៧.ក្មួយប្រុសរបស់ព្រះមហាវីរៈ
ពត៌មានជ័យជម្នះរបស់ពុទ្ធបរិស័ទនិងចំណាលចាលចាញ់របស់ពួកនិគ្រន្ថក្នុងការតស៊ូសម្តីថ្ងៃដំបូងបានខ្ចរខ្ចាយ ផ្សព្វផ្សាយទៅទូទាំងក្រុងរាជគ្រឹះយ៉ាងឆាប់រហ័ស នាំមកនូវបីតិប្រាមោទ្ធដល់ពុទ្ធបរិស័ទគ្រប់ ៗគ្នា ពុទ្ធបរិស័ទ គ្រប់ភេទគ្រប់វ័យនាំគ្នាបាក់ភ្លូកទៅកាន់ព្រះវេឡុវនារាម ដើម្បីសម្តែងអំណរសាទរចំពោះព្រះរេវត្តត្ថេរ និង សន្ទនាប្រាស្រ័យសំណេះសំណាលរវាងខ្លួនឯងនិងព្រះថេរៈ ធ្វើឲ្យព្រះថេរៈត្រូវសន្ទនាប្រាស្រ័យជាមួយនឹង ឧបាសកឧបាសិការហូតដល់អស់មជ្ឈិមយាម ។
ស្ថានភាពខាងក្នុងអារាមរបស់ពួកនិគ្រន្ថមានលក្ខណៈផ្ទុយគ្នាស្រឡះនឹងព្រះវេឡុវនារាម ពួកនិគ្រន្ថនិងសាវ័ក នាំគ្នាប្រជុំដោយទឹកមុខស្រពាប់ស្រពោនព្រោះអាក់អន់ស្រពន់ចិត្តចំពោះបរាជ័យរបស់ខ្លួន វីរសីហៈដែលត្រមោងចិត្តស្រាប់ហើយត្បិតបរាជ័យរបស់ខ្លួនថែមត្រូវពួកនិគ្រន្ថចោមរោមតវ៉ានិងជេរស្តីដោយប្រការផ្សេង ៗ រហូតដល់អង្គុយឈ្ងោកមុខស្រមៀនដោយគម្នើសឃ្នើសចិត្តនិងអំណាប់អាប់មុខ មិនឆ្លើយឆ្លងអ្វីទាំងអស់ មើលទៅគួរឲ្យអាណិតយល់ចិត្តពន់ប្រមាណ នៅពេលមិនអាចស៊ូទ្រាំនឹងផរុសវាទនិងឧបវាទរបស់បក្សពួកបាន គេក៏គេចវេះចេញពីអារាមរបស់និគ្រន្ថទៅតាំងពីយប់ថ្ងៃនោះម្លេះ ដោយមិនប្រាប់អ្នកណាថាគេចទៅណាទេ រីឯពួកនិគ្រន្ថវិញក៏ហាក់បីដូចជាមិនចាប់អារម្មណ៍ថាគេបាត់ទៅណាដែរ ព្រោះទោះបីគេនៅឬទៅក៏គ្មានន័យអ្វីទាំងអស់ ពីព្រោះពួកនិគ្រន្ថបានប្រជុំយល់ព្រមគ្នាថា នឹងមិនអនុញ្ញាតឲ្យវីរសីហៈធ្វើជាតំណាងទៅតស៊ូសម្តី ជាមួយនឹងភាគីពុទ្ធបរិស័ទទៀតទេ ព្រោះថាគេសម្តែងឲ្យឃើញថាជាអសមត្ថជន មិនអាចយកឈ្នះសម្តីថ្វីមាត់ លើអ្នកតំណាងភាគីពុទ្ធបរិស័ទបានទេ ក្រោយពីប្រជុំប្រឹក្សាយោបល់គ្នាអស់ពេលជាយូរ ពួកនិគ្រន្ថក៏ជ្រើសរើស យកនិគ្រន្ថកម្លោះ ១ រូប ឈ្មោះថា តិត្ថបាល ជាអ្នកតំណាងរបស់ខ្លួនទៅតស៊ូសម្តី
ជាមួយនឹងអ្នកតំណាងពុទ្ធបរិស័ទ តិត្ថបាលនេះទោះបីនៅក្មេងមានអាយុត្រឹមតែ ៣៥ ឆ្នាំក៏ដោយ ប៉ុន្តែក៏ជាអ្នកធ្លុះធ្លាយក្នុងលទ្ធិរបស់ខ្លួននិងលទ្ធិដទៃតាមដែលមានក្នុងមធ្យមប្រទេស ជាអ្នកមានព្យត្តវោហារប្រាជ្ញាប្រាជប្រាយ លើសពីនោះទៀតនៅមានសក្តិភាពជាក្មួយប្រុសរបស់សាស្តាមហាវីរៈទៀតផង តាមការពិត ក្នុងការតស៊ូសម្តីថ្ងៃដំបូង តិត្ថបាលសឹងតែបានជាអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងព្រះរេវត្តត្ថេរទៅហើយ ប៉ុន្តែលោជាចាញ់សម្លេងឆ្នោតដល់វីរសីហៈ ១ សម្លេងប៉ុណ្ណោះ អង្គប្រជុំទើបសម្រេចយកវីរសីហៈជាអ្នកតំណាងរបស់ខ្លួន កាលបើវីរសីហៈទទួលបរាជ័យត្រឡប់មកវិញ ទើបត្រូវជាភារកិច្ចរបស់ តិត្ថបាលយ៉ាងពិតប្រាកដ តិត្ថបាលទើបបានជាសេចក្តីសង្ឃឹមរបស់និគ្រន្ថទាំងពួង ។
លុះដល់ថ្ងៃព្រឹកឡើង បណ្តាឧបាសកឧបាសិកាដែលធ្លាប់ដាក់បាត្រដល់ព្រះរេវត្តត្ថេររាល់ព្រឹក នឹកចម្លែកចិត្តពន់ពេកដែលមិនឃើញព្រះថេរៈមកទទួលបិណ្ឌបាតដល់គេហដ្ឋានរបស់ខ្លួន ទោះបីអែអង់ទន្ទឹងរង់ចាំដល់វេលាថ្ងៃណាស់ហើយក៏ដោយ ក៏នៅតែមិនឃើញដំណែដំណើររបស់ព្រះថេរៈនិមន្តមក នៅទីបំផុត ឧបាសក ឧបាសិកាអ្នកជិតស្និទខ្លះរួមទាំងទេវមិត្រឧបាសកផងត្រូវប្រញាប់ប្រញាល់ធ្វើដំណើរទៅព្រះវេឡុវនារាម ដើម្បីសួរនាំដំណឹងដំណើររបស់ព្រះថេរៈ ទេវមិត្រឧបាសកហាក់នឹងថាមានកង្វល់ខ្វល់ខ្វាយជាពិសេស ព្រោះខ្លាចក្រែងថា ព្រះថេរៈនឹងលបគេចវេះចេញពីក្រុងរាជគ្រឹះទៅ ព្រោះលោកធ្លាប់មានថេរដីកាជានិច្ចថា នឹងចេញធ្វើដំណើរទៅក្រុងពារាណសីមុនវស្សានរដូវនេះ ។
កាលបើទៅដល់ព្រះអារាម ម្នាក់ ៗភ័យព្រួយស្ទើរតែបាត់ស្មារតីនៅពេលដឹងថា ព្រះថេរៈកំពុងតែសិងសន្ទឹក សន្ធៃដោយគ្រុនក្តៅ សេចក្តីលំបាកតត្រំតត្រើយទាំងផ្លូវកាយនិងចិត្តរៀងរហូតមក គួបផ្សំនឹងអាកាសធាតុកំពុងតែប្រែប្រួលទៅត្រូវនឹងការផ្លាស់រដូវកាលធ្វើឲ្យព្រះថេរៈកើតគ្រុនសន្ធំ ឧបាសកឧបាសិកានាំគ្នាស្វែងរក ពេទ្យនិងឱសថផ្សេង ៗតាមដែលអាចរកបានមករក្សាព្យាបាលព្រះថេរៈយ៉ាងរួសរាន់ នៅពេលជាមួយគ្នានោះ ឧបាសកជាប្រធានក៏បែរមកប្រជុំប្រឹក្សាគ្នាថា នឹងចាត់វិធានការយ៉ាងណាជាមួយនឹងការតស៊ូសម្តីក្នុងថ្ងៃនេះ ព្រោះព្រះថេរៈមិនអាចទៅចូលរួមបានទេ កាលបើខ្វះព្រះថេរៈហើយ ក៏គ្មានភិក្ខុរូបណាក្នុងក្រុងរាជគ្រឹះស្ទាត់ជំនាញក្នុងព្រះធម្មវិន័យនិងមានវោហារកោសលល្មមនឹងតស៊ូជាមួយ
នឹងពួកនិគ្រន្ថបានឡើយ ។
"ឧបាសកឧបាសិកាទាំងឡាយ ! "ព្រះថេរៈមានថេរដីកាឡើងដោយសម្លេងខ្សាវ ៗ "បើញាតិញោមទាំងឡាយមិនអាចរកអ្នកតំណាងដែលសមរម្យទៅតស៊ូសម្តីជាមួយនឹងគេជំនួសអាត្មាបានទេ ក៏គួរបញ្ជូនទូតទៅចរចាជាមួយនឹងគេ ស្នើសុំឲ្យពួកនិគ្រន្ថពន្យារពេលការតស៊ូសម្តីទៅ ទម្រាំនឹងអាត្មាស្បើយពីគ្រុន"
ម្នាក់ ៗយល់ស្របនឹងគំហើញរបស់ព្រះថេរៈ អង្គប្រជុំទើបសម្រេចចិត្តបញ្ជូនទេវមិត្រឧបាសកទៅចរចាជាមួយនឹងពួកនិគ្រន្ថ នៅវេលាថ្ងៃបន្តិច ទេវមិត្រឧបាសកបានវិលត្រឡប់មកវិញដោយទឹកមុខតានតឹងតប់ប្រមល់
"ពួកនិគ្រន្ថមិនព្រមទេ" គាត់រាយការណ៍ឲ្យអង្គប្រជុំស្តាប់ "ពួកគេអះអាងឲ្យយើងបញ្ជូនអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងពួកគេក្នុងរសៀលថ្ងៃនេះឲ្យបាន បើយើងមិនបញ្ជូនអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងពួកគេទេ ពួកគេចាត់ទុកថាយើងព្រមចុះចាញ់ ហើយពួកគេនឹងប្រកាសទូទាំងទីក្រុងថា ភាគីពុទ្ធបរិស័ទព្រមចុះចាញ់ពួកគេហើយ" ។
ម្នាក់ ៗដល់ថ្នាក់នៅស្ងៀមបាត់មាត់បាត់កមួយស្របក់ ព្រោះភីងភាំងចំពោះជំហរដ៏គ្មានសមានចិត្តរបស់ពួក និគ្រន្ថ ហើយក៏ប្រឹក្សាយោបល់គ្នាយ៉ាងតានតឹងមួយស្របក់ទៀតថា នឹងអនុញ្ញាតឲ្យអ្នកណាជាអ្នកតំណាង ពុទ្ធបរិស័ទទៅ ម្នាក់ ៗទាល់ប្រាជ្ញា ព្រោះគ្មានអ្នកណាសមរម្យក្រៅពីព្រះរេវត្តត្ថេរទេ ភិក្ខុក្នុងអារាមដែលនៅសល់មិនប៉ុន្មានអង្គក៏សុទ្ធតែជាភិក្ខុជរា និងទើបតែចូលមកក្នុងព្រះសាសនាមិនយូរប៉ុន្មានទាំងអស់ ។
"ណ្ហើយចុះ ! អាត្មានឹងទៅតស៊ូសម្តីជាមួយនឹងគេដោយខ្លួនឯង "ព្រះថេរៈមានថេរដីកាឡើងយ៉ាងដាច់ខាត នៅទីបំផុត មានថេរដីកាហើយក៏ក្រោកឡើងអង្គុយធ្វើឫកពាហាក់នឹងថាត្រៀមខ្លួននឹងធ្វើដំណើរទៅ ប៉ុន្តែក៏ត្រូវជ្រប់ខ្លួនចុះសិងដូចដើមវិញ ព្រោះវិលមុខធេងធោងរកកល់ខ្យល់គ នៅពេលឃើញដូច្នោះ ម្នាក់ ៗក៏ដឹងបានភ្លាមថាព្រះថេរៈមិនអាចទៅបានទេ ហើយទាំងអស់គ្នាមិនព្រមឲ្យព្រះថេរៈទៅជាដាច់ខាត ទោះបីមានតំណាំងចិត្តដាច់ខាតយ៉ាងណាក៏ដោយ ម្នាក់ ៗដឹងច្បាស់ថា ព្រះថេរៈមានតែកម្លាំងចិត្តប៉ុណ្ណោះ ។
"បពិត្រលោកអ្នកសប្បុរសទាំងឡាយ ! " ទេវមិត្រឧបាសកមានប្រសាសន៍ឡើងបន្ទាប់ពីអង្គុយស្ងៀមស្តាប់អ្នកដទៃរៀងរហូតមក "ខ្ញុំបាទបានដឹងថា ការតស៊ូសម្តីនៅថ្ងៃនេះ ខាងពួកនិគ្រន្ថបានឲ្យតិត្ថបាលជាអ្នកតំណាងឡើងតស៊ូសម្តី តិត្ថបាលនេះតាមដែលខ្ញុំបាទបានដឹងមក ប្រាកដឃើញថា មានចំណេះជំនាញរងពីវីរសីហៈទេ ឯខ្ញុំបាទវិញក៏បានសិក្សាបដិបត្តិមកយូរក្នុងសម្នាក់របស់ព្រះថេរៈ ជឿថា ខ្លួនមានប្រាជ្ញាស្មារតី ល្មមនឹងឆ្លើយតបតិត្ថបាលបាន បើលោកអ្នកសប្បុរសទាំងឡាយមិនយល់ទាស់ទេ ខ្ញុំបាទសូមទទួលអាសាធ្វើជាអ្នកតំណាងពុទ្ធបរិស័ទឡើងតស៊ូសម្តីជាមួយនឹងតិត្ថបាលដោយខ្លួនឯង" ។
ពាក្យប្រកាសយ៉ាងក្លាហានរបស់ទេវមិត្រឧបាសកធ្វើឲ្យម្នាក់ ៗភីងភាំងស្រឡាំងកាំងភ្លាម ព្រោះមិនដែលនឹកស្មានថា ទេវមិត្រហ៊ានទទួលយកអាសាធ្វើការងារធំធេងនិងប្រថុយគ្រោះថ្នាក់បែបនោះសោះ ប៉ុន្តែកាលបើប្រជុំ ប្រឹក្សាយោបល់គ្នាអស់ពេលជាយូរហើយ នៅទីបំផុត ក៏យល់ព្រមឲ្យទេវមិត្រធ្វើតាមដែលខ្លួនទទួលអាសាបាន យ៉ាងហោចណាស់ ក៏នៅប្រសើរជាងចុះចាញ់មិនព្រមបញ្ជូនអ្នកណាទៅដែរ បើទេវមិត្រឈ្នះគូតស៊ូអ្នកមានព្យត្តវោហារបញ្ញាឈ្លាសវៃបាន ក៏ជាការលើកស្ទួយឋានៈរបស់ពុទ្ធបរិស័ទឲ្យខ្ពស់ត្រដែតឡើង ព្រោះជាគ្រឿងសម្តែងថា សូម្បីតែគ្រហស្ថក៏អាចយកឈ្នះអ្នកបួសនិគ្រន្ថដែលធ្លុះធ្លាយក្នុងធម៌បានដែរ ប៉ុន្តែបើចាញ់ក៏មិនគួរ ខូតខាតអ្វីណាស់ណាទេ ។
នៅរសៀលថ្ងៃនោះ អារាមរបស់និគ្រន្ថត្រង់ជើងភ្នំឧទ័យពេញត្រៀតត្រាទៅដោយហ្វូងមហាជនដែលចាប់អារម្មណ៍ក្នុងការតស៊ូសម្តីនៅគ្រាធំនេះ ចំនួនសវនិកជនបានកើនច្រើនឡើងជាងថ្ងៃមុនទ្វេដង ព្រោះប្រជាជននៅមិនទាន់ដឹងដំណឹងនៃការតស៊ូសម្តីនេះទេ ទើបមិនបានមកស្តាប់ក្នុងថ្ងៃមុន ទើបតែដឹងនិងមកស្តាប់នៅថ្ងៃ នេះឯង ប្រជាជនដែលមកស្តាប់ហើយនៅជក់ចិត្តក្នុងព្យត្តវោហាររបស់ព្រះរេវត្តត្ថេរ ទើបធ្វើដំណើរមកតាមដានស្តាប់ម្តងទៀត ប៉ុន្តែនៅពេលដឹងដំណឹងថា ព្រះថេរៈមិនបានមកប៉ុន្តែទេវមិត្រឧបាសកមកជំនួសវិញ ម្នាក់ ៗ មើលទៅហាក់ដូចជាខកបំណងយ៉ាងខ្លាំង ប៉ុន្តែនៅមានជំនឿថា ទេវមិត្រឧបាសកមុខជាមានអ្វីល្អ ៗមិនខាន បានជាពុទ្ធបរិស័ទជ្រើសរើសឲ្យមកធ្វើជាអ្នកតំណាងរបស់ខ្លួន ។
"ម្នាលឧបាសក ! "តិត្ថបាលពោលឡើងកាលបើដល់ពេលចាប់ផ្តើមតស៊ូសម្តី សម្លឹងមើលទេវមិត្រឧបាសកដោយក្រសែភ្នែកសម្តែងអាការមើលងាយ "អាត្មាទទួលអាសាឡើងមកតស៊ូសម្តីនៅថ្ងៃនេះក៏ព្រោះតែសង្ឃឹមថា នឹងបានប៉ះសម្តីជាមួយនឹងព្រះរេវត្តត្ថេរដែលស្មើគ្នាដោយភេទ ដោយសីលាចារវត្ត ដោយសតិបញ្ញា និង ចំណេះដឹង ឬបើព្រះរេវត្តៈឈឺពិតមែន ក៏គួរតែបញ្ជូនភិក្ខអ្នកទ្រទ្រង់សីលនិងវត្តមកតស៊ូសម្តីជាមួយនឹងអាត្មា ប៉ុន្តែឥឡូវនេះ ភាគីពុទ្ធបរិស័ទបែរជាបញ្ជូនគ្រហស្ថដែលប្រឡាក់ប្រឡូកដោយបុត្រភរិយាអ្នកនៅបរិភោគកាមឡើងមកតស៊ូលើសមរភូមិយុទ្ធវាទជាមួយនឹងអាត្មាទៅវិញ អាត្មាចាត់ទុកថាជាការមើលងាយមើលថោកអាត្មាអាត្មាយ៉ាងខ្លាំងបំផុតក្នុងជីវិត គ្រាន់តែបានដំណឹងថាភាគីពុទ្ធបរិស័ទបញ្ជូនគ្រហស្ថមកតស៊ូជាមួយនឹងអាត្មា អាត្មាសឹងតែមិនព្រមសម្រុតកិត្តិយសខ្លួនឯងមកប្រឈមមុខនឹងឧបាសកទេ ប៉ុន្តែយ៉ាងណាយ៉ាងណីក៏ដោយ ឧបាសកក៏ឡើងកាន់ធម្មាសនៈហើយ បើអាត្មាចុះពីធម្មាសនៈគេចចេញទៅ ក៏គួរឲ្យអាណិតយល់ចិត្តដល់ប្រជាជនដែលតាំងចិត្តមកស្តាប់ ណ្ហើយចុះ ! អាត្មាសុខចិត្តតស៊ូជាមួយនឹងឧបាសក ប៉ុន្តែតស៊ូដោយចំណេះដឹង ប្រាជ្ញាស្មារតី និងវោហារត្រឹមតែពាក់កណ្តាលរបស់អាត្មាប៉ុណ្ណោះ" ។
"លោកម្ចាស់ ! "ទេវមិត្រឧបាសកនិយាយប្រជ្រួសឡើងទាំងកណ្តាលទី ព្រោះមិនអាចស៊ូទ្រាំនឹងសម្តីមើលងាយយ៉ាងខ្ជាំង ៗរបស់គូតស៊ូបាន "កុំអាល័យតែនិយាយកេលកុងឲ្យយឺតយូរពេលវេលាចោលទទេនោះ លោកម្ចាស់ចង់សួរអី ក៏សួរមកចុះ ខ្ញុំកណាចង់តស៊ូសម្តីជាមួយនឹងលោកម្ចាស់យ៉ាងខ្លាំង"
