Wednesday, August 24, 2016

ការដឹងគ្រប់គ្រាន់នៃវិធីដកដង្ហើម១៦យ៉ាង


ថ្ងៃពេញបូណ៌មី ខែកក្កិកចូលមកដល់ ផ្កាកុមុត ឬផ្កាឈូកសរីករះរហង់គ្រប់ទីកន្លែង។ ដោយផ្កាកុមុតតែងចាប់រីកជារៀងរាល់ឆ្នាំ ចំថ្ងៃពេញបូណ៌មី ខែកក្កិក ដូច្នោះហើយ បានជាគេហៅថា ថ្ងៃកុមុត។

នៅពេលល្ងាចថ្ងៃកុមុតនោះ នៅវត្តបុព្វារាម មានសាវ័ក ៣ ពាន់រូប គង់ចាំស្តាប់ព្រះដ៏មានព្រះភាគបង្រៀន អំពីវិធីដកដង្ហើមយ៉ាងស្ងៀមស្ងាត់ ក្រោមពន្លឺព្រះចន្ទថ្លា ទៀបមាត់បឹងមួយ ​ដែលមានផ្កាឈូកសរីកស្គុះស្គាយ និងចោលសុគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់។ នេះជាលើកទីមួយហើយ ដែលព្រះពុទ្ធអង្គទ្រង់សំដែងយ៉ាងក្បោះក្បាយបំផុត នូវសូត្រមួយស្តីអំពី ការដឹងគ្រប់គ្រាន់នៃការដកដង្ហើម ទៅកាន់ភិក្ខុ ភិក្ខុនី ដែលជាសាវ័ករបស់ព្រះអង្គ។ ភិក្ខុនីមួយចំនួន ដូចជា ភិក្ខុនីយសោធរា ភិក្ខុនីរូបនន្ទា ភិក្ខុនីសីលា ភិក្ខុនីវិមល ភិក្ខុនីសោមា ភិក្ខុនីមុត្តា ភិក្ខុនីឧត្តរាក៏មានវត្តមានក្នុងទីនោះដែរ។

ព្រះពុទ្ធទ្រង់សំដែងសូត្រនោះថា "ម្នាលភិក្ខុ ភិក្ខុនីទាំងឡាយ វិធីនៃការដកដង្ហើម បើយើងខំប្រឹងសិក្សាឲ្យបានហ្មត់ចត់ និងភ្ជាប់ភ្ជួន នឹងអាចនាំមកនូវលទ្ធផលល្អ និងសារប្រយោជន៍សំខាន់បំផុត វានាំឲ្យទទួលជោគជ័យនៅក្នុងការសិក្សា នូវសតិប្បដ្ឋាន៤ និងពោជ្ឈង្គ៧ ដែលបណ្ដាលឲ្យមានការយល់ដឹង និងរួចចាកអំពីទុក្ខ"។ បុគ្គលម្នាក់ៗត្រូវអនុវត្ត ការដកដង្ហើមដូចតទៅ៖


ដង្ហើមទី១៖ ដកដង្ហើមចូលវែង អ្នកដឹងថា អ្នកកំពុងដកដង្ហើមចូលវែង ដកដង្ហើមចេញវែង អ្នកដឹងថា អ្នកកំពុងដកដង្ហើមចេញវែង។

ដង្ហើមទី២៖ ដកដង្ហើមចូលខ្លី អ្នកដឹងថា អ្នកកំពុងដកដង្ហើមចូលខ្លី ដកដង្ហើមចេញខ្លី អ្នកដឹងថា អ្នកកំពុងដកដង្ហើមចេញខ្លី។ ការដកដង្ហើមទាំងពីរខាងលើនេះ អាចឲ្យអ្នកកាត់ផ្ដាច់នូវការភ្លេចភ្លាំង និងសេចក្ដីកង្វល់ឥតប្រយោជន៍។ ជាមួយគ្នានេះដែរ អាចបណ្តាលឲ្យអ្នកមានការគិតគូរត្រឹមត្រូវ និងជួបប្រទះនូវជីវិតបច្ចុប្បន្ន។ ការភ្លេចភ្លាំងគឺ ការបាត់បង់គំនិតត្រឹមត្រូវ ការដកដង្ហើមដោយការយល់ដឹង អាចនាំឲ្យយើងត្រឡប់មកគិតអំពីជីវិត។

ដង្ហើមទី៣៖ ដកដង្ហើមចូល គឺអ្នកដឹងនូវរូបកាយទាំងមូលរបស់អ្នក ដកដង្ហើមចេញ អ្នកដឹងនូវរូបកាយទាំងមូលរបស់អ្នក។ ដង្ហើមនេះ អាចឲ្យអ្នកចំរើនភាវនាលើរូបកាយ និងទាក់ទងផ្ទាល់ជាមួយនឹងរូបកាយរបស់អ្នក។ ការដឹងអំពីរូបកាយទាំងមូល និងអំពីផ្នែកនីមួយៗនៃរូបកាយ អាចធ្វើឲ្យអ្នកមើលឃើញនូវវត្តមានដ៏អស្ចារ្យ នៃរូបកាយរបស់អ្នក នឹងដំណើរនៃការកើត និងស្លាប់ ​ដែលមិនឱបជាប់នៅក្នុងរូបកាយរបស់អ្នកផង។

ដង្ហើមទី៤៖ អ្នកកំពុងដកដង្ហើមចូល ហើយធ្វើឲ្យខ្លួនអ្នកទាំងមូលនៅហ្នឹង និងសុខស្រួល។ អ្នកកំពុងដកដង្ហើមចេញ ហើយធ្វើឲ្យខ្លួនអ្នកទាំងមូលនៅហ្នឹង និងសុខស្រួល។ ដង្ហើមទីបួននេះ អាចជួយអ្នកយល់ដឹងនូវសភាពចិត្តហ្នឹងហ្ន និងសុខស្រួលនៃកាយ គឺពេលនេះហើយដែលកាយនិងចិត្ត និងដង្ហើមស្រុះស្រួលគ្នាជាធ្លុងមួយ។

ដង្ហើមទី៥៖ អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍រីករាយ អ្នកកំពុងដកដង្ហើមចេញ នឹងមានអារម្មណ៍រីករាយ។

ដង្ហើមទី៦៖ អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍សប្បាយ អ្នកកំពុងដកដង្ហើមចេញ នឹងមានអារម្មណ៍សប្បាយ។ ជាមួយនឹងដង្ហើមទាំងពីរនេះ អ្នកអាចឆ្លងកាត់វិស័យនៃអារម្មណ៍។ ដង្ហើមទាំងពីរនេះបង្កើតឲ្យមានសភាពស្ងប់ស្ងៀម និងរីករាយ ដែលអាចចិញ្ចឹមទុកក្នុងកាយនិងចិត្ត​ ដោយសារការបញ្ឈប់នូវគំនិតរប៉ាត់របាយ នឹងភ្លេចភ្លាំងហើយអ្នកនឹងដឹងខ្លួនឯងវិញ នាពេលបច្ចុប្បន្ននេះ។ សុភមង្គលនិងសេចក្ដីរីករាយ ក៏កើតឡើងនៅក្នុងខ្លួនរបស់អ្នក អ្នករស់នៅក្នុងសភាពអស្ចារ្យនៃជីវិត ដែលអាចក្រេបរសជាតិនៃសេចក្ដីស្ងប់ស្ងាត់ និងរីករាយ ដែលកើតមាននៅក្នុងអារម្មណ៍។ តាមការជួបប្រទះក្នុងជីវិតដ៏អស្ចារ្យនេះហើយ ទើបអ្នកដូរអារម្មណ៍ បណ្ដាលឲ្យទៅជាអារម្មណ៍រីករាយបាន។ ដូច្នេះអារម្មណ៍ទាំងពីរនេះ ពិតជាធ្វើឲ្យអ្នកសប្បាយរីករាយ។

ដង្ហើមទី៧៖ អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវសកម្មភាពនៃគំនិត ឬអារម្មណ៍ទាំងឡាយ នៅក្នុងខ្លួនរបស់អ្នក។ អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវសកម្មភាពនៃគំនិត ឬអារម្មណ៍ទាំងឡាយ ក្នុងខ្លួនរបស់អ្នក។

ដង្ហើមទី៨៖ អ្នកកំពុងដកដង្ហើមចូល អ្នកធ្វើឲ្យសកម្មភាពនៃគំនិត និងអារម្មណ៍ទាំងឡាយ ក្នុងខ្លួនរបស់អ្នកស្ងប់និងសុខស្រួល។ អ្នកកំពុងដកដង្ហើមចេញ អ្នកធ្វើឲ្យសកម្មភាណនៃគំនិត និងអារម្មណ៍ទាំងឡាយ ក្នុងខ្លួនរបស់អ្នកស្ងប់និងសុខស្រួល។ ជាមួយនឹងដង្ហើមទាំងពីរ អាចធ្វើឲ្យអ្នកមើលឃើញវែងឆ្ងាយនូវអារម្មណ៍ទាំងឡាយ ដែលកើតឡើងនៅក្នុងខ្លួនរបស់អ្នក ទោះបីជាអារម្មណ៍នោះសប្បាយក្តី មិនសប្បាយក្តី ឬនៅកណ្តាលធម្មតាក្តី និងអាចឲ្យអ្នកធ្វើនូវអារម្មណ៍ស្ងប់ និងសុខស្រួលបាន បើអ្នកដឹងអំពីអារម្មណ៍ផ្ទាល់ខ្លួនអ្នក ហើយអាចមើលជ្រៅទៅដល់ឫសគល់ និងធម្មជាតិរបស់វា អ្នកពិតជាអាចទប់ និងធ្វើឲ្យអាម្មណ៍ទាំងនោះស្ងប់និងសុខស្រួលបាន ទោះបីជាអារម្មណ៍នោះ ជាគំនិតអាក្រក់កើតឡើងអំពីលោភៈ ទោសៈ មោហៈក៏ដោយ។

ដង្ហើមទី៩៖ អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវទឹកចិត្តរបស់អ្នក។ អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវទឹកចិត្តរបស់អ្នក។

ដង្ហើមទី១០៖ អ្នកកំពុងដកដង្ហើមចូល នឹងធ្វើចិត្តរបស់អ្នកសប្បាយនិងសុខស្រួល។ អ្នកកំពុងដកដង្ហើមចេញ នឹងធ្វើឲ្យចិត្តរបស់អ្នកសប្បាយនិងសុខស្រួល។

ដង្ហើមទី១១៖ អ្នកកំពុងដកដង្ហើមចូល និងកំពុងផ្ចង់ចិត្តរបស់អ្នក។ អ្នកកំពុងដកដង្ហើមចេញ និងកំពុងផ្ចង់ចិត្តរបស់អ្នក។

ដង្ហើមទី១២៖ អ្នកកំពុងដកដង្ហើមចូល នឹងកំពុងដកចិត្តរបស់អ្នក។ អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងដកចិត្តរបស់អ្នក។

ជាមួយនឹងដង្ហើមទាំង៤នេះ អ្នកអាចឆ្លងកាត់វិស័យទី៣ ដែលជាចិត្ត។ ដង្ហើមទី៩ អាចនាំឲ្យអ្នកស្គាល់នូវសភាវៈទាំងអស់នៃចិត្ត ដូចជាសញ្ញាខន្ធ គឺការពិចារណា ការប្រកាន់ ការសប្បាយ ការកើតទុក្ខ និងការមានមន្ទិលសង្ស័យ។ អ្នកសង្កេតពិនិត្យ និងស្គាល់នូវសភាវៈទាំងនេះ ដើម្បីមើលឃើញជ្រៅទៅក្នុងសកម្មភាពនៃចិត្ត ឬអារម្មណ៍ពេលសកម្មភាពនៃចិត្ត ឬអារម្មណ៍ ត្រូវបានសង្កេតពិនិត្យ និងទទួលស្គាល់រួចហើយ អ្នកអាចប្រមូលចិត្តរបស់អ្នក និងធ្វើចិត្តនោះឲ្យស្ងប់ និងសុខស្រួលបាន។ ចិត្តនេះកើតឡើងដោយអារម្មណ៍ទី១០ និងទី១១។ ដង្ហើមទី១២ អាចធ្វើឲ្យអ្នករួចចាកផុតពីឧបសគ្គទាំងអស់នៃចិត្ត ដោយសារការភ្លឺស្វាងនាំចិត្តរបស់អ្នក ទើបអ្នកអាចមើលឃើញនូវឫសគល់នៃសង្ខារ-វិញ្ញាណ និងអាចឈ្នះនូវឧបសគ្គទាំងអស់បាន។

ដង្ហើមទី១៣៖ អ្នកកំពុងដកដង្ហើមចូល អ្នកកំពុងពិនិត្យ នូវធម្មជាតិមិនទៀងទាត់ អនិច្ចំ នៃធម៌ទាំងអស់។ អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងពិនិត្យនូវធម្មជាតិ មិនទៀងទាត់នៃធម៌ទាំងអស់។

