Friday, August 14, 2020

ទំនុកចិត្តលើចំណេះដឹង


មនុស្សយើង​ម្នា​ក់ៗ​មាន​គោលបំណង​ចង់​ចេះ​ចង់​ដឹង​ដូច​ៗគ្នា ហើយ​ការប្រើ​ប្រាស់​ចំណេះដឹង គឺ​ដើម្បី​ទៅ​រក​សេចក្តី​សុខ​នៃ​ជីវិត​ឱ្យ​ខ្លួនឯង ឬឱ្យ​គ្រួសារ ឬឱ្យ​សង្គមជាតិ។ ចំណុច​ដំបូង​បំផុត គឺ​ការ​ស្វែង​រកចំណេះដឹង​ឱ្យ​ខ្លួនឯង។ បើ​មានចំណេះ​ដឹង​ហើយ គឺ​យើង​នឹងអាច​មានឱកាស​ច្រើន​ក្នុង​ការស្វែងរក​សេចក្តី​​សុខ​ឱ្យ​ខ្លួនឯង។ លទ្ធភាព​ដែល​អាច​ឱ្យ​យើង​ស្វែងរក​សេចក្តី​​សុខ​ឱ្យ​ខ្លួនឯង​បាន គឺជា​ការមួយ​ដ៏​ប្រសើរ ដោយហេតុថា យ៉ាងហោចណាស់ យើង​មិនបាន​ក្លាយទៅជា​អ្នកនាំ​ទុក្ខ​ដល់​អ្នកដទៃ​។ ប៉ុន្តែ​ការ​ដ៏​ប្រសើ​នេះ គឺជា​ការ​ប្រសើរ​ក្នុង​កម្រិត​មួយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​បុគ្គល​ដែល​មានចំណេះ​ដឹង ហើយ​ប្រើប្រាស់​ចំណេះដឹង​បាន​ជាទី​ពឹង​ដល់​ជន​ដទៃ។ យើង​អាច​ប្រៀបធៀប​បាន​ថា មនុស្ស​ដែល​ពុំ​បាន​អំពល់ទុក្ខ​ដល់​អ្នកដទៃ គឺជា​អ្នក​ប្រសើរ។ រី​ឯអ្នក​ដែល​មានចំណេះ​ដឹង​ហើយ ហើយ​អាច​បាន​ជាទី​ពឹង​ចំពោះ​ជន​ដទៃ​ដ៏​ច្រើន គឺជា​ជន​ដ៏​ប្រសើរ​ជាង។ ចំណេះដឹង​ដែល​ទុក​បម្រើ​តែ​ប្រយោជន៍​ខ្លួនឯង អាច​ចាត់ទុកថា​ជា​ចំណេះ​អាត្មានិយម​

 

ក្នុង​សង្គម យើង​អាច​ឈ្វេងយល់​ជា​មេរៀន​ពី​បុគ្គល ៣ប្រភេទ៖ ប្រភេទ​ទី១ គឺ​អ្នកចេះដឹង ចេះ​ឈឺចាប់​នឹង​សេចក្តី​ឈឺចាប់​របស់​ជន​ទន់ខ្សោយ​ដទៃ ហើយក៏​កើតមាន​ចិត្ត​ចង់​ឈឺឆ្អាល​ជួយ។ ប្រភេទ​ទី២ គឺជា​អ្នកចេះដឹង ដែល​ឃើញ​សេចក្តី​អាក្រក់​កើតឡើង​ក្នុង​សង្គម តែ​មិន​ហ៊ាន​ឈឺឆ្អាល។ ប្រភេទ​ទី៣ គឺជា​អ្នក​មិន​ចេះដឹង តែ​ចេះ​ឈឺចាប់ ហើយ​ចេះ​ឈឺឆ្អាល។ កម្សោយ​ពី​ធម្មជាតិ​នៃ​ចំណេះដឹង គឺ​អាច​ធ្វើ​ឱ្យ​មនុស្ស​ចេះដឹង​បាត់បង់​នូវ​គុណធម៌​ម្យ៉ាង​ដ៏​សំខាន់ ដែល​គុណធម៌​នោះ វា​ជា​គុណធម៌​នៃ​សេចក្តី​ក្លាហាន។ បុគ្គល​ដែល​ជា​អ្នក​មិន​ចេះដឹង រមែង​មាន​សេចក្តី​ក្លាហាន ព្រោះ​មិនដឹង រី​ឯអ្នកចេះដឹង រមែង​គ្មាន​សេចក្តី​ក្លាហាន ព្រោះ​បាត់​គុណធម៌​នៃ​សេចក្តី​ក្លាហាន​នេះឯង។ អ្នក​មិនដឹង តែ​ហ៊ាន​លះបង់​សេចក្តី​សុខ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​មិន​គិត​ពី​ខ្លួនឯង គឺ​មិន​ប្រសើរ​ដូច​អ្នកចេះដឹង មាន​សេចក្តី​ក្លាហាន​ហ៊ាន​លះបង់​សេចក្តី​សុខ​ខ្លួនឯង ទោះបី​ដឹង​ថា​ខ្លួន​នឹង​ជួប​គ្រោះថ្នាក់​ក៏ដោយ។ តើ​អ្វី​ជា​ភាព​មានប្រៀបលើ​អ្នកដទៃ​របស់​អ្នកចេះដឹង​?

 

ក្នុង​សង្គម​នី​យមួយៗ មនុស្សម្នាក់​ត្រូវ​បាន​កំណត់​ថា​ល្អ ឬអាក្រក់ ត្រូវ ឬខុស ទៅតាម​បញ្ញ​ត្តិនៃ​ច្បាប់ បញ្ញត្តិ​នៃ​ប្រពៃណី បញ្ញត្តិ​ទំនៀម​ទំ​លាប់ និង​បញ្ញ​ត្តិ​វប្បធម៌។ អ្នកខ្លះ​ព្យាយាម​ធ្វើអ្វី​មួយ ដើម្បី​ឱ្យ​តែ​បាន​ឈ្មោះថា ខុសពី​អ្នកដទៃ​ តែ​អ្នកចេះដឹង​ពិតប្រាកដ គឺ​ពឹង​លើ​ភាព​ត្រឹមត្រូវ ច្រើនជាង​សភាព​តាម​គេ​តាម​ឯង។ មានគ្នាច្រើន​ពុំ​ប្រាកដ​ថាត្រូវ​ទេ រី​ឯមាន​គ្នា​តិច​ក៏​ពុំ​ប្រាកដ​ថា​ខុស​ដែរ ដ្បិត​សំខាន់​គឺ​គុណភាព​នៃ​ចំណេះដឹង។ អ៊ីចឹង​ហើយ​ទើប​មាន​ទ្រឹ​ស្តី​បែប​ប្រជាធិបតេយ្យ​មួយ​លើកឡើង​ថា សន្លឹកឆ្នោត​ត្រឹមតែ ១ សន្លឹក នៃ​ពលរដ្ឋ​ដែល​មានចំណេះ​ដឹង​ពិតប្រាកដ​ម្នាក់ ​វា​​មាន​តម្លៃ​ខ្ពស់​ជាង​សន្លឹកឆ្នោត ១០០ សន្លឹក នៃ​ពលរដ្ឋ​ដែល​អវិជ្ជា ១០០ នាក់​។ តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ តម្លៃ​នៃ​ការចូលរួម​ពិតប្រាកដ គឺ​ត្រូវ​វាស់វែង​ដោយ​គុណភាព​នៃ​ចំណេះដឹង តែ​មិនមែន​ជា​រង្វាស់​នៃ​បរិមាណ​ច្រើន​ទេ។ ចំពោះ​យុវជន​ដែល​ស្រឡាញ់​សង្គម បើសិនជា​ចេះ​សង្កេតមើល​កម្រិត​ចំណេះដឹង​ពលរដ្ឋ​នៅ​មូលដ្ឋាន រហូតដល់​កម្រិត​និស្សិត គឺ​យើង​នឹង​ឃើញ​ពី​កម្រិត​នៃ​ចំណេះដឹង។ សម្រាប់​ខ្ញុំ ពេលណា​សង្កេត​មើ​លយូរៗ​ទៅ ទើប​ដឹង​ថា មិនដឹង​ថា​យើង​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ប៉ុនណា ដើម្បី​អាច​កសាង​មូលធន​មនុស្ស​ឱ្យ​ស្គាល់​ខ្លួនឯង និង​ចេះ​ប្រឹងប្រែង​ដើម្បី​អ្នក​ជំនាន់​ក្រោយ​។ តើ​អ្វីខ្លះ​ដែល​ខ្ញុំ​បានឃើញ​ជាក់ស្តែង​ក្នុង​សង្គម​?

