ប្ដីប្រពន្ធឈ្លោះគ្នាគឺជារឿងមួយ
ស្រែកជេរគ្នា ហែកកេរ្ដិ៍ប្ដីប្រពន្ធឯងបង្ហាញមហាជនដើម្បីឈ្នះ ជាកំហុសធំ ។ យើងពុំអាចមើលឃើញអ្វីនៅភពងងឹតទេ
ក៏មិនអាចទទួលបានអ្វីពីចិត្ដអវិជ្ជាដែរ ។ ពន្លឺតែងតែបំភ្លឺទីងងឹត
ទឹកអាចពន្លត់ភ្លើងបាន ប៉ុន្ដែមនុស្សជាច្រើនបានប្រើចិត្តភ្លើង ទៅប្រឆាំងចិត្ដភ្លើង
ប្រើភាពងងឹតងងុលអវិជ្ជា ទៅតតាំងគ្នាទៅវិញទៅមក ។ គ្មាននរណាចង់ឈ្លោះគ្នាទេ
តែបើម្ខាងឆេះ ហើយម្ខាងទៀតដុតបន្ថែម គឺមានតែធ្វើឱ្យរឿងកាន់តែធំ ។
ពេលខ្លះរឿងតូចតាចទេ
អាចនិយាយគ្នាស្ងាត់ៗបាន ប៉ុន្ដែមនុស្សខ្លះបែរជាស្រែកឡូឡាក្ដុងក្ដាំង
ផ្អើលគេផ្អើលឯង ។ ខ្មាសគេទេ ដែលហែកកេរ្ដិ៍គ្រួសារឯងបង្ហាញគេ ? តើមានមនុស្សប៉ុន្មាននាក់ដែលចាំសើចចំអកយើង
ពេលយើងឈ្លោះគ្នា ? តើឈឺទេ ប្រសិនបើគេនិយាយស្ងាត់ៗថា "
ប្ដីប្រពន្ធនេះខាំតែគ្នា!! " ? យើងពុំចាំបាច់អ្វីដែលត្រូវដណ្ដើមជ័យជម្នះក្នុងរង្វង់គ្រួសារឯងទេ
ក៏ពុំចាំបាច់អ្វីដែលត្រូវស្រែកឡូឡាក្ដុងក្ដាំងផ្អើលគេផ្អើលឯងដែរ ព្រោះវាខ្មាសគេ ។
រឿងណាដែលអាចនិយាយស្ងាត់ៗបាន គួរតែស្ងាត់ទៅ តែបើស្ងាត់មិនបានទេ យើងអាចរកវិធីផ្សេងបាន
។ ជីវិតគ្រួសារនឹងមិនគង់វង្សទេ បើម្នាក់ប្រឹងសាង ម្នាក់ទៀតប្រឹងបំផ្លាញ ។
ជីវិតប្ដីប្រពន្ធនឹងមិនបានយូរទេ បើព្រឹកឈ្លោះល្ងាចឈ្លោះ ។
សុភមង្គលក្នុងគ្រួសារនឹងមិនមានច្រើនទេ បើយើងនៅតែចូលចិត្ដយកកំហឹងដាក់មុខ ។
យើងនឹងមិនអាចបានសុខទេ បើយើងនៅមានចរិតកូនក្មេង ។
បើយើងមិនអង្គុយនិយាយគ្នាដោយស្ងៀមស្ងាត់
យើងនៅតែស្ដាប់ហេតុផលគ្នាមិនបាន ។ បើម្នាក់ធ្វើខុស ហើយយើងមិនអាចណែនាំគ្នាដោយស្ងាត់ៗ
តែបែរជាបង្ករជម្លោះឡូឡា នោះយើងនឹងក្លាយជាចំណែកនៃកំហុសនោះដែរ ។
បើយើងមិនអាចកែប្រែនរណាម្នាក់មកតម្រូវចិត្ដយើងបានទេ ឬមិនអាចលើកលែងបានទេ នោះយើងគួរតែរស់នៅម្នាក់ឯងវិញល្អជាង
។ រស់ម្នាក់ឯង យើងលែងទើសអ្នកណាទៀតហើយ ព្រោះបើចង់បានសេរីភាព លុះត្រាតែកុំមានគ្រួសារ
គ្មានគ្រួសារណាដែលមិនចេះឈ្លោះគ្នាទេ សំខាន់ត្រូវចេះមេត្ដា ចេះអត់ឱន
ចេះលើកលែងឱ្យគ្នាខ្លះ ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment