១៥.អញេយ្យវាទី

"លោកសុរមេធ!" ព្រះថេរៈមានថេរដីកាឡើងបន្ទាប់ពីអង្គុយគិតរកវិធីចងរឹតគូតស៊ូឲ្យជាប់ក្នុងដៃ អស់ពេលយូរបង្គួរ "តាមដែលខ្ញុំកូរណាស្តាប់លោកមកល្មម ចាប់សេចក្តីបានថា លោកមិនព្រមជឿថា មនុស្សយើងអាចដឹងសេចក្តីពិតបានទេ ទោះបីឃើញដោយភ្នែកខ្លួនឯងក៏ដោយ លោកនៅតែមិនជឿថា ភ្នែករបស់លោកអាចរាយ ការសេចក្តីពិតឲ្យលោកដឹងបានទេ អញ្ចឹងមែនទេ?"
"ត្រឹមត្រូវហើយ លោកម្ចាស់ ! " សុរមេធឆ្លើយ "មិនត្រឹមតែភ្នែកប៉ុណ្ណោះទេ ដែលខ្ញុំកណាមិនជឿ សូម្បីតែសម្លេងដែលត្រចៀកបានឮ ក្លិនដែលច្រមុះបានធុំ រសដែលអណ្តាតបានភ្លក់ ផស្សៈដែលកាយពាល់ត្រូវ និងអារម្មណ៍ដែលចិត្តគិត ខ្ញុំកណាក៏មិនជឿដែរ ខ្ញុំកណាចាត់ទុកថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត នៅជាអាយតនៈដែលមិនគួរឲ្យជឿទុកចិត្តបាន ព្រោះជួនកាលអាយតនៈទាំងនេះរាយការខុសៗ ឲ្យយើងដឹង ឧទាហរណ៍ដូចជា បើលោកទៅឈរត្រង់កណ្តាលថ្នល់វែងអន្លាយនៃក្រុងរាជគ្រឹះ លោកនឹងមើលឃើញថា ថ្នល់ត្រង់កន្លែងដែលលោកឈរនោះធំល្វឹង ប៉ុន្តែនៅពេលដែលលោកសម្លឹងមើលតាមបណ្តោយថ្នល់ទៅខាងមុខ លោកនឹងឃើញថា ថ្នល់ស្តួចទៅៗ រហូតដល់ទាំងសងខាងថ្នល់ប្រសព្វមុខគ្នា មើលទៅជាថ្នល់បិទជិត តើលោកជឿទេថាថ្នល់ទៅជាយ៉ាងនោះពិតតាមដែលលោកឃើញដោយភ្នែកឬទេ?"
"ខ្ញុំកូរណាមិនជឿទេ "ព្រះថេរៈឆ្លើយតបទាំងនឹកស្ងើចសេចក្តីប្រៀបធៀបដ៏ឈ្លាសវៃរបស់គូតស៊ូ
"ត្រឹមត្រូវហើយ លោកម្ចាស់ ! តាមសភាពពិត ថ្នល់នៅមានទំហំស្មើគ្នាដដែលទាំងត្រង់កន្លែងដែលលោកឈរ ទាំងត្រង់កន្លែងចុងថ្នល់ មិនបានស្តួចចុះរហូតដល់ទាំងសងខាងប្រទល់គ្នាជាចុងថ្នល់តាន់ដូចដែលភ្នែករបស់ លោករាយការឲ្យដឹងនោះទេ ព្រោះថាបើថ្នល់ទៅជាសភាពដូចដែលភ្នែករបស់លោករាយការឲ្យដឹងនោះ ថ្នល់នោះប្រហែលជាប្រើការអ្វីមិនបានទេ លើសពីនោះទៀត ផ្ទះសម្បែងទាំងសងខាងថ្នល់ដែលស្ថិតនៅក្បែរៗ លោកមើលទៅធំមហិមាទាំងល្វឹងល្វើយជាប្រក្រតី ប៉ុន្តែបើឃ្លាតឆ្ងាយចេញទៅ ផ្ទះសម្បែងក៏មើលទៅតូចទៅៗរហូតដល់ជាប់នឹងផ្ទៃដី ប្រសិនបើផ្ទះសម្បែងតូចល្អិតពិតដូចដែលលោកឃើញមែន ផ្ទះទាំងនោះក៏គ្មានប្រយោជន៍អ្វីដែរ មនុស្សមិនអាចអាស្រ័យនៅក្នុងផ្ទះនោះបានទេ ប៉ុន្តែតាមសភាពពិត ផ្ទះទាំងនោះមានទំហំប៉ុននឹងផ្ទះដែលតាំងនៅក្បែរៗលោកនេះឯង បពិត្រលោកម្ចាស់ ! កាលបើដូច្នេះ តើលោកជឿបានដូចម្តេចថា ភ្នែករបស់លោករាយការសេចក្តីពិតឲ្យលោកដឹង? កាលបើភ្នែកជាអាយតនៈដែលមិនគួរឲ្យទុកចិត្តបានយ៉ាងនេះ តើនឹងជឿត្រចៀក ច្រមុះ     អណ្តាត កាយ ចិត្តដូចម្តេចទៅ?"
