ពេលជួបទុក្ខធ្ងន់
ប្រហែលជាមានរឿងងាយស្រួល ប្រសិនបើមានអ្នកណាមួយនិយាយថា “ចូរលែងទៅ” ប៉ុន្តែវាជារឿងពិបាក ពេលត្រូវចាប់ផ្តើមលែងទុក្ខធ្ងន់នោះ
ឲ្យវាអស់ទៅដោយខ្លួនឯង។ គោលគំនិតល្អដើម្បីជីវិត ទើបពាំនាំយកគោលវិធីណែនាំមួយចំនួន
ដែលជាឱសថជួយបន្ធូរបន្ថយកម្លាំងទុក្ខ ដែលជាគោលគំនិត ៧ប្រការ ដកស្រង់ចេញពីសៀវភៅ “អស្ចារ្យនៃជីវិត” ដោយព្រះគ្រូ វ៉.វជិរមេធី។ តោះ!
នាំគ្នាមកសាកល្បងអានមើល ក្រែងលោបានជាធូរស្បើយ និងមានសេចក្ដីសុខ។
៧
គោលគំនិតល្អ ដើម្បីជីវិតមានក្តីសុខ
១)
គំនិតល្អៗ ជាទីនាំមកនូវសេចក្ដីសុខ ប្រាកដណាស់ថា ពេលយើងមានគំនិតល្អៗ
លោកមួយនេះនឹងល្អតាម ដូចដែលលោកមានថេរដីកា ទុកក្នុងសៀវភៅមួយក្បាលនេះថា “លោកនេះកើតមានយ៉ាងម៉េច វាស្ថិតនៅត្រង់ថា
តើយើងពាក់វែនតាពណ៌អ្វីមើលលោកមួយនេះ? ប្រសិនសម្លឹងមើលលោកនេះក្នុងផ្លូវល្អ
ជីវិតមានតែរឿងមនោរម្យ ប្រសិនបើសម្លឹងមើលលោកនេះក្នុងផ្លូវអាក្រក់វិញ ជីវិតមានតែភាពក្រវល់ក្រវាយ
និងទុក្ខវេទនាប៉ុណ្ណោះ”។
២)
បញ្ញាល្អ រមែងមានសេចក្ដីសុខ មនុស្សមានបញ្ញា រមែងប្រើបញ្ញាក្នុងការដោះស្រាយបញ្ហានានា
ដើម្បីឲ្យផុតទុក្ខ ដូចនោះ សម្រាប់មនុស្សមានបញ្ញា វិបត្តិនៅទីណា បញ្ញានៅទីនោះ។ ចំណែកមនុស្សអន់អាប់ប្រាជ្ញា
ឱកាសនៅទីណា វិបត្តិនៅទីនោះ។ ចូរចេះរៀននៅត្រង់ការផ្លាស់ប្តូរបញ្ហា
ឲ្យមកជាបញ្ញា និង ផ្លាស់ប្តូរឧបសគ្គ ឲ្យមកជាឧបករណ៍វិញ។
៣)
ជីវិតរបស់មនុស្សល្អ គឺជីវិតដែលមានសេចក្ដីសុខ ដូចលោកមានថេរដីកាថា ផ្កាធុំក្លិនក្រអូបបានតែផ្កាខ្លះ
ប៉ុន្តែមនុស្សក្រអូបបានគ្រប់គ្នា ប្រសិនណាបើមនុស្សល្អជា។
ក្លិនផ្កាទោះជាក្រអូបដល់ថ្នាក់ណា ក៏ប្រអូបបានតែបណ្តោយតាមខ្យល់។ ចំណែកក្លិនអំពើល្អរបស់មនុស្សល្អវិញនោះ
ក្រអូបសាយភាយទៅគ្រប់ទិសទី។ ផ្កាឈើរីកចាយហើយមិនយូរមិនឆាប់ក៏ដល់នូវការរុះរោយចោលចាកទង
ប៉ុន្តែអំពើល្អរបស់មនុស្សវិញនោះ គឺស្ថិតនៅជាប់ជានិរន្តរ៍ជាមួយកាលលំហ។
៤)
បដិសម្ពន្ធល្អ ក៏មានសេចក្ដីសុខ គឺការជ្រើសរើសសេពគប់រាប់អានមិត្តភក្តិ។ ក្នុងលោកមួយនេះមានមិត្ត
៣ប្រភេទគឺ បាបមិត្ត មិត្តអាក្រក់ ចូរកុំសេពគប់រាប់អាន១, កល្យាណមិត្ត
មិត្តល្អ ចូរសេពគប់រក១ និង សម្ព័ន្ធមិត្ត មិត្តដែលចងស្ពានមេត្រីភាពដោយផលប្រយោជន៍....
ចូរប្រុងប្រយ័ត្ន១។
៥)
ធ្វើការងារល្អ ក៏មានសេចក្ដីសុខ លោកមានថេរដីកាទុកថា មានចំនួនមនុស្សច្រើនណាស់ ដែលកើតទុក្ខខណៈពេលខ្លួនបំពេញការងារ
ប៉ុន្តែសប្បាយរីករាយនៅថ្ងៃសៅរ៍-អាទិត្យ ដោយដឹងថាមួយសប្ដាហ៍រកបានតែពីរថ្ងៃគត់
ដូច្នោះ ចូរមានក្តីសុខខណៈពេលបំពេញការងារ
និងចូររីករាយខណៈពេលដកដង្ហើម។
៦)
សម្លឹងលោកក្នុងផ្លូវល្អ ជីវិតមានសេចក្ដីសុខ បុគ្គលជាពហូសូត្រម្នាក់បានពោលថា
“អ្វីៗគ្រប់យ៉ាងក្នុងលោកនេះត្រឹមត្រូវអស់ហើយ
មានតែទស្សនៈរបស់យើងប៉ុណ្ណោះដែលខុស” បើបុគ្គលណាឈ្វេងយល់ស៊ីជម្រៅលើពាក្យសម្តីមួយឃ្លានេះបាន
អ្នកនោះនឹងគ្មានកើតទុក្ខ និងមិនញាប់ញ័រនៃការប្រែប្រួលទៅរបស់ជីវិតឡើយ។ រឿងណាមួយបានកើតឡើង
គេតែងតែឧទានឡើងជានិច្ចថា “វាមានការប្រព្រឹត្តទៅដូច្នេះឯង”។
៧)
ក្រុមគ្រួសារល្អ សេចក្ដីសុខទ្វេឡើង
ក្រុមគ្រួសារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃជីវិត។ បុត្រ-ធីតា
គឺជាវត្ថុអនុស្សាវរីយ៍របស់ពុកម៉ែ។ ប្រសិនបើមានកូនល្អ អនុស្សាវរីយ៍របស់ពុកម៉ែក៏ល្អត្រចះត្រចង់ថ្កើងថ្កាន
ប្រសិនបើមានកូនអាក្រក់ជូរជាតិ អនុស្សាវរីយ៍របស់ពុកម៉ែក៏អាប់ឱនខូចកេរ្តិ៍ឈ្មោះទៅតាមនោះដែរ។
សាកល្បងលោមើលនាំគ្នាយកគ្រាប់ឱសថទាំងនេះ
ទៅប្រើរាល់ថ្ងៃជាប្រចាំ... ធានាថាសេចក្ដីទុក្ខសោក នឹងជាសះស្បើយដាច់តែម្តង! [edit]
ប្រភព៖
secret
រូបភាពហ្វេសប៊ុកផេក
No comments:
Post a Comment