Saturday, September 7, 2019

សម្លនិងវែក



មិត្តល្អនាំចម្រើន ហើយមិត្តមិនល្អនាំវិនាស។ កត្តាដែលនាំឱ្យយើងជោគជ័យនិងនាំឱ្យយើងសុខក្នុងជីវិត គឺវាអាស្រ័យទៅលើករឿងពីរយ៉ាង៖ ទី១. តើយើងជានរណា ហើយយើងស្គាល់ខ្លួនឯងច្បាស់ប៉ុនណា, ទី២. តើបុគ្គលដែលយើងរាប់អានជាមនុស្សប្រភេទណា។ អ្នកខ្លះជាមនុស្សល្អ តែមិនដឹងថាខ្លួនជាមនុស្សល្អទេ។ អ្នកខ្លះជាមនុស្សមានសមត្ថភាព តែមិនដឹងថាខ្លួនមានសមត្ថភាពទេ។ នេះជាវិបត្តិនៃការវង្វេងមិនស្គាល់ខ្លួនឯង។

រីចំណែកអ្នកខ្លះទៀត បានរាប់អានមនុស្សល្អ និងមនុស្សមានសមត្ថភាព តែបែរជាមិនដឹងថានៅក្បែរខ្លួនមានមាសពេជ្រកាត់ថ្លៃពុំបាន។ មនុស្សយើងឱ្យតែមានលក្ខណៈមិនស្គាល់ខ្លួនឯងច្បាស់ផង និងមិនស្គាល់មនុស្សមានសមត្ថភាពដែលខ្លួនរាប់អានផង គឺកម្រនឹងធ្វើឱ្យជីវិតដើរទៅមុខណាស់។ នេះមិនខុសពីទ្រឹស្តីពុទ្ធនិយមដែលបានលើកឡើងថា បើទោះបីជាបុគ្គលល្ងង់បានរាប់អានមនុស្សឆ្លាតពេញមួយជីវិតក៏ដោយ ក៏ពុំអាចទទួលប្រយោជន៍នៃសេចក្តីពិតបានដែរ ប្រៀបដូចជាវែកសម្លដែលនៅជាមួយនឹងឆ្នាំង តែពុំស្គាល់រសជាតិសម្លអ៊ីចឹងដែរ

មិត្តល្អ មិត្តមានបញ្ញា មិត្តមានមេត្តា មិត្តមានគុណធម៌ គឺពិបាកស្វែងរកខ្លាំងណាស់។ មិត្តខ្លះរាប់អានយើងតែពេលណាដែលយើងរីកចម្រើន។ មិត្តខ្លះទៀត រាប់អានយើងតែនៅពេលណាដែលយើងមានទុក្ខ។ មិត្តខ្លះទៀត ដើរកាត់ព្យុះភ្លៀងជាមួយយើងគ្រប់ពេល មិនថាពេលសុខ ឬមិនថាពេលសប្បាយទេ។ ទំនាក់ទំនងល្អ វាប្រៀបដូចជាផ្កាដែលដុះនៅលើដី ដ្បិតយើងត្រូវចេះស្រោចទឹក ដាក់ជី ថែរក្សាជានិច្ច ទើបវាគង់វង្ស និងរស់រានបានយូរអង្វែង

មានមិត្តល្អម្នាក់ ប្រៀបដូចជាមានមាសពេជ្រមួយកប៉ាល់។ មានមិត្តមានបញ្ញាម្នាក់ ប្រៀបដូចជាមានបណ្ណាល័យនិងអ្នកប្រាជ្ញម្នាក់នៅក្បែរខ្លួន។ មានមិត្តមានមេត្តាធម៌ម្នាក់ គឺប្រៀបដូចជាមានភួយដណ្តប់ដ៏កក់ក្តៅមួយអ៊ីចឹង។ យើងថាជីវិតវែងក៏បាន ឬបើថាជីវិតខ្លីក៏បាន តែត្រូវសួរថាតើយើងនឹងរស់នៅលើផែនដីនេះជារៀងរហូតទេ? តម្លៃនៃមនោសញ្ចេតនានិងក្តីស្រឡាញ់ គឺធំធេងខ្លាំងណាស់។ បើគ្មានមិត្តល្អ ឬគ្មានមិត្តមានបញ្ញាទេ គឺយើងត្រូវយកសៀវភៅធ្វើជាមិត្ត ពីព្រោះសៀវភៅវានឹងប្រាប់យើងពីរបៀបសង្គ្រោះជីវិតពេលមានទុក្ខ ផ្តល់ចំណេះដឹងឱ្យយើង និងប្រឹក្សានឹងយើងបានគ្រប់ពេល

“If a fool be associated with a wise man even all his life, he does not perceive the truth even as a spoon does not perceive the taste of soup.” – Buddha

No comments:

Post a Comment