Monday, September 9, 2019

ក្រោកដើរដោយខ្លួនឯង



កាលពីក្មេងយើងបានទុកគ្រួសារជាបង្អែក ។ រហូតដល់យើងធំពេញវ័យ រកឃើញគោលដៅជីវិត ទើបយើងអាចបែកចេញពីគ្រួសារដ៏កក់ក្ដៅ ។ ពេលយើងនៅផ្ទះយើងកក់ក្ដៅ ពេលយើងឆ្ងាយផ្ទះ យើងត្រូវស្វែងរកភាពកក់ក្ដៅដោយខ្លួនឯង ។ ពេលយើងនៅក្មេងយើងចេះតែចាយលុយស្រាប់ៗ រស់នៅស្រួលៗ តែពេលយើងចម្រើនវ័យឡើង យើងចេះរកលុយដោយខ្លួនឯង ទើបយើងដឹងថា ការលំបាកវាមានលក្ខណៈបែបណា ។ ពេលយើងនៅក្មេង ពេលយើងចង់បានអ្វី យើងតែងសុំពីឳពុកម្ដាយ ហើយអ្វីដែលយើងទទួលបានពីឳពុកម្ដាយ គឺបានមកងាយៗស្រួលៗគ្មានបញ្ចេញកម្លាំងសោះ ។ ពេលយើងនៅក្មេងយើងមិនដែលដឹងទេ ថាបន្ទុករបស់ឳពុកម្ដាយចំពោះគ្រួសារវាធ្ងន់កម្រិតណា រហូតដល់ពេលមួយ គឺពេលដែលយើងធំដឹងក្ដី ហើយចាកចេញពីផ្ទះ ដើម្បីស្វែងយល់ពីអត្ថន័យជីវិតដោយខ្លួនឯង

ឳពុកម្ដាយបានចិញ្ចឹមបីបាច់យើង អប់រំយើងមកយ៉ាងល្អ ហើយនាទីរបស់ពួកគាត់នឹងបញ្ចប់ នៅពេលកូនៗធំដឹងក្ដី មានគ្រួសារមួយជារបស់ខ្លួនឯង ។ អ្វីដែលពួកគាត់បានឱ្យយើង គឺស្លាបដ៏រឹងមាំមួយគូ ។ ភាពកក់ក្ដៅដែលយើងទទួលបានពីគ្រួសារ វាពុំឋិតថេរជានិរន្ដិ៍ឡើយ ប៉ុន្ដែស្លាបមួយគូដែលឳពុកម្ដាយបានបន្សល់ឱ្យយើង វាជាភាពកក់ក្ដៅមួយដែលនឹងនៅជាមួយយើងរហូត ។ ហើរកាន់តែឆ្ងាយ យើងនឹងកាន់តែរឹងមាំ ។ ហើរកាន់តែឆ្ងាយ ជីវិតនឹងបង្រៀនយើងកាន់តែច្រើន ។ ចូរហើរទៅរកក្ដីស្រមៃខ្លួនឯងចុះ ព្រោះគ្មាននរណាម្នាក់អាចធ្វើជាយើងជំនួសយើងបានទេ ។ ចូរហើរទៅរកអ្វីដែលយើងត្រូវការចុះ ព្រោះគ្រប់យ៉ាងនៃជីវិត វាពុំរត់មករកយើងដោយឯងៗឡើយ ។ ធំហើយ ត្រូវចេះរឹងមាំដោយខ្លួនឯង

Cr. ប្រាជ្ញាជីវិត

កុំធ្វើជាចំណែកនៃបញ្ហា



ក្នុងជីវិតរស់នៅ ១០០ភាគរយ តែងមាន១០ភាគរយ គឺជាបញ្ហាដែលកើតឡើងចំពោះយើង ហើយ៩០ភាគរយទៀត គឺដំណោះស្រាយដែលយើងត្រូវឆ្លើយតបចំពោះបញ្ហាវិញ

ចូរយើងធ្វើជាចំណែកនៃដំណោះស្រាយ ប៉ុន្តែសូមកុំធ្វើជាចំណែកនៃបញ្ហា។ យើងគួរខំប្រឹងរៀនធ្វើជាអ្នកខ្លាំង តែកុំធ្វើជាអ្នកខ្សោយ។ ក្នុងច្បាប់ធម្មជាតិ អ្នកខ្លាំងតែងឈ្នះអ្នកខ្សោយ។ ខ្លាំងគឺរស់ ខ្សោយគឺស្លាប់។ ខ្លាំងគឺឈ្នះ ខ្សោយគឺចាញ់ ហើយខ្លាំងគឺស្តេច ខ្សោយគឺចោរ។

ចូរធ្វើជាអ្នកជួយសង្គ្រោះ តែកុំធ្វើជាជនរងគ្រោះ។ ដើម្បីឈ្នះយើងត្រូវធ្វើខ្លួនឱ្យធំជាងបញ្ហាជានិច្ច។ បើបញ្ហាជាលេខ១០ យើងត្រូវតែធ្វើជាលេខ២០។ បើបញ្ហាជាដុំដី យើងត្រូវតែជាដុំថ្ម។ បើបញ្ហាជាដែកគោល យើងត្រូវធ្វើជាញញួរ។ បើបញ្ហាជាស្តេច យើងត្រូវធ្វើជាអាទិទេព។

ក្នុងជីវិត មិនសំខាន់ថាបញ្ហាកើតឡើងអាក្រក់បែបណានោះទេ តែសំខាន់ថាតើយើងមានចិត្តស្ងប់ឆ្លើយតបចំពោះបញ្ហាបែបណា។ គ្រប់យ៉ាងវានឹងមិនអីនោះទេ។ គ្រប់យ៉ាង គឺធម្មតាជានិច្ច ហើយគ្រប់យ៉ាងគឺល្អជានិច្ច។ ផ្លាស់ជំនឿ ប្តូរការគិត ប្រព្រឹត្តទង្វើត្រឹមត្រូវ នោះលទ្ធផលនឹងល្អ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

បណ្ដុះស្មារតីអ្នកបដិបត្តិ



យើងអាចឈរលើគំនិតបែបទស្សននិយមបាន តែតថភាពទស្សននិយមខ្លះ ពុំដូចភាពជាក់ស្ដែងនិយមនោះទេ។ ប្រទេសខ្លាំងត្រូវការមនុស្សខ្លាំង ហើយចំណែកមនុស្សខ្លាំង លុះត្រាណាតែឈរលើភាពជាក់ស្ដែងនិយម ខ្លាំងជាងទស្សននិយមដែរ។ យោងតាមសៀវភៅ ភាពជាអ្នកដឹកនាំបែបបម្រើ ឬ ភាសាអង់គ្លេស “Servant – Leadership” លើកឡើងថា អ្នកដឹកនាំ ត្រូវតែជាអ្នកបម្រើប្រយោជន៍រួម ប្រយោជន៍សមូហភាព ដែលពោរពេញទៅដោយការលះបង់ខ្ពស់បំផុត ដើម្បីឈានទៅរកភាពជោគជ័យសម្រាប់មនុស្សទូទៅ។ ភាពខ្លាំងរបស់យុវជន ពុំអាចកាត់សេចក្ដីតាមរបៀបនិយាយអួតអាងបន្តិចបន្តួចនោះទេ ប៉ុន្តែត្រូវកាត់សេចក្ដីតាមរបៀបធ្វើពិតប្រាកដវិញ។ សម្ដីយុវជនខ្លះ នឹងក្លាយជាទឹកស្លុយបង្ហូរតាមលូរក្បែរលាមក នៅពេលដែលយុវជននិយាយពីរោះជាងប្រតិបត្តិ

ក្នុងប្រទេសអភិវឌ្ឍន៍ គេត្រូវការគំនិតបែបជាក់ស្ដែងនិយម ពុំមែនបែបទស្សននិយម ឬក៏មនោគមន៍វិជ្ជានិយមជ្រុលនោះទេ។ មួយវិញទៀត កត្តាដែលអាចកំណត់ភាពខ្លាំង ឬខ្សោយបាន ក៏ពុំមែនអាស្រ័យលើទង្វើយុវជនទាំងស្រុងនោះដែរ ប៉ុន្តែត្រូវមានអ្នកជ្រោមជ្រែងពិតប្រាកដ។ ទស្សនពុទ្ធនិយមបង្ហាញថា មនុស្សគ្រប់រូបត្រូវស្វែងរកផ្លូវត្រូវ ឬជំហាននៃការយល់ត្រូវ គ្រប់សកម្មភាពទាំងអស់ត្រូវដើរតាមមាគ៌ាត្រឹមត្រូវ។ ប៉ុន្តែក្នុងស្ថានភាពជីវិតជាក់ស្ដែង លែងគិតខុស គិតត្រូវហើយ រឿងដែលគិតគឺធ្វើយ៉ាងណារស់បានប្រយោជន៍។ បើជាយុវជនគួរពុំគួរ ក៏ត្រូវចាំបាច់យកខួរក្បាលទៅគិត, យកចិត្តទៅរំលាយភាពអំនួតចោលឲ្យអស់ចៀសវាងក្មេងចិត្តក្មេងគំនិត គិតតិចប្រព្រឹត្តខុសច្រើន

បុព្វបុរស ឬក៏មនុស្សខ្លាំងកាលពីសម័យអតីតកាល ពុំមែនជាមនុស្សទស្សននិយមហួសហេតុ ប៉ុន្តែជាមនុស្សដែលមានគំនិតបែបជាក់ស្ដែងនិយមច្រើនជាង (ប្រាកដនិយម)។ ប្រសិនជាយើងជាអ្នកអានវិញ គ្មានសៀវភៅណាប្រគល់អំណាចដល់មនុស្សទេ ប៉ុន្តែអ្នកគិត អ្នកបន្សុទ្ធ បូកនិងបទពិសោធជាក់ស្ដែងទេ ទើបសៀវភៅនោះអាចប្រគល់អំណាចជូនយើងបានយ៉ាងពិតប្រាកដ។ បើយុវជនវិញទ្រឹស្ដីពេក ក៏មិនល្អដែរ។ ខ្ញុំនិយាយតាម អ្នកប្រាជ្ញ រូបវិទ្យា អាញស្ដាញទេ។ ចំពោះមេដឹកនាំ ត្រូវសាបព្រោះអ្នកបដិបត្តិពិត
__
*ដកស្រង់ពីសៀវភៅ តម្រាទស្សនយុវជន ភាពជាអ្នកដឹកនាំ
*រូបភាពអ្នកសរសេរមានបំណងនិយាយអំពីការបង្រៀន

Cr. Lam Lay

Sunday, September 8, 2019

កម្ទេច​សៀវភៅ​ គឺកម្ទេចជាតិ




បើចង់បំផ្លាញ់វប្បធម៌នៃសង្គមមួយ​ អ្នកពុំបាច់ដុតកម្ទេចសៀវភៅចោលឱ្យអស់នោះទេ​ ប៉ុន្តែ​គ្រាន់​តែ​ធ្វើ​ឱ្យក្នុងសង្គមលែងចង់អានសៀវភៅ​ គឺវាគ្រប់គ្រាន់ដើម្បីបំផ្លាញ់ប្រទេសជាតិទៅហើយ

ការអាន​ មិនអាចធ្វើឱ្យយើងទាំងអស់គ្នាក្លាយទៅជាអ្នកដឹកនាំបាននោះទេ​ ប៉ុន្តែ​វាអាចប្រាប់យើងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាម។ ការអាន​ គឺជាផ្នែកមួយនៃការអប់រំ​។ មនុស្ស​ដែលមានការអប់រំខ្ពស់​ ធ្វើ​ឲ្យ​សង្គម​រីកចម្រើន​។ គ្រប់​ប្រទេស​ដែលរីកចម្រើនខ្លាំងក្លានិងមានការ​អភិវឌ្ឍ​ខ្លាំងទាំងអស់​ គឺសុទ្ធតែដោយសារប្រជាជនក្នុងរបស់នោះ(នៃដើមក្នុងសៀវភៅ​ ប៉ុន្តែ​ខ្ញុំ​គិតថាប្រហែលជាចង់និយាយថា​ ក្នុងរបបនោះ)មានចំណេះដឹងខ្ពង់ខ្ពស់។

