Saturday, September 26, 2020

ការប្រព្រឹត្តិតាមកាលរបស់បុគ្គលពីរប្រភេទ?

 


ក្នុង​សមរភូមិ​សង្គ្រាម ចិត្តមេត្តា​ត្រូវ​ទុកចោល ដាវ​កាំបិត​គ្មាន​ភ្នែក ដ្បិត​បើ​យើង​គ្មាន​សមត្ថភាព​សម្លាប់​សត្រូវ គឺ​សត្រូវ​នឹង​សម្លាប់​យើង​វិញ។ នេះ​ជា​ល្បែង​ចាញ់​មួយ​-ឈ្នះ​មួយ ឬត្រូវតែ​មាន​មួយ​ស្លាប់​-មាន​មួយ​រស់ គ្មាន​ជម្រើស​ឈ្នះ​-ឈ្នះ​ទេ។ តើ​ហេតុអ្វី​ទើបបាន​ជា​ឃោរឃៅ​យ៉ាង​ដូច្នោះ​? ការណ៍​នេះ​ពុំ​អាច​ហៅថា​ជា​ការណ៍​ឃោរឃៅ​ទេ តែ​វា​ជា​ក្រឹត្យក្រម​នៃ​ច្បាប់​ធម្មជាតិ។ ក្នុង​នយោបាយ ក្បាល​និង​កន្ទុយ គឺ​មនុស្ស​អាច​ស៊ី​បាន​ដូចគ្នា សំខាន់​ឱ្យ​តែ​ស៊ី​កើត។ យើង​តែង​តែឮ​ទ្រឹ​ស្តី ឆ្មា​ស ឆ្មា​ខ្មៅ មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​វា​អាច​ចាប់​កណ្តុរ​បាន​។ ក្នុង​ឥរិយាបថ​យុទ្ធ​សាស្រ្ត អ្នកនយោបាយ​អាច​សម្រាប់​មនុស្សម្នាក់ តែ​ត្រូវតែ​រក្សា​មនុស្ស​ក្នុង​ចំនួន​ដ៏​ច្រើន​នាក់។ ក្នុង​ន័យ​សេចក្តី​សុខ​មនុស្ស​ដ៏​ច្រើន គឺ​មនុស្សម្នាក់​ត្រូវតែ​ហ៊ាន​លះបង់​ខ្លួន​ដោយ​មិន​ស្តាយស្រណោះ។ មុន​ពេល​ឡើង​ប្រដាល់ កីឡាករ​ប្រដាល់ ត្រូវ​ឱន​គោរព ឬសំពះ​គូប្រកួត​ដែល​ខ្លួន​នឹង​ដាល់​យក​ចាញ់​ឈ្នះ។ តើ​គំនិត​នេះ​បង្ហាញ​បែប​ណា​?

 

ជ័យជម្នះ​របស់​ក្សត្រ​ក្នុង​គ្រា​សង្គ្រាម គឺ​ការពារ​នរ​គមិន​ឱ្យ​សត្រូវ​ឈ្លានពាន​បាន។ រី​ឯជ័យជម្នះ​ក្រោយ​សង្គ្រាម គឺ​រៀបចំ​ប្រទេស​ឱ្យ​រុងរឿង​រីកចម្រើន ប្រជាជន​មាន​ហូប​មាន​ចុក​គ្រប់គ្រាន់ គ្មាន​ទំនាស់​ផ្ទៃក្នុង។ នេះ​ហើយដែល​យើង​ហៅថា ទំនួល​ខុសត្រូវ​ ដែល​គ្មាន​អ្នកណា​អាច​បន្ទោស​បានទេ។ ខ្ញុំ​សុំ​ចូល​មក​បញ្ហា​កីឡាប្រដាល់​វិញ ដែល​មុន​ប្រដាល់ គឺ​មាន​វប្បធម៌​ឱន​គោរព តំណាង​ទឹក​ចិ​ត្ត​រៀង​ៗខ្លួន​ដោយ​ស្មោះ។ សម្រាប់​មនុស្ស​ដែល​ចិត្តទូលាយ​មែនទែន​, គោរព គឺ​ត្រូវតែ​គោរព ហើយ​គោរព​ចេញពី​ចិត្ត​ដ៏​ស្មោះ​សទៀ​តផង តែ​ដល់ពេល​វាយ ក៏​មិន​អាច​បន្ធូរដៃ​បាន​ដែរ។ ពេល​វាយ គឺ​ត្រូវតែ​ប្រឹង​ឱ្យ​មែនទែន យកឈ្នះ​ឱ្យ​ខាន​តែ​បាន ដ្បិត​គ្មាន​អ្នកណា​ត្រូវ​អាណិត​អ្នកណា​ទេ ព្រោះ​វា​ជា​ទំនួល​ខុសត្រូវ។ មនុស្ស​ដែល​អាច​យល់​ច្បាស់​ពី​ទំនួល​ខុសត្រូវ ភាគច្រើន​ជា​មនុស្ស​ដែល​មាន​សភាព​ចិត្តជា​បុគ្គល​ស្គាល់​ខ្លួនឯង។ រី​ចំពោះ​មនុស្ស​ដែល​មិន​ស្គាល់​ខ្លួនឯង គឺ​តែង​វង្វេង​ដោយសារតែ​មនោសញ្ចេតនា ឥត​គិត​ប្រយោជន៍​រួម និង​បោះបង់​ទំនួល​ខុសត្រូវ​ចោល។ តើ​អ្វី​ជា​ការប្រព្រឹត្តិខ្លួន​ឱ្យ​សម​តាមកាល​?

 

ក្នុង​សង្គម​យើង យុវជន​ត្រូវ​ចេះ​បែងចែក​ចរិតមនុស្ស​សំ​ខាន់​ៗពីរ​ប្រភេទ ដែល​ប្រភេទ​ទី១ គឺ​ចរិត​អ្នកនយោបាយ និង​ប្រភេទ​ទី២ គឺ​ចរិត​អ្នកសាសនា។ ជាក់ស្តែង ខ្ញុំ​មិន​ចង់​វែកញែក​ពី​រឿង​ពីរ​នេះ​ទេ ព្រោះ​យល់ថា​ក្រែងលោ​មាន​ប៉ះពាល់​អារម្មណ៍។ ប៉ុន្តែ​ជា​ការចែក​រំលែក​សម្រាប់​ជា​ចំណេះដឹង​ពិ​ចា​រណា និង​ជា​ប្រយោជន៍​ដល់​យុវជន ជាពិសេស​បើ​យើង​ដឹង គឺ​យើង​នឹង​ចេះ​បែងចែក​ចរិតមនុស្ស ​រវាង​អ្នកសាសនានិង​អ្នកនយោបាយ ដោយ​ឈរ​លើ​កាលៈទេសៈ​ជាក់ស្តែង​។ បើ​និយាយ​ក្នុង​ន័យធៀប នយោបាយ គឺជា​ធាតុ​រូប។ កាលណា​មាន​រូប គឺ​មានទុក្ខ ហើយ​ទុក្ខ​នេះ​ជា​បញ្ហា​សង្គម។ រី​ឯ​សាសនា គឺជា​ធាតុ​នាម។ នយោបាយ គឺជា​កាយ រី​ឯសាសនា គឺជា​ព្រលឹង។ អ្នកនយោបាយ​គ្រប់គ្រង​រូបរាងកាយ ការរស់នៅ ជីវភាព​សង្គម។ ចំពោះ​អ្នកសាសនា គឺ​បំពាក់​ដួង​ព្រលឹង ថែរក្សា​ផ្លូវចិត្ត អប់រំ​មនោ និង​ធ្វើ​យ៉ាង​ណាឱ្យ​បរិស័ទ​មាន​សន្តិភាព​ផ្លូវចិត្ត។ នយោបាយ ក៏​សង្គម​អត់​ពុំ​បាន ហើយ​សា​សា​នា​ក៏​សង្គម​អត់​ពុំ​បាន។ បើ​អ្នកសាសនា និង​អ្នកនយោបាយ ជា​បក្ស​ពួក​តែមួយ មាន​ទំនាក់ទំនង​នឹង​​គ្នា​ជា​ប្រព័ន្ធ គឺ​បុគ្គល​ទាំងពីរ​ប្រភេទ​នេះ​នឹង​ក្លាយ​ទៅជា​​អ្នក​បត់​សង្គម​ផ្តាច់​មុខ។ តើ​យើង​ត្រូវ​បែងចែក​ចរិត​អ្នកនយោបាយ និង​អ្នកសាសនា​ដោយ​របៀបណា​?

 

ចរិត​អ្នកនយោបាយ ថ្វី​ដ្បិតតែ​បម្រើ​ពលរដ្ឋ តែ​ដើម្បី​បម្រើ​មនុស្ស​បាន​​ច្រើន ពេលខ្លះ​ទំនង​មាន​ឥរិយាបថ​ស្មោក​​គ្រោគបន្តិច។ ពេលខ្លះ​ទៀត ​ដោយបើ​សង្គម​មួយ​ដឹកនាំក្រុម​ផ្តាច់​ការ ឬក្រុម​គ្រួសារនិយម រមែង​ធ្វើ​ឱ្យ​យុត្តិធម៌​បាត់បង់ មិន​ឈរ​លើស​ច្ច​ភាព។ ស្ថានភាព​ដែល​ពលរដ្ឋ​រងទុក្ខ​វេទនា​ដោយសារតែ​ការ​ធ្វើនយោបាយ​មិន​បម្រើ​ជាតិ​បែបនេះ សឹងតែ​អ្នកខ្លះ​យល់ថា ចង់ឱ្យ​មាន​ពាល​ស៊ី​ពាល​ ព្រោះ​ការប្រព្រឹត្តិ​សេចក្តី​បរិសុទ្ធ​នៅ​ទីកន្លែង​ដែល​មិន​សមគួរ គឺ​បាន​មកវិញ​ត្រឹមតែ​ភាព​បរាជ័យ ប្រៀប​ដូចជា​បុគ្គល​ធ្វើល្អ​ខុស​មនុស្ស រមែង​មិន​មាន​​ប្រយោជន៍អ្វី​ឡើយ។ នេះ​គ្រាន់តែ​ជា​គំនិត​សិក្សា​ទូទៅ​អំពី​ចរិត​នយោបាយ​ប៉ុណ្ណោះ។ ពេល​យើង​ងាក​មក​​សង្កេតមើល​ចរិត​អ្នកសាសនា​វិញ គឺ​ទំនង​មាន​លក្ខណៈ​ខុសគ្នា​ស្ទើរ​តែ​ទាំងស្រុង។ អ្នកសាសនា ជាពិសេស​អ្នក​ចង់បាន​ឋានសួគ៌ រមែង​មានការ​ប្រព្រឹត្តិ​ទំនង​រកតែ​ឋានសួគ៌ ឋាន​សុខ​...។ សាសនា​ខ្លះ​ថ្កោលទោស​សង្គ្រាម។ អ្នក​សង្គ្រាម​ខ្លះ​ក៏​បួងសួង​សុំ​ឱ្យ​ខ្លួន​ធ្វើសង្គ្រាម​កាប់​សម្លាប់ ឈ្នះសត្រូវ​ក្នុង​សមរភូមិ​ប្រយុទ្ធ​​ផង​ដែរ។ ព្រះពុទ្ធ​សម្តែង​ថា ការ​កើតមក​ជា​មនុស្ស ជាម​ង្គល​ដ៏​ឧត្តម​។ មានជីវិត​កើតជា​មនុស្ស គឺជា​ឱកាស​ដ៏​ល្អ ដែល​អាច​ឱ្យ​មនុស្ស​ច្នៃ​ជីវិត​សាង​កម្ម​ល្អ​សម្រាប់​អនាគតជាតិ។

 

ជា​រួម​មក អត្ថបទ​នេះ​គឺ​សម្រាប់​ពិចារណា សង្កេតមើល​ចរិតមនុស្ស ជាពិសេស​អ្នកចេះដឹង ដោយ​មិនថា​អ្នកចេះដឹង​ក្នុង​មាគ៌ា​សាសនា ឬក្នុង​នយោបាយ​នោះ​ទេ។ ពេលណា​យើង​ចេះ​សង្កេត យើង​មើលឃើញ​ដោយហេតុ ព្រមទាំង​ធ្វើ​ឱ្យ​យើង​កាត់បន្ថយ​នូវ​ការ​ខឹង​សម្បា​ខុស​ទំនង ស្អប់​ស្រឡាញ់​តាម​អារម្មណ៍ ដឹង​អ្នកណា​និយាយ​ស្តី​ក្នុង​ន័យ​សាសនា ឬដឹង​អ្នកណា​និយាយ​ស្តី​ក្នុង​ន័យ​នយោបាយ។ ទង្វើ​ទាំងឡាយ​របស់​បុគ្គល​ម្នា​ក់ៗ គឺ​មាន​ចេតនា​ជា​ប្រធាន។ ដរាបណា​កាលៈទេសៈ​មិនទាន់​អំណោយផល​ទេ គឺ​គ្មាន​បុគ្គល​ណា​ម្នាក់​នឹង​បង្ហាញ​ទង្វើ​ជាក់ស្តែង ដែល​ជា​ចេតនា​ខាងក្នុង​របស់​ខ្លួន​ឡើយ។ នៅពេល​ដែល​សង្គម​មិន​ស្រួល គ្មាន​អ្នកណា​ម្នាក់​អាច​រស់នៅ​បាន​សុខ​ស្រួល​ទេ។ ដូច្នេះហើយ ទើប​យើង​ឃើញ​ប្រវត្តិ​ជាហូរហែ​រម​កថា មាន​អ្នកសាសនា​ចេញ​មក​ចូលរួម​កសាង​សង្គម និង​ឈឺឆ្អាល​ពី​ការអប់រំ​មនុស្ស​ឱ្យ​គិត​សង្គម​មិន​តិច​ឡើយ កាល​បុរាណសម័យ​។ ខ្ញុំ​មិនដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​អ្នក បាន​អាន​អត្ថបទ​នេះ​ហើយ អាច​យល់​ពី​ភាសា​ក្នុងចិត្ត​របស់ខ្ញុំ ឬពេលខ្លះ ខ្ញុំ​ក៏​បារម្ភ​ខ្លាច​ថា​អ្នកអាន អាន​ហើយ យល់​ខុសពី​អ្វី​ដែល​ខ្ញុំ​ចង់ឱ្យ​យល់​ផង​ក៏​មាន។ ជីវិត​ដែល​មាន​អារម្មណ៍​ថា សល់​ពេល​រស់នៅ​តិច ជិតដល់​ពេល​ស្លាប់ គួរតែ​ប្រើប្រាស់​ជីវិត​ឱ្យ​មានតម្លៃ​

____

No comments:

Post a Comment