Wednesday, September 4, 2019

ច្បាប់នៃភាពតែមួយ



គ្រប់យ៉ាងក្នុងលោក គឺមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ ហើយគ្រប់យ៉ាងតែងមានភាពសំខាន់ពិសេសដាច់ដោយឡែករៀងៗខ្លួន។ គ្មានអ្វីមួយសំខាន់ជាងអ្វីមួយ ហើយក៏គ្មានអ្វីមួយដែលអន់ជាងអ្វីមួយដែរ។ អ្នកខ្លះយល់ថាក្នុងខ្លួន ដៃសំខាន់ជាងជើង, ឬជើងសំខាន់ជាងភ្នែក, ឬភ្នែកសំខាន់ជាងទ្រូង, ឬទ្រូងសំខាន់ជាងមាត់, ឬអ្វីមួយសំខាន់ជាងអ្វីមួយ។ល។ ប៉ុន្តែតាមពិតទៅ គ្រប់យ៉ាងត្រូវការគ្នាទៅវិញទៅមកនិងមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ឡានសំខាន់ តែបើអត់សាំង ក៏មិនអាចដំណើរការបានដែរ។ សាំងសំខាន់ តែបើអត់មានកង់ឡាន ក៏មិនអាចទៅមុខបានដែរ។ ឡានសំខាន់ តែបើអត់មានអ្នកបើកបរ ក៏មិនល្អដែរ។ នេះហើយដែលហៅថា ច្បាប់នៃភាពតែមួយ ឬ The Law of Oneness” ក្នុងចក្រវាល ។

រីឯចំពោះលក្ខណៈមនុស្សក៏អ៊ីចឹងដែរ ដ្បិតដោយសារតែភាពតែមួយនេះហើយ ទើបបានធ្វើឱ្យគ្រប់យ៉ាងមានរូប មានរាង មានទម្រង់ពេញលក្ខណៈត្រឹមត្រូវ។ មនុស្សត្រូវមានដៃមានជើង មានភ្នែកមានច្រមុះ មានមាត់មានអណ្តាត មានបេះដូងមានខួរក្បាល និងអ្វីៗផ្សេងជាច្រើនត្រូវបញ្ចូលគ្នា ទើបអាចហៅថាជាមនុស្សបាន។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានអានសៀវភៅ មិលិន្ទប្បញ្ហា - Milindapañha: The Questions of King Milinda” ដែលជាការសន្ទនាសួរចោទឆ្លើយរបស់ព្រះចៅមិលិន្ទនិងព្រះនាគសេនអំពី តើអ្វីទៅជានាគសេន?” ព្រះចៅមិលិន្ទចោទសួរដេញថា “[...] សរសៃសក់ឬជានាគសេន?, រោមឬជានាគសេន?, ក្រចក ធ្មេញ ស្បែក សាច់ ឆ្អឹង ខួរក្បាល ប្រមាត់....ឬជានាគសេន?” ត្រង់ខ្លឹមសារនៃការសន្ទនារនេះគ្រាន់តែចង់បង្ហាញថា នាគសេន គឺគ្មានបុគ្គលទេ ឬមិនតំណាងឱ្យអ្វីដែលព្រះចៅមិលិន្ទចោទសួរឡើយ ដ្បិតនាគសេនគ្រាន់តែជាឈ្មោះតំណាង ហើយនាគសែនត្រូវផ្គុំឡើងដោយអ្វីៗផ្សេងជាច្រើនដូចជាដៃជើង ក្បាល បេះដូង ច្រមុះ...ដែលជារូបរាងកាយនិងវិញ្ញាណ។

នេះជាកម្រិតនៃការស្គាល់ខ្លួនឯងថ្នាក់រូបរាងខាងក្រៅឬសម្បកកាយនេះ។ ប៉ុន្តែបើនិយាយក្នុងលក្ខខណ្ឌបុគ្គលសាកល គឺមនុស្សគ្រប់ៗរូបមានលក្ខណៈដូចគ្នា និងមានអំណាចឥទ្ធិពលដូចគ្នា តែអ្វីដែលសំខាន់តើយើងរាល់គ្នាបានស្គាល់ខ្លួនឯងដល់ថ្នាក់ស៊ីជម្រៅបំផុតហើយឬនៅ? នៅក្នុងរឿងទេវកថា រាមកេរ្តិ៍ឥណ្ឌា ឬ Ramayana” មានឈុតមួយដែលព្រះរាម (Rama) បានចោទជាសំនួរសួរទៅហនុមាន (Hanuman) ក្នុងគ្រាជួបដំបូងថា តើអ្នកជាអ្វី? អ្នកគឺជាស្វា ឬក៏ជាមនុស្ស?” ហនុមានបានឱនក្បាលគោរពព្រះរាម រួចតបវិញថា នៅពេលណាដែលខ្ញុំមិនស្គាល់ថាខ្លួនខ្ញុំជានរណា គឺខ្ញុំគឺជាបាវបម្រើរបស់អ្នក។ ប៉ុន្តែនៅពេលណាដែលខ្ញុំស្គាល់ខ្លួនឯងពិតប្រាកដដល់ថ្នាក់ស៊ីជម្រៅហើយ ខ្ញុំនិងអ្នកគឺតែមួយ។ នេះជាលក្ខណៈសាកលដែលមានក្នុងខ្លួនមនុស្សម្នាក់ៗ។ តួបុគ្គលសាកលនេះ គឺបានលាក់ខ្លួនពួនសំងំអាត្មាក្នុងសម្បកកាយមនុស្សនេះជាយូរយារណាស់មកហើយ។