ព្រះថេរៈមើលឃើញថា       សុរមេធជាអ្នកជឿជាក់ក្នុងទស្សនៈរបស់ខ្លួន ព្រោះមានវិធីពន្យល់ដោយឧបមាឧបមេយ្យដ៏ឈ្លាសវៃ អាចដឹកនាំឲ្យមនុស្សមនាយល់ស្របតាមបានយ៉ាងល្អ បើនៅតែបណ្តោយពេលឲ្យគេពន្យល់វែងឆ្ងាយតទៅទៀត លោកអាចនឹងជាភាគីចាញ់ប្រៀបក៏បាន បើដូច្នេះមានតែច្បិចយកពាក្យអធិប្បាយរបស់គូតស៊ូហ្នឹងឯង មកជាគ្រឿងចងឆ្វាក់ប្រទាក់គេឲ្យតុញទាល់ ព្រោះថាតាមដែលគេពន្យល់មក ប្រាកដឃើញថា គេបានបន្សល់ទុកនូវច្រឡោះប្រហោងល្មមជាគ្រឿងចូលវាយលុកបាន ព្រះថេរៈទើបមានថេរដីកាថា
"លោកសុរមេធអ្នកមានអាយុ ! ពាក្យអធិប្បាយព្រមទាំងឧបមាឧបមេយ្យរបស់លោក ធ្វើឲ្យខ្ញុំកូរណាយល់ទស្សនៈរបស់លោកបានយ៉ាងជាក់ច្បាស់ អម្បាញ់មិញនេះ លោកបានពន្យល់ថា លោកមិនជឿភ្នែករបស់លោកទេ ព្រោះភ្នែករបស់លោកមិនរាយការសេចក្តីពិតឲ្យលោកដឹង ឧទាហរណ៍ដូចជា ថ្នល់វែងអន្លាយដែលមានទំហំស្មើគ្នារហូត មើលទៅធំល្វឹងចំពោះតែត្រង់កន្លែងដែលកំពុងតែឈរ ប៉ុន្តែមើលចេញទៅស្តួចទៅៗ រហូតដល់ទាំងសងខាងប្រសព្វមុខគ្នាក្នុងរយៈឆ្ងាយចេញទៅ រូបភាពដែលលោកមើលឃើញនោះជារូបភាពបញ្ឆ បញ្ឆោត មិនមែនជារបស់ពិតទេ មែនទេ?"
"មែន លោកម្ចាស់ ! "សុរមេធអះអាង "ខ្ញុំកណាបានពន្យល់រួចហើយ"
"ប៉ុន្តែមានសេចក្តីពិតថា ចុងទាំងសងខាងរបស់ថ្នល់នោះមានទំហំស្មើគ្នា មែនទេ?"
"មែន" សុរមេធឆ្លើយតបដោយកិរិយាអាការនិងសូរសម្លេងសម្តែងកង្វល់ខ្វល់ចិត្ត
"តើលោកដឹងបានដូចម្តេចថា  ថ្នល់នោះមានទំហំស្មើគ្នារហូត?"
"ខ្ញុំកណាអាចពិសោធបាន ដោយការដើរទៅតាមថ្នល់នោះរហូតរយៈផ្លូវ នៅពេលដើរទៅដល់ចុងផុតផ្លូវហើយ ខ្ញុំកណានិងអ្នកទាំងអស់គ្នានឹងឃើញថា ចុងថ្នល់មានទំហំស្មើនឹងដើមថ្នល់ មិនបានស្តួចទៅដូចយ៉ាងភ្នែករាយការឲ្យដឹងនោះទេ"
"ណ្ហើយចុះ ! លោកអ្នកមានអាយុ ! " ព្រះថេរៈមានថេរដីកាឡើងយ៉ាងម៉ឺងម៉ាត់ដោយសេចក្តីសង្ឃឹម
"ខ្ញុំកូរណាត្រូវការឲ្យលោកអះអាងម្តងទៀតថា រូបភាពដើមថ្នល់ធំល្វឹង ចុងថ្នល់ស្តួចរៀវរហូតដល់ជាប់គ្នាតាមដែលភ្នែករបស់លោកឃើញនោះជារូបភាពបញ្ឆោត មិនមែនជារបស់ពិតទេ ប៉ុន្តែមានសេចក្តីពិតថា ថ្នល់មានទំហំស្មើគ្នារហូត មែនទេ?"
"មែន" សុរមេធអះអាងម្តងទៀត
"អស់លោកសាធុជនទាំងឡាយ!" ព្រះថេរៈបែរទៅប្រកាសដល់ប្រជាជនអ្នក ស្តាប់ "សូមជួយចាំពាក្យអះអាងរបស់សុរមេធផង ដើម្បីជាសាក្សីដល់ខ្ញុំកូរណាអាត្មា លោកសុរមេធប្រកាសថា រូបភាពថ្នល់ដែលស្តួចរៀវតាមដែលភ្នែកមើលឃើញនោះជារូបភាពបញ្ឆោត តាមសភាពពិត ថ្នល់មានទំហំស្មើគ្នារហូតរយៈផ្លូវ" ព្រះថេរៈងាកទៅខាងគូតស៊ូម្តងទៀត ហើយមានថេរដីកាថា "លោកសុរមេធ ! បានសេចក្តីថា ឥឡូវនេះ លោកបានទទួលស្គាល់ហើយថា ថ្នល់តាមដែលលោកអះអាងនោះមាន ២ លក្ខណៈ គឺ លក្ខណៈបញ្ឆបញ្ឆោតតាមដែលភ្នែកមើលឃើញ និងលក្ខណៈពិតប្រាកដតាមដែលលោកគិតស្មានដោយចិត្ត មែនទេ?"
សំណួរចោទសួររបស់ព្រះថេរៈ ធ្វើឲ្យសុរមេធភីងភាំងស្រឡាំងកាំងភ្លាម ព្រោះបើទទួលស្គាល់ ស្មើនឹងទទួលស្គាល់ថា សេចក្តីពិតមាននិងសេចក្តីពិតនោះ អាចដឹងបានដោយការពិសោធ ដែលទើសទាស់នឹងទស្សនៈរបស់លទ្ធិសញ្ជ័យយ៉ាងដំណំ ប៉ុន្តែបើបដិសេធក៏ស្មើនឹងបដិសេធពាក្យសម្តីរបស់ខ្លួនឯងដែលបានអះអាងទៅហើយ ទាំងព្រះរេវត្តៈក៏បានប្រកាសឲ្យប្រជាជនទទួលដឹងរួចហើយ កាលបើស្ថិតនៅក្នុងស្ថានភាពលំបាកលេបស្លាក់ខ្ជាក់ស្លែងយ៉ាងនេះ សុរមេធក៏បានតែអង្គុយធ្មឹងទ្រមឹង សម្តែងអាការរសាប់រសល់ មានញើសហូរចេញមកជោកខ្លួន  ។
