ភាពក្រវល់ក្រវាយ ភាពរសាប់រសល់
ភាពអន្ទះអន្ទែង ភាពច្រួលច្រាល ភាពតក់ក្រហល់ ភាពច្របូកច្របល់ ការភ័យខ្លាច
ការព្រួយបារម្មណ៍ ភាពកណ្ដោចកណ្ដែង ការខូចចិត្ត ភាពសោកសៅ ភាពទុក្ខព្រួយ ការឈឺចាប់
ការពេញចិត្ត ការគាប់ចិត្ត ភាពរីករាយសប្បាយចិត្ត កើតឡើងពីចិត្តនេះទាំងអស់ ។
តើចិត្តជាអ្វី ?
ហេតុអ្វីចិត្តនេះមានឥទ្ធិពលម្ល៉េះ? តើចិត្តនេះអាចកែប្រែអប់រំបានទេ?
ចិត្តគឺជាការគិត ចិត្តគឺជាការដឹង
ចិត្តគឺការបង្អោនចូលទៅទុកខាងក្នុង ចិត្តគឺភាពថ្លា
ចិត្តគឺជាការត្រិះរិះសន្សំនូវអារម្មណ៍ ដែលហូរចូលមកតាមទ្វារ មានចក្ខុទា្វរ គឺទ្វារភ្នែក
ដែលជាផ្លូវ ជាច្រក ជាប្រហោង ជារន្ធសម្រាប់ឲ្យអ្វីៗគ្រប់យ៉ាងចូលមក ។
តើគ្រប់យ៉ាងសំដៅលើអ្វី? អ្វីគ្រប់យ៉ាងសំដៅយកអ្វីដែលចិត្តគិត
ចិត្តត្រិះរិះសន្សំនូវអារម្មណ៍ មានរូបារម្មណ៍ជាដើម ដែលវាមកប៉ះជាមួយភ្នែក
ឲ្យចិត្តដឹងច្បាស់នូវអារម្មណ៍នោះ ហៅថាចក្ខុវិញ្ញាណ ។
ចិត្តនេះ មានឥទ្ធិពលណាស់ទៅលើកាយ និងវាចា
។ ចិត្តជាប្រធានលើកាយ និងវាចា ហើយកាយនិងវាចាគឺជាអ្នកចាំស្ដាប់បញ្ជាពីចិត្ត
ចិត្តឲ្យធ្វើអ្វី ត្រូវតែធ្វើ មានល្អ មានអាក្រក់ ដែលបញ្ចេញតាមកាយ និងវាចា ។
បើចិត្តនៅខាងក្នុងល្អ ចេញមកខាងក្រៅក៏ល្អ បើចិត្តនៅខាងក្នុងអាក្រក់
ចេញមកខាងក្រៅក៏អាក្រក់ទៅតាមនោះដែរ ។ ហេតុអ្វីចិត្តមានឥទ្ធពលខ្លាំងម្ល៉េះ? អ្វីដែលយើងឃើញទិដ្ឋភាពក្នុងសកលលោកភាវូបនីយកម្មនេះ
ទាំងបច្ចេកទេសរបស់វិទ្យាសាស្ត្រ ដែលយើងកំពុងប្រើសព្វថ្ងៃនេះ
ដែលមនុស្សបង្កើតឡើងដ៏សំបូរបែបនេះកើតឡើងដោយអ្វី? គឺកើតឡើងចេញពីចិត្តមនុស្សនេះឯង
។ ទិដ្ឋភាពអាក្រក់ៗ ដូចជាការធ្វើសង្រ្គាមប្រទេសនិងប្រទេសតាំងពីយូរលង់រហូតមកដល់សព្វថ្ងៃនេះ
ក៏ដោយសារចិត្ត ។ ការធ្វើអត្ដឃាត សម្លាប់មនុស្សរង្គាលពាសពេញពិភពលោកក៏ដោយសារចិត្ត ។
ការរួបរួមសាមគ្គីព្រមព្រៀងអង្គុយជជែកគ្នារកសន្តិភាព ក៏ដោយសារចិត្ត ។ ដូចនេះ ចិត្តគឺជាអង្គទិករពិសេសសម្រាប់មានអ្វីៗគ្រប់យ៉ាង
ទាំងវិជ្ជមាន និងអវិជ្ជមាននៅក្នុងសកលលោកមួយនេះ ។
ចិត្តនេះធំ ចិត្តនេះខ្លាំង
អាចមើលឃើញពីឫទ្ធិអំណាចរបស់ចិត្តដូចបានរៀបរាប់ខាងលើត្រូសៗហើយ ទោះបីចិត្តនេះធំ ចិត្តនេះសម្បើមយ៉ាងណាក៏ដោយ
ក៏មានវិធីកែប្រែបានដែរ ។ បុគ្គលខ្លះកែប្រែពីចិត្តល្អ ទៅជាចិត្តអាក្រក់ បុគ្គលខ្លះទៀត
កែប្រែពីចិត្តអាក្រក់ទៅជាចិត្តល្អ ។
បើយើងសង្កេតមើលលើសកម្មភាពរបស់មនុស្សដែលជុំវិញខ្លួនសព្វថ្ងៃនេះ
គឺចិត្តអាក្រក់ងាយអូសទាញណាស់ មិនពិបាកអប់រំទេ ដូចជារោមគោអ៊ីចឹង ចិត្តល្អវិញ
ពិបាកអូសទាញណាស់ ដូចជាបុគ្គលរុញដុំថ្មឡើងភ្នំ ឬដូចអូសឫស្សីបញ្ច្រាសចុងអ៊ីចឹង
ឬដូចជាស្នែងគោ ។ ដើម្បីបានចិត្តល្អ
ចិត្តស្អាតបរិសុទ្ធ មនុស្សត្រូវហ្វឹកហាត់ លុតដំធ្វើរាល់ថ្ងៃ មានវិធីសាស្ត្រជាច្រើន
ដើម្បីកែប្រែចិត្តមួយនេះ ។ ការអប់រំចិត្តនេះ មិនមែនធ្វើម្ដងបានទេ ធ្វើម្ដងបាន
លុះត្រាតែបុគ្គលនោះមានបញ្ញាចាស់ក្លា ឬហៅថា បុគ្គលនោះបានសន្សំឧបនិស្ស័យគ្រប់គ្រាន់ហើយ
ដូចជា សោតាបុគ្គល រហូតដល់ឯហិភិក្ខុ ព្រះអរហន្តមួយចំនួន លោកបានស្ដាប់ភ្លាម
ញ៉ាំងសន្ដានចិត្តលោកឲ្យស្អាតបរិសុទ្ធភ្លាម ក្នុងពេលដែលកំពុងស្ដាប់នោះ ។
ចំណែកបុគ្គលដែលក្រាស់ដោយលោភ ទោស និងមោហ មិនងាយអប់រំឡើយ និយាយឯកើត ចេញឯលិច
គិតឯត្បូង ធ្លាយឯជើងបាត់ ។ ការសម្អាតចិត្តរបស់បុគ្គលក្រាស់ដោយកិលេសធម៌ លោកឧបមា
ដូចជាការបោសសម្រាមអ៊ីចឹង បើចង់ស្អាតត្រូវបោសរាល់ថ្ងៃ បើមិនដូច្នោះទេ
សម្រាមនោះចេះតែច្រើន ចេះតែគរទៅរាល់ថ្ងៃ យ៉ាងណាមិញចិត្តដែលយើងភ្លេចអប់រំ
ភ្លេចហ្វឹកហ្វឺននោះ ប្រាកដជាដុះចិត្តអាក្រក់ឡើងរាល់ថ្ងៃជាមិនខាន ។
ដូចពាក្យពំនោលពោលថា “លះបាន
ចិត្តក៏ស្អាត ដាក់បាន ចិត្តក៏ធូរ ចោលបាន ចិត្តក៏ត្រជាក់ និងអភ័យបាន ចិត្តក៏ស្ងប់” ។
ពាក្យថា លះបានចិត្តក៏ស្អាត ។ មានន័យថា
ចិត្តអាក្រក់ ចិត្តកខ្វក់ ចិត្តអាប់អួរ ចិត្តស្មោកគ្រោកចិត្តមានមន្ទិលដោយគ្រឿងលាប
គ្រឿងតែង គ្រឿងបំពក់បំប៉ន គ្រឿងទំនុកបំរុងដល់ចិត្ត គឺរាគ លោភ ទោស និងមោហៈ ។
ពាក្យថា ស្អាត ក្នុងទីនេះសំដៅយកស្អាតកាយ គឺកាយមិនទៅធ្វើអាក្រក់ មានការសម្លាប់
បៀតបៀន ធ្វើទារុណកម្ម វាយដំច្រំធាក់បុគ្គលណា សត្វណាឲ្យដល់នូវការរង់ទុក្ខវេទនា
ឈឺចាប់ ឬស្លាប់ ។ កាយនេះ មិនទៅលួច ទៅឆក់ប្លន់បុគ្គល ឲ្យគេខូចខាត
បាត់បង់នូវទ្រព្យសម្បត្តិនានា ។ កាយនេះមិនទៅចាប់យកប្រពន្ធ ប្ដី
កូនចៅគេដោយការប្រព្រឹត្តិបទល្មើសលើរូបកាយគេឡើយ ។ កាលណាហាមឃាត់កាយ
មិនឲ្យប្រព្រឹត្តយ៉ាងនេះហៅថា ស្អាតកាយ ។ ពាក្យថា ស្អាត មួយទៀត ហៅថាស្អាតវាចា ។
ស្អាតវាចា សំដៅទៅលើធាតុបួនគឺ មិននិយាយកុហក មិនថាវិធីណាទេ កុំនិយាយអុចអាល សុ៊កសៀត ឆ្កិះឆ្កៀល
បញ្ជោបញ្ឆេះ លើកបង្អាប់ ក្នុងន័យឲ្យគេឆ្អែតចិត្ត ឲ្យឈឺចិត្ត
ឲ្យគេសង្ស័យស្ទាក់ស្ទើរចិត្ត ឲ្យគេមានហិង្សា ឲ្យគេមានគំនុំ ឲ្យគេមានភ្លើងព្យាបាទ
កុំនិយាយពាក្យរាយរាយឥតប្រយោជន៍ ជួបជុំគ្នានិយាយពីអ្នកនេះចេះ និយាយពីអ្នកនោះចុះ
អ្នកនេះមិនល្អ អ្នកនោះអាក្រក់ ជាដើម ។
កាលណាខ្លួនហាមសកម្មភាពទាំងអស់នេះមិនឲ្យកើតឡើង ហៅថា ស្អាតវាចា ។ ពាក្យថា ស្អាត
ម្យ៉ាងទៀតគឺ ស្អាតចិត្ត ។ ចិត្តស្អាតគឺជារឿងវិសេសណាស់ តើចិត្តស្អាតអ្វីខ្លះ? ចិត្តស្អាតគឺស្អាតពីអកុសល
ស្អាតពីកិលេស ដែលមានតម្រេកក្នុងកាមគុណទាំងឡាយ មានរូប សំឡេង ក្លិន រស និងការប៉ះពាល់
ជាដើម ។ កាមគុណទាំងប្រាំនេះ គឺជាវត្ថុប្រាថ្នារបស់មនុស្សគ្រប់រូប
អ្នកណាក៏ចង់បានរូបស្អាត រូបល្អ សំឡេងពីរោះ ក្រអៅក្រអួន ក្លិនក្រអូបប្រហើ
ឈ្ងុញឈ្ងប់ រសឆ្ងាញ់ពិសា ប៉ះទៅរលោងរលើប ត្រជាក់ល្អូក ទន់វន់វៃ ជាដើម ។ កិលេស
គ្រឿងសៅហ្មង គ្រឿងស្មោកគ្រោករបស់ចិត្ត បានដល់លោភ ទោស និងមោហៈជាដើម ។
ទាំងបីនេះគឺជាគ្រឿងស្មោកគ្រោកប្រឡាក់ចិត្ត ញ៉ាំងចិត្តឲ្យស្រអាប់ ឲ្យចិត្តឈឺចាប់
ឲ្យចិត្តមានទុក្ខកង្វល់គ្រប់ពេលវេលា ធ្វើឲ្យចិត្តមានគ្រោះថ្នាក់គ្រប់វិនាទី ។ កាលណា
ខ្លួនបានជម្រះអកុសល ដែលជាកិលេសនេះអស់ហើយ ចិត្តក៏ស្អាត ចិត្តមានសុខភាពល្អ
ចិត្តក៏មានសេរីភាព ចិត្តក៏សុវត្ថិភាពឡើង ។
ដាក់បាន ចិត្តក៏ធូរ ។ ចិត្តធូរក្នុងទីនេះ
គឺធូរស្រាលពីការជាប់ជំពាក់ក្នុងចំណង ៣ ឬ ៥ ប្រការ ។ ពាក្យចំណង
គឹអ្វីៗដែលខ្លួនបានចង រួចស្រាយមកវិញ ។ កាលណាខ្លួនចងឆ្វាក់កាន់តែណែនខ្លាំង
ឬចងសម្លាប់មុខ ពិបាកនឹងដោះណាស់ បើចំណងនោះចងធូរៗ មិនសម្លាប់មុខទេ
ការស្រាយដោះចេញក៏ងាយឡើង ។ ដូចពាក្យពំនោលមួយលើកឡើងថា “ខ្សែចងសម្លាប់មុខមិនពិបាកដោះទេ តែអ្វីដែលពិបាកដោះគឺដោះចិត្តឲ្យរួច” ។ តើចំណងចងចិត្តគឺជាអ្វី ខ្សែ ច្រវាក់ កាប យកទៅចងឬ? ពាក្យថាចំណងក្នុងលោកមិនសំដៅទៅលើចងខ្សែដែលប្រើចងរបស់របរប្រើប្រាស់សព្វថ្ងៃនេះទេ
។ ចំណងចិត្តនេះ លោកសំដៅយកចំណង ៣ ឬ ៥ ប្រការគឺ ៖ ទី១ ចំណងក សំដៅលើប្រពន្ធ
កាលណាមានប្រពន្ធឬប្ដី លោកថាជាចំណងមួយ មានន័យថា ដើរទៅណាមកណាមិនស្រួល មិនបានយូរ មិនដូចនៅលីវទៅណាមកណាប៉ុន្មានថ្ងៃប៉ុន្មានខែ ក៏ខ្លួនអត់ខ្វល់អត់គិតដែរ តែមានប្ដី
ឬប្រពន្ធហើយ មិនអាចេញទៅណាមកណាបានដូចនៅលីវនោះទេ ត្រូវគិតទាំងរកចំណូល ចំណាយ
ទុកដាក់រក្សា មើលថែ យកចិត្តទុកដាក់ខ្វល់ខ្វាយទៅជិតទៅឆ្ងាយ
គិតមុខគិតក្រោយ តាំងពីចូលមករួមរស់នៅចាប់ដៃគូជាមួយគ្នាមក ដូចនេះ លោកចាត់ទុកជាចំណងក ។ ទី២ ចំណងដៃ
សំដៅយកកូន គឺជាចំណងមួយដែលចងប្រពន្ធប្ដី មិនអាចទៅណាមកណាបានស្រួល បានស្រណុក
មិនអាចកាត់ចិត្តចាកចោលដោយមិនបានគិត ត្រូវព្រួយបារម្ភទាំងពីសុខភាព
ការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទុកដាក់កូនឲ្យបានសមរម្យ និងចែកទ្រព្យសម្បត្តិឲ្យកូន
នៅពេលបែកពីគ្រួរសារ ហើយព្រួយគិត ព្រួយខ្វល់ដល់អនាគតកូនៗគ្រប់ពេលវេលា
ដោយមិនអាចលះបង់បាន កាត់ចិត្តកើត នេះលោកហៅថាចំណងដៃ ។ ទី៣ ចំណងខ្លួន ចំណងនេះ
លោកសំដៅយកទ្រព្យសម្បត្តិគ្រប់យ៉ាង ។ ទ្រព្យសម្បត្តិ ដែលចាត់ទុក្ខជាចំណងនោះ
ព្រោះទ្រព្យសម្បត្តិ គឺជាចំណងមិនឲ្យដើរចេញមិនរួច មិនស្រួល ត្រូវគិត
ត្រូវខ្វល់ក្នុងការទុកដាក់ឲ្យមានសុវត្ថិភាពគ្រប់ពេល ឲ្យមានការធំធាត់ឡើង
ដូចជាអ្នកមានគោ ក្របី ជ្រូក មាន់ ទា ខ្លួនមិនហ៊ានដើរទៅណាមកឲ្យបានស្រួលត្រូវគិត
អត់ពីខ្លួនទៅ តើបានអ្នកណាឲ្យទឹក ឲ្យស្មៅ ឲ្យចំណី អ្នកណាទៅឃ្វាល ទៅមើល
អ្នកណាចាប់ចង ដុតភ្លើងឲ្យវា មានផ្ទះសម្បែង ត្រូវខ្លួនមើល ត្រូវខ្លួនថែសម្អាតបោស
ជូត លាងជម្រះ មិនដឹងជាលេច មិនដឹងជាធ្លុះធ្លាយ មិនដឹងជាប្រេះ មិនដឹងស្រុត មិនដឹងមានអន្ទាក់ពីងពាងម្រេងភ្លើង
មិនជាដឹងដីផង់ធូលីកម្រាស់ណ៎ា ទាំងអស់នេះ
លោកទុកដូចជាចំណងចង់ជើងខ្លួនមិនឲ្យដើរទៅណាមកណាបានស្រួល ។ ទី ៤ ចំណងជើង ចំណងនេះ
លោកសំដៅយកចំណងមាតាបិតា ទាំងសង់ខាង ដែលត្រូវគិតគូរ ត្រូវថែរក្សាលោក
ដោយការទំនុកបម្រុងគ្រប់បែបយ៉ាង ទាំងពីការដឹកនាំឲ្យពួកគាត់រស់នៅបានស្រួលផ្លូវកាយ
ស្រួលផ្លូវចិត្ត ។ ការស្រួលផ្លូវកាយ អ្នកអានមិនពិបាកយល់ទេ តែស្រួលផ្លូវចិត្ត របស់គាត់
គឺកូនធ្វើខ្លួនយ៉ាងណា ឲ្យជាកូនល្អ ចៅល្អ ដែលមានការដឹងគុណ រលឹកគុណ
ធ្វើតបគុណចំពោះលោក ដោយមិនលំអៀង មិនថាខាងប្រពន្ធធ្ងន់ជាង ឬខាងប្ដីធ្ងន់ជាង ។ ការនេះ
បើគិតឆ្លុះមើលក្នុងគ្រួសារជាក់ស្ដែងវិញ មានភាពមិនស្មើទេ ។ កូនត្រូវលើកមុខលើមាត់ឲ្យពួកគាត់
រក្សាវង្សត្រកូលពួកគាត់ឲ្យល្អ ឲ្យមានកេរ្ដិ៍ឈ្មោះពីរោះខ្ចខ្ចាយក្នុងសង្គម
ដឹកនាំពួកគាត់ឲ្យតាំងនៅក្នុងសីល ក្នុងការឲ្យ និងភាវនា ទាំងអស់នេះ លោកទុកដូចជាចំណងជើង
។ ចំណែកទី ៥ ចំណងញាតិ គឺចំណងមួយដែលខ្លួនត្រូវគិត
ត្រូវខ្វល់ខ្វាយ ត្រូវយកចិត្តទុកដាក់ ត្រូវការពារ ទាំងពីការរស់នៅ ការសិក្សា
និងការងារ ទុកដាក់ឲ្យបានសមរម្យទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ។ កន្លែងខ្លះ
លោកថា ទី៤ និងទី៥ រួមតែមួយ ហើយកន្លែងខ្លះទៀត ថាទី៤ ចំណងបំណុល និងទី៥ ចំណងសិក្សា
ជាដើម ។
ការដាក់នេះ
មិនមែនជាការដាក់វត្ថុរបស់របរធ្ងន់ពីលើក្បាល លើស្មា ពីដៃទេ ។
ការដាក់វត្ថុទាំងនេះគ្រាន់តែជាការសម្រាលបន្ទុកបន្តិចបន្តួចពីអង្គកាយយើងប៉ុណ្ណោះ ។
ធូរស្រាលមួយទៀត ធូរអំពើការដាក់ចុះ អវិជ្ជា តណ្ហា ទិដ្ឋិ មានះ ឧបាទាន
ដែលជាសត្វលោកពុនរែកមកគ្រប់ជាតិ គ្មានជាតិណាបានស្រាកស្រាន
នៅតែជាអម្រែកដ៏ធ្ងន់សម្រាប់មនុស្សសត្វ ដែលសត្វលោកមិនព្រមដាក់ចុះនូវអវិជ្ជា
ភាពល្ងិតល្ងង់ មិនដឹងហេតុមិនដឹងបច្ច័យ ។ តណ្ហា ការប្រាថ្នាចង់បានមិនចេះគ្រប់គ្រាន់
មិនចេះឆ្អែតឆ្អន់ ប្រាថ្នាចង់នេះ ចង់នោះរកទីបំផុតគ្មាន ។ ទិដ្ឋិ
យល់មិនត្រូវតាមទំនងសភាវៈពិត តាមសច្ចភាពនៃអង្គទុក្ខ ហេតុនៃអង្គទុក្ខ ទីរំលត់ទុក្ខ
និងអង្គទៅកាន់ទីរំលត់ទុក្ខ មិនយល់តាមត្រៃលក្ខណ៍ ភាពមិនទៀង ជាទុក្ខ និងភាពមិនមែនគេ
មិនមែនយើង គ្រាន់តែជាការបញ្ញត្តិរបស់មនុស្សយើងឡើងប៉ុណ្ណោះ ។ មានះ
ប្រកាន់រឹងត្អឹងនូវអត្តានេះ ថាខ្លួន ថារបស់ខ្លួន
ដូចជាបិតាហួងហែងបុត្ត ដូច្នេះដែរ ឧបានទាន ការប្រកាន់យក ខន្ធ ៥ មានរូប សំឡេង
ក្លិន រស ផោដ្ឋព្វ នេះថា ជាសត្វបុគ្គល ថាយើង ថាគេ ថារបស់យើងរបស់គេជាដើម ។
កាលណាទម្លាក់ចុះអង្គធម៌ខាងលើនេះបានតិច ធូរស្រាលក៏បានតិច ដាក់ចុះបានច្រើន
ធូរស្រាលក៏បានច្រើន បើដាក់អស់នោះតែម្ដង ចិត្តក៏ស្រាលរកទំផុតគ្មាន គឺផុតអម្រែកទុក្ខតទៅទៀត
។
ចោលបាន ចិត្តក៏ត្រជាក់ ។ តើចោលអ្វី
បានលោកថាត្រជាក់?
បើគិតភ្លាមៗ មិនក្រៅពីភ្លើងទេ ព្រោះភ្លើងគឺសភាវៈក្ដៅ ។
បើចងត្រជាក់គឺកុំទៅជិតភ្លើង កុំកាន់ភ្លើងឲ្យសោះ ។ កាលណាខ្លួន ទៅជិត ទៅលូក
ទៅចាប់ភ្លើង ពិតជាក្ដៅ ជារលាកមិនខាន ។ ភ្លើងនេះ លោកមិនចាត់ទុកថា ក្ដៅចិត្តទេ
ក្ដៅត្រឹមកាយប៉ុណ្ណោះ អ្វីដែលធ្វើឲ្យក្ដៅចិត្ត លោកសំដៅដល់ភ្លើង ៣ គឺ រាគគ្គិ
ភ្លើងគឺតម្រេក ប្រាថ្នាចង់បាន មិនចេះចប់មិនចេះហើយ រកពេលស្បើយស្រាកស្រានគ្មាន
កើតភ្លើងស្រឡាញ់ កើតភ្លើងចង់បាន ។
កាលណាស្រឡាញ់ កាលណាចង់ សួរថា ចិត្តត្រជាក់អត់? ការស្រឡាញ់
ការចង់ ការប្រាថ្នានឹងហើយ ដែលជាភ្លើងដុតកំឡោចចិត្តរបស់យើងឲ្យក្ដៅ ឲ្យអន្ទះអន្ទែង
ឲ្យដង្ហក់ ឲ្យឆ្លេឆ្លា ឲ្យស្ទុះស្ទា ឲ្យប្រូកច្របល់ ដេកមិនលក់ បក់មិនល្ហើយ
បាយទឹកលែងនឹកនា ភ្លើងរាគៈនេះ វាដុតចិត្តឲ្យរលាក ឲ្យក្ដៅបែបហ្នឹងឯង ។
រីឯងភ្លើងមួយទៀត ទោសគ្គិ ភ្លើងគឺកំហឹង ច្រណែន ប្រចណ្ឌ ឫស្យា ឈ្នានីស ព្យាបាទ គំកួន
ហិង្សា ។ ភ្លើងទោសៈនេះកើតឡើងវាក្ដៅ ធ្វើឲ្យចង្វាក់បេះដូងលោតញាប់ បញ្ចេញឈាមខ្លាំង
អាចស្ទះ អាចដាច់សរសៃឈាមខួរក្បាល ឬក៏ប៉ោងសរសៃខួរក្បាលក៏មាន ។ ភ្លើងទោសៈនេះ
កើតវាមិនដែលឲ្យសមីខ្លួនបានសុខស្រួលទេ
បើមិនជឿសាកខឹងអ្នកណាម្នាក់ ឬមានទំនាស់ជាមួយមិត្តភក្ដិពីថ្ងៃ
យប់ហ្នឹងតាមស្មេរ គិត នឹងមានបទពិសោធផង គឺដេកមិនលក់ទេ ។ ពេលខឹងម្ដងៗ
លែងដឹងខុសដឹងត្រូវអស់ហើយ គឺចង់តែឈ្នះ មិនព្រមចាញ់ជាដាច់ខាត មានអ្នកណាមកហាម មិនឃាត់
ត្រចៀកលែងឮ លែងដឹង ភ្នែកលែងមើលឃើញហើយ គិតតែម្យ៉ាងបើមានវត្ថុជិតដៃ ចង់ទៅវាយ
ទៅកន្ទ្រប់ក្រញិចបោកខាំតែម្ដង ។ ភ្លើងនេះ មិនមែនជាភ្លើងធម្មតាទេ កាលណាឆេះហើយ
មិនងាយពន្លត់ទេ វាឆេះរាលទៅដល់សមាជិកគ្រួសារ និងអ្នកជិតខាងទៀត ដូចពាក្យចាស់ពោលថា “ឆេះពីគល់ព្រាល
រាលដល់គល់ព្រិច” ។
ភ្លើងនេះ ឆេះទាំងបច្ចុប្បន្ន ឆេះទាំងជាតិមុខទៀត គឺធ្លាក់ទៅឆេះក្នុងនរក ។
ចំណែកភ្លើងមួយទៀត គឺភ្លើងមោហ ។ ភ្លើងមោហ ជាភ្លើងដ៏ក្ដៅមួយដែរ ភ្លើងវង្វេង
មិនដឹងខុសត្រូវ ល្ងិតល្ងង់ មិនដឹងខ្យល់
ចាស់ៗនិយាយថា “ដប់ជិត” ។
ភ្លើងមោហៈ ដែលយើងម្នាក់ៗកើតមករង់កម្ម មានការឈឺ ស្លាប់ ព្រាត់ប្រាសបែកបងបែកប្អូន
រងទុក្ខឥតល្ហែល្ហើយ មួយជាតិហើយមួយជាតិទៀត មិនដឹងជាអស់ទឹកភ្នែកប៉ុន្មានលីត
ប៉ុន្មានគុបទៅទេ លោកថា ការយំស្រែករបស់យើងមួយជាតិៗមកនុ៎ះ
ទឹកក្នុងមហាសមុទ្រនៅតិចជាងទឹកភ្នែករបស់យើងទេ ព្រោះអ្វី ព្រោះអវិជ្ជា
ព្រោះតែមោហៈនេះឯង ។ បើបោះចោល គ្រវែងចោលដុំភ្លើងទាំងបីនេះបាន
ចិត្តរបស់យើងពិតជាត្រជាក់ទាំងជាតិបច្ចុប្បន្ន និងបរលោក ។ អស់អវិជ្ជា គឺអស់ភ្លើងរាគ
អស់ភ្លើងទោស និងអស់ភ្លើងមោហ
ចិត្តក៏ដល់នូវសភាពក្សេម ចិត្តក៏ឥស្សរពីវដ្ដសង្សារមួយ ភ្លើងជរា
ភ្លើងក្ដៅផ្សារ ភ្លើងមរណា ក៏លែងចាប់លែងតោងចិត្តយើងបាន ។
អភ័យបាន ចិត្តក៏ស្ងប់ ។ ពាក្យអភ័យ
គឺការអត់ឱន លើកលែងទោស អធ្យាស្រ័យឲ្យ
ផ្ដល់ឱកាស និងកែប្រែ ។ ស្ងប់ គឺលែងក្រវល់ក្រវាយ លែងច្របូកច្របល់ លែងរសាប់រសល់
លែងអន្ទះអន្ទែង ច្រួលច្រាល លែងស្រមើស្រមៃ លែងរវើរវាយ លែងរាយមាយ លែងស្រពិចស្រពិល
លែងយល់សប្តិយល់សូង មានភាពនឹងន នឹងធឹង
មូលស្លុង និយាយឲ្យខ្លីគឺសន្តិ ឥស្សរៈហើយ ។ ពាក្យថាស្ងប់ ដែលជាប្រធានបទមួយ
ដែលមនុស្សទាំងពិភពលោកត្រូវការណាស់ រហូតដល់មនុស្សទាំងពិភពលោក
បានរួបរួមគំនិតរំលេចចេញរូបរាងស្ថាប័នអង្គភាពរបស់ពិភពលោកមួយ ហៅថា
អង្គការសហប្រជាជាតិ ។ ក្នុងផ្នែកនៃអង្គការនេះ មានស្ថាប័នមួយហៅថា
អង្គការសន្តិសុខពិភពលោក
ដែលជាអង្គភាពមួយទទួលបន្ទុកមើលការខុសត្រូវទៅលើសណ្ដាប់ធ្នាប់ពិភពលោក
គោលបំណងដើម្បីរក្សាសន្តិភាពពិភពលោកនេះឯង ។ សន្តិនេះ លោកហៅថា សន្តិលោកិយ
មិនអាចរក្សាតម្លៃនេះបានយូរអង្វែងបានទេ ដូចជាយើងឃើញមានព្រឹត្តិការណ៍តាមកាសែត
ព័ត៌មាន ប្រតិបត្តិប្រចាំថ្ងៃ វីដេអូ និងបណ្ដាញសង្គម មានឃើញស្រាប់ហើយថា
ប្រទេសទាំងពិភពលោក ទោះបីមានអង្គការសន្តិសុខពិភពលោកនេះក៏ដោយ មើលហាក់ដូចជាទទួលបានសន្តិភាពក្បែរមាត់ជ្រោះ
ឬជិតមាត់រណ្ដៅភ្នំភ្លើងអ៊ីចឹង
ស្រួលមិនស្រួល អាចផ្ទុះឡើងបានគ្រប់វេលា ។
ចំណែកពាក្យស្ងប់ក្នុងសន្តិភាពពិតប្រាកដ
គឺស្ងប់កាយ ស្ងប់វាចា និងស្ងប់ចិត្ត ។
ស្ងប់នេះគឺការស្ងប់ដែលចេញពីចិត្តដែលនៅខាងក្នុងរបស់មនុស្ស ។
