ខ្មែរយើងខ្លះមិនទាន់បានបែងចែកឱ្យដាច់ស្រេចរវាងការអប់រំខួរក្បាល
និងការអប់រំហ្វឹកហាត់លត់ដំបេះដូងនៅឡើយទេ។ អ្នកខ្លះកំណត់ត្រឹមថា “ឱ្យតែខួរក្បាលមានចំណេះដឹងជ្រៅជ្រះ
មានការទទួលស្គាល់ចំណេះដឹងជាលក្ខណៈផ្លូវការ គឺចាត់ទុកថាមានការអប់រំល្អហើយ (Well-Educated
Person)”។ ខួរក្បាលមានវិធីអប់រំតាមបែបខួរក្បាល
ហើយបេះដូងមានវិធីអប់រំតាមបែបបេះដូង ដែលយើងហៅថា “ការអប់រំចិត្ត”។
អ្នកដែលមានចំណេះដឹងច្រើនពេក ស្របពេលដែលបេះដូងនៅខ្ចី អាយុនៅក្មេង ការឆ្លងកាត់បទពិសោធជីវិតនៅតិច
គឺត្រូវប្រឈមនឹងចិត្តដែលរំជើបរំជួល។ អ្នកដែលប្រើបេះដូងទោរទន់តាមមនោសញ្ចេតនាច្រើនពេក
ស្របពេលដែលខួរក្បាលខ្វះចំណេះដឹង
គឺអាចត្រូវប្រឈមនឹងការបោកប្រាស់របស់អ្នកមានចំណេះដឹងខ្ពស់ដែលខ្វះនូវគុណធម៌។
មានរឿងនិទានទស្សនវិជ្ជាសាសនាមួយនិយាយអំពីវិជ្ជាគោល
ដែលមនុស្សគួរចេះជាចាំបាច់ និងវិជ្ជាបន្ទាប់បន្សំ។
បុរសអ្នករៀនសូត្រម្នាក់សួរទៅអ្នកចែវទូកថា “តើអ្នកចេះខាងគណិតសាស្ត្រទេ? តើអ្នកចេះខាងភូមិសាស្រ្តទេ?
តើអ្នកចេះខាងវិទ្យាសាស្រ្តទេ?” បុរសអ្នកចែវទូកបានឆ្លើយតបវិញថា
“បាទ ខ្ញុំមិនចេះទេ”។
បុរសអ្នករៀនសូត្រក៏ប្រាប់ថា “បើអ្នកមិនចេះវិជ្ជាទាំងនេះទេ
គឺអ្នកបានខាតបង់អាយុអស់ ៣០%ហើយ”។
និយាយមិនទាន់ចប់សព្វគ្រប់ផង ទូកត្រូវរលកបោកបក់ជិតលិច ហើយបុរសអ្នកចែវទូកបានសួរទៅបុរសអ្នករៀនសូត្រថា
“តើអ្នកចេះហែលទឹកទេ? ពេលនេះទូករបស់យើងនឹងត្រូវលិចកណ្តាលសមុទ្រហើយ”។ បុរសអ្នករៀនសូត្របានឆ្លើយតបថា “ទេ!
ខ្ញុំមិនចេះហែលទឹកទេ”។
បុរសអ្នកចែវទូកបាននិយាយយ៉ាងសង្វេគចិត្តថា “បើអ្នកមិនចេះហែលទឹកទេ
អ៊ីចឹងគឺកម្មធំហើយ ដ្បិតអ្នកនឹងត្រូវខាតជីវិតទាំងអស់
ហើយស្លាប់នៅក្នុងសមុទ្រនេះមិនខាន”។
រឿងនេះ
ខ្ញុំចង់ឆ្លុះបញ្ចាំងពីជីវិតមនុស្សទូទៅ ដែលមិនចេះរស់នៅ រស់នៅដោយគ្មានសិល្បៈ
រស់នៅដោយមានចិត្តខ្វះការរួចរដោះ និងរស់នៅដោយមិនបានអប់រំចិត្ត។ ជីវិតបែបនេះ
បើទោះបីជាមានផែនដីទាំងមូលជាកម្មសិទ្ធិ ឬមានចំណេះដឹងខួរក្បាលកប់ពពក
ក៏ពុំអាចស្វែងរកសុខសុភមង្គលជូនជីវិតខ្លួនឯងបានដែរ។ នៅក្នុងវិជ្ជាទាំងឡាយ
គឺមានវិជ្ជាពីរដែលសំខាន់៖ ទី១. ជាវិជ្ជាចិញ្ចឹមកាយ
ដែលជាវិជ្ជាស្វែងរកអាហារឱ្យរូបរាងកាយ, និងទី២. ជាវិជ្ជាចិញ្ចឹមចិត្ត ដែលជាវិជ្ជាស្វែងរកសុខឱ្យចិត្ត។ ចិត្តនិងកាយនេះ វាពុំមែនជារបស់ពីរដាច់ដោយឡែកពីគ្នាឡើយ។
បុគ្គលដែលមិនចេះចិញ្ចឹមចិត្តស្ងប់និងចិត្តសុខ គឺជាទាសករ។
មាននិទានមួយនិយាយអំពីស្តេចអាឡិចសង់ (Alexander
The GREAT) ដែលបានលើកទ័ពទៅវាយឈ្លានពានឥណ្ឌា។
អាឡិចសង់បានជួបអ្នកបួសម្នាក់នៅកណ្តាលផ្លូវ រួចហើយសួរថា “មើលទៅអ្នកដូចជាសុខណាស់
ស្របពេលដែលអ្នកគ្មានសូម្បីតែសម្លៀកបំពាក់គ្របដណ្តប់កាយ។
តើអ្នកគឺជាទាសករម្នាក់មែនទេ?”