ប្រទេស​ក្រីក្រ​ គឺជា​ភស្តុតាង​បង្ហាញ​ពីកម្រិត​នៃការយល់ដឹងរបស់ប្រជាជនឬមនុស្សក្នុងសង្គម។ វាមានន័យថា​ ការយល់ដឹង​របស់ប្រជាជនកម្រិតត្រឹមណា​ នោះកម្រិតនៃការរីកចម្រើនសង្គមនិង​ការ​អភិវឌ្ឍសង្គម​ ក៏ស្ថិត​ក្នុង​រង្វង់​នោះដែរ។ ជាសច្ចភាព​ ទ្រឹស្ដី​សកល​និងអនុវត្តជាសកលនៅគ្រប់ប្រទេសទាំងអស់​ និងគ្រប់សង្គមទាំងអស់សុទ្ធតែប្រកាសឱ្យតម្លៃខ្លាំងលើការអប់រំ។
លីក្វាន់យូ​ លើកឡើង​ថា​ អភិវឌ្ឍខួរក្បាលរបស់ប្រជាជនសង្ហិបុរីមុន

មេដឹកនាំ​អាហ្រ្វិក​ខាង​ត្បូង​ នែលសិន​ មែនដេឡា​(Nelson Mandela)ថា​ ការអប់រំ​ គឺជាអាវុធដ៏មាន​អនុភាព​ខ្លាំង​ក្លា​បំផុត​ សម្រាប់​ឱ្យ​យើងប្រើប្រាស់ដើម្បីផ្លាស់ប្តូរពិភពលោកទាំងមូល
អតីត​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ លើកឡើង​ថា​ បើមិនខិតខំប្រឹងប្រែងរៀនសូត្រទេ​ នោះមានន័យថាអ្នកបានបោះបង់ប្រទេសរបស់អ្នកចោលហើយ។ ចំពោះ​ជីវិត​មនុស្ស​វិញ​ តាមពិតមនុស្សរស់នៅបានសុខ​ គឺដោយសារតែការប្រឹងប្រែងសង្វាតសិក្សា​ និងការប្រឹងអានសៀវភៅ។ មនុស្ស​ខ្លះដែលពុំសូវបានអាន​ គឺពួកគេស្លាប់ស្ទើររៀងរាល់ថ្ងៃ​ ពីព្រោះ​គេជួបបញ្ហាជីវិតរាល់ថ្ងៃ​ ហើយគេ​ត្អូញត្អែរ​នឹងជីវិតរាល់ថ្ងៃ។ ចំណេះដឹង​ច្រើន​ នាំឱ្យ​មានបញ្ហានៃជីវិតកាន់តែតិច​ ហើយចំណេះដឹងតិចគឺនឹងធ្វើឱ្យបញ្ហានៃជីវិតនឹងកាន់តែច្រើនឡើង

Cr. ”ប្រតិទិន​ទស្សន៣៦៥ថ្ងៃ​

ក្ដីសុខគឺជាការលះបង់



[... ជីវិត! គឺជាជង្រុកនៃតម្រូវការ... ] យើងត្រូវការក្ដីស្រឡាញ់ យើងត្រូវការកម្លាំងចិត្ដ យើងត្រូវការក្ដីសុខ យើងត្រូវការមិត្រភាព យើងត្រូវការសន្ដិភាព យើងត្រូវការការរស់នៅល្អប្រសើរ ប៉ុន្ដែតម្រូវការទាំងនោះវាតែងតែទាមទារការលះបង់ពីយើង ហើយមានតែការលះបង់ទេទើបយើងអាចទទួលបាននូវអ្វីដែលយើងចង់បាន ។ ចក្រវាឡបានបង្រៀនយើងថា " អ្វីមួយដែលយើងបានផ្ដល់ចេញទៅ វានឹងត្រឡប់មករកយើងវិញនៅថ្ងៃណាមួយមិនខាន បើយើងលះបង់ក្ដីស្រឡាញ់ចេញទៅ ក្ដីស្រឡាញ់នឹងត្រឡប់មកវិញ បើយើងលះបង់ស្នាមញញឹមទៅលើនរណាម្នាក់ ស្នាមញញឹមនោះនឹងត្រឡប់មករកយើងវិញ បើយើងលះបង់ភាពក្ដៅក្រហាយចេញទៅ សភាវៈចិត្ដនោះនឹងត្រឡប់មករកយើងវិញដូចគ្នា ហើយអ្វីដែលយើងមិនបានលះបង់ចេញទៅ គឺជាអ្វីដែលយើងមិនអាចបានទទួល "

ដ្បិតការលះបង់ខ្លះធ្វើឱ្យយើងឈឺចាប់ ប៉ុន្ដែការលះបង់នៅតែមានតម្លៃ ។ យើងពុំគួរស្ដាយក្រោយនូវសេចក្ដីល្អដែលយើងបានសាងទេ ទោះពេលខ្លះធ្វើល្អលើមនុស្សខុសក៏ដោយ ។ មិនថាមនុស្សល្អឬមនុស្សអាក្រក់ទេ គ្រប់មនុស្សដែលដើរចូលក្នុងជីវិតយើង សុទ្ធតែជាចំណែកនៃមេរៀនជីវិតរបស់យើង ។ មនុស្សអាក្រក់ ផ្ដល់ឱ្យយើងនូវបទពិសោធ ។ មនុស្សល្អ ផ្ដល់ឱ្យយើងនូវទំនុកចិត្ត និងក្ដីស្រឡាញ់ ។ ដំណើរជីវិត ផ្ដល់ឱ្យយើងនូវមេរៀន និងការចងចាំ

មិនសំខាន់ថាយើងមានមិត្តច្រើនប៉ុនណាទេ សំខាន់តើមានមិត្តល្អប៉ុន្មាននាក់ ? មិនសំខាន់មានមិត្តច្រើនទេ សំខាន់មានមិត្តម្នាក់ដែលអាចប្រឹក្សា និងស្ដាប់ពាក្យក្នុងចិត្តគ្នាទៅវិញទៅមក ។ មិនសំខាន់មានមិត្តច្រើនទេ សំខាន់មានមិត្តភក្ដិដែលចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក ។ ក៏មិនសំខាន់ដំណើរជីវិតជួបមនុស្សបែបណាខ្លះទេ សំខាន់តើមនុស្សដែលយើងស្គាល់បានបន្សល់អ្វីខ្លះសម្រាប់ថ្ងៃក្រោយ និងការចងចាំរបស់យើង ៕

Cr. ប្រាជ្ញាជីវិត

ទិដ្ឋភាពខ្លះៗនៃការបែកបាក់សង្គម



មូលដ្ឋានគ្រឹះដែលនាំឱ្យមានការបែកបាក់នៅគ្រប់ច្រកល្ហកនៃសង្គម គឺដោយសារតែមនុស្សបែកបាក់ជាមួយខ្លួនឯង។ មូលហេតុដែលមនុស្សបែកបាក់ជាមួយខ្លួនឯង គឺដោយសារតែវង្វេង ដូចជាដៃមិនស្គាល់ជើង ភ្លើងមិនស្គាល់ឱស ភ្នែកមិនស្គាល់ច្រមុះ ខ្លួនមិនស្គាល់ចិត្ត ក្បាលមិនស្គាល់បេះដូង។ ភាពតែមួយនៃរូបរាងកាយត្រូវបែកបាក់គ្នាចេញជាចម្រៀកៗ ប្រៀបដូចជាពូជសាសន៍មួយដែលកើតចេញពីឈាមតែមួយ លែងស្គាល់បងប្អូនឯងអ៊ីចឹង។

លក្ខណៈនៃមនុស្សមិនស្គាល់ខ្លួនឯង គឺចូលចិត្តយកមុខមាត់ ចូលចិត្តឱ្យអ្នកដទៃសរសើរ ខឹងពេលអ្នកដទៃរិះគន់ ជាន់ពេលមានអំណាចលើអ្នកដទៃ។ល។ ប៉ុន្តែសម្រាប់លក្ខណៈបុគ្គលដែលស្គាល់ខ្លួនឯងច្បាស់ និងមិនបែកបាក់ជាមួយខ្លួនឯង គឺបើមានអ្នកដទៃសរសើរ ហាមាត់និយាយអរគុណក្នុងន័យគួរសម្យ ឬបើមានអ្នកដទៃបង្អាប់ ពិចារណាលើខ្លួនឯងម្តងទៀតតាមដែលអាចទៅរួច។ ចុះអ្វីជាលក្ខណៈបែកបាក់របស់សង្គម?

ការបែកបាក់សង្គម គឺចាប់ផ្តើមពីការចែកបក្សចែកពួកគ្នា។ ការគាំទ្រ គឺគាំទ្របក្ស គាំទ្រក្រុម ដោយមិនខ្វល់ថាក្រុមខ្លួនខុសឬត្រូវ និងល្អឬអាក្រក់ទេ។ អ្នកធ្វើរឿងត្រឹមត្រូវ បើគ្មានបក្ស គឺគ្មានអ្នកគាំទ្រ។ អ្នកឈរខាងសច្ចភាព ឈរខាងការពិត បើគ្មានបក្ស គឺប្រឈមនឹងគ្រោះថ្នាក់។ បង្កើតក្រុម ផ្តុំឱ្យមានការគាំទ្រ រហូតដល់មានបញ្ហាទាស់ទែង ហៅបក្សហៅពួកឱ្យជួយទាំងទទឹងទិស។ តើអ្នកណាបែកបាក់ជាមួយអ្នកណា? អ្នកនិពន្ធបែកបាក់តាមបែបអ្នកនិពន្ធ។ អ្នកសាសនាបែកបាក់តាមបែបអ្នកសាសនា។ អ្នកសារព័ត៌មានបែកបាក់តាមបែបអ្នកសារព័ត៌មាន។ អ្នកនយោបាយបែកបាក់តាមបែបអ្នកនយោបាយ។ អ្នកសិក្សាបែកបាក់តាមបែបអ្នកសិក្សា។ សិស្សរួមថ្នាក់បែកបាក់តាមបែបសិស្សរួមថ្នាក់។ និស្សិតបែកបាក់តាមបែបនិស្សិត។ល។ ចំណេះដឹងច្រើន នាំឱ្យមានអំនួតខ្ពស់។ សញ្ញាបត្រខ្ពស់ នាំឱ្យមើលអ្នកតូចមិនឃើញ។ បើមានចំណេះដឹង មានសញ្ញាបត្រខ្ពស់ មានស្នាដៃច្រើន គឺមានចិត្តចង់ឱ្យតែអ្នកដទៃលំទោនហួសហេតុ

រីចំពោះចិត្តវិញ ប្រៀបដូចជាចិត្តថ្លុកក្របីដេក គឺតូចមហាសែនតូច មិនដូចអ្នកមានចិត្តជាមហាសមុទ្រ។ ចិត្តតូចធ្វើការងារធំមិនកើតទេ ហើយចិត្តចង្អៀតនេះទៀតសោត ក៏ធ្វើបានតែការងារតូចដែរ។ ចិត្តឆាប់ខឹង ចិត្តឆាប់អាក់អន់ ចិត្តឆាប់ជោរ និងចិត្តរំជើប គឺធ្វើការបង្រួមមនុស្សលំបាកណាស់។ និយាយដោយខ្លី បើកាន់តែចេះ កាន់តែក្រអើតក្រទម។ កាន់តែក្រអើតក្រទម កាន់តែបែកបាក់។ អ្នកចេះមានអំនួត ដោយមិនចេះគោរពអ្នកចេះដឹងដែលមានគុណធម៌ខ្ពស់ជាងខ្លួន។ រីឯអ្នកល្ងង់មិនចេះគោរពអ្នកចេះដែលមានចំណេះដឹង។ គ្រប់គ្នាប្រើទស្សនៈថា ខ្ញុំមិនទៅសុំបាយអ្នកឯងហូបទេអ្នកចេះមិនចេះដាក់ខ្លួន ដូចក្រមួនដែលត្រូវថ្ងៃ។ អ្នកខ្លះវិញ ឱ្យតម្លៃហួសនូវវប្បធម៌បរទេស តែមិនដឹងថាអ្វីទៅជាទស្សនវិជ្ជាខ្មែរ? អ្វីដែលជាឫសគល់ខ្លួន ស្របពេលដែលប្រទេសដទៃលើកតម្កើងដូនតាខ្មែរ? តើប្រវត្តិខ្មែរមានលក្ខណៈខ្លាំងខ្សោយកន្លែងណាខ្លះ?