ពុទ្ធបរិស័ទដែលឃើញសម្តីនិងចង្វាក់បែបតក់ក្រហល់ដោយកំហឹងរបស់អ្នកតំណាងខ្លួន ក៏កើតបរិវិតក្កព្រួយបារម្ភថានឹងភ្លាត់ស្នៀតដល់គូបដិបក្ស ព្រោះពួកគេដឹងច្បាស់ថា ពាក្យសម្តីទាំងអស់របស់តិត្ថបាលគ្រាន់តែជា ឧបាយដ៏ឈ្លាសវៃរបស់យុទ្ធវាទីជំនាញដើម្បីស្ទាបស្ទង់ស្នៀតរបស់គូតស៊ូប៉ុណ្ណោះ ។
"បានតើ ឧបាសក ! " តិត្ថបាលពោលហើយសើចយ៉ាងក្អាកក្អាយ ជាការញោះទោសៈរបស់គូតស៊ូ "ប៉ុន្តែអាត្មាសួរឧបាសកតែមួយសំណួរទេ បើឧបាសកឆ្លើយបាន ការតស៊ូសម្តីថ្ងៃនេះក៏ប្រព្រឹត្តទៅបាន បើឆ្លើយមិនបានទេ ក៏គ្មានប្រយោជន៍អ្វីដែលត្រូវសន្ទនាគ្នាតទៅទៀតដែរ សំណួរដែលអាត្មាចោទសួរនេះមិនមែនជាសំណួរ ជា្រលជ្រៅទាក់ទងនឹងលទ្ធិរបស់យើងទាំងពីរទេ ប៉ុន្តែជាសំណួរសម្រាប់សាកល្បងប្រឡងបញ្ញារបស់ឧបាសកមើលប៉ុណ្ណោះថាតើឧបាសកមានបញ្ញាសមគួរនឹងសន្ទនាជាមួយនឹងអាត្មាឬទេ សំណួរ គឺថា មានវត្ថុមួយដែលអ្នកទិញមិនចង់ប្រើ អ្នកធ្វើមិនចង់បាន អ្នកប្រើមិនដឹងងោះ តើវត្ថុនោះ គឺជាអ្វី?"
សំណួរបែបប្រស្នារបស់តិត្ថបាលធ្វើឲ្យទេវមិត្រឧបាសកអង្គុយមិងមាំងភាន់ភាំងភ្លាម មិនចំពោះតែទេវមិត្រប៉ុណ្ណោះទេដែលស្រឡាំងកាំងចំពោះសំណួរនោះ សូម្បីតែសវនិកជនទាំងពួងក៏មិងមាំងដែរ ហើយខំព្យាយាមគិតរិះរកចម្លើយជាសារវន្ត ទេវមិត្រព្យាយាមគិតដង្វិនទាល់តែបែកញើសជោកខ្លួន ក៏នៅតែគិតមិនចេញ ទើបអង្គុយឈ្ងោកមុខដោយសេចក្តីខ្មាសអៀន មួយស្របក់ធំកន្លងទៅ តិត្ថបាលទើបងើយមុខឡើងសើច ដោយសម្លេងឮកងរំពងអារាមយ៉ាងអ្នកមានជ័យជម្នះ ហើយពោលថា
"ឧបាសក ! ប្រស្នាធម៌ងាយ ៗបែបនេះញោមមិនទាំងគិតចេញផងចុះទម្រាំនឹងមកឆ្លើយឆ្លងក្នុងគោលធម៌ដ៏ជ្រាលជ្រៅក្នុងសាសនារបស់យើងទាំងពីរ យ៉ាងម៉េចទៅវិញ អាត្មាសូមលាឧបាសកទៅសិនហើយ នៅពេលព្រះរេវត្តៈជាសះស្បើយ សឹមឲ្យមកតស៊ូសម្តីជាមួយនឹងអាត្មា" ពោលហើយក៏ចុះពីធម្មាសនៈទៅ យ៉ាងអ្នកមានជ័យជម្នះ ។
Subscribe to:
Posts (Atom)
No comments:
Post a Comment