Monday, September 2, 2019

អ្នកមិនអាចនៅ ពេលដែលគេលែងឱ្យតម្លៃអ្នក



អ្នក​អាច​នៅ បើ​គេ​ត្រូវការអ្នក​
អ្នក​អាចនៅ បើ​គេ​បរាជ័យ​
អ្នក​អាច​នៅ បើ​គេ​ជោគជ័យ​
ប៉ុន្តែ​អ្នកមិន​អាច​នៅ ពេល​ដែល​គេ​លែង​ឱ្យ​តម្លៃ​អ្នក​។

រឿង​ចម្លែក​អាច​កើត​ឡើង​គ្រប់​ពេល​
ចុះ​ទម្រាំ​រឿង​សាមញ្ញ​នៃ​មនុស្ស​?​

រឿង​ខ្លះ​ វា​ធ្វើ​ឱ្យ​យើង​បោះ​បង់​
នៅ​ពេល​ដែល​យើង​ដឹង​ថា មនុស្ស​គេលែង​ត្រូវ​ការ​យើង​
មនុស្ស​ភាគ​ច្រើន​ត្រូវ​ការ​យើង​ នៅ​ពេល​ដែល​គេ​ខ្វះ​ខាត
គេ​នឹង​មក​រក​យើង​ នៅ​ពេល​ដែល​យើង​មាន​ប្រយោជន៍​
គេ​ត្រូវការ​យើង នៅ​ពេល​យើង​អាច​ផ្តល់​ភាព​សប្បាយ​រីករាយ​ឱ្យ​គេ​បាន​
ក្រៅ​ពី​នេះ មនុស្ស​ភាគ​តិច​ណាស់​ដែល​នឹក​រលឹកដល់​​យើង។​

រឿង​ខ្លះ វា​ធ្វើ​ឱ្យ​យើង​សម្រច​ចិត្ត​បោះ​បង់​នៅ​ពេល​ដែល​
យើង​រក​ឃើញ​ថា គេ​មិនបាន​តស៊ូ​ដើម្បី​យើ​ង
ប៉ុន្តែ​គេ​តស៊ូ​ត្រឹម​តែ​ជា​ប្រយោជន៍ ជា​ក្តី​សប្បាយ​ផ្ទាល់​ខ្លួន​
គេ​លែង​ខ្វល់​ លែង​ទទួល​ខុសត្រូវ​
ហើយ​យើង​ក៏ចំណាយ​ពេល​ដើម្បី​ដើរ​តាម​គេ​​។

មនុស្ស​អាច​ទម្លាក់​កំហុស​មក​អ្នក​គ្រប់​ពេល​
ព្រោះ​រាល់​ពេល​ដែល​អ្នក​បោះ​បង់​
គេ​គិត​ថា អ្នក​ជា​មនុស្ស​អាត្មា​និយម
អ្នក​ជាមនុស្ស​ដែល​លែង​ដៃ​គេ​មុន​
មនុស្ស​មិន​អាច​វាស់​សេចក្តី​ឈឺ​ចាប់​ដែល​អ្នក​មាន​ឡើយ​។

ដូច្នេះ​កុំ​រារែក​ក្នុង​ការ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​យល់​ពី​អ្នក​
វាធ្វើ​ឱ្យ​អ្នក​ហត់​នឿយ​និង​ឈឺចាប់​កាន់​តែ​ច្រើន​។

រឿង​ទាំង​នេះ​ជា​រឿង​ធម្មតា​សម្រាប់​ជីវិត​
វា​អាច​កើតឡើង​គ្រប់​ពេល​
ដូច្នេះ​ប្រាប់​ខ្លួន​អ្នក​ថា​ រីករាយ​ទទួល​វា​ចុះ​
ព្រោះពួក​គេ​ចេះ​ស្វែង​រក​សុខ​ដោយ​គ្មាន​អ្នក​ហើយ​៕

Cr. មានសង្ឃឹម

No comments:

Post a Comment