ព្រះថេរៈបណ្តោយឲ្យហេតុការណ៍រំជើបរំជួលនោះប្រព្រឹត្តទៅអស់កាលមួយស្របក់ ទើបប្រកាសឡើងដោយសម្លេងលាន់ឮថា
"ពុទ្ធបរិស័ទទាំងឡាយ ! សូមមេត្តាស្តាប់អាត្មាសិន សូមកុំអាលប្រញាប់អារកាត់តាមសេចក្តីយល់ឃើញរបស់ខ្លួនឯង" កិរិយាដ៏ស្រគត់ស្រគំនិងចង្វាក់សម្លេងដ៏ទ្រទេសទ្រទន់របស់ព្រះថេរៈធ្វើឲ្យពុទ្ធបរិស័ទអង្គុយចុះនិងស្ងប់ ស្ងាត់បាត់សម្លេងរង់ចាំស្តាប់ភ្លាម នៅពេលប្រជាជនស្ងប់ស្ងាត់ហើយ ព្រះថេរៈបានងាកទៅខាងនិគ្រន្ថជាប្រធាន ហើយមានថេរដីកាថា
"បពិត្រលោកប្រធាន ! មុននឹងខ្ញុំកូរណាយល់ព្រមឲ្យលោកម្ចាស់ធ្វើជាប្រធានវិនិច្ឆ័យការតស៊ូសម្តីនៅគ្រានេះ ខ្ញុំកូរណាចង់សម្រួលសេចក្តីយល់ដឹងជាមួយនឹងលោកម្ចាស់សិន តាមធម្មតា ការតស៊ូប្រណាំងប្រជែងទាំង
ឡាយរវាងមនុស្ស ២ នាក់ ឬ ច្រើននាក់នោះ តែងមានលទ្ធផលជា ៣ យ៉ាង គឺ ឈ្នះ ចាញ់ និង ចាវ មែនទេ?"
និគ្រន្ថជរានៅស្ងៀមគិតគន់មួយស្របក់ដោយសេចក្តីមិនស្រឡះចិត្តថា អ្នកតំណាងភាគីពុទ្ធបរិស័ទនឹងលេង ស្នៀតបែបណា ប៉ុន្តែក៏ឆ្លើយថា "មែន លោកអ្នកមានអាយុ ! "
"ប្រពៃណាស់ លោកប្រធាន ! " ព្រះថេរៈមានថេរដីកាតទៅ "ខ្ញុំកូរណាត្រូវការសួរតទៅទៀតថា ជម្នះក្តី ចំណាញ់ក្តី ចំណាវក្តី ជារបស់ដែលអ្នកវិនិច្ឆ័យប្រតិដ្ឋឡើងដោយខ្លួនឯងឬជាស្នាដៃរបស់គូប្រកួត?"
"ជាស្នាដៃរបស់គូប្រកួត"ប្រធានឆ្លើយទាំងសម្លឹងមើលមុខព្រះថេរៈដោយឥតពព្រិចភ្នែក ប្រជាជនរាប់ម៉ឺននាក់សម្លឹងមើលទៅព្រះថេរៈដោយក្រសែភ្នែកតែមួយ
"បើអញ្ចឹង ប្រធានវិនិច្ឆ័យគ្មានសិទ្ធិអំណាចអ្វីនឹងឲ្យភាគីនេះឬភាគីនោះឈ្នះ ចាញ់ ឬ ចាវតាមចិត្តលម្អៀងរបស់ខ្លួនឯងបានទេ បានត្រឹមតែជាអ្នកចង្អុលបង្ហាញទៅតាមការពិតថា ភាគីនេះបានពិន្ទុប៉ុណ្ណោះគួរឈ្នះ ភាគីនោះបានពិន្ទុប៉ុណ្ណោះគួរចាញ់ ឬទាំង ២ ភាគីបានពិន្ទុស្នើគ្នាគួរចាវគ្នា យ៉ាងនេះមែនទេ?"
"ពិតជាអញ្ចឹងមែន"ប្រធានឆ្លើយដោយសម្លេងខ្សាវ
ព្រះរេវត្តត្ថេរៈងាកទៅខាងពុទ្ធបរិស័ទហើយមានថេរដីកាថា
"ពុទ្ធបរិស័ទទាំងឡាយ ! ញាតិញោមមុខជាបានឃើញហើយថា លទ្ធផលនៃការប្រណាំងប្រណែងគ្រប់យ៉ាង ជាស្នាដៃរបស់គូប្រជែងហ្នឹងឯង គ្រាន់តែចប់ការប្រណាំងប្រជែង អ្នកតាមដានមើលឬស្តាប់នឹងដឹងបានភ្លាមថា ភាគីណាចាញ់ ភាគីណាឈ្នះ អ្នកវិនិច្ឆ័យគ្រាន់តែជាអ្នកប្រកាសលទ្ធផលតាមការពិតប៉ុណ្ណោះ មិនមែនប្រកាសតាមបំណងរបស់ខ្លួនទេ ព្រោះហេតុនោះ អ្នកវិនិច្ឆ័យមិនសូវសំខាន់ប៉ុន្មានទេ ទោះជាអ្នកណាក៏បាន ឲ្យតែអ្នកនោះជាអ្នកស្រឡាញ់ការពិត និង យុត្តិធម៌"
ព្រះថេរៈងាកទៅខាងនិគ្រន្ថជរាដែលធ្វើមុខងារជាប្រធានបណ្តោះអាសន្នហើយសួរថា
"តើលោកម្ចាស់អាចសន្យានៅចំពោះមុខពុទ្ធបរិស័ទបានឬទេថា លោកម្ចាស់នឹងបំពេញមុខងារដោយសុចរិត យុត្តិធម៌?"
"ខ្ញុំកូរណាសន្យាបាន" និគ្រន្ថជរាឆ្លើយដោយសម្លេងម៉ឺងម៉ាត់
នៅពេលដែលអ្វីៗហាក់នឹងថាប្រព្រឹត្តទៅដោយល្អនុះឯង ទេវមិត្រដែលអង្គុយនៅប្របនឹងធម្មាសនៈរបស់ ព្រះរេវត្តត្ថេរៈ ក៏ក្រោកឡើងនិយាយថា
"បពិត្រលោកម្ចាស់ ! ការប្រណាំងប្រជែងខ្លះអាចរាប់ពិន្ទុដឹងថា អ្នកណាចាញ់ អ្នកណាឈ្នះបានដោយងាយ ដូចជាការរត់ប្រណាំង កម្មការនិងទស្សនិកជនអាចឃើញបានយ៉ាងច្បាស់ថា អ្នកណាដល់ខ្សែជ័យមុន អ្នកណាដល់ខ្សែជ័យក្រោយ ឬការលេងបាសកាក៏អាចរាប់ពិន្ទុបានដោយងាយថា អ្នកណាបានពិន្ទុប៉ុន្មាន ប៉ុន្តែ ការតស៊ូមតិទាក់ទងនឹងទស្សនវិជ្ជាដ៏ជ្រាលជ្រៅយ៉ាងនេះ មិនអាចរាប់ជាពិន្ទុបានទេ កាលបើដូច្នេះ អាជ្ញាកណ្តាលអាចមានជម្រើសនឹងវិនិច្ឆ័យបានតាមអត្តនោមតិរបស់ខ្លួន ខ្ញុំកណាខ្លាចក្រែងថា ភាគីពុទ្ធបរិស័ទនឹងមិនបានទទួលយុត្តិធម៌ បើឲ្យភាគីនិគ្រន្ថជាប្រធានវិនិច្ឆ័យ"
គ្រាន់តែទេវមិត្រឧបាសកនិយាយចប់ ក៏មានសម្លេងគាំទ្រគាត់យ៉ាងអឺងកងក្នុងចំណោមពុទ្ធបរិស័ទ ប៉ុន្តែព្រះថេរៈមានថេរដីកថា
"ម្នាលឧបាសក ! សូមញោមកុំបារម្ភឡើយ ទោះបីការតស៊ូសម្តីពិបាកឲ្យពិន្ទុក៏ដោយ អាត្មានឹងសម្តែងឲ្យមើលថា យើងអាចនឹងឲ្យពិន្ទុជាតួលេខ ១-២-៣ បាន" ព្រះថេរៈបែរទៅខាងវីរសីហៈគូប្រជែងហើយមានថេរដីកាថា
"លោកវីរសីហៈ ! ដើម្បីឲ្យប្រធានកាត់សេចក្តីឲ្យពិន្ទុបានយ៉ាងត្រឹមត្រូវ ខ្ញុំកូរណាសូមស្នើវិធីបដិបត្តិដូចតទៅនេះ គឺ បើភាគីចោទសួរអាចសួរដេញដោលភាគីឆ្លើយតបរហូតដល់ទីបំផុតទាល់តែភាគីឆ្លើយតបសុញ តុញទាល់បញ្ញាមិនអាចឆ្លើយតបបាន ឬ ព្រមទទួលថាជាការពិតតាមដែលភាគីចោទសួរលើកឡើង សូមឲ្យ ចាត់ទុកថា ភាគីចោទសួរបាន ១ ពិន្ទុរាល់លើក នៅពេលភាគីឆ្លើយតបទញ់ទាល់ហេតុផលហើយ សូមឲ្យភាគីឆ្លើយតបត្រឡប់ទៅជាភាគីចោទសួរវិញ ឆ្លាស់ទៅយ៉ាងនេះ តើលោកម្ចាស់យល់ស្របទេ?"