ខ្ញុំជឿថាអ្នកខ្លះប្រហែលជាធ្លាប់ឮនូវឃ្លាមួយដែលថា ចូរកុំធ្វើនូវទង្វើណាដែលអ្នកមិនចង់ប្រាថ្នាឱ្យអ្នកដទៃធ្វើមកលើអ្នក។ បើនិយាយពីប្រយោគមួយឃ្លានេះ វាពុំមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ ខុង ជឺ, ឡៅ ជឺ, ព្រះពុទ្ធ, ព្រះយេស៊ូ, ព្រះអាឡាស់, សូក្រាត, អារីស្តូត....ឬបុគ្គលត្រាស់ដឹងណាម្នាក់ឡើយ ដ្បិតនេះជាច្បាប់ធម្មជាតិនិងច្បាប់សាកល។ អ្នកសិក្សាក្នុងកម្រិតធម្មតានឹងចាត់ទុកឃ្លានៃការបង្រៀនេះថាមានម្ចាស់ ឬជាកម្មសិទ្ធិរបស់អ្នកប្រាជ្ញនេះឬអ្នកប្រាជ្ញនោះ។ នេះជាច្បាប់នៃភាពតែមួយ។ ពាក្យខ្មែរថា ឈឺជើងធាត់ ឈឺមាត់ស្គម។ ឃ្លានេះមានន័យថាបើមាត់ឈឺ គឺនឹងពុំអាចហូបចុកអាហារចូលមាត់បានទេ។ ពេលណាដែលអាហារមិនបានចូលមាត់ វានឹងប៉ះពាល់រូបរាងកាយដែលជាហេតុធ្វើឱ្យរាងកាយស្គមស្គាំង។ រឿងទាំងនេះហើយដែលហៅថាគ្រប់យ៉ាង វាតែងមានសម្ពន្ធនឹងគ្នាមិនអាចកាត់ផ្តាច់បានឡើយ។

ខ្ញុំសូមបន្ថែមច្បាប់សាកលមួយទៀតដែលវាមានខ្លឹមសារទាក់ទងគ្នានឹងច្បាប់នៃភាពតែមួយ។ វេលាថ្ងៃមួយ មានសត្វកណ្តុរឃើញអង្គុប ក៏ទៅប្រាប់សត្វមាន់ ហើយមាន់ក៏តបវិញថា អង្គុបនេះសម្រាប់តែចាប់លោកកណ្តុរឯងទេ អ៊ីចឹងគ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ។ បន្ទាប់មកទៀត សត្វកណ្តុរក៏បានទៅប្រាប់សត្វជ្រូក ហើយជ្រូកក៏តបវិញថា អង្គុបនេះសម្រាប់តែចាប់លោកកណ្តុរឯងទេ អ៊ីចឹងគ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ។ បន្ទាប់មកទៀត សត្វកណ្តុរក៏ទៅប្រាប់សត្វគោ ហើយគោក៏ប្រាប់វិញថា អង្គុបនេះសម្រាប់តែចាប់លោកកណ្តុរឯងទេ អ៊ីចឹងគ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ។ យប់មួយអង្គុបក៏បានជាប់កន្ទុយពស់វែក ហើយម្ចាស់ផ្ទះដើរទៅមើលដោយមិនប្រយ័ត្ន ក៏ត្រូវពស់ចឹក។ ប្តីបានយកប្រពន្ធទៅពេទ្យ។ អាការៈមិនធូរស្បើយ ក៏មានអ្នកភូមិសម្លាប់មាន់ធ្វើស៊ុបដើម្បីទៅសួរសុខទុក្ខ។ អ្នកជិតខាងខ្លះគ្មានមាន់ ក៏កាប់ជ្រូក។ ចុងក្រោយ អ្នកជំងឺបានស្លាប់ ហើយក្នុងពិធីបុណ្យសព ក៏មានការកាប់គោផងដែរ។ ការយល់ដឹងពីច្បាប់នេះ វានឹងធ្វើឱ្យមនុស្សចេះស្រឡាញ់អ្វីៗគ្រប់យ៉ាង មិនថាជាមនុស្ស ជាសត្វ ធម្មជាតិ ដូចស្រឡាញ់ខ្លួនឯង។ ខ្ញុំសូមចប់ត្រឹមនេះសិន ហើយសូមពិចារណាតាមការគួរចុះ៕

No comments:

Post a Comment