ដង្ហើមទី១៤៖ អ្នកកំពុងដកដង្ហើមចូល នឹងកំពុងតែពិនិត្យនូវការវិនាស អនត្តា នៃធម៌ទាំងអស់ អ្នកកំពុងតែដកដង្ហើមចេញ នឹងកំពុងតែពិនិត្យនូវការវិនាស ឬសាបសូន្យនៃធម៌ទាំងអស់។

ដង្ហើមទី១៥៖ អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនានូវវិមុត្តិ ការរំដោះទុក្ខ។ អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងចំរើនភាវនានូវវិមុត្តិ។

ដង្ហើមទី១៦៖ អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនាឧបេក្ខា អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងចំរើនភាវនានូវឧបេក្ខា ជាមួយនឹងដង្ហើមទាំង៤នេះ អ្នកអាចឆ្លងកាត់វិស័យនៃធម្មារម្មណ៍ នឹងសមាធិចិត្ត ដើម្បីពិនិត្យមើលនូវធម្មជាតិនៃធម៌ទាំងអស់ ជាដំបូងគឺការសង្កេតពិនិត្យទៅលើ ធម្មជាតិមិនទៀងនៃធម៌ទាំងអស់ ព្រោះតែធម៌ទាំងអស់មិនទៀតទាត់ហើយ បានជាធម៌ទាំងអស់នោះត្រូវវិនាសសាបសូន្យ។ នៅពេលដែលអ្នកបានយល់ច្បាស់ នូវធម្មជាតិមិនទៀងទាត់ និងការវិនាសសាបសូន្យនៃធម៌ទាំងអស់ អ្នកពិតជាមិនប្រតោងជាប់ ដោយការវិលកើតវិលស្លាប់ នៅក្នុងវដ្តសង្សារ ពុំចេះចប់នោះឡើយ។ ដោយសារហេតុនេះហើយ អ្នកអាចរួចខ្លួន និងសម្រេចនូវវិមុត្តិ ការផុតទុក្ខ ការរួចខ្លួនមិនមែនមានន័យថា គេចវេះឬរត់ចេញពីជីវិតនោះទេ។ រួចខ្លួនក្នុងទីនេះ មានន័យថា រួចខ្លួនអំពីចំណងតណ្ហា និងការវិលវល់ នៅក្នុងវដ្ដសង្សារដែលមានធម៌ជាប្រធាន។ នៅពេលដែលអ្នកមានឧបេក្ខា និងសម្រេចនូវវិមុត្តិ អ្នកពិតជាអាចរស់នៅបានយ៉ាងសុខស្រួល និងសប្បាយរីករាយ នៅក្នុងជីវិតនេះ មិនមានអ្វីអាចនឹងចងអ្នកបានទៀតទេ។

នេះហើយជាការប្រៀនប្រដៅរបស់ព្រះសាស្តា ដូចម្តេចដែលហៅថា ការពិនិត្យជ្រៅទៅក្នុងកាយ ចិត្ត និងធម្មារម្មណ៍​ តាមវិធីដកដង្ហើមទាំង ១៦យ៉ាង។

ព្រះសមណគោតមបរមគ្រូសាស្ដា ទ្រង់បានដាក់វិធីដកដ្ហើមទាំង ១៦នេះ ឲ្យអនុវត្តនៅក្នុងការហាត់រៀនពោជ្ឈង្គ ៧ផងដែរ គឺ សតិ១ ធម្មវិជយៈ១ វិរិយៈ១ បីតិ១ បស្សធិ១ សមាធិ១ និងឧបេក្ខា១។

ភិក្ខុ ភិក្ខុនីទាំង ៣ ពាន់អង្គ បានស្តាប់ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយសេចក្ដីជ្រះថ្លារីករាយ និងកក់ក្តៅជាទីបំផុត នៅក្នុងរាត្រីពេញបូណ៌មី ខែកក្កិក ក្រោមពន្លឺចន្ទថ្លា៕[edit]
..............................................
ចម្លងចេញអំពីពុទ្ធប្រវត្តិ
និងចេញពី www.visuddhi7.com
កែ.កុំ.ស្រុន ចាន់ណា
រូបភាពហ្វេសប៊ុក និងផេក

No comments:

Post a Comment