តើហេតុអ្វីខ្ញុំដឹងរឿងនេះ? មូលហេតុ គឺខ្ញុំទៅណាមកណាដោយប្រើសម្រៀកបំពាក់ជាអ្នកស្រែគ្រប់ពេលវេលា និងនិយាយស្តីក្នុងនាមរាស្រ្តសាមញ្ញ។ ខ្ញុំដឹងថាវប្បធម៌សង្គមឱ្យតម្លៃមនុស្សក្នុងលក្ខខណ្ឌណា។ គិតចុះគិតឡើង ទើបទទួលស្គាល់យ៉ាងច្បាស់ថា អ្នកដែលគេចផុតពីវប្បធម៌អវិជ្ជមានបែបនេះ និងអាចរស់នៅហួសនឹងរបៀបសង្គមខ្លះ គឺវាលំបាកណាស់។ វីធីដោះស្រាយខ្លះៗ គឺលុះត្រាណាមនុស្សឱ្យតម្លៃមនុស្សក្នុងនាមជាមនុស្ស, គោរពមនុស្សក្នុងនាមជាមនុស្ស, គោរពអ្នកមានចំណេះដឹងដែលបំពាក់ទៅដោយសុរិតភាពក្នុងខ្លួន, បើកចិត្តឱ្យទូលាយស្តាប់ច្រើន....។ អ្នកល្ងង់ត្រូវគោរពអ្នកចេះដឹង ដែលមានទាំងចំណេះដឹងនិងមានទាំងគុណធម៌។ អ្នកមានចំណេះដឹងដូចគ្នា គឺត្រូវគោរពអ្នកដែលមានចំណេះដឹងដែលមានគុណធម៌ខ្ពស់ជាងខ្លួន។ បើចំណេះដឹងធំជាងគុណធម៌ គឺចំណេះដឹងនឹងសម្លាប់យើង។ បើអំណាចធំជាងសមត្ថភាព គឺអំណាចនឹងសម្លាប់យើង។ បើចេះយុទ្ធសាស្រ្តខ្លាំងដោយខ្វះនូវគោលការណ៍គុណធម៌ ឬគោលការណ៍គិតប្រយោជន៍រួម គឺយើងនឹងយកយុទ្ធសាស្រ្តទៅប្រើការណ៍ក្នុងផ្លូវមិនល្អជាមិនខាន


Cr. Lam Lim

Saturday, September 7, 2019

រស់ជាមួយសន្ដិភាព



ទស្សនវិទូចិន ឡៅជឺ ទូន្មានថា " បើ​អ្នក​ចង់​ពេញលេញ ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​ទទេស្អាត ។ សត្រូវ​របស់​អ្នក​មិនមែន​ជា​បិសាច​នោះ​ទេ តែ​គឺជា​អ្នកខ្លួនឯង"

ព្រះពុទ្ធសម្ដែងថា " ចិត្តជាប្រធាន ឈ្នះអ្នកដទៃ ពុំស្មើឈ្នះខ្លួនឯង " ។ កុំខ្វល់ថាមនុស្សក្នុងលោកមើលមកអ្នកក្នុងន័យបែបណា ចូរខ្វល់ពីទង្វើអ្នករាល់ថ្ងៃ ។ កុំខ្វល់ថាអ្នកជាមនុស្សល្អឬអាក្រក់ ចូរសង្កេតចិត្តគំនិតរបស់ខ្លួនឯងជាប្រចាំ ។ ចិត្តគឺជាមេដឹកនាំគ្រប់យ៉ាងនៃជីវិត ។ ចិត្តដែលពុំបំពាក់មេត្ដាធម៌ ជីវិតនឹងជ្រួលច្របល់ ។ អាក្រក់កើតចេញពីចិត្ត ហើយសេចក្ដីល្អក៏កើតចេញពីចិត្តដូចគ្នា ។ បើចិត្តរបស់អ្នកគិតតែរឿងមិនត្រឹមត្រូវ ជីវិតអ្នកនឹងធ្លាក់ក្នុងរណ្ដៅនៃភាពមិនត្រឹមត្រូវ ។ បើចិត្តរបស់អ្នកស្រឡាញ់សន្ដិភាព នោះជីវិតអ្នក និងល្អប្រសើរ ។ ដ្បិតមនុស្សអាក្រក់ក្នុងលោកមានច្រើន តែចំពោះមនុស្សល្អក៏មានមិនតិចដែរ ។ សុខចិត្តធ្វើល្អលើមនុស្សខុស ប្រសើរជាងធ្វើខុសលើមនុស្សល្អ ។ ដ្បិតជីវិតគឺជាការប្រជែង តែជ័យជម្នះដែលទទួលបានពីអំពើបាប គឺជាជ័យជ្នះដ៏ភ័យខ្លាច ។ មនុស្សអាក្រក់មិនខ្លាចបាប តែពេលជិតស្លាប់គង់ដង្ហើយរកបុណ្យ ។ មនុស្សល្អខ្លាចបាប ទោះជីវិតខ្លីឬវែង គង់មិនមានទុក្ខច្រើន ។

នៅពេលដែលអ្នកស្ពាយរបស់ឥតប្រយោជន៍ច្រើនពេក អ្នកនឹងធ្ងន់ទៅមុខមិនរួច ។ នៅពេលអ្នកស្ពាយចិត្តបាប ចិត្តអាក្រក់ច្រើនពេក អ្នកនឹងលិចលង់ក្នុងវង្វង់នៃសេចក្ដីទុក្ខ ។ ព្រះពុទ្ធសម្ដែងថា " អ្វីក្នុងលោកនេះពុំមែនកម្មសិទ្ធរបស់នរណាម្នាក់ទេ សូម្បីតែរូបកាយ " ទម្លាក់រឿងអាក្រក់ចោល ជីវិតនឹងបានសុខ គេងលក់ស្កប់ស្កល់ដោយពុំចាំបាច់ព្រួយបារម្ភ ។ ទម្លាក់ចិត្តបាបចោល អ្នកនឹងរកឃើញសន្ដិភាពជាមួយខ្លួនឯងនឹងអ្នកដទៃ ។ ទម្លាក់រឿងអវិជ្ជមានដែលកើតចេញពីចិត្តអាក្រក់ អ្នកនឹងគេងលក់ស្រួលជាមួយខ្យល់ដង្ហើមដ៏បរិសុទ្ធ ៕

Cr. Sun Veasna

មនុស្សដែលអាចឈ្នះ


ការលះបង់ខ្លួនដ៏មានតម្លៃបំផុត គឺការលះបង់ដោយពុំមានចិត្តចង់បានផលតបស្នងមកវិញសូម្បីតែប៉ុនក្រចកដៃ។ មនុស្សណាក៏ដោយឱ្យតែដើរមិនផុតពីរឿងខ្លួនឯង គឺមិនអាចមានលទ្ធភាពជួយអ្នកដទៃបានទេ។ ខ្ញុំឃើញមនុស្សខ្លាំងៗជាច្រើនលះបង់ខ្លួន និងបោះបង់ខ្លួនអស់រលីងដើម្បីបំពេញការងារដែលជាប្រយោជន៍ដល់មនុស្សដទៃ។

ពាក្យថា ខ្លួន នៅទីនេះ គឺខ្ញុំចង់សំដៅដល់ អញ ឬ Ego” ដែលមានក្នុងតួបុគ្គលម្នាក់ៗ។ បុគ្គលដែលមិនជាប់អញ គឺគ្មានខ្វល់អ្វីទាំងអស់ ក្រៅតែអំពីផលប្រយោជន៍របស់អ្នករងគ្រោះដទៃទៀត។ មនុស្សធម្មតាជាប់ជំពាក់នូវយសស័ក្តិ សេចក្តីត្រូវការនូវតម្លៃ និងស្រែកឃ្លាននូវការការគោរព។ ដូច្នេះអ្វីៗទាំងឡាយដែលខ្លួនប្រឹងធ្វើ គឺដើម្បីបំពេញតែ អញ ឬ Ego” ដែលនៅក្នុងខ្លួនប៉ុណ្ណោះ។

ពីមាត់ និងពីអារម្មណ៍របស់យុវជនខ្លះដែលខ្ញុំជួប ខ្ញុំឮជាញឹកញយនូវពាក្យថា ខ្ញុំហត់នឿយខ្លាំងណាស់។ ខ្ញុំឈឺនេះ ឬឈឺនោះខ្លាំងណាស់។ តើមានអ្នកណាដឹងពីខ្ញុំទេ?” មនុស្សបែបនេះ បើបានជួយនរណាម្នាក់ គេនឹងចង់បានផលតបស្នងមកវិញ ឬរំពឹងទុកនូវលទ្ធផលអ្វីមួយជានិច្ច។

ដល់កម្រិតមួយ បើនៅពេលណាដែលខ្លួនបានធ្វើរឿងអស្ចារ្យណាមួយ គឺគេនឹងត្រូវឆ្លងកាត់ចិត្តរំជើបរំជួល យល់ថាខ្លួនឯងអស្ចារ្យ និងអំនួតទប់ខ្លួនមិនជាប់។ ខ្ញុំតែងតែនឹកគិតដល់យុវភាពរបស់ខ្ញុំជានិច្ចថា បើខ្ញុំជាមនុស្សដែលធ្វើការខ្លាចហត់នឿយ ម៉្លោះជីវិតខ្ញុំពេលនេះមិនដឹងថាត្រូវរស់នៅបានដោយរបៀបណាទេ។ ម្យ៉ាង ខ្ញុំហ៊ាននិយាយថា បើអ្នកណាក៏ដោយ ឱ្យតែធ្វើការខ្លាចហត់នឿយ គឺពិបាកទៅមុខខ្លាំងណាស់

សម្លនិងវែក



មិត្តល្អនាំចម្រើន ហើយមិត្តមិនល្អនាំវិនាស។ កត្តាដែលនាំឱ្យយើងជោគជ័យនិងនាំឱ្យយើងសុខក្នុងជីវិត គឺវាអាស្រ័យទៅលើករឿងពីរយ៉ាង៖ ទី១. តើយើងជានរណា ហើយយើងស្គាល់ខ្លួនឯងច្បាស់ប៉ុនណា, ទី២. តើបុគ្គលដែលយើងរាប់អានជាមនុស្សប្រភេទណា។ អ្នកខ្លះជាមនុស្សល្អ តែមិនដឹងថាខ្លួនជាមនុស្សល្អទេ។ អ្នកខ្លះជាមនុស្សមានសមត្ថភាព តែមិនដឹងថាខ្លួនមានសមត្ថភាពទេ។ នេះជាវិបត្តិនៃការវង្វេងមិនស្គាល់ខ្លួនឯង។

រីចំណែកអ្នកខ្លះទៀត បានរាប់អានមនុស្សល្អ និងមនុស្សមានសមត្ថភាព តែបែរជាមិនដឹងថានៅក្បែរខ្លួនមានមាសពេជ្រកាត់ថ្លៃពុំបាន។ មនុស្សយើងឱ្យតែមានលក្ខណៈមិនស្គាល់ខ្លួនឯងច្បាស់ផង និងមិនស្គាល់មនុស្សមានសមត្ថភាពដែលខ្លួនរាប់អានផង គឺកម្រនឹងធ្វើឱ្យជីវិតដើរទៅមុខណាស់។ នេះមិនខុសពីទ្រឹស្តីពុទ្ធនិយមដែលបានលើកឡើងថា បើទោះបីជាបុគ្គលល្ងង់បានរាប់អានមនុស្សឆ្លាតពេញមួយជីវិតក៏ដោយ ក៏ពុំអាចទទួលប្រយោជន៍នៃសេចក្តីពិតបានដែរ ប្រៀបដូចជាវែកសម្លដែលនៅជាមួយនឹងឆ្នាំង តែពុំស្គាល់រសជាតិសម្លអ៊ីចឹងដែរ