"ខ្ញុំកូរណាយល់ស្រប" វីរសីហៈឆ្លើយតបយ៉ាងជឿជាក់
"ណ្ហើយចុះ ! បើអញ្ចឹងមានន័យថា យល់ស្របគ្នាហើយ" ព្រះថេរៈនិយាយហើយក៏បែរទៅខាងនិគ្រន្ថជរាដែលធ្វើមុខងារជាប្រធានបណ្តោះអាសន្ន
"ចាប់តាំងពីពេលនេះតទៅ សូមឲ្យលោកម្ចាស់ធ្វើមុខងារជាប្រធាន ចាំឲ្យពិន្ទុនិងប្រកាសលទ្ធផលចុងក្រោយ" ។
ព្រះថេរៈបានងាកទៅខាងប្រជាជនដែលនៅជុំវិញខ្លួនហើយប្រកាសថា
"សាធុជនទាំងឡាយ ! កាលបើយល់កតិកានៃការឲ្យពិន្ទុច្បាស់លាស់ហើយ សូមជួយឲ្យពិន្ទុផង ក្រែងលោនៅលើកចុងក្រោយ បើកើតមានបញ្ហាណាឡើង នឹងបានជួយធ្វើជាសាក្សី ឥឡូវនេះ យើងក៏បានយល់ស្របគ្នាអំពី របៀបបដិបត្តិផ្សេង ៗ រួចរាល់ហើយ សមគួរនឹងចាប់ផ្តើមតស៊ូសម្តីបានហើយ ខ្ញុំកូរណាចង់ដឹងថាតើឲ្យភាគីណាជាអ្នកចាប់ផ្តើមចោទសួរមុន?"
"ខ្ញុំកូរណាចង់សួរមុន" វីរសីហៈឆ្លើយភ្លាមដោយទំនុកចិត្តថា ខ្លួនមានសំណួរផ្តាច់ព្រលឹងដែលនឹងសួរដេញដោលគូតស៊ូឲ្យទាល់ច្រក បានមានសម្លេងជំទាស់លាន់ឮចេញពីភាគីពុទ្ធបរិស័ទខ្លះ ប៉ុន្តែក៏ត្រូវបានព្រះថេរៈ ហាមឃាត់ លោកបានពន្យល់ថា ការសួរមុនឬក្រោយមិនមែនជាចំណុចបានប្រៀបឬចាញ់ប្រៀបអ្វីទេ ព្រោះភាគីឆ្លើយតបអាចសួរឡងវិញបានគ្រប់ពេលវេលា
"បើអញ្ចឹង ខ្ញុំកូរណាចាប់ផ្តើមសួរសំណួរដំបូងជាមួយនឹងលោកម្ចាស់" វីរសីហៈនិយាយដោយអាការស្រស់ស្រាយញញឹមញញែម ប្រជាជនអ្នកស្តាប់ទាំងអស់ស្ងាត់ស្ងៀមឈឹង តាំងចិត្តចាំស្តាប់ថាតើភាគីនិគ្រន្ថចាប់ផ្តើម សួរអំពីរឿងអ្វី "ខ្ញុំកូរណាសូមសួរថា ព្រះទេវទត្តបានចងអាឃាតព្យាបាទចំពោះព្រះសមណគោត្តម មែនឬទេ?"
សំណួររបស់វីរសីហៈជាការចុចចំណុចខ្សោយរបស់ពុទ្ធបរិស័ទបែបគ្រោងទុកជាមុន ធ្វើឲ្យពុទ្ធបរិស័ទកើតអាការ រសាប់រសល់ក្រវល់ក្រវាយក្នុងចិត្តភ្លាម ខុសស្រឡះនឹងភាគីនិគ្រន្ថដែលសម្តែងសេចក្តីត្រេកអរពេញចិត្តយ៉ាងច្បាស់ក្រឡែត
"មែន" ព្រះរេវត្តត្ថេរៈឆ្លើយដោយចង្វាក់សម្លេងនិងកិរិយាអាការប្រក្រតី
វីរសីហៈញញឹមយ៉ាងគាប់ចិត្តហើយសួរតទៅទៀតថា
"ព្រះទេវទត្តបានឃុបឃិតជាមួយនឹងព្រះបាទអជាតសត្រូវ ចាក់ចុចអុជអាលឲ្យព្រះអង្គធ្វើគុតព្រះរាជាធិបតី ពិម្ពិសារ មែនឬទេ?"
"មែន"ព្រះថេរៈឆ្លើយអះអាង
"ព្រះទេវទត្តបានឃុបឃិតសមគំនិតជាមួយនឹងព្រះបាទអជាតសត្រូវឲ្យលែងដំរីនាឡាគិរីទៅព្រេចពិឃាត ព្រះសមណគោត្តម បានជួលខ្មាន់ធ្នូទៅបាញ់ព្រះសមណគោត្តម និងបានសួឡើងទៅលើកំពូលភ្នំគិជ្ឈកូដប្រមៀលដុំថ្មដោយបំណងនឹងឲ្យកិនសង្កត់ព្រះសមណគោត្តមមែនឬទេ?" វីរសីហៈសួរយ៉ាងរួសរាន់
"មែន" ព្រះរេវត្តៈឆ្លើយអះអាងដូចដើម
"ព្រះទេវទត្តបានបំបែកព្រះសង្ឃសាវ័ករបស់ព្រះសមណគោត្តមឲ្យបែកខ្ញែកចេញជា ២ ក្រុម មែនឬទេ?"
"មែន" ព្រះថេរៈឆ្លើយអះអាង
"ព្រះទេវទត្តជាព្រះញាតិជិតរបស់ព្រះសមណគោត្តមហើយបានចេញបួសសិក្សាបដិបត្តិនៅយ៉ាងជិតដិត
ជាមួយនឹងព្រះអង្គអស់ពេលជាយូរ មែនឬទេ?"
"មែន" ព្រះថេរៈឆ្លើយ
វីរសីហៈញញឹមយ៉ាងបានចង្វាក់ ហើយបែរទៅញញឹមដាក់បក្សពួករបស់ខ្លួនទៀតផង
"ព្រះទេវទត្តជាមនុស្សគម្រក់ថោកទាប មានចិត្តសន្តានពេញទៅដោយកិលេសអាសវៈ មែនឬទេ?"
"មែន" ព្រះថេរៈឆ្លើយអះអាងដូចដើម
"អស់លោកសាធុជនទាំងឡាយ !"វីរសីហៈប្រកាសដល់ប្រជាជនដោយសម្លេងយ៉ាងឮ
"នៅពេលដែលខ្ញុំកូរណាអាត្មាសួរថា ព្រះទេវទត្តជាមនុស្សអាក្រក់ថោកទាបក្តី សួរថា ព្រះទេវទត្តជាព្រះញាតិរបស់ព្រះសមណគោត្តមចេញបួស និងបដិបត្តិក្នុងសម្នាក់ព្រះសមណគោត្តមអស់ពេលជាយូរក្តី ព្រះរេវត្តៈអ្នកមានអាយុក៏បានឆ្លើយតបថាជាការពិតគ្រប់សំណួរ កាលបើដូច្នេះ វិញ្ញូជនទាំងឡាយតែងយល់ស្របសម្របតាមខ្ញុំកូរណាអាត្មាថា សាសនធម៌របស់ព្រះសមណគោត្តមនោះជាធម៌អសារឥតការ ព្រោះមិនអាចកែប្រែមនុស្សអាក្រក់ឲ្យជាមនុស្សល្អបាន ប្រការនេះជាការពិតឬទេ? សាធុជនទាំងឡាយយល់ឃើញយ៉ាងណា សូមឲ្យឆ្លើយតបយ៉ាងនោះចុះ"
"ជាការពិត"និគ្រន្ថបរិស័ទទាំងឡាយឆ្លើយតបជាសម្លេងតែមួយយ៉ាងលាន់ឮទ្រហឹងអឺងកងពេញទាំងអារាម សម្លេងឆ្លើយតបនិងកិរិយាសម្តែងមោទកភាពត្រេកអររបស់ពួកគេ ធ្វើឲ្យពុទ្ធបរិស័ទកើតទុក្ខមុខស្រងូតយ៉ាងជាក់ស្តែង ម្នាក់ ៗសម្លឹងមើលព្រះថេរៈដោយអាការញាប់ញ័រ សង្ស័យ និងអាណិតអាសូរលាយឡំគ្នា មិនដឹងថាអ្នកតំណាងខាងខ្លួនអាចដោះសាពាក្យចោទប្រកាន់ដែលជាការពិតរបស់គូបដិបក្សបានឬទេ
វីរសីហៈបែរទៅខាងនិគ្រន្ថជាប្រធានហើយនិយាយឡើងដោយអាការស្វាហាប់ថា
"លោកប្រធាន ! លោកម្ចាស់បានស្តាប់ហើយមែនទេថា ព្រះរេវត្តៈអ្នកមានអាយុបានទទួលឆ្លើយថាជាការពិតគ្រប់សំណួរតាមដែលខ្ញុំកូរណាចោទសួរ តើខ្ញុំកូរណាសមគួរនឹងបានពិន្ទុនៅទឹកដំបូងនេះហើយឬនៅ?"
"កុំអាលសិន លោកប្រធាន !" ព្រះរេវត្តៈនិយាយឡើងនៅទីបំផុត "លោកប្រធានមិនអាចឲ្យពិន្ទុនៅពេលនេះបានទេ ខ្ញុំកូរណាមិនទាន់បានឆ្លើយតបចំណុចសំខាន់របស់លោកវីរសីហៈនៅឡើយ ចំណុចសំខាន់របស់ភាគីចោទសួរនៅត្រង់ថា សាសនធម៌របស់ព្រះពុទ្ធជាម្ចាស់ជាធម៌អសារឥតការ ព្រោះមិនអាចកែប្រែ ព្រះទេវទត្តដែលអាក្រក់ថោកទាបឲ្យជាមនុស្សល្អបាន ខ្ញុំកូរណាសូមឱកាសឆ្លើយដោះស្រាយចំណុចនេះសិន បើខ្ញុំកូរណាដោះស្រាយមិនស្រឡះច្បាស់លាស់ទេ ក៏អនុញ្ញាតឲ្យលោកវីរសីហៈចោទសួរបំពេញបន្ថែមបាន បើលោកដេញដោលទៅ ឃើញថា ខ្ញុំកូរណាមិនអាចឆ្លើយតបលោកបាន ខ្ញុំកូរណាត្រេកអរនឹង ប្រគល់ពិន្ទុឲ្យជារបស់លោក"
"ប៉ុន្តែខ្ញុំកូរណាគួរតែបាន ១ ពិន្ទុនៅពេលនេះ "វីរសីហៈនៅតែប្រកែក
"ព្រោះលោកក៏បានទទួលរ៉ាប់រងនៅខាងដើមថា បើភាគីឆ្លើយតបទទួលស្គាល់ថាជាការពិតតាមដែលភាគី ចោទសួរឈ្លេចសួរដេញដោលហើយ ភាគីចោទសួរតែងបាន ១ ពិន្ទុ ឥឡូវនេះ លោកម្ចាស់ក៏ទទួលស្គាល់ហើយថាព្រះទេវទត្តជាមនុស្សអាក្រក់ ជាអ្នកចងអាឃាតព្យាបាទព្រះសមណគោត្តម ជាអ្នកចាក់ចុចព្រះ បាទអជាតសត្រូវឲ្យធ្វើឃាតព្រះរាជបិតា ជាអ្នកធ្វើសង្ឃភេទ កាលបើលោកម្ចាស់ទទួលស្គាល់ហើយយ៉ាងនេះ ហេតុដូចម្តេចបានជាខ្ញុំកូរណាមិនគួរទទួលបានពិន្ទុ?"
គ្រាន់តែវីរសីហៈនិយាយចប់ បណ្តាសាវ័ករបស់និគ្រន្ថក៏និយាយអ៊ុលអាល់អឺងកងឡើងថា ត្រូវតែឲ្យវីរសីហៈ ១ ពិន្ទុ ចំណែកខាងពុទ្ធបរិស័ទក៏ឆ្លើយតបវិញថាមិនគួរបានពិន្ទុទេ ការជជែកប្រកែកគ្នារវាងសាវ័ករបស់ភាគី ទាំង ២ ប្រព្រឹត្តទៅយ៉ាងកោលាហលជ្រួលច្របល់ រហូតដល់សឹងតែបញ្ឈប់ការតស៊ូសម្តី ។
ប្រភពៈ http://www.khmerbuddhism.ca/
No comments:
Post a Comment