Monday, August 22, 2016

សេចក្ដីទុក្ខរបស់ស្ត្រីប្លែកពីបុរស ៥ ប្រការ


ធម្មតា មនុស្សប្រុសស្រី សត្វទាំងអស់កើតឡើងតាមហេតុបច្ច័យហើយរលត់ទៅវិញ រមែងជួបប្រទះនូវសេចក្ដីទុក្ខ(ទុក្ខអរិយសច្ច) ដូច្នេះសេចក្តីទុក្ខ ការលំបាកទ្រាំ ទាំងប្រុស ទាំងស្រីមានទុក្ខដូចតែគ្នា។ ចំណែកសេចក្ដីទុក្ខស្ត្រីក្នុងទីនេះ សំដៅយកសេចក្ដីទុក្ខដែលប្លែកអំពីបុរស។ តើទុក្ខប្លែងអំពីបុរសមានខ្លឹមសារដូចម្តេចទៅ?

១) ស្ត្រីក្នុងលោកនេះ នៅក្មេងទៅកាន់ប្រកូលប្តីឃ្លាតញាតិទាំងឡាយ៖ ភរិយាតែងមានសេចក្ដីទុក្ខ ព្រោះការព្រាត់ពីបងប្អូន ម្តាយឪពុក ស្រុកកំណើត មកនៅនឹងស្វាមី ទីកន្លែងថ្មី មនុស្សចម្លែកថ្មី ដែលធ្វើឲ្យគ្នាមិនស្រណុកចិត្ត ឬខ្លាចៗធ្វើនេះមិនសម ធ្វើនោះមិនសម ព្រោះប្លែកកន្លែង។ ស្វាមីត្រូវដឹងនូវវិបត្តិផ្លូវចិត្តនេះ និងព្យាយាមសម្រួលការឲ្យភរិយារបស់ខ្លួនបានស្រួលផង។

២) ស្ត្រីមានរដូវ៖ ស្ត្រីតែងមានសេចក្ដីទុក្ខទាំងខាងផ្លូវកាយ និងផ្លូវចិត្ត នៅពេលចុងខែ ជាពេលដែលនាងមានឈាមរដូវ។ ក្នុងឧតុកាលនេះ នឹងធ្វើឲ្យឈឺចុកចាប់ដល់ពោះ ឬឈឺក្បាល​ឬទៅជាខ្យល់ចាប់ បើជួនជាឈាមរដូវដើរមិនទៀងផង ឬមានធ្លាក់សផងនោះ ក៏នឹងរឹតតែជាបញ្ហាឡើង។ ម្យ៉ាងទៀតក្នុងរដូវកាលនេះ អារម្មណ៍របស់ស្ត្រីក៏មានភាពមិននឹងន ឆាប់ខឹង មិនសប្បាយចិត្តជាដើម ស្វាមីត្រូវយល់ពីបញ្ហានេះ ហើយជួយរួមចំណែកក្នុងការឈឺចាប់នោះផងដែរ និងមិនធ្វើអ្វីដែលជាការលំបាកដល់នាង(មិនត្រូវរួមភេទ) ឬបើមិនស្រួលក៏ប្រញាប់ប្រញាល់ រកថ្នាំដង្កូវព្យាបាលភ្លាម។

៣) ស្ត្រីមានគភ៌៖ ភរិយាតែងមានសេចក្ដីទុក្ខ ពេលដែលនាងមានគភ៌។ ការមានគភ៌ជាការមួយ ដែលនាងជាភរិយាទាំងអៀនខ្មាស ទាំងត្រូវថែទាំថែមទៀត នូវទម្ងន់កូនក្នុងផ្ទៃបន្ថែមជារៀងរាល់ថ្ងៃ។ នាងមិនអាចឈរបានស្រួល ដើរបានស្រួល ឬប្រកបកិច្ចការបានស្រួល ដូចកាលដែលមិនមានកូនក្នុងផ្ទៃនោះទេ។ ទាំងចំណីអាហារក៏ដូចគ្នាដែរ មានស្រីខ្លះរហូតដល់ចាញ់កូន ឬនឹកចង់ចំណីផ្តេសផ្តាស ដែលរកមិនបានក៏មាន។

៤) ស្ត្រីសម្រាលកូន៖ ភរិយាតែងមានសេចក្ដីទុក្ខ ពេលដែលនាងឆ្លងទន្លេប្រសូតបុត្រ។ ការឆ្លងទន្លេជាពាក្យដែលប្រើសម្រាប់ពេលប្រសូតបុត្រ ព្រោះមានគ្រោះថ្នាក់ដូចឆ្លងទន្លេដូច្នោះដែរ។ ស្វាមីគប្បីនៅថែទាំ នឹងជាកម្លាំងចិត្តដល់នាង​នូវគ្រប់កិច្ចការទាំងពួង ជាពិសេសបើនាងមានការមិនសប្បាយចិត្ត ឬធ្វើការធ្ងន់ អាចនឹងឲ្យទៅជាទាស់ស្គមរីងរៃ ដាច់ទឹកដោះ ឬដល់បាត់បង់អាយុជីវិតក៏មានដែរ។

៥) ស្ត្រីចូលទៅបម្រើបុរសមេថុនធម្ម៖ ភរិយាមានសេចក្តីទុក្ខ ព្រោះត្រូវបម្រើសេចក្ដីត្រូវការខាងភេទរបស់ស្វាមី។ ចំណុចត្រង់នេះ សំខាន់ណាស់ចំពោះលោកអ្នកជាស្វាមី ដែលត្រូវយល់ទុក្ខធុរៈភរិយារបស់ខ្លួន និងអារម្មណ៍របស់នាងដែរ មិនមែនចេះតែត្រូវការ ពេលណាថ្មើរណា ក៏ចេះតែប្រព្រឹត្តសេពបាន អាងតែគ្នាមិនហ៊ានប្រកែកនោះទេ។ ពេលមានរដូវ ពេលមានគភ៌ ពេលប្រសូតបុត្រ សុទ្ធតែជារយៈពេលដែលស្ត្រីគ្នាមានបញ្ហា ទាំងផ្លូវកាយនិងចិត្ត ដូច្នេះស្វាមីគួរចេះតម ឬរៀនលើកលែងខ្លះ។ ពេលមានជំងឺ ក៏ជាពេលដែលយើងត្រូវយល់ចិត្តភរិយាដែរ។

សូមបុរសជាស្វាមីទាំងអស់ អ្នកពិចារណាមើលនូវសេចក្ដីទុក្ខរបស់ស្រ្តីទាំង ៥ ចំណុចខាងលើនេះ ឲ្យបានច្បាស់លាស់ ហើយអ្នកគួរតែផ្តល់សេចក្ដីអាណិត ​និងស្រឡាញ់ដល់ភរិយារបស់អ្នកឲ្យបានច្រើនឡើង។ ព្រោះភាវៈនៃនារីមានទុក្ខធ្ងន់ជាងបុរសណាស់ តើអ្នកដឹងទេ? បើដឹងហើយ សូមផ្ដល់ជាកម្លាំងចិត្ត និងថ្នាក់ថ្នមភរិយារបស់ខ្លួនឲ្យបានល្អ ទើបដៃគូជីវិតរបស់អ្នកបានទទួលនូវសេចក្ដីសុខពិត។ អ្នកកុំធ្វើជាបុរស ដែលគ្មានទំនួលខុសត្រូវ ចំពោះបញ្ហានេះឡើយ ព្រោះថា បុរសខ្លះ ពេលភរិយាមានសេចក្ដីទុក្ខដូច្នេះ អត់រវីរវល់មើលថែទាំនាងទេ តែផ្ទុយទៅវិញ បែរជាចេញទៅខាងក្រៅផ្ទះប្រព្រឹត្តអបាយមុខមានស្រីថ្មី...ជាដើម។ នេះកាន់តែធ្វើឲ្យភរិយារបស់អ្នកទទួលរងទុក្ខកាន់តែធ្ងន់ទ្វេឡើងទៀត។

ភាពទន់ភ្លន់ ភាពយកចិត្តទុកដាក់ ការថ្នាក់ថ្នម និងការនៅក្បែរនាង ពេលដែលនាងមានសេចក្ដីទុក្ខទាំងនេះ ពេលនោះនាងនឹងសប្បាយចិត្តយ៉ាងខ្លាំង​ ព្រោះស្វាមីរបស់នាងយកចិត្តទុកដាក់ ហើយនៅក្បែរនាងជានិច្ច៕[edit]
........................
ស្រង់ចេញពីសៀវភៅ៖ ដៃគូជីវិត
ទំព័រ៖ ១៨៣-១៨៧
ឆ្នាំបោះពុម្ព ព.ស ២៥៥៦ គ.ស ២០១២
រៀប. សុន ឌឿន (ភិក្ខុលាភសម្បន្នោ)
រូបភាពហ្វេសប៊ុកផេក

No comments:

Post a Comment