ឃ្លាជំនួយសតិ
(ត)
គ្រប់បញ្ហាទាំងឡាយ
សូមឲ្យមានសតិ ភ្លាមៗវាក៏អាចដោះស្រាយចេញបាន ។
គ្រាន់តែយើងមានគំនិតគិតថា
គិតធ្វើល្អ ពោលពាក្យពីរោះពិសា និងធ្វើសកម្មភាពល្អៗ ចំពោះខ្លួនយើង គ្រួសារ
មិត្តភក្ដិ និងសង្គម យើងក៏នឹងចួបរឿងល្អៗចូលមក ហើយជីវិតយើងក៏ចួបសេចក្ដីសុខរឿយៗដែរ ។
អ្វីៗគ្រប់យ៉ាង
តែងតែប្ដូរផ្លាស់ទៅជានិច្ច សូម្បីតែចិត្ត និងជីវិតខ្លួនយើង ។
ទោះបីជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភយ៉ាងណា
កាលបើស្វែងរកសេចក្ដីសុខឲ្យខ្លួនឯងមិនហើយនុ៎ះ តើនឹងមានប្រយោជន៍អ្វី ?
ជីវិតយើងឈរលើកាលវិភាគមិនទៀងទាត់
ដូច្នោះហើយ ចូរប្រើជីវិតមួយនេះដោយការប្រុងប្រយ័ត្ន
មិនមានសេចក្ដីប្រមាទធ្វេសប្រហែសភ្លេចអាត្មា ត្រូវមានសតិដឹងខ្លួនជាប់ជានិច្ច គឺថា
មិនត្រូវឲ្យសេចក្ដីអាក្រក់ចូលមកតាមរយៈកាយ វាចា ចិត្តឡើយ
ត្រូវអនុញ្ញាតឲ្យសេចក្ដីល្អចូលមកដុះក្នុងសន្តានចិត្តយើង តាមរយៈកាយ វាចា
និងចិត្តដូចគ្នា ទើបជីវិតយើងឆ្លងផុតពីបំណុលកម្មពៀរទាំងឡាយបាន ។
មនុស្សយើងគ្រប់គ្នា
សុទ្ធតែស្វែងរកសេចក្ដីសុខ បើបានមកចងសុខនោះលើសអ្នកដទៃ មានប្រៀមជាងអ្នកដទៃ
តែអ្វីដែលមានសុខជាង មានប្រៀបជាងនុ៎ះ គឺធ្វើចិត្តឲ្យត្រជាក់ ធ្វើចិត្តឲ្យស្ងប់ ។
ក្នុងជីវិតរបស់យើង
គ្មានទេរឿងល្អ និងអាក្រក់បំផុត ព្រោះអ្វីគ្រប់យ៉ាង មិនអាចតាំងនៅជានិរន្តរ៍ តែងតែមានការប្រែលប្រួលជាប់ជានិច្ច
ហើយយើងម្នាក់ៗក៏រមែងចួបផលអាក្រក់ច្រើនជាងផលល្អ ។
រាល់បញ្ហាទាំងឡាយដែលនាំឲ្យយើងឈឺក្បាល
ជួនកាលបណ្ដាមកពីកត្តាខ្លួនយើងដែលខ្វល់ខ្វាយវាជ្រុលពេក ដល់ភ្លេចសេចក្ដីសុខខ្លួនឯង ។
រឿងដែលត្រូវគិត
ត្រូវធ្វើជារៀងរាល់ថ្ងៃ គឺព្យាយាមដុសខាត លាងសំអាតវត្ថុសៅហ្មងចិត្ត
ដែលកើតចេញពីមហាមេរោគ លោភលន់ហួសដែលកំណត់ ខឹង ច្រណែន ឈ្នានីស បៀតបៀន ព្យាបាទ
និងភាពវក់វង្វេងមិនដឹងល្អអាក្រក់ចេញ
ហើយព្យាយាមចាក់បំពេញសេចក្ដីល្អឲ្យដុះឡើងក្នុងសន្តានចិត្តយើងឲ្យបានរាល់ថ្ងៃ
ដោយការមានមេត្តាករុណា ចេះសន្ដោសប្រោសប្រណី មានការចែកទាន
ពោលស្ដីពីរោះប្រកបដោយប្រយោជន៍ និងបណ្ដុះប្រាជ្ញា ដោយការស្ដាប់ គិត សាកសួរ និងសង្កេតពិនិត្យកត់ត្រាជាដើម
។ បំណងនេះគឺចង់បើកទ្វារ បើចិត្តទទួលយកនូវសេចក្ដីសុខឲ្យបានច្រើន មិនថា
ក្នុងជីវិតរស់នៅក្ដី ឬទៅលោកខាងមុខក្ដី ។
កុំចង់ឲ្យមនុស្សគ្រប់គ្នាដូចយើង
សូម្បីតែខ្លួនយើងក៏មិនដូចគេដែរ ។
ជ្រើសរើសតាមបែបផែនដែលយើងពេញចិត្តធ្វើ
ហើយវានឹងមានសេចក្ដីសុខ ។
ប្រសិនបើមនុស្សយើងខ្វះសេចក្ដីព្យាយាមហើយនុ៎ះ
ភាពបរាជ័យនឹងរត់ចូលមកជាក់ជាមិនខានឡើយ ៕
No comments:
Post a Comment