព្រោះមនុស្សខ្លះស្អប់ពន្លឺព្រះចន្ទ ។ ស្រមោលដួងចន្ទ អាចរកមើលឃើញក្នុងទឹក ហើយទឹកនោះទៀតសោត ត្រូវនឹង គ្មានរលក ទើបមើលឃើញស្រមោលដួងចន្ទបាន ។ ចំណែកបញ្ញាកើតឡើង អាចកើតតាមរយៈការសិក្សារៀនសូត្រតាមក្បួនច្បាប់តម្រានានា និងការស្តាប់ពីគ្រូ ពីចាស់ទុំ និងមនុស្សក្នុងសង្គម ។ បញ្ញាកើតឡើងតាមរយៈរំពឹងគិត ស្រាវជ្រាវ រករបកគំហើញតាមដំណើរអនុមានរួម អនុមានញែក និងវិធីសំយោគ បដិសំយោគរបស់ខ្លួន ។ រីឯ បញ្ញាមួយទៀតកើតឡើង ពីការអប់រំចិត្ត ធ្វើចិត្តឲ្យមូល ធ្វើចិត្តឲ្យស្ងប់ ធ្វើចិត្តឲ្យស្លុងចុះកាន់អារម្មណ៍ព្រះកម្មដ្ឋាន មានសមថ និងវិបស្សនា ឲ្យឃើញច្បាស់នូវកងសង្ខារ ដែលស្ថិតនៅក្រោមអំណាចត្រៃលក្ខណ៍ធម៌ប៉ុណ្ណោះ ។ បញ្ញាដែលកើតឡើងពីចិត្តស្ងប់នេះ យកទៅកាប់ឆ្ការទ្រុសត្រាយព្រៃស្នាប់ព្រៃតាញ់ គឺកងកិលេសតណ្ហាឲ្យអស់ពីខន្ធសន្តានរបស់ខ្លួន ។ បញ្ញាថ្នាក់លោកុត្តរៈនេះ ទើបអាចនាំខ្លួនឲ្យឆ្លងផុតពីអន្លង់ទាំងបួនបាន មានអន្លង់អវិជ្ជា អន្លង់ទិដ្ឋិ អន្លង់កាម និងអន្លង់ភព ឆ្លងដល់ត្រើយនាយ ពោលគឺព្រះនិព្វាន ៕

-----------------------------------------------

Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក  

ចិត្តស្ងប់អ្វីៗក៏ស្ងប់



ភាពក្រវល់ក្រវាយ ភាពរសាប់រសល់ ភាពអន្ទះអន្ទែង ភាពច្រួលច្រាល ភាពតក់ក្រហល់ ភាពច្របូកច្របល់ ការភ័យខ្លាច ការព្រួយបារម្មណ៍ ភាពកណ្ដោចកណ្ដែង ការខូចចិត្ត ភាពសោកសៅ ភាពទុក្ខព្រួយ ការឈឺចាប់ ការពេញចិត្ត ការគាប់ចិត្ត ភាពរីករាយសប្បាយចិត្ត កើតឡើងពីចិត្តនេះទាំងអស់ ។ តើចិត្តជាអ្វី ? ហេតុអ្វីចិត្តនេះមានឥទ្ធិពលម្ល៉េះ? តើចិត្តនេះអាចកែប្រែអប់រំបានទេ? ចិត្តគឺជាការគិត ចិត្តគឺជាការដឹង ចិត្តគឺការបង្អោនចូលទៅទុកខាងក្នុង ចិត្តគឺភាពថ្លា ចិត្តគឺជាការត្រិះរិះសន្សំនូវអារម្មណ៍ ដែលហូរចូលមកតាមទ្វារ មានចក្ខុទា្វរ គឺទ្វារភ្នែក ដែលជាផ្លូវ ជាច្រក ជាប្រហោង ជារន្ធសម្រាប់ឲ្យអ្វីៗគ្រប់យ៉ាងចូលមក ។ តើគ្រប់យ៉ាងសំដៅលើអ្វី? អ្វីគ្រប់យ៉ាងសំដៅយកអ្វីដែលចិត្តគិត ចិត្តត្រិះរិះសន្សំនូវអារម្មណ៍ មានរូបារម្មណ៍ជាដើម ដែលវាមកប៉ះជាមួយភ្នែក ឲ្យចិត្តដឹងច្បាស់នូវអារម្មណ៍នោះ ហៅថាចក្ខុវិញ្ញាណ ។

ចិត្តនេះ មានឥទ្ធិពលណាស់ទៅលើកាយ និងវាចា ។ ចិត្តជាប្រធានលើកាយ និងវាចា ហើយកាយនិងវាចាគឺជាអ្នកចាំស្ដាប់បញ្ជាពីចិត្ត ចិត្តឲ្យធ្វើអ្វី ត្រូវតែធ្វើ មានល្អ មានអាក្រក់ ដែលបញ្ចេញតាមកាយ និងវាចា ។ បើចិត្តនៅខាងក្នុងល្អ ចេញមកខាងក្រៅក៏ល្អ បើចិត្តនៅខាងក្នុងអាក្រក់ ចេញមកខាងក្រៅក៏អាក្រក់ទៅតាមនោះដែរ ។ ហេតុអ្វីចិត្តមានឥទ្ធពលខ្លាំងម្ល៉េះ? អ្វីដែលយើងឃើញទិដ្ឋភាពក្នុងសកលលោកភាវូបនីយកម្មនេះ ទាំងបច្ចេកទេសរបស់វិទ្យាសាស្ត្រ ដែលយើងកំពុងប្រើសព្វថ្ងៃនេះ ដែលមនុស្សបង្កើតឡើងដ៏សំបូរបែបនេះកើតឡើងដោយអ្វី? គឺកើតឡើងចេញពីចិត្តមនុស្សនេះឯង ។ ទិដ្ឋភាពអាក្រក់ៗ ដូចជាការធ្វើសង្រ្គាមប្រទេសនិងប្រទេសតាំងពីយូរលង់រហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារចិត្ត ។ ការធ្វើអត្ដឃាត សម្លាប់មនុស្សរង្គាលពាសពេញពិភពលោកក៏ដោយសារចិត្ត ។ ការរួបរួមសាមគ្គីព្រមព្រៀងអង្គុយជជែកគ្នារកសន្តិភាព ក៏ដោយសារចិត្ត ។  ដូចនេះ ចិត្តគឺជាអង្គទិករពិសេសសម្រាប់មានអ្វីៗគ្រប់យ៉ាង ទាំងវិជ្ជមាន និងអវិជ្ជមាននៅក្នុងសកលលោកមួយនេះ ។  

ចិត្តនេះធំ ចិត្តនេះខ្លាំង អាចមើលឃើញពីឫទ្ធិអំណាចរបស់ចិត្តដូចបានរៀបរាប់ខាងលើត្រូសៗហើយ  ទោះបីចិត្តនេះធំ ចិត្តនេះសម្បើមយ៉ាងណាក៏ដោយ ក៏មានវិធីកែប្រែបានដែរ ។ បុគ្គលខ្លះកែប្រែពីចិត្តល្អ ទៅជាចិត្តអាក្រក់ បុគ្គលខ្លះទៀត កែប្រែពីចិត្តអាក្រក់ទៅជាចិត្តល្អ ។ បើយើងសង្កេតមើលលើសកម្មភាពរបស់មនុស្សដែលជុំវិញខ្លួនសព្វថ្ងៃនេះ គឺចិត្តអាក្រក់ងាយអូសទាញណាស់ មិនពិបាកអប់រំទេ ដូចជារោមគោអ៊ីចឹង ចិត្តល្អវិញ ពិបាកអូសទាញណាស់ ដូចជាបុគ្គលរុញដុំថ្មឡើងភ្នំ ឬដូចអូសឫស្សីបញ្ច្រាសចុងអ៊ីចឹង ឬដូចជាស្នែងគោ ។  ដើម្បីបានចិត្តល្អ ចិត្តស្អាតបរិសុទ្ធ មនុស្សត្រូវហ្វឹកហាត់ លុតដំធ្វើរាល់ថ្ងៃ មានវិធីសាស្ត្រជាច្រើន ដើម្បីកែប្រែចិត្តមួយនេះ ។ ការអប់រំចិត្តនេះ មិនមែនធ្វើម្ដងបានទេ ធ្វើម្ដងបាន លុះត្រាតែបុគ្គលនោះមានបញ្ញាចាស់ក្លា ឬហៅថា បុគ្គលនោះបានសន្សំឧបនិស្ស័យគ្រប់គ្រាន់ហើយ ដូចជា សោតាបុគ្គល រហូតដល់ឯហិភិក្ខុ ព្រះអរហន្តមួយចំនួន លោកបានស្ដាប់ភ្លាម ញ៉ាំងសន្ដានចិត្តលោកឲ្យស្អាតបរិសុទ្ធភ្លាម ក្នុងពេលដែលកំពុងស្ដាប់នោះ ។ ចំណែកបុគ្គលដែលក្រាស់ដោយលោភ ទោស និងមោហ មិនងាយអប់រំឡើយ និយាយឯកើត ចេញឯលិច គិតឯត្បូង ធ្លាយឯជើងបាត់ ។ ការសម្អាតចិត្តរបស់បុគ្គលក្រាស់ដោយកិលេសធម៌ លោកឧបមា ដូចជាការបោសសម្រាមអ៊ីចឹង បើចង់ស្អាតត្រូវបោសរាល់ថ្ងៃ បើមិនដូច្នោះទេ សម្រាមនោះចេះតែច្រើន ចេះតែគរទៅរាល់ថ្ងៃ យ៉ាងណាមិញចិត្តដែលយើងភ្លេចអប់រំ ភ្លេចហ្វឹកហ្វឺននោះ ប្រាកដជាដុះចិត្តអាក្រក់ឡើងរាល់ថ្ងៃជាមិនខាន ។ ដូចពាក្យពំនោលពោលថា លះបាន ចិត្តក៏ស្អាត ដាក់បាន ចិត្តក៏ធូរ ចោលបាន ចិត្តក៏ត្រជាក់ និងអភ័យបាន ចិត្តក៏ស្ងប់

ពាក្យថា លះបានចិត្តក៏ស្អាត ។ មានន័យថា ចិត្តអាក្រក់ ចិត្តកខ្វក់ ចិត្តអាប់អួរ ចិត្តស្មោកគ្រោកចិត្តមានមន្ទិលដោយគ្រឿងលាប គ្រឿងតែង គ្រឿងបំពក់បំប៉ន គ្រឿងទំនុកបំរុងដល់ចិត្ត គឺរាគ លោភ ទោស និងមោហៈ ។ ពាក្យថា ស្អាត ក្នុងទីនេះសំដៅយកស្អាតកាយ គឺកាយមិនទៅធ្វើអាក្រក់ មានការសម្លាប់ បៀតបៀន ធ្វើទារុណកម្ម វាយដំច្រំធាក់បុគ្គលណា សត្វណាឲ្យដល់នូវការរង់ទុក្ខវេទនា ឈឺចាប់ ឬស្លាប់ ។ កាយនេះ មិនទៅលួច ទៅឆក់ប្លន់បុគ្គល ឲ្យគេខូចខាត បាត់បង់នូវទ្រព្យសម្បត្តិនានា ។ កាយនេះមិនទៅចាប់យកប្រពន្ធ ប្ដី កូនចៅគេដោយការប្រព្រឹត្តិបទល្មើសលើរូបកាយគេឡើយ ។ កាលណាហាមឃាត់កាយ មិនឲ្យប្រព្រឹត្តយ៉ាងនេះហៅថា ស្អាតកាយ ។ ពាក្យថា ស្អាត មួយទៀត ហៅថាស្អាតវាចា ។ ស្អាតវាចា សំដៅទៅលើធាតុបួនគឺ មិននិយាយកុហក មិនថាវិធីណាទេ កុំនិយាយអុចអាល សុ៊កសៀត ឆ្កិះឆ្កៀល បញ្ជោបញ្ឆេះ លើកបង្អាប់ ក្នុងន័យឲ្យគេឆ្អែតចិត្ត ឲ្យឈឺចិត្ត ឲ្យគេសង្ស័យស្ទាក់ស្ទើរចិត្ត ឲ្យគេមានហិង្សា ឲ្យគេមានគំនុំ ឲ្យគេមានភ្លើងព្យាបាទ កុំនិយាយពាក្យរាយរាយឥតប្រយោជន៍ ជួបជុំគ្នានិយាយពីអ្នកនេះចេះ និយាយពីអ្នកនោះចុះ អ្នកនេះមិនល្អ អ្នកនោះអាក្រក់ ជាដើម ។ កាលណាខ្លួនហាមសកម្មភាពទាំងអស់នេះមិនឲ្យកើតឡើង ហៅថា ស្អាតវាចា ។ ពាក្យថា ស្អាត ម្យ៉ាងទៀតគឺ ស្អាតចិត្ត ។ ចិត្តស្អាតគឺជារឿងវិសេសណាស់ តើចិត្តស្អាតអ្វីខ្លះ? ចិត្តស្អាតគឺស្អាតពីអកុសល ស្អាតពីកិលេស ដែលមានតម្រេកក្នុងកាមគុណទាំងឡាយ មានរូប សំឡេង ក្លិន រស និងការប៉ះពាល់ ជាដើម ។ កាមគុណទាំងប្រាំនេះ គឺជាវត្ថុប្រាថ្នារបស់មនុស្សគ្រប់រូប អ្នកណាក៏ចង់បានរូបស្អាត រូបល្អ សំឡេងពីរោះ ក្រអៅក្រអួន ក្លិនក្រអូបប្រហើ ឈ្ងុញឈ្ងប់ រសឆ្ងាញ់ពិសា ប៉ះទៅរលោងរលើប ត្រជាក់ល្អូក ទន់វន់វៃ ជាដើម ។ កិលេស គ្រឿងសៅហ្មង គ្រឿងស្មោកគ្រោករបស់ចិត្ត បានដល់លោភ ទោស និងមោហៈជាដើម ។ ទាំងបីនេះគឺជាគ្រឿងស្មោកគ្រោកប្រឡាក់ចិត្ត ញ៉ាំងចិត្តឲ្យស្រអាប់ ឲ្យចិត្តឈឺចាប់ ឲ្យចិត្តមានទុក្ខកង្វល់គ្រប់ពេលវេលា ធ្វើឲ្យចិត្តមានគ្រោះថ្នាក់គ្រប់វិនាទី ។ កាលណា ខ្លួនបានជម្រះអកុសល ដែលជាកិលេសនេះអស់ហើយ ចិត្តក៏ស្អាត ចិត្តមានសុខភាពល្អ ចិត្តក៏មានសេរីភាព ចិត្តក៏សុវត្ថិភាពឡើង ។

ដាក់បាន ចិត្តក៏ធូរ ។ ចិត្តធូរក្នុងទីនេះ គឺធូរស្រាលពីការជាប់ជំពាក់ក្នុងចំណង ៣ ឬ ៥ ប្រការ ។ ពាក្យចំណង គឹអ្វីៗដែលខ្លួនបានចង រួចស្រាយមកវិញ ។ កាលណាខ្លួនចងឆ្វាក់កាន់តែណែនខ្លាំង ឬចងសម្លាប់មុខ ពិបាកនឹងដោះណាស់ បើចំណងនោះចងធូរៗ មិនសម្លាប់មុខទេ ការស្រាយដោះចេញក៏ងាយឡើង ។ ដូចពាក្យពំនោលមួយលើកឡើងថា ខ្សែចងសម្លាប់មុខមិនពិបាកដោះទេ តែអ្វីដែលពិបាកដោះគឺដោះចិត្តឲ្យរួច ។ តើចំណងចងចិត្តគឺជាអ្វី  ខ្សែ ច្រវាក់ កាប យកទៅចងឬ? ពាក្យថាចំណងក្នុងលោកមិនសំដៅទៅលើចងខ្សែដែលប្រើចងរបស់របរប្រើប្រាស់សព្វថ្ងៃនេះទេ ។ ចំណងចិត្តនេះ លោកសំដៅយកចំណង ៣ ឬ ៥ ប្រការគឺ ៖ ទី១ ចំណងក សំដៅលើប្រពន្ធ កាលណាមានប្រពន្ធឬប្ដី លោកថាជាចំណងមួយ  មានន័យថា ដើរទៅណាមកណាមិនស្រួល មិនបានយូរ មិនដូចនៅលីវទៅណាមកណាប៉ុន្មានថ្ងៃប៉ុន្មានខែ ក៏ខ្លួនអត់ខ្វល់អត់គិតដែរ តែមានប្ដី ឬប្រពន្ធហើយ មិនអាចេញទៅណាមកណាបានដូចនៅលីវនោះទេ ត្រូវគិតទាំងរកចំណូល ចំណាយ ទុកដាក់រក្សា មើលថែ យកចិត្តទុកដាក់ខ្វល់ខ្វាយទៅជិតទៅឆ្ងាយ គិតមុខគិតក្រោយ តាំងពីចូលមករួមរស់នៅចាប់ដៃគូជាមួយគ្នាមក ដូចនេះ លោកចាត់ទុកជាចំណងក ។ ទី២ ចំណងដៃ សំដៅយកកូន គឺជាចំណងមួយដែលចងប្រពន្ធប្ដី មិនអាចទៅណាមកណាបានស្រួល បានស្រណុក មិនអាចកាត់ចិត្តចាកចោលដោយមិនបានគិត ត្រូវព្រួយបារម្ភទាំងពីសុខភាព ការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទុកដាក់កូនឲ្យបានសមរម្យ និងចែកទ្រព្យសម្បត្តិឲ្យកូន នៅពេលបែកពីគ្រួរសារ ហើយព្រួយគិត ព្រួយខ្វល់ដល់អនាគតកូនៗគ្រប់ពេលវេលា ដោយមិនអាចលះបង់បាន កាត់ចិត្តកើត នេះលោកហៅថាចំណងដៃ ។ ទី៣ ចំណងខ្លួន ចំណងនេះ លោកសំដៅយកទ្រព្យសម្បត្តិគ្រប់យ៉ាង ។ ទ្រព្យសម្បត្តិ ដែលចាត់ទុក្ខជាចំណងនោះ ព្រោះទ្រព្យសម្បត្តិ គឺជាចំណងមិនឲ្យដើរចេញមិនរួច មិនស្រួល ត្រូវគិត ត្រូវខ្វល់ក្នុងការទុកដាក់ឲ្យមានសុវត្ថិភាពគ្រប់ពេល ឲ្យមានការធំធាត់ឡើង ដូចជាអ្នកមានគោ ក្របី ជ្រូក មាន់ ទា ខ្លួនមិនហ៊ានដើរទៅណាមកឲ្យបានស្រួលត្រូវគិត អត់ពីខ្លួនទៅ តើបានអ្នកណាឲ្យទឹក ឲ្យស្មៅ ឲ្យចំណី អ្នកណាទៅឃ្វាល ទៅមើល អ្នកណាចាប់ចង ដុតភ្លើងឲ្យវា មានផ្ទះសម្បែង ត្រូវខ្លួនមើល ត្រូវខ្លួនថែសម្អាតបោស ជូត លាងជម្រះ មិនដឹងជាលេច មិនដឹងជាធ្លុះធ្លាយ មិនដឹងជាប្រេះ មិនដឹងស្រុត មិនដឹងមានអន្ទាក់ពីងពាងម្រេងភ្លើង មិនជាដឹងដីផង់ធូលីកម្រាស់ណ៎ា ទាំងអស់នេះ លោកទុកដូចជាចំណងចង់ជើងខ្លួនមិនឲ្យដើរទៅណាមកណាបានស្រួល ។ ទី ៤ ចំណងជើង ចំណងនេះ លោកសំដៅយកចំណងមាតាបិតា ទាំងសង់ខាង ដែលត្រូវគិតគូរ ត្រូវថែរក្សាលោក ដោយការទំនុកបម្រុងគ្រប់បែបយ៉ាង ទាំងពីការដឹកនាំឲ្យពួកគាត់រស់នៅបានស្រួលផ្លូវកាយ ស្រួលផ្លូវចិត្ត ។ ការស្រួលផ្លូវកាយ អ្នកអានមិនពិបាកយល់ទេ តែស្រួលផ្លូវចិត្ត របស់គាត់ គឺកូនធ្វើខ្លួនយ៉ាងណា ឲ្យជាកូនល្អ ចៅល្អ ដែលមានការដឹងគុណ រលឹកគុណ ធ្វើតបគុណចំពោះលោក ដោយមិនលំអៀង មិនថាខាងប្រពន្ធធ្ងន់ជាង ឬខាងប្ដីធ្ងន់ជាង ។ ការនេះ បើគិតឆ្លុះមើលក្នុងគ្រួសារជាក់ស្ដែងវិញ មានភាពមិនស្មើទេ  ។ កូនត្រូវលើកមុខលើមាត់ឲ្យពួកគាត់ រក្សាវង្សត្រកូលពួកគាត់ឲ្យល្អ ឲ្យមានកេរ្ដិ៍ឈ្មោះពីរោះខ្ចខ្ចាយក្នុងសង្គម ដឹកនាំពួកគាត់ឲ្យតាំងនៅក្នុងសីល ក្នុងការឲ្យ និងភាវនា ទាំងអស់នេះ លោកទុកដូចជាចំណងជើង ។ ចំណែកទី ៥ ចំណងញាតិ  គឺចំណងមួយដែលខ្លួនត្រូវគិត ត្រូវខ្វល់ខ្វាយ ត្រូវយកចិត្តទុកដាក់ ត្រូវការពារ ទាំងពីការរស់នៅ ការសិក្សា និងការងារ ទុកដាក់ឲ្យបានសមរម្យទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ។ កន្លែងខ្លះ លោកថា ទី៤ និងទី៥ រួមតែមួយ ហើយកន្លែងខ្លះទៀត ថាទី៤ ចំណងបំណុល និងទី៥ ចំណងសិក្សា ជាដើម ។

ការដាក់នេះ មិនមែនជាការដាក់វត្ថុរបស់របរធ្ងន់ពីលើក្បាល លើស្មា ពីដៃទេ ។ ការដាក់វត្ថុទាំងនេះគ្រាន់តែជាការសម្រាលបន្ទុកបន្តិចបន្តួចពីអង្គកាយយើងប៉ុណ្ណោះ ។ ធូរស្រាលមួយទៀត ធូរអំពើការដាក់ចុះ អវិជ្ជា តណ្ហា ទិដ្ឋិ មានះ ឧបាទាន ដែលជាសត្វលោកពុនរែកមកគ្រប់ជាតិ គ្មានជាតិណាបានស្រាកស្រាន នៅតែជាអម្រែកដ៏ធ្ងន់សម្រាប់មនុស្សសត្វ ដែលសត្វលោកមិនព្រមដាក់ចុះនូវអវិជ្ជា ភាពល្ងិតល្ងង់ មិនដឹងហេតុមិនដឹងបច្ច័យ ។ តណ្ហា ការប្រាថ្នាចង់បានមិនចេះគ្រប់គ្រាន់ មិនចេះឆ្អែតឆ្អន់ ប្រាថ្នាចង់នេះ ចង់នោះរកទីបំផុតគ្មាន ។ ទិដ្ឋិ យល់មិនត្រូវតាមទំនងសភាវៈពិត តាមសច្ចភាពនៃអង្គទុក្ខ ហេតុនៃអង្គទុក្ខ ទីរំលត់ទុក្ខ និងអង្គទៅកាន់ទីរំលត់ទុក្ខ មិនយល់តាមត្រៃលក្ខណ៍ ភាពមិនទៀង ជាទុក្ខ និងភាពមិនមែនគេ មិនមែនយើង គ្រាន់តែជាការបញ្ញត្តិរបស់មនុស្សយើងឡើងប៉ុណ្ណោះ ។ មានះ ប្រកាន់រឹងត្អឹងនូវអត្តានេះ ថាខ្លួន ថារបស់ខ្លួន  ដូចជាបិតាហួងហែងបុត្ត ដូច្នេះដែរ ឧបានទាន ការប្រកាន់យក ខន្ធ ៥ មានរូប សំឡេង ក្លិន រស ផោដ្ឋព្វ នេះថា ជាសត្វបុគ្គល ថាយើង ថាគេ ថារបស់យើងរបស់គេជាដើម ។ កាលណាទម្លាក់ចុះអង្គធម៌ខាងលើនេះបានតិច ធូរស្រាលក៏បានតិច ដាក់ចុះបានច្រើន ធូរស្រាលក៏បានច្រើន បើដាក់អស់នោះតែម្ដង ចិត្តក៏ស្រាលរកទំផុតគ្មាន គឺផុតអម្រែកទុក្ខតទៅទៀត ។

ចោលបាន ចិត្តក៏ត្រជាក់ ។ តើចោលអ្វី បានលោកថាត្រជាក់? បើគិតភ្លាមៗ មិនក្រៅពីភ្លើងទេ ព្រោះភ្លើងគឺសភាវៈក្ដៅ ។ បើចងត្រជាក់គឺកុំទៅជិតភ្លើង កុំកាន់ភ្លើងឲ្យសោះ ។ កាលណាខ្លួន ទៅជិត ទៅលូក ទៅចាប់ភ្លើង ពិតជាក្ដៅ ជារលាកមិនខាន ។ ភ្លើងនេះ លោកមិនចាត់ទុកថា ក្ដៅចិត្តទេ ក្ដៅត្រឹមកាយប៉ុណ្ណោះ អ្វីដែលធ្វើឲ្យក្ដៅចិត្ត លោកសំដៅដល់ភ្លើង ៣ គឺ រាគគ្គិ ភ្លើងគឺតម្រេក ប្រាថ្នាចង់បាន មិនចេះចប់មិនចេះហើយ រកពេលស្បើយស្រាកស្រានគ្មាន កើតភ្លើងស្រឡាញ់ កើតភ្លើងចង់បាន ។  កាលណាស្រឡាញ់ កាលណាចង់ សួរថា ចិត្តត្រជាក់អត់? ការស្រឡាញ់ ការចង់ ការប្រាថ្នានឹងហើយ ដែលជាភ្លើងដុតកំឡោចចិត្តរបស់យើងឲ្យក្ដៅ ឲ្យអន្ទះអន្ទែង ឲ្យដង្ហក់ ឲ្យឆ្លេឆ្លា ឲ្យស្ទុះស្ទា ឲ្យប្រូកច្របល់ ដេកមិនលក់ បក់មិនល្ហើយ បាយទឹកលែងនឹកនា ភ្លើងរាគៈនេះ វាដុតចិត្តឲ្យរលាក ឲ្យក្ដៅបែបហ្នឹងឯង ។ រីឯងភ្លើងមួយទៀត ទោសគ្គិ ភ្លើងគឺកំហឹង ច្រណែន ប្រចណ្ឌ ឫស្យា ឈ្នានីស ព្យាបាទ គំកួន ហិង្សា ។ ភ្លើងទោសៈនេះកើតឡើងវាក្ដៅ ធ្វើឲ្យចង្វាក់បេះដូងលោតញាប់ បញ្ចេញឈាមខ្លាំង អាចស្ទះ អាចដាច់សរសៃឈាមខួរក្បាល ឬក៏ប៉ោងសរសៃខួរក្បាលក៏មាន ។ ភ្លើងទោសៈនេះ កើតវាមិនដែលឲ្យសមីខ្លួនបានសុខស្រួលទេ  បើមិនជឿសាកខឹងអ្នកណាម្នាក់ ឬមានទំនាស់ជាមួយមិត្តភក្ដិពីថ្ងៃ យប់ហ្នឹងតាមស្មេរ គិត នឹងមានបទពិសោធផង គឺដេកមិនលក់ទេ ។ ពេលខឹងម្ដងៗ លែងដឹងខុសដឹងត្រូវអស់ហើយ គឺចង់តែឈ្នះ មិនព្រមចាញ់ជាដាច់ខាត មានអ្នកណាមកហាម មិនឃាត់ ត្រចៀកលែងឮ លែងដឹង ភ្នែកលែងមើលឃើញហើយ គិតតែម្យ៉ាងបើមានវត្ថុជិតដៃ ចង់ទៅវាយ ទៅកន្ទ្រប់ក្រញិចបោកខាំតែម្ដង ។ ភ្លើងនេះ មិនមែនជាភ្លើងធម្មតាទេ កាលណាឆេះហើយ មិនងាយពន្លត់ទេ វាឆេះរាលទៅដល់សមាជិកគ្រួសារ និងអ្នកជិតខាងទៀត ដូចពាក្យចាស់ពោលថា ឆេះពីគល់ព្រាល រាលដល់គល់ព្រិច ។ ភ្លើងនេះ ឆេះទាំងបច្ចុប្បន្ន ឆេះទាំងជាតិមុខទៀត គឺធ្លាក់ទៅឆេះក្នុងនរក ។ ចំណែកភ្លើងមួយទៀត គឺភ្លើងមោហ ។ ភ្លើងមោហ ជាភ្លើងដ៏ក្ដៅមួយដែរ ភ្លើងវង្វេង មិនដឹងខុសត្រូវ ល្ងិតល្ងង់  មិនដឹងខ្យល់ ចាស់ៗនិយាយថា ដប់ជិត ។ ភ្លើងមោហៈ ដែលយើងម្នាក់ៗកើតមករង់កម្ម មានការឈឺ ស្លាប់ ព្រាត់ប្រាសបែកបងបែកប្អូន រងទុក្ខឥតល្ហែល្ហើយ មួយជាតិហើយមួយជាតិទៀត មិនដឹងជាអស់ទឹកភ្នែកប៉ុន្មានលីត ប៉ុន្មានគុបទៅទេ លោកថា ការយំស្រែករបស់យើងមួយជាតិៗមកនុ៎ះ ទឹកក្នុងមហាសមុទ្រនៅតិចជាងទឹកភ្នែករបស់យើងទេ ព្រោះអ្វី ព្រោះអវិជ្ជា ព្រោះតែមោហៈនេះឯង ។ បើបោះចោល គ្រវែងចោលដុំភ្លើងទាំងបីនេះបាន ចិត្តរបស់យើងពិតជាត្រជាក់ទាំងជាតិបច្ចុប្បន្ន និងបរលោក ។ អស់អវិជ្ជា គឺអស់ភ្លើងរាគ អស់ភ្លើងទោស និងអស់ភ្លើងមោហ  ចិត្តក៏ដល់នូវសភាពក្សេម ចិត្តក៏ឥស្សរពីវដ្ដសង្សារមួយ ភ្លើងជរា ភ្លើងក្ដៅផ្សារ ភ្លើងមរណា ក៏លែងចាប់លែងតោងចិត្តយើងបាន ។

អភ័យបាន ចិត្តក៏ស្ងប់ ។ ពាក្យអភ័យ គឺការអត់ឱន លើកលែងទោស  អធ្យាស្រ័យឲ្យ ផ្ដល់ឱកាស និងកែប្រែ ។ ស្ងប់ គឺលែងក្រវល់ក្រវាយ លែងច្របូកច្របល់ លែងរសាប់រសល់ លែងអន្ទះអន្ទែង ច្រួលច្រាល លែងស្រមើស្រមៃ លែងរវើរវាយ លែងរាយមាយ លែងស្រពិចស្រពិល លែងយល់សប្តិយល់សូង  មានភាពនឹងន នឹងធឹង មូលស្លុង និយាយឲ្យខ្លីគឺសន្តិ ឥស្សរៈហើយ ។ ពាក្យថាស្ងប់ ដែលជាប្រធានបទមួយ ដែលមនុស្សទាំងពិភពលោកត្រូវការណាស់ រហូតដល់មនុស្សទាំងពិភពលោក បានរួបរួមគំនិតរំលេចចេញរូបរាងស្ថាប័នអង្គភាពរបស់ពិភពលោកមួយ ហៅថា អង្គការសហប្រជាជាតិ ។ ក្នុងផ្នែកនៃអង្គការនេះ មានស្ថាប័នមួយហៅថា អង្គការសន្តិសុខពិភពលោក ដែលជាអង្គភាពមួយទទួលបន្ទុកមើលការខុសត្រូវទៅលើសណ្ដាប់ធ្នាប់ពិភពលោក គោលបំណងដើម្បីរក្សាសន្តិភាពពិភពលោកនេះឯង ។ សន្តិនេះ លោកហៅថា សន្តិលោកិយ មិនអាចរក្សាតម្លៃនេះបានយូរអង្វែងបានទេ ដូចជាយើងឃើញមានព្រឹត្តិការណ៍តាមកាសែត ព័ត៌មាន ប្រតិបត្តិប្រចាំថ្ងៃ វីដេអូ និងបណ្ដាញសង្គម មានឃើញស្រាប់ហើយថា ប្រទេសទាំងពិភពលោក ទោះបីមានអង្គការសន្តិសុខពិភពលោកនេះក៏ដោយ មើលហាក់ដូចជាទទួលបានសន្តិភាពក្បែរមាត់ជ្រោះ ឬជិតមាត់រណ្ដៅភ្នំភ្លើងអ៊ីចឹង  ស្រួលមិនស្រួល អាចផ្ទុះឡើងបានគ្រប់វេលា ។

ចំណែកពាក្យស្ងប់ក្នុងសន្តិភាពពិតប្រាកដ គឺស្ងប់កាយ ស្ងប់វាចា និងស្ងប់ចិត្ត ។  ស្ងប់នេះគឺការស្ងប់ដែលចេញពីចិត្តដែលនៅខាងក្នុងរបស់មនុស្ស ។ ស្ងប់ចេញពីចិត្តបុគ្គលម្នាក់ ទៅគ្រួសារ ស្ងប់ពីគ្រួសារទៅសហគមន៍ ស្ងប់ចេញពីសហគមន៍ទៅប្រទេស ស្ងប់ចេញពីប្រទេសទៅអន្តរប្រទេស ស្ងប់ពីអន្តរប្រទេស ទៅពិភពលោកទាំងមូល ។ ការសង្កេតមើលពាក្យអភ័យ តើមានមនុស្សប៉ុន្មាននាក់បានអនុវត្ត តើមានកម្រិតប៉ុនណា ?  កម្រិតសន្តិភាពសព្វថ្ងៃ ស្ងប់ដោយខ្លាចអំណាចគ្រាប់មិសស៊ី គ្រាប់បែកបរិវាណូ គ្រាប់កាំភ្លើងនុយក្លេអ៊ែរ គ្រាប់រកែតទេ មិនមែនស្ងប់ដោយសារ កាយ វាចា ចិត្តឡើយ ។ ស្ងប់ពិភពលោកសព្វថ្ងៃនេះ ស្ងប់បែបឱកាសនិយមប៉ុណ្ណោះ ។ ពុទ្ធនិយម បានអប់រំថា តថាគត បានឈប់ហើយ នៅឡើយតែអ្នកទេតើ ដែលមិនទាន់ឈប់ តថាគតបានដាក់ចុះហើយ នៅឡើយតែអ្នកទេ ដែលមិនទាន់បានដាក់ចុះ (ក្នុងរឿងអង្គុលីមាល) ។ សន្តិថា ស្ងប់នេះ មិនមែននៅតាមប្រទេស តាមវត្ត តាមរូបភ្នំ តាមសមុទ្រ តាមមាត់ទន្លេ តាមមាត់ព្រែក មាត់ស្ទឹង មាត់ស្រះត្រពាំង ឬកន្លែងព្រៃថ្មសាននុ៎ះទេ ។ សន្តិនេះ គឺស្ថិតនៅត្រង់ចិត្តមនុស្សម្នាក់ៗ បើមនុស្សម្នាក់លែងមានទោស ចេះឲ្យអភ័យដល់មនុស្ស សត្វ ឲ្យអភ័យខ្លួនឯង ខំអប់រំរៀនទទួលស្គាល់ការពិតនៃសច្ចភាពរបស់មនុស្សសត្វ ដែលធ្វើឲ្យខ្លួនមានការថ្នាំងថ្នាក់ចិត្ ត។ ការមិនស្ងប់ មានមូលហេតុជាច្រើន អ្វីដែលសំខាន់កំចាត់ចោលឫសគល់អកុសលធំៗបីនេះសិន គឺកាមឆន្ទ នេះជាមូលហេតុមួយដែលឲ្យកើតធម៌មិនចេះសន្តោស ធម៌ដាច់មេត្តាដែលចេញពីពាក្យថាស្រឡាញ់ មកជាពាក្យស្អប់ ដែលស្មេរបានសរសេរក្នុងអត្ថបទមុនហើយ ។ ការមិនស្ងប់ មកពីពាក្យថាព្យាបាទ គឺឃើញមុខ បានឮភ្លាមគឺចង់តែខាំមាត់ខាំក សង្ក្រើតធ្មេញ ក្ដាមដៃ មានកំហឹងឆេវ ចង់តែស្ទុះទៅ ទោះបីភាគីម្ខាងនោះមិនទាន់បានធ្វើអ្វីខ្លួនក៏ដោយ  បើថ្ងៃហ្នឹងធ្វើបាបគេមិនបាន ទុកចាំថ្ងៃក្រោយ ដោយគ្រាន់តែទើសមុខ ទាស់សម្ដីមួយមាត់ពីរ ខ្លួនសម្លឹងរកឱកាសល្អ ដើម្បីចាត់ការឲ្យបាន ដូចពាក្យចិនពោលឡើងថា ចាំដប់ឆ្នាំទៀត សងសឹកក៏មិនទាន់ហួសពេលដែរ   ការមិនស្ងប់មួយទៀត ការសម្លឺងរំពៃរ៍ចង់បានរបស់គេគ្រប់មធ្យោបាយ មិនថា អាក្រក់ ឬល្អ គឺធ្វើយ៉ាងណាឲ្យតែបានមកជារបស់ខ្លួន ។ ទាំងបីចំណុចនេះ គឺជាឫសគល់ដែលញ៉ាំងចិត្តមិនឲ្យមានសន្តិបាន ។ បើចង់បានសន្តិនោះ លុះត្រាតែកំចាត់ចោលអង្គទាំងបីនេះ ទើបរកស្ងប់បាន ។

អភ័យបាន ចិត្តក៏ស្ងប់ ។ ពាក្យថា អភ័យទាននេះ គឺអង្គធម៌មួយមានភាពវិសេសជាងអមិសទាន និងធម្មទានទៅទៀត ។ អភ័យទាន នេះគឺការអត់ឱន លើកលែង មិនប្រកាន់ទោសអូសដំណើរ ផ្តល់ឱកាសឲ្យកែលំអចំពោះបុគ្គលណា សត្វណាដែលបានធ្វើខុសដោយចេតនាក្ដី ដោយអចេតនាក្ដី ។ អភ័យទាននេះ ជាអង្គធម៌បង្កើនគុណភាភផ្លូវចិត្ត ដោយការបណ្តុះចិត្តមេត្តា ករុណាឲ្យបានច្រើន ។ បើចិត្តខ្វះមេត្តា ករុណាហើយ មិនអាចលើកលែងទោសកំហុសទៅរួចបានទេ ។ ធម៌មេត្តា ករុណានេះ ជាធម៌ត្រជាក់ ជាម្លប់សម្រាប់សត្វបុគ្គលដែលចូលមកជ្រកជាមួយ ដូចពាក្យសុភាសិតខ្មែរថា ទឹកត្រជាក់ត្រីកុំ ។ ន័យនេះ បើសិនខ្លួនចង់បានមនុស្សនៅក្បែរខ្លួន ហើយឲ្យអ្នកដែលនៅក្បែរទទួលបានត្រជាក់ដែរនោះ លុះត្រាតែចិត្តខ្លួនត្រជាក់ កុំខឹងច្រើន កុំឡូឡាគ្មានបែបគ្មានបទ កុំឆរឡោឡើងដោយសារទាស់អ្វីមួយ ដែលមិនបានដូចចិត្តខ្លួនចង់ ។ បុគ្គលដែលមានចិត្តត្រជាក់ នរណាក៏ចង់រាប់អានរាប់រកដោយស្មោះ មិនថាឋិតក្នុងកាលៈទេសៈណាទេ ប៉ុន្តែពិបាកណាស់ ចិត្តគំនិតមនុស្សម្នាក់ៗ ចិត្តត្រជាក់បាន សំខាន់ក្នុងជីវភាពប្រចាំថ្ងៃ ដំណើរសេដ្ឋកិច្ចដើរស្រួល បើមិចដូច្នោះទេ ក្រឡេកមើលស្ថានភាពពិភពលោកក្នុងពេលនេះអ៊ីចឹង មនុស្សអត់ការងារធ្វើ រកចំណូលមិនបាន បំណុលវណ្ឌក ដែលជម្រុញឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ សម្ពាធផ្លូវចិត្តកើតមានឡើង ក្នុងកំឡុងពេលជួបវិបត្តិជំងឺ កូវិដ ១៩ នេះផ្ទុះឡើង ។ ទោះយ៉ាងណា ចិត្តនេះ ត្រជាក់បាន យើងម្នាក់ៗត្រូវរៀនស្គាល់យកការពិតពីបរិបទសង្គមមនុស្សមួយនេះឲ្យបាន ។ ក្នុងន័យថា ចិត្តមនុស្សមិនដូចគ្នាទេ ហើយគ្មានអ្វីល្អឥតខ្ចោះសម្រាប់យើងដែរ រៀនទទួលយកទៅ ចិត្តក៏ស្រាល ចិត្តក៏ធូរ ចិត្តក៏ត្រជាក់ ហើយចិត្តក៏ស្ងប់ ។

សរុបរួម មនុស្សដែលកើតមកក្នុងលោកនេះ និងកំពុងរស់នៅក្នុងលោកនេះ បានកំពុងទទួលរងបញ្ហាធំៗជាច្រើន ដែលបង្កឡើងដោយឥទ្ធិពលរបស់ចិត្ត ។ ចិត្ត បានប្រើកាយ និងវាចា ផលិតនូវរូបភាព វត្ថុគ្រប់ទម្រង់ គ្រប់កាលៈទេសៈទាំងអស់ សូម្បីតែចិត្តខ្លួនឯង ក៏កំពុងតែប្រឡាក់គ្រឿងមិនស្អាតគ្រប់យ៉ាង ចេញពីកិលេស អវិជ្ជា តណ្ហា ទិដ្ឋិ មានះ ឧបាទាន និងចេញពីរាគ ទោស និងមោហ ជាដើម ។ បើបុគ្គលណាអាចអប់រំចិត្តនេះបាន ដោយកំចាត់ចោល ទម្លាក់ចោលនូវគ្រឿងកខ្វក់ គ្រឿងស្មោកគ្រោក គ្រឿងសៅស្មង  និងចេះឲ្យអភ័យបាន នោះចិត្តក៏ដល់នូវសភាពស្អាត ធូរ ស្រាល ត្រជាក់ និងស្ងប់ជាមិនខានឡើយ ។ មានតែពេលវេលាទេ សម្រាប់ព្យាបាលផ្លូវចិត្ត មានតែព្រះធម៌ទេ សម្រាប់ព្យាបាលចិត្ត សម្អាតចិត្តចេញពីគ្រឿងមន្ទិលសៅហ្មងទាំងឡាយនេះបាន ។ ចូរខំប្រឹងហ្វឹកហ្វឺនចិត្តខ្លួនឲ្យស្ដិតនៅក្រោមអំណាចឥទ្ធិពលបញ្ញា កុំឲ្យចិត្តស្ថិតនៅក្រោមអំណាចឥទ្ធិពលអវិជ្ជា តណ្ហានេះ បើមិនដូច្នោះទេ ចិត្តរកកន្លែងស្ងប់មិនបានឡើយ ៕ អត្ថបទព្រៀង

-----------------------------------------

Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក



Thursday, April 23, 2020

ការជួយគ្នា



ពិភពទាំងមូលដែលមានមនុស្សម្នាកកកុញគ្នាប្រមាណជាពីរពាន់លាននាក់ជាង អាចដំណើរទៅបាន អាស្រ័យមកពីមនុស្សទាំងអស់នោះ ចេះជួយគ្នាទៅវិញទៅមក មិនថាជាតិសាសន៍អ្វី មាននិន្ទនាការអ្វី សាសនាអ្វីទេ ម្យ៉ាងគឺបណ្ដុះស្មារតីមនសិការមនុស្សជាតិទាំងអស់គ្នា ។ ការកើតមកជាមនុស្ស មានអម្រែកមួយគឺបញ្ហាទុក្ខលំបាក ដែលមនុស្សទាំងពិភពលោកប្រឹងប្រែរកវិធីដោះស្រាយបញ្ហាទុក្ខលំបាកនេះឲ្យផុត ។ គ្រប់ប្រទេសទាំងពិភពលោកដែលមានប្រទេសប្រមាណជា ២០០ បានប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីយកមកបម្រើសេវាកម្ម បង្កើតស្ថានប័នគ្រប់ផ្នែកឡើង ដើម្បីនាំគ្នាជួយទប់ទល់ក្ដីទុក្ខលំបាកនេះ ដែលជាបញ្ហាប្រឈមរបស់ពិភពមនុស្ស ឲ្យបានធូរស្រាលឡើង ។   ការបង្កើតក្រុមវិទ្យាសាស្ត្រឡើង ដើម្បីមកជួយដោះស្រាយវិបត្តិទុក្ខលំបាក ផ្នែកជីវភាពរស់នៅរបស់មនុស្ស ដែលជួបទុក្ខលំបាកនេះគ្រប់បែបយ៉ាង ។

ទុក្ខលំបាករបស់មនុស្សមានច្រើនណាស់ ព្រោះមនុស្សមានច្រើនពាន់លានអ៊ីចឹង តម្រូវការប្រាកដជាត្រូវការច្រើន តែរួមឲ្យខ្លីតាមតម្រូវការព្រះពុទ្ធសាសនា មានត្រឹមតែបួនប៉ុណ្ណោះ សម្រាប់ទ្រទ្រង់ផ្នែករូបរាងកាយគឺ មនុស្សត្រូវការប្រើក្រណាត់ ដើម្បីធ្វើកិច្ចការផ្សេងៗ ដូចជាខោ អាវ គ្រឿងលំអគេហដ្ឋានផ្សែងៗ វាំងនន ខ្នើយ ម៉ុង ភួយ កំរាលព្រំ ពួក សាឡុង ប៉ាវអ៊ី កៅអី តុ សុទ្ធតែត្រូវការក្រណាត់នេះទាំងអស់ ។ ដូចនេះក្រណាត់គឺវត្ថុដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ដើម្បីប្រើទប់ទលនឹងអាកាសធាតុក្ដៅ ត្រជាក់ និងសត្វល្អិតទាំងឡាយ ព្រមទាំងបិទបាំងរាងកាយឲ្យបានសមរម្យជាមនុស្សដែលមានកេរខ្មាស ។ មួយទៀត តម្រូវការអាហារ ដែលមនុស្សសត្វមិនអាចខ្វះបាន សូម្បីតែរុក្ខជាតិក៏ត្រូវការអាហារទាំងអស់ ដូចពំនោលពុទ្ធនិយមលើកឡើងថា សត្វទាំងឡាយទាំងពួងរស់បាន ដោយសារអាហារ ។ អាហារនេះក្នុងពុទ្ធនិយម មិនត្រឹមតែសំដៅលើអាហារការទំពារលេបតាមបំពងកចូលទៅប៉ុណ្ណោះទេ មានសម្ផស្សាហារ មនោចេតនាហារ និងវិញ្ញាណាហារទៀតផង ។ ស្បៀងអាហារ គឺជាតម្រូវការសម្រាប់ទ្រទ្រង់អាយុជីវិតមនុស្ស បើគ្មានអាហារទេ មិនអាចតាំងនៅបានឡើយ ព្រោះតែអាហារនេះធ្វើឲ្យមនុស្សបង្កើតសង្គ្រាមរាំងជល់គ្នារហូតដល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់ចប់នៅឡើយ តែសម័យនេះពួកគេមិនសូវធ្វើសង្ក្រាមដណ្ដើមទឹកដីទេ តែពួកគេធ្វើសង្រ្គាមដណ្ដើមទីផ្សារម្ដង គឺសង្រាមសេដ្ឋកិច្ចលោក ។ មួយទៀត ទីលំនៅឋាន ទីជ្រកសម្រាប់ការសម្រាកកាយរបស់មនុស្សគ្រប់រូប ប្រឹងប្រែងរកចំណូលដើម្បីសាងទីលំនៅឋានមួយសមរម្យ ។ លំនៅឋាននេះ មានខ្មែរក្នុងតំបន់ខ្លះ ពួកគេយល់ថា មានលំនៅឋានហើយ ដូចមានអ្វីៗទាំងអស់ដែរ មុននឹងប្រគល់កូនស្រីទៅខាងកូនកម្លោះ ចាស់ទុំខាងកូនស្រី ត្រូវទារថ្លៃទឹកដោះ ចាស់ទុំបង្គាប់ខាងប្រុស ជាមាស ជាលុយ និងជាផ្ទះ ជាដើម បើខាងប្រុសធ្វើបានទើបគេលើកកូនឲ្យរៀបការ ខុសពីអ្នកនៅទីក្រុង ។ ជួនកាល មិនទាន់ស្គាល់ផ្ពាល់កូនក្រមុំផង កូនកម្លោះស្លាប់ក៏មាន ដោយសារស្រុកខ្មែរយើងពីមុនមានឈើច្រើន ដូច្នោះកូនកម្លោះត្រូវចូលព្រៃទៅកាប់ឈើធ្វើផ្ទះការ ។ ការទៅកាប់ឈើ និងរស់នៅក្នុងព្រៃ មិនសូវមានអនាម័យ ដេកហាលភ្លៀងហាលផ្គរ ដេកគ្មានមុងចងការពារ ហូបចុកបាយសម្ល និងផឹកទឹកមិនសូវមានអនាម័យ ក៏មានជំងឺគ្រុនចាញ់ទៅ ព្យាបាលមិនទាន់ ក៏ស្លាប់ខានបានការទៅក៏មាន ហើយនឹងមធ្យោបាយធ្វើដំណើគ្រប់ប្រភេទ មានតាំងពីដំណើរថ្មើរជើងផ្លូវឆ្ងាយៗ មានសេះ ដំរី រទេះគោក្របី ចំណាយរាប់ថ្ងៃ សប្ដាហ៍ និងរាប់ខែ ទើបដល់គោលដៅ តែឥឡូវមនុស្សបានកែច្នៃគ្រឿងចក្រជំនួសវិញ ធ្វើដំណើរឆាប់ដល់គោលដៅ ចំណេញពេលច្រើន ។ មួយវិញទៀត ថ្នាំដង្កូវ ដែលមនុស្សកើតមក តែងត្រូវការពេទ្យ និងថ្នាំនេះចៀសមិនផុត ព្រោះមនុស្សកើតមក ត្រូវកើតរោគ ត្រូវឈឺ ត្រូវស្លាប់ ។ ប្រការនេះ ធ្វើឲ្យពួកខាងវេជ្ជសាស្ត្រសហការជាមួយពួកវិទ្យាសាស្រ្ត ធ្វើយ៉ាងណា រកធ្វើវិធីសាស្ត្រកាត់បន្ថយមរណៈនេះឲ្យបានច្រើន ។ ទប់ស្កាត់ជំងឺមួយចំនួនដែលនាំឲ្យមានហានីភ័យស្លាប់នេះឲ្យបានច្រើន ដូចនេះ ពួកវេជ្ជសាស្រ្តប្រឹងប្រែងដុតដៃដុតជើង ខិតខំត្រិះរិះរកវ៉ាក់សាំងចាក់បង្ការោគមួយចំនួន និងរកវ៉ាក់សាំងព្យាបាលជំងឺមួយចំនួនទៀត ដូចជាជំងឺស្វិតដៃស្វិតជើង ជំងឺខ្វាក់មាន់ របេង គ្រុនចាញ់ គ្រុនឈាម អេដស៍ និងជំងឺរលាកផ្លូវដង្ហើមនេះស្រាប់ ។ល។ ដូចនេះ ថ្នាំឱសថ គឺជាតម្រូវការចំបាច់ណាស់សម្រាប់មនុស្សលោក ។ ដូចមានពាក្យពំនោលពុទ្ធនិយមលើកឡើងថា រូបកាយគឺជាសំបុកនៃរោគ រូបកាយគឺជង្រុកនៃដង្កូវទាំងឡាយ    

បញ្ហាទុក្ខលំបាកនេះ គឺជាបញ្ហារបស់មនុស្សលោក ដូចនេះ មនុស្សទាំងអស់មិនថាជនជាតិណាទេ ត្រូវជួយគ្នាតាមរយៈមធ្យោយបាយផ្សេងៗ ដើម្បីទប់ទល់ជាមួយបញ្ហាទុក្ខលំបាកនេះ ។ ការជួយគ្នាទៀតសោត អាចជួយតាមរយៈជួយគិត គិតយ៉ាងណាក្នុងការត្រិះរិះរកមធ្យោបាយ វិធីសាសស្ត្រជួយអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើន ច្រើនប្រើខួរក្បាលគិត ។ អ្នកខ្លះមិនសូវមានគំនិតទេ តែគេជួយផ្នែកកម្លាំងកាយ ជួយជម្រុញកិច្ចការទាំងអស់ហ្នឹងឲ្យដើរ ដូចជា ពលករ កម្មករជាដើម ។ អ្នកខ្លះទៀត គេមិនសូរមានកម្លាំងកាយច្រើនទេ តែជួយតាមរយៈឃោសនាបញ្ចុះបញ្ចូលមនុស្សឲ្យជួយគ្នា ខ្លះទៀតជួយតាមរយៈសម្ភារផ្សេងៗ ដូចជាយានយន្ត របស់របរប្រើប្រាស់ និងលុយកាក់ដើម្បីយកមកជួយអភិវឌ្ឍផ្សេងៗក្នុងសហគមន៍នោះៗ ហើយមានខ្លះទៀត មិនមានអ្វីជួយទេ តែពួកគេជួយលើកទឹកចិត្ត តាមកាយវិការ តាមពាក្យសម្ដី និងវត្ថុជាដើម ។  ក្នុងចំណោមមនុស្សទាំងអស់ដែលមានសុឆន្ទៈក្នុងការជួយគ្នាអភិឌ្ឍន៍ ក៏មានមនុស្សអវិជ្ជមានមួយចំនួនដែរ មិនបានជួយហើយ ថែមទាំងបំផ្លាញទៀតផង ។ ដូចនេះ មានពំនោលចុងក្រោយថា បើខ្លួនគិតបាន ឲ្យជួយគិត បើខ្លួនគិតមិនបាន ឲ្យជួយធ្វើ បើខ្លួនធ្វើមិនបានឲ្យជួយសហការ បើខ្លួនជួយសហការមិនបាន ឲ្យជួយជាកម្លាំងចិត្ត បើខ្លួនជួយជាកម្លាំងចិត្តមិនបាន សូមនៅឲ្យស្ងៀមស្ងាត់ ។ 

សរុបរួម មនុស្សទាំងអស់ តែងជួបប្រទះជាមួយទុក្ខលំបាកនេះច្រើនណាស់ អ្នកខ្លះជួបលំបាកផ្លូវកាយ អ្នកខ្លះជួបទុក្ខលំបាកផ្លូវចិត្ត និងអ្នកខ្លះទៀតជួបទុក្ខលំបាកផ្នែកសេដ្ឋកិច្ចក្នុងជីវភាពរស់នៅរបស់ខ្លួនក្នុងសង្គម ។ ដូចនេះ មនុស្សទាំងអស់ត្រូវចេះជួយគ្នា ដើម្បីជួយកាត់បន្ថយភាពទុក្ខលំបាកទាំងនេះ តាមរយៈការជួយគិតគូរ ជួយសហការ ជួយធ្វើ និងជួយកម្លាំងចិត្ត ។ យើងដឹងស្រាប់ហើយថា បញ្ហាទុក្ខលំបាកនេះ គឺជាបញ្ហារបស់មនុស្សយើងទាំងអស់គ្នា គ្មានរបស់បុគ្គលណាផ្ដាច់មុខម្នាក់ឯងនោះទេ ដូចនេះ មនុស្សត្រូវតែចេះជួយសាមគ្គីគ្នា មិនថាខ្មែរ ឬបរិទេសទេ ឲ្យតែមនុស្សដែលទទួលបានផលប្រយោជន៍ពីភពផែនដីកំណើតមួយនេះ ។ បើជួយមិនបាន គិតតាមដំណើរហ្នឹងចុះ កុំតែរំខានដល់គេបានហើយ ដូចពាក្យពំនោលខ្មែរពោលថា បើមិនបានជួយចូកជួយចែវទេ កុំយកជើងរាទឹក ឬថា "សាមគ្គីគឺរស់ បែកបាក់សាមគ្គីគឺស្លាប់ " ៕

-----------------------------------------------

Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក

Tuesday, April 21, 2020

ការស្គាល់ខ្លួនឯងច្បាស់គឺរឿងជាសំខាន់

ស្រឡាញ់ធម្មជាតិ គឺស្រឡាញ់ជីវិត ជីវិតនិងធម្មជាតិ មានដំណើរដូចគ្នា


ការច្នៃប្រឌិតឡើងរបស់មនុស្សលោក ធ្វើឲ្យមានបច្ចេកវិជ្ជាទំនើបហួសពីចិត្តគំនិតរបស់មនុស្ស ដែលមានវិស័យអប់រំខ្សោយ និងមានការយល់ដឹងរឿងបច្ចេកទេសរបស់វិទ្យាសាស្ត្រនេះនៅមានកម្រិត ។ បញ្ហាទាំងអស់នេះ គឺជាបញ្ហាធំចោទមកលើសង្គមមនុស្ស ដែលមានប្រព័ន្ធអប់រំខ្សោយសម្បើមណាស់ ។ ដូចនេះ ទើបពិភពលោកទាំងមូល ជាពិសេសប្រទេសដែលឈានដល់កម្រិតជឿនលឿនហើយ គឺជារឿងមានមោទកភាពណាស់ចំពោះការអភិវឌ្ឍទំនើបកម្មរបស់ខ្លួនឈានដល់ដំណាក់ខ្ពស់នោះ ។ ដោយឡែកធនធានមនុស្សដែលមានកម្រិតខ្សោយវិញ ពេលខ្លះការមើលឃើញមនុស្សដែលរស់នៅជុំវិញខ្លួន ចេះអាន ចេះសរសរបាន ចាត់ទុកថាគ្រាន់បើណាស់ទៅហើយ មិនចាំចាច់ទៅរៀនដល់ថ្នាក់ឧត្តម ឬក្រោយឧត្តមទេ ។ ជាពិសេសគោលនបាយជាតិ ប្រយុទ្ធប្រឆាំងប្រឹងលុបបំបាត់នអក្ខរកម្មឲ្យសល់តិចតួចបំផុត តាមគោលនបាយជាតិ ប្រជាពលរដ្ឋឋត្រូវជម្រុញកូន ឬនាំកូនចៅចូលសាលា រៀនសូត្រឲ្យបានគ្រប់ៗគ្នាដែលក្មេងៗដល់អាយុកាលសិក្សា យ៉ាងហោចណាស់ក៏បានត្រឹមថ្នាក់ទី ៩ ដែរ ។  ការចេះអក្សរគឺរឿងសំខាន់ណាស់សម្រាប់ជាតិ គ្រួសារ និងខ្លួនឯងផ្ទាល់តែម្ដង ។

ប្រទេសដែលមានការអភិវឌ្ឍជឿនលឿន មានចង្វាក់ផលិតកម្មសម្បូរបែប ក្នុងការបម្រើសេវាកម្មសេដ្ឋកិច្ចដោយសារមានធនធានមនុស្ស ។ ធនធានមនុស្សគឺជាចលករមួយសម្រាប់ជម្រុញអ្វីៗគ្រប់យ៉ាងឲ្យមានដំណើររលូន ។ ហើយក្នុងនោះ ក៏មិនអាចខ្វះបាន នូវធនធានមនុស្សផ្នែកខាងវាយតម្លៃដំណើរការជាតិ ដំណើរការធម្មជាតិ និងនិងដំណើរសេដ្ឋកិច្ច គឺពួកទស្សន ។ ពួកទស្សនគឺជាមនុស្សមួយក្រុមដែលពូកែខាងការគិត ម្រមើលមើលគោលដៅអនាគត ដែលគេហៅថាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ មានទស្សនៈជ្រាលជ្រៅទៅលើហេតុការណ៍ជាតិ អន្តរជាតិ បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម ដែលកំពុងកើតឡើង និងបន្តកើតឡើង ។  កិច្ចការមួយ ដែលប្រទេសជាតិ សង្គម គ្រួសារ និងខ្លួនផ្ទាល់ ប្រសិនបើជាមនុស្សចេះវាយតម្លៃហេតុការណ៍បាន ប្រទេសនោះ សង្គមនោះ គ្រួសារនោះ បុគ្គលនោះ អាចគេចរួចផុតពីហានីភ័យគ្រប់យ៉ាងបាន ឧទាហរណ៍ខ្លីមួយ ដែលចាស់បុរាណតែងកត់សម្គាល់ទៅលើសត្វមួយចំនួន ដែលរស់នៅក្នុងដី កាលណាវានាំគ្នាវារចេញពីដី ឡើងទៅទីខ្ពស់នោះ មានន័យថា អាចនឹងមានភ្លៀងធំបង្អុរចុះមកជាក់ជាមិនខានឡើយ ។  មនុស្សដែលចេះទោះទាយហេតុការណ៍បាន មានន័យណាស់សម្រាប់សង្គម ដើម្បីអភិវឌ្ឍឲ្យសំបូរបែប ទៅតាមធនធានរបស់ខ្លួន ។

កិច្ចការសង្គម ដែលត្រូវការមនុស្សយកមកបម្រើការ សុទ្ធតែត្រូវគេបានសម្រិតសម្រាំងណាស់ ដើម្បីឲ្យបុគ្គលិកនិមួយៗមានសមត្ថភាព និងលទ្ធភាពអាចធ្វើការ គ្រប់គ្រងការងារបានល្អ ត្រូវរើសបុគ្គលិកតាមមុខជំនាញនិមួយៗ ហើយត្រូវត្រួតពិនិត្យបុគ្គលិកលក្ខណ អត្តចរិត ចំណង់ចំណូលចិត្ត ប្រឹងប្រែងព្យាយាមអត់ធ្មត់អំណត់ ស្ទុះស្ទាក្នុងការងារ ដែលខ្លួនត្រូវប្រគល់ឲ្យ ។ ការងារទាំងអស់នេះ គឺជាការស្ទង់ស្ទាបសមត្ថភាព ចំណេះដឹង លទ្ធភាពដែលបុគ្គលចូលមកធ្វើការនោះបានប៉ុនណា ។ ប្រសិនខ្លួនដាក់ការងារទៅឲ្យនោះ អាចសម្រេចទេ? កាលណាខ្លួនជ្រើសរើសបុគ្គលិក និយោជក  អ្នកជំនាញខាងចិត្តសាស្ត្រគេចូលមកធ្វើតេស្ដសាកល្បងមានជំហានដំបូងៗ គេមើលទាំងពីការស្លៀកពាក់ ដំណើរទំនង ចម្ដីកាយវិការទឹកមុខទំនាក់ទំនងពីការចាប់អារម្មណ៍ការងារ  ឬប្រឡងតាមវិញ្ញាសានិមួយតាមស្ថានប័នសមីធ្វើ ដើម្បីរើសបុគ្គលិកល្អៗចូលមកបម្រើការ ។ អ្វីដែលមិនអាចខ្វះបាននោះក្រុមចៅក្រម មេធាវី និងអ្នកនយោបាយត្រូវមានចំណេះខាងយុទ្ធសាស្ត្រចិត្តសាស្ត្រនេះជារឿងចាំបាច់ណាស់ ដូចពាក្យពំនោលលើកឡើងថា បើស្គាល់ចិត្តអ្នកដទៃ គឺជារឿងសំខាន់ជាងអ្នកចេះអក្សរ និងអ្នកចេះមើលដឹងហេតុការណ៍ផ្សេងៗទៅទៀត ។

មួយចំណុចទៀត ដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន ក្នុងសម័យកាលនេះ គឺស្គាល់ពីខ្លួនឯង ។ ពិតណាស់ មនុស្សទាំងពិភពលោកជាបុគ្គលមិនស្គាល់ខ្លួនឯង សូម្បីតែអ្នកប្រាជ្ញសម័យបុរាណ ដូចជាសូក្រាត គាត់ដឹងពីខ្លួនគាត់ថា គាត់គឺជាមនុស្សល្ងង់ ព្រោះការចេះដឹងដែលគាត់បានទទួលមកនោះ គាត់ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សអស្ចារ្យក្នុងដែនដីអាតែនប្រទេសក្រិកបុរាណ គាត់បែរជាប្រកែកថា គាត់មិនមែនជាមនុស្សអស្ចារ្យអ្វីនោះទេ គាត់ដឹងធាតុពិតរបស់ពិភពមួយនេះតូចណាស់ គាត់ថា គាត់ដឹងនូវអ្វីដែលគាត់បានដឹងប៉ុណ្ណោះ ។ ត្រង់ចំណុចនេះ បើនិយាយពីពិភពលោកគាត់មិនអាចសិក្សាអស់ទេ សូម្បីខ្លួនគាត់ក៏គាត់ស្គាល់បានតិចដែរ ។ ដូច្នេះគាត់ឲ្យមនុស្សដែលជាសិស្សគណគាត់អនុវត្តដុសខាត់ចិត្តព្រលឹងឲ្យបានល្អ ។ រឿងស្គាល់ខ្លួននេះ ខុង ជឺ គាត់បានបន្សល់ទុកពាក្យខ្លះទុកអប់រំសិស្សគណ និងមនុស្សជំនាន់ក្រោយថា ការស្គាល់ខ្លួនបានគឺជារឿងវិសេសថ្លៃថ្លាបំផុតក្នុងលោក ។ ការមិនស្គាល់ខ្លួនឯងនេះហើយ ប្រទេសត្រូវមានច្បាប់សីលធម៌ ច្បាប់សង្គមមកគ្រប់គ្រងលើ ដើម្បីរៀបចំសណ្ដាប់ធ្នាប់មនុស្សឲ្យមានរបៀបរៀបរយល្អ ។ ចំណែកពុទ្ធនិយម ក៏លើកបញ្ហាមនុស្សដែលស្គាល់ខ្លួនឯងនេះដែរថា  ការស្គាល់ខ្លួនឯងនេះ ព្រះសមណគោតម ទ្រង់បង្ហាញពីធាតុពិត ៤ យ៉ាង ដល់សិស្សគណរបស់ព្រះអង្គ ។ ទីមួយ ឲ្យស្គាល់ធាតុទុក្ខ ដែលមនុស្សលោកជួបប្រទះរាល់ថ្ងៃ ទី២ ឲ្យស្គាល់ពីហេតុដែលនាំឲ្យកើតទុក្ខ ។ ទី៣ ឲ្យស្គាល់ពីគោលដៅដែលមនុស្សត្រូវទៅឲ្យផុតទុក្ខ និងទី៤ ឲ្យស្គាល់ពីផ្លូវដែលសិស្សគណរបស់ព្រះអង្គធ្វើដំណើរទៅ ក្នុងន័យបតិបត្តិចម្រើន ។ ការស្គាល់ខ្លួនឯង លុះត្រាតែកំចាត់ចោលអវិជ្ជា ភាពល្ងង់ខ្លៅរបស់ខ្លួនចេញបាន ដោយការប្រើបញ្ញាលោកុត្តរ មានសមថនិងវិបស្សនា ទើបស្គាល់ ទើបប៉ះពាល់ត្រូវធាតុពិតរបស់ខ្លួនឯងនេះបានប្រត្យក្ស ។