ស្ងប់ចេញពីចិត្តបុគ្គលម្នាក់ ទៅគ្រួសារ ស្ងប់ពីគ្រួសារទៅសហគមន៍
ស្ងប់ចេញពីសហគមន៍ទៅប្រទេស ស្ងប់ចេញពីប្រទេសទៅអន្តរប្រទេស ស្ងប់ពីអន្តរប្រទេស
ទៅពិភពលោកទាំងមូល ។ ការសង្កេតមើលពាក្យអភ័យ តើមានមនុស្សប៉ុន្មាននាក់បានអនុវត្ត
តើមានកម្រិតប៉ុនណា ? កម្រិតសន្តិភាពសព្វថ្ងៃ
ស្ងប់ដោយខ្លាចអំណាចគ្រាប់មិសស៊ី គ្រាប់បែកបរិវាណូ គ្រាប់កាំភ្លើងនុយក្លេអ៊ែរ
គ្រាប់រកែតទេ មិនមែនស្ងប់ដោយសារ កាយ វាចា ចិត្តឡើយ ។ ស្ងប់ពិភពលោកសព្វថ្ងៃនេះ
ស្ងប់បែបឱកាសនិយមប៉ុណ្ណោះ ។ ពុទ្ធនិយម បានអប់រំថា “តថាគត
បានឈប់ហើយ នៅឡើយតែអ្នកទេតើ ដែលមិនទាន់ឈប់ តថាគតបានដាក់ចុះហើយ នៅឡើយតែអ្នកទេ
ដែលមិនទាន់បានដាក់ចុះ” (ក្នុងរឿងអង្គុលីមាល)
។ សន្តិថា ស្ងប់នេះ មិនមែននៅតាមប្រទេស តាមវត្ត តាមរូបភ្នំ តាមសមុទ្រ តាមមាត់ទន្លេ
តាមមាត់ព្រែក មាត់ស្ទឹង មាត់ស្រះត្រពាំង ឬកន្លែងព្រៃថ្មសាននុ៎ះទេ ។ សន្តិនេះ
គឺស្ថិតនៅត្រង់ចិត្តមនុស្សម្នាក់ៗ បើមនុស្សម្នាក់លែងមានទោស ចេះឲ្យអភ័យដល់មនុស្ស សត្វ
ឲ្យអភ័យខ្លួនឯង ខំអប់រំរៀនទទួលស្គាល់ការពិតនៃសច្ចភាពរបស់មនុស្សសត្វ
ដែលធ្វើឲ្យខ្លួនមានការថ្នាំងថ្នាក់ចិត្ ត។ ការមិនស្ងប់ មានមូលហេតុជាច្រើន
អ្វីដែលសំខាន់កំចាត់ចោលឫសគល់អកុសលធំៗបីនេះសិន គឺកាមឆន្ទ
នេះជាមូលហេតុមួយដែលឲ្យកើតធម៌មិនចេះសន្តោស ធម៌ដាច់មេត្តាដែលចេញពីពាក្យថាស្រឡាញ់
មកជាពាក្យស្អប់ ដែលស្មេរបានសរសេរក្នុងអត្ថបទមុនហើយ ។ ការមិនស្ងប់
មកពីពាក្យថាព្យាបាទ គឺឃើញមុខ បានឮភ្លាមគឺចង់តែខាំមាត់ខាំក សង្ក្រើតធ្មេញ ក្ដាមដៃ
មានកំហឹងឆេវ ចង់តែស្ទុះទៅ ទោះបីភាគីម្ខាងនោះមិនទាន់បានធ្វើអ្វីខ្លួនក៏ដោយ បើថ្ងៃហ្នឹងធ្វើបាបគេមិនបាន ទុកចាំថ្ងៃក្រោយ
ដោយគ្រាន់តែទើសមុខ ទាស់សម្ដីមួយមាត់ពីរ ខ្លួនសម្លឹងរកឱកាសល្អ ដើម្បីចាត់ការឲ្យបាន
ដូចពាក្យចិនពោលឡើងថា “ចាំដប់ឆ្នាំទៀត សងសឹកក៏មិនទាន់ហួសពេលដែរ” ។ ការមិនស្ងប់មួយទៀត
ការសម្លឺងរំពៃរ៍ចង់បានរបស់គេគ្រប់មធ្យោបាយ មិនថា អាក្រក់ ឬល្អ
គឺធ្វើយ៉ាងណាឲ្យតែបានមកជារបស់ខ្លួន ។ ទាំងបីចំណុចនេះ
គឺជាឫសគល់ដែលញ៉ាំងចិត្តមិនឲ្យមានសន្តិបាន ។ បើចង់បានសន្តិនោះ
លុះត្រាតែកំចាត់ចោលអង្គទាំងបីនេះ ទើបរកស្ងប់បាន ។
អភ័យបាន ចិត្តក៏ស្ងប់ ។ ពាក្យថា
អភ័យទាននេះ គឺអង្គធម៌មួយមានភាពវិសេសជាងអមិសទាន និងធម្មទានទៅទៀត ។ អភ័យទាន
នេះគឺការអត់ឱន លើកលែង មិនប្រកាន់ទោសអូសដំណើរ ផ្តល់ឱកាសឲ្យកែលំអចំពោះបុគ្គលណា
សត្វណាដែលបានធ្វើខុសដោយចេតនាក្ដី ដោយអចេតនាក្ដី ។ អភ័យទាននេះ
ជាអង្គធម៌បង្កើនគុណភាភផ្លូវចិត្ត ដោយការបណ្តុះចិត្តមេត្តា ករុណាឲ្យបានច្រើន ។
បើចិត្តខ្វះមេត្តា ករុណាហើយ មិនអាចលើកលែងទោសកំហុសទៅរួចបានទេ ។ ធម៌មេត្តា ករុណានេះ
ជាធម៌ត្រជាក់ ជាម្លប់សម្រាប់សត្វបុគ្គលដែលចូលមកជ្រកជាមួយ ដូចពាក្យសុភាសិតខ្មែរថា “ទឹកត្រជាក់ត្រីកុំ” ។
ន័យនេះ បើសិនខ្លួនចង់បានមនុស្សនៅក្បែរខ្លួន
ហើយឲ្យអ្នកដែលនៅក្បែរទទួលបានត្រជាក់ដែរនោះ លុះត្រាតែចិត្តខ្លួនត្រជាក់ កុំខឹងច្រើន
កុំឡូឡាគ្មានបែបគ្មានបទ កុំឆរឡោឡើងដោយសារទាស់អ្វីមួយ ដែលមិនបានដូចចិត្តខ្លួនចង់ ។
បុគ្គលដែលមានចិត្តត្រជាក់ នរណាក៏ចង់រាប់អានរាប់រកដោយស្មោះ
មិនថាឋិតក្នុងកាលៈទេសៈណាទេ ប៉ុន្តែពិបាកណាស់ ចិត្តគំនិតមនុស្សម្នាក់ៗ
ចិត្តត្រជាក់បាន សំខាន់ក្នុងជីវភាពប្រចាំថ្ងៃ ដំណើរសេដ្ឋកិច្ចដើរស្រួល បើមិចដូច្នោះទេ
ក្រឡេកមើលស្ថានភាពពិភពលោកក្នុងពេលនេះអ៊ីចឹង មនុស្សអត់ការងារធ្វើ រកចំណូលមិនបាន
បំណុលវណ្ឌក ដែលជម្រុញឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ
សម្ពាធផ្លូវចិត្តកើតមានឡើង ក្នុងកំឡុងពេលជួបវិបត្តិជំងឺ កូវិដ ១៩ នេះផ្ទុះឡើង ។
ទោះយ៉ាងណា ចិត្តនេះ ត្រជាក់បាន យើងម្នាក់ៗត្រូវរៀនស្គាល់យកការពិតពីបរិបទសង្គមមនុស្សមួយនេះឲ្យបាន
។ ក្នុងន័យថា ចិត្តមនុស្សមិនដូចគ្នាទេ ហើយគ្មានអ្វីល្អឥតខ្ចោះសម្រាប់យើងដែរ
រៀនទទួលយកទៅ ចិត្តក៏ស្រាល ចិត្តក៏ធូរ ចិត្តក៏ត្រជាក់ ហើយចិត្តក៏ស្ងប់ ។
សរុបរួម មនុស្សដែលកើតមកក្នុងលោកនេះ
និងកំពុងរស់នៅក្នុងលោកនេះ បានកំពុងទទួលរងបញ្ហាធំៗជាច្រើន
ដែលបង្កឡើងដោយឥទ្ធិពលរបស់ចិត្ត ។ ចិត្ត បានប្រើកាយ និងវាចា ផលិតនូវរូបភាព
វត្ថុគ្រប់ទម្រង់ គ្រប់កាលៈទេសៈទាំងអស់ សូម្បីតែចិត្តខ្លួនឯង
ក៏កំពុងតែប្រឡាក់គ្រឿងមិនស្អាតគ្រប់យ៉ាង ចេញពីកិលេស អវិជ្ជា តណ្ហា ទិដ្ឋិ មានះ
ឧបាទាន និងចេញពីរាគ ទោស និងមោហ ជាដើម ។ បើបុគ្គលណាអាចអប់រំចិត្តនេះបាន
ដោយកំចាត់ចោល ទម្លាក់ចោលនូវគ្រឿងកខ្វក់ គ្រឿងស្មោកគ្រោក គ្រឿងសៅស្មង និងចេះឲ្យអភ័យបាន នោះចិត្តក៏ដល់នូវសភាពស្អាត
ធូរ ស្រាល ត្រជាក់ និងស្ងប់ជាមិនខានឡើយ ។ មានតែពេលវេលាទេ សម្រាប់ព្យាបាលផ្លូវចិត្ត
មានតែព្រះធម៌ទេ សម្រាប់ព្យាបាលចិត្ត
សម្អាតចិត្តចេញពីគ្រឿងមន្ទិលសៅហ្មងទាំងឡាយនេះបាន ។
ចូរខំប្រឹងហ្វឹកហ្វឺនចិត្តខ្លួនឲ្យស្ដិតនៅក្រោមអំណាចឥទ្ធិពលបញ្ញា
កុំឲ្យចិត្តស្ថិតនៅក្រោមអំណាចឥទ្ធិពលអវិជ្ជា តណ្ហានេះ បើមិនដូច្នោះទេ
ចិត្តរកកន្លែងស្ងប់មិនបានឡើយ ៕ អត្ថបទព្រៀង
-----------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក
No comments:
Post a Comment