Monday, September 2, 2019

យ៉ាងហោចណាស់!



យើងគ្មានសិទ្ធិហាមទឹកភ្លៀងមិនឱ្យធ្លាក់មកទេ តែយើងអាចសម្របខ្លួននឹងតំណក់ទឹកភ្លៀងបាន ។ យើងមិនអាចហាមឃាត់ពេលវេលាមិនឱ្យទៅមុខទេ តែយើងអាចសម្របខ្លួននឹងជីវិតបាន ។

ទឹកភ្លៀងអាចស្រោចស្រពផែនដីបានគ្រប់កន្លែង ទឹកភ្លៀងមិនខ្វល់ថាទីនោះកង្វក់ឬស្អាតទេ ។ មនុស្សក្រោមមេឃមានរាប់លាននាក់ ហើយអាចរស់នៅគ្រប់ទីកន្លែងគ្រប់ស្ថានភាព អ្នកខ្លះរស់នៅក្នុងជីវិតដ៏កខ្វក់ អ្នកខ្លះរស់នៅជាមួយជីវិតដ៏ប្រសើរ ប៉ុន្ដែផែនដីនេះមិនខ្វល់ថាយើងរស់នៅបែបណាទេ ផែនដីនៅតែអនុញ្ញាតឱ្យយើងរស់នៅដោយពេញចិត្ដ ។ ដ្បិតដំណក់ទឹកភ្លៀងមានច្រើនសន្ធឹក តែយើងមិនអាចត្រងបានទាំងអស់ឡើយ ក៏មិនអាចប៉ះខ្លួនយើងទាំងអស់ដែរ ។ ដ្បិតជីវិតមានគ្រប់ស្ថានភាព តែក៏មិនមែនគ្រប់គ្នាជួបស្ថានភាពដូចយើងទាំងអស់ដែរ ។

ដំណើរជីវិតគឺបែបនេះ មានមនុស្សជាច្រើននៅក្រោមតំណក់ទឹកភ្លៀងជាមួយយើង មានមនុស្សរាប់លាននាក់កំពុងរស់នៅក្រោមមេឃតែមួយជាមួយយើង ប៉ុន្ដែក្រោមមេឃតែមួយពិតមែន វាសនា និងអនាគតខុសគ្នាទេដាច់ស្រឡះ ។ អ្នកខ្លះកើតមកលំបាកចេះតស៊ូ ហើយអ្នកខ្លះកើតមករស់នៅស្រណុកសុខស្រួលតែមិនចេះប្រឹងប្រែង ។ អ្នកខ្លះកើតមករាងកាយពេញលក្ខណៈតែមិនខំរៀនសូត្រ ធ្វើខ្លួនជាពលរដ្ឋល្អ ។ អ្នកខ្លះពិការ តែចេះប្រឹងលំបាកក៏អាចសម្របខ្លួនបាន លំបាកតែនៅតែអាចសាងតម្លៃជីវិតបាន ។ អ្នកខ្លះបានរៀនសូត្រចេះដឹង តែគ្មានមនុស្សធម៌ ។ អ្នកខ្លះមិនសូម្បីតែចេះអក្សរ តែបែរជាសន្ដានចិត្ដល្អគួរឱ្យរាប់អាន ។ ដ្បិតយើងមិនអាចសង្គ្រោះមនុស្សគ្រប់គ្នាបាន តែយ៉ាងហោចណាស់យើងក៏អាចធ្វើជាចំណែកនៃភាពវិជ្ជមានបានដែរ នោះគឺធ្វើខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃតាមដែលអាចធ្វើបាន ដើម្បីខ្លួនឯង និងសង្គមជាតិ ។ យើងអាចប៉ះត្រូវទឹកភ្លៀងត្រឹមមួយចំនួនតូចប៉ុណ្ណោះ ហើយរឿងដែលយើងមើលឃើញក៏ត្រឹមមួយក្ដាប់តូចដែរ ។ មានមនុស្សល្អៗជាច្រើនកំពុងរស់ក្នុងសង្គមជាមួយយើង គ្រាន់តែយើងគ្មានឱកាសបានស្គាល់ពួកគេប៉ុណ្ណោះ ៕

Cr. Sun Veasna

No comments:

Post a Comment