មិត្តល្អ មិត្តមានបញ្ញា មិត្តមានមេត្តា មិត្តមានគុណធម៌ គឺពិបាកស្វែងរកខ្លាំងណាស់។ មិត្តខ្លះរាប់អានយើងតែពេលណាដែលយើងរីកចម្រើន។ មិត្តខ្លះទៀត រាប់អានយើងតែនៅពេលណាដែលយើងមានទុក្ខ។ មិត្តខ្លះទៀត ដើរកាត់ព្យុះភ្លៀងជាមួយយើងគ្រប់ពេល មិនថាពេលសុខ ឬមិនថាពេលសប្បាយទេ។ ទំនាក់ទំនងល្អ វាប្រៀបដូចជាផ្កាដែលដុះនៅលើដី ដ្បិតយើងត្រូវចេះស្រោចទឹក ដាក់ជី ថែរក្សាជានិច្ច ទើបវាគង់វង្ស និងរស់រានបានយូរអង្វែង

មានមិត្តល្អម្នាក់ ប្រៀបដូចជាមានមាសពេជ្រមួយកប៉ាល់។ មានមិត្តមានបញ្ញាម្នាក់ ប្រៀបដូចជាមានបណ្ណាល័យនិងអ្នកប្រាជ្ញម្នាក់នៅក្បែរខ្លួន។ មានមិត្តមានមេត្តាធម៌ម្នាក់ គឺប្រៀបដូចជាមានភួយដណ្តប់ដ៏កក់ក្តៅមួយអ៊ីចឹង។ យើងថាជីវិតវែងក៏បាន ឬបើថាជីវិតខ្លីក៏បាន តែត្រូវសួរថាតើយើងនឹងរស់នៅលើផែនដីនេះជារៀងរហូតទេ? តម្លៃនៃមនោសញ្ចេតនានិងក្តីស្រឡាញ់ គឺធំធេងខ្លាំងណាស់។ បើគ្មានមិត្តល្អ ឬគ្មានមិត្តមានបញ្ញាទេ គឺយើងត្រូវយកសៀវភៅធ្វើជាមិត្ត ពីព្រោះសៀវភៅវានឹងប្រាប់យើងពីរបៀបសង្គ្រោះជីវិតពេលមានទុក្ខ ផ្តល់ចំណេះដឹងឱ្យយើង និងប្រឹក្សានឹងយើងបានគ្រប់ពេល

“If a fool be associated with a wise man even all his life, he does not perceive the truth even as a spoon does not perceive the taste of soup.” – Buddha

Friday, September 6, 2019

វិជ្ជាចិញ្ចឹមកាយចិត្ត



ខ្មែរយើងខ្លះមិនទាន់បានបែងចែកឱ្យដាច់ស្រេចរវាងការអប់រំខួរក្បាល និងការអប់រំហ្វឹកហាត់លត់ដំបេះដូងនៅឡើយទេ។ អ្នកខ្លះកំណត់ត្រឹមថា ឱ្យតែខួរក្បាលមានចំណេះដឹងជ្រៅជ្រះ មានការទទួលស្គាល់ចំណេះដឹងជាលក្ខណៈផ្លូវការ គឺចាត់ទុកថាមានការអប់រំល្អហើយ (Well-Educated Person)”។ ខួរក្បាលមានវិធីអប់រំតាមបែបខួរក្បាល ហើយបេះដូងមានវិធីអប់រំតាមបែបបេះដូង ដែលយើងហៅថា ការអប់រំចិត្ត។ អ្នកដែលមានចំណេះដឹងច្រើនពេក ស្របពេលដែលបេះដូងនៅខ្ចី អាយុនៅក្មេង ការឆ្លងកាត់បទពិសោធជីវិតនៅតិច គឺត្រូវប្រឈមនឹងចិត្តដែលរំជើបរំជួល។ អ្នកដែលប្រើបេះដូងទោរទន់តាមមនោសញ្ចេតនាច្រើនពេក ស្របពេលដែលខួរក្បាលខ្វះចំណេះដឹង គឺអាចត្រូវប្រឈមនឹងការបោកប្រាស់របស់អ្នកមានចំណេះដឹងខ្ពស់ដែលខ្វះនូវគុណធម៌។

មានរឿងនិទានទស្សនវិជ្ជាសាសនាមួយនិយាយអំពីវិជ្ជាគោល ដែលមនុស្សគួរចេះជាចាំបាច់ និងវិជ្ជាបន្ទាប់បន្សំ។ បុរសអ្នករៀនសូត្រម្នាក់សួរទៅអ្នកចែវទូកថា តើអ្នកចេះខាងគណិតសាស្ត្រទេ? តើអ្នកចេះខាងភូមិសាស្រ្តទេ? តើអ្នកចេះខាងវិទ្យាសាស្រ្តទេ?” បុរសអ្នកចែវទូកបានឆ្លើយតបវិញថា បាទ ខ្ញុំមិនចេះទេ។ បុរសអ្នករៀនសូត្រក៏ប្រាប់ថា បើអ្នកមិនចេះវិជ្ជាទាំងនេះទេ គឺអ្នកបានខាតបង់អាយុអស់ ៣០%ហើយ។ និយាយមិនទាន់ចប់សព្វគ្រប់ផង ទូកត្រូវរលកបោកបក់ជិតលិច ហើយបុរសអ្នកចែវទូកបានសួរទៅបុរសអ្នករៀនសូត្រថា តើអ្នកចេះហែលទឹកទេ? ពេលនេះទូករបស់យើងនឹងត្រូវលិចកណ្តាលសមុទ្រហើយ។ បុរសអ្នករៀនសូត្របានឆ្លើយតបថា ទេ! ខ្ញុំមិនចេះហែលទឹកទេ។ បុរសអ្នកចែវទូកបាននិយាយយ៉ាងសង្វេគចិត្តថា បើអ្នកមិនចេះហែលទឹកទេ អ៊ីចឹងគឺកម្មធំហើយ ដ្បិតអ្នកនឹងត្រូវខាតជីវិតទាំងអស់ ហើយស្លាប់នៅក្នុងសមុទ្រនេះមិនខាន

រឿងនេះ ខ្ញុំចង់ឆ្លុះបញ្ចាំងពីជីវិតមនុស្សទូទៅ ដែលមិនចេះរស់នៅ រស់នៅដោយគ្មានសិល្បៈ រស់នៅដោយមានចិត្តខ្វះការរួចរដោះ និងរស់នៅដោយមិនបានអប់រំចិត្ត។ ជីវិតបែបនេះ បើទោះបីជាមានផែនដីទាំងមូលជាកម្មសិទ្ធិ ឬមានចំណេះដឹងខួរក្បាលកប់ពពក ក៏ពុំអាចស្វែងរកសុខសុភមង្គលជូនជីវិតខ្លួនឯងបានដែរ។ នៅក្នុងវិជ្ជាទាំងឡាយ គឺមានវិជ្ជាពីរដែលសំខាន់៖ ទី១. ជាវិជ្ជាចិញ្ចឹមកាយ ដែលជាវិជ្ជាស្វែងរកអាហារឱ្យរូបរាងកាយ, និងទី២. ជាវិជ្ជាចិញ្ចឹមចិត្ត ដែលជាវិជ្ជាស្វែងរកសុខឱ្យចិត្ត។ ចិត្តនិងកាយនេះ វាពុំមែនជារបស់ពីរដាច់ដោយឡែកពីគ្នាឡើយ។ បុគ្គលដែលមិនចេះចិញ្ចឹមចិត្តស្ងប់និងចិត្តសុខ គឺជាទាសករ។ មាននិទានមួយនិយាយអំពីស្តេចអាឡិចសង់ (Alexander The GREAT) ដែលបានលើកទ័ពទៅវាយឈ្លានពានឥណ្ឌា។ អាឡិចសង់បានជួបអ្នកបួសម្នាក់នៅកណ្តាលផ្លូវ រួចហើយសួរថា មើលទៅអ្នកដូចជាសុខណាស់ ស្របពេលដែលអ្នកគ្មានសូម្បីតែសម្លៀកបំពាក់គ្របដណ្តប់កាយ។ តើអ្នកគឺជាទាសករម្នាក់មែនទេ?”

អ្នកបួសបានតបថា មិនមែនខ្ញុំទេដែលជាទាសករ តែអ្នកទៅវិញទេ ទើបជាទាសករពិតប្រាកដ។ អាឡិចសង់តបវិញដោយទឹកមុខមាំថា នៅពិភពលោកនេះ ខ្ញុំបានវាយកាន់កាប់ទឹកដីជាងពាក់កណ្តាលផែនដីទៅហើយ។ អ្នកបួសតបថា អ្នកគឺជាទាសករដែលចេះតែចង់បានមិនចេះចប់មិនចេះហើយ។ អ្នកគឺជាអ្នកខ្វះ អ្នកគឺជាអ្នកសុំទាន។ បើទោះបីជាអ្នកបានផែនដីជាកម្មសិទ្ធិក៏ដោយ ក៏ចិត្តអ្នកគ្មានសេចក្តីសុខឡើយ។ រីចំពោះខ្ញុំវិញ ទើបជាអធិរាជដ៏ពិតប្រាកដ។ ខ្ញុំរស់នៅក្នុងនាមជាអ្នករួចរដោះចិត្ត។ អ្វីៗក៏ខ្ញុំមានដែរ ពីព្រោះចិត្តខ្ញុំគ្រប់ហើយ។ រហូតដល់ថ្ងៃចុងក្រោយ ស្តេចអាឡិចសង់ត្រូវស្លាប់ ស្របពេលដែលមិនទាន់វាយបានផែនដីទាំងមូលផង។ យុវជនខ្មែរខ្លះចិត្តនៅខ្សោយ ចិត្តនៅឃោរឃៅ ចិត្តមានគុំនំចង់សងសឹក ចិត្តខ្វះគោលការណ៍អនុគ្រោះ ចិត្តនៅមានអស្មិមានះ ចិត្តនៅខ្វះការសង្រួម និងចិត្តនៅឈឺចាប់នឹងរឿងតូចតាច។ ចិត្តឈឺចាប់ទាំងនេះ គឺមិនមែនដោយសារតែខួរក្បាលខ្វះការអប់រំទេ តែដោយសារតែចិត្តខ្វះការអប់រំ និងចិត្តគ្មានការលត់ដំ។

រឿងឈឺចាប់ខ្លះ រឿងខឹងសម្បារខ្លះ រឿងអាក់អន់ចិត្តខ្លះ រឿងសងសឹកខ្លះ គឺអ្នកខ្លះអាចប្រើចំណេះដឹងដើម្បីអត់ទ្រាំបាន អត់ធ្មត់បាន និងខាំមាត់សង្កត់ចិត្តបាន តែកាលណាបើនិយាយពាក្យថា ទ្រាំអត់ធ្មត់ ខាំមាត់ សង្កត់ចិត្ត គឺសុទ្ធតែរឿងដែលប្រឹងធ្វើទេ ហើយក៏មិនមែនជាលក្ខណធម្មជាតិដែរ។ អ្នកដែលរួចផុតពីការជាប់ជំពាក់អវិជ្ជា គឺឱ្យអ្វីៗធ្វើដំណើរទៅតាមលក្ខណធម្មជាតិ ដោយពុំចាំបាច់ប្រឹងហួសហេតុ ទទួលយកគ្រប់យ៉ាងដោយគ្មានលក្ខខណ្ឌ និងចេះរស់នៅពេញចិត្តនឹងរបស់តិចតួច។ អ្នកដែលមានចិត្តរួចរដោះ បើមានការប្រឹងប្រែង គឺឆាប់ជោគជ័យជាងអ្នកដែលមានចិត្តជាប់ជំពាក់។ អ្នកមានចិត្តរួចរដោះ បើចង់បានអ្វី ក៏នឹងបានដូចចិត្តប្រាថ្នា ដ្បិតចិត្តគឺជាចិត្តមិនរំជើប ចិត្តមិនងាយតក់ស្លុត ចិត្តដែលមានសតិដឹង និងចិត្តដែលស្ងប់ល្អ។ បើទោះបីជាចេះអ្វីៗច្រើនយ៉ាងណាក៏ដោយ តែបើមិនចេះធ្វើឱ្យចិត្តសុខទេ គឺទុក្ខធំហើយ។ ចិត្តបែបនេះមានអំណាចខ្លាំងណាស់។ បុគ្គលណាដែលមានចិត្តស្ថិតក្នុងកម្រិតនេះ គឺជាបុគ្គលខ្លាំងដែលអាចសម្រេចកិច្ចការធំបាន៕

រឿងដែលយើងភ្លេចគិត



បើជួបរឿងមិនសប្បាយចិត្ដត្រូវឆាប់បំភ្លេចចោល ហើយបើជួបរឿងល្អៗគួរចងចាំឱ្យបានច្រើន ។ មានពេលខ្លះយើងបែរជាចូលចិត្ដចងចាំរឿងមិនល្អទៅវិញ ។ តាមពិតជីវិតមានតែពីរជ្រុងប៉ុណ្ណោះ មួយល្អ មួយអាក្រក់ ពេលរឿងល្អអណ្ដែតឡើងយើងក៏រីករាយហើយបំភ្លេចចោល តែពេលរឿងមិនល្អអណ្ដែតឡើងយើងបែរជាចូលចិត្ដចងចាំវាទៅវិញ ។ បន្លាមុតចូលសាច់វាអាចឈឺតែមួយចំណុចប៉ុណ្ណោះ ព្យាបាលទៅអស់អីហើយ ប៉ុន្ដែយើងពិតជាយកចិត្ដទុកដាក់នឹងវាណាស់ គិតពីវាស្ទើរគ្រប់ពេល រហូតភ្លេចថែទាំផ្នែកផ្សេងនៃរាងកាយ ហើយពេលខ្លះរបួសថ្មីក៏កើតឡើងបន្ដទៀត ។ មិនថាជាវត្ថុ ឬជាអ្វីឡើយ បើយើងមិនចូលចិត្ដទោះវាល្អប៉ុនណាក៏យើងមើលមិនឃើញដែរ ហើយច្បាស់ណាថាវានឹងបង្ហាញយើងនូវភាពអាក្រក់របស់វាពេលយើងព្យាយាមមើលវាក្នុងផ្លូវមិនល្អ តែវានឹងបង្ហាញយើងពីភាពល្អ ប្រសិនបើយើងចេះមើលវាក្នុងផ្លូវល្អ ។ ជីវិតក៏ដូចគ្នា យើងគួរយកចិត្ដទុកដាក់លើភាពល្អនៃជីវិតឱ្យបានច្រើន តែក៏មិនត្រូវភ្លេចភាពអាក្រក់ដែរ ក៏មិនគួរគិតរឿងអាក្រក់ច្រើនជាងរឿងល្អឡើយ បើពុំនោះទេយើងនឹងមានតែទុក្ខវិបត្តិដ៏អួរអាប់ គ្មានភាពរីករាយក្នុងជីវិតឡើយ ៕

Cr. ប្រាជ្ញាជីវិត

រៀនពេញមួយជីវិត



ទស្សនវិទូក្រិក សូក្រាត (Socrates) និយាយថា ខ្ញុំមិនដឹងអ្វីគ្រប់យ៉ាងទាំងអស់ តែខ្ញុំដឹងតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំមិនចេះអ្វីទាំងអស់

មនុស្សប្រសើរគឺជាបុគ្គលដែលចេះ តែមិនចេះអួតអាងខ្លួន។ ចំណែកបុគ្គលកម្សោយវិញ គឺមិនចេះទេ ប៉ុន្តែពូកែខាងអួតបំប៉ោងខ្លួន។ អ្នកចេះគ្មានទេភាពខ្សោយ ព្រោះគិតថាខ្លួនឯងខ្សោយ។ ការគិតថាខ្លួនឯងខ្សោយ ទើបជាការមិនខ្សោយ។ ការយល់ថាខ្លួនឯងខ្សោយនិងភាពស្ងប់ស្ងៀម គឺជាប្រភពនៃភាពរីកចម្រើន។

បិតារូបវិទ្យាស.វទី២០ អាល់ប៊ឺត អាញស្តាញ ពោលថា មូលដ្ឋានគ្រឹះនៃក្តីរីកចម្រើនគឺជាការមានជីវិតរស់នៅយ៉ាងស្ងប់ស្ងៀម។ ស្ងប់ស្ងៀមក្នុងន័យនេះ គឺចង់សំដៅឱ្យយើងមានសន្តិភាពចំពោះខ្លួនឯង ហើយប្រើសន្តិភាពប្រឹងប្រែងរៀនសូត្រ គិតត្រិះរិះពិចារណា និងត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងរីកចម្រើនទៅមុខជានិច្ច។ ចូរប្រើសន្តិភាពឱ្យមានប្រសិទ្ធិភាព៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Thursday, September 5, 2019

ទស្សនៈនៃការគិតសង្គម



អ្នកសាសនាយល់ថា កាលណាបើបានបង្រៀនមនុស្សឱ្យមានសេចក្តីស្ងប់ហើយ គឺសង្គមនឹងបានសុខ។ អ្នកជំនួញយល់ថា បើកាលណាមនុស្សចេះរកស៊ី មានលុយច្រើនហើយ គឺសង្គមនឹងរីកចម្រើន។ គ្រូបង្រៀនយល់ថា បើកាលណាអប់រំមនុស្សឱ្យមានចំណេះដឹងល្អ គឺសង្គមនឹងអភិវឌ្ឍហើយ។ អ្នកជំនាន់មុន សម័យសង្គមចាស់ ស្ថិតក្នុងទស្សនៈចាស់គំរិលយល់ថា រឿងជាតិនេះ លោកអ្នកធំ ចេះគិតជាងយើងអ្នកតូចតាចណាស់ ហើយកុំទៅខ្វល់ធ្វើអី ដ្បិតគិតតែប្រឹងដើម្បីឱ្យតែខ្លួនឯងមានបានទៅបានហើយ

កាតព្វកិច្ចជួយជាតិ គឺជាការចូលរួមរបស់ជនគ្រប់រូប ដ្បិតសង្គមមួយ គឺពុំមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ជនណាម្នាក់ទេ។ លើសពីនេះ គ្មានវិស័យណាមួយសំខាន់ជាងវិស័យណាទេ​ ដ្បិតគ្រប់វិស័យ គឺត្រូវអាស្រ័យគ្នាទៅវិញទៅមក ប្រៀបដូចជាដៃត្រូវការជើង ជើងត្រូវការភ្នែក...។ ក្នុងនាមជាអ្នកសាសនា គឺត្រូវបង្រៀនមនុស្សឱ្យស្ងប់ពិត។ ក្នុងនាមជាអ្នករកស៊ី គឺត្រូវបង្រៀនយុវជនឱ្យចេះរកស៊ីដោយសុចរិត ដឹងហេតុផល កុំងប់ងល់ចង់បានទ្រព្យដោយខ្វះនូវសីលធម៌។ ក្នុងនាមជាគ្រូបង្រៀន គឺត្រូវបង្រៀនចំណេះដឹងឱ្យត្រូវ និងបណ្តុះស្មារតីសង្គម ព្រមទាំងបំពាក់ឱ្យសិស្សនូវសីលធម៌។

ក្នុងនាមជាអ្នកនយោបាយ សូមកុំធ្វើនយោបាយឱ្យយុវជនស្អប់គ្នា រើសអើងគ្នា និងប្រកាន់បក្សពួកគ្នា ជាពិសេសកុំបំពាក់នូវមនោគមវិជ្ជានយោបាយជ្រុលនិយមដល់យុវជន ដល់អ្នកដែលគ្នាខ្សោយការគិត និងដល់មនុស្សដែលស្ថិតក្នុងសម្ពាធចិញ្ចឹមគ្រួសារ។ ក្នុងនាមជាអ្នកជំនាន់មុន កុំយល់ថាយុវជនជំនាន់នេះគិតដូចខ្លួន កុំបង្ខំដាក់សម្ពាធឱ្យយុវជនជំនាន់នេះធ្វើតាមខ្លួន ដ្បិតផ្នត់គំនិតសង្គម វាតែងតែប្រែប្រួលទៅតាមពេលវេលា។ ក្នុងនាមយើងជាអ្នកជំនាន់មុន ជាពិសេសយុវជនជំនាន់នេះដែលកំពុងតែក្លាយខ្លួនជាអ្នកជំនាន់មុនសម្រាប់ក្មេងៗ គឺគួរតែត្រូវធ្វើខ្លួនជាបុគ្គលគំរូ និងសាងសកម្មភាពបង្ហាញគំរូគ្រប់ស្ថានភាព៕

Cr. Lam Lim

មិនមែនមានតែយើងទេ



មិនមានពាក្យថាលំបាកទេ សម្រាប់ស្ថានភាពដ៏តានតឹងរបស់អ្នកតស៊ូ ប៉ុន្ដែវានឹងលំបាកបំផុត សម្រាប់ស្ថានភាពដ៏តឹងតែងរបស់មនុស្សទន់ជ្រាយ ។ ការរស់នៅប្រសិនបើយើងខ្លាំង យើងអាចរុងរឿង ប៉ុន្ដែបើយើងខ្សោយ យើងនឹងត្រូវគេជាន់ឈ្លី ត្រូវគេមើលងាយ ។ អ្នកណាៗក៏លំបាកដែរ សំខាន់ត្រូវតស៊ូ កុំហត់តិចតួចថាហត់ខ្លាំង ភ្លៀងតិចតួច ថារងារខ្លាំង អស់កម្លាំងថាវឹលមុខ សង្គមនេះបើយើងមិនព្យាយាមទេ យើងមិនអាចរស់បានឡើយ ។

អ្នកវិជ្ជាសាស្ត្រ អាលប៊ឺត អាញ់ស្ទាញ់ ( Albert Einstein ) បានពោលថា " ជីវិតគឺប្រៀបដូចជាការជិះកង់ ដើម្បីកុំឲ្យវាដួល គឺយើងត្រូវធាក់វាទៅមុខរហូត " ។ បើយើងមិនប្រឹងប្រែងទេ គ្មាននរណាម្នាក់មកតស៊ូជំនួសយើងឡើយ ។ បើយើងទន់ខ្សោយ គ្មានថ្ងៃដែលយើងអាចឆ្លងផុតការលំបាកបានទេ ។ ជីវិតជារបស់យើង តែលទ្ធផលបែបណាក៏ឋិតលើយើងខ្លួនឯងដែរ ការតស៊ូ គឺជាការបន្ដដង្ហើម ។

ជីវិតគឺជាជង្រុកនៃការលំបាក ប៉ុន្ដែនៅក្នុងការលំបាក គឺតែងតែមានផ្លែផ្កាដែលយើងចង់បាន ហើយបើយើងមិនឆ្លងកាត់ការលំបាកខ្លះទេ យើងក៏មិនអាចទទួលបានផ្លែផ្កាទាំងនោះដែរ ។ នៅលើលោកនេះគ្មានរបស់ Free ទេ លទ្ធផលជីវិតក៏ដូចគ្នា ៕

Cr. ប្រាជ្ញាជីវិត

បើយើងមិននិយាយគ្នា



ប្ដីប្រពន្ធឈ្លោះគ្នាគឺជារឿងមួយ ស្រែកជេរគ្នា ហែកកេរ្ដិ៍ប្ដីប្រពន្ធឯងបង្ហាញមហាជនដើម្បីឈ្នះ ជាកំហុសធំ ។ យើងពុំអាចមើលឃើញអ្វីនៅភពងងឹតទេ ក៏មិនអាចទទួលបានអ្វីពីចិត្ដអវិជ្ជាដែរ ។ ពន្លឺតែងតែបំភ្លឺទីងងឹត ទឹកអាចពន្លត់ភ្លើងបាន ប៉ុន្ដែមនុស្សជាច្រើនបានប្រើចិត្តភ្លើង ទៅប្រឆាំងចិត្ដភ្លើង ប្រើភាពងងឹតងងុលអវិជ្ជា ទៅតតាំងគ្នាទៅវិញទៅមក ។ គ្មាននរណាចង់ឈ្លោះគ្នាទេ តែបើម្ខាងឆេះ ហើយម្ខាងទៀតដុតបន្ថែម គឺមានតែធ្វើឱ្យរឿងកាន់តែធំ ។

ពេលខ្លះរឿងតូចតាចទេ អាចនិយាយគ្នាស្ងាត់ៗបាន ប៉ុន្ដែមនុស្សខ្លះបែរជាស្រែកឡូឡាក្ដុងក្ដាំង ផ្អើលគេផ្អើលឯង ។ ខ្មាសគេទេ ដែលហែកកេរ្ដិ៍គ្រួសារឯងបង្ហាញគេ ? តើមានមនុស្សប៉ុន្មាននាក់ដែលចាំសើចចំអកយើង ពេលយើងឈ្លោះគ្នា ? តើឈឺទេ ប្រសិនបើគេនិយាយស្ងាត់ៗថា " ប្ដីប្រពន្ធនេះខាំតែគ្នា!! " ? យើងពុំចាំបាច់អ្វីដែលត្រូវដណ្ដើមជ័យជម្នះក្នុងរង្វង់គ្រួសារឯងទេ ក៏ពុំចាំបាច់អ្វីដែលត្រូវស្រែកឡូឡាក្ដុងក្ដាំងផ្អើលគេផ្អើលឯងដែរ ព្រោះវាខ្មាសគេ ។ រឿងណាដែលអាចនិយាយស្ងាត់ៗបាន គួរតែស្ងាត់ទៅ តែបើស្ងាត់មិនបានទេ យើងអាចរកវិធីផ្សេងបាន ។ ជីវិតគ្រួសារនឹងមិនគង់វង្សទេ បើម្នាក់ប្រឹងសាង ម្នាក់ទៀតប្រឹងបំផ្លាញ ។ ជីវិតប្ដីប្រពន្ធនឹងមិនបានយូរទេ បើព្រឹកឈ្លោះល្ងាចឈ្លោះ ។ សុភមង្គលក្នុងគ្រួសារនឹងមិនមានច្រើនទេ បើយើងនៅតែចូលចិត្ដយកកំហឹងដាក់មុខ ។ យើងនឹងមិនអាចបានសុខទេ បើយើងនៅមានចរិតកូនក្មេង

បើយើងមិនអង្គុយនិយាយគ្នាដោយស្ងៀមស្ងាត់ យើងនៅតែស្ដាប់ហេតុផលគ្នាមិនបាន ។ បើម្នាក់ធ្វើខុស ហើយយើងមិនអាចណែនាំគ្នាដោយស្ងាត់ៗ តែបែរជាបង្ករជម្លោះឡូឡា នោះយើងនឹងក្លាយជាចំណែកនៃកំហុសនោះដែរ ។ បើយើងមិនអាចកែប្រែនរណាម្នាក់មកតម្រូវចិត្ដយើងបានទេ ឬមិនអាចលើកលែងបានទេ នោះយើងគួរតែរស់នៅម្នាក់ឯងវិញល្អជាង ។ រស់ម្នាក់ឯង យើងលែងទើសអ្នកណាទៀតហើយ ព្រោះបើចង់បានសេរីភាព លុះត្រាតែកុំមានគ្រួសារ គ្មានគ្រួសារណាដែលមិនចេះឈ្លោះគ្នាទេ សំខាន់ត្រូវចេះមេត្ដា ចេះអត់ឱន ចេះលើកលែងឱ្យគ្នាខ្លះ ៕

Cr. ប្រាជ្ញាជីវិត

Wednesday, September 4, 2019

ច្បាប់នៃភាពតែមួយ



គ្រប់យ៉ាងក្នុងលោក គឺមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ ហើយគ្រប់យ៉ាងតែងមានភាពសំខាន់ពិសេសដាច់ដោយឡែករៀងៗខ្លួន។ គ្មានអ្វីមួយសំខាន់ជាងអ្វីមួយ ហើយក៏គ្មានអ្វីមួយដែលអន់ជាងអ្វីមួយដែរ។ អ្នកខ្លះយល់ថាក្នុងខ្លួន ដៃសំខាន់ជាងជើង, ឬជើងសំខាន់ជាងភ្នែក, ឬភ្នែកសំខាន់ជាងទ្រូង, ឬទ្រូងសំខាន់ជាងមាត់, ឬអ្វីមួយសំខាន់ជាងអ្វីមួយ។ល។ ប៉ុន្តែតាមពិតទៅ គ្រប់យ៉ាងត្រូវការគ្នាទៅវិញទៅមកនិងមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ឡានសំខាន់ តែបើអត់សាំង ក៏មិនអាចដំណើរការបានដែរ។ សាំងសំខាន់ តែបើអត់មានកង់ឡាន ក៏មិនអាចទៅមុខបានដែរ។ ឡានសំខាន់ តែបើអត់មានអ្នកបើកបរ ក៏មិនល្អដែរ។ នេះហើយដែលហៅថា ច្បាប់នៃភាពតែមួយ ឬ The Law of Oneness” ក្នុងចក្រវាល ។

រីឯចំពោះលក្ខណៈមនុស្សក៏អ៊ីចឹងដែរ ដ្បិតដោយសារតែភាពតែមួយនេះហើយ ទើបបានធ្វើឱ្យគ្រប់យ៉ាងមានរូប មានរាង មានទម្រង់ពេញលក្ខណៈត្រឹមត្រូវ។ មនុស្សត្រូវមានដៃមានជើង មានភ្នែកមានច្រមុះ មានមាត់មានអណ្តាត មានបេះដូងមានខួរក្បាល និងអ្វីៗផ្សេងជាច្រើនត្រូវបញ្ចូលគ្នា ទើបអាចហៅថាជាមនុស្សបាន។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានអានសៀវភៅ មិលិន្ទប្បញ្ហា - Milindapañha: The Questions of King Milinda” ដែលជាការសន្ទនាសួរចោទឆ្លើយរបស់ព្រះចៅមិលិន្ទនិងព្រះនាគសេនអំពី តើអ្វីទៅជានាគសេន?” ព្រះចៅមិលិន្ទចោទសួរដេញថា “[...] សរសៃសក់ឬជានាគសេន?, រោមឬជានាគសេន?, ក្រចក ធ្មេញ ស្បែក សាច់ ឆ្អឹង ខួរក្បាល ប្រមាត់....ឬជានាគសេន?” ត្រង់ខ្លឹមសារនៃការសន្ទនារនេះគ្រាន់តែចង់បង្ហាញថា នាគសេន គឺគ្មានបុគ្គលទេ ឬមិនតំណាងឱ្យអ្វីដែលព្រះចៅមិលិន្ទចោទសួរឡើយ ដ្បិតនាគសេនគ្រាន់តែជាឈ្មោះតំណាង ហើយនាគសែនត្រូវផ្គុំឡើងដោយអ្វីៗផ្សេងជាច្រើនដូចជាដៃជើង ក្បាល បេះដូង ច្រមុះ...ដែលជារូបរាងកាយនិងវិញ្ញាណ។

នេះជាកម្រិតនៃការស្គាល់ខ្លួនឯងថ្នាក់រូបរាងខាងក្រៅឬសម្បកកាយនេះ។ ប៉ុន្តែបើនិយាយក្នុងលក្ខខណ្ឌបុគ្គលសាកល គឺមនុស្សគ្រប់ៗរូបមានលក្ខណៈដូចគ្នា និងមានអំណាចឥទ្ធិពលដូចគ្នា តែអ្វីដែលសំខាន់តើយើងរាល់គ្នាបានស្គាល់ខ្លួនឯងដល់ថ្នាក់ស៊ីជម្រៅបំផុតហើយឬនៅ? នៅក្នុងរឿងទេវកថា រាមកេរ្តិ៍ឥណ្ឌា ឬ Ramayana” មានឈុតមួយដែលព្រះរាម (Rama) បានចោទជាសំនួរសួរទៅហនុមាន (Hanuman) ក្នុងគ្រាជួបដំបូងថា តើអ្នកជាអ្វី? អ្នកគឺជាស្វា ឬក៏ជាមនុស្ស?” ហនុមានបានឱនក្បាលគោរពព្រះរាម រួចតបវិញថា នៅពេលណាដែលខ្ញុំមិនស្គាល់ថាខ្លួនខ្ញុំជានរណា គឺខ្ញុំគឺជាបាវបម្រើរបស់អ្នក។ ប៉ុន្តែនៅពេលណាដែលខ្ញុំស្គាល់ខ្លួនឯងពិតប្រាកដដល់ថ្នាក់ស៊ីជម្រៅហើយ ខ្ញុំនិងអ្នកគឺតែមួយ។ នេះជាលក្ខណៈសាកលដែលមានក្នុងខ្លួនមនុស្សម្នាក់ៗ។ តួបុគ្គលសាកលនេះ គឺបានលាក់ខ្លួនពួនសំងំអាត្មាក្នុងសម្បកកាយមនុស្សនេះជាយូរយារណាស់មកហើយ។

ខ្ញុំជឿថាអ្នកខ្លះប្រហែលជាធ្លាប់ឮនូវឃ្លាមួយដែលថា ចូរកុំធ្វើនូវទង្វើណាដែលអ្នកមិនចង់ប្រាថ្នាឱ្យអ្នកដទៃធ្វើមកលើអ្នក។ បើនិយាយពីប្រយោគមួយឃ្លានេះ វាពុំមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ ខុង ជឺ, ឡៅ ជឺ, ព្រះពុទ្ធ, ព្រះយេស៊ូ, ព្រះអាឡាស់, សូក្រាត, អារីស្តូត....ឬបុគ្គលត្រាស់ដឹងណាម្នាក់ឡើយ ដ្បិតនេះជាច្បាប់ធម្មជាតិនិងច្បាប់សាកល។ អ្នកសិក្សាក្នុងកម្រិតធម្មតានឹងចាត់ទុកឃ្លានៃការបង្រៀនេះថាមានម្ចាស់ ឬជាកម្មសិទ្ធិរបស់អ្នកប្រាជ្ញនេះឬអ្នកប្រាជ្ញនោះ។ នេះជាច្បាប់នៃភាពតែមួយ។ ពាក្យខ្មែរថា ឈឺជើងធាត់ ឈឺមាត់ស្គម។ ឃ្លានេះមានន័យថាបើមាត់ឈឺ គឺនឹងពុំអាចហូបចុកអាហារចូលមាត់បានទេ។ ពេលណាដែលអាហារមិនបានចូលមាត់ វានឹងប៉ះពាល់រូបរាងកាយដែលជាហេតុធ្វើឱ្យរាងកាយស្គមស្គាំង។ រឿងទាំងនេះហើយដែលហៅថាគ្រប់យ៉ាង វាតែងមានសម្ពន្ធនឹងគ្នាមិនអាចកាត់ផ្តាច់បានឡើយ។

