មូលដ្ឋានគ្រឹះដែលនាំឱ្យមានការបែកបាក់នៅគ្រប់ច្រកល្ហកនៃសង្គម
គឺដោយសារតែមនុស្សបែកបាក់ជាមួយខ្លួនឯង។ មូលហេតុដែលមនុស្សបែកបាក់ជាមួយខ្លួនឯង គឺដោយសារតែវង្វេង
ដូចជាដៃមិនស្គាល់ជើង ភ្លើងមិនស្គាល់ឱស ភ្នែកមិនស្គាល់ច្រមុះ ខ្លួនមិនស្គាល់ចិត្ត
ក្បាលមិនស្គាល់បេះដូង។ ភាពតែមួយនៃរូបរាងកាយត្រូវបែកបាក់គ្នាចេញជាចម្រៀកៗ
ប្រៀបដូចជាពូជសាសន៍មួយដែលកើតចេញពីឈាមតែមួយ លែងស្គាល់បងប្អូនឯងអ៊ីចឹង។
លក្ខណៈនៃមនុស្សមិនស្គាល់ខ្លួនឯង
គឺចូលចិត្តយកមុខមាត់ ចូលចិត្តឱ្យអ្នកដទៃសរសើរ ខឹងពេលអ្នកដទៃរិះគន់
ជាន់ពេលមានអំណាចលើអ្នកដទៃ។ល។ ប៉ុន្តែសម្រាប់លក្ខណៈបុគ្គលដែលស្គាល់ខ្លួនឯងច្បាស់
និងមិនបែកបាក់ជាមួយខ្លួនឯង គឺបើមានអ្នកដទៃសរសើរ ហាមាត់និយាយអរគុណក្នុងន័យគួរសម្យ
ឬបើមានអ្នកដទៃបង្អាប់ ពិចារណាលើខ្លួនឯងម្តងទៀតតាមដែលអាចទៅរួច។
ចុះអ្វីជាលក្ខណៈបែកបាក់របស់សង្គម?
ការបែកបាក់សង្គម
គឺចាប់ផ្តើមពីការចែកបក្សចែកពួកគ្នា។ ការគាំទ្រ គឺគាំទ្របក្ស គាំទ្រក្រុម
ដោយមិនខ្វល់ថាក្រុមខ្លួនខុសឬត្រូវ និងល្អឬអាក្រក់ទេ។ អ្នកធ្វើរឿងត្រឹមត្រូវ
បើគ្មានបក្ស គឺគ្មានអ្នកគាំទ្រ។ អ្នកឈរខាងសច្ចភាព ឈរខាងការពិត បើគ្មានបក្ស
គឺប្រឈមនឹងគ្រោះថ្នាក់។ បង្កើតក្រុម ផ្តុំឱ្យមានការគាំទ្រ រហូតដល់មានបញ្ហាទាស់ទែង
ហៅបក្សហៅពួកឱ្យជួយទាំងទទឹងទិស។ តើអ្នកណាបែកបាក់ជាមួយអ្នកណា? អ្នកនិពន្ធបែកបាក់តាមបែបអ្នកនិពន្ធ។
អ្នកសាសនាបែកបាក់តាមបែបអ្នកសាសនា។ អ្នកសារព័ត៌មានបែកបាក់តាមបែបអ្នកសារព័ត៌មាន។
អ្នកនយោបាយបែកបាក់តាមបែបអ្នកនយោបាយ។ អ្នកសិក្សាបែកបាក់តាមបែបអ្នកសិក្សា។
សិស្សរួមថ្នាក់បែកបាក់តាមបែបសិស្សរួមថ្នាក់។ និស្សិតបែកបាក់តាមបែបនិស្សិត។ល។ ចំណេះដឹងច្រើន
នាំឱ្យមានអំនួតខ្ពស់។ សញ្ញាបត្រខ្ពស់ នាំឱ្យមើលអ្នកតូចមិនឃើញ។ បើមានចំណេះដឹង
មានសញ្ញាបត្រខ្ពស់ មានស្នាដៃច្រើន គឺមានចិត្តចង់ឱ្យតែអ្នកដទៃលំទោនហួសហេតុ។
រីចំពោះចិត្តវិញ
ប្រៀបដូចជាចិត្តថ្លុកក្របីដេក គឺតូចមហាសែនតូច មិនដូចអ្នកមានចិត្តជាមហាសមុទ្រ។ ចិត្តតូចធ្វើការងារធំមិនកើតទេ
ហើយចិត្តចង្អៀតនេះទៀតសោត ក៏ធ្វើបានតែការងារតូចដែរ។ ចិត្តឆាប់ខឹង ចិត្តឆាប់អាក់អន់
ចិត្តឆាប់ជោរ និងចិត្តរំជើប គឺធ្វើការបង្រួមមនុស្សលំបាកណាស់។ និយាយដោយខ្លី
បើកាន់តែចេះ កាន់តែក្រអើតក្រទម។ កាន់តែក្រអើតក្រទម កាន់តែបែកបាក់។ អ្នកចេះមានអំនួត
ដោយមិនចេះគោរពអ្នកចេះដឹងដែលមានគុណធម៌ខ្ពស់ជាងខ្លួន។ រីឯអ្នកល្ងង់មិនចេះគោរពអ្នកចេះដែលមានចំណេះដឹង។
គ្រប់គ្នាប្រើទស្សនៈថា “ខ្ញុំមិនទៅសុំបាយអ្នកឯងហូបទេ”។ អ្នកចេះមិនចេះដាក់ខ្លួន
ដូចក្រមួនដែលត្រូវថ្ងៃ។ អ្នកខ្លះវិញ ឱ្យតម្លៃហួសនូវវប្បធម៌បរទេស
តែមិនដឹងថាអ្វីទៅជាទស្សនវិជ្ជាខ្មែរ? អ្វីដែលជាឫសគល់ខ្លួន ស្របពេលដែលប្រទេសដទៃលើកតម្កើងដូនតាខ្មែរ? តើប្រវត្តិខ្មែរមានលក្ខណៈខ្លាំងខ្សោយកន្លែងណាខ្លះ?
តើហេតុអ្វីខ្ញុំដឹងរឿងនេះ? មូលហេតុ
គឺខ្ញុំទៅណាមកណាដោយប្រើសម្រៀកបំពាក់ជាអ្នកស្រែគ្រប់ពេលវេលា
និងនិយាយស្តីក្នុងនាមរាស្រ្តសាមញ្ញ។
ខ្ញុំដឹងថាវប្បធម៌សង្គមឱ្យតម្លៃមនុស្សក្នុងលក្ខខណ្ឌណា។ គិតចុះគិតឡើង
ទើបទទួលស្គាល់យ៉ាងច្បាស់ថា “អ្នកដែលគេចផុតពីវប្បធម៌អវិជ្ជមានបែបនេះ
និងអាចរស់នៅហួសនឹងរបៀបសង្គមខ្លះ គឺវាលំបាកណាស់”។
វីធីដោះស្រាយខ្លះៗ គឺលុះត្រាណាមនុស្សឱ្យតម្លៃមនុស្សក្នុងនាមជាមនុស្ស, គោរពមនុស្សក្នុងនាមជាមនុស្ស, គោរពអ្នកមានចំណេះដឹងដែលបំពាក់ទៅដោយសុរិតភាពក្នុងខ្លួន,
បើកចិត្តឱ្យទូលាយស្តាប់ច្រើន....។ អ្នកល្ងង់ត្រូវគោរពអ្នកចេះដឹង
ដែលមានទាំងចំណេះដឹងនិងមានទាំងគុណធម៌។ អ្នកមានចំណេះដឹងដូចគ្នា គឺត្រូវគោរពអ្នកដែលមានចំណេះដឹងដែលមានគុណធម៌ខ្ពស់ជាងខ្លួន។
បើចំណេះដឹងធំជាងគុណធម៌ គឺចំណេះដឹងនឹងសម្លាប់យើង។ បើអំណាចធំជាងសមត្ថភាព
គឺអំណាចនឹងសម្លាប់យើង។ បើចេះយុទ្ធសាស្រ្តខ្លាំងដោយខ្វះនូវគោលការណ៍គុណធម៌
ឬគោលការណ៍គិតប្រយោជន៍រួម គឺយើងនឹងយកយុទ្ធសាស្រ្តទៅប្រើការណ៍ក្នុងផ្លូវមិនល្អជាមិនខាន៕
Cr. Lam Lim
No comments:
Post a Comment