ស្រ្តីគ្រប់រូបដែលបានកើតមកនៅក្នុងលោកយើងនេះ
តែងតែមានសេចក្ដីប្រាថ្នា ចង់ឲ្យខ្លួនជាមនុស្សល្អឯក ជាទីចាប់អារម្មណ៍ និងពេញចិត្តពេញថ្លើមអំពីបុរស។
ទោះបីជារូបរាងកាយរបស់នាង មានពណ៌សម្បុរ អាក្រក់ ល្អ ស ខ្មៅ ទាប ខ្ពស់ ស្គម ធាត់ យ៉ាងណាក៏ដោយ
ពួកនាងប្រាថ្នាចង់ឲ្យបុរសចេះលួងលោមនាង និងលុះក្នុងអំណាចរបស់នាងជានិច្ច។
ស្ត្រីខ្លះហេតុតែចង់បានភាពទាក់ទាញពីបុរស
បានទៅកែសម្ផស្ស (ជួនកាលការកែសម្ផស្សនាំឲ្យមានការប្រតិកម្មស្បែក
ខូចមុខមាត់សឹងតែមានខ្លះដែរ) ឬក៏ទៅរកគ្រូមន្តអាគម គ្រូបញ្ចុះស្នេហ៍ ព្រោះតែមានការប្រាថ្នា
ដើម្បីធ្វើឲ្យបុរសក្នុងលោកនេះ តាមសុំស្នេហា គឺសេចក្ដីស្រឡាញ់អំពីខ្លួននាង
ឬក៏លួចសម្លឹងដៀងកន្ទុយភ្នែកតាមមើលនាង ដោយមិនប៉ប្រិចភ្នែក
រហូតធ្វើឲ្យវង្វេងស្មារតី។
ស្ត្រីខ្លះទៀត
ហេតុតែចង់បានការចាប់អារម្មណ៍ អំពីបុរសកាន់តែខ្លាំងឡើងនោះ ពួកនាងខំបង្អួតគ្នាខាងសម្ភារនិយម
រហូតដល់ប្រើប្រាស់គ្រឿងស្លៀកពាក់ទៀតផង។ ចំពោះស្ត្រីដែលដេញតាមសម័យទំនើបខ្លាំងពេក
ពួកនាងបានបំភ្លេចចោលអស់ នូវខឿនវប្បធម៌ប្រពៃណីជាតិរបស់ខ្លួនឯង
ហើយទទួលយកនូវវប្បធម៌របស់ប្រទេសដទៃ មកប្រើប្រាស់ជំនួសវិញ។
ដូចជានៅក្នុងសម័យបច្ចុប្បន្ននេះ ប្អូនៗយុវនារីតុបតែងខ្លួនខុសប្រក្រតី
ការស្លៀកសំលៀកបំពាក់ ខើចលើខើចក្រោម លេចលើលេចក្រោម
ស្ទើរតែគ្រប់វិស័យនៃស្រទាប់យុវវ័យទៅហើយ។ ដោយពួកនារីទាំងអស់នោះ យល់ឃើញថា
ការស្លៀកពាក់បែបនេះ គឺវាទាន់សម័យ និងមានភាពទាក់ទាញផង
ទើបធ្វើឲ្យបុរសតាមសម្លឹងមើលនាង ដោយមិនដាក់ភ្នែក តាមពិតទៅដោយពួកនាង មិនបានគិតអំពីភាពអវិជ្ជមាន
ដែលនឹងកើតមានឡើងដល់ខ្លួនក្នុងអនាគតនោះទេ។
មិត្តអ្នកអានទាំងឡាយ
ចូរយើងទាំងអស់គ្នា ធ្វើការពិចារណាគិតមើលថា តើសង្គមយើងបច្ចុប្បន្ននេះ
បានទទួលនូវការរងគ្រោះអ្វីខ្លះសម្រាប់ស្ត្រីភេទ?
យើងទាំងអស់គ្នា
ធ្លាប់បានអាន ធ្លាប់បានឮហើយថា មានសារព័ត៌មានជាច្រើន គេបានផ្សព្វផ្សាយអំពីករណីចាប់រំលោភសិទ្ធិ
ព្រមទាំងអំពើហិង្សាទៀតផង។ ទាំងអស់នេះ យើងគួរតែត្រិះរិះរកហេតុផលឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ
ជៀសវាងកុំឲ្យខ្លួនធ្លាក់ចូលទៅក្នុងភក់ជ្រាំឲ្យសោះ។
បើតាមទស្សនៈរបស់ព្រះពុទ្ធសាសនាវិញ
សម្រាប់ស្ត្រីដែលសម្បូរទៅដោយមន្តស្នេហ៍ ការចាប់អារម្មណ៍ ការទាក់ទាញ
មិនមែនអាស្រ័យលើការកែសម្ផស្ស គ្រូមន្តអាគម គ្រូបញ្ចុះស្នេហ៍
ឬសម្លៀកបំពាក់ខើចលើខើចក្រោម លេចលើលេចក្រោមនោះទេ។ ព្រះពុទ្ធជាម្ចាស់
ព្រះអង្គទ្រង់បានត្រាស់សម្តែងថា ស្ត្រីដែលដល់ព្រមដោយកម្លាំង ៥យ៉ាង ជាមន្តស្នេហ៍ដ៏សក្តិសិទ្ធ
និងជាថ្នាំទិព្វដ៏ពូកែបំផុតសម្រាប់បុរសក្នុងលោក។
១) កម្លាំងរូប៖ រូបសម្បត្តិល្អ គឺជាធម្មជាតិមួយ ដែលបានកើតឡើង
ដោយអាស្រ័យបុណ្យ ដែលខ្លួនបានសន្សំទុកមក។ ពណ៌សម្បុរល្អ រូបសម្ផស្សផូរផង់នោះហើយ
ដែលបានបង្ហាញឲ្យឃើញអំពីភាពទាក់ទាញ ព្រមទាំងភាពថ្លៃថ្នូរ និងការចាប់អារម្មណ៍។
រូបសម្រស់ជាគ្រឿងលម្អខាងក្រៅ ឬជាអាវក្រោះការពារនូវកេរ្តិ៍ឈ្មោះកិត្តិយស
និងភាពល្បីល្បាញឲ្យស្រ្តីគ្រប់រូប ហើយជាគ្រឿងសម្រាប់លើកតម្កើងខ្ពស់មួយកម្រិតថែមទៀត។
រូបសម្ផស្សស្រស់ស្អាត
គឺជាភាពចាំបាច់បំផុតសម្រាប់ស្ត្រីភេទ ដែលស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យខ្លួនស្អាតជានិច្ច
ព្រោះថាស្ត្រីដែលស្រស់ស្អាតល្អ តែងតែធ្វើឲ្យបុរសក្នុងលោកលង់ចិត្តសុំស្នេហ៍ពីពួកនាង
ហើយស្ត្រីរមែងមានអំណាចគ្របដណ្ដប់លើបុរសដោយរូបសម្ផស្សខ្លួន។ មានស្រ្តីខ្លះ ហេតុតែខ្លួន
មានរូបសម្ផស្សល្អឆើតឆាយ បានធ្វើឲ្យបុរសឈ្លក់វង្វេងក្នុងបញ្ចកាមគុណ
បានញាំញីដួងចិត្តបុរស ឲ្យក្លាយទៅជាខ្ញុំកញ្ចះតណ្ហាទៅវិញ ព្រោះតែខ្លួនមានរូបល្អ
បានដឹកនាំឲ្យបុរសប្រព្រឹត្តអំពើអាក្រក់ ដោយកាយ វាចា ចិត្ត រហូតដល់ប្រព្រឹត្តធ្វើនូវអំពើខុសច្បាប់ផ្សេងៗ
មានការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ឬក៏ប្រែក្លាយមនុស្សល្អ
ឲ្យក្លាយទៅជាមនុស្សអន្ធពាល បង្ករឿងរ៉ាវដល់សង្គមជាតិ និងសាសនា។
