Thursday, September 5, 2019

ទស្សនៈនៃការគិតសង្គម



អ្នកសាសនាយល់ថា កាលណាបើបានបង្រៀនមនុស្សឱ្យមានសេចក្តីស្ងប់ហើយ គឺសង្គមនឹងបានសុខ។ អ្នកជំនួញយល់ថា បើកាលណាមនុស្សចេះរកស៊ី មានលុយច្រើនហើយ គឺសង្គមនឹងរីកចម្រើន។ គ្រូបង្រៀនយល់ថា បើកាលណាអប់រំមនុស្សឱ្យមានចំណេះដឹងល្អ គឺសង្គមនឹងអភិវឌ្ឍហើយ។ អ្នកជំនាន់មុន សម័យសង្គមចាស់ ស្ថិតក្នុងទស្សនៈចាស់គំរិលយល់ថា រឿងជាតិនេះ លោកអ្នកធំ ចេះគិតជាងយើងអ្នកតូចតាចណាស់ ហើយកុំទៅខ្វល់ធ្វើអី ដ្បិតគិតតែប្រឹងដើម្បីឱ្យតែខ្លួនឯងមានបានទៅបានហើយ

កាតព្វកិច្ចជួយជាតិ គឺជាការចូលរួមរបស់ជនគ្រប់រូប ដ្បិតសង្គមមួយ គឺពុំមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ជនណាម្នាក់ទេ។ លើសពីនេះ គ្មានវិស័យណាមួយសំខាន់ជាងវិស័យណាទេ​ ដ្បិតគ្រប់វិស័យ គឺត្រូវអាស្រ័យគ្នាទៅវិញទៅមក ប្រៀបដូចជាដៃត្រូវការជើង ជើងត្រូវការភ្នែក...។ ក្នុងនាមជាអ្នកសាសនា គឺត្រូវបង្រៀនមនុស្សឱ្យស្ងប់ពិត។ ក្នុងនាមជាអ្នករកស៊ី គឺត្រូវបង្រៀនយុវជនឱ្យចេះរកស៊ីដោយសុចរិត ដឹងហេតុផល កុំងប់ងល់ចង់បានទ្រព្យដោយខ្វះនូវសីលធម៌។ ក្នុងនាមជាគ្រូបង្រៀន គឺត្រូវបង្រៀនចំណេះដឹងឱ្យត្រូវ និងបណ្តុះស្មារតីសង្គម ព្រមទាំងបំពាក់ឱ្យសិស្សនូវសីលធម៌។

ក្នុងនាមជាអ្នកនយោបាយ សូមកុំធ្វើនយោបាយឱ្យយុវជនស្អប់គ្នា រើសអើងគ្នា និងប្រកាន់បក្សពួកគ្នា ជាពិសេសកុំបំពាក់នូវមនោគមវិជ្ជានយោបាយជ្រុលនិយមដល់យុវជន ដល់អ្នកដែលគ្នាខ្សោយការគិត និងដល់មនុស្សដែលស្ថិតក្នុងសម្ពាធចិញ្ចឹមគ្រួសារ។ ក្នុងនាមជាអ្នកជំនាន់មុន កុំយល់ថាយុវជនជំនាន់នេះគិតដូចខ្លួន កុំបង្ខំដាក់សម្ពាធឱ្យយុវជនជំនាន់នេះធ្វើតាមខ្លួន ដ្បិតផ្នត់គំនិតសង្គម វាតែងតែប្រែប្រួលទៅតាមពេលវេលា។ ក្នុងនាមយើងជាអ្នកជំនាន់មុន ជាពិសេសយុវជនជំនាន់នេះដែលកំពុងតែក្លាយខ្លួនជាអ្នកជំនាន់មុនសម្រាប់ក្មេងៗ គឺគួរតែត្រូវធ្វើខ្លួនជាបុគ្គលគំរូ និងសាងសកម្មភាពបង្ហាញគំរូគ្រប់ស្ថានភាព៕

Cr. Lam Lim

No comments:

Post a Comment