ស្រឡាញ់ធម្មជាតិ គឺស្រឡាញ់ជីវិត ជីវិតនិងធម្មជាតិ មានដំណើរដូចគ្នា |
ការច្នៃប្រឌិតឡើងរបស់មនុស្សលោក
ធ្វើឲ្យមានបច្ចេកវិជ្ជាទំនើបហួសពីចិត្តគំនិតរបស់មនុស្ស ដែលមានវិស័យអប់រំខ្សោយ
និងមានការយល់ដឹងរឿងបច្ចេកទេសរបស់វិទ្យាសាស្ត្រនេះនៅមានកម្រិត ។ បញ្ហាទាំងអស់នេះ
គឺជាបញ្ហាធំចោទមកលើសង្គមមនុស្ស ដែលមានប្រព័ន្ធអប់រំខ្សោយសម្បើមណាស់ ។ ដូចនេះ
ទើបពិភពលោកទាំងមូល ជាពិសេសប្រទេសដែលឈានដល់កម្រិតជឿនលឿនហើយ
គឺជារឿងមានមោទកភាពណាស់ចំពោះការអភិវឌ្ឍទំនើបកម្មរបស់ខ្លួនឈានដល់ដំណាក់ខ្ពស់នោះ ។
ដោយឡែកធនធានមនុស្សដែលមានកម្រិតខ្សោយវិញ ពេលខ្លះការមើលឃើញមនុស្សដែលរស់នៅជុំវិញខ្លួន
ចេះអាន ចេះសរសរបាន ចាត់ទុកថាគ្រាន់បើណាស់ទៅហើយ មិនចាំចាច់ទៅរៀនដល់ថ្នាក់ឧត្តម
ឬក្រោយឧត្តមទេ ។ ជាពិសេសគោលនបាយជាតិ
ប្រយុទ្ធប្រឆាំងប្រឹងលុបបំបាត់នអក្ខរកម្មឲ្យសល់តិចតួចបំផុត តាមគោលនបាយជាតិ
ប្រជាពលរដ្ឋឋត្រូវជម្រុញកូន ឬនាំកូនចៅចូលសាលា
រៀនសូត្រឲ្យបានគ្រប់ៗគ្នាដែលក្មេងៗដល់អាយុកាលសិក្សា យ៉ាងហោចណាស់ក៏បានត្រឹមថ្នាក់ទី
៩ ដែរ ។
ការចេះអក្សរគឺរឿងសំខាន់ណាស់សម្រាប់ជាតិ គ្រួសារ និងខ្លួនឯងផ្ទាល់តែម្ដង ។
ប្រទេសដែលមានការអភិវឌ្ឍជឿនលឿន
មានចង្វាក់ផលិតកម្មសម្បូរបែប ក្នុងការបម្រើសេវាកម្មសេដ្ឋកិច្ចដោយសារមានធនធានមនុស្ស
។ ធនធានមនុស្សគឺជាចលករមួយសម្រាប់ជម្រុញអ្វីៗគ្រប់យ៉ាងឲ្យមានដំណើររលូន ។
ហើយក្នុងនោះ ក៏មិនអាចខ្វះបាន នូវធនធានមនុស្សផ្នែកខាងវាយតម្លៃដំណើរការជាតិ
ដំណើរការធម្មជាតិ និងនិងដំណើរសេដ្ឋកិច្ច គឺពួកទស្សន ។
ពួកទស្សនគឺជាមនុស្សមួយក្រុមដែលពូកែខាងការគិត ម្រមើលមើលគោលដៅអនាគត
ដែលគេហៅថាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ មានទស្សនៈជ្រាលជ្រៅទៅលើហេតុការណ៍ជាតិ
អន្តរជាតិ បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម ដែលកំពុងកើតឡើង និងបន្តកើតឡើង ។ កិច្ចការមួយ ដែលប្រទេសជាតិ សង្គម គ្រួសារ
និងខ្លួនផ្ទាល់ ប្រសិនបើជាមនុស្សចេះវាយតម្លៃហេតុការណ៍បាន ប្រទេសនោះ សង្គមនោះ
គ្រួសារនោះ បុគ្គលនោះ អាចគេចរួចផុតពីហានីភ័យគ្រប់យ៉ាងបាន ឧទាហរណ៍ខ្លីមួយ
ដែលចាស់បុរាណតែងកត់សម្គាល់ទៅលើសត្វមួយចំនួន ដែលរស់នៅក្នុងដី
កាលណាវានាំគ្នាវារចេញពីដី ឡើងទៅទីខ្ពស់នោះ មានន័យថា
អាចនឹងមានភ្លៀងធំបង្អុរចុះមកជាក់ជាមិនខានឡើយ ។
មនុស្សដែលចេះទោះទាយហេតុការណ៍បាន មានន័យណាស់សម្រាប់សង្គម
ដើម្បីអភិវឌ្ឍឲ្យសំបូរបែប ទៅតាមធនធានរបស់ខ្លួន ។
កិច្ចការសង្គម
ដែលត្រូវការមនុស្សយកមកបម្រើការ សុទ្ធតែត្រូវគេបានសម្រិតសម្រាំងណាស់
ដើម្បីឲ្យបុគ្គលិកនិមួយៗមានសមត្ថភាព និងលទ្ធភាពអាចធ្វើការ គ្រប់គ្រងការងារបានល្អ
ត្រូវរើសបុគ្គលិកតាមមុខជំនាញនិមួយៗ ហើយត្រូវត្រួតពិនិត្យបុគ្គលិកលក្ខណ អត្តចរិត
ចំណង់ចំណូលចិត្ត ប្រឹងប្រែងព្យាយាមអត់ធ្មត់អំណត់ ស្ទុះស្ទាក្នុងការងារ
ដែលខ្លួនត្រូវប្រគល់ឲ្យ ។ ការងារទាំងអស់នេះ គឺជាការស្ទង់ស្ទាបសមត្ថភាព ចំណេះដឹង
លទ្ធភាពដែលបុគ្គលចូលមកធ្វើការនោះបានប៉ុនណា ។ ប្រសិនខ្លួនដាក់ការងារទៅឲ្យនោះ អាចសម្រេចទេ? កាលណាខ្លួនជ្រើសរើសបុគ្គលិក
និយោជក
អ្នកជំនាញខាងចិត្តសាស្ត្រគេចូលមកធ្វើតេស្ដសាកល្បងមានជំហានដំបូងៗ
គេមើលទាំងពីការស្លៀកពាក់ ដំណើរទំនង
ចម្ដីកាយវិការទឹកមុខទំនាក់ទំនងពីការចាប់អារម្មណ៍ការងារ ឬប្រឡងតាមវិញ្ញាសានិមួយតាមស្ថានប័នសមីធ្វើ
ដើម្បីរើសបុគ្គលិកល្អៗចូលមកបម្រើការ ។ អ្វីដែលមិនអាចខ្វះបាននោះក្រុមចៅក្រម មេធាវី
និងអ្នកនយោបាយត្រូវមានចំណេះខាងយុទ្ធសាស្ត្រចិត្តសាស្ត្រនេះជារឿងចាំបាច់ណាស់
ដូចពាក្យពំនោលលើកឡើងថា បើស្គាល់ចិត្តអ្នកដទៃ គឺជារឿងសំខាន់ជាងអ្នកចេះអក្សរ
និងអ្នកចេះមើលដឹងហេតុការណ៍ផ្សេងៗទៅទៀត ។
មួយចំណុចទៀត ដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន
ក្នុងសម័យកាលនេះ គឺស្គាល់ពីខ្លួនឯង ។ ពិតណាស់
មនុស្សទាំងពិភពលោកជាបុគ្គលមិនស្គាល់ខ្លួនឯង សូម្បីតែអ្នកប្រាជ្ញសម័យបុរាណ
ដូចជាសូក្រាត គាត់ដឹងពីខ្លួនគាត់ថា គាត់គឺជាមនុស្សល្ងង់
ព្រោះការចេះដឹងដែលគាត់បានទទួលមកនោះ គាត់ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សអស្ចារ្យក្នុងដែនដីអាតែនប្រទេសក្រិកបុរាណ
គាត់បែរជាប្រកែកថា គាត់មិនមែនជាមនុស្សអស្ចារ្យអ្វីនោះទេ
គាត់ដឹងធាតុពិតរបស់ពិភពមួយនេះតូចណាស់ គាត់ថា “គាត់ដឹងនូវអ្វីដែលគាត់បានដឹងប៉ុណ្ណោះ” ។
ត្រង់ចំណុចនេះ បើនិយាយពីពិភពលោកគាត់មិនអាចសិក្សាអស់ទេ សូម្បីខ្លួនគាត់ក៏គាត់ស្គាល់បានតិចដែរ
។ ដូច្នេះគាត់ឲ្យមនុស្សដែលជាសិស្សគណគាត់អនុវត្តដុសខាត់ចិត្តព្រលឹងឲ្យបានល្អ ។
រឿងស្គាល់ខ្លួននេះ ខុង ជឺ គាត់បានបន្សល់ទុកពាក្យខ្លះទុកអប់រំសិស្សគណ
និងមនុស្សជំនាន់ក្រោយថា “ការស្គាល់ខ្លួនបានគឺជារឿងវិសេសថ្លៃថ្លាបំផុតក្នុងលោក” ។
ការមិនស្គាល់ខ្លួនឯងនេះហើយ ប្រទេសត្រូវមានច្បាប់សីលធម៌ ច្បាប់សង្គមមកគ្រប់គ្រងលើ
ដើម្បីរៀបចំសណ្ដាប់ធ្នាប់មនុស្សឲ្យមានរបៀបរៀបរយល្អ ។ ចំណែកពុទ្ធនិយម
ក៏លើកបញ្ហាមនុស្សដែលស្គាល់ខ្លួនឯងនេះដែរថា
ការស្គាល់ខ្លួនឯងនេះ ព្រះសមណគោតម ទ្រង់បង្ហាញពីធាតុពិត ៤ យ៉ាង
ដល់សិស្សគណរបស់ព្រះអង្គ ។ ទីមួយ ឲ្យស្គាល់ធាតុទុក្ខ ដែលមនុស្សលោកជួបប្រទះរាល់ថ្ងៃ
ទី២ ឲ្យស្គាល់ពីហេតុដែលនាំឲ្យកើតទុក្ខ ។ ទី៣
ឲ្យស្គាល់ពីគោលដៅដែលមនុស្សត្រូវទៅឲ្យផុតទុក្ខ និងទី៤
ឲ្យស្គាល់ពីផ្លូវដែលសិស្សគណរបស់ព្រះអង្គធ្វើដំណើរទៅ ក្នុងន័យ“បតិបត្តិចម្រើន” ។
ការស្គាល់ខ្លួនឯង លុះត្រាតែកំចាត់ចោលអវិជ្ជា ភាពល្ងង់ខ្លៅរបស់ខ្លួនចេញបាន
ដោយការប្រើបញ្ញាលោកុត្តរ មានសមថនិងវិបស្សនា ទើបស្គាល់
ទើបប៉ះពាល់ត្រូវធាតុពិតរបស់ខ្លួនឯងនេះបានប្រត្យក្ស ។
សរុបមកវិញ មនុស្សដែល “ចេះអានអក្សរបានគឺសំខាន់
ស្គាល់ពីហេតុការណ៍បានគឺសំខាន់ជាង មើលចិត្តអ្នកដទៃដឹង រឹតតែសំខាន់ បើស្គាល់ខ្លួនឯងច្បាស់វិញ
គឺសំខាន់បំផុត” ។
ក្នុងការបកស្រាយខាងលើ និងឃ្លាបញ្ជាក់នេះ ពិតជាមានសារៈសំខាន់ណាស់
ក្នុងការអភិវឌ្ឍខ្លួន ផ្ដើមដោយការអភិវឌ្ឍខ្លួនក្នុងការចេះអក្សរសាស្រ្តជាតិ
អន្តរជាតិ ដើម្បីបន្តដំណើរការអភិវឌ្ឍខ្លួនចូលទៅក្នុងសង្គម និងចេះព្យាករណ៍ឱកាសការងារ និងជ្រើសរើសការងារធ្វើឲ្យត្រូវតាមតម្រូវការសង្គមមនុស្ស ។
ការប្រព្រឹត្តិទៅបានរលូនទាល់តែចេះរកមនុស្ស ចេះមើលមនុស្ស
ចេះមើលចំណេះជំនាញរបស់បុគ្គលិក និងស្គាល់ពីខ្លួនឯងច្បាស់ ។ ប្រការចុងក្រោយនេះ
សំខាន់ណាស់ បើស្គាល់ខ្លួនហើយ
ពិតជាអស់ទុក្ខកង្វល់ក្នុងខ្លួនៗរើរួចផុតពីកណ្ដាប់ដៃរបស់អវិជ្ជា តណ្ហា
ឧបាទានក្ខន្ធហើយ ៕
-----------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូប.ហ្វេសប៊ុក
No comments:
Post a Comment