ដូច្នេះហើយ
ស្រ្តីដែលមានរូបសម្ផស្សស្រស់ស្អាតនោះ មិនត្រូវយករូបសម្រស់របស់ខ្លួន
ធ្វើឲ្យបុរសឈ្លក់វង្វេងទេ គឺត្រូវប្រើប្រាស់រូបសម្ប័ទឲ្យមានប្រយោជន៍
ហើយត្រូវប្រកបដោយគុណធម៌ក្នុងជីវិតរស់នៅ ពោលគឺត្រូវយកភាពស្រស់ស្អាតនោះ
បញ្ជាឬទាក់ទាញដឹកនាំបុរសឲ្យចេះធ្វើអំពើល្អ ដែលប្រកបដោយសេចក្ដីមេត្តា ករុណា
ដល់មនុស្សសត្វទូទៅទាំងអស់។ បន្ទាប់មកទៀតត្រូវដឹកនាំឲ្យបុរសសាងសន្សំប្រយោជន៍ទាំងពីរ
គឺប្រយោជន៍ក្នុងនេះ១ និងប្រយោជន៍លោកខាងមុខ១ ដឹកនាំដោយភាពញញឹមញញែម
ហើយព្យាយាមពន្យល់ឲ្យបុរសនោះ ធ្វើសេចក្ដីល្អអស់កាលជានិច្ច។
២) កម្លាំងទ្រព្យ៖ ទ្រព្យសម្បត្តិ គឺជាវត្ថុធាតុមួយ ដែលសម្រាប់រុញច្រាន
ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ មានការរីកចម្រើនគ្រប់វិស័យ
មានវិស័យកសិកម្មជាដើម។ ព្រោះទ្រព្យសម្បត្តិបានជួយឧបត្ថម្ភគាំទ្រឲ្យមនុស្សលោក
បានប្រកបដោយដោយសេចក្ដីសុខទាំងឡាយបួនប្រការ
មានសេចក្ដីសុខដែលកើតឡើងព្រោះការប្រើប្រាស់ទ្រព្យ ចាយវាយទ្រព្យជាដើម។
ទ្រព្យសម្បត្តិមិនមែនផ្តល់ត្រឹមតែសុខបួនប្រការនេះទេ
អាចធ្វើឲ្យមនុស្សមានសេចក្ដីសុខស្រួលទាំងផ្លូវកាយទៀតផង ដោយមិនសូវមានភាពនឿយហត់ឡើយ
អាចជួយបុគ្គលឲ្យរស់នៅក្នុងលោកនេះ បានប្រសើរដោយងាយ ហើយក៏ខំបំពេញតែអំពើល្អ
មានការបរិចាគទានជាដើម។ ដូច្នេះហើយ ទ្រព្យសម្បត្តិ វាគឺជារូបធម៌ នាមធម៌
ដែលមានសារៈសំខាន់បំផុត ក្នុងការជួយឧបត្ថម្ភគាំទ្រនូវជីវភាពរស់នៅ
ហើយអាចជួយមនុស្សឲ្យមានការអភិវឌ្ឍខ្លួនឯង
ឈានទៅរកភាពឧដុង្គឧត្តមខ្ពង់ខ្ពស់ដ៏ក្រៃលែងថែមទៀតផង។
ស្រ្តីដែលមានទ្រព្យសម្បត្តិ
ព្រោះអាស្រ័យដោយបុណ្យ កុសលព្រេងសំណាង
បានផ្តល់ឲ្យកើតក្នុងត្រកូលខ្ពង់ខ្ពស់ស្ដុកស្ដម្ភ ឬក៏កើតឡើង ដោយការឧស្សាហ៍ព្យាយាមប្រឹងប្រែងនៃខ្លួនឯងក្តី
ប្រែក្លាយពីជីវភាពដុនដាប ឲ្យក្លាយទៅជាមានសេដ្ឋកិច្ចជីវភាពធូរធារមិនលំបាកនឿយហត់។
ទាំងអស់នេះជាគុណប្រយោជន៍ នៃទ្រព្យសម្បត្តិ ព្រោះជាកម្លាំងយ៉ាងរឹងមាំ
សម្រាប់ស្ត្រីដែរ ហើយប្រែក្លាយពីភាពទន់ជ្រាយ ទន់ខ្សោយ ឲ្យទៅជារឹងប៉ឹងបាន
ដោយពឹងផ្អែកទៅលើទ្រព្យសម្បត្តិ បានជួយគាំទ្រ បានធ្វើឲ្យការរស់នៅកាន់តែប្រសើរឡើងៗ។
ស្រ្តីដែលមានទ្រព្យច្រើនអាចគ្រប់សង្កត់លើបុរស
និងជួយឲ្យបុរសក្នុងការអភិវឌ្ឍសង្គមជាតិបានទៀតផង។
ប៉ុន្តែអ្វីដែលជាទ្រព្យដ៏សំខាន់ជាងនោះទៅទៀត និងប្រសើរបំផុតនោះគឺ អរិយទ្រព្យទាំង ៧
មានទ្រព្យគឺសទ្ធា១ ទ្រព្យគឺសីល១ ទ្រព្យគឺសេចក្តីខ្មាសបាប១
ទ្រព្យគឺសេចក្ដីខ្លាចបាប១ ព្រទ្យគឺការរៀនច្រើនស្តាប់ច្រើន១ ទ្រព្យគឺការលះ១
និងទ្រព្យគឺបញ្ញា១។ មានតែទ្រព្យទាំងអស់នេះ ដែលអាចជួយឲ្យមនុស្សមានភាពប្រសើរបាន
ដូច្នេះហើយ សូមស្ត្រីគ្រប់រូប ព្យាយាមដឹកនាំឲ្យបុរសដើរតាម ធ្វើតាមទ្រព្យទាំងអស់នេះ។
៣) កម្លាំងញាតិ៖ សម្រាប់ជីវិតមនុស្សយើងគ្រប់គ្នា
ដែលមានជីវិតរស់នៅក្នុងលោក កើតមកតែងតែមានញាតិ ដោយហេតុថា ញាតិមិត្តសាច់សាលោកហិត
ឬសាច់ញាតិសន្តានជាកម្លាំងស្នូលដ៏រឹងមាំ ដែលតាមជួយការពារថែរក្សា
នូវកេរ្តិ៍ឈ្មោះកិត្តិយសរបស់នាង ទាំងទីចំពោះមុខ និងទាំងទីកំបាំងមុខ។
ដូច្នេះសបញ្ជាក់ឲ្យឃើញថា ស្រ្តីដែលមានញាតិ ដូចជាមានរបងការពារដ៏រឹងមាំដែរ
ដែលសម្រាប់ការពារទប់ស្កាត់ សត្វពាហនៈកាចសាហាវ និងមនុស្សអាក្រក់
ដូចជាការពារនូវពាក្យប្រមាថកាតទាន អំពីសំណាក់បុរសៗទៀតផង ហើយក៏គ្មានបុគ្គលណាមួយ
ហ៊ានប្រមាថមើលងាយបានដែរ ទោះបីមានស្វាមីក៏ដោយ។ ប៉ុន្តែបើផ្ទុយទៅវិញ ចំពោះស្រ្តីដែលគ្មានញាតិ
តែងតែងជួបប្រសព្វភាពអន្តរាយជាច្រើន ហើយធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃ
ជួបតែសេចក្ដីលំបាក និងបញ្ហាជាច្រើនក្នុងជីវិតរស់នៅទៀតផង។
មិត្តអ្នកអាន
ជាទីស្រឡាញ់រាប់អាន! យើងទាំងអស់គ្នាធ្លាប់បានដឹងហើយថា សម្រាប់ស្ត្រីដែលគ្មានញាតិ តែងជួបប្រទះនូវបញ្ហាអ្វីខ្លះក្នុងជីវិត។
ស្ត្រីដែលគ្មានញាតិ គឺមិនមានភាពកក់ក្តៅទេ មានតែភាពកណ្តោចកណ្ដែងតែម្នាក់ឯង
ប្រៀបដូចជាកោះនៅកណ្ដាលមហាសមុទ្រសាគរ ប្រសិនបើមានស្វាមីវិញនោះ ញាតិខាងស្វាមីខ្លួន
តែងមើលងាយ មើលថោក និងចាប់ទោសអួសដំណើរជានិច្ច ធ្វើឲ្យនាងមានសេចក្ដីទុក្ខព្រួយមានអារម្មណ៍តានតឹង
និងការរស់នៅគ្មានសេចក្ដីសុខឡើយ។
ហេតុនេះហើយ
ស្ត្រីដែលមានញាតិ មានបរិវារច្រើនបានជាកម្លាំងដ៏រឹងមាំ
និងសារៈសំខាន់បំផុតសម្រាប់ខ្លួន ហើយក៏អាចជួយស្វាមីបាន ក្នុងការបង្កើតមុខជំនួញជួយប្រែ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ពុំនោះសោត អាចជួយចូលរួមចំណែក
ក្នុងកិច្ចការស្ថាបនាសង្គមជាតិបានថែមទៀតផង។
៤) កម្លាំងបុត្រ៖ បុរសស្ត្រី ដែលរស់នៅក្នុងពិភពលោកយើងនេះ
នៅពេលដែលជីវិតអាពាហ៍ពិពាហ៍បានកើតឡើង ចំពោះមនុស្សទាំងពីរនេះហើយ គោលបំណងធំចំបង
ដែលពួកគេចង់បានបំផុតនោះគឺបុត្រ ដើម្បីយកមកតពូជពង្សវង្សត្រកូលរបស់គេ
ទោះបីស្រីឬប្រុសក៏ដោយ ព្រោះថា បុត្រគឺជាចំណងដៃ នៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។
ស្ត្រីដែលមានបុត្រ គឺបានចងភ្ជាប់ស្វាមីរបស់ខ្លួន មិនឲ្យបែកចិត្ត ឬឃា្លតចេញឆ្ងាយទៅកាន់ទីដទៃ
ហើយបុត្រក៏ជាចំណងសម្រាប់ចងឪពុក មិនឲ្យប្រេះស្រាំបែកចិត្តចេញពីម្តាយ
ព្រោះស្ត្រីដែលមានបុត្រ គឺមានកម្លាំងដ៏ខ្លាំងក្លាណាស់។
ប្រសិនបើយើងធ្វើសេចក្ដីប្រៀបធៀបជាមួយឪពុកនោះ ដោយហេតុថា បុត្រធីតាគ្រប់រូបទាំងអស់
តែងជាប់ជំពាក់ជាមួយម្តាយ ជាងឪពុក ដោយចាប់តាំងពីកូននៅក្នុងឧទរ រហូតចេញចាកផ្ទៃ។
ម៉ែបានបំបៅទឹកដោះកូនរស់រានមានជីវិត
ហើយរូបកូនគឺនៅជាប់ជាមួយដើមទ្រូងរបស់ម្តាយជានិច្ច ព្រោះដើមទ្រូងរបស់ម្តាយបានផ្តល់នូវភាពកក់ក្តៅឲ្យកូនៗ។
សម្លេងរបស់ម្តាយ គឺជាមន្តស្នេហ៍ដ៏សក្តិសិទ្ធ ចម្រៀងដែលម៉ែច្រៀងបំពេរ
តែងធ្វើឲ្យរូបកូនគេងលក់ស្រួល។ ដូច្នេះហើយ
បានជាកូនគ្រប់រូបមានចិត្តធ្ងន់ទៅលើម្តាយជាងឪពុក។ ដោយហេតុថា ឪពុកចេញទៅធ្វើការងារ
ពុំសូវបាននៅជាមួយនឹងកូន រវល់តែស្វែងទ្រព្យសម្បត្តិមកចិញ្ចឹមកូន និងភរិយា
មិនសូវមានឱកាសបាននូវក្បែររូបកូនៗឡើយ។
សម្រាប់ស្ត្រីដែលជាម្តាយ
ប្រសិនបើមានការអប់រំបុត្រធីតា ឲ្យក្លាយទៅជាមនុស្សល្អក្នុងសង្គមនោះ
រូបអ្នកម្តាយគឺជាស្ត្រីឆ្នើមបំផុត ជាឧត្តមភរិយារបស់ស្វាមី
ព្រោះកូនៗអាចធ្វើកិច្ចការជំនួសឪពុកក្នុងគ្រួសារ សង្គមជាតិ និងសាសនាបាន។
៥) កម្លាំងសីល៖ សីលជាសភាវៈមួយ ដែលប្រែក្លាយមនុស្សមិនល្អ
ឲ្យទៅជាមនុស្សល្អបានដោយហេតុផលថា សីលនេះ គឺជាធម៌របស់មនុស្ស
ពេលដែលមនុស្សបានទទួលកាន់យកមកអនុវត្ត និងបដិបត្តិហើយនោះ
នឹងញ៉ាំងឲ្យមនុស្សមានសេចក្ដីខ្មាសឬខ្លាចអំពើបាប
រួចខំប្រឹងប្រែងប្រព្រឹត្តធ្វើតែអំពើល្អ ដោយកាយ វាចា ចិត្តតែប៉ុណ្ណោះ។
នៅក្នុងទស្សនៈព្រះពុទ្ធសាសនា
បានពន្យល់ណែនាំថា បុគ្គលគ្រប់រូប ដែលប្រែក្លាយទៅជាមនុស្សពេញបរិបូណ៌បាន ត្រូវតែមានសីលធម៌ជាប់នឹងខ្លួន
ពោលគឺត្រូវតែកាន់យកសីលប្រាំ ហើយនៅក្នុងសិក្ខាបទទាំងប្រាំ មានសិក្ខាបទមួយ លោកមានសេចក្ដីប្រៀបធៀបដូចជាក្បាលម៉ាស៊ីន
ព្រោះក្បាលម៉ាស៊ីនវាអាចបញ្ជាផ្នែកគ្រឿងយន្ត និងឧបករណ៍ដទៃទៀតឲ្យធ្វើ ឬដើរតាមខ្លួន
ចំពោះសិក្ខាបទទីប្រាំគឺសុរាក៏ដូច្នោះដែរ។
នៅពេលដែលបុគ្គលបានប្រើប្រាស់ផឹកវាចូកទៅក្នុងខ្លួន គឺអាចធ្វើឲ្យបុគ្គលវង្វេងស្មារតី
មិនសូវស្គាល់ល្អអាក្រក់ឡើយ មានតែសេចក្ដីប្រមាទ បែរជាល្អប្រែជាពណ៌ខ្មៅទៅវិញ
ព្រោះតែអាស្រ័យដោយសុរា ដែលជាគ្រឿងស្រវឹងធ្វើឲ្យវង្វេង ហើយការប្រព្រឹត្តនូវបទល្មើសនៃសិក្ខាបទបួនដទៃ
អាចនឹងហ៊ានប្រព្រឹត្តធ្វើខុសឆ្គងផងដែរ ព្រោះតែក្បាលម៉ាស៊ីនខូច គ្រឿងចក្រផ្សេងទៀត ក៏ខូចមិនអាចធ្វើចលនាបានឡើយ។
ស្ត្រីដែលមានសីល
គឺមានន័យថា ជាស្ត្រីដែលប្រព្រឹត្តល្អដោយទ្វារទាំងបី ក្នុងជីវិតរស់នៅរបស់ខ្លួន ជាស្ត្រីដែលមានបែបបទក្រមសីលធម៌
ដែលពាក្យខ្មែរយើងបានហៅថា ជាស្ត្រីគ្រប់លក្ខណ៍ សភាវៈទន់ភ្លន់ សុភាពរាបសារ
គឺជាកម្លាំងដ៏សំខាន់មួយផ្នែកទៀត។ បើស្ត្រីមានសីល ជាថាមពលដ៏សក្ដិសិទ្ធ
និងជាសេចក្ដីល្អប្រសើរខ្លាំងក្លាដ៏ក្រៃលែង
ហើយក៏អាចទាក់ទង់ទាញបុរសឲ្យស្ថិតនៅក្នុងក្រមសីលធម៌ គុណធម៌
មិនឲ្យបុរសប្រព្រឹត្តអាក្រក់បង្កសង្រ្គាមមហន្តរាយបាន។
សរុបសេចក្ដីមកវិញ
ស្ត្រីដែលសម្បូរទៅដោយមន្តស្នេហ៍ ភាពទាក់ទាញ ព្រមទាំងការចាប់អារម្មណ៍នោះ
គឺទាល់តែប្រកបដោយកម្លាំងទាំងប្រាំប្រការនេះ ទើបជាមន្តស្នេហ៍ដ៏សក្ដិសិទ្ធ
នឹងរកមន្តស្នេហ៍ដទៃមកប្រៀបផ្ទឹមពុំបានឡើយ៕[edit]
......................
ស្រង់ចេញពី
សៀវភៅ៖ ធម៌ជាមាគ៌ាដើម្បីអភិវឌ្ឍន៍ជីវិត
ទំព័រ.១០៧-១១៨
បោះពុម្ព៖
ព.ស ២៥៥៥, គ.ស ២០១២
រៀប.ជួន
ចិន្តា(ភិក្ខុ ជោតបណ្ឌិត)
រូបភាពហ្វេសប៊ុកផេក
No comments:
Post a Comment