 

សម្រាប់​គ្រូបង្រៀន សម្តី​អប់រំ​ដល់​សិស្ស គឺ​ស្មើនឹង​សកម្មភាព​ធ្វើ​ជាក់ស្តែង​មួយ។ សម្រាប់​បព្វជិត​សាសនា ពាក្យ​សម្តី​ទន់ភ្លន់​ដែល​មានចិត្តល្អ​ជា​ចេតនា គឺ​ស្មើនឹង​សកម្មភាព​ជាក់ស្តែង​មួយ។ សម្រាប់​យុវជន ការ​មិន​ទាស់ទែងគ្នា​ហួសប្រមាណ ឬការ​ជួយ​កែលំអ​គ្នា​ក្នុង​ន័យ​ស្ថាបនា ដែល​មានចិត្តល្អ​ជា​ចេតនា គឺ​ស្មើនឹង​ការ​ធ្វើសកម្មភាព​ជាក់ស្តែង​មួយ។ សម្រាប់​អ្នកនិពន្ធ ការស្វែងរក​ចំណេះ​ដឹង​ថ្មី​ៗមក​សាបព្រោះ​ក្នុង​សង្គម ដែល​មានចិត្ត​បរិសុទ្ធ​ចង់ឱ្យ​សង្គម​រីកចម្រើន គឺជា​សកម្មភាព​ជាក់ស្តែង​មួយ។ សម្រាប់​អ្នកនយោបាយ ការ​កៀងគរ​មនុស្ស​ឱ្យ​ចេះ​សាមគ្គី​គ្នា​គ្នា ដែល​មានចិត្តចង់​កសាង​សង្គម​ជា​ចេតនា​ល្អ គឺ​ចាត់ទុកថា​ជាសកម្ម​ភាព​ជាក់ស្តែង​ដ៏​ប្រសើរ​មួយ។ ចេតនា​គឺជា​ប្រធាន​នៃ​អំពើ​ទាំងឡាយ។ កម្ម​គឺជា​ប្រធាន​នៃ​ផល​ទាំងឡាយ។ ផល​គឺជា​ផ្លែ​ផ្កា​ដែល​បាន​មក​ពី​ចេតនា និង​បាន​មក​ពី​កម្ម ឬសកម្មភាព​ជាក់ស្តែង។ ប្រធានបទ​នេះ បើ​សរសេរ​រៀបរាប់​ពី​ហេតុ​ខាងដើម បកស្រាយ​ពី​បច្ច័យ​បង្កើតហេតុ គឺ​វា​អាច​វែងអន្លាយ​បន្តិច។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​សង្កត់ធ្ងន់​បំផុត គឺជា​បញ្ហា​យុវជន។ ការ​ត្រៀមខ្លួន​របស់​យុវជន គឺជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​កិច្ចការ​កសាង​សង្គម​នា​ពេល​ខាងមុខ។ តើ​យុវជន​គួរ​ត្រៀមខ្លួន​អ្វីខ្លះ​?

 

ដោយសារតែ​ចំណងជើង​នៃ​ប្រធានបទ ខ្ញុំ​ដាក់​ថា ទំនុកចិត្ត​លើ​ចំណេះដឹង​, អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​នឹង​ចែករំលែក​ជាគ​តិ​សម្រាប់​ពិចារណា ក៏​វា​ទាក់ទង​នឹង​ចំណេះដឹង​ផង​ដែរ។ អ្នក​ដែល​បាន​គិត​មុន​គូរ ពេលណា​ចូលខ្លួន​មក​អនុវត្ត​សកម្មភាព​ជាក់ស្តែង គឺ​នឹង​បង្ក​បញ្ហា​ពីតូច​ទៅ​ធំ។ ដើមដៃ​ដំបូង​នៃ​ការងារ​ដែល​យុវជន​ទូទៅ​គួរ​ធ្វើ គឺ​ដាក់ចិត្ត​ដាក់​កាយ​ខិតខំ​រៀនសូត្រ​យកចំណេះ​ដឹង ប្រឹង​គិតពិចារណា ហ្វឹកហាត់​អប់រំ​ចិត្ត​ឱ្យ​ឆាប់​ចាស់ទុំ យល់​ការ​រាក់ជ្រៅ ជាពិសេស​ទាក់ទង​នឹង​បញ្ហា​សង្គមវិជ្ជា និង​នយោបាយ។ កាលណា​យើង​មិន​យល់​ពីសង្គម មិន​យល់​ពី​ជម្រៅ​នៃ​នយោបាយ គឺ​យើង​នឹង​ក្លាយទៅជា​ឧបករណ៍​នយោបាយ។ ព្រះពុទ្ធ​សម្តែង​ថា សេចក្តី​បរិសុទ្ធ ត្រូវ​ធ្វើ​ដោយខ្លួនឯង​។ ធម៌​នេះ គឺ​បង្រៀន​មនុស្ស​ឱ្យ​ចេះ​ពឹង​លើ​ខ្លួនឯង​ដើម្បីនឹង​ធ្វើ​សេចក្តី​បរិសុទ្ធ​ដល់​ខ្លួនឯង ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​ធ្វើ​ជំនួស​យើង​បាន​ឡើយ។ ក្នុង​ទ្រឹ​ស្តី​មួយទៀត​ដែល​និយាយ​ពី​ការ​បូជា ដែល​ធ្វើ​នូវ​កិរិយា​ពីរ​ប្រភេទ៖ ទី១ គឺ​អាមិសបូជា និង​ទី២ គឺ​បដិបត្តិ​បូជា។ ការ​បូជា​ប្រភេទ​ទី១ គឺជា​ប្រភេទ​នៃ​កិរិយា​បូជា​នូវ​គ្រឿង​សក្ការៈ ទៀន ធូប ផ្កា និង​ការ​បូជា​ប្រភេទ​ទី២ ជា​ប្រភេទ​កិរិយា​បូជា​ដោយ​ការប្រព្រឹត្ត​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ធម៌​វិន័យ។ ការ​បូជា​ដ៏​ប្រសើរ​បំផុត គឺជា​ការ​បដិបត្តិ​តាម​ធម៌​វិន័យ។ តើ​អ្វី​ជា​លក្ខណៈ​នៃ​យុវជន​ដែល​ស្រឡាញ់​សង្គម​?

 