"លោកសុរមេធ!" ព្រះថេរៈមានថេរដីកាឡើងយ៉ាងបានចង្វាក់ "បើលោកមិនឆ្លើយតបសំណួររបស់ខ្ញុំកូរណាទេ ខ្ញុំកូរណាចាត់ទុកថា លោកទទួលស្គាល់ថា រូបភាពបញ្ឆបញ្ឆោតមាន  សេចក្តីពិតក៏មាន ទាំងសេចក្តីពិតនោះជាធម្មជាតិដែលលោកដឹងបានយ៉ាងប្រាកដ គួរនាដូចជាកន្លែងដែលលោកដឹងបានយ៉ាងច្បាស់ថា ផ្លូវថ្នល់មិនមានចុងរាវតូចដូចដែលភ្នែកលោកមើលឃើញនោះទេ កាលបើលោកទទួលស្គាល់ហើយយ៉ាងនេះ ក៏ស្មើនឹងការជំទាស់ប្រឆាំងលទ្ធិរបស់លោកដែលចាត់ទុកថា សេចក្តីពិតជាធម្មជាតិដែលមនុស្សមិនអាចដឹងបាន លោកអ្នកមានអាយុ! តើលោកមានអ្វីត្រូវនិយាយដោះសាទៀតទេ? ខ្ញុំកូរណាទុកឱកាសឲ្យលោកម្តងទៀត"
"ខ្ញុំកូរណាគ្មានអ្វីត្រូវដោះសាទៀតទេ" សុរមេធនិយាយដោយសម្លេងខ្សាវៗ "ឥឡូវនេះ ខ្ញុំកូរណាសូមប្រគល់ពិន្ទុដល់លោកម្ចាស់ "
"អរគុណច្រើន លោកសុរមេធ! មុននឹងបើកឱកាសឲ្យលោកចោទសួរខ្ញុំកូរណាវិញ ខ្ញុំកូរណាចង់អធិប្បាយទស្សនៈរបស់យើងឲ្យលោកដឹងសិន ព្រះបរមសាស្តារបស់យើងបានត្រាស់ថា សេចក្តីពិតមាន ២ យ៉ាង គឺ សម្មតិសច្ចៈ បានដល់សេចក្តីពិតដែលមនុស្សលោកសន្មតហៅ និងទទួលស្គាល់គ្នាជាទូទៅដើម្បីងាយស្រួល ក្នុងការទាក់ទងប្រាស្រ័យគ្នា ដូចជាសត្វ បុគ្គល វត្ថុផ្សេងៗ ដែលយើងប្រើប្រាស់ និងទទួលដឹងឮជាប្រចាំរាល់ថ្ងៃ សម្មតិសច្ចៈចាត់ជាសេចក្តីពិតស្រទាប់ក្រៅដែលអាចដឹងបានដោយភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ឧ. ដូចជាមនុស្សឃើញមនុស្សក៏ដឹងថាជាមនុស្សភ្លាមគ្មានអ្នកណាឃើញមនុស្សជាដំរីនោះទេ នៅមានសេចក្តីពិតមួយស្រទាប់ទៀត ហៅថា បរមត្ថសច្ចៈ បានដល់សេចក្តីពិតដែលស្ថិតនៅខាងក្នុងសេចក្តីសន្មតនោះ ចាត់ជាសេចក្តីពិតស្រទាប់ក្នុង ដែលមិនអាចដឹងបានដោយបសាទសម្ផស្សទាំង ៥ ប៉ុន្តែអាចដឹងបានដោយបញ្ញានិងការសិក្សាស្រាវជ្រាវ ឧ. ដូចជា មនុស្សដែលទទួលដឹងថាមនុស្ស ទទួលស្គាល់គ្នាក្នុងស្រទាប់សម្មតិ    សច្ចៈថាជាមនុស្សនេះ បើញែកបំបែកឲ្យល្អិតល្អន់ដល់ថ្នាក់បរមត្ថសច្ចៈទៅ ពាក្យថា មនុស្ស ក៏មិនមាន   មានតែការប្រជុំផ្សំផ្គុំនៃធាតុ ៤ ឬ ៥ ដែលកើតឡើង តាំងនៅនិងរលត់ទៅតាមហេតុបច្ច័យប៉ុណ្ណោះ សូមឲ្យឈ្វេងយល់តាមចំណុចនេះផង តទៅនេះ បើលោកមានសំណួរអ្វីត្រូវចោទសួរខ្ញុំកណា សូមលោកចោទ សួរមកចុះ"
           អានការពិភាក្សា
"បានសេចក្តីថា ព្រះពុទ្ធសាសនាទទួលស្គាល់ថា សេចក្តីពិត ២ យ៉ាង គឺ សេចក្តីពិតស្រទាប់ក្រៅ និង សេចក្តីពិតស្រទាប់ក្នុង"សុរមេធនិយាយឡើងបន្ទាប់ពីអង្គុយទ្រមឹងអស់ពេលជាយូរ "ទាំងសេចក្តីពិតទាំង ២ យ៉ាងនេះ មនុស្សអាចយល់ដឹងបាន" ។
"ត្រឹមត្រូវហើយ សុរមេធ ! "ព្រះថេរៈឆ្លើយតប "ខ្ញុំកូរណាសូមអធិប្បាយបន្ថែមថា បណ្តាសេចក្តីពិត ២ យ៉់ាងនេះ សេចក្តីពិតថ្នាក់បរមត្ថជាសេចក្តីពិតប្រាកដជាង ចំណែកឯសេចក្តីពិតថ្នាក់សម្មតិ ជាសេចក្តីពិតបណ្តោះអាសន្ន ជាសេចក្តីពិតដែលមនុស្សលោកនាំគ្នាសន្មតហៅក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះ ប៉ុន្តែវាក៏ជាសេចក្តីពិតដែរ
សូម្បីតែខ្លួនលោកក៏ដឹងនិងទទួលស្គាល់សេចក្តីពិតនេះដែរ" ។
"ខ្ញុំកូរណាពុំដែលទទួលស្គាល់ថា មនុស្សដឹងសេចក្តីពិតថ្នាក់ណាៗឡើយ" សុរមេធឆ្លើយយ៉ាងដាច់ខាត "ជាពិសេស សេចក្តីពិតថ្នាក់សម្មតិដែលបសាទសម្ផស្សរាយការណ៍ឲ្យដឹង ខ្ញុំកូរណាមិនទទួលស្គាល់ជាដាច់ខាត" ។
"បើអញ្ចឹង ខ្ញុំកូរណាត្រូវការចោទសួរលោកបន្ថែមទៀត" ព្រះថេរៈមានថេរដីកាឡើង "ខ្ញុំកូរណាត្រូវការចោទសួរលោកថា ថ្ងៃនេះលោកបានបរិភោគអាហារព្រឹកហើយឬនៅ? ខ្ញុំកូរណាជឿថា លោកប្រាកដជាបានបរិភោគអាហារមកហើយ ខ្ញុំកូរណាចង់ដឹងថា តើលោកបរិភោគភោជនាហារដូចយ៉ាងមនុស្សទូទៅឬបរិភោគដុំឥដ្ឋដុំថ្មជំនួសបាយ?"
សុរមេធសម្លឹងមើលព្រះថេរៈយ៉ាងមិងមាំង ហើយសួរឡងវិញថា "ថីក៏លោកម្ចាស់ចោទសួរយ៉ាងនេះ? ខ្ញុំកូរណាក៏បរិភោគភោជនាហារដូចយ៉ាងមនុស្សទូទៅហ្នឹងឯង តើឲ្យខ្ញុំកូរណាបរិភោគដុំឥដ្ឋដុំថ្មដូចម្តេចកើត?"
"សុរមេធ ! ហេតុអ្វីបានជាលោកមិនបរិភោគដុំឥដ្ឋដុំថ្ម?"
"ក៏ព្រោះថាវាមិនមែនជាអាហារហ្នឹងឯង លោករេវត្តៈ ! ឲ្យខ្ញុំកូរណាបរិភោគទៅយ៉ាងម៉េចកើត" សុរមេធនិយាយឡើងដោយអាការឆួលឆេវ
"ចំណុចនេះឯងសម្តែងឲ្យឃើញថា លោកបានទទួលដឹងនិងទទួលស្គាល់សម្មតិសច្ចៈ ព្រោះលោកដឹងថាអ្វីជាអាហារ អ្វីមិនមែនជាអាហារ ហើយលោកក៏រើសបរិភោគចំពោះតែអ្វីដែលជាអាហារ មិនបរិភោគអ្វីដែលមិនមែជាអាហារដូចជាដុំឥដ្ឋដុំថ្មជាដើមនោះទេ ប្រសិនបើលោកមិនដឹងថា អ្វីជាអាហារ អ្វីមិនមែនជាអាហារ លោកអាចបរិភោគអ្វីមិនមែនជាអាហារក៏បាន ប៉ុន្តែលោកពុំដែលបរិភោគដុំឥដ្ឋដុំថ្មឡើយ ចំណុចនេះសម្តែងឲ្យឃើញថា លោកស្គាល់ថាវត្ថុនេះជាអាហារបរិភោគបាន កាលបើស្គាល់ថាអាហារជាអាហារ និងរើសបរិភោគចំពោះតែអាហារយ៉ាងនេះ លោកក៏យល់ដឹងសម្មតិសច្ចៈនិងទទួលស្គាល់សម្មតិសច្ចៈហើយ" ។
"លោករេវត្តៈដ៏ចម្រើន ! "សុរមេធនិយាយឡើងនៅទីបំផុត "ខ្ញុំកូរណាសូមសារភាពប្រាប់លោកតាមត្រង់ថា ខ្ញុំកូរណាបានរៀនចេះដឹងអ្វីៗថ្មីៗទាក់ទងនឹងពុទ្ធធម៌និងលទ្ធិរបស់លោកច្រើនណាស់ ខ្ញុំកូរណាត្រូវងាក មកពិចារណាមើលខ្លួនឯងនិងលទ្ធិរបស់ខ្លួនឯងយ៉ាងហ្មត់ចត់ម្តងទៀត ខ្ញុំកូរណាជាអ្នកស្រឡាញ់ចូលចិត្ត ក្នុងចំណេះដឹងទាំងស្វែងរកចំណេះដឹងគ្រប់ពេលវេលា ខ្ញុំកូរណាអាយុនៅតិច ចំណេះដឹងនិងបទពិសោធក្នុងជីវិតនៅតិច ទើបសូមរៀនសូធ្យពីលោកតទៅ ការតស៊ូសម្តីនៅថ្ងៃនេះ ខ្ញុំកូរណាសូមចុះចាញ់លោកដោយស្រួល និងសូមប្រគល់ពិន្ទុទាំងអស់ដល់លោក ទង្វើរបស់ខ្ញុំកូរណានៅលើកនេះអាចជាការខូចបង់យ៉ាងធំធេងចំពោះគ្រូនិងគណៈរបស់ខ្ញុំកូរណា ប៉ុន្តែសម្រាប់ខ្ញុំកូរណាវិញ ខ្ញុំកូរណាបានទទួលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ពីការតស៊ូសម្តីនៅគ្រានេះ" ។

សរុបសេចក្តីថា ការតស៊ូសម្តីនៅថ្ងៃនោះបញ្ចប់ទៅដោយអាការចម្លែក ព្រោះសុរមេធភាគីសញ្ជ័យបានសុខចិត្តចុះចាញ់ព្រះរេវត្តត្ថេរដោយស្រួល ថែមទាំងសម្តែងសេចក្តីជ្រះថ្លាស្ទើរតែព្រមប្រគល់កាយថ្វាយខ្លួនជាសិស្សរបស់គូតស៊ទៀត បង្កកំហកបំណង គំនុំរង្គំរង្គាលនិងសេចក្តីអាម៉ាសខ្មាសអៀនឲ្យកើតដល់សាស្តា សញ្ជ័យវេលដ្ឋបុត្រយ៉ាងខ្លាំង ផ្ទុយទៅនឹងពុទ្ធបរិស័ទដែលរីករាយត្រេកអរឥតឧបមាចំពោះជ័យជម្នះរបស់ខ្លួន ម្នាក់ៗកោតសរសើរព្រះរេវត្តត្ថេរដោយមិនដាច់ពីមាត់។ 

No comments:

Post a Comment