Sunday, September 8, 2019

ក្ដីសុខគឺជាការលះបង់



[... ជីវិត! គឺជាជង្រុកនៃតម្រូវការ... ] យើងត្រូវការក្ដីស្រឡាញ់ យើងត្រូវការកម្លាំងចិត្ដ យើងត្រូវការក្ដីសុខ យើងត្រូវការមិត្រភាព យើងត្រូវការសន្ដិភាព យើងត្រូវការការរស់នៅល្អប្រសើរ ប៉ុន្ដែតម្រូវការទាំងនោះវាតែងតែទាមទារការលះបង់ពីយើង ហើយមានតែការលះបង់ទេទើបយើងអាចទទួលបាននូវអ្វីដែលយើងចង់បាន ។ ចក្រវាឡបានបង្រៀនយើងថា " អ្វីមួយដែលយើងបានផ្ដល់ចេញទៅ វានឹងត្រឡប់មករកយើងវិញនៅថ្ងៃណាមួយមិនខាន បើយើងលះបង់ក្ដីស្រឡាញ់ចេញទៅ ក្ដីស្រឡាញ់នឹងត្រឡប់មកវិញ បើយើងលះបង់ស្នាមញញឹមទៅលើនរណាម្នាក់ ស្នាមញញឹមនោះនឹងត្រឡប់មករកយើងវិញ បើយើងលះបង់ភាពក្ដៅក្រហាយចេញទៅ សភាវៈចិត្ដនោះនឹងត្រឡប់មករកយើងវិញដូចគ្នា ហើយអ្វីដែលយើងមិនបានលះបង់ចេញទៅ គឺជាអ្វីដែលយើងមិនអាចបានទទួល "

ដ្បិតការលះបង់ខ្លះធ្វើឱ្យយើងឈឺចាប់ ប៉ុន្ដែការលះបង់នៅតែមានតម្លៃ ។ យើងពុំគួរស្ដាយក្រោយនូវសេចក្ដីល្អដែលយើងបានសាងទេ ទោះពេលខ្លះធ្វើល្អលើមនុស្សខុសក៏ដោយ ។ មិនថាមនុស្សល្អឬមនុស្សអាក្រក់ទេ គ្រប់មនុស្សដែលដើរចូលក្នុងជីវិតយើង សុទ្ធតែជាចំណែកនៃមេរៀនជីវិតរបស់យើង ។ មនុស្សអាក្រក់ ផ្ដល់ឱ្យយើងនូវបទពិសោធ ។ មនុស្សល្អ ផ្ដល់ឱ្យយើងនូវទំនុកចិត្ត និងក្ដីស្រឡាញ់ ។ ដំណើរជីវិត ផ្ដល់ឱ្យយើងនូវមេរៀន និងការចងចាំ

មិនសំខាន់ថាយើងមានមិត្តច្រើនប៉ុនណាទេ សំខាន់តើមានមិត្តល្អប៉ុន្មាននាក់ ? មិនសំខាន់មានមិត្តច្រើនទេ សំខាន់មានមិត្តម្នាក់ដែលអាចប្រឹក្សា និងស្ដាប់ពាក្យក្នុងចិត្តគ្នាទៅវិញទៅមក ។ មិនសំខាន់មានមិត្តច្រើនទេ សំខាន់មានមិត្តភក្ដិដែលចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក ។ ក៏មិនសំខាន់ដំណើរជីវិតជួបមនុស្សបែបណាខ្លះទេ សំខាន់តើមនុស្សដែលយើងស្គាល់បានបន្សល់អ្វីខ្លះសម្រាប់ថ្ងៃក្រោយ និងការចងចាំរបស់យើង ៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment