Showing posts with label សៀវភៅផ្សេងៗ. Show all posts
Showing posts with label សៀវភៅផ្សេងៗ. Show all posts

Tuesday, August 4, 2020

អនុទិនទស្សនជីវិត ២០


ប្រភពកំណើតដ៏ពិតប្រាកដរបស់យើងគឺកម្មរបស់យើង បិតាជាអ្នកផ្ដល់កំណើត មាតាជាអ្នកបង្កើតយើងមកក៏ពិតមែន តែការឲ្យកំណើតនិងការបង្កើតយើងមកបានត្រឹមតែរូបកាយប៉ុណ្ណោះ ចំណែកចិត្ត និងគុណសម្បត្តិផ្លូវចិត្តជារបស់យើងផ្ទាល់ខ្លួនដែលបញ្ជូនបន្តគ្នារាប់រយ រាប់ពាន់ជាតិមកហើយ ។ មាតាបិតារមែងសង្ឃឹមចង់ឲ្យកូនល្អ ចង់ឲ្យកូនឆ្លាតវៃ ចង់ឲ្យកូនខ្ពង់ខ្ពស់ដូចគ្នាៗទាំងអស់ តែចុះហេតុអ្វីមិនបានគ្រប់គ្នាអ៊ីចឹង? ក៏ព្រោះតែម្នាក់ៗមានកម្មជារបស់ខ្លួនជាប់មកនោះឯង ប្រសិនបើមាតាបិតាកំណត់ជីវិតរបស់កូនបាន ប្រហែលជាកូនគ្រប់គ្នាគ្មានអ្នកណាល្ងង់ គ្មានអ្នកណាក្រនុ៎ះទេ ។


អនុទិនទស្សនជីវិត ១៩


ពូជពង្សផៅសន្តានដ៏ពិតប្រាកដរបស់យើងគឺកម្មរបស់យើង ព្រោះវាមិនបែកចេញពីខ្លួនរបស់យើងទេ វាជាប់តាមយើងទៅគ្រប់ទីកន្លែង  ប្រសិនបើកម្មល្អក៏ជួយឧបត្ថម្ភអបស្ទបជួយបើកភ្លើងខៀវឲ្យយើងទៅដោយស្រួល តែបើកម្មអាក្រក់ក៏រង់ចាំស្ទាក់កាត់រារាំងធ្វើឲ្យយើងប្រព្រឹត្តទៅដោយមិនស្រួលឡើយ ចេះតែកើតក្ក្ដៅដីក្រហាយ ចេះតែបង់ខាត រកស៊ីមិនចំណេញ រៀនមិនចប់ ព្រោះតែភ្លើងក្រហម គឺមានកម្មអាក្រក់ ។ ចំណែកខាងសាច់ញាតិបងប្អូនផៅសន្តានខាងក្រៅនោះ មិនអាចជាប់តាមគ្នាទៅបានគ្រប់ទីកន្លែងទេ ជួលកាលជួបគ្នាមិនដល់ ១០-២០ ឆ្នាំផងក៏បែក អ្នកខ្លះទៀតក៏មិនបានជួបគ្នា ប៉ុន្តែកម្មរបស់យើងជាប់តាមយើងទៅគ្រប់ទីកន្លែង គ្រប់ជាតិភព សមដូចព្រះពុទ្ធជាម្ចាស់ទ្រង់សំដែងថា "កម្មពន្ធុ_កម្មជាពូជពង្សផៅសន្តានរបស់យើង" ។ 


Thursday, July 30, 2020

អនុទិនទស្សនជីវិត ១៨


ពេលណានិយាយដល់អំពើល្អ មានមនុស្សជាច្រើនគិតទៅដល់ការឲ្យនេះឲ្យនោះ ដល់មនុស្សពួកនេះដល់មនុស្សពួកនោះ ទើបមើលឃើញពីការរាំងស្ទះច្រើនក្នុងការបំពេញសេចក្ដីល្អអស់រលីង ។ តាមពិតទៅ ការដែលមិនទៅធ្វើអំពើអាក្រក់ផ្សេងៗក៏ឈ្មោះថាបានធ្វើសេចក្ដីល្អម្យ៉ាង និងការរតុបតែងចិត្តរបស់ខ្លួនឲ្យស្អាតហ្មត់ហ្មង ជាអំពើល្អវិសេសណាស់ទៅហើយ ។ ការចម្រើនមេត្តាចិត្តនេះ មានគុណានិសង្សច្រើនជាងថ្នាក់ឲ្យរបស់របរ និងការរក្សាបាននូវសីលនេះមួយទៀត ព្រោះអំពើល្អទាំងអស់នេះចូលទៅដល់ដួងចិត្តដោយត្រង់ ។


អនុទិនទស្សនជីវិត ១៧


សេចក្ដីល្អក្នុងលោកនេះក៏មានច្រើន កើតឡើងតាមកាយ តាមវាចា និងតាមចិត្ត បើនិយាយពីកិច្ចការធ្វើនេះវិញមានច្រើនណាស់ ចង់ធ្វើប៉ុន្មានក៏មិនចេះអស់ ប៉ុន្តែហេតុអ្វីទៅហ្ន៎ បានមានមនុស្សខ្លះនិយាយជារឿយៗថា "មិនដឹងជាធ្វើអ្វី?" ហើយយកពេលវេលាងហ្នឹងទៅបោះចោល គួរឲ្យស្ដាយ ពេលវេលាបានផ្ដល់ដល់មនុស្សស្មើៗគ្នាទាំងអស់ ទីបំផុតទៅ តើមានអ្នកណាអាចនឹងយកពេលទាំងអស់ហ្នឹងទៅធ្វើបាន ប្រសិនបើគេយកពេលទាំងអស់ហ្នឹងទៅបំពេញធ្វើជាប្រយោជន៍ ជីវិតរបស់គេក៏មានប្រយោជន៍ មនុស្សចិត្តល្អ ក៏សម្លឹងឃើញផ្លូវធ្វើអំពើល្អបានច្រើន ចំណែកខាងមនុស្សអាក្រក់វិញ ក៏សម្លឹងឃើញផ្លូវអាក្រក់ធ្វើច្រើនដូចគ្នា ។


Wednesday, July 29, 2020

អនុទិនទស្សនជីវិត ១៦


ប្រសិនបើយើងព្យាយាមហាត់រៀនអត់ធន់រឿងតូចៗបាន ក៏មិនចាំបាច់ទៅទ្រាំអត់ធន់ជាមួយរឿងៗធំៗអ្វីដែរ តែជារឿងគួរឲ្យចម្លែកណាស់ក្នុងពួកមនុស្សលោកនេះ គឺមានមនុស្សជាច្រើន អត់ធ្មត់ចំពោះពាក្យស៊កសៀតប្រមាថមើលងាយពីមនុស្សដទៃមិនបាន ដល់មានអ្នកខ្លះត្រូវទៅវាយដំច្រំធាក់កាប់សម្លាប់គេ តែខ្លួនអាចទ្រាំរស់នៅក្នុងគុក ១០ -២០ ឆ្នាំបាន ឬខ្លះទៀតដល់អស់មួយជីវិតក៏មាន ។

អ្នកខ្លះមិនដល់ទៅវាយដំកាប់សម្លាប់គេទេ ប៉ុន្តែបែរជាយកពាក្យស៊កសៀតចាក់ដោតទាំងនោះ មកសម្លាប់សេចក្ដីសុខខ្លួនឯងទៅវិញ ។ គិតៗទៅ វាគ្មានន័យអ្វីទាល់តែសោះ ប្រសិនបើយើងមិនធ្វើទុកក្នុងចិត្តរបស់យើង ។


អនុទិនទស្សនជីវិត ១៥


ប្រសិនបើយើងសិក្សាអំពីខ្លួនឯង និងយល់អំពីខ្លួនឯងច្បាស់ហើយ ក៏នឹងយល់អំពីអ្នកដទៃបានទៀតផង  ។ ការប្រឹងប្រែងព្យាយាមដើម្បីធ្វើឲ្យអ្នកដទៃយល់ពីខ្លួន ដោយមិនបានយល់ពីខ្លួនឯងនោះ គឺមិនសូវបានផលប៉ុន្មានទេ ។

ការដឹងច្បាស់ពីខ្លួនឯង ឬយល់ពីខ្លួនឯងដោយប្រត្យក្សនោះ ក្រៅពីទទួលបានសេចក្ដីសុខ​ស្ងប់ដល់ខ្លួនហើយ ថែមទាំងជាប្រយោជន៍ដល់សង្គមយ៉ាងច្រើនទៀតផង ។

 


Tuesday, July 28, 2020

អនុទិទស្សនជីវិត ១៤


សេចក្ដីសុខមានច្រើនប្រភេទ បុគ្គលណាពេញចិត្តសេចក្ដីសុខប្រភេទណា ក៏ស្វែងរកសេចក្ដីសុខប្រភេទនោះទៅ ភាពផ្ទុយគ្នានៅត្រង់គុណតម្លៃ ជីវិតរបស់មនុស្ស នឹងមានតម្លៃឬគ្មាន ជាទីបញ្ចប់ទៅថា តើបុគ្គលនោះនឹងស្វែងរកសេចក្ដីសុខឲ្យដល់ជីវិតបែបណា គឺបែបមានគុណតម្លៃ ឬបែបគ្មានគុណតម្លៃ? សេចក្ដីសុខដែលមានគុណតម្លៃនោះ ក្រៅពីធ្វើអំណោយសេចក្ដីសុខឲ្យដល់ខ្លួនឯងហើយ ថែមទាំងជាអំណោយសេចក្ដីសុខដល់អ្នកដទៃយ៉ាងច្រើនទៀតផង ។

អនុទិនទស្សនជីវិត ១៣


ពុទ្ធសាសនានេះ គ្រាន់តែបានអានពុទ្ធប្បវត្តិ នឹងបានយល់ដឹងអំពីពុទ្ធចរិយាដ៏ប្រសើរនោះហើយ ក៏អាចជួយឲ្យធូរស្រាលអំពីទុក្ខកង្វល់បាន មិនចាំបាច់និយាយទៅដល់ការសិក្សា និងបដិបត្តិតាមគោលធម៌ដែលព្រះអង្គទ្រង់បង្រៀនទុកមកទេ និងជាថ្នាំឱសថដ៏វិសេសខ្លាំងណាស់ ។ រឿងរ៉ាវក្នុងព្រះពុទ្ធសាសនានោះ ប្រៀបបានដូចជាដើមឈើធំ ជាដើមឈើអាចធ្វើជាថ្នាំឱសថបានទាំងអស់ តាំងពីឫសកែវ  ដើម ( សម្បក ជ័រ សាច់ស្រាយ និងខ្លឹម ) មែក និងស្លឹក ។ ព្រះសាសនារបស់ព្រះអង្គអស្ចារ្យខ្លាំងណាស់ សម្រាប់ជីវិតសត្វលោកមួយនេះ ។

អនុទិនទស្សនជីវិត ១២


មនុស្សបើពោលដោយសភាពហើយ ជាសត្វលោកដែលគួរដល់នូវសេចក្ដីសង្វេគណាស់ ព្រោះលិចលង់នៅក្នុងអន្លង់ទុក្ខ តែកាលបើបានពិចារណាអំពីប្រព្រឹត្តិកម្មហើយ ពួកខ្លះគួរឲ្យស្អប់ខ្ពើម ​ពួកខ្លះគួរឲ្យចង់ឆ្កឹះចេញ និងពួកខ្លះទៀតគួរឲ្យចង់គោរពបូជា ។

អនុទិនទស្សនជីវិត ១១


មានរឿងជន្លជន្លេញនៅចំពោះមុខ តែខ្លួនអត់ទ្រាំបាន ។ ការអត់ធ្មត់របស់បុគ្គលនោះ លោកហៅថា ប្រសើរ ។ រឿងជន្លជន្លេញនេះមានទាំងគាប់ចិត្ត និងទាំងមិនគាប់ចិត្ត ។ ការអត់ទ្រាំចំពោះរឿងដែលមិនគាប់ចិត្តក៏អាចរាប់ថាល្អណាស់ហើយ តែប្រសិនបើអត់ទ្រាំចំពោះរឿងជាទីគាប់ចិត្តបានទៀតនុ៎ះ កាន់តែប្រសើរឡើងទៀត ព្រោះត្រូវចំណាយកម្លាំងចិត្តខ្ពស់ជាងការអត់ទ្រាំចំពោះភាពបរាជ័យ  សេចក្ដីមិនសមបំណងប្រាថ្នា សូម្បីតែមនុស្សទន់ជ្រាយក៏ល្មមធ្វើបាន ព្រោះតែត្រូវអត់ធ្មត់ ។ ចំណែកការអត់ធន់ចំពោះភាពជោគជ័យ សេចក្ដីសមបំណងប្រាថ្នា ធ្វើចិត្តឲ្យតាំងនៅក្នុងឧបេក្ខាញាណបាននោះ មានតែមនុស្សចិត្តរឹងមាំប៉ុណ្ណោះ ទើបអាចធ្វើបាន ។

Monday, July 27, 2020

អនុទិនទស្សនជីវិត ១០


ទោះបីមិនឆ្លាតក្នុងការរៀនសូត្រអក្សរសាស្ត្រជាតិក៏ដោយ ក៏គួរមានឱកាសហ្វឹកហាត់ខ្លួនឲ្យឆ្លាតក្នុងវិថីជីវិត ទើបអាចនាំខ្លួនឲ្យចេញផុតពីអវិជ្ជាបាន ។ ជីវិតនេះស្មុគស្មាញណាស់មិនមានរូបមន្តរៀនទេ បង្រៀនក៏ពិបាក នឹងចេះ និងឆ្លាតបានដោយការសង្កេតកត់ចំណាំទុកដោយខ្លួនឯង ។ ពួកក្មេងៗគួរមានចាំណាប់អារម្មណ៍ត្រង់ចំណុចនេះឲ្យបានខ្លាំង អ្នកឆ្លាតក្នុងការរៀនសូត្របានជួបជាមួយភាពបរាជ័យក្នុងជីវិតនេះមកច្រើនណាស់ ក៏ព្រោះតែខ្លួនមិនចាប់អារម្មណ៍ហ្វឹកហាត់ឲ្យឆ្លាតក្នុងវិថីជីវិតនុ៎ះឯង ។


អនុទិនទស្សនជីវិត ៩


ល្អឬអាក្រក់អាស្រ័យនៅត្រង់ខ្លួនយើង មិនមែនល្អព្រោះមានគេសរសើរ ឬអាក្រក់ព្រោះមានគេរិះគន់ ស្តីបន្ទោសនោះទេ ។ ត្រង់នេះចូលក្នុងគន្លងផ្លូវរបស់ព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សំដែងថា សុទ្ធិ អសុទ្ធិ បច្ចត្តំ ប្រែថា បរិសុទ្ធ ឬមិនបរិសុទ្ធ អាស្រ័យលើខ្លួនឯង ។

កាលណាកើតមានដូច្នេះ ចូរធ្វើនាទីរបស់ខ្លួនឲ្យល្អបំផុត ពេញបរិបូណ៌បំផុត ហើយគ្រប់យ៉ាងនឹងល្អឡើង មិនចាំបាច់បារម្ភចំពោះពាក្យសរសើរ ឬរិះគន់ពីអ្នកដទៃនោះទេ ។


អនុទិនទស្សនជីវិត ៨


អាវម៉ូដតែមួយ ពេលមហាចោរពាក់ក៏ក្លាយជាមហាចោរ មនុស្សខ្ជិលពាក់ក៏ក្លាយជាមនុស្សខ្ជិល ពេលអ្នកចិត្តបុណ្យពាក់ក៏ក្លាយជាអ្នកចិត្តបុណ្យ មានមនុស្សបូជា ទីកន្លែងក៏ដូចគ្នា មនុស្សអាក្រក់ចូលមករស់នៅអាស្រ័យ ក៏ក្លាយជាទីកន្លែងគួរឲ្យស្អប់ខ្ពើម គួរឲ្យភ័យខ្លាចរអា តែពេលអ្នកចិត្តបុណ្យចូលទៅនៅអាស្រ័យក៏ក្លាយជាបូជនីយដ្ឋានទៅវិញ ។

មនុស្សយើងមានសាច់មានឈាម មានឆ្អឹងឆ្អែងដូចគ្នា អ្នកផងមើលងាយមើលថោក ឬគោរពបូជា គឺស្ថិតនៅត្រង់ចិត្តដែលនៅក្នុងកាយនុ៎ះឯង កាលណាសច្ចភាពបង្ហាញជាក់ច្បាស់យ៉ាងនេះ ចូរសម្រេចចិត្តជ្រើសរើសចុះថា តើខ្លួនគួរសម្រេចចិត្តរើសយកមួយណា?


Sunday, July 26, 2020

អនុទិនទស្សនជីវិត ៧


សេចក្ដីសុខលោកិយនេះ កាន់តែក្រេបផឹក កាន់តែសាបភ្លាវ ប្រៀបដូចបុគ្គលដែលទទួលទានអំពៅពីគល់ទៅរកចុងនៅរដូវវស្សា ។ ចំណែកសេចក្ដីសុខផ្លូវធម៌ កាន់តែក្រេបផឹកកាន់តែផ្អែមឡើង ប្រៀបដូចបុគ្គលដែលទទួលទានអំពៅពីចុងទៅរកគល់អ៊ីចឹង ។ នេះឯងជាពាក្យដែលព្រះពុទ្ធោវាទទ្រង់ត្រាស់ថា "រសអ្វីស្មើដោយរសព្រះធម៌មិនមាន រសព្រះធម៌រមែងឈ្នះអស់រសទាំងឡាយទាំងពួង" ។

អនុទិនទស្សនជីវិត ៦



តាមទស្សនៈនៃព្រះពុទ្ធវចនៈ សេចក្ដីសុខមានពីរយ៉ាង សុខព្រោះមានវត្ថុប្រើប្រាស់ ហៅថា អាមិសសុខ ឬសុខលោកិយ សេចក្ដីសុខនេះ មានគុណភាពទាប និងមានបញ្ហាច្រើន ម្យ៉ាងទៀត សុខដែលប្រាសចាកអាមិស ហៅថា និរាមិសសុខ ឬសុខសុខុម សេចក្ដីសុខប្រភេទនេះមានគុណភាពខ្ពស់ និងឥតមានបញ្ហា ជាសេចក្ដីសុខតាមផ្លូវចិត្ត ដែលទទួលបានពីការអប់រំចិត្តតាមព្រះធម៌ ឬកើតឡើងពីការប្រព្រឹត្តធម៌ ប៉ុន្តែមនុស្សច្រើនណាស់ ខំប្រឹងស្វែងរកសេចក្ដីសុខប្រភេទទីមួយ លោកនេះទើបមានបញ្ហាច្រើន ពិបាកនឹងសាងបាន ។

អនុទិនទស្សនជីវិត ៥


ទ្រព្យសម្បត្តិ យសសក្ដិ សរសើរ និងសុខ មនុស្សលោកនាំគ្នាប្រាថ្នាចង់បានច្រើនណាស់ តែមនុស្សល្ងង់ខ្លៅបានធ្លាក់ខ្លួនជាទាសកររបស់វា ចំណែកបណ្ឌិតជាចៅហ្វាយនាយរបស់វា ចូរសាកល្បងគិតពិចារណាលមើលថា តើមនុស្សទាំងពីប្រភេទនេះ មានភាពខុសគ្នាបែបណាហ្ន៎?

អនុទិនទស្សនជីវិត ៤


រូបរាងកាយជាសារធាតុផ្សំ ជារបស់លោក ត្រូវបោះបង់ចោលទុកឲ្យលោក ត្រូវអាស្រ័យបច្ច័យរបស់លោកទ្រទ្រង់ ដំណើរការ ចំណែកចិត្តជានាមធម៌ ជាថាមពលម្យ៉ាង ចិត្តទើបជារបស់ធម៌ ពេលបាននៅជាមួយធម៌ទើបត្រជាក់ ។ កើតមានអារម្មណ៍អន្ទះអន្ទែង ខ្វល់ខ្វាយ ពេលនៅជាមួយលោក ស្វែងរកអារម្មណ៍លោក ។ ដូចនោះ ទោះបីរូបរាងកាយនៅជាមួយលោកក៏ដោយ ក៏សូមត្រឹមតែឲ្យចិត្តនៅជាមួយធម៌ ។

អនុទិនទស្សនជីវិត ៣


មនុស្សភាគច្រើន បានទទួលការសិក្សាគឺ បានរៀនអក្សរ តែមនុស្សដែលបានទទួលការហ្វឹកហាត់ពិតមែននោះមានចំនួនតិចណាស់ ។ ក្នុងការហ្វឹកហ្វឺនអប់រំនេះដែរ ទោះជាមានគ្រូវិសេសប៉ុនណា តែបើបុគ្គលអ្នកសិក្សាមិនបានហ្វឹកហាត់បូកផ្សំជាមួយដោយខ្លួនឯងទេ គឺមិនបានផលអ្វីល្អប្រសើរឡើយ ទើបត្រូវបូករួមផ្សំជាមួយគ្នាទាំងពីរ ។ មនុស្សដែលហ្វឹកហ្វឺនខ្លួនបានល្អហើយ ព្រះពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់សំដែងថា ជាបុគ្គលដ៏ប្រសើរបំផុតក្នុងជ្រុងមួយនៃមនុស្សលោកដូចគ្នា ហើយនឹងបានជាទីពឹងបានដោយលំបាក (ទីពឹងនោះគឺខ្លួនដែលបង្វឹកបានល្អហើយហ្នឹងឯង) ។

អនុទិនទស្សនជីវិត ២


ព្រះអរហន្តទាំងឡាយនោះ បាននាមថា The Perfected One ព្រោះលោកជាបុគ្គលពេញបរិបូណ៌ហើយទាំងពីរផ្នែក គឺ ទាំងផ្នែកខាងក្រៅ និងទាំងផ្នែកខាងក្នុង ។ កាលបើផ្នែកខាងក្នុងពេញហើយ ផ្នែកខាងក្រៅក៏មិនមានបញ្ហាអ្វីឡើយ ។


អនុទិនទស្សនជីវិត ១


ត្រូវសម្លឹងមើលជីវិតក្នុងខាងក្នុង ទើបនឹងជួបប្រសប់ជាមួយសេចក្ដីស្ងប់សុខដ៏ពិតប្រាកដ ទោះបីជីវិតខាងក្រៅនឹងសំបូរសេចក្ដីសុខយ៉ាងណា តែបើខាងក្នុងនៅតែមានភាពក្ដៅក្រហាយ ក៏រកស្ងប់សុខមិនបានដែរ ។
     សូមពន្យល់បន្ថែមលើសេចក្ដីនេះបន្តិចចុះថា ជីវិតខាងក្រៅ អាស្រ័យដោយបច្ច័យ ៤ តែជីវិតខាងក្នុង ត្រូវអាស្រ័យធម្មអាហារ-អាហារ គឺធម៌ ។
     ប្រៀបបានដូចជាមនុស្សដែលមានអាហារឆ្ងាញ់ពិសារ មានសម្លៀកបំពាក់ល្អ កន្លែងរស់នៅប្រណីត តែរោគខាងក្នុងកាយកំពុងរុករានទន្រ្ទានបៀតបៀន តើនឹងរកសេចក្ដីសុខឲ្យពេញបរិបូណ៌យ៉ាងណាបាន បើរោគផ្លូវចិត្តអាក្រក់ខ្លាំងជាងរោគផ្លូវកាយនោះទៅទៀត ។