ស្នេហា ហ៊ានស្រឡាញ់ ហ៊ានឈឺចាប់ ។ ហ៊ានស្រឡាញ់
ក៏ត្រូវហ៊ានទទួលយកភាពជាខ្លួនគេដែរ ។
ស្នេហាមិនមែនជាការចង្អុលណែនាំគេឱ្យធ្វើគ្រប់រឿងដើម្បីយើងតែម្ខាង
ឬបំពេញចិត្ដយើងម្នាក់ឯងទេ ។
ចរិតធម្មជាតិ កាចឆ្នាស់ ឬស្លូតបូត អ្នកត្រូវតែហ៊ានទទួលយក ។ ធម្មតាទេ
មនុស្សពីរនាក់អាចស្រឡាញ់គ្នាបានក៏ព្រោះតែចុះសម្រុងនឹងគ្នា ហើយដើម្បីចុះសម្រុងនឹងគ្នា
លុះត្រាតែយើងចេះសម្របតាមគ្នាខ្លះ ចំពោះរឿងដែលមិនអាចសម្របបាន គឺត្រូវតែទទួលយក ។ ជីវិតគូ
វាខុសពីជីវិតឯងរាជ្យឆ្ងាយណាស់ ។ ពេលនៅទំនេរ ចង់ទៅណា ចង់ធ្វើអី ចង់យ៉ាងម៉េច ក៏មិនពាក់ព័ន្ធនឹងនរណាដែរ
ប៉ុន្ដែនៅពេលដែលយើងទៅយកនរណាម្នាក់មករួមដំណើរជីវិតជាមួយយើង
គឺយើងត្រូវមានទំនួលខុសត្រូវលើជីវិតគេ ហ៊ានស្រឡាញ់គេ
ក៏ត្រូវហ៊ានទទួលយកគ្រប់យ៉ាងពីគេដែរ ។
មានជីវិតគូជាច្រើនដើរដល់ផ្លូវបែកបាក់ទាំងវ័យក្មេង
ហើយក៏មានជីវិតគូជាច្រើនដើរដល់ទីបញ្ចប់នៃជីវិតដែរ ។ រយៈពេលមិនសំខាន់ទេ
សំខាន់តើយើងប្រើក្ដីស្រឡាញ់ក្នុងលក្ខខណ្ឌបែបណា ?
។ ដ្បិតស្នេហាជាកម្មសិទ្ធិផ្ដាច់មុខ
តែមិនមែនផ្ដាច់មុខទាំងស្រុងរហូតបិទសេរីភាពផ្ទាល់ខ្លួនគេទេ គេជាមនុស្សមានអារម្មណ៍ដូចយើងដែរ
ត្រូវចាំថាគេពុំមែនជាសត្វចិញ្ចឹមក្នុងទ្រុងយើងឡើយ ។
គេជាមនុស្សដែលយើងស្រឡាញ់ គេក៏មានសិទ្ធិសេរីភាពរបស់គេដែរ ។
ពេលខ្លះការប្រចណ្ឌហួងហែងលើសកម្រិត ជាទង្វើដែលគេមិនអាចទទួលយកបាន ។
ពេលខ្លះការប្រើក្ដីស្រឡាញ់រាយមាយ សាវាមិនច្បាស់លាស់ ជាហេតុធ្វើឱ្យជីវិតគូត្រូវបែកបាក់
។ ពេលខ្លះទៀតព្រោះតែចង់ឈ្នះគ្នាទៅវិញទៅមក
ចុងក្រោយត្រូវបែកគ្នាហើយឈឺចាប់ទាំងពីរនាក់ ។
ពេលខ្លះយើងបែកបាក់គ្នាព្រោះយើងប្រើក្ដីស្រឡាញ់ក្នុងលក្ខខណ្ឌពុំត្រឹមត្រូវ ។
ពុំចាំបាច់ឃ្វាល ពុំចាំបាច់តាមដេញចាប់ក្ដីស្រឡាញ់ទេ វានាំតែហត់
ថាមិនត្រូវអាចនាំរឿងក៏ថាបាន ។
យើងពុំចាំបាច់ប្រចណ្ឌហួងហែងពេកទេ កាលណាកាន់តែប្រចណ្ឌជីវិតគូកាន់តែមានសម្ពាធ
កាលណាកាន់តែមានសម្ពាធរឿងឈ្លោះគ្នាតែងតែកើតឡើងច្រើន ស្ថានភាពជីវិតកាន់តែយ៉ាប់
ជីវិតគូក៏អាចនឹងបែកបាក់ទៅតាមហ្នឹងដែរ ។ ក្ដីស្រឡាញ់វាកើតឡើងពីអារម្មណ៍
ហើយបើគេអស់អារម្មណ៍មែននុ៎ះ ទោះបីជាទិញទ្រុងដាក់ចាក់សោរច្រើនជាន់ប៉ុនណាក៏គ្មានន័យដែរ
។ បើគេលែងស្រឡាញ់យើងមែន ប្រាកដជាទៅចោលយើងបាត់ហើយ គេមិននៅឱ្យយើងប្រចណ្ឌទេ ។ ដ្បិតផ្លូវស្នេហាត្រូវដើររួមគ្នា
តែក៏មិនបាច់រួមគ្រប់រឿងទេ វាតម្រូវឱ្យយើងចេះគោរពសេរីភាពគ្នាទៅវិញទៅមកដែរ ។
ចូរចាំថា " ស្នេហាមិនមែនហួងហែងផ្ដាច់មុខគ្រប់រឿងទេ " ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment