Thursday, April 23, 2020

ការជួយគ្នា



ពិភពទាំងមូលដែលមានមនុស្សម្នាកកកុញគ្នាប្រមាណជាពីរពាន់លាននាក់ជាង អាចដំណើរទៅបាន អាស្រ័យមកពីមនុស្សទាំងអស់នោះ ចេះជួយគ្នាទៅវិញទៅមក មិនថាជាតិសាសន៍អ្វី មាននិន្ទនាការអ្វី សាសនាអ្វីទេ ម្យ៉ាងគឺបណ្ដុះស្មារតីមនសិការមនុស្សជាតិទាំងអស់គ្នា ។ ការកើតមកជាមនុស្ស មានអម្រែកមួយគឺបញ្ហាទុក្ខលំបាក ដែលមនុស្សទាំងពិភពលោកប្រឹងប្រែរកវិធីដោះស្រាយបញ្ហាទុក្ខលំបាកនេះឲ្យផុត ។ គ្រប់ប្រទេសទាំងពិភពលោកដែលមានប្រទេសប្រមាណជា ២០០ បានប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីយកមកបម្រើសេវាកម្ម បង្កើតស្ថានប័នគ្រប់ផ្នែកឡើង ដើម្បីនាំគ្នាជួយទប់ទល់ក្ដីទុក្ខលំបាកនេះ ដែលជាបញ្ហាប្រឈមរបស់ពិភពមនុស្ស ឲ្យបានធូរស្រាលឡើង ។   ការបង្កើតក្រុមវិទ្យាសាស្ត្រឡើង ដើម្បីមកជួយដោះស្រាយវិបត្តិទុក្ខលំបាក ផ្នែកជីវភាពរស់នៅរបស់មនុស្ស ដែលជួបទុក្ខលំបាកនេះគ្រប់បែបយ៉ាង ។

ទុក្ខលំបាករបស់មនុស្សមានច្រើនណាស់ ព្រោះមនុស្សមានច្រើនពាន់លានអ៊ីចឹង តម្រូវការប្រាកដជាត្រូវការច្រើន តែរួមឲ្យខ្លីតាមតម្រូវការព្រះពុទ្ធសាសនា មានត្រឹមតែបួនប៉ុណ្ណោះ សម្រាប់ទ្រទ្រង់ផ្នែករូបរាងកាយគឺ មនុស្សត្រូវការប្រើក្រណាត់ ដើម្បីធ្វើកិច្ចការផ្សេងៗ ដូចជាខោ អាវ គ្រឿងលំអគេហដ្ឋានផ្សែងៗ វាំងនន ខ្នើយ ម៉ុង ភួយ កំរាលព្រំ ពួក សាឡុង ប៉ាវអ៊ី កៅអី តុ សុទ្ធតែត្រូវការក្រណាត់នេះទាំងអស់ ។ ដូចនេះក្រណាត់គឺវត្ថុដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ដើម្បីប្រើទប់ទលនឹងអាកាសធាតុក្ដៅ ត្រជាក់ និងសត្វល្អិតទាំងឡាយ ព្រមទាំងបិទបាំងរាងកាយឲ្យបានសមរម្យជាមនុស្សដែលមានកេរខ្មាស ។ មួយទៀត តម្រូវការអាហារ ដែលមនុស្សសត្វមិនអាចខ្វះបាន សូម្បីតែរុក្ខជាតិក៏ត្រូវការអាហារទាំងអស់ ដូចពំនោលពុទ្ធនិយមលើកឡើងថា សត្វទាំងឡាយទាំងពួងរស់បាន ដោយសារអាហារ ។ អាហារនេះក្នុងពុទ្ធនិយម មិនត្រឹមតែសំដៅលើអាហារការទំពារលេបតាមបំពងកចូលទៅប៉ុណ្ណោះទេ មានសម្ផស្សាហារ មនោចេតនាហារ និងវិញ្ញាណាហារទៀតផង ។ ស្បៀងអាហារ គឺជាតម្រូវការសម្រាប់ទ្រទ្រង់អាយុជីវិតមនុស្ស បើគ្មានអាហារទេ មិនអាចតាំងនៅបានឡើយ ព្រោះតែអាហារនេះធ្វើឲ្យមនុស្សបង្កើតសង្គ្រាមរាំងជល់គ្នារហូតដល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់ចប់នៅឡើយ តែសម័យនេះពួកគេមិនសូវធ្វើសង្ក្រាមដណ្ដើមទឹកដីទេ តែពួកគេធ្វើសង្រ្គាមដណ្ដើមទីផ្សារម្ដង គឺសង្រាមសេដ្ឋកិច្ចលោក ។ មួយទៀត ទីលំនៅឋាន ទីជ្រកសម្រាប់ការសម្រាកកាយរបស់មនុស្សគ្រប់រូប ប្រឹងប្រែងរកចំណូលដើម្បីសាងទីលំនៅឋានមួយសមរម្យ ។ លំនៅឋាននេះ មានខ្មែរក្នុងតំបន់ខ្លះ ពួកគេយល់ថា មានលំនៅឋានហើយ ដូចមានអ្វីៗទាំងអស់ដែរ មុននឹងប្រគល់កូនស្រីទៅខាងកូនកម្លោះ ចាស់ទុំខាងកូនស្រី ត្រូវទារថ្លៃទឹកដោះ ចាស់ទុំបង្គាប់ខាងប្រុស ជាមាស ជាលុយ និងជាផ្ទះ ជាដើម បើខាងប្រុសធ្វើបានទើបគេលើកកូនឲ្យរៀបការ ខុសពីអ្នកនៅទីក្រុង ។ ជួនកាល មិនទាន់ស្គាល់ផ្ពាល់កូនក្រមុំផង កូនកម្លោះស្លាប់ក៏មាន ដោយសារស្រុកខ្មែរយើងពីមុនមានឈើច្រើន ដូច្នោះកូនកម្លោះត្រូវចូលព្រៃទៅកាប់ឈើធ្វើផ្ទះការ ។ ការទៅកាប់ឈើ និងរស់នៅក្នុងព្រៃ មិនសូវមានអនាម័យ ដេកហាលភ្លៀងហាលផ្គរ ដេកគ្មានមុងចងការពារ ហូបចុកបាយសម្ល និងផឹកទឹកមិនសូវមានអនាម័យ ក៏មានជំងឺគ្រុនចាញ់ទៅ ព្យាបាលមិនទាន់ ក៏ស្លាប់ខានបានការទៅក៏មាន ហើយនឹងមធ្យោបាយធ្វើដំណើគ្រប់ប្រភេទ មានតាំងពីដំណើរថ្មើរជើងផ្លូវឆ្ងាយៗ មានសេះ ដំរី រទេះគោក្របី ចំណាយរាប់ថ្ងៃ សប្ដាហ៍ និងរាប់ខែ ទើបដល់គោលដៅ តែឥឡូវមនុស្សបានកែច្នៃគ្រឿងចក្រជំនួសវិញ ធ្វើដំណើរឆាប់ដល់គោលដៅ ចំណេញពេលច្រើន ។ មួយវិញទៀត ថ្នាំដង្កូវ ដែលមនុស្សកើតមក តែងត្រូវការពេទ្យ និងថ្នាំនេះចៀសមិនផុត ព្រោះមនុស្សកើតមក ត្រូវកើតរោគ ត្រូវឈឺ ត្រូវស្លាប់ ។ ប្រការនេះ ធ្វើឲ្យពួកខាងវេជ្ជសាស្ត្រសហការជាមួយពួកវិទ្យាសាស្រ្ត ធ្វើយ៉ាងណា រកធ្វើវិធីសាស្ត្រកាត់បន្ថយមរណៈនេះឲ្យបានច្រើន ។ ទប់ស្កាត់ជំងឺមួយចំនួនដែលនាំឲ្យមានហានីភ័យស្លាប់នេះឲ្យបានច្រើន ដូចនេះ ពួកវេជ្ជសាស្រ្តប្រឹងប្រែងដុតដៃដុតជើង ខិតខំត្រិះរិះរកវ៉ាក់សាំងចាក់បង្ការោគមួយចំនួន និងរកវ៉ាក់សាំងព្យាបាលជំងឺមួយចំនួនទៀត ដូចជាជំងឺស្វិតដៃស្វិតជើង ជំងឺខ្វាក់មាន់ របេង គ្រុនចាញ់ គ្រុនឈាម អេដស៍ និងជំងឺរលាកផ្លូវដង្ហើមនេះស្រាប់ ។ល។ ដូចនេះ ថ្នាំឱសថ គឺជាតម្រូវការចំបាច់ណាស់សម្រាប់មនុស្សលោក ។ ដូចមានពាក្យពំនោលពុទ្ធនិយមលើកឡើងថា រូបកាយគឺជាសំបុកនៃរោគ រូបកាយគឺជង្រុកនៃដង្កូវទាំងឡាយ    

បញ្ហាទុក្ខលំបាកនេះ គឺជាបញ្ហារបស់មនុស្សលោក ដូចនេះ មនុស្សទាំងអស់មិនថាជនជាតិណាទេ ត្រូវជួយគ្នាតាមរយៈមធ្យោយបាយផ្សេងៗ ដើម្បីទប់ទល់ជាមួយបញ្ហាទុក្ខលំបាកនេះ ។ ការជួយគ្នាទៀតសោត អាចជួយតាមរយៈជួយគិត គិតយ៉ាងណាក្នុងការត្រិះរិះរកមធ្យោបាយ វិធីសាសស្ត្រជួយអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើន ច្រើនប្រើខួរក្បាលគិត ។ អ្នកខ្លះមិនសូវមានគំនិតទេ តែគេជួយផ្នែកកម្លាំងកាយ ជួយជម្រុញកិច្ចការទាំងអស់ហ្នឹងឲ្យដើរ ដូចជា ពលករ កម្មករជាដើម ។ អ្នកខ្លះទៀត គេមិនសូរមានកម្លាំងកាយច្រើនទេ តែជួយតាមរយៈឃោសនាបញ្ចុះបញ្ចូលមនុស្សឲ្យជួយគ្នា ខ្លះទៀតជួយតាមរយៈសម្ភារផ្សេងៗ ដូចជាយានយន្ត របស់របរប្រើប្រាស់ និងលុយកាក់ដើម្បីយកមកជួយអភិវឌ្ឍផ្សេងៗក្នុងសហគមន៍នោះៗ ហើយមានខ្លះទៀត មិនមានអ្វីជួយទេ តែពួកគេជួយលើកទឹកចិត្ត តាមកាយវិការ តាមពាក្យសម្ដី និងវត្ថុជាដើម ។  ក្នុងចំណោមមនុស្សទាំងអស់ដែលមានសុឆន្ទៈក្នុងការជួយគ្នាអភិឌ្ឍន៍ ក៏មានមនុស្សអវិជ្ជមានមួយចំនួនដែរ មិនបានជួយហើយ ថែមទាំងបំផ្លាញទៀតផង ។ ដូចនេះ មានពំនោលចុងក្រោយថា បើខ្លួនគិតបាន ឲ្យជួយគិត បើខ្លួនគិតមិនបាន ឲ្យជួយធ្វើ បើខ្លួនធ្វើមិនបានឲ្យជួយសហការ បើខ្លួនជួយសហការមិនបាន ឲ្យជួយជាកម្លាំងចិត្ត បើខ្លួនជួយជាកម្លាំងចិត្តមិនបាន សូមនៅឲ្យស្ងៀមស្ងាត់ ។ 

សរុបរួម មនុស្សទាំងអស់ តែងជួបប្រទះជាមួយទុក្ខលំបាកនេះច្រើនណាស់ អ្នកខ្លះជួបលំបាកផ្លូវកាយ អ្នកខ្លះជួបទុក្ខលំបាកផ្លូវចិត្ត និងអ្នកខ្លះទៀតជួបទុក្ខលំបាកផ្នែកសេដ្ឋកិច្ចក្នុងជីវភាពរស់នៅរបស់ខ្លួនក្នុងសង្គម ។ ដូចនេះ មនុស្សទាំងអស់ត្រូវចេះជួយគ្នា ដើម្បីជួយកាត់បន្ថយភាពទុក្ខលំបាកទាំងនេះ តាមរយៈការជួយគិតគូរ ជួយសហការ ជួយធ្វើ និងជួយកម្លាំងចិត្ត ។ យើងដឹងស្រាប់ហើយថា បញ្ហាទុក្ខលំបាកនេះ គឺជាបញ្ហារបស់មនុស្សយើងទាំងអស់គ្នា គ្មានរបស់បុគ្គលណាផ្ដាច់មុខម្នាក់ឯងនោះទេ ដូចនេះ មនុស្សត្រូវតែចេះជួយសាមគ្គីគ្នា មិនថាខ្មែរ ឬបរិទេសទេ ឲ្យតែមនុស្សដែលទទួលបានផលប្រយោជន៍ពីភពផែនដីកំណើតមួយនេះ ។ បើជួយមិនបាន គិតតាមដំណើរហ្នឹងចុះ កុំតែរំខានដល់គេបានហើយ ដូចពាក្យពំនោលខ្មែរពោលថា បើមិនបានជួយចូកជួយចែវទេ កុំយកជើងរាទឹក ឬថា "សាមគ្គីគឺរស់ បែកបាក់សាមគ្គីគឺស្លាប់ " ៕

-----------------------------------------------

Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក

No comments:

Post a Comment