អ្នកបួសបានតបថា
“មិនមែនខ្ញុំទេដែលជាទាសករ
តែអ្នកទៅវិញទេ ទើបជាទាសករពិតប្រាកដ”។
អាឡិចសង់តបវិញដោយទឹកមុខមាំថា “នៅពិភពលោកនេះ
ខ្ញុំបានវាយកាន់កាប់ទឹកដីជាងពាក់កណ្តាលផែនដីទៅហើយ”។ អ្នកបួសតបថា
“អ្នកគឺជាទាសករដែលចេះតែចង់បានមិនចេះចប់មិនចេះហើយ។
អ្នកគឺជាអ្នកខ្វះ អ្នកគឺជាអ្នកសុំទាន។ បើទោះបីជាអ្នកបានផែនដីជាកម្មសិទ្ធិក៏ដោយ
ក៏ចិត្តអ្នកគ្មានសេចក្តីសុខឡើយ។ រីចំពោះខ្ញុំវិញ ទើបជាអធិរាជដ៏ពិតប្រាកដ។
ខ្ញុំរស់នៅក្នុងនាមជាអ្នករួចរដោះចិត្ត។ អ្វីៗក៏ខ្ញុំមានដែរ
ពីព្រោះចិត្តខ្ញុំគ្រប់ហើយ”។ រហូតដល់ថ្ងៃចុងក្រោយ
ស្តេចអាឡិចសង់ត្រូវស្លាប់ ស្របពេលដែលមិនទាន់វាយបានផែនដីទាំងមូលផង។
យុវជនខ្មែរខ្លះចិត្តនៅខ្សោយ ចិត្តនៅឃោរឃៅ ចិត្តមានគុំនំចង់សងសឹក
ចិត្តខ្វះគោលការណ៍អនុគ្រោះ ចិត្តនៅមានអស្មិមានះ ចិត្តនៅខ្វះការសង្រួម និងចិត្តនៅឈឺចាប់នឹងរឿងតូចតាច។
ចិត្តឈឺចាប់ទាំងនេះ គឺមិនមែនដោយសារតែខួរក្បាលខ្វះការអប់រំទេ
តែដោយសារតែចិត្តខ្វះការអប់រំ និងចិត្តគ្មានការលត់ដំ។
រឿងឈឺចាប់ខ្លះ
រឿងខឹងសម្បារខ្លះ រឿងអាក់អន់ចិត្តខ្លះ រឿងសងសឹកខ្លះ
គឺអ្នកខ្លះអាចប្រើចំណេះដឹងដើម្បីអត់ទ្រាំបាន អត់ធ្មត់បាន និងខាំមាត់សង្កត់ចិត្តបាន
តែកាលណាបើនិយាយពាក្យថា “ទ្រាំអត់ធ្មត់ ខាំមាត់
សង្កត់ចិត្ត” គឺសុទ្ធតែរឿងដែលប្រឹងធ្វើទេ
ហើយក៏មិនមែនជាលក្ខណធម្មជាតិដែរ។ អ្នកដែលរួចផុតពីការជាប់ជំពាក់អវិជ្ជា
គឺឱ្យអ្វីៗធ្វើដំណើរទៅតាមលក្ខណធម្មជាតិ ដោយពុំចាំបាច់ប្រឹងហួសហេតុ
ទទួលយកគ្រប់យ៉ាងដោយគ្មានលក្ខខណ្ឌ និងចេះរស់នៅពេញចិត្តនឹងរបស់តិចតួច។
អ្នកដែលមានចិត្តរួចរដោះ បើមានការប្រឹងប្រែង
គឺឆាប់ជោគជ័យជាងអ្នកដែលមានចិត្តជាប់ជំពាក់។ អ្នកមានចិត្តរួចរដោះ បើចង់បានអ្វី
ក៏នឹងបានដូចចិត្តប្រាថ្នា ដ្បិតចិត្តគឺជាចិត្តមិនរំជើប ចិត្តមិនងាយតក់ស្លុត
ចិត្តដែលមានសតិដឹង និងចិត្តដែលស្ងប់ល្អ។ បើទោះបីជាចេះអ្វីៗច្រើនយ៉ាងណាក៏ដោយ
តែបើមិនចេះធ្វើឱ្យចិត្តសុខទេ គឺទុក្ខធំហើយ។ ចិត្តបែបនេះមានអំណាចខ្លាំងណាស់។
បុគ្គលណាដែលមានចិត្តស្ថិតក្នុងកម្រិតនេះ
គឺជាបុគ្គលខ្លាំងដែលអាចសម្រេចកិច្ចការធំបាន៕
No comments:
Post a Comment