ខ្ញុំសូមបន្ថែមច្បាប់សាកលមួយទៀតដែលវាមានខ្លឹមសារទាក់ទងគ្នានឹងច្បាប់នៃភាពតែមួយ។ វេលាថ្ងៃមួយ មានសត្វកណ្តុរឃើញអង្គុប ក៏ទៅប្រាប់សត្វមាន់ ហើយមាន់ក៏តបវិញថា អង្គុបនេះសម្រាប់តែចាប់លោកកណ្តុរឯងទេ អ៊ីចឹងគ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ។ បន្ទាប់មកទៀត សត្វកណ្តុរក៏បានទៅប្រាប់សត្វជ្រូក ហើយជ្រូកក៏តបវិញថា អង្គុបនេះសម្រាប់តែចាប់លោកកណ្តុរឯងទេ អ៊ីចឹងគ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ។ បន្ទាប់មកទៀត សត្វកណ្តុរក៏ទៅប្រាប់សត្វគោ ហើយគោក៏ប្រាប់វិញថា អង្គុបនេះសម្រាប់តែចាប់លោកកណ្តុរឯងទេ អ៊ីចឹងគ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ។ យប់មួយអង្គុបក៏បានជាប់កន្ទុយពស់វែក ហើយម្ចាស់ផ្ទះដើរទៅមើលដោយមិនប្រយ័ត្ន ក៏ត្រូវពស់ចឹក។ ប្តីបានយកប្រពន្ធទៅពេទ្យ។ អាការៈមិនធូរស្បើយ ក៏មានអ្នកភូមិសម្លាប់មាន់ធ្វើស៊ុបដើម្បីទៅសួរសុខទុក្ខ។ អ្នកជិតខាងខ្លះគ្មានមាន់ ក៏កាប់ជ្រូក។ ចុងក្រោយ អ្នកជំងឺបានស្លាប់ ហើយក្នុងពិធីបុណ្យសព ក៏មានការកាប់គោផងដែរ។ ការយល់ដឹងពីច្បាប់នេះ វានឹងធ្វើឱ្យមនុស្សចេះស្រឡាញ់អ្វីៗគ្រប់យ៉ាង មិនថាជាមនុស្ស ជាសត្វ ធម្មជាតិ ដូចស្រឡាញ់ខ្លួនឯង។ ខ្ញុំសូមចប់ត្រឹមនេះសិន ហើយសូមពិចារណាតាមការគួរចុះ៕

ឈ្នះបែបថោកទាប



បើគេចង់ឈ្នះ ឱ្យគេឈ្នះចុះ យើងពុំចាំបាច់ទៅប្រកែកតឹងសរសៃកតម្លើងចង្កូមដាក់គេទេ ។ សច្ចភាព នៅតែតែជាការពិត ឈ្នះដោយដោយប្រាសចាកពីសេចក្ដីពិត គឺជាជ័យជម្នះរបស់ជនពាលប៉ុណ្ណោះមនុស្សមានតម្លៃនិយាយពិត មនុស្សពាលនិយាយយកឈ្នះ ។ មនុស្សមានតម្លៃនិយាយហេតុផល មនុស្សពាលនិយាយបានគ្រប់រឿង មិនថាខុសឬត្រូវ

នៅពេលដែលយើងបានដឹងថាគេជាជនពាល នោះយើងនឹងស្ដាយក្រោយដែលជ្រលក់មាត់ជាមួយ ។ គ្រាន់តែទទួលស្គាល់កំហុស សារភាពហើយសុំទោស វាពុំធ្ងន់ធ្ងរណាស់ណាទេ តែមនុស្សមួយចំនួនសុខចិត្ដស្រែកជេរគ្នាផ្អើលគេផ្អើលឯង ។ មនុស្សខ្លះដើម្បីឈ្នះអ្នកដទៃ អ្វីក៏ហ៊ានធ្វើ ។ ធម្មតាទេ មនុស្សឈ្លោះគ្នាម្នាក់ៗចង់តែឈ្នះ ប៉ុន្ដែខណៈពេលដែលយើងកំពុងស្រែកជេរគ្នា មានមនុស្សជាច្រើនកំពុងឈរសើច មានមនុស្សជាច្រើនកំពុងចំអកមើលងាយ ។ ដៀលគ្នាទៅវិញទៅមក បើកកេរ្តិ៍គ្នាទៅវិញទៅមកបង្ហាញមហាជនដើម្បីឈ្នះ ចុងក្រោយនឹងខ្មាសគេលើសដើរស្រាតទៅទៀត ។ កុំចង់ឈ្នះដោយពុំបំពាក់គុណធម៌ ព្រោះទង្វើដែលប្រាស់ចាកពីគុណធម៌ វានឹងធ្វើឱ្យយើងថោកទាប

Cr. Sun Veasna

ផ្លូវកាត់អន្តរាយផ្លូវឆ្ងាយកុំបង់



ផ្លូវកាត់ភាគច្រើនសុទ្ធតែនាំឱ្យមនុស្សដើរទៅដល់ភាពបរាជ័យនិងក្តីអន្តរាយមុនគេ

នៅលើលោកនេះ គ្មានអ្វីដែលបានមកដោយទទេៗទេ ហើយក៏គ្មានអ្វីដែលងាយស្រួល មានផ្លូវកាត់ស្រួលដែរ។ ច្បាប់កម្មផល ច្បាប់នៃការសាបព្រោះ និងច្បាប់ប្រមូលផល (The Law of Cause and Effect) បានលើកឡើងថា កាលណាយើងបង្កើតគំនិតមួយ នោះយើងនឹងទទួលបានសកម្មភាពមួយ។ យើងបង្កើតសកម្មភាពមួយ នោះយើងនឹងទទួលបានទម្លាប់មួយ។ យើងបង្កើតទម្លាប់មួយ នោះយើងនឹងទទួលបានចរិតលក្ខណៈមួយ។ យើងបង្កើតចរិតលក្ខណៈមួយ នោះវានឹងកំណត់វាសនាជីវិតរបស់យើង

បុរសម្នាក់ដែលចង់សារភាពស្នេហាដល់នារីម្នាក់ដោយភាពតក់ក្រហល់ ឬចង់បានលឿនដូចចិត្តដោយខ្វះការអត់ធ្មត់ គឺនឹងទទួលបានត្រឹមការបដិសេធ។ កសិករចង់ប្រមូលផលស្រូវដោយមិនបានសាបព្រោះ មិនបានដកស្ទូង គឺផ្ទុយនឹងច្បាប់ធម្មជាតិ។ ការចង់មានចង់បាន ដោយមិនប្រឹងប្រែងរក គឺជាគំនិតល្ងង់។ ការចង់ចេះចង់ដឹង ដោយមិនចំណាយពេលវេលាខិតខំរៀនសូត្រ គឺជាគំនិតល្ងង់។

ជីវិតគឺជាជម្រើស ហើយដើម្បីជ្រើសបានល្អ គឺយើងចេះអត់ធ្មត់។ ការចេះអត់ធ្មត់ តែងផ្ទុយនឹងភាពខ្ជិលច្រអូស ពីព្រោះការចេះអត់ធ្មត់ គឺអត់ធ្មត់ដោយមានគោលដៅនិងប្រឹងប្រែងដើម្បីសម្រេចគោលដៅ។ ការចេះអត់ធ្មត់និងពេលវេលា គឺនឹងមិនអាចឱ្យយើងបានវត្ថុល្អភ្លាមៗនោះទេ តែអាចបានវត្ថុល្អជាងនៅពេលក្រោយ ឬមិនអាចបានវត្ថុល្អជាងភ្លាមៗ តែអាចបានវត្ថុល្អបំផុតពេលក្រោយ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Tuesday, September 3, 2019

ស្រឡាញ់តែកុំប្រចណ្ឌពេក !!



ស្នេហា ហ៊ានស្រឡាញ់ ហ៊ានឈឺចាប់ ។ ហ៊ានស្រឡាញ់ ក៏ត្រូវហ៊ានទទួលយកភាពជាខ្លួនគេដែរ ។ ស្នេហាមិនមែនជាការចង្អុលណែនាំគេឱ្យធ្វើគ្រប់រឿងដើម្បីយើងតែម្ខាង ឬបំពេញចិត្ដយើងម្នាក់ឯងទេ ។ ចរិតធម្មជាតិ កាចឆ្នាស់ ឬស្លូតបូត អ្នកត្រូវតែហ៊ានទទួលយក ។ ធម្មតាទេ មនុស្សពីរនាក់អាចស្រឡាញ់គ្នាបានក៏ព្រោះតែចុះសម្រុងនឹងគ្នា ហើយដើម្បីចុះសម្រុងនឹងគ្នា លុះត្រាតែយើងចេះសម្របតាមគ្នាខ្លះ ចំពោះរឿងដែលមិនអាចសម្របបាន គឺត្រូវតែទទួលយក ។ ជីវិតគូ វាខុសពីជីវិតឯងរាជ្យឆ្ងាយណាស់ ។ ពេលនៅទំនេរ ចង់ទៅណា ចង់ធ្វើអី ចង់យ៉ាងម៉េច ក៏មិនពាក់ព័ន្ធនឹងនរណាដែរ ប៉ុន្ដែនៅពេលដែលយើងទៅយកនរណាម្នាក់មករួមដំណើរជីវិតជាមួយយើង គឺយើងត្រូវមានទំនួលខុសត្រូវលើជីវិតគេ ហ៊ានស្រឡាញ់គេ ក៏ត្រូវហ៊ានទទួលយកគ្រប់យ៉ាងពីគេដែរ

មានជីវិតគូជាច្រើនដើរដល់ផ្លូវបែកបាក់ទាំងវ័យក្មេង ហើយក៏មានជីវិតគូជាច្រើនដើរដល់ទីបញ្ចប់នៃជីវិតដែរ ។ រយៈពេលមិនសំខាន់ទេ សំខាន់តើយើងប្រើក្ដីស្រឡាញ់ក្នុងលក្ខខណ្ឌបែបណា ? ។ ដ្បិតស្នេហាជាកម្មសិទ្ធិផ្ដាច់មុខ តែមិនមែនផ្ដាច់មុខទាំងស្រុងរហូតបិទសេរីភាពផ្ទាល់ខ្លួនគេទេ គេជាមនុស្សមានអារម្មណ៍ដូចយើងដែរ ត្រូវចាំថាគេពុំមែនជាសត្វចិញ្ចឹមក្នុងទ្រុងយើងឡើយ ។ គេជាមនុស្សដែលយើងស្រឡាញ់ គេក៏មានសិទ្ធិសេរីភាពរបស់គេដែរ ។ ពេលខ្លះការប្រចណ្ឌហួងហែងលើសកម្រិត ជាទង្វើដែលគេមិនអាចទទួលយកបាន ។ ពេលខ្លះការប្រើក្ដីស្រឡាញ់រាយមាយ សាវាមិនច្បាស់លាស់ ជាហេតុធ្វើឱ្យជីវិតគូត្រូវបែកបាក់ ។ ពេលខ្លះទៀតព្រោះតែចង់ឈ្នះគ្នាទៅវិញទៅមក ចុងក្រោយត្រូវបែកគ្នាហើយឈឺចាប់ទាំងពីរនាក់ ។ ពេលខ្លះយើងបែកបាក់គ្នាព្រោះយើងប្រើក្ដីស្រឡាញ់ក្នុងលក្ខខណ្ឌពុំត្រឹមត្រូវ ។

ពុំចាំបាច់ឃ្វាល ពុំចាំបាច់តាមដេញចាប់ក្ដីស្រឡាញ់ទេ វានាំតែហត់ ថាមិនត្រូវអាចនាំរឿងក៏ថាបាន ។ យើងពុំចាំបាច់ប្រចណ្ឌហួងហែងពេកទេ កាលណាកាន់តែប្រចណ្ឌជីវិតគូកាន់តែមានសម្ពាធ កាលណាកាន់តែមានសម្ពាធរឿងឈ្លោះគ្នាតែងតែកើតឡើងច្រើន ស្ថានភាពជីវិតកាន់តែយ៉ាប់ ជីវិតគូក៏អាចនឹងបែកបាក់ទៅតាមហ្នឹងដែរ ។ ក្ដីស្រឡាញ់វាកើតឡើងពីអារម្មណ៍ ហើយបើគេអស់អារម្មណ៍មែននុ៎ះ ទោះបីជាទិញទ្រុងដាក់ចាក់សោរច្រើនជាន់ប៉ុនណាក៏គ្មានន័យដែរ ។ បើគេលែងស្រឡាញ់យើងមែន ប្រាកដជាទៅចោលយើងបាត់ហើយ គេមិននៅឱ្យយើងប្រចណ្ឌទេ ។ ដ្បិតផ្លូវស្នេហាត្រូវដើររួមគ្នា តែក៏មិនបាច់រួមគ្រប់រឿងទេ វាតម្រូវឱ្យយើងចេះគោរពសេរីភាពគ្នាទៅវិញទៅមកដែរ ។ ចូរចាំថា " ស្នេហាមិនមែនហួងហែងផ្ដាច់មុខគ្រប់រឿងទេ "

Cr. ប្រាជ្ញាជីវិត

ជីវិតតែមួយ



ស្លឹកឈើដែលទុំជ្រុះ វាប្រាកដជាដាច់ចាកមែកធ្លាក់មកលើដី ។ ជីវិតដែលដល់ទីបញ្ចប់ ប្រាកដជាគ្មានសល់អ្វីឡើយ ។ អាចមានសំណាងរស់នៅសុខសប្បាយដល់ចាស់ ចាត់ទុកថាសំណាងធំបំផុតហើយ ដ្បិតមនុស្សខ្លះស្លាប់ទាំងវ័យក្មេង ហើយមនុស្សខ្លះទៀតកំពុងសន្សំជំងឺតាមរយៈការប្រឹងប្រែងលើសកម្រិត ។ យើងតែងយល់ថាការប្រឹងប្រែងសន្សំប្រាក់ គឺជាគោលដៅចម្បងនៃអនាគត ហើយពេលខ្លះយើងមិនហ៊ានទិញអ្វីដែលយើងចង់ទិញ មិនហ៊ានទៅកន្លែងសប្បាយដែលយើងចង់ទៅ គ្មានពេល មិនហ៊ានចំណាយព្រោះខ្លាចខាតចំណូល ប៉ុន្ដែតើយើងដឹងទេថា មនុស្សខ្លះរស់បានអាយុ៣០ មនុស្សខ្លះរស់បាន ៥០ មនុស្សខ្លះរស់បានតែ២០ឆ្នាំក៏មាន តើយើងនឹងកំពុងឋិតក្នុងស្ថានភាពបែបណា ? យើងគួរខិតខំធ្វើការដើម្បីសន្សំស្នាមញញឹម និងសុភមង្គលគ្រួសារ តែយើងពុំគួរសន្សំលុយដើម្បីទៅចាយក្នុងបន្ទប់អ្នកជំងឺទេ យើងគួរសន្សំលុយដើម្បីគម្រោងអនាគត តែក៏មិនគួរសន្សំភាពសោះកក្រោះនៃជីវិតដែរ ។ យើងគួរធ្វើអ្វីដែលយើងចង់ធ្វើ ញ៉ាំអាហារដែលយើងឃ្លាន ទៅកន្លែងដែលយើងចង់ទៅ ប្រសិនបើមានឱកាស ព្រោះជីវិតគឺទៅមុខរហូត ជីវិតគ្មានពាក្យថាមានពេលថយក្រោយសម្រាប់យើងទេ វាបញ្ចប់ពេលណាក៏គ្មាននរណាដឹងដែរ

" អ្នកនឹងសោកស្ដាយនូវអ្វីដែលអ្នកមិនបានធ្វើជាជាងអ្វីដែលអ្នកបានធ្វើ ក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ដូចនេះអ្នកត្រូវហ៊ានបើកទូកក្ដោងរបស់អ្នកឲ្យឆ្ងាយពីច្រាំង ចាប់ខ្សែទូកឲ្យជាប់។ រៀនធ្វើដំណើរ រៀនសុបិន រៀនស្វែងរក " ៕ ដោយ Mark Twain

Cr. Sun Veasna

ជីវិតរបស់អ្នកប្រៀបដូចជាសួនដែលមានផ្កាចម្រុះពណ៌



ជីវិតនៅពេលទទួលបាននូវភាពជោគជ័យ វាប្រៀបដូចជាសួនដែលមានបុប្ផាជាច្រើនទងមានពណ៌ស្រស់ឆើតល្អកំពុងញញឹមយ៉ាងស្រស់ស្អាតមកកាន់ផែនដីដ៏ធំធេងមួយនេះ។ ប៉ុន្តែនៅពេលដែលអ្នកទទួលបាននៅភាពបរាជ័យវិញ ជីវិតរបស់អ្នកប្រៀបដូចជាសួនផ្កាដែលស្រពោនក្រៀមស្វិតទៅវិញ។

ប៉ុន្តែទោះជាអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ដាច់ខាតកុំបោះបង់ក្ដីស្រមៃ កុំអាលឈប់ ត្រូវបន្តដំណើរទៅមុខ បើហត់ត្រូវសម្រាក ពេលបាត់ហត់ហើយ ត្រូវងើបដើរដោយឆន្ទៈដ៏មោះមុតរបស់អ្នកដើម្បីបានទៅដល់គោលដៅមួយដែលអ្នកចង់បាន។

Cr. ស្រមោលដួងចន្រ្ទ

Monday, September 2, 2019

អ្នកមិនអាចនៅ ពេលដែលគេលែងឱ្យតម្លៃអ្នក



អ្នក​អាច​នៅ បើ​គេ​ត្រូវការអ្នក​
អ្នក​អាចនៅ បើ​គេ​បរាជ័យ​
អ្នក​អាច​នៅ បើ​គេ​ជោគជ័យ​
ប៉ុន្តែ​អ្នកមិន​អាច​នៅ ពេល​ដែល​គេ​លែង​ឱ្យ​តម្លៃ​អ្នក​។

រឿង​ចម្លែក​អាច​កើត​ឡើង​គ្រប់​ពេល​
ចុះ​ទម្រាំ​រឿង​សាមញ្ញ​នៃ​មនុស្ស​?​

រឿង​ខ្លះ​ វា​ធ្វើ​ឱ្យ​យើង​បោះ​បង់​
នៅ​ពេល​ដែល​យើង​ដឹង​ថា មនុស្ស​គេលែង​ត្រូវ​ការ​យើង​
មនុស្ស​ភាគ​ច្រើន​ត្រូវ​ការ​យើង​ នៅ​ពេល​ដែល​គេ​ខ្វះ​ខាត
គេ​នឹង​មក​រក​យើង​ នៅ​ពេល​ដែល​យើង​មាន​ប្រយោជន៍​
គេ​ត្រូវការ​យើង នៅ​ពេល​យើង​អាច​ផ្តល់​ភាព​សប្បាយ​រីករាយ​ឱ្យ​គេ​បាន​
ក្រៅ​ពី​នេះ មនុស្ស​ភាគ​តិច​ណាស់​ដែល​នឹក​រលឹកដល់​​យើង។​

រឿង​ខ្លះ វា​ធ្វើ​ឱ្យ​យើង​សម្រច​ចិត្ត​បោះ​បង់​នៅ​ពេល​ដែល​
យើង​រក​ឃើញ​ថា គេ​មិនបាន​តស៊ូ​ដើម្បី​យើ​ង
ប៉ុន្តែ​គេ​តស៊ូ​ត្រឹម​តែ​ជា​ប្រយោជន៍ ជា​ក្តី​សប្បាយ​ផ្ទាល់​ខ្លួន​
គេ​លែង​ខ្វល់​ លែង​ទទួល​ខុសត្រូវ​
ហើយ​យើង​ក៏ចំណាយ​ពេល​ដើម្បី​ដើរ​តាម​គេ​​។

មនុស្ស​អាច​ទម្លាក់​កំហុស​មក​អ្នក​គ្រប់​ពេល​
ព្រោះ​រាល់​ពេល​ដែល​អ្នក​បោះ​បង់​
គេ​គិត​ថា អ្នក​ជា​មនុស្ស​អាត្មា​និយម
អ្នក​ជាមនុស្ស​ដែល​លែង​ដៃ​គេ​មុន​
មនុស្ស​មិន​អាច​វាស់​សេចក្តី​ឈឺ​ចាប់​ដែល​អ្នក​មាន​ឡើយ​។

ដូច្នេះ​កុំ​រារែក​ក្នុង​ការ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​យល់​ពី​អ្នក​
វាធ្វើ​ឱ្យ​អ្នក​ហត់​នឿយ​និង​ឈឺចាប់​កាន់​តែ​ច្រើន​។

រឿង​ទាំង​នេះ​ជា​រឿង​ធម្មតា​សម្រាប់​ជីវិត​
វា​អាច​កើតឡើង​គ្រប់​ពេល​
ដូច្នេះ​ប្រាប់​ខ្លួន​អ្នក​ថា​ រីករាយ​ទទួល​វា​ចុះ​
ព្រោះពួក​គេ​ចេះ​ស្វែង​រក​សុខ​ដោយ​គ្មាន​អ្នក​ហើយ​៕

Cr. មានសង្ឃឹម

យ៉ាងហោចណាស់!



យើងគ្មានសិទ្ធិហាមទឹកភ្លៀងមិនឱ្យធ្លាក់មកទេ តែយើងអាចសម្របខ្លួននឹងតំណក់ទឹកភ្លៀងបាន ។ យើងមិនអាចហាមឃាត់ពេលវេលាមិនឱ្យទៅមុខទេ តែយើងអាចសម្របខ្លួននឹងជីវិតបាន ។

ទឹកភ្លៀងអាចស្រោចស្រពផែនដីបានគ្រប់កន្លែង ទឹកភ្លៀងមិនខ្វល់ថាទីនោះកង្វក់ឬស្អាតទេ ។ មនុស្សក្រោមមេឃមានរាប់លាននាក់ ហើយអាចរស់នៅគ្រប់ទីកន្លែងគ្រប់ស្ថានភាព អ្នកខ្លះរស់នៅក្នុងជីវិតដ៏កខ្វក់ អ្នកខ្លះរស់នៅជាមួយជីវិតដ៏ប្រសើរ ប៉ុន្ដែផែនដីនេះមិនខ្វល់ថាយើងរស់នៅបែបណាទេ ផែនដីនៅតែអនុញ្ញាតឱ្យយើងរស់នៅដោយពេញចិត្ដ ។ ដ្បិតដំណក់ទឹកភ្លៀងមានច្រើនសន្ធឹក តែយើងមិនអាចត្រងបានទាំងអស់ឡើយ ក៏មិនអាចប៉ះខ្លួនយើងទាំងអស់ដែរ ។ ដ្បិតជីវិតមានគ្រប់ស្ថានភាព តែក៏មិនមែនគ្រប់គ្នាជួបស្ថានភាពដូចយើងទាំងអស់ដែរ ។

ដំណើរជីវិតគឺបែបនេះ មានមនុស្សជាច្រើននៅក្រោមតំណក់ទឹកភ្លៀងជាមួយយើង មានមនុស្សរាប់លាននាក់កំពុងរស់នៅក្រោមមេឃតែមួយជាមួយយើង ប៉ុន្ដែក្រោមមេឃតែមួយពិតមែន វាសនា និងអនាគតខុសគ្នាទេដាច់ស្រឡះ ។ អ្នកខ្លះកើតមកលំបាកចេះតស៊ូ ហើយអ្នកខ្លះកើតមករស់នៅស្រណុកសុខស្រួលតែមិនចេះប្រឹងប្រែង ។ អ្នកខ្លះកើតមករាងកាយពេញលក្ខណៈតែមិនខំរៀនសូត្រ ធ្វើខ្លួនជាពលរដ្ឋល្អ ។ អ្នកខ្លះពិការ តែចេះប្រឹងលំបាកក៏អាចសម្របខ្លួនបាន លំបាកតែនៅតែអាចសាងតម្លៃជីវិតបាន ។ អ្នកខ្លះបានរៀនសូត្រចេះដឹង តែគ្មានមនុស្សធម៌ ។ អ្នកខ្លះមិនសូម្បីតែចេះអក្សរ តែបែរជាសន្ដានចិត្ដល្អគួរឱ្យរាប់អាន ។ ដ្បិតយើងមិនអាចសង្គ្រោះមនុស្សគ្រប់គ្នាបាន តែយ៉ាងហោចណាស់យើងក៏អាចធ្វើជាចំណែកនៃភាពវិជ្ជមានបានដែរ នោះគឺធ្វើខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃតាមដែលអាចធ្វើបាន ដើម្បីខ្លួនឯង និងសង្គមជាតិ ។ យើងអាចប៉ះត្រូវទឹកភ្លៀងត្រឹមមួយចំនួនតូចប៉ុណ្ណោះ ហើយរឿងដែលយើងមើលឃើញក៏ត្រឹមមួយក្ដាប់តូចដែរ ។ មានមនុស្សល្អៗជាច្រើនកំពុងរស់ក្នុងសង្គមជាមួយយើង គ្រាន់តែយើងគ្មានឱកាសបានស្គាល់ពួកគេប៉ុណ្ណោះ ៕

Cr. Sun Veasna