កំហកបំណងដ៏ធំសម្បើមធ្វើឲ្យពួកសាវ័កធំ ៗរបស់សញ្ជ័យវេលដ្ឋបុត្រជួបប្រជុំគ្នាដើម្បីពិចារណាទោសកំហុស
របស់សុរមេធក្នុងយប់នុះឯង ព្រះគណាចារ្យសញ្ជ័យបានមកអង្គុយជាប្រធានក្នុងកិច្ចប្រជុំពិសេសនោះ
។
"នែសុរមេធ !
"គណាចារ្យជរាស្រដីឡើងដោយទឹកមុខស្រងូតស្រងាត់ "បង់កម្លាំងដែលយើងទុកចិត្តរើសយក
ឯងជាអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងសាវ័ករបស់ព្រះសមណគោតម ត្បិតយើងដាក់ចិត្តជឿស៊ប់ងប់នឹង
ចំណេះដឹងនិងសមត្ថភាពព្រមទាំងបដិភាណវាងវៃរបស់ឯង ពីព្រោះឯងបានសម្តែងសមត្ថភាពឲ្យយើងឃើញមកហើយជាច្រើនដង
យើងជឿស្លុងចិត្តថា ឯងនឹងនាំជ័យជម្នះមកកាន់គណៈរបស់យើង ផ្ទុយទៅវិញ ឯងត្រឡប់ជានាំសេចក្តីអាម៉ាស់និងហាយនភាពមកកាន់គណៈ
ជួសនឹងថាឯងទៅតស៊ូសម្តីជាមួយនឹងព្រះរេវត្តៈភិក្ខុយ៉ាង ខ្លាំងក្លាស្វាហិចស្វាហារប្រាថ្នាយកឈ្នះ
ប៉ុន្តែឯងត្រឡប់ជាព្រមចុះចាញ់លោករេវត្តៈនោះយ៉ាងងាយស្រួល ឯងធ្វើនេះមិនសមបីបើជាសាវ័កសំខាន់របស់សញ្ជ័យវេលដ្ឋបុត្រទេ
ឯងគួរតែទទួលបានទោសទណ្ឌតាមសមគួរ"
សុរមេធអង្គុយឱនមុខចុះស្រតឹក
ស្តាប់ពាក្យជំនេរជេរស្តីរបស់លទ្ធិកាចារ្យដោយតុណ្ហីភាព ។
"តើយើងនឹងដាក់ទោសសុរមេធដោយស្ថានទម្ងន់ទោសបែបណា
ទើបសមគួរ" លទ្ធិកាចារ្យសញ្ជ័យងាកទៅសួរសាវ័កច្បងសំខាន់
ៗដែលអង្គុយយ៉ាងព្រមព្រឺស
"ខ្ញុំកូរណាយល់ឃើញថា
យើងគួរតែដាក់ទណ្ឌកម្មឲ្យគេធ្វើការងារធ្ងន់រហូត ៧ ថ្ងៃ" សាវ័ក ១ រូបឆ្លើយ
"ខ្ញុំកូរណាយល់ឃើញថា គួរតែបង្អត់អាហារគេរហូត ៣
ថ្ងៃ" សាវ័ក ១ រូបទៀតស្នើយោបល់
"ខ្ញុំកូរណាយល់ឃើញថា
គួរតែឲ្យគេប្រណិប័តន៍បម្រើសាវ័កច្បងរហូត ៧ ថ្ងៃ "សាវ័ក
១ រូបទៀតសម្តែងទស្សនៈ រហូតរយៈពេលនេះ សុរមេធនៅតែអង្គុយស្ងៀម មិនឆ្លើយតបអ្វីទេ
និងមានអាកប្បកិរិយាជាប្រក្រតី មិនសម្តែងកង្វល់ខ្វល់ចិត្តចំពោះទោសទណ្ឌដែលសាវ័កទាំងនេះកំណត់ឲ្យដល់ខ្លួនទេ
លើសពីនោះទៀត គេនៅសម្តែងអាការញឹម ៗរាល់លើកដែលសាវ័កនីមួយ ៗកំណត់ទោសឲ្យខ្លួន ។
"ខ្ញុំកូរណាយល់ឃើញថា"សាវ័កជរា ១ រូបទៀតពោលឡើងបន្ទាប់ពីសាវ័កដទៃទៀតស្នើយោបល់របស់ខ្លួនចប់ហើយ
"ទោសទណ្ឌផ្សេង ៗតាមដែលពួកលោកស្នើមកនោះ ឃើញថានៅស្រាលពេកសម្រាប់សុរមេធ
ព្រោះថាតាមដែលខ្ញុំកូរណាតាមដានស្តាប់ប្រតិវាទតស៊ូសម្តីរវាងគេនិងសាវ័ករបស់ព្រះសមណគោតមនោះ
គេមិនបានចាញ់កលោបាយវាងប្រតិវាទតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាញ់ផ្នែកនិយាមហេតុផលទៀតផង
គេបានទទួលស្កាល់យ៉ាងព្រងើយថា សេចក្តីពិតមានទាំងសេចក្តីពិតនោះមនុស្សអាចដឹងបាន ទស្សនៈអម្បាលដូចយ៉ាងពួកលោកជ្រាបហើយថា
ទទឹងទាស់នឹងលទ្ធិរបស់យើងទាំងស្រុង កាលបើសុរមេធទៅយល់ស្របនឹងទស្សនៈដែលវិសភាគនឹងលទ្ធិរបស់យើងបែបនេះ
ក៏សម្តែងឲ្យឃើញថា គេលែងមានជំនឿជ្រះថ្លាក្នុងលទ្ធិរបស់យើងទៅហើយ គេផុតចាកសំវាសរបស់យើងហើយ
ហេតុនោះ ខ្ញុំកូរណាយល់ឃើញថា ទោសដែលសមរម្យបំផុតសម្រាប់គេ គឺ
បព្វាជនីយកម្មចេញពីលទ្ធិរបស់យើង"
ទីប្រជុំស្ងប់ឈឹងទៅមួយស្របក់ចំពោះសម្នើយ៉ាងដាច់ខាតរបស់សាវ័កនោះ
និងរឹតតែចម្លែកចិត្តទៀត នៅពេលដែលសុរមេធស្រដីឡើងថា
"បពិត្រលោកគ្រូ ! និងលោកអ្នកដ៏ចម្រើនទាំងឡាយ ! ខ្ញុំកូរណាយល់ស្របនឹងសម្នើចុងក្រោយទាំងស្រុង
ព្រោះខ្ញុំកូរណាប្រុងប្រៀបនឹងចេញទៅហើយ"
ពាក្យប្រកាសយ៉ាងជជើលរបស់សុរមេធធ្វើឲ្យម្នាក់ ៗក្នុងទីប្រជុំងាកទៅសម្លឹងមើលគេជាក្រសែភ្នែកតែមួយ
នៅខណៈដែលអ្នកទាំងអស់គ្នាកំពុងតែអាំងឡាំងស្រឡាំងកាំងនុះឯង លទ្ធិកាចារ្យសញ្ជ័យបានសួរឡើងថា
"តើឯងនឹងទៅណា? សុរមេធ ! "
"ខ្ញុំកូរណានឹងទៅនៅជាមួយនឹងព្រះរេវត្តៈ"
ចម្ងើយយ៉ាងត្រង់ទៅត្រង់មករបស់គេធ្វើឲ្យទីប្រជុំភីងភាំងទៅម្តងទៀត
សាវ័កចំណាស់ខ្លះមានអាការធេងធោងសឹងតែខ្យល់គ
"នៅទីបំផុត ហេតុការណ៍បែបនេះក៏កើតឡើងម្តងទៀត"
គណាចារ្យសញ្ជ័យពោលដោយសម្លេងញ័ររន្ថើន
"កាលពី ៣០ ឆ្នាំកន្លងមក យើងបានបាត់បង់ឧបតិស្សៈ(សារីបុត្រ)និងកោលិត(មោគ្គល្លាន)ឲ្យដល់ព្រះសមណគោតម
គេទាំងពិរបានក្លាយជាសាវ័កស្តាំនិងឆ្វេងរបស់ព្រះសមណៈអង្គនោះ ឥឡូវនេះយើងកំពុងតែបាត់បង់សុរមេធឲ្យដល់សាវ័ករបស់ព្រះសមណគោតមទៀត
យើងចាត់ទុកថាការបាត់បង់នៅគ្រានេះជាការបាត់បង់លើកទី ៣ ក្នុងជីវិតរបស់យើង"លទ្ធិកាចារ្យសញ្ជ័យឈប់ទ្រឹងមួយស្របក់ហាក់នឹងថាកំពុង
ក្រអាក់ក្រអួលរមួលដើមកទទួលយកសេចក្តីគ្រាំគ្រាចំបែងក្នុងដើមទ្រូងហើយស្រដីតថា
"ណ្ហើយចុះ ! សុរមេធ ! បើឯងតាំងចិត្តយ៉ាងមុតមាំថានឹងទៅ យើងក៏គ្មានអំណាចណាៗមកហាមប្រាមឯងទុកដែរ
សូមឲ្យឯងចាត់ការនឹងជីវិតរបស់ឯងតាមដែលឯងឃើញថាសមគួរចុះ" ។
"បពិត្រលោកគ្រូ !" សុរមេធនិយាយឡើង "ឯសម្នាក់របស់អាចារ្យទិសាបាមោក្ខនៃនគរតក្កសិលា ខ្ញុំកូរណាបានសិក្សាចេះដឹងសិល្បវិជ្ជាគ្រឿងប្រលោមចិត្ត
ប៉ុន្តែខ្ញុំកូរណាមានលំនឹកគិតជានិច្ចថា ចិត្តរបស់ខ្ញុំកូរណាមិនទាន់ស្កប់ស្កល់ដោយសិល្បវិជ្ជារបស់លោកគ្រូទេ
ទាល់តែបានទៅសន្ទនាជាមួយនឹងលោករេវត្តៈ ខ្ញុំកូរណាទើបដឹងថា នៅមានសិល្បវិជ្ជាដទៃទៀតដែលជួយចិញ្ចឹមលោមចិត្តបានប្រសើរជាងនេះ
ខ្ញុំកូរណាសូមនមស្ការលា លោកគ្រូដើម្បីទៅស្វែងរកអាហារចិត្តប្រភេទថ្មីឲ្យដល់ចិត្តដ៏ស្រេកឃ្លានរបស់ខ្ញុំកូរណា
សាសនារបស់ព្រះសមណ គោតមអាចមិនមែនជាកន្លែងចុងក្រោយសម្រាប់ចិត្តគ្រឹះរបស់ខ្ញុំកូរណាក៏បាន
ប្រសិនបើខ្ញុំកូរណានៅមិនពេញចិត្តចំពោះពុទ្ធធម៌ ខ្ញុំកូរណាអាចនឹងលាដើរស្វែងរកចិត្តគ្រឹះដទៃទៀត
ព្រោះហេតុនោះ ខ្ញុំកូរណាទើបថ្វាយបង្គំលាលោកគ្រូនិងលោកអ្នកដ៏ចម្រើនទាំងឡាយ"
នៅទីបំផុត សុរមេធក៏ចាកចេញទៅនៅត្រង់កណ្តាលសេចក្តីសោកស្តាយ
និងវិប្បដិសាររបស់គណាចារ្យសញ្ជ័យនិងសាវ័កទាំងពួង
"យើងមិនគួរទៅបបួលព្រះរេវត្តៈតទល់សម្តីសោះ "គណាចារ្យសញ្ជ័យប្រារព្ធនឹងសាវ័ក "ជួសនឹងបានទទួលប្រយោជន៍ យើងត្រឡប់ជាខាតបង់ប្រយោជន៍ដល់ទៅ
៣ យ៉ាង គឺ ជ័យជម្នះ សុរមេធ និងកិត្តិនាមរបស់គណៈ"
ឯវេឡុវនារាម នៅសាយណ្ហសម័យថ្ងៃតមក ពួកឧបាសកឧបាសិកាក៏ចម្លែកចិត្តដែលបានឃើញសុរមេធកំពុងតែ
អង្គុយសន្ទនាជាមួយនឹងព្រះរេវត្តត្ថេរដោយអធ្យាស្រ័យមេត្រីចិត្ត ហើយក៏បានដឹងថា គេបានប្រគល់កាយថ្វាយខ្លួនជាសិស្សដើម្បីសិក្សាបដិបត្តិក្នុងពុទ្ធធម៌តទៅ
"បពិត្រព្រះគុណម្ចាស់ដ៏ចម្រើន ! "សុរមេធពោលឡើង
"បន្ទាប់ពីបានតស៊ូសម្តីជាមួយនឹងលោកម្ចាស់នៅថ្ងៃនោះហើយ ខ្ញុំកណាក៏កើតគំនិតគិតឃើញថា
ពុទ្ធធម៌នៅមានអ្វី ៗដែលគួរសិក្សាយល់ដឹងជាច្រើនទៀត
គ្រាន់តែលោកម្ចាស់លើកយកសេចក្តីពិតមកតែ ២ ចំណុច គឺ សម្មតិសច្ចៈនិងបរមត្ថសច្ចៈក៏ផ្តល់ពន្លឺផ្លូវចិត្តដល់ខ្ញុំកណាបានយ៉ាងច្រើន
ព្រោះហេតុនេះ ខ្ញុំកណាទើបលាចេញពីសម្នាក់លោកគ្រូសញ្ជ័យវេលដ្ឋបុត្រមក ដើម្បីសិក្សាស្វែងរកចំណេះដឹងបំពេញបន្ថែមពីលោកម្ចាស់
ខ្ញុំកណាចង់ទូលសួរថា ក្រៅពីសម្មតិសច្ចៈ តើនៅមានអ្វីដែលគួរសិក្សាយល់ដឹងទៀតទេ?"
"ម្នាលឧបាសក ! "ព្រះថេរៈមានថេរដីកា
"ទោះបីបើសច្ចៈទាំង ២ នោះជាសេចក្តីពិតក៏ដោយ
ព្រះបរមសាស្តារបស់យើងក៏ទ្រង់មិនសរសើរដែរ ព្រោះសច្ចៈទាំង ២ ប្រការនោះមិនបានធ្វើឲ្យអ្នកយល់ដឹងផុតរលត់ចាកទុក្ខនិងហេតុរបស់ទុក្ខបានទេ
សាមញ្ញជនទូទៅតែងដឹងសម្មតិសច្ចៈនេះច្បាស់ ដូចជា ដឹងថា មនុស្សជាមនុស្ស ដឹងថា សត្វជាសត្វ
ប៉ុន្តែសេចក្តីដឹងត្រឹមប៉ុណ្ណោះ មិនបានធ្វើឲ្យគេប្រសើរឡើងទេ ត្រឡប់ជាធ្វើឲ្យគេវង្វេងជ្រប់ជ្រល់ទាំងងប់ងល់នឹងសម្មតិបញ្ញត្តិរបស់លោក
ហើយក៏ទទួលរងទុក្ខមានប្រការផ្សេង ៗ មេលទ្ធិសាស្តាទាំងឡាយក្នុងលោកតែងមានសេចក្តីយល់ដឹងធ្លុះធ្លាយក្នុងសេចក្តីពិតដ៏ខ្ពង់ខ្ពស់
ដែលនៅខាងក្រោយសម្មតិសច្ចៈនោះ ដូចជា មេលទ្ធិបកុទ្ធកច្ចាយនៈ បានញែកបំបែកមនុស្សចេញជាបំណែកផ្សេង
ៗ ៧ បំណែក គឺ ដី ទឹក ភ្លើង ខ្យល់ សុខ ទុក្ខ និង វិញ្ញាណជាដើម
ចំណុចនេះសបញ្ជាក់ឲ្យឃើញថា លោកបានឆ្លងផុតសម្មតិសច្ចៈចូលទៅកាន់ធាតុផ្សំខាងក្នុងយ៉ាងល្អិតល្អន់
លោកយល់ដឹងបរមត្ថសច្ចៈច្បាស់ ប៉ុន្តែទុកជាដូច្នោះក៏ដោយ ក៏នៅតែមិនទាន់រួចផុតចាកទុក្ខ
ព្រោះហេតុនោះ ព្រះបរមសាស្តារបស់យើងទើបទ្រង់មិនណែនាំសាវ័កឲ្យងប់ងល់ក្នុងសច្ចៈទាំង
២ នេះ ប៉ុន្តែទ្រង់ណែនាំប្រៀនប្រដៅឲ្យកំណត់ដឹងសច្ចៈមួយប្រភេទទៀត ហៅថា អរិយសច្ចៈ
" ។
"បពិត្រលោកម្ចាស់ដ៏ចម្រើន ! " សុរមេធពោលឡើង
"ចំពោះរឿងនេះ ខ្ញុំកណាក៏ធ្លាប់បានស្តាប់បានឮមកដែរថា ព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បង្រៀនអរិយសច្ចៈ
ប៉ុន្តែខ្ញុំកណាមិនដែលអើពើចាប់អារម្មណ៍ ព្រោះយល់ឃើញថា ព្រះអរិយបុគ្គលប៉ុណ្ណោះទើបយល់ដឹងអរិយសច្ចៈបាន
ពីព្រោះអរិយសច្ចៈ ប្រែថា សេចក្តីពិតរបស់ព្រះអរិយបុគ្គល សាមញ្ញជនធម្មតាដូចយ៉ាងខ្ញុំកណាប្រហែលជាមិនមានឱកាសបាន
យល់ដឹងអរិយសច្ចៈនេះទេ នៅពេលយល់ឃើញយ៉ាងនេះទើបមិនចាប់អារម្មណ៍នឹងសិក្សា"
"ម្នាលឧបាសក ! បើអញ្ចឹង លោកក៏យល់ខុស ហើយអ្នកដទៃដែលយល់ដូចយ៉ាងលោកក៏យល់ខុសដែរ
តាមសភាពពិត អរិយសច្ចៈអាចជាសេចក្តីពិតរបស់ព្រះអរិយបុគ្គលមែន ប៉ុន្តែលោកកុំភ្លេចថា អរិយបុគ្គលនោះកាលពីមុនក៏ជាសាមញ្ញជនដូចយ៉ាងលោក
ដូចយ់ាងអាត្មានេះឯង ប៉ុន្តែពេលក្រោយមក លោកបាន សិក្សាអរិយសច្ចៈនិងបដិបត្តិអរិយសច្ចៈរហូតដល់អាចរំលត់ទុក្ខនិងហេតុរបស់ទុក្ខបាន
លោកទើបក្លាយជាព្រះអរិយបុគ្គល ព្រោះហេតុនោះ យល់ដឹងអរិយសច្ចៈមុនហើយទើបក្លាយជាព្រះអរិយបុគ្គលជាក្រោយ
មិនមែនក្លាយជាព្រះអរិយបុគ្គលមុនហើយទើបយល់ដឹងអរិយសច្ចៈជាក្រោយទេ ប្រៀបដូចជាការក្លាយជាសេដ្ឋី
អ្នកដែលនឹងជាសេដ្ឋីបាន តោងតែមានសេចក្តីខ្មីឃ្មាតស្វែងរកទ្រព្យ នៅពេលសន្សំត្រដក់ត្រសុំទ្រព្យបានច្រើនដល់
៨០ កោដិជាដើមហើយ ព្រះរាជាទើបទ្រង់តែងតាំងឲ្យជាសេដ្ឋី មិនមែនថា ព្រះរាជាទ្រង់តែងតាំងអ្នកណាឲ្យជាសេដ្ឋីក៏បាននោះទេ
ឬថា មិនមែនទ្រង់តែងតាំងឲ្យជាសេដ្ឋីហើយទើបមានលុយនោះទេ ព្រោះហេតុនោះ អ្នកណាក៏ដោយក៏អាចជាសេដ្ឋីបានដែរ
ឲ្យតែខិតខំស្វែងរកទ្រព្យទាល់តែមានទ្រព្យច្រើនឡើង ៗនុះឯង យ៉ាងណាមិញ អ្នកណាក៏ដោយក៏អាចជាព្រះអរិយបុគ្គលបានដែរ
ឲ្យតែសិក្សានិងបដិបត្តិអរិយសច្ចៈរហូតដល់អាចរំលត់ហេតុរបស់ទុក្ខបានច្រើនឬតិច តាមសមគួរដល់ការបដិបត្តិរៀងៗខ្លួន"
។
សុរមេធអង្គុយឈ្ងោកមុខគិតគន់មួយស្របក់ហើយទើបនិយាយថា
"បពិត្រលោកម្ចាស់ដ៏ចម្រើន ! ខ្ញុំកណាទើបនឹងយល់ជាក់ច្បាស់អម្បាញ់មិញនេះថា
អ្នកណាក៏ដោយក៏អាចជា ព្រះអរិយបុគ្គលបានដែរឲ្យតែសិក្សានិងបដិបត្តិអរិយសច្ចៈរហូតដល់អាចរំលត់ទុក្ខបាន
ប៉ុន្តែខ្ញុំកណានៅមានសេចក្តីសង្ស័យតទៅទៀតថា" អរិយសច្ចៈនេះជានិយាមអនុសាសនីថ្នាក់ខ្ពស់
មានអត្ថន័យជ្រាលជ្រៅពិបាកយល់ណាស់ សមរម្យតែសម្រាប់អភិជនថ្នាក់ខ្ពស់ដែលមានសតិបញ្ញានិងបុណ្យបារមីច្រើនប៉ុណ្ណោះ
តើយ៉ាងនេះពិតឬទេ?
"មិនពិតទេ ឧបាសក !
អរិយសច្ចៈមិនមែនជាធម៌ជាន់ខ្ពស់សម្រាប់តែអភិជននោះទេ ប៉ុន្តែតាមសភាពពិត
អ្នកណាក៏ដោយទោះទាបឬខ្ពស់ក៏អាចសិក្សានិងបដិបត្តិបានដែរ ក្នុងជម្ពូទ្វីបនេះ
មានពុទ្ធបរិស័ទទាំង ៤ ជំពូក រាប់សែនលាននាក់ បណ្តាជនអម្បាលនេះ
ព្រះអរិយបុគ្គលមានចំនួនរាប់ម៉ឺន ព្រះអរិយបុគ្គលទាំងនេះមានទាំងភិក្ខុ ភិក្ខុណី
ឧបាសក ឧបាសិកា ប្រកបដោយចម្រុះជ័រជាតិគ្រប់ថ្នាក់គ្រប់វណ្ណៈ ព្រះអរិយបុគ្គលខ្លះធ្លាប់ជាចោរប្លន់កាប់សម្លាប់អ្នកស្រុកមកពីមុនក៏មាន
ខ្លះធ្លាប់ជាមនុស្សឆ្កួតវិកលចរិតក៏មាន ខ្លះធ្លាប់ជាមនុស្សល្ងង់ខ្លៅ ទន្ទេញគាថាត្រឹមតែ
៤ បាទរហូត ៣ ខែមិនចាំក៏មាន ខ្លះក៏ធ្លាប់ជាកសិករក្រីក្រទុគ៌តក៏មាន
ខ្លះក៏ធ្លាប់ជាសេដ្ឋីគ្រហបតីក៏មាន ខ្លះក៏ធ្លាប់ជាសាស្តាមេលទ្ធិផ្សេង ៗក៏មាន
ព្រោះហេតុនោះ លោកបានឃើញហើយថា មនុស្ស ដែលយល់ដឹងអរិយសច្ចៈរហូតដល់ក្លាយជាព្រះអរិយបុគ្គលនោះប្រកបដោយមនុស្សគ្រប់ថ្នាក់ស្រទាប់វណ្ណៈ
ទាំងថ្នាក់ខ្ពស់ ថ្នាក់ទាប ទាំងអ្នកស្តុកស្តម្ភទាំងអ្នកក្រីក្រ ទាំងមនុស្សល្ងង់ទាំងមនុស្សឆ្លាត
ប្រសិនបើអរិយសច្ចៈ ជាធម៌ជាន់ខ្ពស់សមរម្យតែសម្រាប់មនុស្សថ្នាក់ខ្ពស់តាមដែលមនុស្សខ្លះយល់ឃើញនោះមែន
ព្រះអរិយបុគ្គលគង់មានតែមនុស្សថ្នាក់ខ្ពស់ប៉ុណ្ណោះ ប៉ុន្តែតាមសភាពពិត ពុំមែនដូច្នោះឡើយ
ព្រោះហេតុនោះ សូមឲ្យលោកសិក្សាឈ្វេងយល់សាជាថ្មី" ។
No comments:
Post a Comment