យុវជន​ដែល​មាន​មនោសញ្ចេតនា​ពិត​ចំពោះ​សង្គម គឺ​ត្រូវ​ឱ្យ​តម្លៃ​ចំណេះដឹង​ឱ្យ​ខ្ពស់​ជាង​អ្វី​ៗផ្សេងទៀត។ ក្រៅពី​ចំណេះដឹង គឺ​ត្រូវ​ឱ្យ​តម្លៃ​សាមគ្គីភាព​និងផល​ប្រយោជន៍​រួម។ យើង​ត្រូវ​យកចំណេះ​ដឹង​ជា​ឧបាយ ជា​អាវុធ ដើម្បី​កសាង​សាមគ្គីភាព ព្រោះ​បើ​គ្មាន​សាមគ្គីភាព​ទេ គឺ​យើង​នឹង​ពុំ​អាច​ធ្វើការងារ​សំ​ខាន់​ៗឱ្យ​សម្រេច​នូវ​ជោគជ័យ​បាន​ឡើយ។ ការ​ប្រាកដ​ថា​ចំណេះដឹង​ដែល​យើង​មាន វា​អាច​ត្រូវ​ឬខុស លុះត្រា​ណា​តែ​យើង​ជា​អ្នក​សិក្សា​រៀនសូត្រ ប្រឹងប្រែង គិតល្អិតល្អន់​ម្តង​ហើយ​ម្តង​ទៀត និង​ប្រើ​ចិត្ត​ឧបេក្ខា​ក្នុង​ការពិចារណា។ កាលបើ​ចំណេះដឹង​យើង​នៅ​ទាប គឺ​មានតែ​ផ្លូវ​ទាស់ ដ្បិត​ពេលណា​យើង​ជជែក ឬបង្ហាញ​ទស្សនៈ។ ខ្ញុំ​និយាយ​អំពី​ការ​ជជែក​គំនិត ឬទស្សនៈ តែ​មិនមែន​និយាយ​ពី​ការ​ឃើញ​ព្រឹត្តិ​ការណ៍​សង្គម​ទេ ដ្បិត​ព្រឹត្តិ​ការណ៍​សង្គម​ជាក់ស្តែង យើង​ឃើញ​យ៉ាងណា គឺ​វា​ប្រាកដជា​យ៉ាងហ្នឹងហើយ។ បើសិនជា​យើង​ប្រឹងប្រែង ចេះ​អត់ធ្មត់ សំងំរៀនស្ងៀមស្ងាត់ និង​ប្រើ​ឱកាស​ដ៏​ល្អ​នេះ​រៀន​ឱ្យ​បាន​ច្រើន អាន​ឱ្យ​បាន​ច្រើន ខិតខំ​ពិចារណា​ឱ្យ​បាន​ច្រើន វា​នឹង​ឱ្យ​យើង​កាត់បន្ថយ​ការទាស់ទែង​នឹង​យុវជន​ដទៃទៀត។ អ្នក​ឆ្លាត អ្នក​ត្រឹមត្រូវ គឺជា​អ្នក​អនុវត្ត​ជាក់ស្តែង ដែល​មាន​ចេតនា​សំខាន់​តែ​ម្យ៉ាង​គត់ គឺ បាន​លទ្ធផល និង​ជា​លទ្ធផល​សម្រាប់​ប្រយោជន៍​។ ចេតនា​នៃ​អត្ថបទ​នេះ គឺ​ខ្ញុំ​ចង់ឱ្យ​យុវជន​យើង​មួយចំនួន ងាកចិត្ត​មក​ចាប់អារម្មណ៍​លើ​ការសិក្សា​រៀនសូត្រ ពង្រឹង​ចំណេះដឹង គិត​ឱ្យ​ទូលាយ បង្វឹក​ចិត្ត​ឱ្យ​ដូច​មហាសមុទ្រ ហើយ​កាត់បន្ថយ​ការ​ត្រឹមតែ​ទាស់ទែងគ្នា​នូវ​ពាក្យ​សម្តី​គ្នា​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ យើង​ពុំ​អាច​ភ្លេច​សង្គម​ទេ។ ពេលណា​យើង​មានចំណេះ​ដឹង​ច្បាស់លាស់​ហើយ ហើយ​ប្រាកដ​ថា​ចំណេះដឹង​របស់​យើងពិត​​ត្រឹមត្រូវ​​ហើយ ទោះ​យើង​ទាស់​ក៏​មិនទាន់​ហួសពេល​ដែរ។ គិត​សង្គម ប្រឹងរៀន​!!

No comments:

Post a Comment