សរុបមកវិញ មនុស្សដែល ចេះអានអក្សរបានគឺសំខាន់ ស្គាល់ពីហេតុការណ៍បានគឺសំខាន់ជាង មើលចិត្តអ្នកដទៃដឹង រឹតតែសំខាន់ បើស្គាល់ខ្លួនឯងច្បាស់វិញ គឺសំខាន់បំផុត ។ ក្នុងការបកស្រាយខាងលើ និងឃ្លាបញ្ជាក់នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍខ្លួន ផ្ដើមដោយការអភិវឌ្ឍខ្លួនក្នុងការចេះអក្សរសាស្រ្តជាតិ អន្តរជាតិ ដើម្បីបន្តដំណើរការអភិវឌ្ឍខ្លួនចូលទៅក្នុងសង្គម និងចេះព្យាករណ៍ឱកាសការងារ និងជ្រើសរើសការងារធ្វើឲ្យត្រូវតាមតម្រូវការសង្គមមនុស្ស ។ ការប្រព្រឹត្តិទៅបានរលូនទាល់តែចេះរកមនុស្ស ចេះមើលមនុស្ស ចេះមើលចំណេះជំនាញរបស់បុគ្គលិក និងស្គាល់ពីខ្លួនឯងច្បាស់ ។ ប្រការចុងក្រោយនេះ សំខាន់ណាស់ បើស្គាល់ខ្លួនហើយ ពិតជាអស់ទុក្ខកង្វល់ក្នុងខ្លួនៗរើរួចផុតពីកណ្ដាប់ដៃរបស់អវិជ្ជា តណ្ហា ឧបាទានក្ខន្ធហើយ ៕

-----------------------------------------

Cr. គោលគំនិតល្អដើម្បីជីវិត 
រូប.ហ្វេសប៊ុក



កុំតូចចិត្តដែលគេគិតខុសពីយើង



ស្ថានភាពរស់នៅរបស់មនុស្សក្នុងសង្គមលោកនេះ មានការខុសប្លែកពីគ្នា ពីមនុស្សម្នាក់ទៅម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ ពីតំបន់មួយទៅតំបន់មួយ ពីសង្គមមួយទៅសង្គមមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ។ ព្រោះអ្វី? ពីព្រោះចិត្តគំនិតរបស់មនុស្ស និងបរិយាកាសធម្មជាតិ និងវប្បធម៌សង្គម ។

ចិត្តនេះណា មនុស្សម្នាក់ៗមានដូចគ្នា អ្នកណាៗក៏មានចិត្តដែរ បើគ្មានចិត្ត មនុស្សដូចជារូបជាតិ ភ្នំ សមុទ្រ វត្ថុផ្សេងៗ ដែលកើតឡើងតាមធម្មជាតិ និងកើតឡើងតាមការប្រឌិតកែច្នៃរបស់មនុស្សនោះហើយ ។ ជាការពិត ចិត្តដែលមនុស្សត្រូវបានតភ្ជាប់ពីវត្ថុ ដែលជាអារម្មណ៍ខាងក្នុងនិងខាងក្រៅ ដែលញ៉ាំងចិត្តមួយនេះ សន្សំ ដឹង ត្រិះរិះគិត ចាប់យកមកកពួនប្ដុំទៅតាមកម្លាំងអំណាចរបស់ខ្លួន ។ ចិត្តជាប្រធានវិស័យ ក្នុងគិតកែច្នៃរូបភាពផ្សេងដែលខ្លួនគិត បញ្ចេញតាមរយៈកាយ និងវាចារបស់ខ្លួន ។ កាយ និងវាចា ចាំតែទទួលព័ត៌មានបង្គាប់ការពីចិត្ត ។ ប្រសិនបើចិត្ត ចង់ប្រើកាយ ឲ្យបំពេញការងារផ្សេងៗ កាយត្រូវស្ដាប់បង្គាប់ធ្វើតាមការបញ្ជារបស់ចិត្ត ប្រសិនបើចិត្ត ចង់ប្រើវាចាឲ្យហាស្តីនិយាយទៅកាន់មនុស្សម្នាគ្រប់គ្នា វាចាត្រូវតែស្តាប់បង្គាប់ធ្វើតាមបទបញ្ជារបស់ចិត្ត ។ និយាយទៅ គ្មានអ្វីធំជាងចិត្ត ។

ចិត្ត គិតឡើងតាមបរិស្ថានធម្មជាតិ ចិត្តចេះគិតឲ្យសមស្របតាមបរិយាសធម្មជាតិ ហេតុអ្វីចិត្តគិតឲ្យស្របតាមបរិយាកាសធម្មជាតិ? ព្រោះយើងដឹងតាមសមិទ្ធផលនានារបស់មនុស្ស ដែលកំពុងប្រើប្រាស់ ដើម្បីសម្របសម្រួលទៅតាមបរិយាកាសធម្មជាតិ ដូចជាមនុស្សនៅតំបន់ត្រូពេជ្រ តំបន់បូល តំបន់អេក្វាទ័រ អាហ្វ្រិក អាមេរិក អូស្ត្រាលី អាស៊ី ស្ថានភាព ការរស់នៅ គឺសមស្របទៅតាមបរិយាកាសទាំងនោះ ។ អ្វីដែលមានវត្តមាននៅតាមតំបន់ទាំងអស់ហ្នឹង តើវាកើតឡើងចេញពីណា? អ្វីៗដែលបានកើតឡើងក្នុងលោកមួយនេះ មិនក្រៅពីចិត្តមនុស្សនេះទេ ។ ចិត្តតម្រូវឲ្យរូបកាយ តាំងនៅ និងត្រូវប្រើប្រាស់ទៅតាមសភាពបរិយាកាសទាំងនោះ ដែលមានថាមពលជម្រុញពីកម្មដែលជាដង្ហើមដករបស់ចិត្ត ។

ចិត្តគិតតាមបែបវប្បធម៌របស់មនុស្ស ដែលបានសាបព្រោះពីមុនមកយ៉ាងណា មនុស្សគ្រប់តំបន់ គ្រប់និន្ទាការត្រូវធ្វើចិត្ត ឲ្យសមស្របតាមបរិបទវប្បធម៌សង្គមនោះ បើខុសត្រូវមានការគាបសង្កត់ពីអំណាចច្បាប់ សាសនា បរិស្ថានធម្មជាតិនោះជាប្រាកដ ។ ព្រោះគេចង់ឲ្យចិត្តរបស់មនុស្សយល់ស្រប និងទទួលយកបរិយាកាសបែបបទនោះ គំរូនោះ ។ ប្រសិនបើចិត្តទទឹងទាស់ អ្នកត្រូវបានទទួលទណ្ឌកម្មផ្សេងៗ ពីច្បាប់ ពីសាសនានោះជាក់ជាមិនខាន ។ ការបង្កើតច្បាប់ និងសាសនា ដើម្បីក្រឹត្យព្រំដែនរបស់ចិត្តមនុស្សកុំឲ្យគិតទៅឆ្ងាយពីដែនច្បាប់ និងសាសនានេះ ។ បើគ្មានច្បាប់ និងសាសនា ចិត្តមនុស្សគិតទៅតាមអំពើរបស់ខ្លួន ចិត្តមនុស្សរញ៉ែរញ៉ៃ ចិត្តមនុស្សគ្មានសណ្ដាប់ធ្នាប់ កាលណាចិត្តគ្មានសណ្ដាប់ធ្នាប់ ការរស់នៅរបស់មនុស្សក៏មានភាពរញ៉ៃរញ៉ៃទៅតាមនោះដែរ ។

ចូរមកគិតរឿងចិត្តខ្លួនយើងវិញ យើងម្នាក់ៗចង់ឲ្យគេគិតដូចយើង ស្របតាមយើង និងធ្វើអ្វីៗតាមយើងគ្រប់កាលៈទេសៈទាំងអស់ ដោយយើងមិនសូវបានគិតដល់ចិត្តគំនិតគេ ថាគេមានចិត្តដូចយើងឬក៏អត់? ដូចពុទ្ធនិយមលើកឡើងថា ឲ្យយកចិត្តគេ មកដាក់ចិត្តខ្លួន ឲ្យយកចិត្តគេ ធ្វើជាឧបមា ។ ន័យនេះ ចង់បង្ហាញថា យើងមានគំរូក្នុងការគិតបែបណា អ្នកដទៃក៏មានគំរូក្នុងការគិតតាមបែបរបស់គេនោះដែរ ដូច្នេះ ក្នុងឃ្លានេះ ចង់ឲ្យយើងសិក្សាចិត្តយើង ចិត្តគេមិនដូចគ្នាទេ ។ ដូចពំនោលមួយពោលបញ្ជាក់ថា    មនុស្សដប់ចិត្តដប់ កុំមើលងាយគំនិតគេ ប្រសិនបើខ្លួនគិតខុសពីគេ ។ ក្នុងន័យនេះ កុំអាលគិតថា មនុស្សនោះក្មេង មនុស្សនោះរៀនបានតិច មនុស្សនោះមានបទពិសោធតិច មិនសមខ្លួន មិនសមឋានយសសក្ដិ កិត្តិយសកេរ្តិ៍ឈ្មោះ ពូជពង្សវង្សត្រកូល ទ្រព្យសម្បត្តិខ្លួនឡើយ ។ បើគិតបែបនេះ គឺខុសហើយ អ្នកខ្លះនៅក្មេង តែគំនិតចាស់ទុំ អ្នកខ្លះរៀនបានតិច តែមានគំនិតល្អ និងមនុស្សខ្លះទៀត មានបទពិសោតតិច តែចំណេះដឹងខ្លាំងគួរសម អាចយកជាការបាន ។ ការណ៍នេះចង់លើកបង្ហាញរឿងនិទានអប់រំបរទេសខ្លីមួយថា

ពេលមួយនោះ មានកូនចៀម និងមេចៀម ធ្វើដំណើរកាត់តាមវាលស្មៅមួយ ។ សកម្មភាពចៀមទាំងពីរនេះក្នុងការធ្វើដំណើរទៅនោះខុសគ្នា ។ មេចៀមប្រើក្បាលនិងភ្នែកមើលក្រោមជានិច្ច ចំណែកកូនចៀមវិញ ដើរទៅដូចជាមានមោទកភាពខ្លាំងណាស់ ក្បាល់និងភ្នែកអើតលើរហូត ។ ការអើតងើយមើលលើ មិនបានយកចិត្តទុកដាក់ស្ថានភាពខាងក្រោម ធ្វើឲ្យដំណើរទៅរបស់កូនចៀមជំពប់នឹងមែកឈើ និងដុំថ្មជាច្រើនលើកច្រើនសារ ធ្វើឲ្យមេចៀមនោះស្តីបន្ទោសនិងអប់រំកូនចៀមដោយយកមាត់របស់ខ្លួនរុញក្បាលកូនចៀមនោះឲ្យដើរឈ្ងោកមើលក្រោមម្ដងជាពីរម្ដង រហូតដើរដល់ប្រឡាយមួយ មេចៀមបានដើរទច់ង៉ក់ លែងដើរទៅមុខទៀត ចំណែកកូនចៀមវិញ ក៏លោតប្លោតឆ្លងផុតពីជង្ហុកប្រឡាយនោះទៅ នៅតែមេចៀម មិនព្រមលោតទៅសោះ នៅតែរុញរាៗ ទោះបីកូនចៀមនោះលោតឲ្យមើលម្ដងជាពីរម្ដងនៅតែមេចៀមនោះមិនព្រមលោតទៅទៀត ។ កូនចៀមគិតមួយសន្ទុះក៏យល់ថា ការដែលមេចៀមមិនព្រមលោតទៅ ព្រោះឈ្ងោកមើលប្រឡាយនោះ គិតថា ប្រឡាយនោះធំ ដែលធ្វើឲ្យមេចៀមមិនហ៊ានលោតទៅ ។ ភ្លាមនោះៗ កូមចៀម ក៏បានយកក្បាលរបស់ខ្លួនទល់ក្រោមមាត់មេចៀមនោះឲ្យងើយមុខឡើងលើហើយលោតទៅ មេចៀមក៏លោតផុតពីប្រឡាយនោះទៅ ដោយសុវត្ថិភាព ។ ក្រោយពីលោតឆ្លងប្រឡាយនោះរួច មេចៀម និងកូនចៀមក៏ធ្វើដំណើរបន្ត ដោយប្តូរទម្លាប់ក្នុងការគិតរបស់ខ្លួន កូនចៀមដែលធ្លាប់តែងើយអើតក្បាលឡើងលើក៏ប្តូរមកឈ្ងោកមុខមើលក្រោមខ្លះ ចំណែកមេចៀមដែលធ្លាប់តែឈ្ងោកមុខមើលក្រោមក៏ប្ដូរគំនិតងើយមើលលើម្ដង ។ ពេលណាមានដុំថ្ម ដំបូក ឬមែកឈើ ចៀមទាំងពីរក៏ឈ្ងោកមុខមើលរួចលោតកន្លងទៅ កាលណាមានជង្ហុកប្រឡាយ ឬអូរ ឬក៏ថ្លុក ក៏ងើបមុខឡើង ហើយក៏លោតឆ្លងរំលងទៅ ។

ក្នុងរឿងនេះ ចៀមទាំងពីរមានគំនិតខុសគ្នា កូមចៀមគិតរឿងបញ្ហាធំៗ មិនសូវគិតរឿងបញ្ហាតូចៗដែលនៅចំពោះមុខ ចំណែកខាងមេចៀមច្រើនតែគិតរឿងបញ្ហាតូចៗ មិនសូវគិតរឿងបញ្ហាធំទេ ដល់មានបញ្ហាធំធ្វើឲ្យខ្លួនលែងហ៊ានតស៊ូដើរទៅមុខទៀត ។ រឿងនេះ ចំពោះបញ្ហាគំនិតរបស់មនុស្សវិញ មនុស្សខ្លះគេក្មេង តែគំនិតគេអាចទទួលយកបាន មនុស្សខ្លះគេក្រ តែគេប្រសប់ក្នុងការគំនិត និងមនុស្សខ្លះទៀត គេគ្មានបទពិសោធ តែចំណេះដឹងគេខ្ពស់ គំនិតគេជ្រៅជ្រះជាងខ្លួន ដូចរឿងមេចៀមនិងកូនចៀមខាងលើជាឧបមាស្រាប់ ។

សរុបមកវិញ ប្រសិនបើមានគេគិតខុសពីយើង គិតផ្ទុយពីយើង កុំអាលថាគំនិតគេខុស គំនិតគេអន់ ដោយសារតែគេមានគំនិតខុសពីយើង ។ ការរស់នៅរបស់សង្គមមនុស្សមិនដូចគ្នាទេ មានការរស់នៅខុសៗគ្នា  ព្រមទាំងការចាត់ចែងរបៀបរស់នៅតាមគំនិតរៀងៗខ្លួន ។ ឧទាហរណ៍ ពិនិត្យមើលពីរបៀបប្រើប្រាស់របស់ខ្លួនប្រចាំថ្ងៃក្នុងគ្រួសារ អ្នកខ្លះចូលចិត្តបន្លែ អ្នកខ្លះចូលចិត្តសាច់ អ្នកចូលចិត្តសម្ល អ្នកខ្លះចូលចិត្តក្រៀមក្រោះ អ្នកខ្លះចូលចិត្តសាប អ្នកខ្លះចូលចិត្តប្រៃ អ្នកខ្លះចូលហឹរ អ្នកខ្លះចូលចិត្តពណ៌ស អ្នកខ្លះចូលចិត្តពណ៌ខ្មៅ អ្នកខ្លះចូលចិត្តពណ៌ផ្កាឈូក ។ល។ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន ។ ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញថា ការប្រើប្រាស់របស់មនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀត ព្រោះអ្វី? ព្រោះតែចិត្តមួយនេះឯងគិត ៕

------------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត 
រូប.ហ្វេសប៊ុក

Monday, April 20, 2020

គ្មានអ្វីដូចចិត្តចង់ទេ



បញ្ហាស្មុគស្មាញក្នុងជីវិតមិនចេះអស់មិនចេះហើយ មកពីចិត្តចង់ ។ ការចង់នេះជាបញ្ហាធំដែលធ្វើឲ្យមនុស្សទាំងអស់ក្នុងលោក ត្រូវនាំគ្នាស្វះស្វែងរកអ្វីគ្រប់យ៉ាងយកមកបំពេញក្នុងចំណង់មួយនេះ ។ ជាការពិតណាស់ ពាក្យថាចង់មួយម៉ាត់នេះ ស្ទើរពេញមួយជីវិតរបស់មនុស្សម្នាក់មិនអាចរកគ្រប់ឡើយ ដូចពាក្យថា គ្មានអ្វីដែលចេះគ្រប់គ្រាន់ ចំពោះពាក្យថាចង់នេះឡើយ ។ ការចង់បាន គឺគោលបំណងប្រាថ្នារបស់មនុស្សគ្រប់រូបដែលមានស្រាប់ជាប្រព័ន្ធរួចស្រេចទៅហើយ បើគ្មានគោលការណ៍ណាមួយមកជួយទប់ស្កាត់កម្លាំងចង់នេះទេ វានឹងបង្កជាជំងឺវីរុសដ៏កាចសាហាវបាន ដែលគ្មានថ្នាំព្យាបាលជាបាន ។ តើចង់នេះ ពិតជាមេរោគឬ?

ការចង់នេះ អាចជាមេរោគម្យ៉ាង ដែលគ្មានថ្នាំជួយព្យាបាលឲ្យជាបាន ។ ព្រោះតែការចង់នេះហើយ បានធ្វើមនុស្សជួបវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដែលគ្មានថ្នាំគ្រូពេទ្យណាមើលជាដាច់ ។ ព្រោះតែចង់នេះ ហើយដែលធ្វើមនុស្សធ្វើឲ្យមានអ្វីគ្រប់យ៉ាង រហូតដល់បំផ្លិចបំផ្លាញបរិស្ថានធម្មជាតិ បំផ្លិចបំផ្លាញ់បរិស្ថានវប្បធម៌ និងបំផ្លិចបំផ្លាញបរិស្ថានសង្គម ។ ព្រោះតែការចង់នេះហើយ ធ្វើឲ្យមនុស្សទាស់ទែងខ្វែងគំនិត គ្នា ក្នុងលោកនេះគ្មានអ្វីខុស គ្មានអ្វីត្រូវ ខុសត្រូវស្ថិតនៅត្រង់ចិត្តគំនិតរបស់មនុស្សទាំងអស់ ព្រោះតែការចង់នេះហើយ ធ្វើឲ្យមនុស្សលែងមានសីលធម៌ លែងមានគុណធម៌ ។ ព្រោះតែចង់មួយនេះ ដែលគ្មានអ្វីរកដែនកំណត់បាន ។ ព្រោះតែការចង់នេះហើយ ធ្វើឲ្យមនុស្សធ្លាក់ចូលក្នុងផ្លូវវិបត្តិ ។ ព្រោះតែការចង់នេះហើយ ធ្វើឲ្យមនុស្សលែងស្គាល់គុណតម្លៃជីវិតរបស់ខ្លួន ។ល។

ពាក្យថា ចំណង់ មួយម៉ាត់នេះ គិតទៅមិនធម្មតាទេ ព្រោះថាចំណង់មួយនេះ មនុស្សគ្រប់រូប គ្រប់ជាតិសាសន៍ គ្រប់ស្រទាប់វណ្ណ មិនថា ក្មេង កម្លោះក្រមុំ ចាស់ទុំ សុទ្ធតែមានចំណង់ ។ អ្នកខ្លះចង់ធ្វើជាមនុស្សល្អសម្រាប់សង្គម ដូចជា គ្រូបង្រៀន គ្រូពេទ្យ ទាហាន ប៉ូលិស កសិករ ពលករ អ្នកទីផ្សារ អ្នកជំនួញ អ្នកទេសចរ អ្នកនយោបាយ អ្នកសេដ្ឋកិច្ច អ្នកវិទ្យាសាស្រ្ត ។ល។ ដូចនេះ ទើបបានមានមុខរបរច្រើនណាស់កើតឡើងក្នុងលោក ដើម្បីបម្រើផលប្រយោជន៍រួមរបស់សង្គមមនុស្ស ហើយរឿងទាំងនេះបានកើតឡើង កំពុងកើតឡើង នឹងបន្តកើតឡើងមកពីពាក្យថា ចង់របស់មនុស្សទាំងអស់ និងតម្រូវការចំណងរបស់មនុស្ស ។

ចង់មួយទៀត ចង់ដែរ ចង់ខាងបង្កចលាចល់ កូរសង្គម ឲ្យវីវក់ ចង់ឲ្យមនុស្ស សង្គមដែលមានគំនិតផ្ទុយពីបក្សពួកក្រុមខ្លួន ផ្ទុយពីជាតិសាសន៍ ផ្ទុយពីសាសនាខ្លួនឲ្យវិនាស អាប់ឱន ធ្លាក់ចូលក្នុងវិបត្តិផ្សេងៗ ។ ការចង់មួយនេះ ជាការចង់ផ្នែកខាងអវិជ្ជមាន ដូចជា ចង់លក់ថ្នាំញៀន ចង់ជួយដូរមនុស្ស ចង់ជួយដូរផ្លូវភេទ ចង់ជួយដូរគ្រឿងផ្ទុះ  ចង់ធ្វើជាអ្នកចាប់ជំរិតមនុស្ស ចង់ធ្វើជាឃាតក ចង់ធ្វើគ្រូបង្រៀនអសីលធម៌ ចង់ធ្វើជាមេចោរគាស់ផ្ទះសម្បែង ចង់ធ្វើជាមេឆបោក ចង់ធ្វើជាមេកិបកេងប្រវញ្ចគេគ្រប់រូបភាព និងចង់ធ្វើជាអ្នកនិយាយលាបពណ៌ បង្កាច់បង្ខូចបំផើសដៃគូប្រជែងខ្លួនឲ្យវិនាសអន្តរាយ ឲ្យមានពិរុទ្ធជាដើម។ល។ ធាតុចង់នេះ អាចមានទម្រង់គ្រប់រូបភាព មានផលទាំងវិជ្ជមាន និងទាំងអវិជ្ជមាន ។

ចង់មួយបែបទៀត តាមសច្ចភាពជីវិតមនុស្ស ត្រូវឆ្លងកាត់ និងការទប់ទល់ជាមួយចំណង់នេះ គឺត្រូវសិក្សារៀនសូត្រពីវិធីសាស្រ្តណាមួយដូចរៀបរាប់ខាងលើ ។ ជាការពិតណាស មនុស្សគ្រប់គ្នា មិនមែនសុទ្ធសម្រេចបានគោលបំណងមួយនេះឡើយ ព្រោះថាអ្វីៗក្នុងលោកនេះ មិនមែនសុទ្ធតែកើតឡើងតាមការចង់របស់យើងឡើយ ដូច្នេះ ខ្លួនត្រូវរៀនទទួលស្គាល់ការពិតថា មនុស្សកើតឡើងក្នុងលោកនេះមិនការចង់មិនដូចគ្នាទេ សូម្បីតែមនុស្សក្នុងគ្រួសារតែមួយក៏មានចំណង់ខុសៗគ្នាដែរ ដូចពាក្យពំនោលខ្មែរយើងលើកឡើងថា មនុស្សដប់ ខុសគ្នាទាំងដប់ ។ ក្នុងន័យថា មនុស្សម្នាក់មានចំណង់មួយ មនុស្សម្នាក់ទៀតមានចំណង់ផ្សេងមួយទៀត មិនមែនថា ដូចគ្នាទាំងអស់ទេ បើដូចគ្នាក៏មានកម្រិតមិនដូច គ្នាដែរ ។ កម្រិតចង់ខ្លះស្រាល កម្រិតចង់ខ្លះមធ្យម និងកម្រិតខ្លះធ្ងន់ទៅ ដូចចង់ទទួលទានម្ហូបមុខពីរបីនាក់ អ្នកខ្លះចង់សាប អ្នកខ្លះប្រៃ អុ្នកចង់ហិរ អ្នកគោក អ្នកខ្លះចង់រាវទៅ តែអ្វីដែលអាចហូបជាមួយគ្នាបាន ត្រូវទទួលស្គាល់ការពិតថា ការចង់នេះមិនដូចគ្នា ត្រូវចេះយោគយោល់ ត្រូវចេះអធ្យាស្រ័យទៅវិញទៅមក ទើបការទទួលទានរក្សាបានភាពសប្បាយរីករាយទាំងអស់គ្នា ។

និយាយជារួម  ភាពស្រស់ស្រាយនៃចិត្ត មិនមែនកើតចេញពីអ្វីគ្រប់យ៉ាងដែលធ្វើបានដូចចិត្តទេ តែវាកើតចេញពីចិត្ត ដែលព្រមទទួលយកថា គ្មានអ្វីបានដូចចិត្តទាំងអស់នុ៎ះទេ ។ ចិត្តយើង ចិត្តគេ ចំណង់យើង ចំណង់គេ មិនដូចគ្នា មានតែចេះរៀនទទួលយកនូវការចេះអត់ឱន ចេះអធ្យាស្រ័យឲ្យគ្នា និងចេះរៀរបង់ចំណង់ណាដែលធ្វើខ្លួនក្ដៅក្រហាស្ដាយក្រោយ វៀរបង់ចំណង់ដែលធ្វើឲ្យសង្គមធ្លាក់ចូលក្ដីវិបត្តិ ។ គោលការណ៍ដើម្បីជៀសវាងពីបញ្ហាចំណងអវិជ្ជានបាន លុះតែយកគោលការណ៍ច្បាប់ និងសីលធម៌មកអនុវត្តជីវិតជាប្រចាំ ដើម្បីដាស់តឿនក្រើនរំលឹកចិត្តកុំឲ្យឃ្លៀងឃ្លាតប្រាសចាកទីគោលការណ៍នេះប៉ុណ្ណោះ ៕

------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត 
រូប. ហ្វេសប៊ុក

គ្រាន់តែពាក្យថាស្រឡាញ់ និងស្អប់



ក្នុងដំណើរជីវិតមនុស្សគ្រប់រូប ត្រូវបង្កើតឡើងដោយការស្រឡាញ់ និងស្អប់ ។ ការស្រឡាញ់ គឺជាធាតុល្អ ដែលនាំឲ្យសង្គមមនុស្សរកឃើញពន្លឺសន្តិភាពបាន ។ បើគ្មានធាតុស្រឡាញ់នេះទេ វាច្បាស់ណាស់ថា ភាពអសន្តិភាពនឹងជួសមុខឲ្យ មកធ្វើការចាត់ចែងសង្គម ។ ពេលខ្លះ មនុស្សកាលណាមានធាតុស្រឡាញ់នេះច្រើនពេក អាចបង្កទៅជាធាតុស្អប់ក្នុងនោះកាន់តែខ្លាំងផងដែរ ដូចពំនោលខ្មែរមួយលើកឡើងថា ស្រឡាញ់ខ្លាំងប៉ុនណា ស្អប់ក៏ខ្លាំងប៉ុណ្ណោះ" 

ធាតុស្រឡាញ់ និងធាតុស្អប់ទាំងពីរនេះ មានគ្រប់ផ្នត់គំនិតគ្រប់មនុស្សជាតិ ជាតិសាសន៍ មិនត្រឹមតែជាតិសាសន៍ប៉ុណ្ណោះទេ មានដល់ទេវបង្កើតលោកទៅទៀតផង ។ ដោយការស្រឡាញ់ ទេវ បានបង្កើតអ្វីៗក្នុងលោកនេះឡើង លុះដល់មិនគាប់ព្រះហឬទ័យក៏បំផ្លាញលោកនេះចោល ។ ដោយសារខ្លួនស្រឡាញ់បានបង្កើតសត្វលោកនេះឡើង លុះសត្វលោកនោះមិនប្រព្រឹត្តតាមគំនិត មិនតាមបំណងខ្លួន ក៏ដាក់ទោសទណ្ឌសត្វលោកនោះទៅ ។ មនុស្សគ្រប់គ្នាត្រូវខ្វល់ ត្រូវរកធ្វើយ៉ាងណា ដើម្បីគាប់ចិត្តទេវ ដើម្បីកុំឲ្យទេវមានចិត្តថ្នាំងថ្នាក់ចំពោះទង្វើខ្លួន កាលណាទេព មានព្រះទ័យថ្នាំងថ្នាក់ហើយ អ្នកត្រូវទទួលរងទណ្ឌកម្មផ្សេងៗពីទេពទាំងនោះ ។ ដូចនេះ អ្វីៗដែលកើតឡើង មានវត្តមានបានត្រូវអាស្រ័យលើការស្អប់ និងស្រឡាញ់នេះ ។

ងាកបែរមកមើលពំនោលស្រឡាញ់ និងស្អប់ក្នុងសង្គមវិញ ស្រឡាញ់ និងស្អប់ ពិតជាដុះក្នុងខន្ធសន្ដានសត្វលោកនេះក្រាស់ក្រែលណាស់ រហូតដល់បង្កប់នូវពន្លកតណ្ហាប្រាថ្នាចងបានគ្រប់បែបយ៉ាង ដើម្បីមកបំប៉ន កពូនគរតណ្ហារបស់ខ្លួន ។ គ្រាន់តែស្រឡាញ់ និងស្អប់ធ្វើឲ្យសង្គមលោកទាំងមូលត្រូវវក់វី ដោយភាពសនិងខ្មៅមិនដាច់ស្រឡះ ដូចពាក្យពំនោលមួយលើកឡើងថា រឿងដែលមនុស្សត្រូវខ្វល់ មានតែពីរប៉ុណ្ណោះ គឺរឿងស្រឡាញ់ និងស្អប់ តែប៉ុណ្ណោះ ។ ក្នុងន័យថា ស្រឡាញ់ក៏ធ្វើឲ្យមនុស្សមានកង្វល់ចិត្ត ស្អប់ក៏ធ្វើឲ្យមនុស្សមានកង្វល់ចិត្ត និយាយជារួម ធាតុទាំងពីរមានកង្វល់ដូចគ្នា គ្រាន់ថា បើអ្នកមានធាតុស្រឡាញ់ច្រើន មានគុណសម្បត្តិច្រើន មានផលវិជ្ជមានចំពោះខ្លួន ចំពោះសង្គមច្រើនទៅតាមនោះដែរ ហើយធាតុស្អប់នេះ ក៏ច្រើនតែលេចចេញពីធាតុស្រឡាញ់នេះដែរ ដូចការបកស្រាយខាងលើ ។ បើតាមពុទ្ធនិយមច្រើនលើកឡើងថា តាំងចិត្តស្មើ តាំងចិត្តកណ្ដាល ក្នុងន័យថា ព្រោះអ្វីៗក្នុងលោកនេះ មិនអាចមានភាពឋិតថេរចេរកាលយូរអង្វែងទេ បើយើងមិនបានអប់រំចិត្តរបស់ខ្លួនឲ្យឃើញសច្ចភាពជីវិតនេះឲ្យបានប្រត្យក្សនោះ ។

និយាយជារួម ធាតុស្រឡាញ់នេះ មនុស្សត្រូវបណ្ដុះឲ្យកើតក្នុងសន្ដានឲ្យបានច្រើនជាងធាតុស្អប់ ព្រោះធាតុស្រឡាញ់នេះ អាចនាំខ្លួនយើង សង្គមយើងទៅរកសាមគ្គីភាព សន្ដិភាព ស្ថេរភាព សេរីភាព សុខដុមជាមួយគ្នាបាន តែត្រូវពិនិត្យមើលផងដែរថា ស្រឡាញ់បែបព្រហ្មវិហារ បែបសង្គហ ឬបែបតណ្ហា (អវិជ្ជា) ។ បើស្រឡាញ់បែបព្រហ្មវិហារ បែបសង្គហ (ធម៌សង្គ្រោះ) នោះ ខ្លួនអាចឈរលើមាគ៌ាសន្តិភាពបាន តែបើស្រឡាញ់បែបតណ្ហា នោះមានតែភាពច្រណែន ឈ្នានីស ព្យាបាទ តាមបំផ្លិចបំផ្លាញ បង្កវិនាសកម្មដល់ខ្លួនឯង និងសង្គមតែប៉ុណ្ណោះ បើអ្វីៗនោះមិនសមតាមបំណងខ្លួន គឺធាតុស្អប់នោះនឹងចេញមកពីធាតុស្រឡាញ់នុ៎ះឯង ។ អវសានសំណេរ ខ្លួនវក់វីត្រឹមតែធាតុពីរគឺ ស្រឡាញ់ និងស្អប់ប៉ុណ្ណោះ ៕

--------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត 
រូប. ហ្វេសប៊ុក

Sunday, April 19, 2020

ខ្លួនឯង




មានរឿងជាច្រើនណាស់ក្នុងលោកនេះ ដែលមនុស្សជាតិអាចជួយគ្នាបានក្នុងគ្រាមានអាសន្ន ឬមានឧបសគ្គ ។ អ្នកខ្លះជួយបានតាមកម្លាំងកាយ អ្នកខ្លះជួយបានតាមការបញ្ចេញវាចាឃោសនាបញ្ចុះបញ្ចូលគៀងគរអន្ទងចិត្តពួកអ្នកមានគំនិត មានទ្រព្យ មានកម្លាំងកាយចូលរួមជួយ អ្នកខ្លះជួយបានតាមកម្លាំងទ្រព្យជួយឧបត្ថម្ភគាំពា ជួយចិញ្ចឹម ជួយរក្សា ជួយមើលការខុសត្រូវ អ្នកខ្លះទៀតជួយតាមបែបសំណេរអប់រំ ផ្ដល់កម្លាំងចិត្ត ជួយរកគន្លឹះវិធីសាស្ត្រសរសេរយ៉ាងណា ក្នុងការជួយដោះស្រាយបញ្ហាជីវិត សិក្សា ការងារ ថែរក្សាការពារ ចំណូលចំណាយក្នុងការបង្កើតសេដ្ឋកិច្ច និងតាមមធ្យោបាយនានា ដែលខ្លួនម្នាក់ៗអាចជួយបាន ក្នុងន័យសង្គហធម៌ សាមគ្គីធម៌ និងសប្បុរសធម៌ ក្នុងការបង្កើនគុណភាពជីវិត ដើម្បីឈានទៅដល់មាគ៌ាមួយហៅថា សុវត្ថិភាព សន្តិ ស្ថេរភាព ឥស្សរ ក្នុងជីវិតរបស់មនុស្សក្នុងសង្គម ។ ក្នុងចំណោមមនុស្សទាំងនោះ មានមនុស្សមិនតិចទេ ដែលខិតខំលះបង់ក្ដីសុខផ្ទាល់ខ្លួន ដើម្បីក្ដីសុខរួមរបស់សង្គមមនុស្ស ពិសេសមេដឹកនាំប្រទេស សាសនា អង្គភាព ស្ថានប័ន និងគ្រួសារ ជាដើម ។ 

ការជួយរបស់មនុស្សទាំងអស់ អាចជួយបានមួយគ្រា មួយរយៈវែង ឬខ្លី ទៅតាមថតភាពជាក់ស្ដែងរបស់មនុស្សក្នុងសង្គម បើគិតតែសុំជំនួយនោះបាន  តែឲ្យជួយរហូតអស់មួយជីវិតនោះមិនបានទេ ដូចនេះហើយមានពាក្យអប់រំមួយពោលថា បើអ្នកឲ្យត្រីគេ គេអាចបរិភោគមួយពេលក៏អស់ តែបើអ្នកបង្រៀនវិធីរកត្រី ឬស្ទូចត្រីដល់គេ ទើបគេមានត្រីទុកហូបអស់មួយជីវិតបាន ។ មែនទែនទៅ គេមិនអាចជួយយើងបានគ្រប់ជ្រុងជ្រោយ តាមអ្វីដែលយើងចង់ តែអ្វីដែលខ្លួនយើងចង់បាន មានតែខ្លួនយើងម្នាក់គត់ ។  ដូចពុទ្ធនិយមលើកឡើងថា មានតែខ្លួនយើងប៉ុណ្ណោះ ដែលជាទីពឹងបាន អ្នកដទៃពឹងមិនបានឡើយ។ ក្នុងន័យនេះ ចង់សង្កត់ធ្ងន់ត្រង់ថា អំពើល្អក្ដី អំពើអាក្រក់ក្ដី សុខក្ដី ទុក្ខក្ដី មានតែខ្លួនយើងប៉ុណ្ណោះ ដែលអាចធ្វើឲ្យខ្លួនបាន អ្នកដទៃមិនអាចឡើយ ។ ដំណើរទៅកាន់ទុគតិ ដំណើរទៅកាន់សុគតិ គ្មានអ្នកណាសាងឲ្យខ្លួន ក្រៅតែពីខ្លួនឯងប៉ុណ្ណោះ សុខ ឬទុក្ខខ្លួនជាអ្នកទទួល ។ តាមន័យនេះ មានពាក្យមួយលើបញ្ជាក់ក្នុងបញ្ហានេះថា  មនុស្សតែម្នាក់គត់ ដែលអាចជួយអ្នកឲ្យឆ្លងផុតពីបញ្ហាគ្រប់យ៉ាងបាន គឺខ្លួនអ្នក

សរុបមកវិញ អ្នកអាចទទួលការជួយពីអ្នកដទៃបាន តែអ្វីដែលអ្នកដទៃជួយអ្នកបានត្រឹមតែសម្ភារប្រើប្រាស់តាមតម្រូវណាមួយ ឬក្នុងកាលៈទេសៈណាមួយ តែឲ្យជួយអស់មួយជីវិតនោះមិនមានទេ មានតែខ្លួនយើងប៉ុណ្ណោះ ដែលត្រូវជួយខ្លួនឯងអស់មួយជីវិត ប្រសិនបើខ្លួនយើងម្នាក់ចង់បានជីវិតជោគជ័យ ជីវិតធូរស្រាល ជីវិតផុតទុក្ខកង្វល់ ជីវិតមានសេរី ជីវិតមានសន្តិនោះ ត្រូវចាប់ផ្ដើមដោយដៃជើងនិងខួរក្បាលបេះដូងរបស់យើងនេះតែម្នាក់គត់ ។ មានថ្នាំដ៏សក្ដិសិទ្ធិពូកែអស្ចារ្យយ៉ាងណា បើអ្នកជំងឺមិនព្រមទទួលទាន មិនលាប មិនព្រមចាក់ចូលទៅ សួរថា តើថ្នាំនោះពូកែទេ? យ៉ាងណាមិញ មានវិធីសាស្ត្រល្អៗក្នុងការបង្ហាត់បង្ហាញផ្លូវល្អប៉ុនណា បើអ្នកមិនព្រមអនុវត្តតាម វិធីសាស្ត្រនោះក៏មិនត្រូវ ក៏មិនល្អដែរ អ៊ីចឹងមានតែខ្លួនឯងប៉ុណ្ណោះ ដែលអាចជួយខ្លួនឯងបានគ្រប់គ្រា គ្រប់អាសន្ន គ្រប់កាលៈទេសៈ ៕

---------------------------------------

Cr. គោលគំនិតល្អដើម្បីជីវិត

រូប. ហ្វេសប៊ុក