Wednesday, September 4, 2019

ផ្លូវកាត់អន្តរាយផ្លូវឆ្ងាយកុំបង់



ផ្លូវកាត់ភាគច្រើនសុទ្ធតែនាំឱ្យមនុស្សដើរទៅដល់ភាពបរាជ័យនិងក្តីអន្តរាយមុនគេ

នៅលើលោកនេះ គ្មានអ្វីដែលបានមកដោយទទេៗទេ ហើយក៏គ្មានអ្វីដែលងាយស្រួល មានផ្លូវកាត់ស្រួលដែរ។ ច្បាប់កម្មផល ច្បាប់នៃការសាបព្រោះ និងច្បាប់ប្រមូលផល (The Law of Cause and Effect) បានលើកឡើងថា កាលណាយើងបង្កើតគំនិតមួយ នោះយើងនឹងទទួលបានសកម្មភាពមួយ។ យើងបង្កើតសកម្មភាពមួយ នោះយើងនឹងទទួលបានទម្លាប់មួយ។ យើងបង្កើតទម្លាប់មួយ នោះយើងនឹងទទួលបានចរិតលក្ខណៈមួយ។ យើងបង្កើតចរិតលក្ខណៈមួយ នោះវានឹងកំណត់វាសនាជីវិតរបស់យើង

បុរសម្នាក់ដែលចង់សារភាពស្នេហាដល់នារីម្នាក់ដោយភាពតក់ក្រហល់ ឬចង់បានលឿនដូចចិត្តដោយខ្វះការអត់ធ្មត់ គឺនឹងទទួលបានត្រឹមការបដិសេធ។ កសិករចង់ប្រមូលផលស្រូវដោយមិនបានសាបព្រោះ មិនបានដកស្ទូង គឺផ្ទុយនឹងច្បាប់ធម្មជាតិ។ ការចង់មានចង់បាន ដោយមិនប្រឹងប្រែងរក គឺជាគំនិតល្ងង់។ ការចង់ចេះចង់ដឹង ដោយមិនចំណាយពេលវេលាខិតខំរៀនសូត្រ គឺជាគំនិតល្ងង់។

ជីវិតគឺជាជម្រើស ហើយដើម្បីជ្រើសបានល្អ គឺយើងចេះអត់ធ្មត់។ ការចេះអត់ធ្មត់ តែងផ្ទុយនឹងភាពខ្ជិលច្រអូស ពីព្រោះការចេះអត់ធ្មត់ គឺអត់ធ្មត់ដោយមានគោលដៅនិងប្រឹងប្រែងដើម្បីសម្រេចគោលដៅ។ ការចេះអត់ធ្មត់និងពេលវេលា គឺនឹងមិនអាចឱ្យយើងបានវត្ថុល្អភ្លាមៗនោះទេ តែអាចបានវត្ថុល្អជាងនៅពេលក្រោយ ឬមិនអាចបានវត្ថុល្អជាងភ្លាមៗ តែអាចបានវត្ថុល្អបំផុតពេលក្រោយ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

No comments:

Post a Comment