Wednesday, February 23, 2022

ឃ្លាជំនួយសតិ (ត)


ឃ្លាជំនួយសតិ (ត)


នាឡិកាអ្នកណាៗក៏ទិញបាន ប៉ុន្តែ គ្មានអ្នកណាមួយអាចទិញពេលវេលាបានទេ ដូចនេះ ចូរប្រើគ្រប់វិនាទីដែលមាន ឲ្យមានតម្លៃបំផុត ។

កុំផ្ដល់ពិន្ទុឲ្យមនុស្សនៅលើមុខមាត់ច្រើនជាសន្តានចិត្តអី ។

គ្រាន់តែយើងរៀនទទួលតម្លៃថា ខ្លួនគ្រប់ នោះអ្វីៗក៏ងាយឡើង ធូរស្រាលឡើង ។

អ្នកខ្លះខំប្រឹងព្យាយាម ស្វះស្វែងរកសេចក្ដីសុខបន្ថែម ទាល់តែខ្លួនមានសេចក្ដីទុក្ខ ទាំងដែលខ្លួនមានស្រាប់អស់ហើយ ។

បញ្ហាគ្រប់យ៉ាង ដែលចូលមកនោះ តែងតែលាក់ទុកនូវរឿងល្អៗនៅក្នុងនោះជានិច្ច ដូចពាក្យថា ក្រោយពីធ្លាក់ភ្លៀងរួច មេឃនឹងស្រឡះ ។

អ្វីដែលមិនប្រែប្រួល តែងតែប្រែប្រួលបង្កប់លាក់នៅក្នុងនោះជានិច្ច ។

មនុស្សដប់ គំនិតដប់ កុំគិតថាមនុស្សគ្រប់គ្នាដូចយើង  ដូចនេះ ត្រូវរៀនបើកចិត្តឲ្យទូលាយ  បើយើងបើកចិត្តទូលាយបានធំប៉ុនណា យើងក៏មានក្ដីសុខច្រើនឡើងប៉ុណ្ណឹង ។

គ្រាន់តែគិតមករកផ្លូវវិជ្ជមាន អ្វីៗក៏រត់ទៅរកផ្លូវល្អប្រសើរឯកឯង ។

រឿងដែលមនុស្សគួរឲ្យមានច្រើនជាងមាសប្រាក់ គឺសេចក្ដីសុខ ។

មនុស្សយើងមានឱកាសធ្វើខុសជារឿងធម្មតា ប៉ុន្តែ ទង្វើបន្ត មិនគួរឲ្យមានកំហុសដដែលនេះកើតឡើងទេ ។

ពេលខ្លះ ការខិតខំប្រឹងប្រែងព្យាយាមឲ្យជោគជ័យតែម្ដងមិនអាចទៅរួចទេ ជួលកាលព្យាយាមម្ដងហើយម្ដងទៀត ទើបអាចសម្រេចបាន តែអ្វីដែលសំខាន់នោះកុំឆាប់លះបង់សេចក្ដីព្យាយាមនោះ ដរាបណានៅមានសេចក្ដីព្យាយាម ដរាបនោះគង់មានសេចក្ដីសម្រេច ។

បើមិនប្រាថ្នារកសេចក្ដីទុក្ខ មិនចាំបាច់គិតប្រឡងប្រណាំង ឬប្រយុទ្ធប្រឆាំងជាមួយអ្នកណាឡើយ ត្រឹមតែព្យាយាមប្រយុទ្ធប្រឆាំងយកឈ្នះជាមួយចិត្តខ្លួនឯងនេះក៏បាន ។

បញ្ហាធំនៃបញ្ហាធំកើតដោយច្រើនគឺ គិតច្រើនពេក ៕


ឃ្លាជំនួយសតិ (ត)


ឃ្លាជំនួយសតិ (ត)


ថាអ្វីៗនឹងល្អប្រសើរទៅបាន ល្គឹះណា ចិត្តយើងត្រជាក់ជាមួយរឿងក្ដៅក្រហាយទាំងនោះ ។

ត្រូវរៀនផ្ញើជីវិតជាមួយសតិបញ្ញា កុំរៀនផ្ញើជីវិតនេះជាមួយជោគជតា ដែលខ្លួនយើងមើលមិនឃើញ ។

អភ័យបាន ចិត្តក៏ស្ងប់ កាលណាចិត្តស្ងប់ ក្ដីសុខនឹងកើតមាន ។

សុខនិងទុក្ខកើតត្រង់យើងមើល យើងគិតនោះឯង ។

គ្រប់យ៉ាង សូមឲ្យយើងម្នាក់ៗឈរលើគោលការណ៍សុចរិតភាព នោះយើងនឹងមានសន្តិ ។

វាជារឿងធម្មតារបស់លោកិយ ដែលមានមនុស្សប្រុសស្រីជាច្រើន ខកចិត្តខ្លះ សមបំណងប្រាថ្នាខ្លះ ផ្លាស់ប្តូរជាប់តគ្នាមិនដាច់ ។

សេចក្ដីសុខរបស់យើងម្នាក់ៗមិនមែនវាស់គ្នាទៅលើទ្រព្យសម្បត្តិនោះទេ តែវាស់ទៅចិត្តគ្រប់គ្រាន់ ។

រាល់បញ្ហាទាំងឡាយទាំងពួង ទុកឲ្យមនុស្សយើងសាងវីរភាពប៉ុណ្ណោះ ។

ការប្រើជីវិតបែបផែនងាយៗ ងុយក៏ចូលដេក ស្រេកក៏ស៊ី នឿយក៏សម្រាក អ្វីដែលពិបាកៗក៏រលងទុកចោល ធ្វើចិត្តឲ្យសប្បាយ បន្ធូបន្ថយការតឹងកាយ ចង្អៀតចង្អល់ចិត្តឲ្យរលាយរលត់រសាត់បាត់ទៅ ហើយអ្វីគ្រប់យ៉ាងអាចគ្រប់គ្រង អាចដោះស្រាយបានដោយមានសតិ ។ ទុកឲ្យពេលវេលាជាអ្នកដោះស្រាយទៅចុះ !

មនុស្សដែលជោគជ័យក្នុងជីវិត ត្រូវមាន ក្ដីសុបិន គោលដៅ តាំងចិត្តព្យាយាមធ្វើ ។ បុគ្គលដែលមានចិត្តរាយមាយ មិនច្បាស់ចំពោះអ្វីមួយ ច្រើនតែអសារឥតការ ។ 

សេចក្ដីសុខពុំមែនកើតពីគំនរមាសគំនរប្រាក់លុយកាក់ដុល្លារច្រើននោះទេ តែសេចក្ដីសុខកើតពីសុខកាយ សប្បាយចិត្តត្រង់ដែលខ្លួនខ្វះខាតច្រើនជាង ។

ត្រជាក់បាន លុះណាតែចិត្តស្ងប់ ។

ការមានខ្លួនជាខ្លួនឯង ជារឿងល្អ តែបើប្រកាន់ជ្រុលពេកវាមិនមែនជារឿងល្អទេ ។

អ្វីដែលយើងគិតថាត្រូវ អ្នកផ្សេងអាចគិតថាមិនត្រូវ អ្វីដែលអ្នកផ្សេងគិតថាត្រូវ តែយើងអាចគិតថាមិនត្រូវ ចូរគិតដល់ចិត្តយើងចិត្តគេ មុននឹងសម្រេចអារកាត់ធ្វើអ្វីមួយថា ត្រូវ ឬខុស ៕


Tuesday, February 22, 2022

ឃ្លាជំនួយសតិ (ត)


ឃ្លាជំនួយសតិ (ត)

 

គ្រប់បញ្ហាទាំងឡាយ សូមឲ្យមានសតិ ភ្លាមៗវាក៏អាចដោះស្រាយចេញបាន ។

គ្រាន់តែយើងមានគំនិតគិតថា គិតធ្វើល្អ ពោលពាក្យពីរោះពិសា និងធ្វើសកម្មភាពល្អៗ ចំពោះខ្លួនយើង គ្រួសារ មិត្តភក្ដិ និងសង្គម យើងក៏នឹងចួបរឿងល្អៗចូលមក ហើយជីវិតយើងក៏ចួបសេចក្ដីសុខរឿយៗដែរ ។

អ្វីៗគ្រប់យ៉ាង តែងតែប្ដូរផ្លាស់ទៅជានិច្ច សូម្បីតែចិត្ត និងជីវិតខ្លួនយើង ។

ទោះបីជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភយ៉ាងណា កាលបើស្វែងរកសេចក្ដីសុខឲ្យខ្លួនឯងមិនហើយនុ៎ះ តើនឹងមានប្រយោជន៍អ្វី ?

ជីវិតយើងឈរលើកាលវិភាគមិនទៀងទាត់ ដូច្នោះហើយ ចូរប្រើជីវិតមួយនេះដោយការប្រុងប្រយ័ត្ន មិនមានសេចក្ដីប្រមាទធ្វេសប្រហែសភ្លេចអាត្មា ត្រូវមានសតិដឹងខ្លួនជាប់ជានិច្ច គឺថា មិនត្រូវឲ្យសេចក្ដីអាក្រក់ចូលមកតាមរយៈកាយ វាចា ចិត្តឡើយ ត្រូវអនុញ្ញាតឲ្យសេចក្ដីល្អចូលមកដុះក្នុងសន្តានចិត្តយើង តាមរយៈកាយ វាចា និងចិត្តដូចគ្នា ទើបជីវិតយើងឆ្លងផុតពីបំណុលកម្មពៀរទាំងឡាយបាន ។

មនុស្សយើងគ្រប់គ្នា សុទ្ធតែស្វែងរកសេចក្ដីសុខ បើបានមកចងសុខនោះលើសអ្នកដទៃ មានប្រៀមជាងអ្នកដទៃ តែអ្វីដែលមានសុខជាង មានប្រៀបជាងនុ៎ះ គឺធ្វើចិត្តឲ្យត្រជាក់ ធ្វើចិត្តឲ្យស្ងប់ ។

ក្នុងជីវិតរបស់យើង គ្មានទេរឿងល្អ និងអាក្រក់បំផុត ព្រោះអ្វីគ្រប់យ៉ាង មិនអាចតាំងនៅជានិរន្តរ៍  តែងតែមានការប្រែលប្រួលជាប់ជានិច្ច ហើយយើងម្នាក់ៗក៏រមែងចួបផលអាក្រក់ច្រើនជាងផលល្អ ។

 រាល់បញ្ហាទាំងឡាយដែលនាំឲ្យយើងឈឺក្បាល ជួនកាលបណ្ដាមកពីកត្តាខ្លួនយើងដែលខ្វល់ខ្វាយវាជ្រុលពេក ដល់ភ្លេចសេចក្ដីសុខខ្លួនឯង ។

រឿងដែលត្រូវគិត ត្រូវធ្វើជារៀងរាល់ថ្ងៃ គឺព្យាយាមដុសខាត លាងសំអាតវត្ថុសៅហ្មងចិត្ត ដែលកើតចេញពីមហាមេរោគ លោភលន់ហួសដែលកំណត់ ខឹង ច្រណែន ឈ្នានីស បៀតបៀន ព្យាបាទ និងភាពវក់វង្វេងមិនដឹងល្អអាក្រក់ចេញ ហើយព្យាយាមចាក់បំពេញសេចក្ដីល្អឲ្យដុះឡើងក្នុងសន្តានចិត្តយើងឲ្យបានរាល់ថ្ងៃ ដោយការមានមេត្តាករុណា ចេះសន្ដោសប្រោសប្រណី មានការចែកទាន ពោលស្ដីពីរោះប្រកបដោយប្រយោជន៍ និងបណ្ដុះប្រាជ្ញា ដោយការស្ដាប់ គិត សាកសួរ និងសង្កេតពិនិត្យកត់ត្រាជាដើម ។ បំណងនេះគឺចង់បើកទ្វារ បើចិត្តទទួលយកនូវសេចក្ដីសុខឲ្យបានច្រើន មិនថា ក្នុងជីវិតរស់នៅក្ដី ឬទៅលោកខាងមុខក្ដី ។

កុំចង់ឲ្យមនុស្សគ្រប់គ្នាដូចយើង សូម្បីតែខ្លួនយើងក៏មិនដូចគេដែរ ។

ជ្រើសរើសតាមបែបផែនដែលយើងពេញចិត្តធ្វើ ហើយវានឹងមានសេចក្ដីសុខ ។

ប្រសិនបើមនុស្សយើងខ្វះសេចក្ដីព្យាយាមហើយនុ៎ះ ភាពបរាជ័យនឹងរត់ចូលមកជាក់ជាមិនខានឡើយ ៕


Friday, February 18, 2022

ឃ្លាជំនួយសតិ (ត)


ចូរញ៉ាំងជីវិតមួយនេះឲ្យប្រព្រឹត្តទៅដោយសេចក្ដីមិនប្រមាទ ។

អនាគតរបស់យើងៗជាអ្នកគូសវាសដោយខ្លួនឯង ត្រូវមានសតិជានិច្ចមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ថាថ្ងៃស្អែកនេះវាប្រព្រឹត្តទៅយ៉ាងណា វាអាស្រ័យលើការសម្រេចចិត្តរបស់យើង ។

កាន់តែធ្វើល្អបានច្រើនប៉ុនណា មានសេចក្ដីសុខកាន់តែច្រើនឡើងប៉ុណ្ណោះ ។

បើចេះទម្លាក់ចោលរបស់ខ្លះ ប្រាកដណាស់ពិតជាស្រាលខ្លួន ។

មានសេចក្ដីទុក្ខតិច ព្រោះគ្រប់យ៉ាងធ្វើដោយមានសតិស្មារតីជាប់ជានិច្ច ​ ។

មានបញ្ហាធំត្រូវចេះបំបែកវាឲ្យតូចៗ ចាំដោះស្រាយបញ្ហាតូចនោះបន្តិចម្ដងៗ មិនយូរក៏អស់ ។

បើចេះឲ្យអភ័យបាន ក៏ដេកនៅជាសុខ ។

គេមើលមកយើងក្នុងផ្លូវបែបណាមិនសំខាន់ ប្រសិនបើអំពើនោះត្រឹមត្រូវ មិនបៀតបៀនខ្លួនឯង និងមិនបៀតបៀនអ្នកដទៃ ចូរប្រឹងធ្វើវាចុះ ។

កំហឹង កើតឡើងក្នុងពេលដែលខ្លួនខ្វះសតិ ។

សុខ និងទុក្ខ បន្តិចក៏រលាយបាត់ទៅ គ្មានអ្វីដែលអាចស្ថិតនៅជានិរន្តរ៍ទេ ។

ទុក្ខចាកឆ្ងាយទៅ រួចហើយចិត្តក៏មានក្ដីសុខ ។

ការឲ្យ ជាហេតុនាំសុខមកឲ្យ ។

អ្នកពូកែគ្រប់គ្រង មិនមែនពូកែគ្រប់គ្រងអ្នកដទៃទេ តែពូកែទាំងគ្រប់គ្រងចិត្តខ្លួនឯងបានទៀតផង ។

ក្នុងជីវិតជាក់ស្ដែង មនុស្សគ្រប់គ្នារមែងជួបឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ប្ដូរផ្លាស់គ្នាក្លាយជារឿងធម្មតាទៅហើយ ៕


Thursday, February 17, 2022

ឃ្លាជំនួយសតិ

 


ឃ្លាជំនួយសតិ


មើលគ្រប់យ៉ាងឲ្យដូចជាធម្មតា បញ្ហានិងសេចក្ដីទុក្ខ ក៏នឹងរលាយរសាយអស់ ។

កាលបើមិនចេះគ្រប់គ្រាន់ វាគ្រាន់តែការបើកឳកាសឲ្យសេចក្ដីទុក្ខចូលមកប៉ុណ្ណោះ ។

កុំចំណាយពេលវេលាយល់ចិត្តអ្នកដទៃ គ្រាន់តែចំណាយពេលយល់ចិត្តពីខ្លួនឯង ថាត្រូវការអ្វីឲ្យពិត នោះវាគ្រប់គ្រាន់ណាស់ទៅហើយ ។

យើងឈានទៅមុខ ឬថយក្រោយ វាស្ថិតនៅលើខ្លួនយើងជាអ្នកបង្គាប់បញ្ជាប៉ុណ្ណោះ ។

កុំរៀនខ្វាយខ្វល់ឈឺក្បាលវិលមុខពីការសម្រេចចិត្តថាម៉េច ពីមនុស្សដែលមិនស្គាល់ពីខ្លួនយើងច្បាស់ ។

ប្រសិនបើអ្នកឈប់យកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃនុ៎ះ សេចក្ដីសុខរបស់អ្នកនឹងកើតមានឡើង ។

បញ្ហាគ្រប់យ៉ាង កើតឡើងសម្រាប់យកមកដោះស្រាយ មិនមែនយកមកដេកឱបកើតទុក្ខនោះទេ ។

ទោះបីជាដើមទុនជីវិតវាមិនដូចគ្នា តែក៏អាចសាងគុណតម្លៃនៃជីវិតបានដូចគ្នា វាអាស្រ័យលើការចេះរៀបចំទុកដាក់ទុនជីវិតនោះឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ។

ថ្ងៃស្អែកក្នុងជីវិតយើងមានរាប់មិនអស់ តែកុំភ្លេចធ្វើបច្ចុប្បន្ននេះឲ្យបានល្អ ។

មូលហេតុដែលនាំឲ្យខ្លួនយើងបានសុខ និងទុក្ខ ព្រោះតែខ្លួនយើងមែនទេ? បើដឹងដូច្នោះហើយ សុខនិងទុក្ខវាប្រាកដណាស់ថា កើតឡើងមកពីយើងជាអ្នកកំណត់​ ។

ទោះជាមានបញ្ហាឧបសគ្គពិបាកយ៉ាងណាក៏ដោយ កម្លាំងចិត្តពិតជាសំខាន់ណាស់ ៕ 



មាតុគ្រាមប្រកបដោយធម៌៣នេះ រមែងទៅកាន់អបាយភូមិ


មាតុគ្រាមប្រកបដោយធម៌៣នេះ រមែងទៅកាន់អបាយភូមិ

 

ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌៣ កាលណាបែកកាយធ្លាយខន្ធទៅ រមែងចូលទៅដល់អបាយ ទុគ្គតិវិនិបាត នរក ។

ធម៌៣យ៉ាងគឺអ្វី? ម្នាលអនុរុទ្ធ មាតុគ្រាមក្នុងលោកនេះ វេលាព្រឹកមានចិត្តប្រកបដោយមន្ទិល គឺសេចក្ដីកំណាញ់ វេលាត្រង់ មានចិត្តប្រកបដោយមន្ទិល គឺសេចក្ដីច្រណែន ក្នុងវេលាល្ងាច មានចិត្តប្រកបដោយមន្ទិល គឺកាមរាគ ហើយនៅគ្រប់គ្រងផ្ទះ ។

ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌៣យ៉ាងនេះ កាលណាបែកកាយធ្លាយខន្ធទៅ នឹងចូលទៅដល់អបាយ ទុគ្គតិ វិនិបាត នរក ៕


…………………………………

ខ ជ បញ្ហាអនាគត ទំ ៥០


Wednesday, February 16, 2022

ចាគសប្បុរសធម៌


ព្រះមានព្រះភាគ​ទ្រង់​ត្រាស់ នឹង​ទីឃជាណុថា "​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រក្នុង​លោក​នេះ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល​គឺ​សេចក្ដី​កំណាញ់ នៅ​គ្រប់គ្រង​ផ្ទះ​ មាន​ទាន​បរិច្ចាគ​រួច​ស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ ​ត្រេកអរ​ក្នុង​ការ​លះ​បង់ គួរ​ដល់​ស្មូម ត្រេកអរ​ក្នុង​ការ​ចែករំលែក​នូវ​ទាន ម្នាល​ព្យគ្ឃបជ្ជៈ នេះ​ហៅ​ថា ចាគសម្បទា " ។

 ចាគសម្បទា ការ​លះ​របស់​ឲ្យ​ទៅ​ជា​ទាន​ក្នុងទី​នេះ សំដៅ​យក​ការ​លះ​ពីរ​យ៉ាង​គឺ ម្យ៉ាង​លះ​ទេយ្យវត្ថុ​ ម្យ៉ាង​ទៀត​លះ​កិលេស​ដែល​ជាប់​ជំពាក់​ក្នុង​វត្ថុ​នោះ​ឯង ដោយ​មិន​សង្ឃឹម​ការ​តប​ស្នង​អ្វី អំពី​អ្នក​ដទៃ​វិញ​នោះ​ឡើយ ៕



 

 

 

 

Thursday, October 7, 2021

រៀនសាងគំនិតវិជ្ជមានឲ្យខ្លួនឯង


១) ព្រមទទួលស្គាល់អតីត ហើយស្ងប់ចិត្ត ដើម្បីរស់នៅជាមួយបច្ចុប្បន្នឲ្យបានសុខ

២) អ្នកដទៃគេគិតពីយើងយ៉ាងម៉េច ជារឿងរបស់គេ មិនមែនជារឿងរបស់យើង

៣) ពេលវេលាអាចព្យាបាលគ្រប់យ៉ាងបាន ចូលផ្តល់ឱកាសឲ្យពេលវេលា

៤) គ្មានអ្នកណាម្នាក់ជាហេតុផលសម្រាប់សេចក្តីសុខរបស់យើង ក្រៅពីយើងខ្លួនឯង

៥) កុំយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ព្រោះយើងមិនដឹងថា ជីវិតអ្នកដទៃគេបានហែលឆ្លងអ្វីមកខ្លះ

៦) ឈប់គិតច្រើនទៀត រឿងខ្លះមិនចាំបាច់ត្រូវការដឹងចំលើយ ក៏វាមិនថ្វី

៧) ចូរញញឹមថ្ងៃនេះ ព្រោះបញ្ហាក្នុងលោកនេះមិនមែនជាបញ្ហាតែយើងម្នាក់ទេ ៕

ជីវិតដែលខុសទៅហើយអាចកែប្រែបាន


១) អតីតកាលដែលខុសទៅហើយ ចូរបំភ្លេចវាចោលទៅ

២) អំពើអាក្រក់គ្រប់យ៉ាង មិនត្រូវសាបព្រោះតទៅទៀតឡើយ

៣) ព្យាយាមគិតដល់អំពើល្អគ្រប់យ៉ាង ដែលខ្លួនបានសន្សំមកហើយឲ្យកើមានឡើងក្នុងសន្តាន

៤) ត្រូវព្យាយាមធ្វើអំពើល្អឲ្យបានច្រើនឡើងថែមទៀត

៥) ខិតខំព្យាយាមបដិបត្តិធម៌ឲ្យរួចចាកទុក្ខទាំងពួង ៕

Wednesday, October 6, 2021

រកពេលទំនេររៀនអប់រំចិត្តខ្លះទៅ

អ្នកអាចបោកសម្អាតសំពត់ ខោ អាវ ដោយទឹកនិងសាប៊ូ។ រីឯចិត្តរបស់អ្នកអាចលាងសម្អាតបានដោយការគិតវិជ្ជមាន និងមានសតិតាមទាន់ចិត្តដែលកើតឡើង។

សុខនិងទុក្ខគឺអាស្រ័យលើចិត្ត។ បើចិត្តចេះស្កប់ស្កល់ ចេះព្រម ចេះទទួលយកការពិត នោះជីវិតក៏នឹងបានសុខ។ ផ្ទុយទៅវិញ បើចិត្តគ្រោតគ្រាត ចេះតែច្រណែន ឈ្នានីស ចាំតែចាប់កំហុសគេ និយាយដើមគេ(ដាក់គូទដាក់មាត់) ចិត្តចង្អៀតចង្អល់ គេប៉ះមិនបាន តើអ្នកនឹងទៅរកសេចក្តីសុខមកពីណា?

ពេលទំនេរគួររកពេលរៀនអប់រំចិត្ត កុំយកពេលទៅបង្កើតភ្លើងនៅក្នុងចិត្ត។

________________________

Saturday, September 26, 2020

គំនិតបែបអត្តនោម័តិ?



អ្នកនិពន្ធ គឺ​ត្រូវតែ​ជា​អ្ន​កផ្សុំា​ខ្លួន​នឹង​ការពិត ព្រោះ​មានតែ​ការពិត​មួយ​គត់ ដែល​អាច​ដឹកនាំ​អ្នកអាន​ឱ្យ​ចាកចេញ​បាន​ពី​ទ្រុង​មាស​នៃ​ការបោកប្រាស់។ គុណភាព​នៃ​សម្តី​របស់​មនុស្ស គឺជា​សម្តី​ពិត សម្តី​ស្មោះត្រង់ និង​សម្តី​ដែល​និយាយ​មាន​ចេតនា​ចង់ឱ្យ​អ្នកដទៃ​ល្អ ប្រៀប​ដូចជា​គុណភាព​នៃ​សំណេរ គឺ​ស្ថិតនៅ​ត្រង់​ការពិត​ឬសច្ចភាព។ ក្នុង​ការ​ខ្ជាក់​គំនិត​បែប​ទស្សនៈ វា​ជា​គំនិត​ដែល​ស្ថិតនៅ​កណ្តាល​រវាង​ត្រូវ​និង​ខុស ពេញចិត្ត​ពី​អ្នកដទៃ​និង​ស្អប់ សច្ចភាព​និង​កលមាយា ពិត​និង​ក្លែងក្លាយ។ ចន្លោះ​នេះ​ជា​ចន្លោះ​ដែល​អ្នកអាន​ត្រូវ​ប្រើការ​គិតពិចារណា​ដោយខ្លួនឯង ដោយ​យក​លទ្ធផល​សង្គម​មក​វាស់វែង។ ការ​សរសេរ ទោះ​យើង​ចង់​សរសេរ​បក​ស្រាយ​ទ្រឹ​ស្តី ឬបង្ហាញ​គំនិត​បែប​ណា​ក៏បាន​ដែរ សំខាន់​ឱ្យ​តែ​វិជ្ជមាន នាំ​ប្រយោជន៍​រួម និង​អាច​ពិចារណា​សមស្រប​តាម​ហេតុផល​ជាក់ស្តែង។ តើ​ត្រូវ​ឬខុស អ្នកណា​ជា​អ្នក​កំណត់ ឬត្រូវ​បាន​វាស់វែង​ដោយ​អ្វី​?

 

អ្នកនិពន្ធ គួរណា​តែ​ធ្វើខ្លួន​ឱ្យ​ដូចជា​អ្នកនយោបាយ​ល្អ ជា​បុគ្គល​មាន​គោលការណ៍ គិត​ប្រយោជន៍​រួម មានចិត្ត​មេត្តា​សាបព្រោះ​គ្រាប់ពូជ​សង្គម និង​ដាច់ខាត​ត្រូវតែ​ជា​មនុស្ស​ដែល​ស្គាល់​ខ្លួនឯង​ច្បាស់លាស់​ជាង​អ្នកដទៃ។ នៅពេល​ណា​នរណា​ម្នាក់​យល់​ពី​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ច្បាស់លាស់ គឺ​យើង​ពុំ​អាច​ចោទ​បុគ្គល​នោះ​ថា​អត្តនោម័តិ​ឬមានះ​ទេ។ អត្តនោម័តិ​ក្នុង​ន័យ​អក្សរ​សាស្រ្ត គឺជា​ការយល់ឃើញ​ដោយ​គំនិត​នៃ​ខ្លួនឯង។ របៀប​នៃ​ការ​សរសេរ​របស់ខ្ញុំ​ភាគច្រើន ខ្ញុំ​បាន​បញ្ចូល​នូវ​គំនិត​ខ្លះ​នៅ​ខាងដើម ឬខាងចុង​ថា ជា​គំនិត ឬទស្សនៈ​សម្រាប់​ពិចារណា ជាពិសេស​ទស្សនៈ រមែង​ស្ថិតនៅ​ចន្លោះ​ត្រូង​និង​ខុស​។ ឥរិយាបថ​នេះ មិន​ខុសពី​ឥរិយាបថ​របស់​អ្នកប្រាជ្ញ​ចិន ឡៅ ជឺ ដែល​សរសេរ​គម្ពីរ​តៅ (Toa Te Ching​) តៅ​ក្លែងក្លាយ គឺជា​តៅ​ដែល​អាច​និយាយ​រៀបរាប់​ប្រាប់​អ្នកដទៃ​បាន [...]។ បើ​បាន​អាន​ដល់​ចប់​គម្ពីរ​តៅ តែ​លុះ​ត្រលប់​មក​អាន​ទំព័រ​ដើម​វិញ គឺ​យើង​នឹង​ឃើញថា អ្នកនិពន្ធ​ប្រាប់​រួចហើយ​ថា <គំនិត​ដែល​សរសេរ​ចេញ​មក គឺ​មិន​ពិត​ទេ ព្រោះ​អាច​រៀបរាប់​ពន្យល់​ដល់​អ្នកដទៃ​បាន​>

 

ខ្ញុំ​សូម​បកស្រាយ​ពី​ហេតុផល​ដែល ឡៅ ជឺ ធ្វើបែប​នេះ គឺ​ព្រោះតែ​សភាព​នៃ​គំនិត វា​រមែង​ងាយស្រួល​គិត តែ​សភាព​នៃ​ការអនុវត្ត រមែង​ពិបាក​បន្តិច។ ពាក្យ​ងាយស្រួល ងាយ​យល់ តែ​ពិបាកធ្វើ។ ពាក្យពេចន៍​សាមញ្ញ តែ​មនុស្ស​ធ្វើតាម​មិនបាន។ ទ្រឹ​ស្តី​ពុទ្ធនិយម​បាន​បង្រៀន​ពី​សេរីភាព​នៃ​ការ​ជឿ ការ​គិត ឬការ​ស្របតាម ឬការយល់​តាម។ ខ្ញុំ​សុំ​សង្ខេប​ចំណុច​ខ្លះ​ទាក់ទង​នឹង​គម្ពីរ​កាលាម​សូត្រ ដែល​មាន​ដូចជា ការ​ឮតៗ​គ្នា ក៏​ជឿ​ថាត្រូវ​ឬខុស​, ការ​ផ្អើល​តាម​ហ្វូង មាន​មនុស្ស​ច្រើន ក៏​ជឿ​ថាត្រូវ​ឬខុស​, ការ​ប្រៀបផ្ទឹម​ឃើញថា​ត្រូវ​ដូច​នឹង​គម្ពីរ ឬសៀវភៅ​ណាមួយ ក៏​ជឿ​ថាត្រូវ​ឬខុស​, ការ​កាត់​ន័យ​យក ឬការ​ដៅ​ស្មាន​ៗតាម​បែប​អនុមាន ក៏​ជឿ​ថាត្រូវ​ឬខុស។ ប៉ុន្តែ​ខុស​ឬត្រូវ វា​អាស្រ័យតែ​ទៅលើ​លទ្ធផល​ដែល​បាន​អនុវត្ត​គំនិត ដ្បិត​បើ​លទ្ធផល​ល្អ គឺ​ហៅថា ត្រូវ​ ឬបើ​លទ្ធផល​អាក្រក់ គឺ​ហៅថា ខុស​។ ក្នុងចំណោម​ទស្សនៈ​វិទូ​ក្រិក​បុរាណ​ទាំងប៉ុន្មាន ខ្ញុំ​ពេញចិត្ត​នឹង​គំនិត​របស់​សូ​ក្រាត ដែល​ស្រដៀង​ព្រះពុទ្ធ ព្រោះ​សូ​ក្រាត​ឱ្យ​តម្លៃ​ទៅលើ​ការពិចារណា​ខុសត្រូវ​ដោយខ្លួនឯង​របស់​មនុស្ស​ម្នា​ក់ៗ។ សូ​ក្រាត​ជា​អ្នកប្រាជ្ញ​ដែល​បដិសេធ​ខ្លួនឯង​ថា​គ្រូ ឬជា​អ្នកបង្រៀន​អ្នកដទៃ ដ្បិត​ដោយ​មូលហេតុ​លោក​យល់ថា គរុកោសល្យ ឬក្បួន​ក្នុង​ការ​បង្រៀន គឺ​ត្រូវ​ជំរុញ​ឱ្យ​មនុស្ស​ប្រើប្រាស់​សមត្ថភាព​គិត​ដោយខ្លួនឯង និង​រៀន​ដោយខ្លួនឯង​

 

សូ​ក្រាត ពោល​ថា ខ្ញុំ​ពុំ​មាន​សមត្ថភាព​បង្រៀន​នរណា​ម្នាក់​ពី​ចំណេះដឹង​អ្វីមួយ​ទេ តែ​ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​ឱ្យ​មនុស្ស​គិត​ដោយខ្លួនឯង [ប្រើប្រាស់​សមត្ថភាព​នៃ​ការ​គិត​ពិ​ចា​រណារ​រកហេតុផល​]។ ដោយហេតុនេះ​ហើយ ទើប​ទស្សនវិជ្ជា​របស់​សូ​ក្រាត គឺជា​ការបង្កើត​សំណួរ និង​ប្រើប្រាស់​ពាក្យ ចម្ងល់ ឬការ​មន្ទិល​ ជាគោល​ដែល​ជា​មធ្យោបាយ​នៃ​ការរៀនសូត្រ។ នេះ​ជា​គំនិត​សម្រាប់​ពិចារណា​មួយ ហើយក៏​ជា​ផ្លូវ​នៃ​ការ​រីកចម្រើន​សង្គម​ដែរ ដែល​ផ្ទុយពី​សង្គម​ខ្មែរយើង គឺ​មនុស្ស​ចូលចិត្ត​បង្ហាត់​បែប​បង្គាប់បញ្ជា​ឱ្យ​គិតទៅ​តាមរបៀប​ដែល​អ្នកបង្រៀន​យល់ថា​ត្រូវ។ ក្នុង​គំនិត​របស់​អ្នកប្រាជ្ញ​ឥណ្ឌា អូស្ហូ (Osho​) បាន​បង្ហាញ​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​នៃ​មនុស្សលោក​ខាងលិច​និង​លោក​ខាងកើត ដ្បិត​ម្ខាង​ៗគឺ​ពាក់កណ្តាល។ ម្ខាង​គឺជា​ក្រុម​ដែល​ឱ្យ​តម្លៃ​លើ​ការអនុវត្ត​និយម ឬវិទ្យា​សាស្រ្ត រី​ឯម្ខាងទៀត​ឱ្យ​តម្លៃ​លើ​ចិត្ត​វិញ្ញាណ ឬពិភព​នៃ​ចិត្ត (Spirituality​)។ បើ​ចំពោះ​ខ្មែរយើង​វិញ មាន​បញ្ហា​ខ្លះ គឺ​ងុប​ងល់​ដោយ​អវិជ្ជា​នឹង​រឿង​ដែល​មើល​មិនឃើញ​នឹង​ភ្នែកទទេ។ ចរិត​អ្នក​តក្កៈ ឬច​រិត​អ្នក​វិទ្យាសាស្រ្ត គឺ​ឱ្យ​តម្លៃ​ទៅលើ​អ្វី​ដែល​ភ្នែក​មើលឃើញ ឬអ្វី​ដែល​ជា​រូបធាតុ តែ​អ្នក​ចិត្ត​វិញ្ញាណ ឬអ្នក​យល់​ពី​ព្រលឹង ឱ្យ​តម្លៃ​លើ​អ្វី​ដែល​ភ្នែក​សាច់​មើល​មិនឃើញ។ ចំណុច​នេះ គឺ​ចំណុច​នៃ​ការយល់​ម្ខាង​ម្នាក់ តែ​អ្នកមាន​ប្រៀប គឺ​អ្នកមាន​ចំណេះដឹង យល់ដឹង​ច្បាស់​ខាង​លោកិយ​ផង ហើយ​យល់ដឹង​ច្បាស់​ផ្នែក​ចិត្ត​វិញ្ញាណ​ថែមទៀត។

 

យើង​អាច​ក្រឡេក​មើល​ថយក្រោយ​នា​សម័យ​អាណាចក្រ​ខ្មែរ ។ ខ្ញុំ​មិនសូវ​ចង់​សរសេរ​សំណេរ​បែប​ចិត្ត​វិញ្ញាណ​ទេ ព្រោះ​វា​ពិបាក​យល់ ហើយ​ក៏មិន​អាច​យល់​ដល់​ដែរ ​សម្រាប់​អ្នក​គ្មានការ​ពិសោធ។ ប្រធានបទ​ដែល​ចង់​បង្ហាញ គឺជា​បញ្ហា​អត្តនោម័តិ ឬមិន​អត្តនោម័តិ។ បញ្ហា​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ទាស់ទែងគ្នា គឺ​ការ​ចង់ឱ្យ​អ្នកដទៃ​យល់​ដូច​ខ្លួន​យល់ ឬបើជា​មេដឹកនាំ​វិញ គឺ​ចង់ឱ្យ​ពលរដ្ឋ​គិត​តាមរបៀប​ខ្លួន​គិត។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​យល់ តែង​ដឹង​ថា លើ​លោក​យើង​នេះ យើង​មិន​អាច​បង្ខំ ឬធ្វើ​ឱ្យ​នរណា​ម្នាក់​យល់​ដូច​យើង​បានទេ លុះត្រាតែ​បុគ្គល​នោះ​បាន​ពិចារណា​យល់​ដល់​ដោយខ្លួនឯង​រួចហើយ​។ ទោះជាយ៉ាងណា​ក៏ដោយ អ្វី​ដែល​យើង​បាន​ធ្វើ គឺ​ធ្វើរួចហើយ។ យើង​បាន​តាំងចិត្ត​ដោយចេតនា​ល្អ​ប្រាប់​នូវ​អ្វី​ដែល​យើង​យល់ រី​ឯអ្នកដទៃ​យល់ស្រប ឬមិន​យល់ស្រប​តាម វា​លែង​ក្លាយទៅជា​រឿង​របស់​យើង​ទៀតហើយ។ ជា​ការចែក​រំលែក​បន្ថែម ជាពិសេស​ចំពោះ​យុវ​ជនក្រោយៗ​, សង្គម​យើង​មាន​វប្បធម៌​ចាស់ ដែល​ពិបាក​នឹង​ហែល​ឆ្លង​ឱ្យ​ផុត ទាំង​វប្បធម៌​នៃ​ការ​គិត ការ​និយាយ ការប្រព្រឹត្តិ និង​ការណ៍​ដែល​ហៅថា​ត្រូវ ឬខុស។ ក្នុង​ការកំណត់​អ្វីមួយ​ថាត្រូវ ឬខុស គឺ​យើង​ត្រូវ​ពិចារណា​ពឹង​ផ្នែក​ទាំង​លើ​ផ្នែក​តក្ក​ហេតុ ឬហេតុផល ឬឡូហ្ស៊ីក និង​ពឹង​ផ្អែក​លើ​ផ្នែក​ចិត្ត​វិញ្ញាណ មនសិការ និង​ជាពិសេស​ផ្នែក​ចិត្ត​សាស្រ្ត។

 

បញ្ហា​ខ្លះ វា​ត្រូវ​ក្នុង​បរិបទ​នៃ​ការ​គិត​ផ្នែក​ហេតុផល តែ​បែរជា​ខុស​ក្នុង​បរិបទ​ចិត្ត​វិញ្ញាណ ឬដួង​ព្រលឹង។ រី​ឯបញ្ហា​ខ្លះទៀត វា​ត្រូវ​ក្នុង​បរិបទ​ចិត្ត​វិញ្ញាណ ឬដួង​ព្រលឹង ឬមនសិការ តែ​វា​ខុស​ក្នុង​បរិបទ​ហេតុផល ឬតក្កវិជ្ជា។ យើង​ត្រូវ​ព្យាយាម​ថ្លឹង​ឱ្យ​ស្មើរវាង​ការពិចារណា និង​ការ​ពាល់​ដោយចិត្ត​ខាងក្នុង។ យើង​ត្រូវ​យល់​ឱ្យ​ត្រូវ (ជាផ្នែក​ខាងក្នុង​ចិត្ត ឬ Right understanding​) និង​ពិចារណា​តាម​ហេតុផល​ឱ្យ​ត្រូវ (ជាផ្នែក​គំនិត​តក្កៈ ឬ Right thought​) ព្រោះ​ផ្នែក​ខាងក្រៅ​និង​ផ្នែក​ខាងក្នុង វា​តែង​យឹត​យោងគ្នា ប្រៀប​ដូចជា​ព្រលឹង​និង​កាយ​ត្រូវ​ពឹង​គ្នា​អ៊ីចឹង​ដែរ។ បើ​ចិត្ត​ពាល់​មិន​ត្រូវ គឺ​មានហេតុ​ផល​តម្រង់ ឬបើ​ហេតុផល​គិត​ត្រូវបែប​តក្កៈ តែ​ខុសពី​ចិត្ត គឺ​ចិត្ត​យល់​ត្រូវ​នឹង​តម្រង់​ការ​ត្រិះរិះ។ ទុក្ខ​អរិយ​សច្ចៈ ដែល​ព្រះសម្មា​សម្ពុ​ទ្ធបាន​សម្តែង គឺ​ពុំ​បាន​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​នា​សម័យនេះ​ជ្រាប​ដល់​សន្តាន​នៃ​ចិត្ត​ទេ ដ្បិត​មនុស្ស​ខ្លះ​ហាក់ដូចជា​ឱ្យ​តម្លៃ​អ្វី​ដែល​មិនមែនជារបស់ខ្លួនឯង ច្រើនជាង​អ្វី​ដែល​ជា​របស់ខ្លួនឯង​ពិតប្រាកដ។ មូលហេតុ គឺ​ប្រហែលជា​មាន​ពីរ៖ ទី១ ព្រោះ​មនុស្ស​មាន​អវិជ្ជា និង​តណ្ហា ជាការ​ដឹកមុខ​, និង​ទី២ ព្រោះ​មនុស្ស​មានតែ​វិជ្ជា តែ​ពុំ​អាច​ប្រយុទ្ធ​ឈ្នះ​តណ្ហា​ខ្លួនឯង​បាន។ វិជ្ជា​ដែល​ពុំ​អាច​ទៅដល់​ការ​ពិសោធ គឺ​កម្រ​នឹង​ប្រយុទ្ធ​ឈ្នះ​តណ្ហា​ខ្លាំង​ណាស់។ ការ​ឈ្នះ​អ្នកដទៃ​មិន​ពិបាក​ដូច​ការ​យកឈ្នះ​ខ្លួនឯង​ទេ។ តើ​យើង​ទទួលអារម្មណ៍​បែបនេះ​? គំនិត​ដែល​យើង​គិត​យល់ មិន​ប្រាកដ​ថា​ពាល់ រី​ឯគំនិត​ដែល​យើង​អាច​ពាល់ត្រូវ ក៏​មិន​ប្រាកដ​ថា​យើង​អាច​គិត​យល់​ដែរ។ សម​ហេតុផល ឬពាល់ ឬពាល់​ផង សម​ហេតុផល​ផង​?

កុំខ្វល់ពីសម្ដីអ្នកដទៃមើលងាយអី



កុំខ្លាចការចាប់ផ្តើមជាថ្មី

កុំខ្វល់ពីខ្សែភ្នែកនៃការពេបជ្រាយពីអ្នកដទៃ

ដរាបណាជីវិតថ្លៃ នៅតែដកដង្ហើមដោយច្រមុះខ្លួនឯង

 

ជារឿងដែលគួរឲ្យសោកស្តាយ

អ្នកដទៃមិនទុកឱកាសឲ្យយើង

តែគួរឲ្យសោកស្តាយជាងហ្នឹង

គឺយើងមិនទុកឱកាសឲ្យខ្លួនឯង

 

ធាតជាកញ្ចក់មិនចេះមើលស្រាលអ្នកទេ

តែបើអ្នកខ្វះភាពជឿជាក់ អ្នកនឹងមើលស្រាលខ្លួនឯង

 

អ្នកដែលឆ្លាតពូកែពិតប្រាកដ មិនមែនជាអ្នកឈ្នះក្នុងជម្លោះទេ តែគឺអ្នកដែលចេះដកខ្លួនចេញពីការវិវាទតាំងតែចាប់ផ្តើម

 

អ្នកដែលប្រើជីវិតបានពេញថ្លៃបំផុត

គឺអ្នកដែលបានធ្វើនូវអ្វីដែលខ្លួនឯងចង់ធ្វើ

មិនមែនអ្នកដែលបានធ្វើនូវអ្វីដែលអ្នកដទៃចង់ឲ្យធ្វើទេ

 

កុំធ្វើជាមនុស្សឆ្លាតតែពិកាចិត្ត

ទោះជាសាមញ្ញជនមិនអាត្មានិយមមែនពិត តែមានញាតិមិត្តពេញស្រុកពេញភូមិ

 

គ្មានអ្នកណាល្អឥខ្ចោះគ្រប់មួយរយភាគរយទេ

មើលតែខ្មៅដៃទៅនៅមានជ័រលុបឲ្យកែឡើងវិញបាន

 

អ្នកណាគេពេបជ្រាយមើលស្រាលយើងក៏តាមតែគេទៅ

សូត្រតែបាលីឲ្យជាប់មាត់ទៅថា មិនមើលងាយខ្លួនឯងទៅបានហើយ

 

ត្រឹមតែមានឱកាសបានចែករំលែក បែងចែកគ្នាគិតទៅរកផ្លូវល្អនោះ ជីវិតខ្ញុំបវរល្អក្រៃពេកហើយ ៕

ការប្រព្រឹត្តិតាមកាលរបស់បុគ្គលពីរប្រភេទ?

 


ក្នុង​សមរភូមិ​សង្គ្រាម ចិត្តមេត្តា​ត្រូវ​ទុកចោល ដាវ​កាំបិត​គ្មាន​ភ្នែក ដ្បិត​បើ​យើង​គ្មាន​សមត្ថភាព​សម្លាប់​សត្រូវ គឺ​សត្រូវ​នឹង​សម្លាប់​យើង​វិញ។ នេះ​ជា​ល្បែង​ចាញ់​មួយ​-ឈ្នះ​មួយ ឬត្រូវតែ​មាន​មួយ​ស្លាប់​-មាន​មួយ​រស់ គ្មាន​ជម្រើស​ឈ្នះ​-ឈ្នះ​ទេ។ តើ​ហេតុអ្វី​ទើបបាន​ជា​ឃោរឃៅ​យ៉ាង​ដូច្នោះ​? ការណ៍​នេះ​ពុំ​អាច​ហៅថា​ជា​ការណ៍​ឃោរឃៅ​ទេ តែ​វា​ជា​ក្រឹត្យក្រម​នៃ​ច្បាប់​ធម្មជាតិ។ ក្នុង​នយោបាយ ក្បាល​និង​កន្ទុយ គឺ​មនុស្ស​អាច​ស៊ី​បាន​ដូចគ្នា សំខាន់​ឱ្យ​តែ​ស៊ី​កើត។ យើង​តែង​តែឮ​ទ្រឹ​ស្តី ឆ្មា​ស ឆ្មា​ខ្មៅ មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​វា​អាច​ចាប់​កណ្តុរ​បាន​។ ក្នុង​ឥរិយាបថ​យុទ្ធ​សាស្រ្ត អ្នកនយោបាយ​អាច​សម្រាប់​មនុស្សម្នាក់ តែ​ត្រូវតែ​រក្សា​មនុស្ស​ក្នុង​ចំនួន​ដ៏​ច្រើន​នាក់។ ក្នុង​ន័យ​សេចក្តី​សុខ​មនុស្ស​ដ៏​ច្រើន គឺ​មនុស្សម្នាក់​ត្រូវតែ​ហ៊ាន​លះបង់​ខ្លួន​ដោយ​មិន​ស្តាយស្រណោះ។ មុន​ពេល​ឡើង​ប្រដាល់ កីឡាករ​ប្រដាល់ ត្រូវ​ឱន​គោរព ឬសំពះ​គូប្រកួត​ដែល​ខ្លួន​នឹង​ដាល់​យក​ចាញ់​ឈ្នះ។ តើ​គំនិត​នេះ​បង្ហាញ​បែប​ណា​?

 

ជ័យជម្នះ​របស់​ក្សត្រ​ក្នុង​គ្រា​សង្គ្រាម គឺ​ការពារ​នរ​គមិន​ឱ្យ​សត្រូវ​ឈ្លានពាន​បាន។ រី​ឯជ័យជម្នះ​ក្រោយ​សង្គ្រាម គឺ​រៀបចំ​ប្រទេស​ឱ្យ​រុងរឿង​រីកចម្រើន ប្រជាជន​មាន​ហូប​មាន​ចុក​គ្រប់គ្រាន់ គ្មាន​ទំនាស់​ផ្ទៃក្នុង។ នេះ​ហើយដែល​យើង​ហៅថា ទំនួល​ខុសត្រូវ​ ដែល​គ្មាន​អ្នកណា​អាច​បន្ទោស​បានទេ។ ខ្ញុំ​សុំ​ចូល​មក​បញ្ហា​កីឡាប្រដាល់​វិញ ដែល​មុន​ប្រដាល់ គឺ​មាន​វប្បធម៌​ឱន​គោរព តំណាង​ទឹក​ចិ​ត្ត​រៀង​ៗខ្លួន​ដោយ​ស្មោះ។ សម្រាប់​មនុស្ស​ដែល​ចិត្តទូលាយ​មែនទែន​, គោរព គឺ​ត្រូវតែ​គោរព ហើយ​គោរព​ចេញពី​ចិត្ត​ដ៏​ស្មោះ​សទៀ​តផង តែ​ដល់ពេល​វាយ ក៏​មិន​អាច​បន្ធូរដៃ​បាន​ដែរ។ ពេល​វាយ គឺ​ត្រូវតែ​ប្រឹង​ឱ្យ​មែនទែន យកឈ្នះ​ឱ្យ​ខាន​តែ​បាន ដ្បិត​គ្មាន​អ្នកណា​ត្រូវ​អាណិត​អ្នកណា​ទេ ព្រោះ​វា​ជា​ទំនួល​ខុសត្រូវ។ មនុស្ស​ដែល​អាច​យល់​ច្បាស់​ពី​ទំនួល​ខុសត្រូវ ភាគច្រើន​ជា​មនុស្ស​ដែល​មាន​សភាព​ចិត្តជា​បុគ្គល​ស្គាល់​ខ្លួនឯង។ រី​ចំពោះ​មនុស្ស​ដែល​មិន​ស្គាល់​ខ្លួនឯង គឺ​តែង​វង្វេង​ដោយសារតែ​មនោសញ្ចេតនា ឥត​គិត​ប្រយោជន៍​រួម និង​បោះបង់​ទំនួល​ខុសត្រូវ​ចោល។ តើ​អ្វី​ជា​ការប្រព្រឹត្តិខ្លួន​ឱ្យ​សម​តាមកាល​?

 

ក្នុង​សង្គម​យើង យុវជន​ត្រូវ​ចេះ​បែងចែក​ចរិតមនុស្ស​សំ​ខាន់​ៗពីរ​ប្រភេទ ដែល​ប្រភេទ​ទី១ គឺ​ចរិត​អ្នកនយោបាយ និង​ប្រភេទ​ទី២ គឺ​ចរិត​អ្នកសាសនា។ ជាក់ស្តែង ខ្ញុំ​មិន​ចង់​វែកញែក​ពី​រឿង​ពីរ​នេះ​ទេ ព្រោះ​យល់ថា​ក្រែងលោ​មាន​ប៉ះពាល់​អារម្មណ៍។ ប៉ុន្តែ​ជា​ការចែក​រំលែក​សម្រាប់​ជា​ចំណេះដឹង​ពិ​ចា​រណា និង​ជា​ប្រយោជន៍​ដល់​យុវជន ជាពិសេស​បើ​យើង​ដឹង គឺ​យើង​នឹង​ចេះ​បែងចែក​ចរិតមនុស្ស ​រវាង​អ្នកសាសនានិង​អ្នកនយោបាយ ដោយ​ឈរ​លើ​កាលៈទេសៈ​ជាក់ស្តែង​។ បើ​និយាយ​ក្នុង​ន័យធៀប នយោបាយ គឺជា​ធាតុ​រូប។ កាលណា​មាន​រូប គឺ​មានទុក្ខ ហើយ​ទុក្ខ​នេះ​ជា​បញ្ហា​សង្គម។ រី​ឯ​សាសនា គឺជា​ធាតុ​នាម។ នយោបាយ គឺជា​កាយ រី​ឯសាសនា គឺជា​ព្រលឹង។ អ្នកនយោបាយ​គ្រប់គ្រង​រូបរាងកាយ ការរស់នៅ ជីវភាព​សង្គម។ ចំពោះ​អ្នកសាសនា គឺ​បំពាក់​ដួង​ព្រលឹង ថែរក្សា​ផ្លូវចិត្ត អប់រំ​មនោ និង​ធ្វើ​យ៉ាង​ណាឱ្យ​បរិស័ទ​មាន​សន្តិភាព​ផ្លូវចិត្ត។ នយោបាយ ក៏​សង្គម​អត់​ពុំ​បាន ហើយ​សា​សា​នា​ក៏​សង្គម​អត់​ពុំ​បាន។ បើ​អ្នកសាសនា និង​អ្នកនយោបាយ ជា​បក្ស​ពួក​តែមួយ មាន​ទំនាក់ទំនង​នឹង​​គ្នា​ជា​ប្រព័ន្ធ គឺ​បុគ្គល​ទាំងពីរ​ប្រភេទ​នេះ​នឹង​ក្លាយ​ទៅជា​​អ្នក​បត់​សង្គម​ផ្តាច់​មុខ។ តើ​យើង​ត្រូវ​បែងចែក​ចរិត​អ្នកនយោបាយ និង​អ្នកសាសនា​ដោយ​របៀបណា​?

 

ចរិត​អ្នកនយោបាយ ថ្វី​ដ្បិតតែ​បម្រើ​ពលរដ្ឋ តែ​ដើម្បី​បម្រើ​មនុស្ស​បាន​​ច្រើន ពេលខ្លះ​ទំនង​មាន​ឥរិយាបថ​ស្មោក​​គ្រោគបន្តិច។ ពេលខ្លះ​ទៀត ​ដោយបើ​សង្គម​មួយ​ដឹកនាំក្រុម​ផ្តាច់​ការ ឬក្រុម​គ្រួសារនិយម រមែង​ធ្វើ​ឱ្យ​យុត្តិធម៌​បាត់បង់ មិន​ឈរ​លើស​ច្ច​ភាព។ ស្ថានភាព​ដែល​ពលរដ្ឋ​រងទុក្ខ​វេទនា​ដោយសារតែ​ការ​ធ្វើនយោបាយ​មិន​បម្រើ​ជាតិ​បែបនេះ សឹងតែ​អ្នកខ្លះ​យល់ថា ចង់ឱ្យ​មាន​ពាល​ស៊ី​ពាល​ ព្រោះ​ការប្រព្រឹត្តិ​សេចក្តី​បរិសុទ្ធ​នៅ​ទីកន្លែង​ដែល​មិន​សមគួរ គឺ​បាន​មកវិញ​ត្រឹមតែ​ភាព​បរាជ័យ ប្រៀប​ដូចជា​បុគ្គល​ធ្វើល្អ​ខុស​មនុស្ស រមែង​មិន​មាន​​ប្រយោជន៍អ្វី​ឡើយ។ នេះ​គ្រាន់តែ​ជា​គំនិត​សិក្សា​ទូទៅ​អំពី​ចរិត​នយោបាយ​ប៉ុណ្ណោះ។ ពេល​យើង​ងាក​មក​​សង្កេតមើល​ចរិត​អ្នកសាសនា​វិញ គឺ​ទំនង​មាន​លក្ខណៈ​ខុសគ្នា​ស្ទើរ​តែ​ទាំងស្រុង។ អ្នកសាសនា ជាពិសេស​អ្នក​ចង់បាន​ឋានសួគ៌ រមែង​មានការ​ប្រព្រឹត្តិ​ទំនង​រកតែ​ឋានសួគ៌ ឋាន​សុខ​...។ សាសនា​ខ្លះ​ថ្កោលទោស​សង្គ្រាម។ អ្នក​សង្គ្រាម​ខ្លះ​ក៏​បួងសួង​សុំ​ឱ្យ​ខ្លួន​ធ្វើសង្គ្រាម​កាប់​សម្លាប់ ឈ្នះសត្រូវ​ក្នុង​សមរភូមិ​ប្រយុទ្ធ​​ផង​ដែរ។ ព្រះពុទ្ធ​សម្តែង​ថា ការ​កើតមក​ជា​មនុស្ស ជាម​ង្គល​ដ៏​ឧត្តម​។ មានជីវិត​កើតជា​មនុស្ស គឺជា​ឱកាស​ដ៏​ល្អ ដែល​អាច​ឱ្យ​មនុស្ស​ច្នៃ​ជីវិត​សាង​កម្ម​ល្អ​សម្រាប់​អនាគតជាតិ។

 

ជា​រួម​មក អត្ថបទ​នេះ​គឺ​សម្រាប់​ពិចារណា សង្កេតមើល​ចរិតមនុស្ស ជាពិសេស​អ្នកចេះដឹង ដោយ​មិនថា​អ្នកចេះដឹង​ក្នុង​មាគ៌ា​សាសនា ឬក្នុង​នយោបាយ​នោះ​ទេ។ ពេលណា​យើង​ចេះ​សង្កេត យើង​មើលឃើញ​ដោយហេតុ ព្រមទាំង​ធ្វើ​ឱ្យ​យើង​កាត់បន្ថយ​នូវ​ការ​ខឹង​សម្បា​ខុស​ទំនង ស្អប់​ស្រឡាញ់​តាម​អារម្មណ៍ ដឹង​អ្នកណា​និយាយ​ស្តី​ក្នុង​ន័យ​សាសនា ឬដឹង​អ្នកណា​និយាយ​ស្តី​ក្នុង​ន័យ​នយោបាយ។ ទង្វើ​ទាំងឡាយ​របស់​បុគ្គល​ម្នា​ក់ៗ គឺ​មាន​ចេតនា​ជា​ប្រធាន។ ដរាបណា​កាលៈទេសៈ​មិនទាន់​អំណោយផល​ទេ គឺ​គ្មាន​បុគ្គល​ណា​ម្នាក់​នឹង​បង្ហាញ​ទង្វើ​ជាក់ស្តែង ដែល​ជា​ចេតនា​ខាងក្នុង​របស់​ខ្លួន​ឡើយ។ នៅពេល​ដែល​សង្គម​មិន​ស្រួល គ្មាន​អ្នកណា​ម្នាក់​អាច​រស់នៅ​បាន​សុខ​ស្រួល​ទេ។ ដូច្នេះហើយ ទើប​យើង​ឃើញ​ប្រវត្តិ​ជាហូរហែ​រម​កថា មាន​អ្នកសាសនា​ចេញ​មក​ចូលរួម​កសាង​សង្គម និង​ឈឺឆ្អាល​ពី​ការអប់រំ​មនុស្ស​ឱ្យ​គិត​សង្គម​មិន​តិច​ឡើយ កាល​បុរាណសម័យ​។ ខ្ញុំ​មិនដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​អ្នក បាន​អាន​អត្ថបទ​នេះ​ហើយ អាច​យល់​ពី​ភាសា​ក្នុងចិត្ត​របស់ខ្ញុំ ឬពេលខ្លះ ខ្ញុំ​ក៏​បារម្ភ​ខ្លាច​ថា​អ្នកអាន អាន​ហើយ យល់​ខុសពី​អ្វី​ដែល​ខ្ញុំ​ចង់ឱ្យ​យល់​ផង​ក៏​មាន។ ជីវិត​ដែល​មាន​អារម្មណ៍​ថា សល់​ពេល​រស់នៅ​តិច ជិតដល់​ពេល​ស្លាប់ គួរតែ​ប្រើប្រាស់​ជីវិត​ឱ្យ​មានតម្លៃ​

____

Thursday, August 20, 2020

រឿងមិនដូចគ្នា


ញុំមិនខ្លាំងពូកែឡូយឆាយ

ខ្ញុំមិនមែនល្អលើសលប់

ហើយខ្ញុំក៏មិនបានទៅមើលស្រាយអ្នកណាដែរ

ព្រោះដឹងច្បាស់ថា កាលណាត្រូវគេមើលងាយវាឈឺចាប់

 

អ្នកណាចង់ខ្លាំង អ្នកណាចង់ពូកែ

មានក្រប៉ុនណា ក៏ស្រេចតែលោកទៅចុះ

ខ្ញុំសុំត្រឹមតែនៅក្នុងផ្លូវរបស់ខ្ញុំ។

 

ភ្ញាក់ឡើងជាមួយធម្មជាតិ

មានបាយបីពេល មិនឈឺក្បាលហាលថ្ងៃ

ជីវិតនេះពិតជាមានសេចក្តីសុខស្ងប់ហើយ ។

 

ឆាកជីវិតរបស់មនុស្សយើងម្នាក់ៗ​

សុទ្ធតែដើរឆ្លងកាត់ព្យុះភ្លៀងមកដូចគ្នា​ ទម្រាំបានមកដល់ថ្ងៃនេះ​។

 

ប៉ុន្តែទោះបីក្រោមដំបូលមេឃតែមួយ​ ក៏កម្រិតបរិមាណនៃទឹកភ្លៀង ​ហើយនឹងសភាពរាងកាយ​មនុស្សយើងម្នាក់ៗ មិនដូចគ្នាទេ​

 

កុំប្រៀបធៀប

អ្នកណាធ្ងន់ធ្ងរជាងអ្នកណា​

អ្នកណាពិបាកជាងអ្នកណា​

 

ប្រសិនបើអ្នកមិនបានស្ថិតក្នុងស្ថានការណ៍នោះ​ទេ

អ្នកក៏គ្មានថ្ងៃ​យល់ពីអារម្មណ៍មួយនេះក្នុងពេលនោះដូចគ្នា។​

 

ដូចនេះ​

កុំចេះតែហ៊ានគិត​ជំនួស​ ហ៊ានសន្មត​ និងហ៊ានអារកាត់ថា​

"​ គ្រាន់តែប៉ុណ្ណឹង​ ហេតុអ្វីមិនអាចធ្វើបាន​ "

 

"រឿងប៉ុណ្ណឹង" របស់អ្នក​អាចមិនមែនជា

"រឿងប៉ុណ្ណឹង"របស់មនុស្សម្នាក់ទៀត​ ៕

Friday, August 14, 2020

ទំនុកចិត្តលើចំណេះដឹង


មនុស្សយើង​ម្នា​ក់ៗ​មាន​គោលបំណង​ចង់​ចេះ​ចង់​ដឹង​ដូច​ៗគ្នា ហើយ​ការប្រើ​ប្រាស់​ចំណេះដឹង គឺ​ដើម្បី​ទៅ​រក​សេចក្តី​សុខ​នៃ​ជីវិត​ឱ្យ​ខ្លួនឯង ឬឱ្យ​គ្រួសារ ឬឱ្យ​សង្គមជាតិ។ ចំណុច​ដំបូង​បំផុត គឺ​ការ​ស្វែង​រកចំណេះដឹង​ឱ្យ​ខ្លួនឯង។ បើ​មានចំណេះ​ដឹង​ហើយ គឺ​យើង​នឹងអាច​មានឱកាស​ច្រើន​ក្នុង​ការស្វែងរក​សេចក្តី​​សុខ​ឱ្យ​ខ្លួនឯង។ លទ្ធភាព​ដែល​អាច​ឱ្យ​យើង​ស្វែងរក​សេចក្តី​​សុខ​ឱ្យ​ខ្លួនឯង​បាន គឺជា​ការមួយ​ដ៏​ប្រសើរ ដោយហេតុថា យ៉ាងហោចណាស់ យើង​មិនបាន​ក្លាយទៅជា​អ្នកនាំ​ទុក្ខ​ដល់​អ្នកដទៃ​។ ប៉ុន្តែ​ការ​ដ៏​ប្រសើ​នេះ គឺជា​ការ​ប្រសើរ​ក្នុង​កម្រិត​មួយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​បុគ្គល​ដែល​មានចំណេះ​ដឹង ហើយ​ប្រើប្រាស់​ចំណេះដឹង​បាន​ជាទី​ពឹង​ដល់​ជន​ដទៃ។ យើង​អាច​ប្រៀបធៀប​បាន​ថា មនុស្ស​ដែល​ពុំ​បាន​អំពល់ទុក្ខ​ដល់​អ្នកដទៃ គឺជា​អ្នក​ប្រសើរ។ រី​ឯអ្នក​ដែល​មានចំណេះ​ដឹង​ហើយ ហើយ​អាច​បាន​ជាទី​ពឹង​ចំពោះ​ជន​ដទៃ​ដ៏​ច្រើន គឺជា​ជន​ដ៏​ប្រសើរ​ជាង។ ចំណេះដឹង​ដែល​ទុក​បម្រើ​តែ​ប្រយោជន៍​ខ្លួនឯង អាច​ចាត់ទុកថា​ជា​ចំណេះ​អាត្មានិយម​

 

ក្នុង​សង្គម យើង​អាច​ឈ្វេងយល់​ជា​មេរៀន​ពី​បុគ្គល ៣ប្រភេទ៖ ប្រភេទ​ទី១ គឺ​អ្នកចេះដឹង ចេះ​ឈឺចាប់​នឹង​សេចក្តី​ឈឺចាប់​របស់​ជន​ទន់ខ្សោយ​ដទៃ ហើយក៏​កើតមាន​ចិត្ត​ចង់​ឈឺឆ្អាល​ជួយ។ ប្រភេទ​ទី២ គឺជា​អ្នកចេះដឹង ដែល​ឃើញ​សេចក្តី​អាក្រក់​កើតឡើង​ក្នុង​សង្គម តែ​មិន​ហ៊ាន​ឈឺឆ្អាល។ ប្រភេទ​ទី៣ គឺជា​អ្នក​មិន​ចេះដឹង តែ​ចេះ​ឈឺចាប់ ហើយ​ចេះ​ឈឺឆ្អាល។ កម្សោយ​ពី​ធម្មជាតិ​នៃ​ចំណេះដឹង គឺ​អាច​ធ្វើ​ឱ្យ​មនុស្ស​ចេះដឹង​បាត់បង់​នូវ​គុណធម៌​ម្យ៉ាង​ដ៏​សំខាន់ ដែល​គុណធម៌​នោះ វា​ជា​គុណធម៌​នៃ​សេចក្តី​ក្លាហាន។ បុគ្គល​ដែល​ជា​អ្នក​មិន​ចេះដឹង រមែង​មាន​សេចក្តី​ក្លាហាន ព្រោះ​មិនដឹង រី​ឯអ្នកចេះដឹង រមែង​គ្មាន​សេចក្តី​ក្លាហាន ព្រោះ​បាត់​គុណធម៌​នៃ​សេចក្តី​ក្លាហាន​នេះឯង។ អ្នក​មិនដឹង តែ​ហ៊ាន​លះបង់​សេចក្តី​សុខ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​មិន​គិត​ពី​ខ្លួនឯង គឺ​មិន​ប្រសើរ​ដូច​អ្នកចេះដឹង មាន​សេចក្តី​ក្លាហាន​ហ៊ាន​លះបង់​សេចក្តី​សុខ​ខ្លួនឯង ទោះបី​ដឹង​ថា​ខ្លួន​នឹង​ជួប​គ្រោះថ្នាក់​ក៏ដោយ។ តើ​អ្វី​ជា​ភាព​មានប្រៀបលើ​អ្នកដទៃ​របស់​អ្នកចេះដឹង​?

 

ក្នុង​សង្គម​នី​យមួយៗ មនុស្សម្នាក់​ត្រូវ​បាន​កំណត់​ថា​ល្អ ឬអាក្រក់ ត្រូវ ឬខុស ទៅតាម​បញ្ញ​ត្តិនៃ​ច្បាប់ បញ្ញត្តិ​នៃ​ប្រពៃណី បញ្ញត្តិ​ទំនៀម​ទំ​លាប់ និង​បញ្ញ​ត្តិ​វប្បធម៌។ អ្នកខ្លះ​ព្យាយាម​ធ្វើអ្វី​មួយ ដើម្បី​ឱ្យ​តែ​បាន​ឈ្មោះថា ខុសពី​អ្នកដទៃ​ តែ​អ្នកចេះដឹង​ពិតប្រាកដ គឺ​ពឹង​លើ​ភាព​ត្រឹមត្រូវ ច្រើនជាង​សភាព​តាម​គេ​តាម​ឯង។ មានគ្នាច្រើន​ពុំ​ប្រាកដ​ថាត្រូវ​ទេ រី​ឯមាន​គ្នា​តិច​ក៏​ពុំ​ប្រាកដ​ថា​ខុស​ដែរ ដ្បិត​សំខាន់​គឺ​គុណភាព​នៃ​ចំណេះដឹង។ អ៊ីចឹង​ហើយ​ទើប​មាន​ទ្រឹ​ស្តី​បែប​ប្រជាធិបតេយ្យ​មួយ​លើកឡើង​ថា សន្លឹកឆ្នោត​ត្រឹមតែ ១ សន្លឹក នៃ​ពលរដ្ឋ​ដែល​មានចំណេះ​ដឹង​ពិតប្រាកដ​ម្នាក់ ​វា​​មាន​តម្លៃ​ខ្ពស់​ជាង​សន្លឹកឆ្នោត ១០០ សន្លឹក នៃ​ពលរដ្ឋ​ដែល​អវិជ្ជា ១០០ នាក់​។ តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ តម្លៃ​នៃ​ការចូលរួម​ពិតប្រាកដ គឺ​ត្រូវ​វាស់វែង​ដោយ​គុណភាព​នៃ​ចំណេះដឹង តែ​មិនមែន​ជា​រង្វាស់​នៃ​បរិមាណ​ច្រើន​ទេ។ ចំពោះ​យុវជន​ដែល​ស្រឡាញ់​សង្គម បើសិនជា​ចេះ​សង្កេតមើល​កម្រិត​ចំណេះដឹង​ពលរដ្ឋ​នៅ​មូលដ្ឋាន រហូតដល់​កម្រិត​និស្សិត គឺ​យើង​នឹង​ឃើញ​ពី​កម្រិត​នៃ​ចំណេះដឹង។ សម្រាប់​ខ្ញុំ ពេលណា​សង្កេត​មើ​លយូរៗ​ទៅ ទើប​ដឹង​ថា មិនដឹង​ថា​យើង​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ប៉ុនណា ដើម្បី​អាច​កសាង​មូលធន​មនុស្ស​ឱ្យ​ស្គាល់​ខ្លួនឯង និង​ចេះ​ប្រឹងប្រែង​ដើម្បី​អ្នក​ជំនាន់​ក្រោយ​។ តើ​អ្វីខ្លះ​ដែល​ខ្ញុំ​បានឃើញ​ជាក់ស្តែង​ក្នុង​សង្គម​?

 

សម្រាប់​គ្រូបង្រៀន សម្តី​អប់រំ​ដល់​សិស្ស គឺ​ស្មើនឹង​សកម្មភាព​ធ្វើ​ជាក់ស្តែង​មួយ។ សម្រាប់​បព្វជិត​សាសនា ពាក្យ​សម្តី​ទន់ភ្លន់​ដែល​មានចិត្តល្អ​ជា​ចេតនា គឺ​ស្មើនឹង​សកម្មភាព​ជាក់ស្តែង​មួយ។ សម្រាប់​យុវជន ការ​មិន​ទាស់ទែងគ្នា​ហួសប្រមាណ ឬការ​ជួយ​កែលំអ​គ្នា​ក្នុង​ន័យ​ស្ថាបនា ដែល​មានចិត្តល្អ​ជា​ចេតនា គឺ​ស្មើនឹង​ការ​ធ្វើសកម្មភាព​ជាក់ស្តែង​មួយ។ សម្រាប់​អ្នកនិពន្ធ ការស្វែងរក​ចំណេះ​ដឹង​ថ្មី​ៗមក​សាបព្រោះ​ក្នុង​សង្គម ដែល​មានចិត្ត​បរិសុទ្ធ​ចង់ឱ្យ​សង្គម​រីកចម្រើន គឺជា​សកម្មភាព​ជាក់ស្តែង​មួយ។ សម្រាប់​អ្នកនយោបាយ ការ​កៀងគរ​មនុស្ស​ឱ្យ​ចេះ​សាមគ្គី​គ្នា​គ្នា ដែល​មានចិត្តចង់​កសាង​សង្គម​ជា​ចេតនា​ល្អ គឺ​ចាត់ទុកថា​ជាសកម្ម​ភាព​ជាក់ស្តែង​ដ៏​ប្រសើរ​មួយ។ ចេតនា​គឺជា​ប្រធាន​នៃ​អំពើ​ទាំងឡាយ។ កម្ម​គឺជា​ប្រធាន​នៃ​ផល​ទាំងឡាយ។ ផល​គឺជា​ផ្លែ​ផ្កា​ដែល​បាន​មក​ពី​ចេតនា និង​បាន​មក​ពី​កម្ម ឬសកម្មភាព​ជាក់ស្តែង។ ប្រធានបទ​នេះ បើ​សរសេរ​រៀបរាប់​ពី​ហេតុ​ខាងដើម បកស្រាយ​ពី​បច្ច័យ​បង្កើតហេតុ គឺ​វា​អាច​វែងអន្លាយ​បន្តិច។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​សង្កត់ធ្ងន់​បំផុត គឺជា​បញ្ហា​យុវជន។ ការ​ត្រៀមខ្លួន​របស់​យុវជន គឺជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​កិច្ចការ​កសាង​សង្គម​នា​ពេល​ខាងមុខ។ តើ​យុវជន​គួរ​ត្រៀមខ្លួន​អ្វីខ្លះ​?

 

ដោយសារតែ​ចំណងជើង​នៃ​ប្រធានបទ ខ្ញុំ​ដាក់​ថា ទំនុកចិត្ត​លើ​ចំណេះដឹង​, អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​នឹង​ចែករំលែក​ជាគ​តិ​សម្រាប់​ពិចារណា ក៏​វា​ទាក់ទង​នឹង​ចំណេះដឹង​ផង​ដែរ។ អ្នក​ដែល​បាន​គិត​មុន​គូរ ពេលណា​ចូលខ្លួន​មក​អនុវត្ត​សកម្មភាព​ជាក់ស្តែង គឺ​នឹង​បង្ក​បញ្ហា​ពីតូច​ទៅ​ធំ។ ដើមដៃ​ដំបូង​នៃ​ការងារ​ដែល​យុវជន​ទូទៅ​គួរ​ធ្វើ គឺ​ដាក់ចិត្ត​ដាក់​កាយ​ខិតខំ​រៀនសូត្រ​យកចំណេះ​ដឹង ប្រឹង​គិតពិចារណា ហ្វឹកហាត់​អប់រំ​ចិត្ត​ឱ្យ​ឆាប់​ចាស់ទុំ យល់​ការ​រាក់ជ្រៅ ជាពិសេស​ទាក់ទង​នឹង​បញ្ហា​សង្គមវិជ្ជា និង​នយោបាយ។ កាលណា​យើង​មិន​យល់​ពីសង្គម មិន​យល់​ពី​ជម្រៅ​នៃ​នយោបាយ គឺ​យើង​នឹង​ក្លាយទៅជា​ឧបករណ៍​នយោបាយ។ ព្រះពុទ្ធ​សម្តែង​ថា សេចក្តី​បរិសុទ្ធ ត្រូវ​ធ្វើ​ដោយខ្លួនឯង​។ ធម៌​នេះ គឺ​បង្រៀន​មនុស្ស​ឱ្យ​ចេះ​ពឹង​លើ​ខ្លួនឯង​ដើម្បីនឹង​ធ្វើ​សេចក្តី​បរិសុទ្ធ​ដល់​ខ្លួនឯង ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​ធ្វើ​ជំនួស​យើង​បាន​ឡើយ។ ក្នុង​ទ្រឹ​ស្តី​មួយទៀត​ដែល​និយាយ​ពី​ការ​បូជា ដែល​ធ្វើ​នូវ​កិរិយា​ពីរ​ប្រភេទ៖ ទី១ គឺ​អាមិសបូជា និង​ទី២ គឺ​បដិបត្តិ​បូជា។ ការ​បូជា​ប្រភេទ​ទី១ គឺជា​ប្រភេទ​នៃ​កិរិយា​បូជា​នូវ​គ្រឿង​សក្ការៈ ទៀន ធូប ផ្កា និង​ការ​បូជា​ប្រភេទ​ទី២ ជា​ប្រភេទ​កិរិយា​បូជា​ដោយ​ការប្រព្រឹត្ត​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ធម៌​វិន័យ។ ការ​បូជា​ដ៏​ប្រសើរ​បំផុត គឺជា​ការ​បដិបត្តិ​តាម​ធម៌​វិន័យ។ តើ​អ្វី​ជា​លក្ខណៈ​នៃ​យុវជន​ដែល​ស្រឡាញ់​សង្គម​?

 

យុវជន​ដែល​មាន​មនោសញ្ចេតនា​ពិត​ចំពោះ​សង្គម គឺ​ត្រូវ​ឱ្យ​តម្លៃ​ចំណេះដឹង​ឱ្យ​ខ្ពស់​ជាង​អ្វី​ៗផ្សេងទៀត។ ក្រៅពី​ចំណេះដឹង គឺ​ត្រូវ​ឱ្យ​តម្លៃ​សាមគ្គីភាព​និងផល​ប្រយោជន៍​រួម។ យើង​ត្រូវ​យកចំណេះ​ដឹង​ជា​ឧបាយ ជា​អាវុធ ដើម្បី​កសាង​សាមគ្គីភាព ព្រោះ​បើ​គ្មាន​សាមគ្គីភាព​ទេ គឺ​យើង​នឹង​ពុំ​អាច​ធ្វើការងារ​សំ​ខាន់​ៗឱ្យ​សម្រេច​នូវ​ជោគជ័យ​បាន​ឡើយ។ ការ​ប្រាកដ​ថា​ចំណេះដឹង​ដែល​យើង​មាន វា​អាច​ត្រូវ​ឬខុស លុះត្រា​ណា​តែ​យើង​ជា​អ្នក​សិក្សា​រៀនសូត្រ ប្រឹងប្រែង គិតល្អិតល្អន់​ម្តង​ហើយ​ម្តង​ទៀត និង​ប្រើ​ចិត្ត​ឧបេក្ខា​ក្នុង​ការពិចារណា។ កាលបើ​ចំណេះដឹង​យើង​នៅ​ទាប គឺ​មានតែ​ផ្លូវ​ទាស់ ដ្បិត​ពេលណា​យើង​ជជែក ឬបង្ហាញ​ទស្សនៈ។ ខ្ញុំ​និយាយ​អំពី​ការ​ជជែក​គំនិត ឬទស្សនៈ តែ​មិនមែន​និយាយ​ពី​ការ​ឃើញ​ព្រឹត្តិ​ការណ៍​សង្គម​ទេ ដ្បិត​ព្រឹត្តិ​ការណ៍​សង្គម​ជាក់ស្តែង យើង​ឃើញ​យ៉ាងណា គឺ​វា​ប្រាកដជា​យ៉ាងហ្នឹងហើយ។ បើសិនជា​យើង​ប្រឹងប្រែង ចេះ​អត់ធ្មត់ សំងំរៀនស្ងៀមស្ងាត់ និង​ប្រើ​ឱកាស​ដ៏​ល្អ​នេះ​រៀន​ឱ្យ​បាន​ច្រើន អាន​ឱ្យ​បាន​ច្រើន ខិតខំ​ពិចារណា​ឱ្យ​បាន​ច្រើន វា​នឹង​ឱ្យ​យើង​កាត់បន្ថយ​ការទាស់ទែង​នឹង​យុវជន​ដទៃទៀត។ អ្នក​ឆ្លាត អ្នក​ត្រឹមត្រូវ គឺជា​អ្នក​អនុវត្ត​ជាក់ស្តែង ដែល​មាន​ចេតនា​សំខាន់​តែ​ម្យ៉ាង​គត់ គឺ បាន​លទ្ធផល និង​ជា​លទ្ធផល​សម្រាប់​ប្រយោជន៍​។ ចេតនា​នៃ​អត្ថបទ​នេះ គឺ​ខ្ញុំ​ចង់ឱ្យ​យុវជន​យើង​មួយចំនួន ងាកចិត្ត​មក​ចាប់អារម្មណ៍​លើ​ការសិក្សា​រៀនសូត្រ ពង្រឹង​ចំណេះដឹង គិត​ឱ្យ​ទូលាយ បង្វឹក​ចិត្ត​ឱ្យ​ដូច​មហាសមុទ្រ ហើយ​កាត់បន្ថយ​ការ​ត្រឹមតែ​ទាស់ទែងគ្នា​នូវ​ពាក្យ​សម្តី​គ្នា​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ យើង​ពុំ​អាច​ភ្លេច​សង្គម​ទេ។ ពេលណា​យើង​មានចំណេះ​ដឹង​ច្បាស់លាស់​ហើយ ហើយ​ប្រាកដ​ថា​ចំណេះដឹង​របស់​យើងពិត​​ត្រឹមត្រូវ​​ហើយ ទោះ​យើង​ទាស់​ក៏​មិនទាន់​ហួសពេល​ដែរ។ គិត​សង្គម ប្រឹងរៀន​!!