Friday, August 14, 2020

ដើមឈើ


ដើមឈើពឹងខ្លួនឯងជាមុន ប្រឹងប្រែងតាំងតែអំពីគ្រាប់ពូជតូចមួយរហូតដល់ធំ រួចហើយទើបបានជាទីពឹង ឲ្យដល់អ្នកដទៃ ។ ធម្មជាតិមនុស្សយើងក៏ដូចគ្នា គឺអាចប្រឹងប្រែងជួយខ្លួនឯង ហ្វឹកហាត់អប់រំទូន្មានខ្លួន រហូតទាល់តែបានដល់នូវសេចក្តីសម្រេច ធ្វើជាទីពឹងនៃខ្លួនឯងបាន រួចហើយក៏បានធ្វើជាទីពឹងឲ្យដល់អ្នកដទៃដូច្នោះដែរ។ មនុស្សនិងសត្វទាំងឡាយ សុទ្ធតែបានទទួលនូវប្រយោជន៍សន្ធឹកសន្ធាប់អំពីដើមឈើ រាប់តាំងតែពីគ្រឿងស្លៀកដណ្តប់ ទីជ្រកនៅអាស្រ័យ ថ្នាំកែរោគ អាហារបរិភោគ រហូតដល់គ្រឿងប្រើប្រាស់ផ្សេងៗ រាប់មុខមិនអស់ ។ មនុស្សយើងកើតមកដើម្បីសាងខ្លួនឲ្យជាប្រយោជន៍ដល់មនុស្សផងគ្នា និងសត្វលោកទាំងឡាយ ។ មនុស្សត្រូវចេះទូន្មានខ្លួន ប្រឹងប្រែងសិក្សាស្រាវជ្រាវ ឲ្យដូចជាឫសឈើចាក់ចុះទៅក្នុងផែនដី ញ៉ាំងដើមឲ្យធំ និងមាំមួនរឹងប៉ឹងល្អ ទ្រាំទ្រចំពោះខ្យល់ ចំពោះកម្តៅថ្ងៃបាន ។ មនុស្សយើងបើមិនរឹងប៉ឹងទេ លុះដល់ធំឡើង ក៏ជាមនុស្សទន់ខ្សោយនឹងដួលរលំបានដោយងាយនៅពេលដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗ គឺជាអ្នកបរាជ័យចាញ់ជីវិតខ្លួនឯង ។ ស្លឹកឈើនៅពេលដែលធំពេញទី ក៏រមែងផ្លាស់ប្តូរពីពណ៌ខៀវបៃតង មកជាពណ៌លឿង ហើយក៏ជ្រុះចុះមកលើផែនដី ត្រឡប់ក្លាយទៅជាជី ។ មនុស្សយើងក៏នឹងដល់នូវភាពមិនទៀងទាត់នៃជីវិត កើត ចាស់ ឈឺ ហើយក៏ស្លាប់ព្រាត់ប្រាសគ្នាទៅ ។ ស្លឹកឈើទុំជ្រុះ ដើម្បីឲ្យស្លឹកថ្មីដុះបន្តយ៉ាងណា មនុស្សយើងកាលបើដល់ពេលហើយ ក៏ត្រូវចាកលោកទៅ ដើម្បីឲ្យមនុស្សកើតមកក្រោយៗបំពេញកិច្ចការ ជាបន្តក៏យ៉ាងនោះដែរ ។ គ្រប់យ៉ាងមានការប្រែប្រួលជានិច្ចឲ្យតែជាសង្ខារធម៌ ។ ដើមឈើទ្រាំនៅហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បីជាម្លប់ដល់មនុស្សសត្វទាំងឡាយ។ មនុស្សយើងពេលខ្លះក៏ត្រូវព្រមលំបាកដែរ ដើម្បីធ្វើជាជម្រកឲ្យដល់អ្នកដទៃ ។ ដើមឈើជាធម្មជាតិ មាននៅឲ្យមនុស្សយើងសិក្សា រៀបចំដំណើរជីវិតឲ្យមានប្រយោជន៍ពិតៗ។

 

គួរមើលដើមឈើជាតួយ៉ាង បានជាភស្តុតាងដាស់តឿនចិត្តដើមឈើទ្រាំក្តៅទ្រាំខ្យល់ពិត ទុកដូចជាមិត្តឲ្យទីជម្រក ៕

 

Cr. អ.គ.ប.ស.វ

No comments:

Post a Comment